មេរៀនទី ២៧
ការរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ
សេចក្តីផ្តើម
ព្រះអង្គសង្គ្រោះនឹងត្រឡប់មកកាន់ផែនដីដោយព្រះចេស្ដា និងសិរីល្អដ៏រុងរឿងនៅថ្ងៃណាមួយ ។ នៅក្នុងការត្រៀមខ្លួនសម្រាប់ថ្ងៃដ៏អស្ចារ្យនោះ ពួកបរិសុទ្ធត្រូវបានបង្រៀនឲ្យសិក្សាទីសម្គាល់នៃការយាងមករបស់ទ្រង់ និងត្រៀមខ្លួនជាស្រេច ដោយការឈរនៅក្នុងទីបរិសុទ្ធ និងការទទួលយក « ព្រះវិញ្ញាណបរិសុទ្ធទុកជាអ្នកណែនាំរបស់ខ្លួន » ( គ. និង ស. ៤៥:៥៧ ) ។ ព្រះអម្ចាស់បានប្រកាសថា សាសនាចក្រនេះ និងសមាជិកទាំងឡាយមានទំនួលខុសត្រូវដើម្បីរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
ការអានពីសាវតា
-
នែល អិល អាន់ឌើរសិន « Preparing the World for the Second Coming » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤៩–៥២ ។
-
ដាល្លិន អេក អូក « Preparation for the Second Coming » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧–១០ ។
-
« ការរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ » ជំពូកទី ៤៤ នៅក្នុងការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៩៩៨ ) ទំព័រ ៣៨៩–៩៧ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:១៥–៤៦, ៥៦–៥៧
ទីសម្គាល់ ដែលនឹងមកមុនការយាងមកជាលើកទីពីរ
សូមសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើអ្នកអាចប្រាប់ពីពេល ដែលអាចនឹងមានភ្លៀងធ្លាក់យ៉ាងដូចម្ដេច ?
សូមពន្យល់ថា ក៏ដូចជាឧបករណ៏ឧតុនិយម ដែលជួយយើងឲ្យដឹងថា ពេលណាភ្លៀងនឹងបង្អុរចុះមក នោះក៏មានការចង្អុលបង្ហាញ ឬទីសម្គាល់ ដែលជួយយើងឲ្យដឹងថា ពេលណាដែលការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ នឹងកើតឡើងផងដែរ ។ សូមប្រាប់សិស្សថា ដូចដែលបានកត់ត្រានៅក្នុង ម៉ាថាយ ២៤ ព្រះអង្គសង្គ្រោះបានជួបនឹងពួកសាវករបស់ទ្រង់នៅលើភ្នំអូលីវមួយភ្លែត មុនពេលការសុគតរបស់ទ្រង់ និងបានរៀបរាប់ទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ទ្រង់ ។ ទ្រង់បានមានបន្ទូលឡើងវិញពីការបង្រៀនទាំងនេះខ្លះទៅកាន់ យ៉ូសែប ស្ម៊ីធ នៅក្នុងជំនាន់របស់យើងដូចដែលត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ ។ សូមបញ្ជាក់ដល់សិស្សថា ការរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ គឺជាប្រធានបទមួយដ៏សំខាន់ពេញទាំងគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ។ នៅពេលពួកគេសិក្សាក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា សូមឲ្យសិស្សមានពេលកត់ចំណាំការបង្រៀនទាំងឡាយអំពីការយាងមកជាលើកទីពីរ និងសញ្ជឹងគិតពីរបៀបដែលពួកគេអាចរៀបចំសម្រាប់ការណ៍នេះ ។
សូមឲ្យសិស្សអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:១៥–១៧ ដោយរកមើលអ្វីដែលពួកសិស្សរបស់ព្រះអង្គសង្គ្រោះបានសួរទ្រង់ និងចម្លើយរបស់ទ្រង់ ។
-
តើពួកសិស្សបានសួរព្រះយេស៊ូវអ្វីខ្លះ ?
