បណ្ណាល័យ
មេរៀនទី ១៦ ៖ ការប្រោស​លោះ​មរណជន


មេរៀនទី ១៦

ការប្រោស​លោះ​មរណជន

សេចក្តីផ្តើម

ជា​ផ្នែក​នៃ​ការស្ដារ​ឡើងវិញ​នៃអ្វីៗ​ទាំងអស់​នៅក្នុង​គ្រាកាន់កាប់​ត្រួតត្រា​នៃពេល​ពេញលេញ នោះ​ព្រះអម្ចាស់​បាន​ស្ដារឡើងវិញ​នូវ​គោលលទ្ធិ​នៃ​សេចក្ដី​ប្រោសលោះ​ដល់​មរណជន​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ គោលលទ្ធិ​នេះ​ត្រូវបាន​ស្ដារឡើងវិញ « មួយ​បន្ទាត់​ម្ដង​មួយ​បន្ទាត់​ម្ដង » ។ កិច្ចការ​នៃ​សេចក្ដី​ប្រោសលោះ​ដល់​មរណជន​គឺ​សំខាន់​ដល់​សេចក្ដីសង្គ្រោះ​ទាំង​អ្នកនៅរស់ និង​មរណជន ហើយ​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការចូលរួមនៅក្នុង​កិច្ចការ​នេះ ៖ « ទំនួលខុសត្រូវ​ដ៏​ធំ​ពំផុត​នៅក្នុង​ពិភពលោក​នេះ​ដែល​ព្រះ​បានដាក់​ដល់​យើង គឺ​ដើម្បី​ស្វែងរក​មរណជន » ( ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ], ទំព័រ ៤៧៥ ) ។

ការអាន​ពី​សាវតា

  • រីឆាត ជី ស្កត « សេចក្ដី​អំណរ​នៃ​ការប្រោសលោះ​មរណជន » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៣–៩៥ ។

  • ឌី ថត គ្រីស្តូហ្វឺសិន « The Redemption of the Dead and the Testimony of Jesus » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៩–១២ ។

  • « Becoming Saviors on Mount Zion » ជំពូកទី ៤១ នៅក្នុង​ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤៦៩–៧៨ ។

  • ម៉ាថាយ អេស ម៉ាកប្រាយ « Letters on Baptism for the Dead: D&C 127, 128 » Revelations in Context series ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៣; history.lds.org ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៧

ការនិមិត្ត​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ អំពី​នគរ​សេឡេស្ទាល

សូម​ចែកចាយ​នូវ​សាវតា​ប្រវត្តិសាស្ដ្រ​ខាងក្រោម​ដល់​សិស្ស ៖

« នៅក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៨២៣ អាលវិន ស្ម៊ីធ ជា​កូនច្បង​របស់ លូស៊ី ម៉ាក ស្ម៊ីធ និង​យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ បាន​ធ្លាក់​ខ្លួន​ឈឺ​មួយ​រំពេច ហើយ​ស្ទើរ​តែ​បាត់បង់ជីវិត ។ អាលវិន មាន​អាយុ ២៥ ឆ្នាំ ជា​យុវជន​ដែល​រឹងមាំ និង​អង់អាច​ម្នាក់ ដែល​បាន​រួមចំណែក​ជាខ្លាំង​ក្នុង​កិច្ចការ​យ៉ាង​អស្ចារ្យ​ដើម្បី​ឲ្យ​គ្រួសារ​មាន​ស្ថេរភាព​ខាង​ហិរញ្ញវត្ថុ ។ ម្ដាយ​របស់​លោក​បាន​ប្រាប់​ថា​លោក​ជា ‹ យុវវ័យ​ម្នាក់ដែល​ដែល​មាន​ទំនោរ​ចិត្ត​តែ​ទៅលើ​សេចក្ដីល្អ​ប៉ុណ្ណោះ › ដែល ‹ កិត្តិយស្តដ៏អង់អាច និង​សប្បុរសធម៌ › របស់ខ្លួន បាន​ផ្ដល់​ពរ​ដល់​មនុស្ស​ដែល​នៅ​ជុំវិញ​លោក ‹ គ្រប់នាទី​នៃ​ជីវិត​របស់​លោក › ។ …

