បណ្ណាល័យ
មេរៀនទី ២៥ ៖ សង្គ្រាម​នៅ​យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ


មេរៀនទី ២៥

សង្គ្រាម​នៅ​យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ

សេចក្តីផ្តើម

អំឡុង​ទសវត្សរ៍​ឆ្នាំ ១៨៥០ ភាពតានតឹង និង​ទំនាក់ទំនង​យល់ច្រឡំ​រវាង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​ពួកមន្ដ្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​នាំ​ឲ្យ​មាន​សង្គ្រាម​យូថាហ៍ឆ្នាំ ១៨៥៧–៥៨ ។ នៅ​ខែ កញ្ញា ឆ្នាំ ១៨៥៧ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មួយចំនួននៅក្នុង​ដែនដី​រដ្ឋ​យូដាហ៍​ភាគខាងត្បូង និង​សមាជិក​នៃ​ពួកអន្ដោប្រវេសន៍​ក្រុម​រទេះសេះ​នៅតាម​ផ្លូវ​របស់​គេ​ទៅរដ្ឋ​កាលីហ្វរញ៉ា​បាន​មាន​ជម្លោះ ហើយ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​កំហឹង និង​ភាពភ័យខ្លាច បាន​គ្រោង និង​សម្លាប់​ជនអន្ដោប្រវេសន៍​ប្រហែល​ជា ១២០ នាក់ ។ ភាពសាហាវ​យ៉ង់ឃ្នង​នេះ​ត្រូវបាន​គេ​ស្គាល់​ពេលនេះ​ថា​ជា​ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ ។

ការអាន​ពី​សាវតា

  • Richard E. Turley Jr., « The Mountain Meadows Massacre » Ensign, ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ១៧–២១ ។

  • « សន្តិភាព និង អំពើ​ហិង្សា​ក្នុង​ចំពោះ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​សតវត្សរ៍​ទី ១៩ » ប្រធាន​បទ​ដំណឹង​ល្អ នៅ​គេហទំព័រ lds.org/topics ។

  • ហិនរី ប៊ី អាវរិង « 150th Anniversary of Mountain Meadows Massacre » ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០៧ mormonnewsroom.org/article/150th-anniversary-of-mountain-meadows-massacre ។

យោបល់​សម្រាប់​ការបង្រៀន

ភាពតានតឹង​បាន​ដែល​កើត​ឡើង​រវាង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ជំនាន់​ដើម និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

handout iconសូម​ផ្ដល់​ដល់​សិស្ស​ម្នាក់ៗ​នូវ​ច្បាប់ចម្លង​នៃ ក្រដាស​ចែក​មួយ​ច្បាប់​ដែល​មាន​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ។ សូមឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ក្រដាស​ចែក​នៃ​កណ្ឌ​ដែល​មាន​ចំណងជើង​ថា « ការកើនឡើង​នៃ​ភាពតានតឹង​បាន​នាំឲ្យ​មាន​សង្គ្រាម​រដ្ឋយូថាហ៍ » ។

ក្រដាស​ចែក ៖ សង្គ្រាម​នៅ​យូដាហ៍ និង​ការសម្លាប់​រង្គាល​នៅ​​ភ្នំម៉េដូ
  • ប្រសិនបើ​អ្នក​ជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ម្នាក់​នៅឆ្នាំ ១៨៥៧ ហើយ​បាន​ឮ​ថា កងទ័ព​ដ៏​ធំ​មួយ​ក្រុម​នឹង​មក​ដល់​ទីក្រុង​របស់​អ្នក តើ​អ្នក​អាច​នឹង​មាន​ការបារម្ភ​អ្វីខ្លះ ? ( សិស្ស​អាច​លើក​ឡើង​ថា ពួកបរិសុទ្ធ​ត្រូវបាន​បណ្ដេញ​យ៉ាង​ព្រៃផ្សៃ​ចេញពី​រដ្ឋ​អូហៃអូ មិសសួរី និង​អិលលីណយ​ ហើយ​មនុស្ស​ជាច្រើន​បាន​បាត់បង់​របស់​ដ៏​មាន​តម្លៃ និង​ដីធ្លី ហើយ​អ្នកខ្លះ​ត្រូវបាន​គេ​សម្លាប់ ឬ​បាន​ស្លាប់​ក្នុងអំឡុងពេល​បៀតបៀន​ទាំងនេះ ។ ដំណឹង​នៃ​ការមកដល់​របស់​កងទ័ព​បាន​បណ្ដាល​ឲ្យ​ពួកបរិសុទ្ធ​ខ្លះ​បារម្ភ​ថា ព្រឹត្តិការណ៍​បែប​នោះ​ក៏​អាច​នឹង​កើតឡើង​នៅក្នុង​រដ្ឋ​យូដាហ៍​ដែរ ) ។

សូមឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ក្រដាស​ចែក​នៃ​កណ្ឌ​ដែល​មាន​ចំណងជើង​ថា « ការរៀបចំ​ការពារ​បូរណភាព​ដែនដី » ។

ជម្លោះបាន​កើតឡើង​រវាង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​មួយ​ចំនួន និង​សមាជិក​នៃ​ពួក​អន្ដោប្រវេសន៍​ក្រុម​រទេះសេះ

ផែនទី ផ្លូវ​របស់​ពួក​ក្រុម​រទេះសេះ

សូម​បង្ហាញ ផែនទី​ដែល​ស្រដៀង​ទៅនឹង​ផែនទី​ដែល​បង្ហាញ​នៅទីនេះ ឬ​សូម​គូស​វា​នៅលើ​ក្ដារខៀន ។

សូមឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ក្រដាស​ចែក​នៃ​កណ្ឌ​ដែល​មាន​ចំណងជើង​ថា « ជម្លោះ​ជាមួយ​នឹង​សមាជិក​នៃ​ពួក​អន្ដោប្រវេសន៍​ក្រុម​រទេះសេះ » ។

សូម​ឲ្យ​សិស្ស​គិត​អំពី​ពេល ដែល​ពួកគេ​បាន​ជួប​នឹង​ជម្លោះជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត ឬ​មនុស្ស​មួយ​ក្រុម ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី ៣ ១២:២៥ ឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀងតាម រកមើល​គោលការណ៍​មួយដែល​ព្រះយេស៊ូវ​បាន​បង្រៀន ដែល​អាច​ដឹកនាំ​យើង នៅពេល​យើង​ជួប​នឹង​ភាពតានតឹង​ជាមួយ​នឹង​អ្នកដទៃ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្តេច​ក្នុង​ឃ្លា « ព្រមព្រៀង​ជាមួយ​នឹង​អ្នកដើម​ចោទ​អ្នក​ជា​ប្រញាប់ » ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពីអត្ថន័យ​នៃ​ឃ្លានេះ អ្នក​អាច​សុំឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដេវីឌ អ៊ិ សូរិនសិន នៃ​ពួកចិតសិប​នាក់ ៖

