ការក្លាយខ្លួនជាអ្នកផ្សព្វផ្សាយសាសនាម្នាក់នៃការប្រកាសដំណឹងល្អរបស់យើង
ដកស្រង់ចេញពីសុន្ទរកថាក្នុងការប្រជុំពិសេសមួយដែលធ្វើឡើងនៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាប្រូវ៉ូ នៅថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2011 ។
អ្នកអាចធ្វើកិច្ចការនេះបាន ! ព្រះអម្ចាស់ដែលអ្នកធ្វើជាតំណាង ហើយបម្រើ ទ្រង់ដឹងថាអ្នកអាចធ្វើកិច្ចការនេះបាន ។ ខ្ញុំដឹងថា អ្នកអាចធ្វើកិច្ចការនេះបាន ។
ក្នុងនាមជាសាវកម្នាក់ តួនាទីទីមួយដ៏សំខាន់បំផុត ហើយជានិរន្តន៍គឺជាអ្នកផ្សព្វផ្សាយសាសនា ។ ដោយហេតុផលនោះ ខ្ញុំមានចិត្តរីករាយជាពិសេសនឹងនិយាយទៅកាន់អ្នកក្នុងនាមជាពួកអ្នកបម្រើដូចគ្នានៅក្នុងកិច្ចការនាថ្ងៃចុងក្រោយដ៏ធំអស្ចារ្យនេះ ។
តើអ្វីទៅជាអ្នកផ្សព្វផ្សាយសាសនានៃប្រកាសដំណឹងល្អរបស់យើង ?
អ្នកផ្សព្វផ្សាយសាសនានៃប្រកាសដំណឹងល្អរបស់យើងគឺជាអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ដែលត្រូវបានហៅដោយការព្យាករ ហើយផ្ដល់សិទ្ធិអំណាចដោយការដាក់ដៃលើ ហើយជាអ្នកប្រកាសពីដំណឹងល្អដ៏អស់កល្ប ហើយបានស្ដារឡើងវិញរបស់ព្រះអង្គសង្គ្រោះតាមរបៀបរបស់ទ្រង់ ( សូមមើល គ. និង ស. 50:13–14, 17–24, គ. និង ស. 68:1 ) ។
គោលបំណងចម្បងរបស់អ្នកផ្សព្វផ្សាយសាសនាបានរៀបរាប់នៅក្នុង ប្រកាសដំណឹងល្អរបស់យើង គឺដើម្បី « អញ្ជើញមនុស្សដទៃមកកាន់ព្រះគ្រីស្ទ ដោយការជួយពួកគេឲ្យទទួលដំណឹងល្អ ដែលបានស្ដារឡើងវិញតាមរយៈសេចក្ដីជំនឿនៅលើព្រះគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត » ។1
ទំនួលខុសត្រូវដ៏ពិសិដ្ឋដើម្បីប្រកាសដំណឹងល្អដោយមានសិទ្ធិអំណាច ហើយធ្វើពិធីបរិសុទ្ធនៃការសង្គ្រោះ បានមានដំណើរការចាប់តាំងពីអ័ដាមត្រូវបានបណ្ដេញចេញពីសួនច្បារអេដែនមកម្ល៉េះ ហើយវានឹងបន្តរហូតដល់ « ព្រះយេហូវ៉ាដ៏មានមហិទ្ធិឫទ្ធិនឹងមានបន្ទូលថាកិច្ចការបានចប់សព្វគ្រប់ហើយ » ។2
តម្រូវការដើម្បីក្លាយជាពួកអ្នកផ្សព្វផ្សាយសាសនានៃ ប្រកាសដំណឹងល្អរបស់យើង
ខ្ញុំចង់ពិភាក្សានូវតម្រូវការប្រាំយ៉ាងដ៏សំខាន់ ចំពោះការក្លាយជាពួកអ្នកផ្សព្វផ្សាយសាសនានៃប្រកាសដំណឹងល្អរបស់យើង ។
តម្រូវការទី 1 ៖ ពួកអ្នកផ្សព្វផ្សាយសាសនានៃ ប្រកាសដំណឹងល្អរបស់យើង យល់ដឹងថា ពួកគេបម្រើ ហើយធ្វើជាតំណាងព្រះយេស៊ូវគ្រីស្ទ ។
