សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនអំពីមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
តើអ្វីដែលត្រូវបានរំពឹងពីគ្រូបង្រៀនសាសនាម្នាក់ ?
នៅពេលអ្នករៀបចំដើម្បីបង្រៀន វាគឺជាការណ៍ដ៏សំខាន់ដើម្បីយល់ពីកម្មវត្ថុនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ៖
« គោលបំណងរបស់យើង គឺដើម្បីជួយយុវវ័យ និង យុវមជ្ឈិមវ័យឲ្យយល់ និង ពឹងផ្អែកលើការបង្រៀន និង ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ឲ្យមានភាពសក្តិសមសម្រាប់ពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនពួកគេ ក្រុមគ្រួសារពួកគេ និង អ្នកដទៃទៀត សម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅឋានសួគ៌ » (ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ ៖ ក្បួនខ្នាតសម្រាប់គ្រូបង្រៀន និង ថ្នាក់ដឹកនាំ នៅក្នុងថ្នាក់សិក្ខាសាលា និង វិទ្យាស្ថានសាសនា [ ឆ្នាំ ២០១២ ]ទំព័រ ⅹ) ។
អ្នកអាចសម្រេចបាននូវគោលបំណងនេះ ដោយការរស់នៅតាមដំណឹងល្អដោយព្យាយាម បង្រៀនដំណឹងល្អដល់សិស្សរបស់អ្នកដោយមានប្រសិទ្ធភាព និងចាត់ចែងថ្នាក់ ឬ កម្មវិធីរបស់អ្នកដោយសមរម្យ ។ នៅពេលអ្នករៀបចំ និងបង្រៀនដំណឹងល្អតាមរបៀបនេះ អ្នកនឹងមានភាពសក្ដិសមទទួលព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល គ. និង ស ៤២:១៤) ។
វាគឺជាឱកាសរបស់អ្នកដើម្បីជួយដល់សិស្សឲ្យរៀនដោយព្រះវិញ្ញាណ ដើម្បីឲ្យពួកគេអាចពង្រឹងដល់សេចក្ដីជំនឿរបស់ពួកគេ និងអាចឲ្យការប្រែចិត្តជឿរបស់ពួកគេកាន់តែរឹងមាំឡើង ។ អ្នកអាចជួយសិស្សឲ្យសម្រេចបានការណ៍នេះ នៅពេលអ្នកដឹកនាំពួកគេឲ្យរកមើល យល់ មានអារម្មណ៍ពីសេចក្ដីពិត និងពីសារៈសំខាន់ ក៏ដូចជាដើម្បីអនុវត្តតាមគោលលទ្ធិ និងគោលការណ៍ដ៏សំខាន់ទាំងឡាយនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
សៀវភៅក្បួនខ្នាត ការបង្រៀន និង ការរៀនសូត្រដំណឹងល្អ គឺជាធនធានដ៏សំខាន់មួយក្នុងការយល់ពីដំណើរនៃការបង្រៀន និង ការរៀនសូត្រ ព្រមទាំងរបៀបដើម្បីទទួលបានជោគជ័យនៅក្នុងថ្នាក់រៀន ។ សូមមើលក្បួនខ្នាតនេះឲ្យបានញឹកញាប់ ។
តើអ្វីជាកម្មវត្ថុនៃវគ្គសិក្សានេះ ?
