មេរៀនទី ២២
ទុក្ករកម្មនៃព្យាការី យ៉ូសែប ស្ម៊ីធ
សេចក្តីផ្តើម
អ្នកប្រឆាំងនៅក្នុងសាសនាចក្រ និងបក្សប្រឆាំងនៅខាងក្រៅសាសនាចក្របាននាំមកនូវទុក្ករកម្មនៃព្យាការី យ៉ូសែប ស្ម៊ីធ និងបងប្រុសរបស់លោក គឺ ហៃរ៉ុម ស្ម៊ីធ ។ សេចក្ដីស្លាប់របស់ពួកលោកបានបន្ថែមជាការបិទត្រាដ៏មានអំណាចមួយដល់ទីបន្ទាល់របស់ពួកលោកអំពីព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្ដីសញ្ញា និងដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សាមួយអំពីជីវិត និងទុក្ករកម្មដល់ព្យាការី យ៉ូសែប ស្ម៊ីធ នឹងជួយដល់សិស្សឲ្យពិចារណាពីពរជ័យជាច្រើនដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ តាមរយៈការបម្រើរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ដែលតាមរយៈលោក នោះទ្រង់បានស្ដារដំណឹងល្អរបស់ទ្រង់នៅថ្ងៃចុងក្រោយឡើងវិញ ។
ការអានពីសាវតា
-
ថូម៉ាស អេស ម៉នសុន « The Prophet Joseph Smith: Teacher by Example » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៦៧–៧០ ។
-
« The Martyrdom » ជំពូកទី ២២ នៅក្នុង Church History in the Fulness of Times Student Manual, បានកែសម្រួលលើកទីពីរ ( Church Educational System manual ឆ្នាំ ២០០៣ ) ទំព័រ ២៧៣–៨៥ ។
-
« The Martyrdom: The Prophet Seals His Testimony with His Blood » ជំពូកទី ៤៦ នៅក្នុងការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៥២៩–៤០ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៤–៥; ១៣៦:៣៦–៣៩
សត្រូវទាំងអស់បានស្វែងសម្លាប់ យ៉ូសែប ស្ម៊ីធ
សូមបង្ហាញ រូបភាព មួយនៃគុកកាតធេច ។ សូមពន្យល់ដល់សិស្សថានៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ព្យាការី យ៉ូសែប ស្ម៊ីធ និងបងប្រុសរបស់លោក ហៃរ៉ុម ដែលជាលោកអយ្យកោដល់សាសនាចក្រ ត្រូវបានគេធ្វើឃាតនៅក្នុងគុកនេះនៅទីក្រុងកាតធេច រដ្ឋអិលលីណយ ។ យ៉ូសែប ស្ម៊ីធ មានអាយុ ៣៨ ឆ្នាំនៅពេលលោកស្លាប់ ហើយហៃរ៉ុម មានអាយុ ៤៤ ឆ្នាំ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៦:៣៦–៣៩ ឲ្យឮៗ ខណៈសិស្សក្នុងថ្នាក់ផ្ទៀងមើលតាម ។ សូមលើកទឹកចិត្តសិស្ស នៅពេលពួកគេអានឲ្យរកមើលរបៀបដែលព្រះអម្ចាស់បានសង្ខេបពីជីវិតរបស់យ៉ូសែប ស្ម៊ីធ និងកិច្ចការដែលលោកបានបំពេញ ។ បន្ទាប់មក សូមពិភាក្សានូវសំណួរខាងក្រោមនេះ ៖
