មេរៀនទី ១៨
សមាគមសង្គ្រោះ និងសាសនាចក្រ
សេចក្តីផ្តើម
« សមាគមសង្រ្គោះ រៀបចំស្រ្តីសម្រាប់ពរជ័យនានានៃជីវិតដ៏អស់កល្បជានិច្ច ដោយការជួយដល់ពួកគេឲ្យរីកចម្រើនសេចក្តីជំនឿ និងសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ ពង្រឹងដល់ក្រុមគ្រួសារ និងគេហដ្ឋាន ហើយជួយអ្នកទាំងឡាយដែលខ្វះខាត » (« The Purpose of Relief Society » lds.org/callings/relief-society/purposes ) ។ មេរៀននេះ នឹងជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីការស្ថាបនាឡើងនៃសមាគមសង្គ្រោះ និងគោលបំណងរបស់វា ។ សិស្សក៏នឹងមើលឃើញថា ឱកាស និងការទទួលខុសត្រូវដ៏អស្ចារ្យបំផុតនៅក្នុងការកសាងនគររបស់ព្រះ មានតែមួយដល់ពួកគេ ។
ការអានពីសាវតា
-
ដាល្លិន អេក អូក « កូនសោ និង សិទ្ធិអំណាចនៃបព្វជិតភាព » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩–៥២ ។
-
អិម រ័សុល បាឡឺដ « Men and Women and Priesthood Power » Ensign ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ២៨–៣៣ ។
-
ជូលី ប៊ី ប៊េក « ការនិមិត្តរបស់ព្យាការីទាក់ទងនឹងសមាគមសង្គ្រោះ ៖ សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៣–៨៥ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥
ការណែនាំរបស់ព្រះអម្ចាស់ចំពោះ អិមម៉ា ស៊្មីធ
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ការលូតលាស់ដ៏ចម្បងនឹងកើតឡើងនៅក្នុងសាសនាចក្រក្នុងសម័យចុងក្រោយដោយសារតែស្ត្រីដ៏ល្អជាច្រើននៅក្នុងពិភពលោកនេះ … នឹងចូលមកក្នុងសាសនាចក្រក្នុងចំនួនយ៉ាងច្រើន ។ ការណ៍នេះនឹងកើតឡើង ដល់កម្រិតដែលពួកស្ត្រីនៃសាសនាចក្រជាអ្នកឆ្លុះបញ្ចាំងពីសេចក្ដីសុចរិត និង ភាពប៉ិនប្រសប់ជាក់ច្បាស់នៅក្នុងជីវិតរបស់ពួកគេ ហើយដល់កម្រិតដែលស្ដ្រីនៃសាសនាចក្រត្រូវបានគេឃើញថា ដោយឡែកពីគេ និង ខុសប្លែកពីគេ—ក្នុងរបៀបដែលសប្បាយ—ខុសពីស្ដ្រីនៃពិភពលោកនេះ » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ], ទំព័រ ២២២–២៣ ) ។
-
តើគំនិតអ្វីដែលអ្នកមាននៅពេលអ្នកពិចារណាអំពីប្រយោគនេះ ?
-
តើអ្នកស្គាល់ស្ដ្រីណាម្នាក់ដែលបង្ហាញពីគំរូនៃសុភមង្គលនៅក្នុងការរស់នៅដោយសុចរិតឬទេ ? តើពួកគេបានធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នកដែលពួកគេស្គាល់យ៉ាងដូចម្ដេចខ្លះ ?