វគ្គសិក្សា មូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( សាសនា ២២៥ )នេះ ផ្តល់ឱកាសដល់សិស្សឲ្យសិក្សាវិវរណៈគ្រឹះ គោលលទ្ធិ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និង មនុស្សនានាដែលទាក់ទងទៅនឹងការបើកសម្តែងនៃការស្តារឡើងវិញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ដែលមាននៅក្នុងបទដ្ឋានព្រះគម្ពីរ ការបង្រៀននានាពីព្យាការីថ្ងៃចុងក្រោយ និង ប្រវត្តិសាសនាចក្រ ។ វគ្គសិក្សានេះនឹងផ្តល់គោលការណ៍គ្រឹះ និង បរិបទប្រវត្តិសាស្ត្រដល់សិស្សដែលចាំបាច់សម្រាប់ការយល់ដឹងឲ្យជាក់ច្បាស់អំពីគោលលទ្ធិ និង ប្រវត្តិនៃសាសនាចក្រ ។ សិស្សនឹងពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីស្វែងរកសេចក្តីពិត ថ្លឹងថ្លែងពីសុពលភាព និង ភាពពិតប្រាកដនៃឯកសារប្រភពដើម និង ដឹងសេចក្តីពិតពីបញ្ហានានា ។ សិស្សនឹងសិក្សាព្រះគម្ពីរ គោលលទ្ធិសាសនាចក្រ និង ប្រវត្តិសាសនាចក្រតាមរបៀបមួយដែលទាក់ទងនឹងជីវិត រួមទាំងកាលៈទេសៈរបស់ពួកគេផងដែរ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០-២០០៨ ) បានថ្លែងទីបន្ទាល់ពីភាពពិតនៃការស្តារឡើងវិញ ៖
« នេះជាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ។ យើងគឺជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ យើងសូមថ្លែងទីបន្ទាល់ថា ស្ថានសួគ៌បានបើក វាំងននត្រូវបានវែកចេញ ថាព្រះបានមានព្រះបន្ទូល ហើយថាព្រះយេស៊ូវគ្រីស្ទបានបង្ហាញរូបអង្គទ្រង់ ។ …
« យើងមានអំណរគុណចំពោះការប្រទាននូវទីបន្ទាល់ដ៏អស្ចារ្យរបស់ទ្រង់ សិទ្ធិអំណាច និងគោលលទ្ធិដែលមានជាប់មកជាមួយនេះ គឺជាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។
« នេះត្រូវតែជាសារលិខិតដ៏មហិមា និងតែមួយគត់របស់យើងទៅកាន់ពិភពលោក ។ យើងពុំបង្រៀនវាដោយភាពឆ្មើងឆ្មៃឡើយ ។ យើងថ្លែងទីបន្ទាល់ដោយភាពរាបសា តែដោយអស់ពីចិត្តទាំងស្រុង និងមុតមាំ » (« The Marvelous Foundation of Our Faith » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៨១ ) ។
នៅពេលសិស្សបង្កើនសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំង និង បង្កើនទីបន្ទាល់អំពីការស្តារដំណឹងល្អឡើងវិញកាន់តែរឹងមាំ នោះពួកគេនឹងបង្កើនការតាំងចិត្តរបស់ខ្លួនដើម្បីធ្វើ និង រក្សាសេចក្តីសញ្ញាពិសិដ្ឋ ហើយរៀបចំខ្លួនបានកាន់តែប្រសើរ ដើម្បីចែកចាយសារលិខិតនៃការស្តារឡើងវិញ ។
តើអ្វីដែលត្រូវបានរំពឹងពីសិស្ស ?
ដើម្បីទទួលបានពិន្ទុ ឆ្ពោះទៅទទួលសញ្ញបត្រថ្នាក់វិទ្យាស្ថាន នោះសិស្សត្រូវតែអានវគ្គព្រះគម្ពីរ សុន្ទរកថាសន្និសីទទូទៅ និង ឯកសារផ្សេងទៀតដែលមាននៅក្នុងផ្នែកការអានរបស់សិស្សនៃមេរៀននិមួយៗ ។ សិស្សត្រូវតែបំពេញនូវតម្រូវការវត្តមាន ហើយបង្ហាញពីសមត្ថភាពក្នុងការរៀនវគ្គសិក្សានេះ ។
តើមេរៀននៅក្នុងសៀវភៅណែនាំនេះ ត្រូវបានរៀបចំឡើងយ៉ាងដូចម្ដេច ?