-
តើព្រះអម្ចាស់បានរៀបរាប់ពីជីវិត និងកិច្ចការរបស់ព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាងដូចម្ដេច ? ( ចម្លើយរបស់សិស្សអាចរួមមាននូវសេចក្ដីពិតដូចតទៅនេះ ៖ យ៉ូសែប ស្ម៊ីធ បានដាក់គ្រឹះដល់កិច្ចការរបស់ព្រះនៅក្នុងគ្រាកាន់កាប់ត្រួតត្រាដំណឹងល្អនេះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ ពុំមានកំហុសឡើយនៅពេលលោកស្លាប់ ហើយលោកបានបំពេញបេសកកម្មដែលត្រូវបានប្រទានដល់លោកដោយព្រះនេះប្រកបដោយភាពស្មោះត្រង់ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីឥទ្ធិពលខ្លះដែលបាននាំឲ្យព្យាការីស្លាប់ សូមប្រាប់ពួកគេថា ពួកបរិសុទ្ធបានរស់នៅក្នុងសេចក្ដីសុខសាន្ដមួយរយៈនៅក្នុងរដ្ឋអិលលីណយ អស់ពេលបីឆ្នាំ ប៉ុន្ដែនៅត្រឹមឆ្នាំ ១៨៤២ ពួកគេបានជួបនឹងការបៀតបៀនម្ដងទៀត ។ បក្សប្រឆាំងរបស់សាសនាចក្របានបញ្ចូលប្រជាជនរដ្ឋអិលលីណយ ដែលបានខ្លាចឥទ្ធិពលខាងនយោបាយនៃពួកបរិសុទ្ធ ។ អ្នកដទៃបានទៅជាច្រណែននឹងការរីកចម្រើនខាងសេដ្ឋកិច្ចរបស់សាសនាចក្រនៅទីក្រុងណៅវូ ហើយបានរិះគន់នឹងអំណាចរបស់អភិបាលក្រុងណៅវូ និងក្រុមជីវពលរបស់ក្រុង ។ អ្នកខ្លះបានយល់ខុសលើគោលលទ្ធិ និងការអនុវត្តរបស់ពួកមរមនមួយចំនួន ។ អ្នកប្រឆាំងនៅក្នុងសាសនាចក្រ និងបក្សប្រឆាំងនៅខាងក្រៅសាសនាចក្របានរួមកម្លាំងគ្នាដើម្បីប្រឆាំងនឹងព្យាការី ព្រមទាំងសាសនាចក្រ ។
សូមផ្ដល់ដល់សិស្សម្នាក់ៗនូវច្បាប់ចម្លងនៃ ក្រដាសចែកមួយច្បាប់ដែលមាននៅចុងបញ្ចប់នៃមេរៀននេះ ។ សូមឲ្យសិស្សម្នាក់អានឮៗនូវកណ្ឌដែលមានចំណងជើងថា « អ្នកប្រឆាំងនឹងព្យាការី ព្រមទាំងសាសនាចក្រ » ។
សូមពន្យល់ថា យោងតាមច្បាប់ដែលមានជាធរមាននៅពេលព្យាការីស្លាប់នោះ គ្មានការរំលងច្បាប់នោះទេ នៅពេលគេបំផ្លាញអ្នកសារព៌ត័មាននោះ ។ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« វិសោធនកម្មនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដែលបានពង្រីកការធានាដល់សិទ្ធិសេរីភាពខាងព៌ត័មានដើម្បីប្រឆាំងនឹងសកម្មភាពរបស់អភិបាលក្រុង និងអភិបាលរដ្ឋនានាដែលមិនទាន់បានចូលរួមជាសហរដ្ឋរហូតដល់ឆ្នាំ ១៨៦៨ ហើយវាមិនបានបង្គាប់ថាវាជាបញ្ហានៃច្បាប់សហរដ្ឋរហូតដល់ឆ្នាំ ១៩៣១ ។ … យើងគួរតែកាត់សេចក្ដីសកម្មភាពរបស់បុព្វការីជនរបស់យើងដោយផ្អែកលើគោលច្បាប់ និងបទបញ្ញត្តិនានា និងស្របតាមស្ថានការណ៍នៃជីវភាពរបស់ពួកគេ មិនមែនតាមជីវភាពរបស់យើងនោះទេ » ( « Joseph, the Man and the Prophet » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៧២ ) ។