ពួកអ្នកផ្សព្វផ្សាយសាសនានៃប្រកាសដំណឹងល្អរបស់យើងដឹង ហើយយល់ពីតួរអង្គដែលពួកគេតំណាងឲ្យ ហេតុអ្វីបានជាពួកគេបម្រើ និងអ្វីដែលពួកគេត្រូវធ្វើ ។ ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងត្រូវបានហៅឲ្យបម្រើ ហើយត្រូវបានញែកចេញដោយត្រឹមត្រូវជាពួកអ្នកបម្រើ និងជាអ្នកតំណាងនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ យើងថ្លែងជាសាក្សីពីព្រះនាមទ្រង់ និងពីភាពពិត ទេវភាព និងបេសកកម្មនៃព្រះយេស៊ូវគ្រីស្ទទៅដល់សាសន៍ ពូជមនុស្ស ភាសា និងប្រជាជនគ្រប់រូប ( គ. និង ស. 133:37 ) ។
យើងស្រឡាញ់ព្រះអម្ចាស់ យើងបម្រើទ្រង់ ។ យើងដើរតាមទ្រង់ ។ យើងធ្វើជាតំណាងឲ្យទ្រង់ ។
ព្រះរាជបំណងរបស់ទ្រង់ត្រូវតែជាគោលបំណងរបស់យើង ។ ចំណាប់អារម្មណ៍របស់ទ្រង់គប្បីជាចំណាប់អារម្មណ៍របស់យើង ។ កិច្ចការរបស់ទ្រង់គប្បីជាកិច្ចការរបស់យើង ។ របៀបរបស់ទ្រង់គប្បីជារបៀបរបស់យើង ។ ឆន្ទៈដ៏លើសលុបរបស់ទ្រង់គប្បីជាឆន្ទៈរបស់យើង ។
ក្នុងនាមជាអ្នកតំណាងឲ្យព្រះអង្គប្រោសលោះ យើងប្រកាសពីគោលលទ្ធិ និង គោលការណ៍គ្រឹះដ៏សំខាន់នៃដំណឹងល្អរបស់ទ្រង់ដែលបានស្ដារឡើងវិញដោយសាមញ្ញ ហើយច្បាស់លាស់ ។ យើងមិនប្រើទស្សនៈ ឬគំនិតផ្ទាល់ខ្លួនឡើយ ។ យើងប្រកាស ហើយថ្លែងទីបន្ទាល់ពីសេចក្ដីពិតដែលបានស្ដារឡើងវិញ ដោយសាមញ្ញតាមរបៀបរបស់ព្រះអម្ចាស់ និងដោយព្រះចេស្ដានៃព្រះវិញ្ញណរបស់ទ្រង់ ។
ពួកអ្នកផ្សព្វផ្សាយសាសនានៃប្រកាសដំណឹងល្អរបស់យើងយល់ដឹងថា ទំនួលខុសត្រូវដើម្បីធ្វើជាតំណាងឲ្យព្រះអង្គសង្គ្រោះ និង ដើម្បីថ្លែងទីបន្ទាល់ពីទ្រង់នឹងគ្មានថ្ងៃបញ្ចប់ឡើយ ។ សូមចងចាំទ្រង់នៅរាល់កិច្ចការដែលអ្នកគិត រាល់កិច្ចការដែលអ្នកធ្វើ និងរាល់កិច្ចការដែលអ្នកព្យាយាមនឹងប្រែក្លាយ ហើយធ្វើជាតំណាងឲ្យទ្រង់ដោយសមរម្យទៅកាន់កូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់ជាមួយនឹងមនុស្ស ដែលអ្នកធ្វើការរួមគ្នានៅពេលនេះ និងជានិច្ចតទៅ ។
តម្រូវការទី 2 ៖ ពួកអ្នកផ្សព្វផ្សាយសាសនានៃ ប្រកាសដំណឹងល្អរបស់យើងមានភាពសក្ដិសម ។
គុណសម្បត្តិមួយដ៏ចាំបាប់ដើម្បីក្លាយជាពួកអ្នកផ្សព្វផ្សាយសាសនានៃ ប្រកាសដំណឹងល្អរបស់យើងគឺភាពសក្ដិសមផ្ទាល់ខ្លួននៅចំពោះព្រះអង្គសង្គ្រោះ ។
ខ្ញុំសូមលើកឡើងនូវសេចក្ដីពិតដ៏សាមញ្ញមួយចំនួន ដែលខ្ញុំបានដឹងយ៉ាងច្បាស់ ។
-
យើងត្រូវបានផ្ដល់សិទ្ធិអំណាចធ្វើជាអ្នកតំណាងឲ្យព្រះអង្គប្រោសលោះ និងព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ។
-
យើងត្រូវបានហៅឲ្យប្រកាសពីដំណឹងល្អដ៏អស់កល្បជានិច្ច របស់ទ្រង់ដែលបានស្ដារឡើងវិញ ។