វគ្គសិក្សានេះ ត្រូវបានរៀបចំឡើងជាវគ្គរៀនដែលមានរយៈពេលមួយឆមាស ដោយមាន ២៨ មេរៀន សម្រាប់ថ្នាក់រៀនដែលមានរយៈពេល ៥០ នាទី ។ ប្រសិនបើសិស្សរបស់អ្នកជួបជុំគ្នាពីរដងក្នុងមួយសប្ដាហ៍ សូមបង្រៀនមេរៀនមួយ ពេលបង្រៀនម្តងៗ ។ ប្រសិនបើសិស្សរបស់អ្នកជួបគ្នាតែម្ដងក្នុងមួយសប្ដាហ៍ រយៈពេលពី ៩០ ទៅ ១០០ នាទី សូមបញ្ចូលគ្នា និងបង្រៀនមេរៀនពីរពេលបង្រៀនម្តងៗ ។ គម្រោងមេរៀននិមួយៗ រួមមានបួនផ្នែក ៖
-
សេចក្ដីផ្ដើម
-
ការអានពីសាវតា
-
យោបល់សម្រាប់ការបង្រៀន
-
ការអានរបស់សិស្ស
សេចក្ដីផ្ដើម
ផ្នែកនេះផ្ដល់នូវសេចក្តីផ្ដើមដ៏ខ្លីមួយ ចំពោះប្រធានបទ និងកម្មវត្ថុទាំងឡាយនៃមេរៀន ។
ការអានពីសាវតា
ផ្នែកនេះ ផ្ដល់យោបល់បន្ថែមអំពីធនធាន ដូចជាសារលិខិតមកពីព្យាការីថ្ងៃចុងក្រោយដែលអាចជួយដល់អ្នកឲ្យយល់កាន់តែច្បាស់អំពីគោលលទ្ធិ គោលការណ៍ និងសេចក្ដីពិតនៃដំណឹងល្អនានាដែលមាននៅក្នុងគម្រោងមេរៀន ។
យោបល់សម្រាប់ការបង្រៀន
ផ្នែកនៃយោបល់សម្រាប់ការបង្រៀន រួមមាននូវសម្ភារដើម្បីជួយដល់អ្នកឲ្យដឹងទាំងពី អ្វី ដែលត្រូវបង្រៀន និង ពី របៀប ដើម្បីបង្រៀន ( សូមមើលផងដែរ ជំពូក ៤.៣.៣ និង ៤.៣.៤ នៅក្នុងក្បួនខ្នាត ការបង្រៀន និងរៀនសូត្រដំណឹងល្អ ) ។ សកម្មភាពរៀនសូត្រដែលបានផ្តល់ឲ្យ ត្រូវបានរៀបចំដើម្បីជួយសិស្សឲ្យរកមើល យល់ និងអនុវត្តសេចក្ដីពិតដ៏ពិសិដ្ឋទាំងឡាយ ។ អ្នកអាចជ្រើសរើសប្រើនូវយោបល់ដែលផ្តល់ឲ្យខ្លះ ឬ ទាំងអស់ នៅពេលអ្នកសម្របវាទៅតាមវិធីសាស្ត្រនៃការបង្រៀនផ្ទាល់ខ្លួនរបស់អ្នក និងដើម្បីបំពេញនូវតម្រូវការ និងតាមស្ថានភាពរបស់សិស្សអ្នក ។ នៅពេលអ្នកពិចារណពីរបៀបដើម្បីសម្របសម្ភារមេរៀនទាំងឡាយ សូមធ្វើតាមការប្រឹក្សានេះ ពីអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ខ្ញុំស្ដាប់ឮប្រធាន ផាកកឺ លោកបានបង្រៀនជាញឹកញាប់ថា ដំបូងយើងត្រូវទទួលយក បន្ទាប់មកសម្របតាមវា ។ ប្រសិនបើយើងមានចំណេះយ៉ាងហ្មត់ចត់ចំពោះមេរៀនដែលបានរៀបចំទុកមុនដែលយើងត្រូវបង្រៀន នោះយើងនឹងអាចធ្វើតាមព្រះវិញ្ញាណដើម្បីសម្របតាមវាបាន ។ ប៉ុន្ដែមានការល្បួងមួយ ឲ្យចាប់ផ្ដើមវាដោយការសម្របតាម ជាជាងការទទួលយក នៅពេលដែលយើងនិយាយអំពីការចេះបត់បែននេះ ។ វាគឺជាតុល្យភាពមួយ ។ វាជាឧបសគ្គដ៏ឥតឈប់ឈរមួយ ។ ប៉ុន្ដែវិធានការនៃការទទួលយកជាដំបូង ហើយបន្ទាប់មកសម្របតាម គឺជារបៀបដ៏ល្អមួយដើម្បីមានជំហរឈរនៅលើគោលការណ៍ដ៏រឹងមាំមួយ » (« ការពិភាក្សាជ្រើសរើសមួយជាមួយនឹង អែលឌើរ ដាល្លិន អេក អូក » [ ការចាក់ផ្សាយតាមផ្កាយរណបនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ ] lds.org/broadcasts) ។