-
តើទ្រង់ឆ្លើយតបយ៉ាង ណា ?
ដើម្បីជួយសិស្សឲ្យរកមើលទីសម្គាល់ដែលនឹងមកមុនការយាងមកជាលើកទីពីរ សូមសរសេរសេចក្ដីយោងខាងក្រោមនៅលើក្ដារខៀន ៖
សូមបែងចែកសិស្សជាគូ ហើយចាត់តាំងគូនីមួយៗឲ្យអានវគ្គបទគម្ពីរមួយដែលសរសេរនៅលើក្ដារខៀន ។ សូមឲ្យពួកគេអានខគម្ពីររួមគ្នា ដោយរកមើលទីសម្គាល់ ដែលបានលើកឡើងនៅក្នុងខគម្ពីរទាំងនេះ ។ សូមបង្ហាញថា ទីសម្គាល់ខ្លះត្រូវបានបំពេញរួចហើយ ឬកំពុងស្ថិតនៅក្នុងដំណើរការនៃការបំពេញ ។ អ្នកអាចចែកចាយព័ត៌មានខាងក្រោមដែលទាក់ទងទៅនឹង ខ ៣០ ៖ « សម័យដែលពួកសាសន៍ដទៃមានអាទិភាពក្នុងការទទួលបានដំណឹងល្អត្រូវបានហៅថាជា ជំនាន់នៃពួកសាសន៍ដទៃ ។ នៅក្នុងជំនាន់នេះ ពួកមិនមែនជាសាសន៍យូដា … មានឱកាសដើម្បីទទួលយកដំណឹងល្អ និងទទួលបានសេចក្ដីសង្គ្រោះមុនពេលសិទ្ធិនោះត្រូវបានប្រទាន ទៅតាមកម្រិតពិសេសណាមួយ យ៉ាងហោចណាស់ចំពោះពួកសាសន៍យូដា » ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Mormon Doctrine ការបោះពុម្ពលើកទីពីរ [ ឆ្នាំ ១៩៩៦ ] ទំព័រ ៧២១–២២ ) ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យដៃគូរៀបរាប់ពីការរកឃើញរបស់គេដល់សិស្សក្នុងថ្នាក់ ។ អ្នកអាចផ្តល់ជាយោបល់ថា សិស្សគួរតែគូសចំណាំឃ្លានេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៣៤ ឮៗ ខណៈសិស្សក្នុងថ្នាក់ផ្ទៀងតាម ។ បន្ទាប់មក សូមសួរ ៖
-
នៅពេលអ្នកអាន ឬឮអំពីហេតុការណ៍ ឬទីសម្គាល់ដែលនឹងនាំមុខការយាងមកជាលើកទីពីរ តើអ្នកធ្លាប់មានបញ្ហាទេ ? ហេតុអ្វីមាន ឬហេតុអ្វីមិនមាន ?
-
តើការរៀនអំពីទីសម្គាល់នៃការយាងមកជាលើកទីពីរជួយយើងឲ្យយកឈ្នះការភ័យខ្លាច និងកំហឹងនៅក្នុងជីវិតរបស់យើងតាមរបៀបណាខ្លះ ?
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣៥-៣៨ ដោយស្ងាត់ស្ងៀម ដើម្បីរៀនពីមូលហេតុដែលព្រះអង្គសង្គ្រោះបានបង្ហាញទីសម្គាល់ ដែលនឹងមកមុនការយាងមកជាលើកទីពីរ ។
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីទទួលស្គាល់ នៅពេលទីសម្គាល់នៃការយាងមករបស់ព្រះអង្គសង្គ្រោះកំពុងត្រូវបានបំពេញ ?