អែលឌើរ ដេវីឌ អ៊ិ សូរិនសិន

« ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា ‹ ព្រមព្រៀង​ជាមួយ​នឹង​អ្នកដើម​ចោទ​អ្នក​ជា​ប្រញាប់ … › ដូច្នេះ​ទ្រង់​បាន​បញ្ជា​យើង​ឲ្យ​ដោះស្រាយ​នូវទិដ្ឋ​ភាពខុសគ្នា​របស់​យើង​ឲ្យ​បាន​រហ័ស មិនដូច្នោះ​ទេ​កំហឹង​មួយ​គ្រា​នោះ​នឹង​កើនឡើង​ទៅជា​ហិង្សា​ខាង​រាងកាយ ឬ​សតិ​អារម្មណ៍ ហើយ​យើង​បាន​ជាប់​ក្នុង​កំហឹង​របស់​យើង » ( « Forgiveness Will Change Bitterness to Love » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១១ ) ។

  • តើ​អ្នក​នឹង​សង្ខេប​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង នីហ្វៃទី ៣ ១២:២៥ ដោយ​របៀប​ណា ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​គោលការណ៍​​ស្រដៀង​គ្នា​ទៅនឹង​អ្វី​ដូច​តទៅ​នៅលើ​ក្ដារខៀន ៖ បើ​យើង​ដោះស្រាយ​ជម្លោះជាមួយ​នឹង​អ្នកដទៃ​តាម​របៀប​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ចៀសវាង​ពីឥទ្ធិពល​ដែល​នាំ​ឲ្យ​មហន្ដរាយ​ដោយ​ការទាស់ទែង​គ្នា ) ។

  • តើ​អស់​អ្នកដែលបាន​គ្រោងធ្វើ​ទុក្ខបុកម្នេញ​ដល់​សមាជិក​ក្រុម​រទេះសេះ អាច​អនុវត្ត​គោលការណ៍​នេះ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ក្រដាស​ចែក​នៃ​កណ្ឌ​ដែល​មាន​ចំណងជើង​ថា « ការកើនឡើង​នៃ​ការប្រឈមមុខ » ។

  • តើ​អ្នកដឹកនាំ​សាសនាចក្រ​ទីក្រុង​សេដា គួរ​តែ​បាន​ធ្វើ​អ្វីខ្លះ នៅពេល​វិល្លាម ដេម បាន​ប្រឹក្សា​ដល់​ពួកគេ​កុំ​ឲ្យ​ប្រើ​ក្រុម​ជីវពល ? តើ​ការបដិសេធ​ការប្រឹក្សា​នាពេលនោះ បាន​ដឹកនាំ​ពួកគេ​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( បន្ទាប់​ពីសិស្ស​បាន​ឆ្លើយ​តប សូម​សរសេរ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​មិនព្រម​ស្ដាប់តាម​ការប្រឹក្សា​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រូវ​ទេ នោះ​យើង​នឹង​កាន់តែ​មាន​ចិត្តស្រាល​ក្នុង​ការជ្រើសរើស​អ្វី​ដែល​មិន​ល្អ និង​កាន់តែ​មាន​បាប ) ។ អ្នក​ក៏​អាច​បង្ហាញ​ដែរ​ថា មាន​ចំណេះដឹង​ជា​ប្រព័ន្ធ​នៃ​ក្រុមប្រឹក្សា​ទាំងឡាយ​ដែល​គ្រប់គ្រង​សាសនាចក្រ ) ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ឆ្លាស់វេណ​គ្នា​អានឮៗ​ពី​ក្រដាស​ចែក​នៃ​កណ្ឌ​ដែល​មាន​ចំណង​ជើង​ថា « ការវាយ​ប្រហារ​លើ​ជនអន្ដោប្រវេសន៍ » ហើយ​សូម​ឲ្យ​សិស្ស​រកមើល​របៀប​ដែល​អ្នក​ដឹកនាំ​ទីក្រុង​សេដា បាន​បន្ដ​ជ្រើសរើស​ធ្វើ​បាប បន្ទាប់ពី​មិនស្ដាប់​តាម​ការប្រឹក្សា​ដែល​ពួកគេ​បាន​ទទួល ។

  • តើ​មាន​អ្វី​ជា​លទ្ធផល​មកពី​ការសម្រេចចិត្ត​របស់​អ្នក​ដឹកនាំ​ទីក្រុង​សេដា​ដើម្បី​មិន​គោរព​តាម​ការប្រឹក្សា​របស់​វិល្លាម ដេម ដែល​ជា​មេបញ្ជាការ​ជីវពល ?

  • នៅ​ចំណុច​នេះ តើ​ជម្រើស​ណា​ខ្លះ ដែល​ជា​ទំនួលខុសត្រូវ​របស់​អស់​អ្នក​ដែល​បានធ្វើ​ការវាយ​ប្រហារ​ទាំងនោះ ? ( ពួកគេ​អាច​សារភាព​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ និង​បាន​ទទួល​លទ្ធផល​នានា ឬ​ពួកគេ​អាច​ព្យាយាម​លាក់​កំបាំង​នូវ​បទឧក្រិដ្ឋ និង​អំពើបាប​ទាំងឡាយ ) ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​ធ្វើ​អ្វីខ្លះ នៅពេល​អ្នក​ធ្វើ​អ្វីមួយ​ខុស ? តើ​អ្នក​សារភាព​ពី​អ្វី​ដែល​អ្នក​បាន​ធ្វើ​ខុស និង​បាន​ទទួល​លទ្ធផល​នានា ឬ​តើ​អ្នក​ព្យាយាម​លាក់​បាំង​នូវ​អំពើបាប​ទាំងនោះ​តាមរយៈ​ការបោក​បញ្ឆោត ?

ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ខ្លះ​បាន​គ្រោង និង​បាន​សម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ

សូម​ពន្យល់​ថា សមាជិក​សាសនាចក្រ​បាន​ពាក់ពន័្ធ​នៅក្នុង​ការវាយប្រហារ​ជនអន្ដោប្រវេសន៍​នេះ បាន​ជ្រើសរើស​ដើម្បី​ព្យាយាម​លាក់បាំង​អំពើ​បាប​របស់​ពួកគេ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​អ្វី​ដែល​បាន​កើតឡើង​ដែល​ជា​លទ្ធផល​នៃ​ការសម្រេចចិត្ត​នេះ នៅពេល​សិស្ស​ឆ្លាស់វេន​គ្នា​អាន​ឮៗ​ពី​ក្រដាស​ចែក​ផ្នែក ដែល​មាន​ចំណងជើង​ថា « ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ » និង « លទ្ធផល​សោកនាដកម្ម » ។