« ដោយ​ដឹង​ថា​លោក​នឹង​ស្លាប់ អាលវិន បាន​ហៅ​បងប្អូនប្រុស និង​ស្រី​របស់​លោក​ឲ្យ​មក​ជួបលោក ហើយ​បាន​និយាយទៅកាន់​ពួកគេ​ម្នាក់ៗ ។ ចំពោះ យ៉ូសែប ដែល​មាន​អាយុ​ជិត ១៨ ឆ្នាំ​នោះ ហើយ​មិន​ទាន់​ទទួល​បាន​ផ្ទាំង​មាស​នៅឡើយ​ទេ នោះ​អាលវិន​បាន​និយាយ​ថា ‹ បង​ចង់​ឲ្យ​ប្អូន​ធ្វើ​ជា​ក្មេង​ល្អ ហើយ​ខំប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព ដែល​ស្ថិត​ក្នុង​អំណាច​របស់​ប្អូន​ដើម្បី​ទទួល​បាន​កំណត់ត្រា​នោះ › ។ ចូរ​មានចិត្ត​ស្មោះត្រង់​នៅក្នុង​ការទទួល​បាន​ការណែនាំ និង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​បាន​ប្រទាន​ដល់​ប្អូន ។ … ›

« នៅពេល​អាលវិន ស្លាប់ នោះ​គ្រួសារ​បាន​សុំ​ឲ្យ​គ្រូគង្វាលនៃ​បព្វជិត​នៅក្នុង​ទីក្រុង ផាលម៉ៃរ៉ា រដ្ឋ​នូវ យ៉ក ធ្វើ​បុណ្យសព​ដល់​លោក ។ ដោយសារ​អាលវិន មិនមែន​ជា​សមាជិក​នៃ​សាលាជំនុំ​របស់​គ្រូគង្វាល​នោះ តាអាចារ្យ​នោះ​បាន​បន្ថែម​នៅក្នុង​ទេសនកថា​របស់​លោក​ថា អាលវិន​មិន​អាច​ត្រូវបាន​សង្គ្រោះ​ឡើយ ។ វិល្លាម ស្ម៊ីធ ជា​ប្អូនប្រុស​របស់​យ៉ូសែប បាន​ចាំ​ថា ‹ [ គ្រូគង្វាលនោះ ] … បាន​ដាក់​កំហិត​យ៉ាង​ខ្លាំង​ថា [ អាលវិន ] បាន​ចុះ​នរក​ហើយ ដោយសារ​អាលវិន មិនមែន​ជា​សមាជិក​នៃ​ព្រះវិហារ​នោះ ប៉ុន្ដែ​គាត់​ជា​ក្មេងប្រុស​ដ៏​ល្អ​ម្នាក់ ហើយ​ឪពុក​របស់​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ការណ៍​នេះ​ទេ › » ( ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤០១ ៤០៣ ) ។

  • ដោយសារ​គោលលទ្ធិ​នៃ​សេចក្ដី​ប្រោសលោះ​ដល់​មរណជន​មិន​ទាន់ត្រូវបាន​ស្ដារឡើងវិញ​នៅពេល​អាលវិន​ស្លាប់ តើ​អ្វី​ទៅ​ដែល​អាច​ជា​កង្វល់​របស់​គ្រួសារ​ស្ម៊ីធ ​អំពី​សេចក្ដីសង្គ្រោះ​របស់​អាលវិន ?