វគ្គសិក្សានេះរួមមានសេចក្តីថ្លែងការណ៍ដោយថ្នាក់ដឹកនាំសាសនាចក្រដែលទំនងមានជាច្រើនភាសា ។ នៅពេលអ្នករៀបចំបង្រៀន អ្នកអាចសម្របសម្រួលមេរៀនដោយប្រើប្រាស់សេចក្តីថ្លែងការណ៍ផ្សេងទៀតដែលមាន ដែលថ្លែងដោយថ្នាក់ដឹកនាំសាសនាចក្រដែលទាក់ទងនឹងប្រធានបទសំខាន់នេះ ។
ផ្នែកនៃយោបល់សម្រាប់ការបង្រៀន រួមមានយ៉ាងហោចណាស់សេចក្ដីថ្លែងនៃគោលលទ្ធិ ឬ គោលការណ៍មួយ ដែលលេចឡើងជាអក្សរដិតខ្មៅ ។ នៅពេលសិស្សរកឃើញគោលលទ្ធិ និងគោលការណ៍ទាំងឡាយនេះ ហើយចែកចាយអ្វីដែលពួកគេបានរៀនសូត្រ នោះសម្ដីរបស់ពួកគេអាចខុសពីអ្វីដែលបានសរសេរនៅក្នុងសៀវភៅណែនាំនេះ ។ បើវាកើតឡើង សូមប្រយ័ត្នកុំនិយាយថា ចម្លើយរបស់ពួកគេខុសឲ្យសោះ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើប្រយោគមួយអាចត្រូវបាននិយាយត្រឹមត្រូវជាងនេះ សូមជួយបញ្ជាក់ឲ្យសិស្សយល់ដោយយកចិត្តទុកដាក់ ។
កម្មវិធីសិក្សានេះជាគំរូនៃរបៀបដើម្បីរួមបញ្ចូលការបង្រៀន និង ការរៀនសូត្រមូលដ្ឋានគ្រឹះនៃដំណឹងល្អទៅជាវគ្គសិក្សាដែលទាក់ទងនឹងប្រធានបទ ( សូមមើល ការបង្រៀន និងការរៀនសូត្រដំណឹងល្អ ១០, ២៣–៣១, ៣៨–៤១) ។ នៅប៉ុន្មានខែខាងមុខនេះ ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាននឹងបោះពុម្ពឯកសារមួយដែលហៅថា « Teaching and Learning the Scriptures in Institutes of Religion » ដែលនឹងពន្យល់បន្ថែមទៀតអំពីការបញ្ចូលការបង្រៀន និង រៀនសូត្រមូលដ្ឋានគ្រឹះនៃដំណឹងល្អទៅជាវគ្គសិក្សាដែលទាក់ទងនឹងប្រធានបទ ។
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាពីអត្ថប្រយោជន៍មួយចំនួនដែលទទួលបានពីការសិក្សាដំណឹងល្អតាមប្រធានបទ ៖
« ខណៈដែលការអានព្រះគម្ពីរចាប់តាំងពីដើមរហូតដល់ចប់ផ្តល់ចំណេះដឹងគ្រឹះ នោះការសិក្សាតាមប្រធានបទបង្កើនចំណេះដឹងរបស់យើងកាន់តែជ្រាលជ្រៅ ។ ការស្រាវជ្រាវនៅក្នុងវិវរណៈដែលជាប់ទាក់ទង គំរូ និង ប្រធានបទនានាស្ថាបនា និង បន្ថែមចំណេះដឹងខាងវិញ្ញាណរបស់យើង…វាពង្រីកទស្សនវិស័យ និង ការយល់ដឹងរបស់យើងអំពីផែនការនៃសេចក្តីសង្គ្រោះ ។