សូម​ពន្យល់​ថា ជម្រើស​របស់​ពួកអ្នកដឹកនាំ និង​អ្នក​រស់នៅ​ជា​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ខ្លះ​នៅក្នុង​ដែនដី​រដ្ឋ យូថាហ៍​ភាគ​ខាងត្បូង បាន​ដឹកនាំ​ឲ្យ​មាន​សោក​នាដកម្ម​នោះ​ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ ។ ផ្ទុយទៅវិញ អ្នកដឹកនាំ​សាសនាចក្រ និង​អ្នកដឹកនាំ​ដែនដី​នៅក្នុង​ទីក្រុង​សលត៍ លេក បាន​ដោះស្រាយ​ជម្លោះជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​តាមរយៈ​ការនិយាយ និង​ការចរចារ​ដោយ​សន្ដិភាព​នៅក្នុង​ឆ្នាំ ១៨៥៨ ។ អំឡុងពេល​នៃ​ជម្លោះនេះ —ដែល​ក្រោយមក​ត្រូវបាន​ហៅ​ថា សង្គ្រាម​រដ្ឋ​យូថាហ៍ — ពួកទាហាន​សហរដ្ឋ និង​ពួកជីវពល​រដ្ឋ​យូថាហ៍​បាន​ប្រឡូក​នឹង​សកម្មភាព​នៃ​ការឈ្លានពាន ប៉ុន្ដែ​មិន​ដែល​ចូលរួម​ក្នុង​ចម្បាំង​ឡើយ ។

  • តើ​អ្នក​នឹង​សង្ខេប​ជម្រើស​ដែល​បាននាំ​ទៅរក​ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ​ដោយ​របៀប​ណា ?

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀន​ពី​សោកនាដកម្ម​នេះ ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​ផ្សេងៗ​ដូច​ខាង​ក្រោម​នេះ ៖ ការជ្រើសរើស​ដើម្បី​លាក់បាំង​អំពើបាប​របស់​យើង​អាច​នាំ​យើង​ទៅប្រព្រឹត្ត​អំពើបាប​កាន់តែ​ធ្ងន់​ជាង​នេះ​ទៀត ។ ការជ្រើសរើស​ដើម្បី​លាក់បាំង​អំពើ​បាប​របស់​យើង​អាច​នាំ​មកនូវ​ការសោកស្ដាយ និង​ការរងទុក្ខ ) ។

សូម​បញ្ជាក់ប្រាប់​ដល់​សិស្ស​ថា ប្រសិនបើ​ពួកគេ​បាន​ចាប់ផ្ដើម​ដើរ​លើ​ផ្លូវ​ខុស និង​ផ្លូវ​នៃ​អំពើបាប​ហើយ នោះ​ពួកគេ​អាច​ការពារ​មិន​ឲ្យ​មាន​នូវ​ការឈឺចិត្ត និង​ការសោកស្ដាយ​នាពេល​អនាគត​បាន ដោយ​ការបែរ​ទៅរក​ព្រះអម្ចាស់ និង​ការប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ក្រដាស​ចែក​នៃ​កណ្ឌ​ដែល​មាន​ចំណងជើង​ថា « ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​រៀន​ពី​ការសម្លាប់​រង្គាល » ។

សូម​ពន្យល់​ថា ដោយសារ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ក្នុង​តំបន់​មួយ​ចំនួន បាន​ទទួល​ខុសត្រូវ​លើ​ការគ្រោង និង​ការអនុវត្ត​ក្នុង​ការសម្លាប់​រង្គាល​នៅលើ​ភ្នំម៉េដូ នោះ​ប្រជាជន​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​ហេតុការណ៍​នេះ​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ការគិត​អំពី​សាសនាចក្រ​ទាំងមូល​របស់​ពួកគេ ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ដឹង​ថា ការធ្វើ​ខុស​របស់​សមាជិក​សាសនាចក្រ​ខ្លះ មិន​បាន​សម្រេច​ដល់​សេចក្ដីពិត​ពេញលេញ​ទាំងមូល​នៃ​ដំណឹងល្អ ?

សូមឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ដែល​មាន​នៅក្នុង​ក្រដាច​ចែក​ផ្នែក ដែល​មាន​ចំណង​ជើង​ថា « ខួប​រំឭក​ទី ១៥០ នៃ​ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ » ។

  • តើ​យើង​អាច​ឆ្លើយតប​យ៉ាងណា នៅពេល​យើង​រៀន​ពី​គំរូ​នានា នៅពេល​ដែល​មាន​សមាជិក​សាសនាចក្រ​ខ្លះ​ខកខាន​មិន​បាន​រស់នៅស្រប​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ឲ្យ​សិស្ស​មនាក់​អាន ហេលេមិន ៥:១២ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​មើលតាម រកមើល​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​អភិវឌ្ឍ និង​រក្សា​ទីបន្ទាល់​របស់​យើង ដើម្បី​ពេលណា​យើង​ជួប​នឹង​គ្រាលំបាក​នានា ដូចជា​នៅពេល​យើង​រៀន​ពី​គំរូ​នៃ​សមាជិក​សាសនាចក្រ​ដែល​បាន​ខកខាន​មិន​បាន​រស់នៅ​ស្របតាម​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​សេចក្ដីជំនឿ​របស់​យើង​នឹង​មិន​ដែល​រង្គោះរង្គើ​ឡើយ ។

  • ស្របតាម ហេលេមិន ៥:១២ តើ​យើង​អាច​ធ្វើអ្វីខ្លះ​ដើម្បី​អភិវឌ្ឍ និង​រក្សា​នូវ​ទីបន្ទាល់​របស់​យើង​ឲ្យ​បាន​គង់វង្ស ? ( នៅពេល​សិស្ស​ឆ្លើយតប អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ យើង​អាច​អភិវឌ្ឍ​ទីបន្ទាល់​ដ៏​រឹងមាំ​ទាំងឡាយ ដោយ​ការសាងសង់​សេចក្ដីជំនឿ​របស់យើង​នៅលើ​គ្រឹះ​របស់​ព្រះយេស៊ូវគ្រីស្ទ ) ។

ដើម្បី​ចង្អុលបង្ហាញ​ពី​គោលការណ៍​នេះ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម និង​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

« ជេម សេនឌើរ គឺជា​ចៅទួត​ប្រុស​របស់… ដែល​ជា​ក្មេង​ម្នាក់​ដែល​បាន​នៅរស់​ពី​ការសម្លាប់​រង្គាល [ ហើយ​ក៏​ជា​សមាជិក​ម្នាក់​នៃ សាសនាចក្រ​ផងដែរ ] ។ … បងប្រុស សេនឌើរ .. បាន​មាន​ប្រសាសន៍​ថា ការដឹង​ពី​ដូនតា​របស់​លោក​ថា​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ការសម្លាប់​រង្គាល ‹ មិន​បាន​ប៉ះពាល់​ដល់​សេចក្ដីជំនឿ​របស់​ខ្ញុំ​នោះទេ ដោយសារ​វា​ផ្អែកលើ​ព្រះយេស៊ូវគ្រីស្ទ មិនមែន​លើ​មនុស្ស​នៅក្នុង​សាសនាចក្រ​នោះ​ទេ › » ( Richard E. Turley Jr., « The Mountain Meadows Massacre » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ២១ ) ។