សូមពន្យល់ថា មេរៀននេះនឹងផ្ដោតទៅលើរបៀបដែលសមាគមសង្គ្រោះផ្ដល់ពរដល់បុត្រី និងបុត្រាទាំងឡាយរបស់ព្រះវរបិតាសួគ៌ នៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនេះ ) ។
សូមឲ្យសិស្សបើកទៅ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥ ហើយរកមើលនៅ ក្បាលកណ្ឌ ដើម្បីរកមើលបុគ្គលដែលព្រះអម្ចាស់បានមានបន្ទូលទៅកាន់នៅក្នុងវិវរណៈនេះ ។ បន្ទាប់មកសូមអាន ខទី ៣ ឲ្យឮៗ ។ សូមពន្យល់ដល់សិស្សថា នៅក្នុងព្រះនេត្រនៃព្រះអម្ចាស់ អិមម៉ា ស្ម៊ីធ គឺជា « ស្ដ្រីដែលបានរើសតាំង » ម្នាក់ ។ នៅក្នុងការប្រជុំលើកដំបូងរបស់សមាគមសង្គ្រោះស្ដ្រីនៅទីក្រុងណៅវូ យ៉ូសែប ស្ម៊ីធ បានពន្យល់ថា « រើសតាំង មានន័យថាជ្រើសតាំងឲ្យធ្វើកិច្ចការណាមួយ » ។ លោកក៏បានមានប្រសាសន៍ថា វិវរណៈដែលត្រូវបានប្រទានដល់អិមម៉ា ស្ម៊ីធ « ត្រូវបានបំពេញដោយការរើសតាំងរបស់ស៊ិស្ទើរ អិមម៉ា ដើម្បីក្លាយជាប្រធាននៃសមាគម [ សង្គ្រោះ ] » ( នៅក្នុង History of the Church, ៤:៥៥២–៥៣ ) ។ សូមចែកសិស្សជាពីរក្រុម ហើយសូមឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:៤-៩ហើយសិស្សពាក់កណ្ដាលថ្នាក់ទៀតអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:១០–១៥ ។ សូមឲ្យសិស្សរកមើលកិច្ចការ ឬការហៅដែលព្រះអម្ចាស់បានប្រទានដល់អិមម៉ា ស្ម៊ីធ ។ ពួកគេអាចធ្វើបញ្ជីនៃទំនួលខុសត្រូវទាំងនេះ ឬគូសចំណាំវានៅក្នុងព្រះគម្ពីររបស់ពួកគេ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ។
-
តើការបំពេញតាមទំនួលខុសត្រូវទាំងនេះរួមចំណែកដល់ការរីកចម្រើនសាសនាចក្រដូចម្ដេចខ្លះ ?
-
តើពរជ័យអ្វីខ្លះដែលព្រះអម្ចាស់បានសន្យាដល់ អិមម៉ា ស្ម៊ីធ ប្រសិនបើនាងគោរពតាមបញ្ញត្តិរបស់ទ្រង់ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:១៦ ឲ្យឮៗ ។
-
ខណៈពេលដែលការណ៍នេះជាវិវរណៈមួយដែលត្រូវបានប្រទានដល់ អិមម៉ា ស្ម៊ីធ តើព្រះបន្ទូលរបស់ព្រះអម្ចាស់ដល់អិមម៉ា អាចយកមកប្រៀបធៀបនឹងយើងដោយរបៀបណា ? ( ការបង្រៀនអំពីការគោរព និងគោលការណ៍ដំណឹងល្អផ្សេងទៀតត្រូវបានបង្រៀននៅក្នុងវិវរណៈនេះ អាចយកមកអនុវត្តចំពោះមនុស្សគ្រប់រូប ។ [ កំណត់ចំណា ៖ សូមពន្យល់ថា ការប្រៀបធៀបព្រះគម្ពីរទៅនឹងបទពិសោធន៍ផ្ទាល់ខ្លួនរបស់យើង គឺជាជំនាញសិក្សាព្រះគម្ពីរដ៏សំខាន់មួយ ដែលជួយយើងឲ្យមើលឃើញពីភាពស្រដៀងគ្នារវាងបទពិសោធន៍របស់យើង និងរបស់អស់អ្នកដែលនៅក្នុងព្រះគម្ពីរ ] ) ។
នៅពេលសិស្សចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរនេះ សូមជួយពួកគេឲ្យយល់ពីសេចក្ដីពិតតទៅនេះ ៖ នៅពេលយើងកាន់តាមព្រះបញ្ញត្តិដោយស្មោះត្រង់ និងបំពេញកិច្ចការរបស់យើងពីព្រះអម្ចាស់ នោះយើងនឹងទទួលបានមកុដនៃសេចក្ដីសុចរិត ។ អ្នកអាចនឹងចង់ថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនេះ ។
