សំណួរ និង ចម្លើយទាំងឡាយ
« តើខ្ញុំនិយាយអ្វីទៅកាន់អ្នកមិនមែនសមាជិកដែលសួរថា ហេតុអ្វីសមាជិកសាសនាចក្រមួយចំនួនពុំរស់នៅតាមបទដ្ឋានរបស់យើង ? »
វាជាការល្អប្រសិនបើសមាជិកសាសនាចក្រគ្រប់រូបបានរស់នៅតាមដំណឹងល្អទាំងស្រុង ។ ពួកគេមិនត្រឹមតែរីករាយនឹងពរជ័យដ៏ច្រើនបន្ថែមទៀត នៅក្នុងជីវិតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងក្លាយជាគំរូដ៏អស្ចារ្យដល់មនុស្សជុំវិញខ្លួនពួកគេផងដែរ ។ ប៉ុន្តែយើងជាមនុស្សរមែងស្លាប់ ដូច្នេះយើងទាំងអស់គ្នាធ្វើនូវកំហុសទោះតិចឬច្រើនក្ដី ។ ហេតុផលដ៏ធំដែលមនុស្សមួយចំនួនរស់នៅតាមដំណឹងល្អបានទាំងស្រុងលើសពីមនុស្សផ្សេងទៀតគឺដោយសារយើងម្នាក់ៗមានចំណុចផ្សេងៗគ្នានៅក្នុងការផ្លាស់ប្រែចិត្តជឿរបស់យើង និងនៅក្នុងភាពរឹងមាំនៃទីបន្ទាល់របស់យើង ។ យើងម្នាក់ៗមានការសាកល្បង និងធនធាន ព្រមទាំងមនុស្សជួយយើងខុសៗគ្នា ដើម្បីនឹងជួយដល់យើង ។
អ្នកពុំមែនជាសមាជិកប្រហែលជាមិនយល់នូវពាក្យដូចជា « ការផ្លាស់ប្រែចិត្តជឿ » និង « ទីបន្ទាល់ » ទេ ប៉ុន្តែពួកគេនឹងយល់ថា បុគ្គលម្នាក់ៗអាចជ្រើសរើសរបៀបដើម្បីរស់នៅបាន ។ អ្នកអាចពន្យល់ថា ព្រះវរបិតាសួគ៌មានព្រះរាជបំណងឲ្យវាកើតឡើងដូច្នេះ ។ ទ្រង់ប្រទានសិទ្ធិជ្រើសរើសដល់យើង ដើម្បីយើងអាចរីកចម្រើនខាងវិញ្ញាណដោយការជ្រើសរើសផ្លូវត្រូវ ។ ប៉ុន្តែព្រះវរបិតាសួគ៌ទ្រង់ក៏ជ្រាបដែរថា មនុស្សគ្រប់គ្នា—លើកលែងតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ—នឹងធ្វើខុស ដូច្នេះទ្រង់បានប្រទានព្រះអង្គសង្គ្រោះមួយអង្គដល់យើង ។ ដោយសារតែដង្វាយធួន យើងអាចប្រែចិត្ត ទទួលការអភ័យទោស រៀនពីកំហុសរបស់យើង ហើយដើរឆ្ពោះទៅមុខក្នុងជីវិត ។
អ្នកក៏អាចពន្យល់ផងដែរថា យើងមិនវិនិច្ឆ័យជនដែលមិនធ្វើតាមបទដ្ឋានសាសនាចក្រនោះទេ ។ ផ្ទុយទៅវិញ យើងព្យាយាមជួយដល់ពួកគេ ព្យាយាមយល់ពីពួកគេ ហើយមានចិត្តអត់ធ្មត់នឹងពួកគេ ។ ខណៈដែលយើងមិនទទួលយកអំពើបាប យើងក៏មិនថ្កោលទោសដល់អ្នកធ្វើបាបដែរ ( សូមមើល យ៉ូហាន 8:11 ) ការប្រែចិត្តនៅតែអាចធ្វើបានចំពោះយើងគ្រប់គ្នា ។
ស្រាវជ្រាវព្រះគម្ពីរ
ចម្លើយចំពោះសំណួរនេះអាចរកឃើញនៅក្នុងព្រះគម្ពីរ ។ នៅពេលមនុស្សទូទៅមិនគោរពតាមព្រះបញ្ញត្តិ យើងគួរជៀសវាងពីការកាត់សេចក្ដីគេ ( សូមមើល ម៉ាថាយ 7:1 ) ។ រ៉ូម 3:23បានចែងថា « ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ » ។ ប៉ុន្តែវាជាការពិតណាស់ដែលសមាជិកសាសនាចក្រនេះគួរព្យាយាមគោរពប្រតិបត្តិ ។
មេឌីសុន អិម អាយុ 13 ឆ្នាំ តិចសាស ស.រ.អា.