  • តើ​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ អាច​ពង្រឹង​ដល់​យើង​យ៉ាងណា នៅពេល​យើង​រៀន​ពី​គំរូ​នានា នៅពេល​ដែល​មាន​សមាជិក​សាសនាចក្រ​ខ្លះ​ខកខាន​មិន​បាន​រស់នៅស្រប​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ដល់​ខ្លួនអ្នក​ឲ្យ​សាង​សេចក្ដីជំនឿ​របស់​អ្នក​នៅលើ​គ្រឹះ​របស់​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ថ្លែងទីបន្ទាល់​អំពី​សារសំខាន់​នៃ​ការរស់នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ និង​ការផ្អែក​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​សាង​សេចក្ដីជំនឿ​របស់​ពួកគេ​ឲ្យ​បានកាន់តែ​ប្រសើរ​ឡើង​នៅលើ​គ្រឹះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដើម្បី​អាច​ដាក់​គោលដៅ​មួយ​ដើម្បី​ធ្វើ​ដូច្នោះ ។

ការអាន​របស់​សិស្ស

  • « សន្តិភាព និង អំពើ​ហិង្សា​ក្នុង​ចំពោះ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​សតវត្សរ៍​ទី ១៩ » ប្រធាន​បទ​ដំណឹង​ល្អ នៅ​គេហទំព័រ lds.org/topics ។

សង្គ្រាម​នៅ​យូថាហ៍ និង ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ

មូលដ្ឋាន​នៃ​ការស្ដារឡើងវិញ— មេរៀន​ទី ២៥

ការកើនឡើង​នូវ​ភាពតានតឹង​បាន​នាំ​ទៅរក​សង្គ្រាម​នៅ​យូថាហ៍

បីឆ្នាំ​ក្រោយពី​អ្នក​ត្រួសត្រាយ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដំបូង​គេ​បាន​មកដល់​ជ្រលង​ភ្នំ​សលត៍ លេក នោះ​រដ្ឋាភិបាល​សហរដ្ឋ​បាន​រៀបចំ​ដែនដី​យូថាហ៍ និង​បាន​ចាត់តាំង ព្រិកហាំ យ៉ង់ ជា​អភិបាល​រដ្ឋ​ទីមួយ​លើ​ដែនដី​នេះ ។ នៅពាក់​កណ្ដាល​ឆ្នាំ ១៨៥៧ ថ្នាក់ដឹកនាំ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ជាច្រើន​បាន​ឮ​ពី​ពាក្យ​ចចាមអារ៉ាម​ថា រដ្ឋាភិបាល​សហពន្ធ័​អាច​ដក​ព្រិកហាំ យ៉ង់ ហើយ​ជំនួស​អភិបាល​ថ្មី​នៃ​ដែនដី​រដ្ឋ យូថាហ៍​ដែល​មាន​ខ្នង​បង្អែក​ដោយ​ទាហាន​សហពន្ធ័​ជាច្រើន​នាក់ ។ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៥៧ ប្រធាន ព្រិកហាំ យ៉ង់ បាន​នៅ​ជាមួយ​នឹង​ក្រុម​ពួកបរិសុទ្ធ​មួយ​ដែល​កំពុង​ប្រារព្ធ​ខួប​រំឭក​លើកទី ១០ នៃ​ការមកដល់​របស់​ពួកគេ​នៅក្នុង​ជ្រលង​ភ្នំ​សលត៍ លេក​នេះ នៅពេល​លោក​បាន​ទទួល​ការបញ្ជាក់​អំពី​ដំណឹង​ពីមុន​នោះ​ថា កងទព័​មួយ​ក្រុម​កំពុង​មកកាន់​ទីក្រុង សលត៍ លេក ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​ការមិនយល់ព្រម និង​ការខ្វែងគំនិតគ្នា​ដែល​បន្សល់​ទុក​នូវ​ការកើនឡើង​នូវ​ភាពតានតឹង​រវាង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ និង​ពួកមន្ដ្រី​រាជការ​នៃ​រដ្ឋាភិបាល​សហរដ្ឋ ។ ពួកបរិសុទ្ធ​ចង់​បាន​អ្នកដឹកនាំ​ដែល​ពួកគេ​បាន​ជ្រើសរើស ហើយ​បាន​បដិសេធ​នូវ​ការចាត់តាំង​របស់​សហពន្ធ័ ដែល​មិន​បាន​ឲ្យ​តម្លៃ​ដល់​ពួកគេ ហើយ​ដែល​អ្នកខ្លះ​មិន​បាន​ស្មោះត្រង់ ពុករលួយ និង​គ្មាន​សីលធម៌​សោះ​ឡើយ ។ ពួកមន្ដ្រី​សហពន្ធ័​ខ្លះ​បាន​ជឿ​ថា សកម្មភាព និង​ឥរិយាបថ​របស់​ពួកបរិសុទ្ធ​មាន​ន័យ​ថា ពួកគេ​កំពុង​ស្ថិត​ក្នុង​ការបះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​សហរដ្ឋ ។

ប្រធាន​សហរដ្ឋ ជេម ប៊ូខាណាន បាន​បញ្ជូន​កងទព័​ប្រមាណ​ជា ២៥០០ នាក់ទៅកាន់​ទីក្រុង​សលត៍ លេក ដើម្បី​អមដំណើរ​អភិបាល​រដ្ឋ​ថ្មី​មួយ​ប្រកបដោយ​សុវត្ថិភាព​ទៅរដ្ឋ​យូថាហ៍ ហើយ​ដើម្បី​បង្រ្កាប​ដល់​ការបះបោរ​ដែល​មាន​នៅក្នុង​ចំណោម​ពួកបរិសុទ្ធ ជា​អ្វី​ដែល​លោក​បាន​គិត​នោះ ។ ការសម្រេចចិត្ត​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​គ្មាន​ព័ត៌មាន​ត្រឹមត្រូវ​អំពី​ស្ថានការណ៍​នៅក្នុង​រដ្ឋ យូថាហ៍​ឡើយ ( សូមមើល Church History in the Fulness of Times Student Manual, បានកែ​សម្រួល​លើកទីពីរ [ Church Educational System manual ឆ្នាំ ២០០៣ ] ទំព័រ ៣៦៨–៧១ ) ។