សូមឲ្យសិស្សរកមើលរបៀបដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីរនៃព្រះគ្រីស្ទ នៅពេលពួកគេអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣២, ៣៩, ៥៦–៥៧ ។ បន្ទាប់មក សូមពិភាក្សាសំណួរខាងក្រោមនេះ ៖
-
តើអ្នករៀនអ្វីខ្លះពីខគម្ពីរទាំងនេះអំពីរបៀបដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីរ ? ( នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមបញ្ជាក់ពីគោលការណ៍តទៅនេះ ៖ ការឈរនៅក្នុងទីបរិសុទ្ធ និងការយកព្រះវិញ្ញាណបរិសុទ្ធជាអ្នកណែនាំខ្លួនរបស់យើងគឺជាការណ៍ដ៏សំខាន់មួយ នៅពេលយើងរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ) ។
-
តើយើងត្រូវធ្វើអ្វីខ្លះដើម្បីមានព្រះវិញ្ញាណបរិសុទ្ធជាអ្នកណែនាំខ្លួនរបស់យើង ?
-
តើអ្នកគិតថា អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ អាច « ឈរនៅក្នុងទីបរិសុទ្ធ » យ៉ាងដូចម្ដេច ? ( ទីបរិសុទ្ធរួមមានព្រះវិហារបរិសុទ្ធ សាលាជំនុំ និងផ្ទះ ។ ផ្ទះអាចធ្វើឲ្យទៅជាបរិសុទ្ធ តាមរយៈការអធិស្ឋានផ្ទាល់ខ្លួន និងជាគ្រួសារយ៉ាងខ្ជាប់ខ្ជួន ការសិក្សាព្រះគម្ពីរ ការបម្រើ និងរាត្រីជួបជុំក្រុមគ្រួសារ ។ ការឈរនៅក្នុងទីបរិសុទ្ធ ក៏ជារបៀបមួយដែលយើងរស់នៅផងដែរ ។ ប្រសិនបើយើងរស់នៅដោយសា្អតស្អំដោយមានដៃគូជាព្រះវិញ្ញាណបរិសុទ្ធឥតដាច់នោះ យើងនឹងឈរនៅក្នុងទីបរិសុទ្ធមួយហើយ ។ សូមពិចារណាអំពីការស្នើឲ្យសិស្សសរសេរគំនិតទាំងនេះនៅគែមទំព័រនៃព្រះគម្ពីររបស់គេក្បែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៣២ ) ។
-
តើអ្នកអាចឈរនៅក្នុងទីបរិសុទ្ធ ទោះបីជារស់នៅក្នុងពិភពលោកដ៏ទុច្ចរិតមួយដោយរបៀបណា ?
-
តើមានហេតុផលណាខ្លះ ដែលធ្វើឲ្យអ្នកទន្ទឹងចាំការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ? ហេតុអ្វីបានជាអ្នកមានអំណរថា ព្រះអង្គសង្គ្រោះនឹងយាងមកម្ដងទៀត ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៧–៩; ៣៤:៥–៧; ៣៩:១៩–២៣
ការរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីរ
សូមរំឭកសិស្សថា ចំណងជើងនៃវគ្គសិក្សានេះគឺ មូលដ្ឋានគ្រឹះនៃការស្ដារឡើងវិញ ។ សូមសួរសិស្ស ៖
-
តើការទាក់ទង ឬទំនាក់ទំនងអ្វីដែលអ្នកឃើញរវាងការស្ដារឡើងវិញនៃដំណឹងល្អ និងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ?