-
យើងមិនអាចមានស្នាមប្រឡាក់នៃលោកិយនេះ ហើយធ្វើជាអ្នកតំណាងទ្រង់ដោយសិទ្ធិអំណាច ព្រមទាំងធ្វើកិច្ចការដោយព្រះចេស្ដា នៅក្នុងព្រះនាមបរិសុទ្ធរបស់ទ្រង់បានឡើយ ។
-
យើងមិនអាចជួយអ្នកដទៃឲ្យយកឈ្នះលើចំណងនៃអំពើបាបបានឡើយ ប្រសិនបើយើងខ្លួនឯងត្រូវបានជាប់ជំពាក់ក្នុងអំពើបាបនោះ ( សូមមើល គ. និង ស. 88:86 ) ។
-
យើងមិនអាចជួយអ្នកដទៃឲ្យរៀនប្រែចិត្តបានឡើយ ប្រសិនបើយើងខ្លួនឯងមិនបានរៀនប្រែចិត្តដោយត្រឹមត្រូវ និងពេញលេញនោះ ។
-
យើងអាចថ្លែង ហើយប្រកាសដោយព្រះចេស្ដាតែអ្វីដែលយើងកំពុងព្យាយាមដើម្បីនឹងប្រែក្លាយប៉ុណ្ណោះ ។
-
យើងនឹងទទួលខុសត្រូវចំពោះព្រះសម្រាប់ក្ដីប្រាថ្នា និងភាពសក្ដិសមដ៏សុចរិតរបស់យើងដើម្បីធ្វើជាភ្នាក់ងាររបស់ទ្រង់ ។
យើងមិនបានតម្រូវនៅពេលនេះឲ្យមានភាពល្អឥតខ្ចោះនោះទេ ។ ប៉ុន្តែត្រូវបានបញ្ជាឲ្យមានភាពស្អាតស្អំ ហើយដើរដោយទៀងត្រង់នៅចំពោះព្រះអង្គប្រោសលោះនៃអ៊ីស្រាអែល ។ « ចូរអ្នករាល់គ្នាដែលកាន់ប្រដាប់ទាំងឡាយនៃព្រះអម្ចាស់បានជ្រះស្អាតចុះ » ( គ. និង ស. 38:42 ) ។
ការប្រែចិត្តគឺជាគោលការណ៍នៃសេចក្ដីសង្ឃឹម និងការព្យាបាលមួយ—ពុំមែនជាគោលការណ៍នៃការបាក់ទឹកចិត្ត និងភាពអស់សង្ឃឹមនោះទេ ។ ពិតណាស់ ការប្រែចិត្តគឺជាការបន្ទាបខ្លួន—ប៉ុន្តែពុំមែនជាការភ័យខ្លាចនោះទេ ។ ការប្រែចិត្ត គឺជាការតម្រូវឲ្យមាន និងជាការលួងលោម ជាការម៉ឺងម៉ាត់ និងភាពកម្សាន្តចិត្តក្នុងពេលតែមួយ ។ ការប្រែចិត្តជាអំណោយទានមួយមានតម្លៃលើសលុប ដែលកើតមានឡើងតាមរយៈដង្វាយធួននៃអង្គដែលយើងស្រឡាញ់ បម្រើ ហើយដើរតាម ។
ទោះជាអ្នកបានប្រព្រឹត្តអំពើបាបដ៏ធំក្ដី តែតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តដោយស្មោះអស់ពីចិត្ត អ្នកបាន ឬអាចធ្វើឲ្យជ្រះស្អាត និងសក្ដិសមជាថ្មីម្ដងទៀត ។
នៅតែមានយុវវ័យដែលត្រូវការការប្រែចិត្តទាំងស្រុង ។ វាគឺនៅពេលនេះ ។ សូមមេត្តាកុំពន្យារពេលនៃការប្រែចិត្តរបស់អ្នក ។
មានយុវវ័យដែលបានប្រែចិត្ត ហើយកំពុងបន្តប្រែចិត្ត និងអ្នកដែលងឿងឆ្ងល់ថាតើពួកគេបានធ្វើនូវអ្វីដែលចាំបាច់ដើម្បីត្រូវបានទទួលយកដោយព្រះអម្ចាស់ហើយឬនៅ ( សូមមើល គ. និង ស. 97:8 ) ។ សូមចងចាំថា ព្រះអម្ចាស់តម្រូវឲ្យអ្នកត្រូវមានភាពស្អាតស្អំ ប៉ុន្តែពុំមែនមានន័យថាត្រូវល្អឥតខ្ចោះនោះទេ ។ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមគង់នៅក្នុងជីវិតអ្នកជាថ្មីម្ដងទៀតនោះហើយគឺជាការចង្អុលបង្ហាញយ៉ាងពិតប្រាកដពីការអភ័យទោសពីព្រះអម្ចាស់ ពីព្រោះ « ព្រះវិញ្ញាណនៃព្រះអម្ចាស់ពុំគង់នៅក្នុងព្រះវិហារណាដែលឥតបរិសុទ្ធឡើយ » ( ហេលេមិន 4:24 ) ។ ហើយដឹងថា ការតម្រូវឲ្យ« អត់ទោសដល់មនុស្សទាំងអស់ » ( គ. និង ស. 64:10 ) គឺរួមបញ្ចូលទាំងការអត់ទោសឲ្យខ្លួនឯងផងដែរ ។