សមាគមសង្គ្រោះគឺជាផ្នែកមួយដ៏សំខាន់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។
សូមប្រាប់សិស្សថា ព្រះអម្ចាស់បានបើកបង្ហាញដល់អង្គការនៃសាសនាចក្រនេះ មួយបន្ទាត់ម្ដងមួយបន្ទាត់ម្ដង ។ ជាផ្នែកនៃដំណើរការនេះ ទ្រង់បានប្រទានការហៅដ៏សំខាន់បំផុតមួយដល់អិមម៉ា ស្ម៊ីធ ។ សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីសង្ខេបខាងក្រោមអំពីការរៀបចំនៃសមាគមសង្គ្រោះ ។ សូមឲ្យសិស្សស្ដាប់រកមើលរបៀបដែលការនិមិត្តរបស់ព្យាការី យ៉ូសែប ស្ម៊ីធ អំពីសមាគមសង្គ្រោះបានពង្រីកដល់ការនិមិត្តដំបូងរបស់ស្ដ្រី ។
នៅក្នុងទីក្រុងណៅវូ ស្ដ្រីពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានប្រទានពរដោយអង្គការផ្ទាល់របស់ពួកគេនៅក្នុងសាសនាចក្រ ។ វាបានមានការចាប់ផ្ដើមរបស់វា នៅពេលស្ដ្រីបីបួននាក់ ដែលបានដឹកនាំដោយ សារ៉ា ហ្គ្រែងហ្គើរ ឃឹមបឹល បានរៀបចំធ្វើអាវសម្រាប់បុរសដែលធ្វើការសាងសង់ព្រះវិហារបរិសុទ្ធ ។ ស្ដ្រីទាំងនោះបានសម្រេចចិត្តដើម្បីរៀបចំជាផ្លូវការ ហើយពួកគេបានសុំឲ្យ អ៊ីឡៃស្សា អរ ស្នូ សរសេរច្បាប់ធម្មនុញ្ញសម្រាប់កុ្រមរបស់ពួកគេ ។ នៅពេលព្យាការី យ៉ូសែប ស្ម៊ីធ ត្រូវបានប្រឹក្សា លោកបានប្រាប់ពួកគេថាច្បាប់ ធម្មនុញ្ញរបស់គេពិតជាល្អណាស់ ប៉ុន្ដែលោកបានផ្ដល់យោបល់ដើម្បីរៀបចំស្ដ្រីតាមរបៀបមួយដ៏ប្រសើរជាងនេះ ។ នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ១៨៤២ ព្យាការីព្រមទាំងអែលឌើរ យ៉ូហាន ថេលើរ និងវិលឡឺឌ រីឆាដ បានជួបនឹងស្ដ្រី ២០ រូបនៅបន្ទប់ខាងលើនៃហាងទំនិញឥដ្ឋក្រហម ជាកន្លែងដែលព្យាការីបានរៀបចំសមាគមសង្គ្រោះស្ដ្រីនៅណៅវូ ។ អិមម៉ា ស្ម៊ីធ ត្រូវបានជ្រើសរើសជាប្រធានអង្គការ ហេតុដូច្នេះហើយការបំពេញវិវរណៈរកឃើញថានាងជា « ស្ដ្រីរើសតាំង » ( គ. និង ស. ២៥:៣ ) ។ ក្រោយមក ព្យាការីបានមានប្រសាសន៍ថា កម្មវត្ថុនៃអង្គការនេះគឺដើម្បី « ជួយដល់អ្នកក្រ » និង« សង្គ្រោះដល់ព្រលឹង » ( ការបង្រៀនទាំងឡាយរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤៥៣ ) ។
នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ១៨៤២ ព្យាការីបានជួបម្ដងទៀតជាមួយនឹងបងប្អូនស្ដ្រី ។ លោកបានប្រាប់ពួកគេថា ពួកគេនឹងទទួលបានការណែនាំតាមរយៈការបញ្ជារបស់បព្វជិតភាព ហើយបន្ទាប់មកបានប្រកាស ៖ «ឥឡូវនេះ ខ្ញុំប្រគល់កូនសោដល់អ្នកនៅក្នុងព្រះនាមនៃព្រះ ហើយសមាគមនេះនឹងមាននូវសេចក្ដីអំណរ ហើយចំណេះដឹង និងប្រាជ្ញានឹងហូរចុះមកចាប់ពីពេលនេះ » ( ការបង្រៀន ៖ យ៉ូសែប ស្ម៊ីធ ទំព័រ ៤៥១ ) ។
អ្នកអាចបង្ហាញដល់សិស្សថា ពួកគេអាចអានការប្រជុំរបស់សមាគមសង្គ្រោះពីមុននៅគេហទំព័រ josephsmithpapers.org/paperSummary/Nauvoo-relief-society-minute-book ។
-
តើការនិមិត្តរបស់ព្យាការីអំពីសក្ដានុពលនៃសមាគមសង្គ្រោះ បានពង្រីកដល់សំណើដើមរបស់ សារ៉ា ឃឹមបិល ដោយរបៀបណា ?
