គ្រាន់តែញញឹម ហើយនិយាយថាទេ
អ្នកនិពន្ធរស់នៅមេត្រូ ម៉ានីឡា ប្រទេសហ្វីលីពីន ។
ខ្ញុំបានបដិសេធមិនពិសារសុរា ប៉ុន្តែឥឡូវនេះប្រធានក្រុមហ៊ុនបានហុចស្រាមួយកែវមកឲ្យខ្ញុំ ។
រចនាដោយ ស៊ូឌី ម៉ាកខូឡាន
នៅរដូវក្ដៅមួយ ខ្ញុំបានចូលរួមកម្មសិក្សានៅលើកោះមួយក្នុងប៊ីកុល ប្រទេសហ្វីលីពីន ។ ទេសភាពនៃសមុទ្រមានភាពស្រស់ស្អាតណាស់ ហើយខ្ញុំបានទន្ទឹងចាំឈរមើលវាជារៀងរាល់ព្រឹក ។
ប៉ុន្តែខ្ញុំមានការព្រួយបារម្ភនៅពេលល្ងាច ។ នោះជាពេលដែលមនុស្សនៅក្នុងជំរំចាប់ផ្ដើមផឹកសុរា និងមានពិធីជប់លៀង ។ ការអញ្ជើញទៅពិធីបែបនោះមានជារៀងរាល់ថ្ងៃ ហើយមិត្តរួមកម្មសិក្សារបស់ខ្ញុំ និងខ្ញុំត្រូវបានចូលរួម ដោយសារការមិនទៅចូលរួមគឺជាការខ្វះនូវការគោរព ។
ពិធីជប់លៀងដំបូងគឺជាពិធីជប់លៀងស្វាគមន៍ដល់ពួកអ្នកចុះកម្មសិក្សាថ្មី ។ ខ្ញុំមានការភ័យខ្លាចនឹងចូលរួម ដោយសារខ្ញុំដឹងយ៉ាងប្រាកដថា ពួកគេនឹងហុចស្រាឲ្យយើងផឹក ហើយខ្ញុំមិនដឹងថាត្រូវបដិសេធយ៉ាងណានោះទេ ។ ខ្ញុំបានទូរស័ព្ទទៅមិត្តម្នាក់ក្នុងវួដរបស់ខ្ញុំ ហើយគាត់បានផ្ដល់ការណែនាំដ៏ល្អមួយចំនួនដល់ខ្ញុំ ដែលធ្វើឲ្យមានទំនុកចិត្តច្រើនឡើង ។
នៅពេលពិធីជប់លៀងនោះចាប់ផ្ដើម ពួកគេហុចស្រាឲ្យយើងផឹក ប៉ុន្តែសំណាងល្អ ពួកគេមិនបានបង្ខំឲ្យយើងផឹកឡើយ ។ ដោយសារមិត្តរួមកម្មសិក្សារបស់ខ្ញុំបានទទួលយកការតាំងចិត្តរបស់ខ្ញុំក្នុងការមិនផឹកសុរា នោះការបដិសេធចំពោះការហុចស្រាលើកក្រោយទៀតគឺជារឿងងាយស្រួល—រហូតដល់យប់មួយ ។ នៅក្នុងពិធីជប់លៀងមួយ ប្រធានក្រុមហ៊ុនបានមក ។ គាត់បានកាន់ស្រា ឡាំបាណក់ មួយដប ( ជាស្រាក្នុងស្រុកធ្វើពីទឹកដូង ) ។ ក្រោយពីគាត់បានមកដល់មិនយូរប៉ុន្មាន ខ្ញុំបានឃើញគាត់ចាក់ស្រា ។ បន្ទាប់មកគាត់បាននិយាយថា « អ្នកត្រូវរៀនផឹកស្រា » ហើយឲ្យស្រាមួយកែវទៅអ្នកចុះកម្មសិក្សាម្នាក់ ។ នាងបានផឹកវាភ្លាម ។
បេះដួងខ្ញុំចាប់ផ្ដើមលោតយ៉ាងលឿន ។ មិនយូរប៉ុន្មាននឹងដល់វេនខ្ញុំហើយ ។ ខ្ញុំបាននិយាយខ្សឹបៗម្នាក់ឯងថា « ខ្ញុំនឹងមិនផឹកវាទេ ។ ខ្ញុំនឹងមិនផឹកវាទេ » ។ បន្ទាប់មកខ្ញុំបានឃើញប្រធានក្រុមហ៊ុននោះហុចស្រាមួយកែវមកឲ្យខ្ញុំ ។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីនោះទេ ។ មិត្តរួមកម្មសិក្សារបស់ខ្ញុំបានមើលមុខខ្ញុំ ដោយរង់ចាំមើលថា តើខ្ញុំនឹងធ្វើយ៉ាងដូចម្តេច ។ ខ្ញុំបានញញឹមដាក់ប្រធានក្រុមហ៊ុននោះ ហើយនិយាយដោយរាបសាថា « សុំទោសលោក ខ្ញុំមិនផឹកសុរាទេ » ។
ខ្ញុំបានដឹងថាគាត់បានអាក់អន់ចិត្ត ។ គាត់បានសួរពីមូលហេតុដែលខ្ញុំមិនផឹកស្រា ។ ខ្ញុំបាននិយាយថា « ខ្ញុំជាពួកមរមន » ។
គាត់បាននិយាយថា « ខ្ញុំពុំធ្លាប់ឮពីសាសនានោះទេ ។ វាមានឈ្មោះដូចជាអាហារមួយប្រភេទ » ។ មនុស្សគ្រប់គ្នាបានសើច ។
ខ្ញុំបានញញឹមដែរ ពុំមែនដោយសារការនិយាយលេងរបស់គាត់ទេ ប៉ុន្តែគឺខ្ញុំបានដឹងថាខ្ញុំបានធ្វើរឿងត្រឹមត្រូវ ។
គ្មាននរណាហុចស្រាឲ្យខ្ញុំផឹកម្ដងទៀតឡើយ ។ ប៉ុន្តែការសើចចំអកនៅតែបន្តមាន រួមទាំងមិត្តរបស់ខ្ញុំផងដែរ ។ ថែមទាំងមានគេនិយាយថាខ្ញុំបានកុហក ហើយថាវាមិនគួរឲ្យជឿដែលសមាជិកនៃសាសនាចក្រនេះមិនផឹកស្រា ។ នៅពេលនោះខ្ញុំបានទទួលអារម្មណ៍នូវសម្ពាធ ដែលបានធ្លាក់មកលើសមាជិកនៃសាសនាចក្រនេះ ។
ការស្នាក់នៅរបស់ខ្ញុំនៅលើកោះនោះបានបង្រៀនខ្ញុំនូវមេរៀនជាច្រើន ពុំមែនគ្រាន់តែផ្នែកសិក្សានោះទេ ប៉ុន្តែខាងវិញ្ញាណផងដែរ ។ ខ្ញុំបានរៀនថា ការសើចចំអកនឹងនៅបន្តជានិច្ច ប៉ុន្តែព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងដឹកនាំអ្នកឲ្យធ្វើរឿងត្រឹមត្រូវជានិច្ច ។