ពួកអ្នកផ្សព្វផ្សាយសាសនានៃ ប្រកាសដំណឹងល្អរបស់យើងគឺជាសិស្សនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលស្មោះត្រង់នឹងសេចក្ដីសញ្ញា ហើយគោរប្រតិបត្តិនឹងព្រះបញ្ញត្តិ ។ សូមចងចាំទ្រង់ជានិច្ច ហើយមានភាពបរិសុទ្ធ ហើយនិងសក្ដិសមដើម្បីធ្វើជាតំណាងឲ្យទ្រង់ ។
តម្រូវការទី 3 ៖ ពួកអ្នកផ្សព្វផ្សាយសាសនានៃ ប្រកាសដំណឹងល្អរបស់យើង រក្សាទុកព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច ។
ខ្ញុំសូមអញ្ជើញអ្នក « រក្សាទុកក្នុងគំនិតរបស់អ្នករាល់គ្នាជាបន្តនូវព្រះបន្ទូលទាំងឡាយខាងជីវិត » ( គ. និង ស. 84:85 ) ។ ការរក្សាទុកនូវព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច គឺលើសពីការគ្រាន់តែសិក្សា ឬទន្ទេញចាំមាត់ ដូចជាការ « ទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ » ផងដែរ ( នីហ្វៃទី 2 31:20, សូមមើលផងដែរ នីហ្វៃទី 2 32:3 ) គឺវាលើសពីការគ្រាន់តែជ្រើសរើសសាមញ្ញ ឬអាហារសម្រន់ទៅទៀត ។ ចំពោះខ្ញុំការរក្សាទុកគឺជាការផ្ដោតអារម្មណ៍ និងការធ្វើការ ការស្រាវជ្រាវ និងការក្រេបជញ្ជក់ ការសញ្ជឹងគិត និងការអធិស្ឋាន ការអនុវត្ត និងការរៀនសូត្រ ការឲ្យតម្លៃ និងការមានអំណរគុណ ហើយនិងការរីករាយ និងការពេញចិត្ត ។
សូមរំឭកពីរបៀបដែលបុត្រារបស់ម៉ូសាយ —ដែលជាពួកអ្នកផ្សព្វផ្សាយសាសនាដ៏អស្ចារ្យទាំងបួនរូប ដែលមានឈ្មោះ អាំម៉ូន អើរ៉ុន អោមណើរ និងហិមណៃ— « បានមាំមួននៅក្នុងការស្គាល់ពីសេចក្ដីពិត ព្រោះពួកគេជាមនុស្សដែលមានយោបល់ដ៏ជ្រាលជ្រៅ ហើយគេបានព្យាយាមពិតចារណាមើលបទគម្ពីរ » ( អាលម៉ា 17:2 ) ។
ពួកអ្នកផ្សព្វផ្សាយសាសនាដ៏អង់អាចក្លាហានទាំងនេះ ពិតជាបានរក្សាទុកនូវព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ចជាបន្តបន្ទាប់ ។ ពួកគេមិនបានធ្វេសប្រហែស ឬគ្រាន់តែបំពេញកាតព្វកិច្ចនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ និងជាដៃគូនោះទេ ។ ចំណេះដឹង និងការយល់ដឹងខាងវិញ្ញាណបានចាក់ចូលយ៉ាងជ្រៅទៅក្នុងព្រលឹងរបស់ពួកគេ ហើយគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អត្រូវបានបញ្ជាក់នៅក្នុងដួងចិត្តរបស់ពួកគេថាជាការពិតដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