« តាមការវិនិច្ឆ័យរបស់ខ្ញុំ នោះការស្រាវជ្រាវដោយឧស្សាហ៍ព្យាយាម ដើម្បីស្វែងរកនូវទំនាក់ទំនងទាំងឡាយ គំរូ និង ប្រធានបទនានា គឺជាផ្នែកមួយនៃអ្វីដែលមានន័យថា ‹ ទទួលទាន › ព្រះបន្ទូលនៃព្រះគ្រីស្ទ ។ វិធីសាស្ត្រនេះអាចបើកទ្វារឃ្លាំងខាងវិញ្ញាណ បំភ្លឺការយល់ដឹងរបស់យើងតាមរយៈព្រះវិញ្ញាណរបស់ទ្រង់ និង បង្កើតឲ្យមានអំណរគុណកាន់តែជ្រាលជ្រៅចំពោះព្រះគម្ពីរដ៏បរិសុទ្ធនានា និងកម្រិតនៃការតាំងចិត្តខាងវិញ្ញាណដែលអាចត្រូវបានទទួលដោយគ្មានតាមវិធីណាទៀតឡើយ ។ ការស្រាវជ្រាវបែបនេះ ធ្វើឲ្យយើងសង់គ្រឹះនៅលើថ្មដានៃព្រះប្រោសលោះរបស់យើង និង តទល់នឹងខ្យល់គួចនៃសេចក្តីទុច្ចរិតនៅថ្ងៃចុងក្រោយនេះ » ( « A Reservoir of Living Water » [ ការប្រជុំពិសេសសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ៣ speeches.byu.edu) ។
ឯកសារមួយចំនួននៅក្នុងសៀវភៅសិក្សានេះគឺផ្តោតលើឯកសារនៅក្នុង សៀវភៅសិក្សាគោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រថ្នាក់សិក្ខាសាលា ។
ការអានរបស់សិស្ស
ផ្នែកនេះ រួមមានវគ្គព្រះគម្ពីរ សុន្ទរកថាមកពីថ្នាក់ដឹកនាំសាសនាចក្រ និងឯកសារដទៃផ្សេងទៀត ដែលនឹងចម្រើនដល់ការយល់ដឹងរបស់សិស្សអំពីប្រធានបទ ដែលមាននៅក្នុងមេរៀនទាំងនោះ ។ សូមចាត់តាំង និង លើកទឹកចិត្តសិស្សឲ្យអានឯកសារសិក្សាទាំងនេះ មុនពេលពួកគេមករៀន ។ នៅពេលពួកគេសិក្សាចំណុចដ៏បំផុសគំនិតទាំងនេះ នោះពួកគេនឹងមិនត្រឹមតែបានរៀបចំយ៉ាងប្រសើរក្នុងការចូលរួមនៅក្នុងការពិភាក្សាក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្ដែពួកគេក៏នឹងទទួលបានការយល់ដឹងកាន់តែច្រើន និង ជ្រាលជ្រៅជាងនេះអំពីប្រធានបទក្នុងវគ្គសិក្សានេះផងដែរ ។ សូមផ្ដល់ដល់សិស្សនូវបញ្ជីមួយនៃ ការអានរបស់សិស្ស ទាំងអស់ នៅពេលការចាប់ផើ្ដមនៃឆមាស ។
តើខ្ញុំអាចរៀបចំបង្រៀនដោយរបៀបណា ?
ព្រះអម្ចាស់នឹងជួយដល់អ្នក នៅពេលអ្នករៀបចំបង្រៀន ។ នៅពេលអ្នករៀបចំ វាអាចជួយដល់អ្នកក្នុងការសួរខ្លួនឯងនូវសំណួរខាងក្រោមនេះ ៖
-
តើខ្ញុំបានអធិស្ឋានដើម្បីទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
-
តើខ្ញុំបានសិក្សាក្រុមវគ្គព្រះគម្ពីរដែលបានដាក់មក និងអានពីសាវតាវាដែរឬទេ ?
-
តើខ្ញុំបានអានកម្មវិធីសិក្សា និងបានសម្រេចចិត្តថា តើមានអ្វីដែលខ្ញុំត្រូវសម្របតាម ឬកែសម្រួលដើម្បីបំពេញនូវតម្រូវការរបស់សិស្សខ្ញុំទេ ?