-
តើអ្នកគិតយ៉ាងណាអំពីសេចក្ដីថ្លែងការណ៍តទៅនេះដោយព្យាការី យ៉ូសែប ស្ម៊ីធ ៖ « ឥឡូវនេះ ខ្ញុំប្រគល់កូនសោដល់អ្នកនៅក្នុងព្រះនាមនៃព្រះ » ? ( សមាគមសង្គ្រោះត្រូវបានរៀបចំឡើងនៅក្រោមការដឹកនាំនៃបព្វជិតភាព ដោយអស់អ្នកដែលកាន់កូនសោបព្វជិតភាព ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយស៊ិស្ទើរ ស៊ីណា ឌី អេច យ៉ាង់ ( ឆ្នាំ ១៨២១–១៩០១ ) និងស៊ិស្ទើរ ជូលី ប៊ី ប៊េក អតីតប្រធានសមាគមសង្គ្រោះទូទៅ ទាក់ទងទៅនឹងគោលបំណងនៃសមាគមសង្គ្រោះ និងសូមឲ្យសិស្សបីនាក់អានសេចក្ដីថ្លែងការណ៍នេះ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយពិចារណាអ្វីដែលសេចក្ដីថ្លែងការណ៍ទាំងនេះបង្រៀនអំពីគោលបំណងនៃសមាគមសង្រ្គោះ ។
« សមាគមសង្គ្រោះ … ត្រូវបានស្ថាបនាដំបូងប្រហែលជិតកន្លះសតវត្សរ៍មុន ដោយប្រធាន យ៉ូសែប ស្ម៊ីធ ។ ដោយដើរតាមគំរូនៃបព្វជិតភាពដ៏បរិសុទ្ធ និងនៅក្រោមការដឹកនាំរបស់ទ្រង់ ដើម្បីចែកចាយពរជ័យជីវិតរមែងស្លាប់ដល់អ្នកក្រីក្រ និងអ្នកត្រូវការ ៖ ហើយដើម្បីផ្ដល់ការលើកទឹកចិត្តដល់អ្នកទន់ខ្សោយ និងទប់ចិត្តគំនិតចំពោះទង្វើខុសនានា និងស្រាប់ការអភិវឌ្ឍដ៏ប្រសើរ និងការអនុវត្តសេចក្ដីមេត្តា និងសប្បុរសធម៌របស់ស្ដ្រី ថានាងអាចមានឱកាសដើម្បីទទួលបានកម្លាំងខាងវិញ្ញាណ និងអំណាចដើម្បីសម្រេចបានការល្អដ៏អស្ចារ្យជាងនេះនៅក្នុងកិច្ចការនៃសេចក្ដីប្រោសលោះដល់គ្រួសារមនុស្ស » ( Zina D. H. Young, « First General Conference of the Relief Society » Woman’s Exponent, ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៨៨៩ ទំព័រ ១៧២ ) ។
« ព្យាការីយ៉ូសែប ស្ម៊ីធ បានឲ្យនិយមន័យនៃគោលបំណងនៃសមាគមសង្គ្រោះ និងបានណែនាំដល់បងប្អូនស្ដ្រីនៅក្នុងគោលបំណងរបស់ពួកគេ ។ … អង្គការរបស់យើងគឺជាអង្គការដែលបន្ដដឹកនាំដោយព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈនាសព្វថ្ងៃនេះ » ( ជូលី ប៊ី ប៊េក, « Relief Society: A Sacred Work » Ensign ឬ លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១១០–១១ ) ។
« គឺដូចជាព្យាការីរបស់ព្រះអម្ចាស់បានបន្ដបង្រៀនដល់អែលឌើរ និងពួកសង្ឃជាន់ខ្ពស់នូវគោលបំណង និងកាតព្វកិច្ចរបស់ពួកគេដែរ ពួកលោកបានចែកចាយការនិមិត្តរបស់ពួកលោកសម្រាប់ពួកបងប្អូនស្រីនៃសមាគមសង្គ្រោះ ។ ចេញពីការប្រឹក្សារបស់ពួកលោក វាច្បាស់ថា គោលបំណងនៃសមាគមសង្គ្រោះគឺដើម្បីបង្កើនសេចក្ដីជំនឿ និងសេចក្ដីសុចរិតផ្ទាល់ខ្លួន ពង្រឹងដល់ក្រុមគ្រួសារ និងគេហដ្ឋាន និងស្វែងរកហើយជួយដល់អ្នកដែលត្រូវការ ។ សេចក្ដីជំនឿ គ្រួសារ និង សេចក្ដីសង្គ្រោះ— ពាក្យសាមញ្ញទាំងបីនេះបានរួមគ្នាដើម្បីបង្ហាញការនិមិត្តរបស់ព្យាការីសម្រាប់បងប្អូនស្រីនៅក្នុងសាសនាចក្រ » ( ជូលី ប៊ី ប៊េក « ការនិមិត្តរបស់ព្យាការីទាក់ទងនឹងសមាគមសង្គ្រោះ ៖ សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៣ ។