សូម​ប្រាប់​សិស្ស​ថា មេរៀន​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ​យល់​ថា ព្រះអម្ចាស់​បាន​បើកបង្ហាញ​គោលលទ្ធិ​នៃ​សេចក្ដី​ប្រោសលោះ​ដល់​មរណជន​បន្ថែម​ទៀត មួយ​បន្ទាត់​ម្ដង​មួយ​បន្ទាត់​ម្ដង ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ស្ងាត់ស្ងៀម​នូវ​ការណែនាំ​ក្បាលកណ្ឌ​នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧ ។ សូម​ពន្យល់​ថា វិវរណៈ​នេះ​បាន​ប្រទាន​ឲ្យ​មុន​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ។ ( អ្នក​អាច​បង្ហាញ​ថា នៅក្នុង​ការកែសម្រួល​ឆ្នាំ ២០១៣ នៃ​គោលលទ្ធិ និង​សេចក្ដីសញ្ញា មាន​ការផ្លាស់ប្ដូរ​ខ្លះ​ដែល​បាន​ធ្វើ​នៅក្នុង ក្បាល​កណ្ឌ​នៃគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៧:១–៦ ឲ្យ​ឮៗ ខណៈ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ។ សូម​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​នរណា​ដែល យ៉ូសែប ស្ម៊ីធ បាន​ឃើញ​នៅក្នុង​នគរ​សេឡេស្ទាល ? ( សិស្ស​អាច​ចាប់អារម្មណ៍​ចង់​ដឹង​ថា ឪពុក​ និង​ម្ដាយ​របស់​លោក របស់​យ៉ូសែប ស្ម៊ីធ​បាន​រស់នៅ​ពេលដែល​ការនិមិត្ត​នេះ​បាន​ទទួល​ឬ​អត់ តាមពិត​ទៅឪពុក​របស់​យ៉ូសែប បាន​នៅក្នុង​បន្ទប់​នោះ​ជាមួយ​នឹង​លោក នៅពេល​វិវរណៈ​នោះ​បាន​កើត ឡើង ។

  • ស្របតាម ខ ៦ ហេតុអ្វី​ក៏​យ៉ូសែប ស្ម៊ីធ ស្ញប់ស្ញែង​ដែល​បងប្រុស​របស់​លោក អាលវិន បាន​នៅក្នុង​នគរ​សេឡេស្ទាល ? ( អ្នក​អាច​ចង់​រំឭក​សិស្ស​ថា ទស្សននិមិត្ត​នេះ​ត្រូវបាន​ទទួល​បីបួន​ឆ្នាំ​មុនពេល យ៉ូសែប ស្ម៊ីធ បាន​ដឹង​អំពី​គោលលទ្ធិ​នៃ​សេចក្ដីប្រោសលោះ​ដល់​មរណជន ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៧:៧–៩ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​គោលលទ្ធិ​មួយ ដែល​បាន​ជួយ​ដល់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ផែនការ​របស់​ព្រះ ដើម្បី​ជួយ​សង្គ្រោះ​កូនចៅ​របស់​ទ្រង់ ។

  • តើ​លក្ខខណ្ឌ​អ្វី​នៅក្នុង​ផែនការ​របស់​ព្រះ​សម្រាប់​មនុស្ស​ទាំងឡាយ​ដូចជា​អាលវិន ស្ម៊ីធ ដែល​បាន​ស្លាប់​ដោយ​គ្មាន​ឱកាស​ដើម្បី​ទទួល​បាន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ឬ​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ? ( នៅពេល​សិស្ស​ចែកចាយ​គំនិត​របស់​គេ សូម​ជួយ​ពួកគេ​ឲ្យ​រកឃើញ​នូវ​គោលលទ្ធិ​ខាងក្រោម​នេះ ៖ មនុស្ស​ទាំងឡាយ​ដែល​ស្លាប់​ដោយ​គ្មាន​ចំណេះដឹង​អំពី​ដំណឹងល្អ ដែល​នឹង​ទទួល​ចំណេះដឹង​នេះ ប្រសិនបើ​ពួកគេ​បាន​ឮ​វា​នោះ នឹង​គ្រង​មរតក​នគរ​សេឡេស្ទាល ) ។

  • តើ​គោលលទ្ធិ​នេះ​បង្រៀន​អ្នក​អំពី​លក្ខណៈ​របស់​ព្រះវរបិតា​សួគ៌ និង​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​កូនចៅ​របស់​ទ្រង់​អ្វីខ្លះ ?

  • តើ​អ្នក​ត្រូវបាន​លួងលោម​ដោយ​គោលលទ្ធិ​នេះ​នៅពេល​ណា​ដែរ ? តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​អ្នកដទៃ ប្រហែល​ជា​អស់​អ្នក​ដែល​អ្នក​បាន​បង្រៀន​កាលជា​អ្នកផ្សព្វផ្សាយ​សាសនា ទទួល​បាន​ការលួងលោម​ពី​ការយល់ដឹង​នៃ​គោលលទ្ធិ​នេះ ?