ក្នុងនាមជាអ្នកតំណាងឲ្យព្រះអង្គសង្គ្រោះ អ្នក និងខ្ញុំមានការទំនួលខុសត្រូវជាបន្តបន្ទាប់ដើម្បីធ្វើការដោយព្យាយាម ហើយដាក់បញ្ចូលនៅក្នុងដួងចិត្ត និងគំនិតរបស់យើងនូវគោលលទ្ធិ និងគោលការណ៍ដ៏សំខាន់នៃដំណឹងល្អដែលបានស្ដារឡើងវិញ ជាពិសេសនៅក្នុងព្រះគម្ពីរមរមន ។ នៅពេលយើងធ្វើកិច្ចការនោះ ពរជ័យដែលបានសន្យានោះគឺថាព្រះវិញ្ញាណបរិសុទ្ធនឹង « រំឭកពីគ្រប់សេចក្ដី [ ដល់យើង ] » ( យ៉ូហាន 14:26 ) ហើយផ្ដល់អំណាចដល់យើង នៅពេលយើងបង្រៀន ហើយធ្វើទីបន្ទាល់ ។ ប៉ុន្តែព្រះវិញ្ញាណអាចធ្វើការតាមរយៈយើងបាន ប្រសិនបើយើងផ្ដល់ឲ្យត្រង់នូវអ្វីដែលយើងចង់ធ្វើការ ។ ទ្រង់មិនអាចជួយយើងឲ្យចងចាំនូវរឿង ដែលយើងមិនបានរៀននោះទេ ( សូមមើល អាលម៉ា 31:5 ) ។
ពួកអ្នកផ្សព្វផ្សាយសាសនានៃប្រកាសដំណឹងល្អរបស់យើង រក្សាទុកនូវព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ចជាបន្តបន្ទាប់ ពួកគេពឹងផ្អែកលើគុណធម៌នៃព្រះបន្ទូលទាំងនោះ ហើយពួកគេមានព្រះចេស្ដានៃព្រះបន្ទូលនោះនៅក្នុងខ្លួនពួកគេ ។ សូមចងចាំទ្រង់ជានិច្ច សូមមានភាពសក្ដិសមដើម្បីធ្វើជាតំណាងឲ្យទ្រង់ជានិច្ច ហើយរក្សាទុក ព្រមទាំងពឹងផ្អែកលើគុណធម៌នៃព្រះបន្ទូលទាំងនោះ ។
តម្រូវការទី 4 ៖ពួកអ្នកផ្សព្វផ្សាយសាសនានៃប្រកាសដំណឹងល្អរបស់យើង យល់ដឹងថាព្រះវិញ្ញាណបរិសុទ្ធគឺជាគ្រូបង្រៀនដ៏អស្ចារ្យ បំផុត ហើយពិត ។
ព្រះវិញ្ញាណបរិសុទ្ធគឺជាសមាជិកទីបីនៃក្រុមព្រះ ហើយទ្រង់គឺជាសាក្សីនៃរាល់សេចក្ដីពិត និងជាគ្រូ បង្រៀនដ៏អស្ចារ្យជាងគេបំផុត ហើយពិត ។ មេរៀនដែលយើងបង្រៀន និងទីបន្ទាល់ដែលយើងថ្លែងគឺជាការរៀបចំខ្លួនឲ្យអ្នករៀនថ្មីម្នាក់ធ្វើ ហើយរៀនដោយខ្លួនឯង ។
ក្នុងនាមជាពួកអ្នកផ្សព្វផ្សាយសាសនា តួនាទីមួយដ៏សំខាន់បំផុតរបស់យើងគឺដើម្បីអញ្ជើញពួកអ្នករៀនឲ្យអនុវត្តសិទ្ធិជ្រើសរើសរបស់ពួកគេ ហើយធ្វើស្របតាមការបង្រៀននៃព្រះអង្គសង្គ្រោះ ។ ការធ្វើ និងការរក្សាការតាំងចិត្តខាងវិញ្ញាណ ដូចជាការអធិស្ឋានសម្រាប់សាក្សីមួយនៃសេចក្ដីពិត ការសិក្សា និងការអធិស្ឋានពីព្រះគម្ពីរមរមន ការចូលរួមការប្រជុំសាសនាចក្រ និងការគោរពព្រះបញ្ញត្តិ តម្រូវឲ្យអ្នករៀនថ្មីម្នាក់អនុវត្តសេចក្ដីជំនឿ ធ្វើ និងផ្លាស់ប្ដូរ ។