-
ហេតុអ្វីបានជាប្រយោគចុងក្រោយនៅក្នុងសេចក្ដីថ្លែងការណ៍របស់អែលឌើរ អូក សំខាន់ដើម្បីចងចាំនៅពេលយើងគិតពីសកម្មភាពរបស់អ្នកដឹកនាំសាសនាចក្រកាលពីមុន ? ( អ្នកអាចចង់បង្ហាញថា សមាជិកក្រុមប្រឹក្សាក្រុងណៅវូភាគច្រើនជាសមាជិកសាសនាចក្រ ប៉ុន្ដែពួកគេបានដើរតួនាទីជាមន្ដ្រីរាជការជ្រើសតាំង នៅពេលពួកគេបានបញ្ជាឲ្យបំផ្លាញអ្នកសារព៌ត័មាន ។ សាសនាចក្រ ជាអង្គការមួយដែលមិនធ្វើសកម្មភាពប្រឆាំងនឹងសារព៌ត័មានឡើយ ប៉ុន្ដែវាជាក្រុមប្រឹក្សាក្រុងទេដែល « ធ្វើឲ្យថយ … ភាពហ្មងសៅ » [ នៅក្នុង History of the Church, ៦:៤៣២ ] ) ។
សូមឲ្យសិស្សម្នាក់អានឮៗនូវក្រដាសចែកនៃកណ្ឌដែលមានចំណងជើងថា « យ៉ូសែប និងហៃរ៉ុមត្រូវបានចោទប្រកាន់ដោយខុសឆ្គង » ។ សូមឲ្យសិស្សម្នាក់ទៀតអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការព្យាករណ៍ដែលយ៉ូសែប ស្ម៊ីធ បានប្រកាសនៅពេលលោកបានធ្វើដំណើរទៅកាន់ទីក្រុងកាតធេច ។
-
ទោះបីជាមនុស្សរមែងស្លាប់គ្រប់គ្នាមិនឥតខ្ចោះក្ដី តើអ្នកគិតថា វាតម្រូវឲ្យមនុស្សម្នាក់ទទួលការណ៍អ្វីខ្លះ ដែលធ្វើឲ្យ « គ្មានសតិទាស់ចំពោះព្រះ និងចំពោះមនុស្សគ្រប់រូប » នោះ ? ( គ និង ស ១៣៥:៤ ) ។
សូមពន្យល់ថា នៅពេលហៃរ៉ុម ស្ម៊ីធ បានរៀបចំធ្វើដំណើរទៅគុកកាតធេច នោះលោកបានអាន អេធើរ ១២:៣៦–៣៨ ហើយបន្ទាប់មក បានបត់ទំព័រនោះទុក ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៥ ឮៗ ដែលជាការដកស្រង់ដោយផ្ទាល់មួយពីខគម្ពីរអេធើរទាំងនេះ ខណៈសិស្សក្នុងថ្នាក់ផ្ទៀងតាម ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីមូលហេតុដែលវគ្គបទគម្ពីរនេះមានអត្ថន័យដល់ហៃរ៉ុម ។ អ្នកអាចស្នើឲ្យសិស្សគូសចំណាំពាក្យ ឬ ឃ្លាណាដែលលេចធ្លោចំពោះពួកគេ ។
-
តើពាក្យ ឬឃ្លាជាក់លាក់នៅក្នុងខគម្ពីរចេញពីគម្ពីរអេធើរទាំងនេះណាខ្លះ ដែលអ្នកគិតថានឹងមានអត្ថន័យដល់ហៃរ៉ុម នៅពេលលោកបានប្រឈមមុខនឹងការចាប់ដាក់គុក និងអាចប្រឈមនឹងសេចក្ដីស្លាប់នោះ ?