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៤:៣០-៣៤; ១២៧:៥-៨, ១២៨:១-១៨; ១៣៨:២៨-៣៧ ។

ពិធីបរិសុទ្ធ​ជំនួស​អ្នកស្លាប់

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​និយាយ​ជា​លើកដំបូង​អំពី​គោលលទ្ធិ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​ដល់​ពួកអ្នកស្លាប់​នៅក្នុង​បុណ្យសព​របស់ ស៊ីម័រ ប្រ៊ុនសិន នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៨៤០ ភ្លាមៗ​ក្រោយពី​ពួកបរិសុទ្ធ​បាន​តាំងទីលំនៅ​ខ្លួនគេ​នៅទីក្រុង​ណៅវូ រដ្ឋ​អិលលីណយ ។ សមាជិក​សាសនាចក្រ​បាន​ភ្ញាក់ផ្អើល និង​រំភើបចិត្ត នៅពេល​ពួកគេ​បាន​ដឹង​ពី​គោលលទ្ធិ​ដែល​បាន​បើក​បង្ហាញ​នេះ ។ ជាច្រើន​ខែ​ក្រោយពី​ការប្រកាស​នេះ ពួកបរិសុទ្ធ​បាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នៅក្បែរ​ទន្លេ មីសស៊ីស៊ីបពី ជំនួស​ឲ្យ​មនុស្ស​ជាទីស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ​របស់​គេ ( សូមមើល​ការបង្រៀន ៖ យ៉ូសែប ស្ម៊ីធ ទំព័រ ៤០៣ ;Church History in the Fulness of Times Student Manual,បាន​បោះពុម្ព​ជា​លើកទី ២ [ Church Educational System manual, ឆ្នាំ ២០០៣ ], ទំព័រ ២៥១ ) ។

  • តើ​ទេសនកថា​នេះ​បន្ថែម​ការយល់ដឹង​ដែលរីកចម្រើន​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​ក្នុង​ការសង្គ្រោះ​កូនចៅ​របស់​ទ្រង់​ដោយ​របៀបណា ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​នូវ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ពិធិបរិសុទ្ធ​សង្គ្រោះ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​អាច​ធ្វើ​ឡើង​សម្រាប់​អស់​អ្នកដែល​មិន​បាន​ទទួល​ដំណឹងល្អ​នៅក្នុង​ជីវិត​រមែងស្លាប់ ) ។

  • តើ​អ្នក​គិត​ថា អ្នក​នឹង​ឆ្លើយតប​យ៉ាងណា ប្រសិនបើ​អ្នក​បាន​ឮ​ថា​ព្យាការី យ៉ូសែប ស្ម៊ីធ និយាយ​អំពី​គោលលទ្ធិ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​ជា​លើកទីមួយ​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ?

សូម​ពន្យល់​ថា នៅអំឡុង​សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ​ខែ​តុលា ឆ្នាំ ១៨៤១ នៅ​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណយ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​ថា ព្រះអម្ចាស់​ចង់​ឲ្យ​ពួកបរិសុទ្ធ​ឈប់​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​រហូតដល់​ពិធីបុណ្យ​ជ្រមុជទឹក​អាច​ធ្វើ​ឡើង​នៅក្នុង​ព្រះរាជ​ដំណាក់​របស់​ទ្រង់ ( សូមមើល គ. និង ស. ១២៤:២៩–៣៤ ) ។ នៅ​ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ១៨៤១ ព្រិកហាំ យ៉ង់ ដែល​ពេល​នោះ​ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​ឧទ្ទិស​ឆ្លង​ដល់​អាងជ្រមុជទឹក​នៅជាន់​ក្រោមដី​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​មិន​ទាន់​ធ្វើចប់​នៅ​ណៅវូ ហើយ​សមាជិក​សាសនាចក្រ​បាន​ចាប់ផ្ដើម​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ជំនួសឲ្យ​មរណជន ។

សូម​ឲ្យ​សិស្ស​អាន ក្បាល​កណ្ឌ​នៃ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៧ ដែល​ពន្យល់​ថា កណ្ឌទី ១២៧ គឺ​ជា​សំបុត្រ​មួយ​មកពី​ព្យាការី យ៉ូសែប ស្ម៊ីធ ទៅកាន់​ពួកបរិសុទ្ធ​ដោយ​បាន​ណែនាំ​ពួកគេ​ឲ្យ​រក្សា​កំណត់ត្រា​ពិធី​បុណ្យ​ជ្រមុជទឹក ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​មរណជន​នោះ ។ សូម​ពន្យល់​ថា ប្រហែល​មួយ​សប្ដាហ៍​ក្រោយមក យ៉ូសែប បាន​សរសេរ​សំបុត្រ​មួយ​ទៀត​អំពី​ប្រធានបទ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន ដែល​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨ ។

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ ក្ដារខៀន ។ ( សូម​កុំ​បញ្ចូល​ចម្លើយ​នៅក្នុង​វង់ក្រចក វា​ផ្ដល់​សម្រាប់​អ្នក​ជា​គ្រូបង្រៀន​ប៉ុណ្ណោះ ) ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៧:៥–៧; ១២៨:៨នៅពេល​ពិធីបរិសុទ្ធ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព និង​មាន​កំណត់ត្រា​ត្រឹមត្រូវ នោះ​ពិធីបរិសុទ្ធ​នោះ​បានភ្ជាប់​នៅលើ​ផែនដី និង​នៅលើ​ស្ថានសួគ៌ ) ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:៦–៧កំណត់​ត្រា​នៃ​ពិធីបរិសុទ្ធ​ជំនួស នឹង​ត្រូវបាន​បញ្ចូល​នៅក្នុង​សៀវភៅ​ដែល​នឹង​ត្រូវបើក​ដើម្បី​ជំនុំជម្រះ​ដល់​មរណជន ) ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៨:១៥, ១៧–១៨សេចក្ដី​សង្គ្រោះ​ដល់​អយ្យកោដែល​បាន​ស្លាប់ទៅ​របស់​យើង​គឺ​សំខាន់​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​យើង ) ។

សូម​ចាត់តាំង​ឲ្យ​សិស្ស​អាន​វគ្គ​នីមួយៗ​ដែល​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​ពួកគេ​ស្វែងរក​អ្វី​មួយសម្រាប់គោលលទ្ធិ​ដែល​បាន​បន្ថែម​ដល់​ការយល់ដឹង​របស់​យើង​អំពី​ផែនការ​របស់​ព្រះ​សម្រាប់​សេចក្ដី​ប្រោសលោះ​ដល់​មរណជន ។ សូម​ឲ្យ​សិស្ស​សង្ខេប​គោលលទ្ធិ​អំពី​សេចក្ដី​ប្រោសលោះ​សម្រាប់​មរណជន ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​វគ្គ​ព្រះគម្ពីរ​នីមួយៗ ។ សូម​ឲ្យ​សិស្ស​ពីរបី​នាក់​សរសេរ​គោលលទ្ធិ​នោះ​នៅលើ​ក្ដារខៀន​ក្បែរ​វគ្គ​នោះ ។ សូម​បង្ហាញ​ថា វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៧ និង ១២៨ បង្ហាញ​ពី​គំរូ​ទូទៅ​មួយ​ដែល​មាន​នៅក្នុង​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ — ព្រះអម្ចាស់​បើក​បង្ហាញ​សេចក្ដីពិត​មួយ​បន្ទាត់​ម្ដង​មួយ​បន្ទាត់​ម្ដង ជាជាង​ម្ដង​ទាំងអស់ ។

សូម​ពន្យល់​ដល់​សិស្ស​ថា ជាច្រើន​ឆ្នាំ​ក្រោយពី​វិវរណៈ​ទាំងនេះ​ត្រូវបាន​ទទួល នោះ​ព្រះអម្ចាស់​បាន​ប្រទាន​នូវ​ការយល់​ដឹង​បន្ថែម​ទៀត​អំពី​ផែនការ​របស់​ទ្រង់​ដើម្បី​ប្រោសលោះ​ដល់​មរណជន ។ នៅក្នុងឆ្នាំ ១៩១៨ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​ទទួល​ការនិមិត្ត​មួយ​អំពី​ការប្រោសលោះ​មនុស្ស​ស្លាប់ ។ ការនិមិត្ត​នេះ​បាន​មក នៅពេល​លោក​បាន​ទួញយំ​នឹង​ការបាត់បង់​កូនប្រុស​របស់​លោក ហៃរ៉ុម អិម ស្ម៊ីធ ដែល​បាន​ស្លាប់​ពី​ដើម​ឆ្នាំ​នោះ ខណៈ​ដែល​កំពុង​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:២៨–​៣៧ ដោយ​រកមើល​សេចក្ដីពិត​ដែល​បាន​ត្រូវបាន​បើកសម្ដែង​ដល់​ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ទាក់ទង​ទៅនឹង​សេចក្ដី​ប្រោសលោះ​ដល់​មរណជន ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ អំពី​សេចក្ដីប្រោសលោះ​ដល់​មរណជន​ដែល​បាន​បង្រៀន​នៅក្នុង​ខ​ទាំងនេះ ? ( នៅពេល​សិស្ស​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ សូម​បញ្ជាក់យ៉ាងណា​ថា​ពួកគេ​យល់​ពី​សេចក្ដីពិត​នេះ ៖ នៅក្រោម​ការដឹកនាំ​របស់​ព្រះយេស៊ូវគ្រីស្ទ សារទូត​សុចរិត​បង្រៀន​ដំណឹងល្អ​ដល់​អស់​អ្នក​ដែល​ស្ថិតនៅក្នុងស្ថានឃុំ​ព្រលឹង ) ។