មិនថាយើងបម្រើដោយស្មោះត្រង់ប៉ុណ្ណានោះទេ អ្នក និងខ្ញុំមិនអាចរុញ ឬបង្ខំសេចក្ដីពិតឲ្យចូលទៅក្នុងដួងចិត្តនៃពួកអ្នករៀនបានឡើយ ។ កិច្ចការខិតខំដ៏ល្អបំផុតរបស់យើងអាចនាំយក តែសារលិខិតនៃសេចក្ដីពិតទៅកាន់ដួងចិត្ត ( សូមមើល នីហ្វៃទី 2 33:1) ប៉ុណ្ណោះ ។ សំខាន់បំផុត អ្នករៀនថ្មីម្នាក់ត្រូវធ្វើក្នុងសេចក្ដីសុចរិត ហើយដើម្បីអញ្ជើញសេចក្ដីពិតចូលទៅក្នុងដួងចិត្តរបស់គាត់ ។ មានតែវិធីនេះប៉ុណ្ណោះទើបពួកអ្នកផ្លាស់ប្រែចិត្តជឿថ្មី និងស្វែងរកសេចក្ដីពិតដោយស្មោះអាចអភិវឌ្ឍសមត្ថភាពខាងវិញ្ញាណដើម្បីស្វែងរកចម្លើយសម្រាប់ខ្លួនឯងបាន ។
ដោយសារទំនួលខុសត្រូវរបស់យើងគឺដើម្បីជួយពួកអ្នករៀនថ្មីឲ្យរៀនដោយសេចក្ដីជំនឿ និងដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះកិច្ចការនេះគឺពុំមែនសម្រាប់ខ្ញុំ និងអ្នកនោះទេ ។ យើងត្រូវធ្វើគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើងដើម្បីបំពេញទំនួសខុសត្រូវរបស់យើងជាអ្នកផ្សព្វផ្សាយសាសនា ហើយ « ចេញពីផ្លូវ » ដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធអាចធ្វើតួនាទី និងកិច្ចការដ៏ពិសិដ្ឋរបស់ទ្រង់ក្នុងពេលនោះដែរ ។ ពិតណាស់ អ្វីៗទាំងអស់ដែលអ្នក ឬខ្ញុំធ្វើក្នុងនាមជាអ្នកតំណាងឲ្យព្រះអង្គសង្គ្រោះ ដែលទាញយកចំណាប់អារម្មណ៍មកលើខ្លួនយើងដោយដឹង និងដោយចេតនា—នៅក្នុងសារលិខិតដែលយើងលើកឡើង នៅក្នុងវិធីសាស្ត្រដែលយើងប្រើ ឬនៅក្នុងឥរិយាបថ និងអាកប្បករិយាផ្ទាល់របស់យើង—គឺជាទម្រង់មួយនៃឧបាយកលផ្នែកសង្ឃ ដែលរារាំងដល់ការបង្រៀនពីប្រសិទ្ធភាពនៃព្រះវិញ្ញាណបរិសុទ្ធ ។
« តើអ្នកនោះផ្សាយព្រះបន្ទូលនៃសេចក្ដីពិត ដោយសារព្រះវិញ្ញាណនៃសេចក្ដីពិត ឬតាមមាគ៌ាណាមួយទៀត ? « ហើយបើសិនជាមកតាមមាគ៌ាណាមួយទៀត នោះពុំមែនមកពីព្រះទេ » ( គ. និង ស. 50:17– 18 ) ។
សូមចងចាំទ្រង់ជានិច្ច ចូរមានភាពសក្ដិសមដើម្បីធ្វើជាអ្នកតំណាងឲ្យទ្រង់ រក្សាទុកនូវព្រះបន្ទូលទ្រង់ ហើយអនុញ្ញាតគ្រូបង្រៀនដ៏អស្ចារ្យជាងគេបំផុត ហើយពិត ជាព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើជាសាក្សីនៃសេចក្ដីពិត ។
តម្រូវការទី 5 ៖ ពួកអ្នកផ្សព្វផ្សាយសាសនានៃ ប្រកាសដំណឹងល្អរបស់យើងយល់ថាការបង្រៀនគឺលើសពីការនិយាយ និងការប្រាប់ទៅទៀត ។
នៅពេលព្រះអង្គសង្គ្រោះគង់នៅលើភ្នំអូលីវ ទ្រង់បានប្រកាសថា ៖ « កុំឲ្យថប់ព្រួយជាមុនពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ត្រូវនិយាយតែសេចក្ដីណាដែលបានប្រទានមកអ្នករាល់គ្នានៅវេលានោះឯង ត្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ » ( ម៉ាកុស 13:11 ) ។