ការរៀបចំ​ដើម្បី​ការពារ​បូរណភាព​ដែនដី

នៅក្នុង​ទេសនកថា​ដល់​ពួកបរិសុទ្ធ ប្រធាន យ៉ង់ និង​អ្នក​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​បាន​ចាត់ទុក​កងទ័ព​ដែល​នឹង​មក​នោះ​ថា​ជា​សត្រូវ ។ ពួកគេ​បាន​ភ័យខ្លាច​ថា ពួកកងទ័ព​នោះ​អាច​នឹង​បណ្ដេញ​ពួកបរិសុទ្ធ​ចេញពី​រដ្ឋ​យូថាហ៍ ដូចដែល​ពួកគេ​ធ្លាប់​ត្រូវបាន​គេ​បណ្ដេញ​ចេញ​ពី​រដ្ឋ​អូហៃអូ មីសសូរី និង​អិលលីណយ​ពី​មុន​មក ។ ប្រធាន យ៉ង់ ដែល​បាន​សុំ​ឲ្យ​ពួកបរិសុទ្ធ​សន្សំ​ទុក​គ្រាប់ធញ្ញជាតិ​ជាច្រើន​ឆ្នាំ​មក បាន​ផ្ដល់​ការណែនាំ​ថ្មី​របស់​លោក​ដើម្បី​ឲ្យ​ពួកគេ​នឹង​មាន​អាហារ​បរិភោគ ប្រសិនបើ​ពួកគេ​ត្រូវ​រត់គេច​ពី​កងទ័ព​នេះ ។ ក្នុងនាម​ជា​អភិបាល​រដ្ឋ​យូថាហ៍ លោក​ក៏​បាន​ដឹកនាំ​ឲ្យ​ក្រុមជីវពល​ដែនដី​រៀបចំ​ការពារ​ដល់​បូរណភាព​ទឹកដី​ដែរ ។

ជម្លោះ​ជាមួយ​ពួក​អន្ដោប្រវេសន៍​ក្រុម​រទេះសេះ

ក្រុមរទេះសេះ ដែលធ្វើអន្តោប្រវេសន៍ បានធ្វើដំណើរមក​ភាគ​ខាងលិច​ពី​រដ្ឋ​អាកាន់សាស ទៅកាន់រដ្ឋ​កាលីហ្វ័រញ៉ា បាន​ចូលមក​រដ្ឋ យូថាហ៍ ចំពេល​ដែល​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​កំពុង​រៀបចំ​ការពារ​ដែនដី ប្រឆាំង​នឹង​ការមក​ដល់​នៃ​កងទ័ព​របស់​សហរដ្ឋ ។ សមាជិក​នៃ​ក្រុម​រទេះសេះ​ខ្លះ​បានរសាប់រសល់ ដោយសារតែ​ពួកគេ​ពិបាក​នឹង​ទិញ​គ្រាប់​ធុញ្ញជាតិ​ដែល​ត្រូវការ​ជាខ្លាំង​ពី​ពួកបរិសុទ្ធ ដែល​ត្រូវបាន​ណែនាំ​ឲ្យ​រក្សា​គ្រាប់​ធុញ្ញាជាតិ​នោះទុក ។ ជន​អន្ដោប្រវេសន៍​នោះ​ក៏​បាន​មាន​ជម្លោះជាមួយ​នឹង​ពួកបរិសុទ្ធ ដែល​មិន​ចង់​ឲ្យ​សេះ និង​សត្វគោ​ជាច្រើន​របស់​ពួកក្រុម​រទេះសេះ​នេះ​ប្រើប្រាស់​អាហារ និង​ធនធាន​ទឹក​ដែល​ពួកបរិសុទ្ធ​ត្រូវការ​សម្រាប់​សត្វ​របស់​ពួកគេ​ផ្ទាល់​ដែរ ។

ទំនាស់បាន​ផ្ទុះឡើង​នៅ​ទីក្រុង​សេដា ជា​ទីតាំង​ចុងក្រោយ​គេ​នៅក្នុង​រដ្ឋ យូថាហ៍​តាមដង​ផ្លូវ​ទៅកាន់​រដ្ឋ​កាលីហ្វ័រញ៉ា ។ ការប្រឈម​មុខ​ជាច្រើន​បាន​កើតឡើង រវាង​សមាជិក​នៃ​ក្រុម​រទេះសេះ​ខ្លះ និង​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ ។ សមាជិក​នៃ​ក្រុម​រទេះសេះ​ខ្លះ​បាន​គម្រាមកំហែង​ថា​នឹង​ចូលរួម​ក្នុង​កងទ័ព​រដ្ឋាភិបាល​ដែល​កំពុងតែ​ចេញ​ដំណើរ​មក​ប្រឆាំង​នឹង​ពួកបរិសុទ្ធ ។ ទោះបីជា​មេបញ្ជាការ​នៃ​ក្រុម​រទេះសេះ​នេះ​បាន​ស្ដីបន្ទោស​ដល់​ដៃគូ​របស់​លោក​ដោយសារ​បាន​ធ្វើ​ការគម្រាមកំហែង​ទាំងនេះ​ក្ដី ក៏​អ្នក​ដឹកនាំ​ទីក្រុង​សេដា​ខ្លះ និង​អ្នករស់នៅ​ទីនោះ​បាន​ចាត់ទុក​ថា​ជន​អន្ដោប្រវេសន៍​នេះ​ជា​សត្រូវ​ដែរ ។ ក្រុម​រទេះសេះ​នេះ​បាន​ចាកចេញ​ពី​ទីក្រុង​ក្រោយពី​បាន​មកដល់​តែ​ត្រឹម​ប្រហែល​មួយ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្ដែ​ប្រជាជន និង​អ្នកដឹកនាំ​ខ្លះ​នៅ​ទីក្រុង​សេដា បាន​ចង់​ដេញតាម និង​ដាក់ទោស​ដល់​មនុស្ស​ទាំងឡាយ​ដែល​បាន​មើលងាយ​ដល់​ពួកគេ ។