  • តើ​សេចក្ដីពិត​បន្ថែម​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​នរណា​ម្នាក់​ដែល​បាន​ស្លាប់​ទៅ​ដោយមិន​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ដូចជា អាលវិន ស្ម៊ីធ អាច​ទទួល​បាន​មរតក​នៅក្នុង​នគរ​សេឡេស្ទាល​ដោយ​របៀប​ណា ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ឮៗ​ដោយ​អែលឌើរ ដាវិឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ដាវិឌ អេ បែដណា

« ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រដែល​ត្រូវបាន​ស្ដារឡើងវិញ​របស់​ព្រះគ្រីស្ទ យើង​មាន​ទំនួលខុសត្រូវ​ដោយ​សេចក្ដីសញ្ញា​ក្នុង​ការស្រាវជ្រាវរក​ដូនតា​របស់​យើង និង​ផ្ដល់​ដល់​ពួកលោក​នូវ​ពិធីបរិសុទ្ធ​សង្គ្រោះ​នៃ​ដំណឹងល្អ ។ ‹ ដើម្បី​មិន​ឲ្យ​អ្នកទាំង​នោះ​បាន​គ្រប់​លក្ខណ៍​ក្រៅពី​យើង​ឡើយ › ( ហេព្រើរ ១១:៤០; សូមមើល​ផងដែរ ការបង្រៀន ៖ យ៉ូសែប ស្ម៊ីធ ទំព័រ ៤៧៥ ) ។ ហើយ ‹ រីឯ​យើង​ក៏​ពុំ​អាច​បានល្អ​ឥតខ្ចោះ​ក្រៅពី​មនុស្ស​ស្លាប់​របស់​យើង​ដែរ › ( គ. និង ស. ១២៨:១៥ ) » ( « The Hearts of the Children Shall Turn » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៥ ) ។

  • ហេតុអ្វី​បានជា​កិច្ចការ​នៃ​ការប្រោសលោះ​ដល់​មរណជន​ជា​អាទិភាព​មួយ​នៅក្នុង​ជីវិត​របស់​យើង ?

  • តើ​ការផ្ដល់​ពិធីបរិសុទ្ធ​សង្គ្រោះ​ដល់​មរណជន​ជា​សាច់ញាតិ​របស់​យើង ជួយ​ដល់​ពួកលោក និង​យើង​ឲ្យ​ក្លាយជា​ឥតខ្ចោះ​ដោយ​របៀប​ណា ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃពួក​សាវក​ដប់ពីរ​នាក់ ៖

អែលឌើរ រ័សុល អិម ណិលសុន

« ខណៈ​ដែល​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ​មាន​អំណាច​ដើម្បី​ប្រទានពរ​ដល់​អស់អ្នក​​ដែលបាន​​​ចែកឋាន​ទៅ នោះ​វា​មាន​អំណាច​ស្មើគ្នា​ក្នុង​ការប្រទានពរ​ដល់​មនុស្ស​យើង ។ វា​មាន​ឥទ្ធិពល​ដ៏​បន្សុទ្ធ​មួយ​ដល់​អស់​អ្នកដែល​ប្រឡូក​ក្នុង​កិច្ចការ​នេះ ។ វា​ជួយ​លើកតម្កើង​ដល់​គ្រួសារ​របស់​ពួកគេ​តែម្ដង » ( « Generations Linked in Love » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៩៣ ) ។