នៅក្នុងជំនាន់ដើមនៃគ្រាកាន់កាប់ត្រួតត្រានេះ ព្រះអង្គសង្គ្រោះបានណែនាំពួកអ្នកផ្សព្វផ្សាយសាសនាថា « ចូរបើកមាត់របស់អ្នកចុះ នោះមាត់នឹងបានពោរពេញ » ( គ. និង ស. 33:8, 10 ) បើ« ចូរបន្លឺសំឡេងរបស់អ្នកឡើងដល់ប្រជាជននេះចុះ ចូរប្រាប់គំនិតទាំងឡាយដែលយើងនឹងដាក់ក្នុងចិត្តរបស់អ្នករាល់គ្នាចុះ ហើយអ្នកនឹងមិនត្រូវបានធ្វើឲ្យខ្មាស់នៅចំពោះមនុស្សលោកឡើយ ត្បិតសេចក្ដីដែលអ្នកត្រូវនិយាយ នោះនឹងបានប្រទានដល់អ្នកនៅម៉ោងនោះ គឺនៅវេលានោះឯង » ( គ. និង ស. 100:5–6 ) ។
បទគម្ពីរទាំងនេះបានគូសបញ្ជាក់ពីគំរូដ៏ត្រឹមត្រូវមួយ ដែលតម្រូវឲ្យមានសម្រាប់ការប្រកាស និងការជួយដល់ពួកអ្នករៀនឲ្យពីសេចក្ដីពិត ។ ពួកអ្នកផ្សព្វផ្សាយសាសនានៃ ប្រកាសដំណឹងល្អរបស់យើងដឹងថា យើងមិនមែនបង្រៀនមេរៀនទេ គឺយើងបង្រៀនមនុស្ស ។ យើងមិនមែនគ្រាន់តែសូត្រ ឬបង្ហាញសារលិខិតដែលចាំពីប្រធានបទនៃដំណឹងល្អនោះទេ ។ យើងអញ្ជើញពួកអ្នកស្វែងរកសេចក្ដីពិត ឲ្យទទួលបានបទពិសោធន៍នូវការផ្លាស់ប្ដូរដួងចិត្តដ៏ធំ ។ យើងយល់ថា ការនិយាយ និងការប្រាប់តែម្យ៉ាងគឺពុំមែនជាការបង្រៀនឡើយ ។
ការប្រកាសដំណឹងល្អតាមរបៀបរបស់ព្រះអម្ចាស់ រួមមានទាំងការសង្កេតមើល និងការស្ដាប់ និងការយល់ដឹងដែលតម្រូវឲ្យមានពីមុនការនិយាយ ។ លំដាប់នៃដំណើរការដែលពាក់ព័ន្ធគ្នាទាំងបួននេះគឺមានសារៈសំខាន់ណាស់ ។ សូមកត់សម្គាល់ថា ការសង្កេតមើល និងការស្ដាប់ដ៏សកម្មធ្វើឲ្យកើតមានការយល់ដឹង ហើយថាការសង្កេតមើល ការស្ដាប់ និងការយល់ដឹងគឺមកមុនការនិយាយ ។ ការប្រើនូវគំរូនេះអាចជួយពួកអ្នកផ្សព្វផ្សាយសាសនាឲ្យរកឃើញ ហើយបង្រៀនត្រូវនឹងសេចក្ដីត្រូវការរបស់ពួកអ្នករៀន ។
នៅពេលយើងសង្កេតមើល ស្ដាប់ ហើយយល់ដឹង យើងអាចនឹងត្រូវបានផ្ដល់ឲ្យ « នៅចំម៉ោងនោះឯងនូវចំណែកដែលនឹងបានវាល់ដល់មនុស្សគ្រប់រូប » ( គ. និង ស. 84:85 ) —ជាសេចក្ដីពិតដើម្បីគូសបញ្ជាក់ និងចម្លើយដើម្បីផ្ដល់ឲ្យសមស្រមតាមសេចក្ដីត្រូវការដ៏ជាក់លាក់នៃអ្នករៀនម្នាក់ ។ មានតែតាមការសង្កេតមើល ការស្ដាប់ និងការយល់ដឹងប៉ុណ្ណោះទើបយើងអាចត្រូវបានដឹកនាំដោយព្រះវិញ្ញាណក្នុងការនិយាយ និងធ្វើនូវរឿងដែលមានប្រយោជន៍បំផុតដល់មនុស្សដែលយើងបម្រើ ។