ការប្រឈមមុខ​គ្នា​រាលដាល​កាន់តែ​ធំឡើង

ដោយសារ​ពួកបរិសុទ្ធ​ទាំងនេះ​មិន​បាន​ដោះស្រាយ​នូវ​ជម្លោះរបស់​ពួកគេ​ជាមួយ​នឹង​ជនអន្ដោប្រវេសន៍​តាម​របៀប​របស់​ព្រះអម្ចាស់ នោះ​ស្ថានការណ៍​នេះ​បាន​ក្លាយទៅ​ជា​កាន់តែ​ធ្ងន់ទៅៗ ។ អ៊ីសាក ហេត ជា​អភិបាល​ក្រុង​សេដា ជាវរសេនីយត្រី​ជីវពល និង​ជា​ប្រធាន​ស្ដេក បាន​ស្នើសុំ​ការអនុញ្ញាត​ពី​មេបញ្ជាការ​ជីវពល ដែល​បាន​រស់នៅ​ក្បែរ​ផារ៉ូវាន់ ឲ្យ​កោះហៅ​ជីវពល​ឲ្យ​ជួយ​បង្ក្រាបពួកអ្នកមើលងាយ​ពី​ក្រុម​រទេះសេះ ។ មេបញ្ជាការ​ជីវពល​ឈ្មោះ វិល្លាម ដេម ជា​សមាជិក​សាសនាចក្រ​ម្នាក់​បាន​ប្រឹក្សា​នឹង​អ៊ីសាក ហេត កុំ​ឲ្យ​ខ្វល់​ច្រើន​ពី​សម្ដី​គម្រាម​របស់​ជន​អន្ដោប្រវេសន៍​នោះ​ធ្វើ​អ្វី ។ ជាជាងស្ដាប់​តាម​ការប្រឹក្សា​នេះ អ៊ីសាក ហេត និង​អ្នកដឹកនាំ​ទីក្រុង​សេដា​ផ្សេង​ទៀត​បាន​សម្រេច​ចិត្ត​ទៅ​បញ្ចុះបញ្ចូល​ពួកឥណ្ឌា​សាសន៍​អាមេរិកាំង​ដើម​ក្នុង​តំបន់​ខ្លះ​ឲ្យ​វាយប្រហារ​ក្រុម​រទេះសេះ និង​ទៅ​លួច​គោ​របស់​ពួកគេ ដើម្បី​ជា​របៀប​មួយ​ក្នុងការ​ដាក់ទោស​ដល់​ជន​អន្ដោប្រវេសន៍​នោះ ។ អ៊ីសាក ហេត បាន​សុំ​ឲ្យ​ចន ឌី លី ជា​សមាជិក​សាសនាចក្រ​ក្នុង​តំបន់​ម្នាក់ និង​ជា​វរសេនីយត្រី ដឹកនាំ​ការវាយលុក​នេះ ហើយ​បុរស​ទាំងពីរ​រូប​នេះ​បាន​គ្រោង​ដើម្បី​ទម្លាក់​កំហុស​លើ​ពួកឥណ្ឌា​សាសន៍​អាមេរិកាំង​ដើម​ចំពោះ​ទង្វើ​នេះ ។

ការវាយប្រហារ​លើ​ជន​អន្ដោប្រវេសន៍

អ៊ីសាក ហេត បាន​បង្ហាញ​គម្រោង​វាយលុក​ក្រុម​រទេះសេះ​នេះដល់​ក្រុមប្រឹក្សា​អ្នកដឹកនាំ​ក្នុង​តំបន់​នៅក្នុង​សាសនាចក្រ សហគមន៍ និង​ជីវពល ។ សមាជិក​ក្រុមប្រឹក្សា​ខ្លះ​បាន​មិន​យល់ព្រម​យ៉ាង​ដាច់​អហង្ការ​ចំពោះ​គម្រោង​នេះ ហើយ​បាន​សួរ ហេត ថា​តើ​លោក​បាន​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន ព្រិកហាំ យ៉ង់ អំពី​បញ្ហា​នេះ​ហើយ​ឬ​នៅ ។ ដោយ​បាន​និយាយ​ថា លោក​មិន​ទាន់​បាន​សួរ​នៅឡើយ លោក​ហេត ក៏​បាន​យល់ព្រម​បញ្ជូន​សារទូត​ម្នាក់ គឺ​លោក​ជេម ហេសឡេម ទៅកាន់​ទីក្រុង​សលត៍ លេក អម​ដោយ​សំបុត្រ​មួយ​ច្បាប់​ពន្យល់​ពី​ស្ថានការណ៍ និង​សួរ​ថា​ត្រូវ​តែ​ធ្វើ​អ្វី ។ ទោះជាយ៉ាងណាក្ដី ដោយសារ​ទីក្រុង​សលត៍ លេក មាន​រយៈ​ចម្ងាយ​ប្រហែល ២៥០ ម៉ាយល៍ ( ៤០០ គីឡូម៉ែត្រ ) ពី​ទីក្រុង​សេដា វា​ត្រូវការ​ប្រហែល​ជា​មួយ​សប្ដាហ៍​ក្នុង​ការជិះ​សេះ​យ៉ាង​លឿន​ដើម្បី​ទៅដល់​ទីក្រុង​សលត៍ លេក និង​ត្រឡប់​មក​ទីក្រុង​សេដា​វិញ​ដោយ​មាន​ដំបូន្មាន​ពី​ប្រធាន យ៉ង់ ជាមួយ​នឹង​សារទូត​នោះ ។

មុន​នេះ​បន្ដិច មុនពេល​អ៊ីសាក ហេត បាន​បញ្ជូន​សារ​របស់​លោក​ជាមួយ​នឹង​សារទូត ថន ឌី លី និង​ពួកឥណ្ឌា​សាសន៍​អាមេរិកាំង​ដើម​មួយ​ក្រុម​បាន​វាយលុក​ជំរុំ​ក្រុម​ជន​អន្ដោប្រវេសន៍​នៅកន្លែង​មួយ​ដែល​ហៅ​ថា ភ្នំម៉េដូ ។ លី បាន​ដឹកនាំ​ការវាយលុក​នេះ ប៉ុន្ដែ​បាន​លាក់​អត្តសញ្ញាណ​របស់​លោក ដើម្បី​ឲ្យ​វា​មើល​ទៅ​មាន​តែ​ពួកឥណ្ឌា​សាសន៍​អាមេរិកាំង​ដើម​ប៉ុណ្ណោះ​ដែល​បាន​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ។ ជន​អន្ដោប្រវេសន៍​ខ្លះ​ត្រូវបាន​គេ​សម្លាប់ ឬ​រង​របួស ហើយ​អ្នកនៅ​សេសសល់​បាន​បណ្ដេញ​ពួកអ្នកវាយលុក​ពួកគេ ដោយ​បង្ខំ​លី និង​ពួកឥណ្ឌា​សាសន៍​អាមេរិកាំង​ដើម​ឲ្យ​ដកថយ ។ ជន​អន្ដោប្រវេសន៍​បាន​ទាញ​រទេះសេះ​របស់ខ្លួន​ជា​រង្វង់ ឬ​ក្រោល​មួយ​យ៉ាង​មាំ​ភ្លាមៗ​ដើម្បី​ការពារ​ខ្លួន ។ ការវាយលុក​ពីរ​ដង​ទៀត​បាន​កើតឡើង អំឡុង​ពេល​ការឡោមព័ទ្ធ​ក្រុម​រទេះសេះ​បាន​ប្រាំថ្ងៃ ។