  • តើ​គោលលទ្ធិ​នៃ​សេចក្ដីប្រោសលោះ​ដល់​មរណជន​ថ្លែងទីបន្ទាល់​អំពី​ការជួយ​ដ៏​ឥត​ទីបញ្ចប់​នៃ​ដង្វាយធួន​របស់ព្រះយេស៊ូវគ្រីស្ទ ដោយ​របៀប​ណា ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ឮៗ​ដោយ​អែលឌើរ រីឆាត ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ៖

អែលឌើរ រីឆាត ជី ស្កត

« ព្រះអម្ចាស់​បាន​បើកបង្ហាញ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ អំពី​គោលលទ្ធិ​ដ៏​វិសេស​បំផុត​មួយ​ទាក់ទង​ទៅនឹង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ ពន្លឺ​នោះ​បាន​មក នៅពេល​សាសនាចក្រ​គ្រីស្ទាន​ដទៃ​ទៀត​បាន​បង្រៀន​ថា សេចក្ដីស្លាប់​ដែល​ពុំ​អាច​បដិសេធ​បាន និង​ដ៏​អស់កល្ប​បាន​សម្រេច​ដល់​ជោគវាសនា​នៃ​ព្រលឹង​នោះ ។ ពួកគេ​បាន​បង្រៀន​ថា ពួកអ្នក​បាន​ជ្រមុជទឹក​ហើយ​ត្រូវបាន​ប្រទាន​រង្វាន់​ដោយ​សេចក្ដីអំណរ​ដ៏​មិនចេះមិនចេះហើយ ខណៈ​អ្នកផ្សេង​ទៀត​ទាំងឡាយ​ប្រឈមមុខ​នឹង​ការដាក់ទោស​ដ៏​អស់កល្ប​ដោយ​គ្មាន​សង្ឃឹម​ចំពោះ​សេចក្ដី​ប្រោសលោះ​ឡើយ ។ …

« គោលលទ្ធិ​ដ៏​រុងរឿង​នេះ គឺជា​សាក្សី​មួយ​ទៀត​អំពី​ធម្មជាតិ​យ៉ាងពេញលក្ខណៈ​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​សង្គ្រោះ​មាន​ដល់​ព្រលឹង​ដែល​ប្រែចិត្ត​ទាំងឡាយ ។ ដង្វាយធួន​របស់​ទ្រង់ យកឈ្នះ​លើសេចក្ដី​ស្លាប់ ហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​មរណជន​ដែល​សក្តិសម​ទទួល​បាន​ពិធីបរិសុទ្ធ​ជំនួស​ទាំងអស់​នៃ​សេចក្ដី​សង្គ្រោះ » ( « សេចក្ដី​អំណរ​នៃ​ការប្រោសលោះ​មរណជន » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៣ ) ។

  • តើ​បទពិសោធន៍​អ្វីខ្លះ ដែល​បាន​បង្រៀន​ដល់​អ្នក​ពី​សារៈសំខាន់​នៃ​ការចូលរួម​នៅក្នុង​កិច្ចការ​ប្រោសលោះ​ដល់​មរណជន​នេះ ?

  • តើ​ទីបន្ទាល់​របស់​អ្នក​បាន​កើនឡើង ដោយសារ​អ្នក​បាន​ចូលរួម​នៅក្នុង​កិច្ចការ​ប្រោសលោះ​ដល់​មរណជន​នេះ​ដោយ​របៀប​ណា ? ( សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ ) ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​អាច​ចូលរួម​នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការប្រោសលោះ​ដល់​មរណជន មិន​ថា​តាមរយៈ​ការស្រាវជ្រាវ​ពង្សប្រវត្តិ ឬ​តាមរយៈ​ការបម្រើ​ជា​អ្នកជំនួស​ក្នុង​ការធ្វើ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះទេ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា តាមរយៈ​កិច្ចការ​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប នោះ​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​អាច​ទទួល​បាន​ពិធីបរិសុទ្ធ​ដែល​ចាំបាច់​ទាំងអស់​សម្រាប់​សេចក្ដី​សង្គ្រោះ ។

ការអាន​របស់​សិស្ស