ការសង្កេតមើលគឺជាការរៀបចំខ្លួនមួយដ៏សំខាន់ដើម្បីទទួលបានអំណោយទាននៃការយល់ដឹងខាងវិញ្ញាណ ។ ការយល់ដឹងគឺជាការមើលឃើញដោយភ្នែកខាងវិញ្ញាណ ហើយជាការទទួលអារម្មណ៍ក្នុងដួងចិត្ត—ជាការមើលឃើញ និងការទទួលអារម្មណ៍ពីការកុហក សេចក្ដីល្អនៅក្នុងខ្លួនមនុស្សម្នាក់ទៀត ឬគោលការណ៍បន្ទាប់ដែលត្រូវការដើម្បីជួយដល់អ្នករៀនថ្មីម្នាក់ ។ ការយល់ដឹងគឺជាការឮដោយត្រចៀកខាងវិញ្ញាណ ហើយជាការទទួលអារម្មណ៍ក្នុងដួងចិត្ត—ជាការឮ និងការទទួលអារម្មណ៍ពីកង្វល់ដែលមិនអាចនិយាយបានក្នុងការតាំងចិត្ត ឬសំណួរមួយ ភាពស្មោះត្រង់នៃទីបន្ទាល់ ឬគោលលទ្ធិ ឬការអះអាង និងសេចក្ដីសុខសាន្តដែលកើតមានដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
ពួកអ្នកផ្សព្វផ្សាយសាសនានៃប្រកាសដំណឹងល្អរបស់យើងធ្វើដោយសេចក្ដីជំនឿ ហើយបានដឹកនាំដោយព្រះវិញ្ញាណ ដើម្បីជួយពួកអ្នករៀនឲ្យរៀនពីសេចក្ដីពិត ។ សូមចងចាំទ្រង់ជានិច្ច ចូរមានភាពសក្ដិសមដើម្បីធ្វើជាអ្នកតំណាងឲ្យទ្រង់ សូមរក្សាទុកនូវព្រះបន្ទូលទ្រង់ សូមអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដើម្បីធ្វើជាសាក្សីនៃសេចក្ដីពិត ហើយសូមសង្កេតមើល ស្ដាប់ ហើយយល់ដឹង នៅពេលអ្នកថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទទៅកាន់ពួកអ្នកស្វែងរកសេចក្ដីពិត ។
អ្នកអាចធ្វើកិច្ចការនេះបាន !
អ្នកអាចអានសារលិខិតរបស់ខ្ញុំ ហើយជឿថា យុវវ័យផ្សេងទៀតអាច ហើយនឹងធ្វើនូវអ្វីដែលខ្ញុំបានរៀបរាប់ ។ ប៉ុន្តែអ្នកអាចងឿងឆ្ងល់ថាតើអ្នកអាចធ្វើកិច្ចការនោះបានដែរទេ ។ សូមស្ដាប់ ។ អ្នកអាចធ្វើកិច្ចការនេះបាន !
ប្រសិនបើខ្ញុំមានក្ដីប្រាថ្នានៅក្នុងចិត្តខ្ញុំ គឺខ្ញុំចង់ចំណាយពេលពីរបីនាទីជួបនឹងអ្នករាល់គ្នាម្នាក់ម្ដងៗ ។ ខ្ញុំនឹងចាប់ដៃអ្នក នាំអ្នកមកជិត សម្លឹងភ្នែកអ្នក ហើយនិយាយថា « អ្នកអាចធ្វើកិច្ចការនេះបាន ! ព្រះអម្ចាស់ដែលអ្នកធ្វើតំណាង ហើយបម្រើដឹងថាអ្នកអាចធ្វើកិច្ចការនេះបាន ។ ខ្ញុំដឹងថាអ្នកអាចធ្វើកិច្ចការនេះបាន ។ ហើយក្នុងនាមជាអ្នកបម្រើម្នាក់របស់ទ្រង់ ខ្ញុំសូមសន្យាថាអ្នកនឹងទទួលបានជំនួយរបស់ទ្រង់ ។ សូមចងចាំជានិច្ចថា ដោយមានជំនួយរបស់ទ្រង់ និងនៅក្នុងកម្លាំងរបស់ទ្រង់ អ្នកអាចធ្វើកិច្ចការនេះបាន ! »
ខ្ញុំស្រឡាញ់អ្នករាល់គ្នា ហើយសូមអធិស្ឋានថា នៅពេលអ្នកព្យាយាមដើម្បីប្រែក្លាយទៅជាមនុស្សដែលអ្នកចង់ប្រែក្លាយ អ្នកនឹងដឹង ហើយឆ្លើយដោយសេចក្ដីជំនឿទៅនឹងសំឡេង និងការដឹកនាំរបស់ព្រះអម្ចាស់ ។ បន្ទាប់មក អ្នកនឹងក្លាយជាអ្នកតំណាងឲ្យព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទប្រកបដោយអំណាច និងប្រសិទ្ធភាពយ៉ាងពិតប្រាកដ ។