បង្រៀនពីដង្វាយធួន
នៅពេលមនុស្សទូទៅនិយាយបែបនេះ ជាជាងការស្វែងរកកំហុសនឹងសមាជិក ដែលមិនធ្វើតាមក្រឹត្យវិន័យ នោះខ្ញុំប្រើវាជាឱកាសមួយដើម្បីបង្រៀនពីដង្វាយធួន ។ ខ្ញុំប្រាប់ពួកគេថា ដោយសារតែយើងជាពួកមរមនពុំមែនមានន័យថា យើងជាមនុស្សល្អឥតខ្ចោះនោះទេ គឺដោយសារយើងមានដង្វាយធួន ដែលយើងអាចប្រែចិត្តពីអំពើបាបរបស់យើង ហើយជួសជុលនូវកំហុសទាំងនោះ ។ ជាធម្មតា ការនិយាយបែបនេះបានបើកទ្វារចំពោះសំណួរច្រើនបន្ថែមទៀត ។
ជេឌ អេជ អាយុ 16 ឆ្នាំ អូរ៉េហ្គិន ស.រ.អា.
សាសនាចក្របង្រៀនយើងឲ្យធ្វើល្អ
ដូចជាមនុស្សគ្រប់គ្នាដែរ សមាជិកសាសនាចក្រជួបឧបសគ្គ និងការល្បួងនានា ។ យើងទាំងអស់គ្នាមានចំណុចខ្សោយ ប៉ុន្តែវាពុំមែនមានន័យថា សាសនាចក្រនេះមិនពិតនោះទេ ។ នេះគឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ដែលកំពុងជួយមនុស្សឲ្យស្គាល់ដំណឹងល្អពិត ហើយទទួលភាពតម្កើងឡើង ។ វាជាមនុស្សខាងសាច់ឈាមទេតើដែលមិនគោរពតាមព្រះបញ្ញត្តិនោះ ( សូមមើល ម៉ូសាយ 3:19 ) ហើយវាពុំមែនជាកំហុសរបស់សាសនាចក្រឡើយ ។ សាសនាចក្របង្រៀនយើងឲ្យធ្វើកិច្ចការល្អ ។ ប៉ុន្តែយើងទាំងអស់គ្នាមានការជ្រើសរើស ។
ឡាវីនា អេស អាយុ 19 ប៊ូឡាកាន ហ្វីលីពីន
បទដ្ឋានគឺសម្រាប់សុភមង្គលរបស់យើង
សំណួរនេះពិតជាសំខាន់ចំពោះខ្ញុំ ដោយសារខ្ញុំស្គាល់បុគ្គលមួយចំនួនដែលបានធ្វើការជ្រើសរើសដែលបាននាំពួកគេឃ្លាតឆ្ងាយពីដំណឹងល្អ ។ ព្រះអម្ចាស់ប្រទានបញ្ញត្តិដល់យើងដើម្បីសុភមង្គលរបស់យើង និងដើម្បី « នាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ 1:39 ) ។ ព្រះអម្ចាស់ចង់ឲ្យយើងត្រឡប់ទៅរកទ្រង់វិញ តែទោះជាយ៉ាងនេះក្ដី ទ្រង់ចង់ឲ្យយើងធ្វើការជ្រើសរើសដោយខ្លួនឯង ។ នោះជាហេតុផលដែលបុគ្គលមួយចំនួនមិនរស់នៅតាមបទដ្ឋានរបស់យើង ។ បទដ្ឋាននេះជួយខ្ញុំ ដោយសារខ្ញុំដឹងថាព្រះវរបិតាសួគ៌បានប្រទានបទដ្ឋានទាំងនេះឲ្យខ្ញុំដើម្បីខ្ញុំអាចវិលត្រឡប់ទៅរស់នៅនឹងទ្រង់វិញ ហើយមានភាពរីករាយ ។ បទដ្ឋានទាំងនោះជាភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំ ។
ម័រហ្គេន ឌី អាយុ 18 ឆ្នាំ ឡង់ហ្គេដុក រូស៊ីយ៉ុង ប្រទេសបារាំង
ធ្វើជាគំរូ
សាសនាចក្រនេះគឺសំខាន់ណាស់ដើម្បីជួយយើងឲ្យបំពេញតាមព្រះបញ្ញត្តិនៃព្រះវរបិតាសួគ៌យើង ហើយឲ្យយើងអាចរស់នៅនឹងទ្រង់ម្ដងទៀត ។ ប៉ុន្តែប្រសិនបើមនុស្សម្នាក់ជាសមាជិកសាសនាចក្រនេះ ពុំមែនមានន័យថាគាត់ជាមនុស្សល្អជានិច្ចនោះទេ ។ សូមសម្លឹងមើលពិភពលោកសព្វថ្ងៃ វាពោរពេញដោយអំពើទុច្ចរិត និងអំពើគួរឲ្យស្អប់ខ្ពើម ទោះជាពិភពលោកនេះពោរពេញដោយមនុស្សដែលបានសម្រេចចិត្តដើរតាមព្រះយេស៊ូវគ្រីស្ទ នៅក្នុងជីវិតមុនឆាកជីវិតនេះក្ដី ។ ខ្ញុំគិតថា រឿងដ៏ល្អបំផុតដែលយើងអាចធ្វើបានគឺការធ្វើជាគំរូដល់មិត្តរបស់យើង ។
កាដេន អេស អាយុ 15 ឆ្នាំ យូថាហ៍ ស.រ.អា.
អធិស្ឋានឲ្យពួកគេ ហើយទៅសួរសុខទុក្ខពួកគេ
សមាជិកដែលមិនរស់នៅតាមបទដ្ឋានរបស់យើង ប្រហែលជាគ្មានទីបន្ទាល់មួយពីព្រះយេស៊ូវគ្រីស្ទឡើយ ។ យើងគួរអធិស្ឋានឲ្យពួកគេ ថាពួកគេនឹងខិតខំស្វែងរកការដឹកនាំពីព្រះវិញ្ញាណ ហើយថាពួកគេនឹងមានលទ្ធភាពទទួលបានទីបន្ទាល់របស់ពួកគេ ។ យើងគួរទៅសួរសុខទុក្ខមនុស្សទាំងនេះ ហើយជួយពួកគេឲ្យមករកព្រះគ្រីស្ទ ។
អានឌ្រា ស៊ី អាយុ 13 លីម៉ា ប្រទេសប៉េរូ
រស់នៅតាមបទដ្ឋានរបស់យើង
ដូចជាអង្គការ ឬសាសនាដទៃទៀតដែរ មានមនុស្សមួយចំនួនដែលលះបង់ច្រើន ឬលះបង់តិច ។ យើងត្រូវរស់នៅតាមបទដ្ឋានរបស់យើង តាមសមត្ថភាពដែលយើងអាចធ្វើបាន ហើយសង្ឃឹម និងអធិស្ឋានថាអ្នកដទៃនឹងធ្វើដូចគ្នាដែរ ។
ម៉ារេន អេស អាយុ 16 ឆ្នាំ អារីហ្សូណា ស.រ.អា.