សូមសរសេរសេចក្ដីយោងខាងក្រោមនេះនៅលើ ក្ដារខៀន ។ សូមឲ្យសិស្សសិក្សាវាដោយរកមើលប្រធានបទរួមគ្នា ៖
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សបែរទៅរកអ្នកដែលអង្គុយនៅជិតពួកគេ ហើយពិភាក្សាពីអ្វីដែលវគ្គគម្ពីរទាំងនេះមានជារួម ។ សូមសួរសិស្សពីរបីនាក់ពីរបៀបដែលគេនឹងសង្ខេបសារលិខិតនៅក្នុងគម្ពីរទាំងនេះ ។ ( នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមជួយពួកគេឲ្យរកឃើញ និងយល់ពីគោលការណ៍នេះ ៖ នៅពេលយើងផ្សាយដំណឹងល្អដល់អ្នកដទៃ នោះយើងកំពុងជួយរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទហើយ ) ។
សូមឲ្យសិស្សមើលត្រឡប់ទៅ កណ្ឌទី ២៩ ,៣៤ និង ៣៩ នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា និងកត់ចំណាំពីកាលបរិច្ឆេទ ដែលវិវរណៈត្រូវបានប្រទាន ។ សូមសួរ ៖
-
តើវាលឿនប៉ុណ្ណា ក្រោយពីសាសនាចក្រត្រូវបានរៀបចំ ដែលព្រះអម្ចាស់បានចាប់ផ្ដើមបង្រៀនពីគោលការណ៍ដែលទើបតែបានរកឃើញនេះ ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ចាប់ពីជំនាន់ដើមនៃការស្ដារឡើងវិញមក បងប្អូនប្រុសទាំងឡាយបានម៉ឺងម៉ាត់ជាខ្លាំងក្នុងការទទួលបន្ទុករបស់គេដើម្បីប្រកាសដំណឹងល្អ ។ នៅក្នុងឆ្នាំ ១៨៣៧ តែរយៈពេលប្រាំពីរឆ្នាំ បន្ទាប់ពីការរៀបចំសាសនាចក្រឡើង គឺពេលមួយនៃភាពក្រីក្រ និងការបៀតបៀន នោះមានអ្នកផ្សព្វផ្សាយសាសនាជាច្រើនត្រូវបានបញ្ជូនទៅបង្រៀនដំណឹងល្អនៅក្នុងប្រទេសអង់គ្លេស ។ នៅក្នុងរយៈពេលពីរបីឆ្នាំក្រោយមក អ្នកផ្សព្វផ្សាយសាសនាជាច្រើនបានផ្សាយនៅក្នុងកន្លែងផ្សេងៗគ្នាជាច្រើនដូចជា ប្រទេសអូទ្រីស បារាំង ប៉ូលីនេស៊ី ឥណ្ឌា បាបាឌូ ឈីលី និងប្រទេសចិន ។
ព្រះអម្ចាស់បានប្រទានពរដល់កិច្ចការនេះ ហើយសាសនាចក្រត្រូវបានស្ថាបនាឡើងទូទាំងពិភពលោក ។ … អ្នកផ្សព្វផ្សាយសាសនាដ៏សុចរិត ដែលថ្លែងទីបន្ទាល់ពីព្រះអង្គសង្គ្រោះមាននៅពេញពិភពលោក ។ សូមគិតពីព្រះចេស្ដាខាងវិញ្ញាណនៃអ្នកផ្សព្វផ្សាយសាសនាចំនួន ៥២,០០០ នាក់ ដែលបានប្រសិទ្ធពរដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ដែលប្រកាសដោយម៉ឺងម៉ាត់ថា « ពុំមាននាមណាមួយ ឬផ្លូវ ឬក៏មធ្យោបាយឯណាទៀតឡើយ ដែលអាចនាំសេចក្តីសង្គ្រោះមកឲ្យកូនចៅ មនុស្ស … មានតែមធ្យោបាយមួយប៉ុណ្ណោះ គឺតាមរយៈព្រះនាមនៃព្រះគ្រីស្ទ » [ ម៉ូសាយ ៣:១៧ ] ។ … ពិភពលោកកំពុងត្រូវបានរៀបចំសម្រាប់ការយាង មកជា លើក ទីពីររបស់ព្រះអង្គសង្គ្រោះនៅក្នុងទំហំដ៏ធំមួយ ដោយសារ តែកិច្ចការរបស់ព្រះអម្ចាស់ តាមរយៈអ្នក ផ្សព្វផ្សាយសាសនារបស់ទ្រង់ » ( « Preparing the World for the Second Coming, »EnsignឬLiahonaខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៥១ ) ។
សូមពិភាក្សាសំណួរខាងក្រោមនេះ ៖
-
តើសារលិខិតនេះ ដែលត្រូវបានបង្រៀនដោយអ្នកផ្សព្វផ្សាយសាសនារបស់សាសនាចក្រនេះ រៀបចំមនុស្សសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
ហេតុអ្វីបានជាការស្ដារឡើងវិញនៃដំណឹងល្អចាំបាច់ មុនពេលព្រះអង្គសង្គ្រោះនឹងយាងមកផែនដីម្ដងទៀត ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ដំណឹងល្អបង្រៀនមនុស្សឲ្យបន្ទាបខ្លួន ស្មោះត្រង់ ទៀងត្រង់ និងសុចរិត នៅចំពោះព្រះអម្ចាស់ ហើយជាមួយគ្នាទៅវិញទៅមក និងនៅក្នុងចំណែកនៃគោលការណ៍នេះត្រូវបានអនុវត្ត ដើម្បីឲ្យមានសេចក្ដីសុខសាន្ដ និងសេចក្ដីសុចរិតឡើង និងត្រូបានស្ថាបនានៅលើផែនដីនេះ ហើយអំពើបាប ការទាស់ទែងគ្នា ការបង្ហូរឈាម និងការពុករលួយនៃការណ៍គ្រប់ប្រភេទទាំងអស់នឹងត្រូវឈប់មាន ហើយផែនដីនឹងទៅជាបរិសុទ្ធ និងធ្វើឲ្យវាមាំស្របតាមអង្គស្ថានសួគ៌ ហើយដោយសារព្រះអម្ចាស់ ជាព្រះរបស់យើងនឹងមក ហើយគង់នៅលើផែនដីនេះ ដែលទ្រង់នឹងធ្វើដូច្នោះអំឡុងពេលសហសវត្សរ៍ » ( Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ], ទំរ ៣៩៤–៩៥ ) ។
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ … ចាត់ទុកវាជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួន ដើម្បីរៀបចំផ្លូវសម្រាប់ការយាងមកដ៏ទៀងត្រង់ និងដ៏រុងរឿងរបស់ព្រះរាជបុត្រានៃព្រះមកកាន់ផែនដីផែនដីនេះ ដើម្បីសោយរាជ្យ និងរស់នៅជាមួយនឹងរាស្ដ្ររបស់ទ្រង់ » ( Teachings: Joseph F. Smith, ទំព័រ ៣៩៥ ) ។
សូមសួរសំណួរខាងក្រោមនេះ ៖
-
អំឡុងពេលវគ្គនៃមេរៀននេះ តើគំនិត ឬការបំផុសខាងវិញ្ញាណអ្វីខ្លះ ដែលអ្នកបានមានអំពីការទទួលខុសត្រូវនៃសាសនាចក្រ និងសមាជិកទាំងឡាយដើម្បីជួយរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីរ ?
-
តើអ្នកគិតថា ការជួយអ្នកដទៃឲ្យរៀបចំសម្រាប់ការយាងមកជាលើកទីពីរ នឹងជួយអ្នកឲ្យរៀបចំដូចគ្នាដោយរបៀបណា ?
ដើម្បីបញ្ចប់មេរៀននេះ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានធ្វើដើម្បីចែកចាយសារលិខិតនៃការស្ដារឡើងវិញនេះជាមួយនឹងអ្នកដែលមិនមានជំនឿដូចយើង ។
ការអានរបស់សិស្ស
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៧–៩; ៣៤:៥–៧; ៣៩:១៩–២៣; ៤៥:១៥–៤៦, ៥៦–៥៧; ៨៨:៨១–៨៧ ។
-
នែល អិល អាន់ឌើរសិន « Preparing the World for the Second Coming » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤៩–៥២ ។