-
តើអ្នកគិតថាឃ្លាតទៅនេះមានន័យយ៉ាងណា ៖ « នៅទីនោះ មនុស្សទាំងអស់នឹងដឹងថា អាវរបស់ខ្ញុំគ្មានប្រឡាក់ដោយឈាមរបស់អ្នកឡើយ » ? ( សូមពិចារណាឲ្យសិស្សធ្វើសេចក្ដីយោងបទគម្ពីរ ខ ៥ ជាមួយនឹង យ៉ាកុប ១:១៩ និង ម៉ូសាយ ២:២៧ ដើម្បីស្វែងរកអត្ថន័យនៃឃ្លានេះ ។ ការរៀនធ្វើសេចក្ដីយោងបទគម្ពីរមួយទៅនឹងបទគម្ពីរមួយមួយផ្សេងទៀត ដែលផ្ដល់នូវការយល់ដឹងបន្ថែម គឺជាជំនាញសិក្សាព្រះគម្ពីរដ៏សំខាន់មួយ ) ។
សូមឲ្យសិស្សពិចារណាពីរបៀបដែល យ៉ូសែប និងហៃរ៉ុម អាចមានអារម្មណ៍ នៅពេលដឹងថាពួកលោកបានបំពេញតាមការហៅបម្រើ និងកាតព្វកិច្ចរបស់ពួកលោកមកពី ព្រះដោយអស់ពីលទ្ធភាពខ្លួននោះ ។
-
តើយើងអាចរៀនអ្វីខ្លះ ចេញមកពីគំរូរបស់យ៉ូសែប និងហៃរ៉ុម ស្ម៊ីធ ដែលអាចជួយយើងឲ្យបំពេញទំនួលខុសត្រូវនានាដែលយើងទទួលបានមកពីព្រះ ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:១–៣, ៦–៧
ការធ្វើទុក្ករកម្មនៅគុកកាតធេច និងការគោរពដល់ យ៉ូសែប ស្ម៊ីធ
សូមឲ្យសិស្សម្នាកអានឮៗពី ក្បាលកណ្ឌនៃគោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥ ។ ( អ្នកអាចចង់បង្ហាញថា ភាពខុសគ្នារវាងក្បាលកណ្ឌនេះនៅក្នុងឆ្នាំ ១៩៨១ និងការសម្រួលព្រះគម្ពីរនៅឆ្នាំ ២០១៣ ឆ្លុះបញ្ចាំងពីចំណេះវិជ្ជាជ្រៅជ្រះនាពេលបច្ចុប្បន្ននេះ ។ សូមសិស្សបួនប្រាំនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១–២ និងក្រដាសចែកផ្នែកដែលមានចំណងជើងថា « ការធ្វើទុក្ករកម្មនៅគុកកាតធេច » ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងមើលតាម នៅពេលសិស្សទាំងនេះអាន ។
-
តើអ្នកគិតថាឃ្លា « ដើម្បីបិទទីបន្ទាល់នៃព្រះគម្ពីរនេះ និងព្រះគម្ពីរមរមន » មានន័យដូចម្ដេច ?
នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ ចូរគិតពីការសរសេរនិយមន័យដូចតទៅនេះនៅលើក្ដារខៀន ៖ ដើម្បី « បិទ » គឺស្ថាបនាអ្វីមួយជាអចិន្ដ្រៃយ៍ ដូចជាទីបន្ទាល់មួយជាដើម ។ អ្នកអាចស្នើថា សិស្សគួរតែសរសេរនិយមន័យនេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ ខ ១ ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣, ៦–៧ រកមើលសេចក្ដីពិតខ្លះដែលយើងបានរៀនពីសេចក្ដីប្រកាសនៃទុក្ករកម្មរបស់យ៉ូសែប និងហៃរ៉ុម ស្ម៊ីធ ។