-
តើខ្ញុំអាចតាមដានសិស្សដោយរបៀបណា ដើម្បីធានាថា ពួកគេកំពុងតែទទួលបានចំណេះដឹងយ៉ាងច្រើនបំផុតពីអ្វីដែលបានចាត់តាំងឲ្យអាននោះ ?
-
តើខ្ញុំអាចជួយដល់សិស្សម្នាក់ៗរបស់ខ្ញុំ ឲ្យចូលរួមក្នុងមេរៀននេះបានយ៉ាងពេញលេញដោយរបៀបណា ?
យោបល់ខាងក្រោមនេះ ក៏អាចជួយដល់អ្នកបានដែរ ៖
-
សូមលើកទឹកចិត្តសិស្សឲ្យអានវគ្គព្រះគម្ពីរដែលបានចាត់តាំង និងអត្ថបទទាំងឡាយមុនពេលមករៀន ។
-
សូមរំពឹងថាសិស្សនឹងបំពេញតួនាទីរបស់ពួកគេ ជាអ្នករៀន ។
-
សូមផ្ដល់ឱកាសជាញឹកញាប់ដល់សិស្សឲ្យពន្យល់ពីគោលលទ្ធិ និងគោលការណ៍នានាជាពាក្យសម្ដីរបស់គេផ្ទាល់ ចែកចាយបទពិសោធន៍ដែលទាក់ទង និងថ្លែងទីបន្ទាល់ពីអ្វីដែលពួកគេដឹង និងមានអារម្មណ៍ ។
-
សូមផ្លាស់ប្ដូរសកម្មភាពរៀនសូត្រ និងវិធានការនានា ដែលអ្នកប្រើនៅក្នុងថ្នាក់និមួយៗ និងពីមួយថ្ងៃទៅមួយថ្ងៃ ។
-
សូមបង្កើតនូវបរិយាកាសរៀនសូត្រមួយដែលអញ្ជើញព្រះវិញ្ញាណ និងផ្តល់ឯកសិទ្ធិដល់សិស្ស និងទទួលខុសត្រូវក្នុងការបង្រៀន និងរៀនពីគ្នាទៅវិញទៅមក ( សូមមើល គ. និង ស. ៨៨:៧៨ ១២២ ) ។
អែលឌើរ រីឆាត ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
« សូមបញ្ជាក់ថា មានការចូលរួមជាច្រើន ដោយសារថា ការប្រើសិទ្ធិជ្រើសរើសដោយសិស្សម្នាក់ នឹងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធណែនាំ ។ … នៅពេលសិស្សនិយាយចេញនូវសេចក្ដីពិតទាំងឡាយ ពួកគេត្រូវបានបញ្ជាក់នៅក្នុងព្រលឹងរបស់ពួកគេ និងពង្រឹងដល់ទីបន្ទាល់ផ្ទាល់ខ្លួនរបស់គេ » (“To Understand and Live Truth” [ ល្ងាចមួយជាមួយនឹង អែលឌើរ រីឆាត ជី ស្កត នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៥ ] ទំព័រ ៣ si.lds.org) ។
តើខ្ញុំអាចសម្របសម្រួលមេរៀនទាំងឡាយ សម្រាប់អ្នកដែលពិការដោយរបៀបណា ?
នៅពេលអ្នករៀបចំបង្រៀន សូមចាំដល់សិស្សដែលមានតម្រូវការជាពិសេសផង ។ សូមកែសម្រួលសកម្មភាពនានា និងការរំពឹងទុកទាំងឡាយដើម្បីជួយពួកសិស្សឲ្យទទួលបានជោគជ័យ ។
សម្រាប់គំនិត និងធនធាននានាបន្ថែម សូមប្រឹក្សាក្នុងទំព័រ ធនធានជនពិការ( Disability Resources ) នៅគេហទំព័រ disabilities.lds.org និងសៀវភៅសិក្សានយោបាយថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា ផ្នែកដែលមានចំណងជើងថា Adapted Classes and Programs for Students with Disabilities » ។