នៅពេល​មួយ ពួក​ជីវពល​ទីក្រុង​សេដា​បាន​ដឹង​ថា​មាន​ជនអន្ដោប្រវេសន៍​ពីរ​នាក់​បាន​ចេញ​ពី​ក្រោល​រទេះសេះ​នោះ ។ ពួកជីវពល​បាន​បាញ់​ពួកគេ ដោយ​បាន​សម្លាប់គេម្នាក់ ។ បុរស​ម្នាក់​ទៀត​បាន​រត់​គេច​ផុត ហើយ​បាន​នាំ​ដំណឹង​នេះ​ទៅដល់​ជំរុំ​រទេះសេះ​ថា មាន​បុរស​ស្បែក​ស​ពាក់ព័ន្ធ​នឹង​ការវាយលុក​ប្រឆាំង​នឹង​ពួកគេ ។ ឥឡូវ​នេះ អស់​អ្នក​ដែល​បាន​គ្រោង​ការវាយប្រហារ​នេះ​ត្រូវបាន​គេ​ចាប់កលល្បិច​របស់​ខ្លួនបាន ។ ប្រសិនបើ​ជនអន្ដោប្រវេសន៍​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ដ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​កាលីហ្វ័រញ៉ា នោះ​ដំណឹង​នេះ​នឹង​រាលដាល​ថា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​ទាក់ទង​នឹង​ការវាយប្រហារ​លើ​ពួកក្រុម​រទេះសេះ​នេះ ។ ពួកអ្នក​រួមគំនិត​ក្បត់ បាន​ខ្លាច​ថា​ដំណឹង​នេះ​នឹង​នាំឲ្យ​មាន​លទ្ធផល​អវិជ្ជមាន​មកដល់​ខ្លួនគេ និង​ប្រជាជន​របស់​ពួកគេ ។

ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ

នៅក្នុង​បំណង​ដើម្បី​រារាំង​ដំណឹង​នេះ​កុំ​ឲ្យ​រាលដាល​ថា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​បាន​​ចូល​រួម​នៅក្នុង​ការវាយ​ប្រហារ​លើ​ក្រុម​រទេះសេះ​នេះ នោះ​អ៊ីសាក ហេត, ចន ឌី លី និង​អ្នក​ដឹកនាំ​សាសនាចក្រ​ក្នុង​តំបន់ និង​ក្រុម​ជីវពល​បាន​បង្កើត​គម្រោង​មួយ​ដើម្បី​សម្លាប់​អ្នកនៅរស់​ទាំងអស់ លើកលែង​តែ​កូនក្មេង​តូចៗ​ប៉ុណ្ណោះ ។ ក្នុង​ការអនុម័ត​គម្រោងការ​នេះ ចន ឌី លី បាន​ទៅដល់​ពួកជន​អន្ដោប្រវេសន៍ ហើយ​បាន​និយាយ​ថា ពួកជីវពលនឹង​ការពារ​ពួកគេ​កុំ​ឲ្យ​រង​ការវាយប្រហារ​ផ្សេង​ទៀត ដោយ​នឹង​ជួយ​នាំ​ពួកគេ​ត្រឡប់​ទៅកាន់​ទីក្រុង​សេដា​វិញ​ឲ្យ​មាន​សុវត្ថិភាព ។ នៅពេល​ពួកជនអន្ដោប្រវេសន៍​បាន​ដើរ​ទៅកាន់​ទីក្រុង​សេដា ពួកជីវពល​បាន​ត្រឡប់​ក្រោយ និង​បាន​បាញ់​ពួកគេ ។ ពួកឥណ្ឌា​សាសន៍​អាមេរិកាំង​ដើម​ខ្លះ​ដែល​បាន​ចូលរួម​នឹង​ពួកប្រជាជន​នោះ​បាន​រត់ចេញ​ពី​កន្លែង​លាក់ខ្លួន​មក​ដើម្បី​ជួយ​បាញ់​បន្ថែម ។ មាន​ជនអន្ដោប្រវេសន៍​ប្រហែល ១៤០ នាក់​ដែល​បាន​ចូលរួម​នៅក្នុង​ក្រុម​រទេះសេះ​នេះ តែ​មានតែ​កូនក្មេង ១៧ នាក់​ប៉ុណ្ណោះ​ដែល​នៅរស់ ។

ពីរថ្ងៃ​បន្ទាប់ពី​ការសម្លាប់​រង្គាល​នោះ ជេម ហេលឡេម បាន​មកដល់​ទីក្រុង​សេដា​ដោយ​មាន​សារ​ឆ្លើយតប​របស់​ប្រធាន យ៉ង់ មកផង ដែល​បាន​ណែនាំ​ឲ្យ​ពួកអ្នកដឹកនាំ​ក្នុង​តំបន់​ឲ្យ​អនុញ្ញាត​ឲ្យ​ក្រុម​រទេះសេះ​នោះ​ធ្វើដំណើរ​បន្ដ​ទៀត​ដោយ​មាន​សន្ដិភាព ។ « នៅពេល​ហេត បាន​អាន​ពាក្យ​របស់​ប្រធាន យ៉ង់ លោក​បាន​យំ​ដូចជា​កូនក្មេង​ម្នាក់ ហើយ​អាច​និយាយ​ចេញ​តែ​ពាក្យ ‹ យឺតពេល​ហើយ យឺតពេល​ហើយ › » ( Richard E. Turley Jr., « The Mountain Meadows Massacre » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។

លទ្ធផល​ដ៏​សោកសៅ​ទាំងឡាយ

ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ មិនត្រឹម​តែ​បន្សល់​ទុក​នូវ​ការស្លាប់​របស់​ជនរងគ្រោះ​ប្រហែល ១២០ នាក់​ប៉ុណ្ណោះទេ ប៉ុន្ដែ​វា​ថែមទាំង​បណ្ដាល​ឲ្យ​មាន​ការរងទុក្ខ​ជាខ្លាំង​ផងដែរ​ចំពោះ​កូនក្មេងដែល​នៅរស់ និង​សាច់ញាតិ​ផ្សេងទៀត​របស់​ជនរងគ្រោះ​ទាំងនោះ ។ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ខ្លះ​បាន​ទទួល​យក និង​បាន​ថែទាំ​ដល់​កូនក្មេង​នៃ​ជនអន្ដោប្រវេសន៍​ដែល​បាន​នៅរស់​ពី​ការសម្លាប់​រង្គាល​នោះ ។ នៅក្នុង​ឆ្នាំ ១៨៥៩ ពួកមន្ដ្រី​សហព័ន្ធ​បាន​ទទួល​សិទ្ធិ​អាណាព្យាបាល​លើ​កូនក្មេង​ទាំងនេះ ហើយ​បាន​បញ្ជូន​ពួកគេ​ត្រឡប់​ទៅរក​សាច់ញាតិ​របស់​គេ​នៅក្នុង​រដ្ឋ​អាកាន់សាស ។ ពួកឥណ្ឌា​សាសន៍​អាមេរិកាំង​ដើម​ឈ្មោះផៃយូត​ក៏​បាន​រងនូវ​ការស្ដីបន្ទោស​ដ៏​អយុត្តិធម៌​ចំពោះ​បទឧក្រិដ្ឋកម្ម​នេះ ។