-
តើសេចក្ដីពិតណាខ្លះដែលអ្នកបានរៀនពីសេចក្ដីប្រកាសនៃទុក្ករកម្មរបស់យ៉ូសែប និងហៃរ៉ុម ស្ម៊ីធ ? ( សិស្សអាចរកឃើញសេចក្ដីពិតជាច្រើនដែលរួមមានដូចតទៅនេះ ៖ យ៉ូសែប ស្ម៊ីធ បានសម្រេចច្រើនជាងគេ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ សម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សក្នុងលោកនេះ ) ។ ព្រះគម្ពីរមរមន និង គោលលទ្ធិ និងសេចក្ដីសញ្ញា ត្រូវបាននាំចេញមកដើម្បីមានសេចក្ដីសង្គ្រោះដល់ពិភពលោកនេះ ) ។
-
តើអ្នកគិតថា ជីវិតរបស់អ្នកអាចខុសគ្នាយ៉ាងដូចម្តេចខ្លះ ប្រសិនបើគ្មានការបម្រើរបស់ព្យាការី យ៉ូសែប ស៊្មីធ ទេនោះ ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍នេះឮៗមកពីអែលឌើរ ដាល្លិន អេក អូក ដែលមាននៅក្នុងក្រដាសចែកផ្នែកដែលមានចំណងជើងថា « ការគោរពដល់ព្យាការី យ៉ូសែប ស្ម៊ីធ » ។
-
ហេតុអ្វីក៏វាសំខាន់ដើម្បីដឹងថាសហការីជិតដិតរបស់ យ៉ូសែប ស៊្មីធ ចាត់ទុកលោកថាជាព្យាការីម្នាក់ និងជា « បុរសដ៏មានកិត្តិយសប្រកបដោយគុណធម៌ » ?
សូមបញ្ចប់ដោយការសួរសិស្សថាតើមានពួកគេណាម្នាក់ចង់ចែកចាយទីបន្ទាល់របស់គេអំពី យ៉ូសែប ស៊្មីធ ទេ ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលឱកាសនៅពីរបីថ្ងៃខាងមុខនេះដើម្បីចែកចាយជាមួយនឹងអ្នកដទៃអំពីទីបន្ទាល់របស់គេអំពីព្យាការី យ៉ូសែប ស្ម៊ីធ និងតួនាទីរបស់លោកក្នុងការស្តារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ ។
ការអានរបស់សិស្ស
-
ថូម៉ាស អេស ម៉នសុន « The Prophet Joseph Smith: Teacher by Example » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៦៧–៧០ ។
ទុក្ករកម្មនៃព្យាការី យ៉ូសែប ស្ម៊ីធ
មូលដ្ឋាននៃការស្ដារឡើងវិញ— មេរៀនទី ២២
អ្នកប្រឆាំងនឹងព្យាការី និងសាសនាចក្រ
ត្រឹមខែ មិថុនា ឆ្នាំ ១៨៤៤ ភាពអនាមិកប្រឆាំងនឹងសាសនាចក្របានមានភាពតានតឹងជាខ្លាំង ។ ប្រជាជនខ្លះនៅក្នុងរដ្ឋអិលលីណយ បានពិភាក្សាពីការបណ្ដេញពួកបរិសុទ្ធចេញពីរដ្ឋ ខណៈអ្នកផ្សេងទៀតបានគ្រោងសម្លាប់ព្យាការី ។ អ្នកខ្លះដែលបានរួមគំនិតក្បត់នឹងព្យាការី និងសាសនាចក្រគឺជាអតីតសមាជិកនៃសាសនាចក្រដែលបានក្បត់សាសនា ។ នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ១៨៤៤ វិល្លាម ឡ ដែលបានបម្រើជាទីប្រឹក្សាទីពីរនៃគណៈប្រធានទីមួយ និងអ្នកក្បត់សាសនាផ្សេងទៀតបានបោះពុម្ពលេខកាសែតទីមួយដែលហៅថា Nauvoo Expositor ។ ដោយមានបំណងចង់ដុតដល់សាធារណជនឲ្យប្រឆាំងនឹងព្យាការី និងសាសនាចក្រ បុរសទាំងនេះបានប្រើកាសែតដើម្បីនិយាយបង្ខូចដល់ យ៉ូសែប ស្ម៊ីធ និងអ្នកដឹកនាំសាសនាចក្រផ្សេងទៀត ។ យ៉ូសែប ស្ម៊ីធ ដែលធ្វើជាអភិបាលទីក្រុងណៅវូ ហើយក្រុមប្រឹក្សាក្រុងណៅវូភាគច្រើនបានទទួលស្គាល់ថា កាសែតអុជអាលនេះនឹងនាំទៅរកអំពើហិង្សាឥតសណ្ដាប់ធ្នាប់ប្រឆាំងនឹងក្រុងនេះ ។ ពួកគេបានប្រកាសថាក្រុមកាសែតនេះជាភាពសៅហ្មងដល់សាធារណជន និងបានបញ្ជាឲ្យកាសែត Nauvoo Expositor ត្រូវតែបំផ្លាញចោល ។
យ៉ូសែប និងហៃរ៉ុម ត្រូវបានចោទប្រកាន់ដោយខុសឆ្គង
« ជាលទ្ធផលនៃ [ ការបំផ្លិចបំផ្លាញដល់ Nauvoo Expositor ] ដោយអភិបាលក្រុង និងក្រុមប្រឹក្សាក្រុង អ្នកមានសិទ្ធិអំណាចរដ្ឋអិលលីណយបានធ្វើឲ្យមានការចោទប្រកាន់ដែលមិនមានភាពពិតអំពីកុប្បកម្មប្រឆាំងនឹងព្យាការី បងប្រុសរបស់លោក ហៃរ៉ុម និងមន្ដ្រីរាជការក្រុងណៅវូផ្សេងទៀត ។ អភិបាលរដ្ឋអិលលីណយ ថូម៉ាស ហ្វត បានបញ្ជាឲ្យពួកបុរសនោះទៅតុលាការនៅទីក្រុងកាតធេច រដ្ឋអិលលីណយ ជាទីតាំងស្រុក និងបានសន្យាថានឹងការពារពួកគេ ។ យ៉ូសែប បានដឹងថា ប្រសិនបើលោកទៅទីក្រុងកាតធេច នោះជីវិតលោកនឹងស្ថិតនៅក្នុងគ្រោះថ្នាក់ដ៏ធំដែលមកពីពួកមនុស្សកំណាច ដែលបានគំរាមកំហែងលោក ។
« ដោយជឿថា ហ្វូងមនុស្សកំណាចចង់បានតែពួកលោក នោះយ៉ូសែប និងហៃរ៉ុម បានសម្រេចចិត្តចាកចេញទៅភាគខាងលិចដើម្បីការពារជីវិតរបស់ពួកលោក ។ នៅថ្ងៃទី ២៣ ខែ មិថុនា ពួកលោកបានឆ្លងទន្លេមិស៊ីស៊ិបពី ប៉ុន្ដែក្រោយមកនៅថ្ងៃនោះ បងប្អូនប្រុសមកពីទីក្រុងណៅរូបានរកឃើញព្យាការី ហើយបានប្រាប់លោកថា ពួកទាហានចង់លុកលុយក្រុង ប្រសិនបើលោកមិនព្រមចុះចាញ់នឹងពួកអ្នកមានសិទ្ធិអំណាចនៅក្នុងទីក្រុងកាតធេចទេនោះ ។ ការណ៍នេះធ្វើឲ្យព្យាការីយល់ព្រមធ្វើតាម ដោយសង្ឃឹមថានឹងធ្វើឲ្យស្ងប់ចិត្តដល់ទាំងពួកមន្ដ្រីរដ្ឋាភិបាល និងពួកមនុស្សកំណាច ។ នៅថ្ងៃទី ២៤ ខែ មិថុនា យ៉ូសែប