-
តើគោលបំណងនៃសមាគមសង្គ្រោះផ្ដល់ពរដល់សាសនាចក្រទាំងមូលយ៉ាងដូចម្ដេច ? ( សិស្សគួររកឃើញនូវសេចក្ដីពិតតទៅនេះ ៖ សមាគមសង្រ្គោះខំប្រឹងប្រែងបង្កើនសេចក្តីជំនឿ និងសេចក្តីសុចរិតផ្ទាល់ខ្លួន ពង្រឹងក្រុមគ្រួសារ និងគេហដ្ឋាន ហើយស្វែងរក និងជួយដល់អ្នកទ័លក្រ ។ សាសនាចក្រទាំងមូលត្រូវបានប្រទានពរ នៅពេលស្ដ្រីសម្រេចបានគោលបំណងទាំងនេះ ) ។
-
តើអ្នកបានឃើញសមាគមសង្គ្រោះសម្រេចបានគោលបំណងរបស់ខ្លួនយ៉ាងដូចម្ដេច ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោម និងសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ព្យាការី យ៉ូសែប ស្ម៊ីធ បានប្រកាសថា ‹ សាសនាចក្រនឹងមិនអាចបានរៀបចំឡើងដោយល្អឥតខ្ចោះឡើយ រហូតដល់ស្រ្តីទាំងឡាយត្រូវបានបង្កើតឡើង › [ ការបង្រៀន ៖ យ៉ូសែប ស្ម៊ីធ ទំព័រ ៤៥១ ] ។ …
« ក្រៅពីយ៉ូសែប ស្ម៊ីធ ក៏មានព្យាការីថ្ងៃចុងក្រោយផ្សេងទៀតបានថ្លែងទីបន្ទាល់ថា អង្គការនៃសមាគមសង្គ្រោះគឺជាផ្នែកដ៏បំផុសគំនិតមួយនៃការស្ដារឡើងវិញ ដែលស្ដ្រីនៅក្នុងសាសនាចក្រត្រូវបានហៅបម្រើនៅក្នុងតួនាទីនៃសាសនា ដើម្បីបម្រើដល់គ្នាទៅវិញទៅមក និងប្រទានពរដល់សាសនាចក្រទាំងមូល ។ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ … បានមានប្រសាសន៍ថា ‹ អង្គការនេះគឺត្រូវបានបង្កើតដោយព្រះ អនុម័តដោយព្រះ ស្ថាបនាដោយព្រះ តែងតាំងឡើងដោយព្រះ ដើម្បីបម្រើដល់ការសង្គ្រោះព្រលឹងបុរស និងស្រ្តីទាំងឡាយ › [ Teachings of Presidents of the Church: Joseph F. Smith ( ឆ្នាំ ១៩៩៨ ), ទំព័រ ១៨៤ ] » ( Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ] ទំព័រ ៧ ) ។
-
តើសេចក្ដីថ្លែងការណ៍នេះបង្រៀនអំពីផ្នែករបស់សមាគមសង្គ្រោះដែលមាននៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អអ្វីខ្លះ ? ( នៅពេលសិស្សឆ្លើយ សូមប្រាកដថាពួកគេយល់ពីសេចក្ដីពិតនេះ ទោះបីជាវាត្រូវបានបង្ហាញតាមរបៀបខុសគ្នាក្ដី ៖ សមាគមសង្គ្រោះ គឺជាផ្នែកដ៏បំផុសគំនិតដ៏ទេវភាពមួយនៃការស្ដារឡើងវិញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
-
តើការដឹងថា ការរៀបចំសមាគមសង្គ្រោះជាផ្នែកមួយនៃការស្ដារឡើងវិញ បានធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
-
តើការចូលរួមរបស់ស្ដ្រីនៅក្នុងការហៅបម្រើក្នុងសាសនាចក្រ ជួយសាសនាចក្រឲ្យ « រៀបចំបានយ៉ាងឥតខ្ចោះ » ដោយរបៀបណា ?
ស្ដ្រី និងបព្វជិតភាព
សូមពន្យល់ទៅសិស្សថា មានអ្នកខ្លះដែលសួរថា ហេតុអ្វីបានជាស្ដ្រីមិនត្រូវបានតែងតាំងឲ្យនូវតំណែងបព្វជិតភាព ។ សូមបញ្ជាក់ថា ខណៈយើងមិនដឹងពីមូលហេតុដែលស្ដ្រីមិនត្រូវបានតែងតាំងឲ្យនូវតំណែងបព្វជិតភាព នោះយើងពិតជាដឹងថា ស្ដ្រីចូលរួមនៅក្នុងបព្វជិតភាពនៅក្នុងការហៅបម្រើសាសនាចក្ររបស់គេ និងនៅក្នុងគេហដ្ឋានរបស់គេ ។
សូមចែកដល់សិស្សម្នាក់ៗនូវច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖ សូមឲ្យសិស្សរកមើលរបៀបដែលស្ដ្រីអាចអនុវត្តសិទ្ធិអំណាចបព្វជិតភាព ៖
-
តើសេចក្ដីពិតអំពីតួនាទី និងទំនួលខុសត្រូវនៃស្ដ្រីនៅក្នុងសាសនាចក្រអ្វីខ្លះ ដែលអ្នករៀនពីអែលឌើរ អូក ? ( នៅពេលសិស្សចែកចាយចម្លើយរបស់គេ សូមប្រាកដថា ពួកគេយល់ពីសេចក្ដីពិតនេះ ៖ នៅពេលស្ដ្រីត្រូវបានញែកចេញដើម្បីបម្រើនៅក្នុងសាសនាចក្រ នោះពួកគេទទួលបានសិទ្ធិអំណាចបព្វជិតភាពដើម្បីបំពេញទំនួលខុសត្រូវរបស់គេ ) ។
ដើម្បីធ្វើឲ្យការយល់ដឹងរបស់សិស្សកាន់តែជ្រៅជ្រះ និងអារម្មណ៍របស់គេអំពីសេចក្ដីពិតដែលពួកគេបានពិភាក្សានៅក្នុងថ្នាក់បានដិតដល់ សូមបែងចែកសិស្សជាដៃគូ ហើយសូមឲ្យពួកគេពិភាក្សាសំណួរខាងក្រោម ៖
-
តើយើងអាចអភិវឌ្ឍអ្វីដែលយើងនិយាយអំពីស្ដ្រីនៅក្នុងសាសនាចក្រ ដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់ដ៏ពិតនៃការរួមចំណែករបស់ពួកគេដោយរបៀបណា ?
សូមឲ្យសិស្សចែកចាយពីអារម្មណ៍របស់ពួកគេអំពីឥទ្ធិពលរបស់ស្ដ្រី និងកិច្ចការដែលពួកគេធ្វើក្នុងនាមជាសិស្សនៅក្នុងនគររបស់ព្រះអម្ចាស់ ។ សូមលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពតាមអ្វីដែលពួកគេបានមានអារម្មណ៍អំឡុងពេលរៀនមេរៀននេះ ជាពិសេសដោយស្ថាបនាសារៈសំខាន់នៃសមាគមសង្គ្រោះនៅក្នុងជីវិតរបស់ពួកគេ ។
ការអានរបស់សិស្ស
-
ជូលី ប៊ី ប៊េក « ការនិមិត្តរបស់ព្យាការីទាក់ទងនឹងសមាគមសង្គ្រោះ ៖ សេចក្ដីជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៣–៨៥ ។