បណ្ណាល័យ
មេរៀន​ទី ៦ ៖ ការរៀបចំ​សាសនាចក្រ


មេរៀន​ទី ៦

ការរៀបចំ​សាសនាចក្រ

សេចក្តីផ្តើម

នៅក្នុង​វិវរណៈ​មួយ​ទៅកាន់​ព្យាការី​យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​បញ្ជា​ថា សាសនាចក្រ​របស់​ទ្រង់​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ( សូមមើល គ. និង ស. ២០ ក្បាល​ជំពូក​; គ. និង ស. ២០:១) ។ វិវរណៈ​នេះ​ក៏​បាន​ប្រទាន​ដល់​សមាជិក​នូវ​ការយល់​ដឹង​ដ៏​ប្រសើរ​អំពី​បេសកកម្ម និង ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅ​ក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ព្រះអម្ចាស់​បាន​ឃើញ​ពី​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​ថា​ជា « សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​នៅ​លើ​ផ្ទៃ​ផែនដី​ទាំង​មូល » ដែល​គូស​បញ្ជាក់​អំពី​តួនាទី​សំខាន់​នៃ​សាសនាចក្រ​នៅ​ថ្ងៃ​ចុងក្រោយ និង ជីវិត​របស់​យើង ។

ការអាន​ពី​សាវតា

  • ហិនរី ប៊ី អាវរិង « សាសនាចក្រ​ពិត ហើយ​សកម្ម » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២០–២៤ ។

  • « Organization of the Church of Jesus Christ » ជំពូក ៦ នៅ​ក្នុង Church History in the Fulness of Times Student Manual, ការបោះពុម្ព​ទី ២ ( Church Educational System manual, ឆ្នាំ ២០០៣ ) ទំព័រ ៦៧–៦៨ ។

  • ប៊យដ៍ ឃេ ផាកកឺ « The Only True Church » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៨០–៨៣ ។

  • ជែហ្វ្រី ជី ខាណុន “‘Build Up My Church’: D&C 18, 20, 21, 22,” វិវរណៈ​នៅ​ក្នុង​បរិបទ​ដែល​មាន​ជា​បន្តបន្ទាប់ ថ្ងៃ​ទី ៣ ខែ មករា ឆ្នាំ ២០១៣ history.lds.org ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១-៣

ការស្តារ​ឡើង​វិញ​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ចាប់​ផ្តើម​មេរៀន​ដោយ​សូម​សិស្ស​ឲ្យ​ពិពណ៌នា​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​សាសនាចក្រ​ដែល​បាន​ស្ថាបនា​ដោយ​ព្រះយេស៊ូវគ្រីស្ទ​អំឡុង​ពេល​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ បន្ទាប់​មក​សូម​សួរ ៖

  • តើ​យើង​ជឿ​ថា​អ្វី​ខ្លះ​បាន​កើត​ឡើង​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ បន្ទាប់​ពី​មរណៈភាព​របស់​ពួកសាវក​នោះ ?

  • តើ​ការណ៍​នេះ​ពន្យល់​ពី​សេចក្តី​ត្រូវការ​សម្រាប់​ការស្តារឡើង​វិញ​របស់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ស្តាប់​រក​មើល​ថា ការរៀបចំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ស្តារ​ឡើងវិញ​ដោយ​របៀបណា នូវ​លក្ខណៈ​ពិសេស​នៃ​សាសនាចក្រ​ដែល​បាន​ស្ថាបនា​ដោយ​ព្រះគ្រីស្ទ​នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

« នៅ​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៣០ គឺ​ដប់​មួយ​ថ្ងៃ​បន្ទាប់​ពី​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​ចុះ​ផ្សាយ​សម្រាប់​លក់ មនុស្ស​ម្នា​មួយ​ក្រុម​ប្រហែល​ជា ៦០ នាក់​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស វីតមើរ ស៊ីញ្ញ័រ នៅ​ភូមិ ហ្វាយែត រដ្ឋ នូវ យ៉ោក ។ នៅ​ទី​នោះ ​យ៉ូសែប ស្ម៊ីធ​ បាន​រៀបចំ​សាសនាចក្រ ដែល​ក្រោយ​មក​ត្រូវ​បាន​រៀបចំ​ដោយ​វិវរណៈ​ថា​ជា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( សូមមើល គ. និង ស. ១១៥:៤) ។ វា​គឺ​ជា​ពេលវេលា​ដ៏​រីករាយ​មួយ ជាមួយ​នឹង​ការចាក់​ស្រោច​ព្រះវិញ្ញាណ​ដ៏​ច្រើន​លើស​លប់ ។ ពិធីសាក្រាម៉ង់​បាន​បម្រើ អ្នក​ដែល​ជឿ​បាន​ជ្រមុជ​ទឹក អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ប្រគល់​ឲ្យ ហើយ​បុរស​នានា​ត្រូវ​បាន​តែងតាំង​បព្វជិតភាព​ឲ្យ ។ នៅ​ក្នុង​វិវរណៈ​ដែល​ទទួល​បាន​អំឡុង​ការប្រជុំ នោះព្រះអម្ចាស់​បាន​តែងតាំង​យ៉ូសែប ស្ម៊ីធ ជា​អ្នក​ដឹកនាំ​សាសនាចក្រ ៖ ‹ ជា​អ្នក​មើល​ឆុត ជា​អ្នក​បកប្រែ ជា​ព្យាការី ជា​សាវក​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​អែលឌើរ​នៃ​សាសនាចក្រ​តាមព្រះហឫទ័យ​នៃ​ព្រះ​ដ៏​ជា​ព្រះវរបិតា និង ព្រះគុណ​នៃ​ព្រះអម្ចាស់​របស់​អ្នក ដ៏​ជា​ព្រះ​យេស៊ូវគ្រីស្ទ › (គ. និង ស. ២១:១) ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ស្ថាបនា​ឡើង​វិញ​ម្តង​ទៀត​នៅ​លើ​ផែនដី​នេះ » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ], ទំព័រ ៨–៩) ។

សូម​ឲ្យ​សិស្ស​ពិព៌ណនា​អំពី​លក្ខណៈ​ពិសេស​មួយ​ចំនួន​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ស្រដៀង​នឹង​អស់​ទាំង​សាសនាចក្រ​នៅ​ជំនាន់​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។

សូម​ពន្យល់​ថា នៅពេល​អាន​ចេញ​ពី​គោលលទ្ធិ និង សេចក្ដី​សញ្ញា វា​អាច​មាន​ប្រយោជន៍​ដើម្បី​អាន​ក្បាល​ជំពូក ។ ការធ្វើ​ដូច្នេះ​ជួយ​បង្កើត​បរិបទ​ប្រវត្តិសាស្តរ​អំពី​វិវរណៈ​នេះ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ក្បាល​កណ្ឌ​នៃ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០ឲ្យ​ឮៗ ។ ( អ្នក​អាច​ចង្អុល​បង្ហាញ​ថា នៅ​ក្នុង​ការបោះ​ពុម្ព​ឆ្នាំ ២០១៣ នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ព័ត៌មាន​ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ដែល​មិន​រួម​មាន​នៅ​ក្នុង​ការបោះ​ពុម្ព​ឆ្នាំ ១៩៨១ នោះ​ត្រូវ​បាន​បន្ថែម​ទៅលើ​ក្បាល​កណ្ឌ ) ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១–៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការយល់​ដឹង​នានា​អំពី​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ។ សូម​សួរ ៖

  • តើ​សេចក្ដីពិត​ស្ដីអំពី​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​អ្វីខ្លះ​ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ? ( សេចក្តី​ពិត​មួយ ដែល​សិស្ស​រកឃើញ​នោះ​គឺ​ថា យ៉ូសែប ស៊្មីធ ត្រូវ​បាន​ហៅ​ពីព្រះ ហើយ​បាន​បញ្ជា​ឲ្យ​រៀបចំ​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ) ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« យ៉ូសែប ស៊្មីធ និង អស់​ទាំង​សហការី​របស់​លោក​បាន​ជួប​នៅ​ក្នុង​ផ្ទះ​ដែល​ពិបាក​មើល​ឃើញ នៅ​កសិដ្ឋាន​របស់ ពេត្រុស វីតមើរ នៅ​ក្នុង​ភូមិ ហ្វាយែត រដ្ឋ នូវ យ៉ោក ដ៏​ស្ងាត់ ហើយ​បាន​រៀបចំ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។ …

« ចាប់តាំង​ពី​មាន​សមាជិក​ដំបូង​តែ​ប្រាំ​មួយ​នាក់ បាន​បន្ត​រីកចម្រើន​ទៅ​ជា​គ្រួសារ​អ្នក​ថ្វាយ​បង្គំ​មួយ​ដ៏​ធំ​អស្ចារ្យ ។ …ចេញ​ពី​ភូមិ​ដ៏​ស្ងាត់​នោះ បាន​បន្ត​រីកចម្រើន​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដោយ​សាយភាយ​ទូទាំង ១៦០ ជាតិសាសន៍​នៃ​ផែនដី ។ …នោះ​គឺ​ជា​ការអភិវឌ្ឍន៍​មួយ​ដ៏​មហិមា ។ សមាជិក​ជា​ច្រើន​នៃ​សាសនាចក្រ​រស់នៅ​ក្រៅ​ជាតិសាសន៍​នេះ ។ នោះ​ក៏​ជា​ការអភិវឌ្ឍន៍​មួយ​ដ៏​មហិមា​ផងដែរ ។ គ្មាន​សាសនាចក្រ​ដែល​ចេញ​មក​ពី​ធូលី​ដី​នៃ​ទ្វីប​អាមេរិក​បាន​រីកចម្រើន​យ៉ាង​ខ្លាំង និង ទូលំទូលាយ​ដូច​នេះ​ឡើយ ។ … វា​គឺ​ជា​អព្ភូតហេតុ​មួយ​ដែល​ពុំធ្លាប់​មាន​ពី​មុន » (« The Church Goes Forward » Ensign, ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៤ ) ។

  • តើ​មាន​អ្វីអស្ចារ្យ​ចំពោះ​អ្នក​អំពី​ការរីកចម្រើន​យ៉ាង​រហ័ស​នៃ​សាសនាចក្រ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ?

  • តើ​យើង​ម្នាក់ៗ​អាច​ជួយ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ឲ្យ​បន្ដ​រីកចម្រើន នៅ​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១៧–៣៧, ៦៨–៦៩

គោលលទ្ធិ​នៃ​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​កាតព្វកិច្ច​របស់​សមាជិក​ដែល​បាន​ជ្រមុជ​ទឹក​ហើយ

សូម​ពន្យល់​ថា កណ្ឌ ២០ នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ត្រូវ​បាន​ស្គាល់​ដោយ​សមាជិក​សាសនាចក្រ​ពី​ដើម​ថា​ជា​មាត្រា និង សេចក្តី​សញ្ញា​នៃ​សាសនាចក្រ ។ កណ្ឌ​នេះ​មាន​នូវ​ការណែនាំ​ជា​ច្រើន​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​គោលលទ្ធិ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង កាតព្វកិច្ច​នៃ​សមាជិក​របស់​សាសនាចក្រ​នេះ ។ វិវរណៈ​ត្រូវ​បាន​អាន​ជា​ច្រើនដង​ឮៗ​នៅ​ក្នុង​សន្និសីទ​សាសនាចក្រ​កាល​ពី​ពេល​មុនៗ ។

សូម​ឲ្យ​សិស្ស​ស្រមៃ​ថា​ពួកគេ​គឺ​ជា​សមាជិក​ថ្មី​នៃ​សាសនាចក្រ​នៅ​ក្នុង​ឆ្នាំ ១៨៣០ ហើយ​កំពុង​ចង់​ដឹង​ថា​តើ​ពួកគេ​គួរ​ជឿ​លើ​អ្វី​ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០:១៧–​២៨ ហើយ​សុំ​ឲ្យ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ទៀត​អាន ខ ២៩–៣៦ដោយ​ស្ងាត់ស្ងៀម រកមើល​គោលលទ្ធិ​ដែល​សំខាន់​សម្រាប់​សមាជិក​គ្រប់រូប​នៃ​សាសនា​របស់​ព្រះអម្ចាស់​ដែល​បាន​ស្តារ​ឡើង​វិញ​នេះ​ត្រូវ​ដឹង ។ អ្នក​អាច​ស្នើ​ថា ពួកគេ​គួរ​គូស​ចំណាំ​អ្វី​ដែល ពួកគេ​រកឃើញ ។

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​សេចក្តី​ពិត​ដែល​ពួកគេ​រកឃើញ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​សេចក្តី​ពិត​និមួយៗ​សំខាន់​ចំពោះ​ពួកគេ ។ សូម​សរសេរ​សេចក្តី​ពិត​ដូច​ខាង​ក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​បាន​បញ្ជាក់​ច្បាស់​ថា តាមរយៈ​វិវរណៈ​នោះ​គោលលទ្ធិ និង គោលការណ៍​នៃ​ដំណឹង​ល្អ​របស់​ទ្រង់​ត្រូវ​បាន​ស្ថាបនា​ឡើយ ។

សូម​ពិចារណា​ឲ្យ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៧ដោយ​រក​មើល​តម្រូវ​ការ​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​បំណង​ប្រាថ្នា​ដើម្បី​ជ្រមុជ​ទឹក ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៦៨-៦៩រកមើល​អ្វី​ដែល​ព្រះអម្ចាស់​រំពឹង​ពី​យើង​បន្ទាប់​ពី​យើង​ជ្រមុជ​ទឹក​ហើយ ។ សូម​ចង្អុល​បង្ហាញ​ថា​សេចក្តី​ណែនាំ​ដែល​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ បាន​បង្កើត​ជា​គំរូ​មួយ​យ៉ាង​ច្បាស់​សម្រាប់​សមាជិក​សាសនាចក្រ​ឲ្យ​ធ្វើ​តាម ។

សូម​ពិភាក្សា​សំណួរ​ខាងក្រោមនេះ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ៖

  • តើ​មនុស្ស​ម្នាក់​ត្រូវ​បង្ហាញ​អ្វី​ខ្លះ មុនពេល​ពួកគេ​អាច​ទទួល​បាន​ជ្រមុជ​ទឹក ? ( សិស្ស​គួរតែ​រកឃើញ​ចំណុច​ដូច​ខាង​ក្រោម​នេះ ៖ មុន​ពេល​មនុស្ស​ម្នាក់​អាច​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​ពួកគេ​ត្រូវ​តែ​បន្ទាប​ខ្លួន ប្រែចិត្ត ស្ម័គ្រចិត្ត​ដើម្បី​លើក​ដាក់លើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​តាំងចិត្ត​ដើម្បី​បម្រើ​ទ្រង់​រហូត​ដល់​ទីបំផុត) ។

  • តើ​ព្រះអម្ចាស់​រំពឹង​អ្វីខ្លះ​ពី​យើង​បន្ទាប់​ពី​យើង​ជ្រមុជ​ទឹក​ហើយ​នោះ ? ( ចម្លើយ​របស់​សិស្ស​អាច​នឹង​មាន​ផ្សេងៗ ប៉ុន្ដែ​ពួកគេ​គួរ​តែ​រកឃើញ​សេចក្តី​ពិត​ខាង​ក្រោម​នេះ ៖ បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក យើង​បង្ហាញ​ដល់​ព្រះអម្ចាស់​នូវភាព​សក្ដិសម​របស់​យើង ដោយ​ដំណើរ និង​វាចា​ដ៏​សុចរិត​របស់​យើង) ។

  • តើ​អ្នកគិត​ថា​វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី « បង្ហាញ​ពី… ដំណើរ និង​វាចា​ដ៏​សុចរិត » នោះ ? ( គ. និង ស. ២០:៦៩) ។

  • ហេតុអ្វី​បាន​ជា​ពរជ័យ​អាច​ត្រូវ​បាន​ប្រទាន​ដល់​សមាជិក​នៃ​សាសនាចក្រ​ដែល « ដើរ​ក្នុង​បរិសុទ្ធភាព​នៅ​ចំពោះ​ព្រះអម្ចាស់ ? » ( គ និង ស ២០:៦៩) ។

បើសិន​មាន​ពេល អ្នក​អាច​ចង្អុល​បង្ហាញ​សិស្ស​ថា គោលលទ្ធិ និង ការអនុវត្ត​សាសនាចក្រ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០ ត្រូវ​បាន​ពិព៌ណនា​ផងដែរ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ដោយ​ជួយ​យើង​ឲ្យ​យល់​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ចាក់គ្រឹះ​ដូច​គ្នា​នៅ​គ្រប់​សម័យ​កាន់កាប់​ត្រួតត្រា​ទាំងអស់ ។ ឧទាហរណ៍ គោលលទ្ធិ​ដែល​បាន​ពិព៌ណនា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១៧-៣៦ ក៏​បាន​ពិព៌ណនា​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ផងដែរ ។ ស្រដៀង​គ្នា​នេះ​ដែរ ពិធីបរិសុទ្ធ និង ការអនុវត្តនានា​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៣–៨០ ក៏​បាន​កត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ផងដែរ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១:៣០

« សាសនាចក្រ​តែមួយ​ដែលពិត ហើយ​សកម្ម »

សូម​ពន្យល់​ថា​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ជឿ​ថា សាសនាចក្រ​ទាំងអស់​ពិត ហើយ​មាន​សទ្ធិ​ស្មើ​គ្នា​នៅ​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​មួយ​ឆ្នាំ​កន្លះ​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​រៀបចំ​ឡើង​វិញ នោះ​ព្រះអម្ចាស់​បាន​ផ្តល់​ការពិព៌ណនា​ដ៏​សំខាន់​មួយ​អំពី​សាសនាចក្រ ។ សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣០ ដោយ​ស្ងាត់ស្ងៀម ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​សាសនាចក្រ​ដែល​បាន​ស្តារឡើង​វិញ​យ៉ាង​ដូចម្ដេច ? ( សិស្ស​គួរតែ​បង្ហាញ​សេចក្តី​ពិត​ខាង​ក្រោម​នេះ ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា​សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​នៅ​លើ​ផ្ទៃ​ផែន​នេះ) ។

  • តើ​វា​មានន័យ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា « សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម » នៅ​លើ​ផ្ទៃ​ផែន​នេះ ? ( មុនពេល​សិស្ស​ឆ្លើយ អ្នក​អាច​ចង់​រំឭក​ពួកគេ​ថា​គោលលទ្ធិ​នេះ​គ្មាន​បំណង​ថា យើង​គួរតែ​មាន​អារម្មណ៍​ថា​ល្អជាង​គេ​ឡើយ ) ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទី​មួយ និង អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។ សូម​ឲ្យ​សិស្ស​ដែល​នៅ​សល់​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​មូលហេតុ​ដែល​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​បាន​ចាត់ទុក​ថា​ជា « សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម » ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« នេះគឺ​ជា​សាសនាចក្រ​ពិត គឺ​ជា​សាសានាចក្រ​ពិត​តែ​មួយ​គត់ ដោយសារ​នៅ​ក្នុង​សាសនាចក្រ​នេះ​មាន​កូនសោ​បព្វជិតភាព ។ មាន​តែ​នៅ​ក្នុង​សាសនាចក្រ​នេះ​ប៉ុណ្ណោះ​ដែល​ព្រះចេស្តា​របស់​ព្រះអម្ចាស់​គង់​នៅ ដើម្បី​ផ្សារភ្ជាប់​នៅ​ក្នុង​សា្ថនសួគ៌​ដូច​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ក្នុង​សម័យ​សាវក​ពេត្រុស ។ កូនសោ​ទាំង​នោះ​ត្រូវ​បាន​ស្តារ​ឲ្យ​ដល់​ព្យាការី​ យ៉ូសែប ស្ម៊ីធ ​ឡើងវិញ ដែល​ក្រោយ​មក​ត្រូវ​បាន​អនុញ្ញាត​ប្រគល់​កូនសោ​ទាំង​នោះ​ដល់​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ » ( ហិនរី ប៊ី អាវរិង « The True and Living Church » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២០ ) ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« ព្រះអម្ចាស់​បាន​ប្រកាស​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា ‹ សាសនា​ចក្រ​តែ​មួយ​ដែលពិត ហើយ​សកម្ម​នៅ​លើ​ផ្ទៃ​ផែន​ដីទាំង​មូល › (គ. និង ស. ១:៣០) ។ សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​នេះ គឺ​ពិត ព្រោះ​វា​ជា​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ដ្បិត​ទ្រង់​ជា ‹ ផ្លូវ ជា​សេចក្ដីពិត ហើយ​ជា​ជីវិត › (យ៉ូហាន ១៤:៦) ។ ហើយ​វា​ជា​សាសនាចក្រ​សកម្ម​ដោយ​សារ​តែ​កិច្ចការ និង អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ដាវីឌ អេ បែដណា « Receive the Holy Ghost » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៧ ) 

  • តើ​សេចក្តី​ពិត​ដែល​បាន​រកឃើញ​ដោយ​ប្រធាន អាវរិង និង អែលឌើរ បែដណា ធ្វើ​ឲ្យ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ផ្សេង​ពី​គ្រប់​ព្រះវិហារ​ទាំងអស់​ទៀត​លើ​ផែនដី​នេះ​ដោយ​របៀប​ណា ? ( វា​ជា​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ សាសនាចក្រ​នេះ​មាន​កិច្ចការ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង កូនសោ​នៃ​បព្វជិតភាព ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​ឲ្យ​សរសេរ​គំនិត​មួយ​ចំនួន​នេះ នៅក្នុង​គែម​គម្ពីរ​ពួកគេ​ជិត​នឹង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣០) ។

សូម​ពន្យល់​ថា​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ដកស្រង់​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ បន្ទាប់​មក​ពន្យល់​ពី​មូលហេតុ​នៃ​ការពិព៌ណនា​ដ៏​ទេវភាព​អំពី​សាសនាចក្រ​ថា​វា​សំខាន់​ប៉ុណ្ណា ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ផាកកឺ ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« បើ​អ្នក​បរាជ័យ​លើ​គោលលទ្ធិ​នេះ​នោះ​អ្នក​មិន​អាច​បង្ហាញ​ភស្តុតាង​ត្រឹមត្រូវ​ពី​ការស្តារ​ឡើង​វិញ​ឡើយ ។ …

« យើង​មិន​ច្នៃប្រឌិត​គោលលទ្ធិ​នៃ​សាសានាសចក្រ​មួយ​ដ៏​ពិត​នោះ​ឡើយ ។ វា​មក​ពី​ព្រះ​អម្ចាស់ ។ មិនថា​ការយល់​ដឹង​របស់​មនុស្ស​ដទៃ​ចំពោះ​យើង​យ៉ាង​ណា​នោះ​ទេ ទោះ​ជា​អាកប្បកិរិយា​ក្រអឺតក្រទម​ដែល​យើង​ហាក់ដូច​ជា​មាន​យ៉ាង​ណា​ក្តី ទោះ​ជា​ការរិះគន់​ត្រូវ​បាន​ថា​ចំៗ​ដល់​យើង​ក្តី យើង​ត្រូវតែ​បង្រៀន​គោលលទ្ធិ​នេះ​ទៅ​ដល់​មនុស្ស​ទាំងអស់​ដែល​នឹង​ស្តាប់​វា ។ …

« យើង​មិន​បាន​ប្រកាស​ថា​ព្រះវិហារ​ផ្សេង​ទៀត​គ្មាន​សេចក្តី​ពិត​នោះ​ទេ ។ ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​ពួកគេ​ថា « ទម្រង់​មួយ​នៃ​ភាព​ជាព្រះ » ។ ការប្រែចិត្ត​ជឿ​មក​សាសនាចក្រ​អាច​នាំ​ពួកគេ​ឲ្យ​ទទួល​បាន​សេចក្តីពិត​ទាំងអស់​ដែល​ពួកគេ​មាន ហើយ​ទទួល​បាន​សេចក្តីពិត​ថែម​ទៀត » (« The Only True Church » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៨២ ) ។

  • តើ​គោលលទ្ធិ​នេះ​បាន​បញ្ជាក់​ពី​ភាពចាំបាច់​សម្រាប់​ការស្ដារ​ឡើង​វិញ​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​អាច​ដឹង​ដោយ​ខ្លួន​ឯង​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា​សាសនាចក្រ​ពិត ។

ការអាន​របស់​សិស្ស

បោះពុម្ព