និងហៃរ៉ុម ស្ម៊ីធ បានលាដល់គ្រួសាររបស់ពួកលោក និងចេញដំណើរទៅជាមួយនឹងពួកមន្ដ្រីក្រុងណៅវូទៅកាន់ទីក្រុងកាតធេច ដោយស្ម័គ្រចិត្តចុះចាញ់នឹងមន្ដ្រីស្រុកនៅក្នុងទីក្រុងកាតធេចនៅថ្ងៃបន្ទាប់ ។ បន្ទាប់ពីបងប្អូនប្រុសត្រូវបានគេដោះលែងដោយដាក់តម្កល់ប្រាក់សម្រាប់ការចោទប្រកាន់លើកទីមួយ នោះពួកគេត្រូវបានចោទប្រកាន់ដោយខុសឆ្គងពីបទក្បត់នឹងរដ្ឋអិលលីណយ ត្រូវបានគេចាប់ ហើយដាក់គុកនៅក្នុងទីក្រុងកាតធេចដើម្បីរង់ចាំដល់ការកាត់ក្ដី ។ អែលឌើរ យ៉ូហាន ថេលើរ និងវិលឡឺឌ រីឆាដ ជាសមាជិកនៃពួកដប់ពីរនាក់ដែលពេលនោះមិនបានបម្រើបេសកកម្ម ស័្មគ្រចិត្តទៅតាមពួកលោក » ( ការបង្រៀនទាំងឡាយរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៥២៩–៣០ ) ។
ទុក្ករកម្មនៅគុកកាតធេច
អំឡុងថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ អ្នកមកលេងម្នាក់បានឲ្យកាំភ្លើងមួយដល់យ៉ូសែប ។ នៅពេលពួកមនុស្សកំណាចបានព្យាយាមចូលទៅក្នុងបន្ទប់ដែលព្យាការី និងបុរសផ្សេងទៀតដែលត្រូវគេចាប់នោះ ហៃរ៉ុម ត្រូវបានគេបាញ់ស្លាប់ ពេលព្យាយាមការពារដល់គ្រប់គ្នានៅក្នុងបន្ទប់នោះ ។ យ៉ូសែប បានលោតទៅទ្វារ ហើយឈោងទៅគ្រោងទ្វារដើម្បីបាញ់តបទៅកាន់ខ្មាន់កាំភ្លើងដែលនៅក្នុងសាល ។ មានតែសមាជិកបីនាក់ក្នុងចំណោមប្រាំមួយនាក់ប៉ុណ្ណោះដែលបានបាញ់ ធ្វើឲ្យសមាជិកបីបួននាក់នៃពួកមនុស្សកំណាចរងរបួសខ្លះ ។ ពេលនោះពួកមនុស្សកំណាចបានរុញកាំភ្លើងរបស់គេចូលពាក់កណ្ដាលទ្វារដែលបិទ ហើយយ៉ូហាន ថេលើរ បានព្យាយាមវាយបំពង់កាំភ្លើងរបស់ពួកគេឲ្យដកថយវិញដោយដងឈើមួយ ។
នៅពេលចលាចលនៅឯទ្វារនោះបានកើនឡើង នោះយ៉ូហាន ថេលើរ បានព្យាយាមរត់គេចដោយផ្លោះតាមបង្អួចបន្ទប់ ។ នៅពេលលោកចង់លោតចេញពីបង្អួច លោកត្រូវបានគេបាញ់ចំភ្លៅដែលបាញ់ពីមាត់ទ្វារ ហើយក៏ត្រូវគេបាញ់ចំពីខាងក្រៅផងដែរ ។ លោកបានធ្លាក់ទៅនឹងដី ហើយខណៈដែលខំវារទៅក្រោមគ្រែក្បែរបង្អួចនោះ លោកត្រូវបានគេបាញ់យ៉ាងដំណំបីគ្រាប់ទៀត ។ ទន្ទឹមនឹងគ្នានោះ នៅពេលកាំភ្លើងជាច្រើនបានបាញ់ចូលមកតាមមាត់ទ្វារ នោះវិលឡឺឌ រីឆាដ បានចាប់ផ្ដើមតតាំងនឹងពួកគេដោយឈើច្រត់មួយ ។