អ្នកដឹកនាំ​សាសនាចក្រ​បាន​ដឹង​ពី​ការសម្លាប់​រង្គាល​នេះ

« ទោះបីជា​ព្រិកហាំ យ៉ង់ និង​អ្នកដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​នៅក្នុង​ទីក្រុង​សលត៍ លេក បាន​ដឹង​ពី​ការសម្លាប់​រង្គាល​នេះ​ភ្លាមៗ​បន្ទាប់ពី​វា​បាន​កើតឡើង​ក្ដី ក៏​ការយល់ដឹង​របស់​ពួកលោក​អំពី​ទំហំ​នៃ​ការពាក់ព័ន្ធ​របស់​ប្រជាជន និង​ព័ត៌មាន​លម្អិត​ដ៏​អាក្រក់​នៃ​បទល្មើស​នេះ​បាន​មក​បន្តិច​ម្តងៗ​ក្នុងអំឡុង​ពេលដ៏យូរ ។ នៅក្នុង​ឆ្នាំ ១៨៥៩ ពួកលោក​បាន​ដោះលែង​ការហៅ​របស់​ពួកគេ​ដែល​មាន ប្រធាន អ៊ីសាក ហេត និង​អ្នកដឹកនាំ​សាសនាចក្រ​ដែល​មាន​តំណែង​ខ្ពស់​ផ្សេង​ទៀត​នៅក្នុង​ទីក្រុង​សេដា ដែល​បាន​រួម​ដៃ​នៅក្នុង​ការសម្លាប់​រង្គាល​នោះ ។ នៅក្នុង​ឆ្នាំ ១៨៧០ ពួកលោក​បាន​កាត់កាល​អ៊ីសាក ហេត និង​ចន ឌី លី ចេញពី​សាសនាចក្រ ។

« នៅក្នុង​ឆ្នាំ ១៨៧៤ ក្រុមចៅក្រម​ដ៏​ធំ​នៃ​ដែនដី បាន​ដាក់ទោស​បុរស​ចំនួន​ប្រាំ​បួន​រូប​ចំពោះ​ការរួម​ដៃ​របស់​ពួកគេ​នៅក្នុង​ការសម្លាប់​រង្គាល​នោះ ។ នៅ​ទីបញ្ចប់ ពួកគេ​ភាគច្រើន​ត្រូវបាន​គេ​ចាប់ខ្លួន​ទោះបីជា​មានតែ​លី ដែល​ត្រូវបាន​គេ​ចោទប្រកាន់ កាត់ទោស និង​ផ្ដន្ទាទោស​ចំពោះ​បទឧក្រិដ្ឋ​នេះ​ក្ដី ។ បុរស​ដែល​ត្រូវបាន​តុលាការ​ដាក់ទោស​ផ្សេងទៀត​បាន​ដាក់​ជូន​នូវ​ភស្ដុតាង​របស់​រដ្ឋ [ បាន​សារភាព​ដោយ​ស្ម័គ្រចិត្ត និង​បាន​ដាក់ជូន​នូវ​ភស្ដុតាង​ប្រឆាំង​នឹង​កូនក្ដី​ផ្សេងទៀត ] ហើយ​អ្នកផ្សេង​ទៀត​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​រត់គេច​ពី​ប្រព័ន្ធ​ច្បាប់ ។ ពួកជីវពល​ផ្សេងទៀត​ដែល​សម្លាប់​យ៉ាង​រង្គាល​នេះ បាន​រស់នៅ​ក្នុង​ជីវិត​មួយ​នៅក្រោម​អារម្មណ៍​ជាប់ទោស​ដ៏​អាប់អួរ និង​បាន​មានបទពិសោធន៍​យ៉ាង​អាក្រក់​ចំពោះ​អ្វី​ដែល​ពួកគេ​ធ្វើ និង​បាន​ឃើញ » ( Richard E. Turley Jr., « The Mountain Meadows Massacre » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។

ខួបរំឭក​លើកទី ១៥០ នៃ​ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ ៖

« ទំនួលខុសត្រូវ​ចំពោះ [ ការសម្លាប់​រង្គាល​នៅ​ភ្នំម៉េដូ ] មាន​ដល់​អ្នកដឹកនាំ​ក្នុង​តំបន់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នៅក្នុង​តំបន់​ក្បែរ​ភ្នំម៉េដូ ដែល​បាន​កាន់តំណែង​ស៊ីវិល និង​ទាហាន និង​លើ​ពួកសមាជិក​នៃ​សាសនាចក្រ​ដែល​ធ្វើការ​នៅក្នុង​ការដឹកនាំ​របស់​ពួកគេ ។ …

« … ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល យើង​ប្រកាន់ ស្អប់​ការសម្លាប់​ដ៏​ឃោរឃៅ​ដល់​បុរស ស្ដ្រី និង​កូនក្មេង ។ តាមពិត វាបាន​គាំទ្រ​ដល់​សេចក្ដីសុខសាន្ត និង ការអភ័យទោស ។ អ្វី​បាន​កើតឡើង [ នៅឯ​ភ្នំម៉េដូ ] ជាយូរ​កន្លង​មក ដោយ​ការប្រព្រឹត្ត​របស់​ពួកសមាជិក​នៃ​សាសនាចក្រ​របស់​យើង តំណាង​ឲ្យ​ការដើរ​លើ​ផ្លូវ​ខុស​ដ៏​ខ្លាំង និង​មិន​អាច​ដោះសារ​បាន​លើ​ការបង្រៀន និង​ការដឹកនាំ​របស់​ពួកគ្រីស្ទាន ។ … គ្មាន​ការសង្ស័យ​នៃ​ភាពយុត្តិធម៌​នៃ​សា្ថនសួគ៌​ណា នឹង​អាច​ដាក់លើ​ការផ្តន្ទាទោស​ដ៏​ត្រឹមត្រូវ​ចំពោះ​អស់អ្នកដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​រង្គាល​នេះ​បានឡើយ ។ …

« … សូម​ឲ្យ​ព្រះ​ដែល​គង់​នៅលើ​ស្ថានសួគ៌ ប្រទានពរ​ដល់​យើងរាល់គ្នា ដែល​ជាបុត្រា និង​បុត្រី​ទ្រង់ ​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​អស់អ្នក​ដែល​បាន​ស្លាប់​នៅទីនេះ ដោយ​ការបង្ហាញ​ដល់​គ្នា​ទៅវិញទៅមក​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ និង​វិញ្ញាណ​នៃ​ការអភ័យទោស​ដែល​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​គត់​របស់​ទ្រង់​បាន​ធ្វើ​បដិរូបកម្ម » ( « 150th Anniversary of Mountain Meadows Massacre » ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០៧ នៅ​គេហទំព័រ mormonnewsroom.org/article/150th-anniversary-of-mountain-meadows-massacre ) ។