ពេលនោះ យ៉ូសែប ស្ម៊ីធ បានសម្រេចចិត្តព្យាយាមរត់គេចចេញតាមបង្អួចដដែលនោះ ។ នៅពេលវិលឡឺឌ រីឆាដ បានបន្ដវាយបា្លតពួកមនុស្សកំណាចនៅឯមាត់ទ្វារ នោះព្យាការីបានលោតទៅបង្អួចដែលបើករួចនោះ ។ នៅពេលលោកបានធ្វើដូច្នោះ មានគ្រាប់កាំភ្លើងជាច្រើនទាំងពីខាងក្នុង និងខាងក្រៅគុកបានបាញ់ចំលោក ។ លោកបានធ្លាក់ចេញពីបង្អួចដោយស្រែកថា « ឱ ព្រះអម្ចាស់ ជាព្រះខ្ញុំអើយ » ហើយក៏បានធ្លាក់ដល់ដីខាងក្រោមទៅ ។ សមាជិកពួកមនុស្សកំណាចខ្លះដែលនៅខាងក្នុងគុក បានរត់ចេញទៅក្រៅដើម្បីបញ្ជាក់ថា យ៉ូសែប បានស្លាប់មែន ។ ទោះបីជាគ្មានសមាជិកសាសនាចក្រណាមួយនៅតាមផ្លូវទៅទីក្រុងកាតធេច ក៏មានមនុស្សម្នាក់ស្រែកថា « ពួកមរមនមកហើយ » ហើយហ្វូងមនុស្សកំណាចទាំងមូលក៏រត់គេចចេញអស់ទៅ ។
ការគោរពដល់ព្យាការី យ៉ូសែប ស្ម៊ីធ
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
« មនុស្សដែលបានស្គាល់ យ៉ូសែប ច្បាស់បំផុត ហើយបានឈរក្បែរលោកបំផុតនៅក្នុងការដឹកនាំសាសនាចក្រ ស្រឡាញ់ និងបានគាំទ្រលោកជាព្យាការី ។ បងប្រុសរបស់លោក ហៃរ៉ុម បានសុខចិត្តស្លាប់នៅក្បែរលោក ។ យ៉ូហាន ថេលើរ ក៏នៅជាមួយនឹងលោកដែរ នៅពេលលោកត្រូវបានគេសម្លាប់នោះ មានប្រសាសន៍ ៖ ‹ ខ្ញុំថ្លែងទីបន្ទាល់ចំពោះមុខព្រះ ទេវតា និងមនុស្សទាំងឡាយថា គាត់គឺជាបុរសដ៏ល្អ មានកិត្តិយសប្រកបដោយគុណធម៌ម្នាក់ … — ថាលក្ខណៈឯកជន និងទូទៅរបស់លោកគ្មានមន្ទិលសង្ស័យនោះទេ — ហើយថាលោកបានរស់នៅ និង ស្លាប់ក្នុងនាមជាបុរសម្នាក់នៃព្រះ › ( The Gospel Kingdom [ ឆ្នាំ ១៩៨៧ ] ទំព័រ ៣៥៥ ; សូមមើលផងដែរ គ និង ស ១៣៥:៣ ) ។ ព្រិកហាំ យ៉ង់ បានប្រកាស ៖ ‹ ខ្ញុំមិនគិតថា បុរសដែលរស់នៅលើផែនដីបានស្គាល់ [ យ៉ូសែប ស្ម៊ីធ ] ប្រសើរជាងខ្ញុំស្គាល់លោកនោះទេ ហើយខ្ញុំនិយាយដោយម៉ឺងម៉ាត់ថា លើកលែងតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ នោះគ្មានមនុស្សណាម្នាក់ធ្លាប់បានរស់នៅ ឬនឹងរស់នៅលើផែនដីនេះប្រសើរជាងយ៉ូសែប ស្ម៊ីធ ឡើយ › [Discourses of Brigham Young, sel. John A. Widtsoe ( ឆ្នាំ ១៩៥៤ ) ទំព័រ ៤៥៩ ] » (« Joseph, the Man and the Prophet » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៧៣ ) ។
© ២០១៥ ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង ។