បណ្ណាល័យ
មេរៀន​ទី ៣ ៖ ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន


មេរៀន​ទី ៣

ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន

សេចក្តីផ្តើម

ព្រះអម្ចាស់​បាន​បញ្ជូន​ទេវតា​មរ៉ូណៃ ដើម្បី​រៀបចំ​យ៉ូសែប ស្ម៊ីធ ឲ្យ​ទទួល និង បក​ប្រែ​ព្រះគម្ពីរ​មរមន ។ ដំណើរការ​នៃ​ការបកប្រែ​ពិត​នោះ ​គឺ​បាន​ដឹង​តិចតួច​ណាស់ ។ យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ « ដោយ​អំណោយ​ទាន និង​ព្រះចេស្តា​របស់​ព្រះ » ( បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ការបោះពុម្ព ឆ្នាំ ១៨៣០ ) ។ ស្រប​តាម​ច្បាប់​នៃ​សាក្សី ( សូមមើល កូរិនថូសទី ២ ១៣:១) នោះ​ព្រះអម្ចាស់​បាន​ឲ្យ​មនុស្ស​ជាច្រើន​ទៀត​ធ្វើ​ជា​សាក្សី​អំពី​បញ្ជី​បុរាណ​នេះ ។ ទីបន្ទាល់​របស់​ពួកគេ ​ពង្រឹង​ភាពគួរឲ្យ​ជឿ​បាន​នៃ​ព្រះគម្ពីរ​មរមន​សម្រាប់​ពិភពលោក​ទាំង​មូល ។

ការអាន​ពី​សាវតា

  • នែល អេ ម៉ាក់ស្វែល By the Gift and Power of God, Ensign, ខែ មករា ឆ្នាំ ១៩៩៧ ទំព័រ ៣៦–៤១ ។

  • « ការបកប្រែ​ព្រះគម្ពីរ​មរមន » ប្រធានបទ​ដំណឹង​ល្អ lds.org/topics ។

  • « Coming Forth of the Book of Mormon and Restoration of the Priesthood » ជំពូក​ទី ៥ នៅ​ក្នុង Church History in the Fulness of Times Student Manual, ការបោះពុម្ព​លើក​ទី ២ (Church Educational System manual, ឆ្នាំ ២០០៣ ) ទំព័រ ៥២–៦៦ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣០–៣៥, ៤២–៥៤

បាន​បក​ប្រែ​ដោយ​អំណោយទាន និង ព្រះចេស្ដា​របស់​ព្រះ

សូម​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ស្ម័គ្រចិត្ត​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​ចាំ​ពី​ទស្សនកិច្ច​របស់​ទេវតា​មរ៉ូណៃ​ជួប​យ៉ូសែប ស្ម៊ីធ​ដ៏​ក្មេង​វ័យ​នៅ​យប់​ថ្ងៃ​ទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ ។ បើចាំបាច់ សូម​ចែកចាយ​ព័ត៌មាន​ខាងក្រោម ៖

« នា​រាត្រី​ថ្ងៃ​ទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ យ៉ូសែប សម្រាក​នៅ​លើ​ធ្នើ​គ្រែ​ក្នុង​ផ្ទះ​របស់​គ្រួសារ​លោក​នៅ​ក្នុង​ភូមិប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ប៉ុន្តែ​គាត់​មិន​ទាន់​សម្រាក​នៅ​ឡើយ ក្រោយ​ពី​អ្នក​ផ្សេង​ទៀត​បាន​ដេក​លង់លក់​អស់​ទៅ ហើយ​ដោយ​អធិស្ឋាន​យ៉ាង​អន្ទះសា​ដើម្បី​ដឹង​បន្ថែម​ទៀត​អំពី​គោលបំណង​របស់​ព្រះ​សម្រាប់​ខ្លួន​លោក ។ …

« នៅក្នុងចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​លោក យ៉ូសែប បាន​ឃើញ​ពន្លឺ​មួយ​បាន​រះឡើង​នៅ​ក្នុង​បន្ទប់​លោក ឯ​ពន្លឺ​នោះ​ចេះ​តែ​ភ្លឺ​ខ្លាំង​ឡើងៗ​រហូត​ដល់​ពេញ​បន្ទប់​ទាំងមូល ‹ ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ត្រង់​ទៅ​ទៀត › ។ សារទូត​ឋានសួគ៌​មួយ​រូប​បាន​បង្ហាញ​កាយ​នៅ​ក្បែរ​គ្រែ​របស់​លោក ឈរ​នៅ​លើ​អាកាស​ពាក់​អាវ ‹ ស​ជាង​អ្វីៗ​ទាំងអស់ › ។ (យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣០–៣១) ។ សារទូត​នេះ​គឺ​មរ៉ូណៃ ជា​ព្យាការី​ចុង​ក្រោយ​របស់​សាសាន៍​នីហ្វៃ​ដែល​កាល​ពី​ប៉ុន្មាន​សតវត្សរ៍​មុន បាន​កប់​ផ្ទាំង​ដែល​មាន​ការសរសេរ​របស់​ព្រះគម្ពីរ​មរមន ហើយ​ដែល​ឥឡូវ​នេះ​កាន់កូនសោ​ទាក់ទង​នឹង​បញ្ជី​ពិសិដ្ឋ​នេះ ( សូម​មើល គ. និង ស. ២៧:៥) ។ លោក​ត្រូវ​បាន​បញ្ជូន​ឲ្យ​ប្រាប់​យ៉ូសែប ស្មីធ ថា​ព្រះ​បាន​អភ័យ​ទោស​ដល់​លោក ហើយ​មាន​កិច្ចការ​ដ៏​ធំ​មួយ​សម្រាប់​ឲ្យ​លោក​ធ្វើ ។ ជា​ផ្នែក​នៃ​កិច្ចការ​នេះ យ៉ូសែប បាន​ទៅ​កូនភ្នំ​ដែល​នៅ​ក្បែរ​នោះ ដែល​ជា​កន្លែង​ដែល​បញ្ជី​ពិសិដ្ឋ សរសេរ​លើ​ផ្ទាំង​មាស​ត្រូវ​កប់​ទុក ។ …យ៉ូសែប បាន​បកប្រែ​បញ្ជី​នោះ ហើយ​បាន​នាំ​វា​ចេញ​មក​កាន់​ពិភពលោក ។

« នៅថ្ងៃ​បន្ទាប់ យ៉ូសែប ស៊្មីធ បាន​ទៅ​កូន​ភ្នំ ដែល​ផ្ទាំង​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​កប់ទុក​នោះ ។ នៅ​ទីនោះ​លោក​បាន​ជួប មរ៉ូណៃ ហើយ​ឃើញ​ផ្ទាំង​នោះ ប៉ុន្តែ​លោក​ត្រូវ​បាន​ប្រាប់​ថា លោក​មិន​ត្រូវ​យក​វា​រហូត​ដល់​បួន​ឆ្នាំ​ក្រោយ ។ …

« …នៅថ្ងៃ​ទី ២២ ខែ កញ្ញា ឆ្នាំ ១៨២៧ [ អែមម៉ា ភរិយា​របស់​យ៉ូសែប ] បាន​ទៅ​កូនភ្នំនោះ​ជាមួយ​លោក ហើយ​ចាំ​នៅ​ក្បែរ​នោះ ខណៈ​ដែល​មរ៉ូណៃ​បាន​ប្រគល់​ផ្ទាំង​នោះ​ដល់​ដៃ​របស់​ព្យាការី » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ], ទំព័រ ៥៧–៥៩) ។

សូម​ឲ្យ​សិស្ស​បើក​ទៅ​ទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន ហើយ​រំពៃ​មើល​កថាខណ្ឌ​ទី​មួយ ដោយ​ស្វែងរក​ព័ត៌មាន​អំពី​របៀប​ដែល​បញ្ជី​បុរាណ​នេះ​អាច​ចេញ​មក និង ត្រូវ​បាន​បកប្រែ ។ បន្ទាប់​ពី​សិស្ស​បាន​អាន​ហើយ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ( សិស្ស​អាច​រកឃើញ​សេចក្តី​ពិត​ដូច​ខាង​ក្រោម​នេះ ៖ ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ​ដោយ​អំណោយ​ទាន និង ព្រះចេស្តា​របស់​ព្រះ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:៣៤-៣៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​របៀប​មួយ​ដែល​ព្រះអម្ចាស់​បាន​ជួយ​យ៉ូសែប ស្ម៊ីធ​បកប្រែ​ព្រះគម្ពីរ​មរមន ។

  • យោង​ទៅតាម​ខគម្ពីរ​ទាំង​នេះ តើ​ព្រះអម្ចាស់​បាន​ជួយ​យ៉ូសែប ស្ម៊ីធ ឲ្យ​បកប្រែ​បញ្ជី​បុរាណ​នេះ​តាម​របៀប​ណា ? ( ព្រះអម្ចាស់​បាន​ប្រទាន យ៉ូរីម និង​ធូមីម សម្រាប់​ការបកប្រែ ) ។

សូម​ពន្យល់​ថា ឧបករណ៍​មួយ​ទៀត​ដែល​យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ពេល​បកប្រែ​ព្រះគម្ពីរ​មរមន​នោះ​គឺ​ជា​ថ្ម​រាង​ពង​ក្រពើ​តូច​មួយ ពេល​ខ្លះ​ហៅ​ថា​ជា « ថ្ម​អ្នក​មើល​ឆុត » ដែល​លោក​បាន​ឃើញ​ជា​ច្រើន​ឆ្នាំ​ពីមុន​លោក​បាន​ទទួល​ផ្ទាំង​មាស​នោះ ( សូមមើល « ការបកប្រែ​ព្រះគម្ពីរ​មរមន » ប្រធានបទ​ដំណឹង​ល្អ lds.org/topics) ។ ដំណើរ​រឿង​ប្រវត្តិសាស្ត្រ​នេះ​បង្ហាញ​ថា​ព្យាការី​យ៉ូសែប បាន​ប្រើ​យ៉ូរីម និង​ធូមីម ហើយ​ពេល​ខ្លះ​ប្រើ​ថ្ម​អ្នក​មើល​ឆុត​ដើម្ប​បកប្រែ ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យ​ឮៗដើម្បី​ជួយ​សិស្ស​យល់​ថា ព្រះអម្ចាស់​បាន​បើក​សម្តែង​ការបកប្រែ​ភាសា​អង់គ្លេស​នៃ​ព្រះគម្ពីរ​មរមន​ដើម្បី​ជួយ​ព្យាការី​តាមរយៈ​យ៉ូរីម និង​ធូមីម និង ថ្ម​អ្នក​មើល​ឆុត ៖

« នៅពេល​សង្កត់​ធ្ងន់​ជាពិសេស​ទៅ​លើ​ដំណើរការ​បកប្រែ នោះ​យ៉ូសែប បាន​ប្រាប់​ដដែល​ជា​ច្រើន​ដង​ថា​វា​ត្រូវ​បាន​ធ្វើ​ឡើង​ ‹ តាមរយៈ​អំណោយ​ទាន និង ព្រះចេស្តា​របស់​ព្រះ › ហើយ​មាន​ម្តង​នោះ​បាន​បន្ថែម​ថា ‹ វា​ពុំ​មាន​បំណង​ប្រាប់​ដល់​ពិភព​លោក​ទាំងអស់​អំពី​ភាព​ពិសេស​នៃ​ការ​លេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​ឡើយ › ។

« ហេតុដូច្នេះ​ហើយ អ្នក​សរសេរ និង មនុស្ស​ដទៃ​ទៀត ដែល​បាន​មើល​ការបកប្រែ​បាន​បន្សល់​នូវ​ដំណើរ​រឿង​ជា​ច្រើន​ដែល​ផ្តល់​ចំណេះ​ដឹង​នៅ​ក្នុង​ដំណើរ​ការ​នោះ ។ ដំណើរ​រឿង​ខ្លះ​បង្ហាញ​ថា យ៉ូសែប បាន​សិក្សា​អក្សរ​នៅ​លើ​ផ្ទាំង​នោះ ។ ដំណើរ​រឿង​ភាគច្រើន​និយាយ​ពី​ការប្រើប្រាស់​យ៉ូរីម និង​ធូមីម របស់​យ៉ូសែប ស្ម៊ីធ ( ឬ​ការប្រើ​ថ្ម​អ្នក​បកប្រែ ឬ អ្នក​មើលឆុត ហើយ​ដំណើរ​រឿង​ជា​ច្រើន​បាន​និយាយ​ពី​ការប្រើប្រាស់​ដុំ​ថ្ម​តែ​មួយ ។ យោង​តាម​ដំណើរ​រឿង​ទាំងអស់​នេះ យ៉ូសែប បាន​ដាក់​ទាំង​ថ្ម​អ្នក​បកប្រែ ឬ អ្នក​មើលឆុត​នៅ​ក្នុងមួក ឈ្ងោក​មុខ​របស់​លោក​ទៅ​ក្នុង​មួក​ដើម្បី​បាំង​ពន្លឺ​ដែល​ចាំង​ពី​ខាង​ក្រៅ ហើយ​អាន​ឮៗ​ជា​ភាសា​អង់គ្លេស​ដែល​បាន​លេច​បង្ហាញ​នៅ​លើ​ឧបករណ៍​នោះ ។ ដំណើរការ​ដែល​បាន​ពិពណ៌នា បាន​នាំ​ចិត្ត​ទៅ​ដល់​វគ្គ​ខ​គម្ពីរ​មួយ​ពី​ព្រះគម្ពីរ​មរមន ដែល​និយាយ​អំពី ការរៀបចំ​របស់​ព្រះ ‹ ត្បូង​មួយ​ដែល​នឹង​បំភ្លឺ​ក្នុង​ទី​ងងឹត​ឲ្យ​ទៅ​ជា​ពន្លឺ › [អាលម៉ា ៣៧: ២៣–២៤] » (« ការបកប្រែ​ព្រះគម្ពីរ​មរមន » ប្រធាន​បទ​ដំណឹង​ល្អ lds.org/topics) ។

សូម​ពន្យល់​ថា ជំនួយ​របស់​ព្រះអម្ចាស់​ក៏​ជា​ភស្តុតាង​នៅក្នុង​ពេល​ដ៏​ខ្លី​ដែល​យ៉ូសែប ស៊្មីធ​បាន​បកប្រែ​ព្រះគម្ពីរ​មរមន ។ សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ រ័សុល អិម ណិលសុន

« សូមគិត​ពី​ពេល​ដ៏​ខ្លី​ដែល​យ៉ូសែប​បាន​បកប្រែ​ព្រះគម្ពីរ​មរមន ។ ចាប់​ផ្តើម​ធ្វើ​ការបកប្រែ​ពីខែ មេសា ដល់​ខែ មិថុនា ឆ្នាំ ១៨២៨ យ៉ូសែប​បាន​បកប្រែ ១១៦ ទំព័រ​ដែល​ម៉ាទីន​ហារីស​បាន​ធ្វើ​ឲ្យ​បាត់ ។ យ៉ូសែប បាន​ចាប់​ផ្តើម​បកប្រែ​ម្តង​ទៀត​នៅ​ថ្ងៃ អង្គារ ទី ៧ ខែ មេសា ១៨២៩ ជាមួយ​អូលីវើរ ខៅឌើរី ដែល​ជា​អ្នក​សរសេរ ។ ការសរសេរ​ដៃ​បាន​បញ្ចប់​ប៉ែត​សិប​ប្រាំ​ថ្ងៃ​ក្រោយ​មក នៅ​ថ្ងៃ​ទី ៣០ ខែ មិថុនា នៃ​ឆ្នាំ​នោះ ។ ពិតមែនហើយ មិនមែន​គ្រប់​ពេល​ទាំង​អស់​នោះ​ត្រូវ​បាន​ចំណាយ​លើ​ការបកប្រែ​នោះ​ទេ ។ …តាម​ការសន្មត់​មួយ​ដែល​បាន​រក្សា​ទុក ហាសិប​ប្រាំ​មួយ​ថ្ងៃ​ដែលនៅ​សល់​នេះ ឬ ថ្ងៃ​ជាច្រើន​ទៀត​ដែល​ព្យាការី និង អ្នក​សរសរ​របស់​លោក​បាន​បកប្រែ​ព្រះគម្ពីរ​នោះ មាន​ ៥៣១ ទំព័រ​ដែល​មាន​នៅ​ក្នុង​ការបោះពុម្ព​បច្ចុប្បន្ន​នេះ ។ ( សូមមើល John W. Welch Ensign, ខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៤៦–៤៧ ) ។ បើគិត​ជា​មធ្យម​ទៅ​បកប្រែ​បាន​ប្រាំបី​ទំព័រ​រាល់​ថ្ងៃ ។ សូម​ពិចារណា​ពី​ការណ៍​នេះ​នៅពេល​អ្នក​បកប្រែ​សៀវភៅ​មួយ ឬ នៅពេល​អ្នក​ដាក់​កាលវិភាគ​ការអាន​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន » (« A Treasured Testament » Ensign, ខែ កក្កដា ឆ្នាំ ១៩៩៣ ទំព័រ ៦១–៦២ ) ។

  • តើ​មាន​របៀប​ណា​ខ្លះ​ដែល​នាំឲ្យ​មាន​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន « ​ដោយ​អំណោយ​ទាន និង ព្រះចេស្តា​របស់​ព្រះ ? »

  • បើសិន​យើង​មិន​ដឹង​ពី​ព័ត៌មាន​លម្អិត​ទាំងអស់​ជុំ​វិញ​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន តើ​យើង​អាច​ដឹង​ថា​ព្រះគម្ពីរ​នេះ​ពិត​យ៉ាង​ដូចម្តេច ? ( យើង​អាច​ទទួល​សាក្សី​ខាង​វិញ្ញាណ​អំពី​ព្រះគម្ពីរ​មរមន ដោយ​ពុំ​ដឹង​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការបកប្រែ​របស់​វា​ក៏​ដោយ ) ។

  • តើ​មាន​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ទទួល​ទី​បន្ទាល់​អំពី​ព្រះគម្ពីរ​មរមន ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ដំបូង​មរ៉ូណៃ​បាន​ចេញ​មក​ជាមួយ​នឹង​ផ្ទាំង​ដែល​បាន​បកប្រែ​ជា​ព្រះគម្ពីរ​មរមន ។ នេះ​ជា​រឿង​មួយ​ដ៏​វិសេស និង អស្ចារ្យ​អ្វី​ម្ល៉េះ ។ ដំណើរ​រឿង​របស់​យ៉ូសែប​អំពី​ផ្ទាំង​មាស​គឺ​អស្ចារ្យ ។ វា​ពិបាក​ដើម្បី​ជឿ ហើយ​ងាយ​នឹង​បង្ក​រឿង ។ តើ​គាត់​អាច​សរសេរ​វា​ដោយ​សមត្ថភាព​ខ្លួន​លោក​ឬ ? បងប្អូនប្រុសស្រី ព្រះគម្ពីរ​នេះ​នៅ​ទី​នេះ​សម្រាប់​អ្នក​ទាំងអស់​គ្នា​មើល កាន់ និង អាន ។ គ្រប់​ការព្យាយាម​ពន្យល់​ពី​ប្រភព​ពិត​របស់​វា ផ្សេង​ពី​អ្វី​ដែល​លោក​បាន​ពន្យល់ នោះ​វា​ខុស​ពី​ភាព​ពិត​នោះ​ហើយ ។ លោក​មិន​បាន​រៀន​ច្រើន​ទេ ហើយ​នៅ​ក្នុង​ពេល​ដ៏​ខ្លី លោក​បាន​សម្រេច​បាន​នូវ​ការបកប្រែ​ដែល​បាន​បោះពុម្ព​ចេញ​ជាង ៥០០ ទំព័រ ។ …

« អស់​ពេល​ជា​ច្រើន​ឆ្នាំ​នេះ​ការរិះគន់​បាន​ព្យាយាម​ពន្យល់​ការណ៍​នេះ ។ ពួកគេ​បាន​និយាយ​ប្រឆាំង​នឹង​វា ។ ពួកគេ​បាន​ចំអក​ដាក់​វា ។ ប៉ុន្តែ​វា​នៅ​មាន​អាយុ​វែង​ជាង​អ្នក​ទាំង​នោះ ហើយ​ឥទ្ធិពល​របស់​វា​នា​ពេល​សព្វថ្ងៃ​នេះ​គឺ​អស្ចារ្យ​ជាង​ពេល​ណាៗ​ទាំង​អស់​នៅ​ក្នុង​ប្រវត្តិ​របស់​វា » (« The Stone Cut Out of the Mountain » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៨៥ ) ។

  • តើ​អ្នក​អាច​និយាយ​អ្វី​ខ្លះ ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​ពុះពារ​ដើម្បី​ជឿ​ថា​ព្រះគម្ពីរ​មរមន​ពិត​នោះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា​ព្រះគម្ពីរ​មរមន​បាន​ចេញ​មក​ដោយ​អំណោយ​ទាន និង ព្រះចេស្តា​នៃ​ព្រះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧

ទីបន្ទាល់​នៃ​សាក្សី​បី​នាក់ និង សាក្សី​ប្រាំបី​នាក់

សូម​ពន្យល់​ថា ខណៈ​ដែល​យ៉ូសែប ស្ម៊ីធ កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន នោះ​លោក​បាន​រៀន​ថា ព្រះអម្ចាស់​នឹង​តែងតាំង​អ្នក​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​បញ្ជី​បុរាណ ( សូមមើល នីហ្វៃទី ២ ២៧:១២–១៣; អេធើរ ៥:២–៥) ។ នៅពេលនោះ អូលីវើរ ខៅឌើរី ដាវីឌ វីតមើរ និង ម៉ាទីន ហារីស ម្នាក់ៗ​បាន​បញ្ជាក់​ពី​បំណង​ប្រាថ្នា​ដើម្បី​ធ្វើ​ជា​សាក្សី​ពិសេស​នេះ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧ មាន​ការណែនាំ​របស់​ព្រះអម្ចាស់​ដល់​បុរស​ទាំង​នេះ ។

សូម​ឲ្យ​សិស្ស​បួនប្រាំ​នាក់​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៧:១-៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ដល់​សាក្សី​ដើម្បី​ធ្វើ បន្ទាប់​ពី​ពួកគេ​បាន​ឃើញ​ផ្ទាំង​នោះ ។ ក្រោយពី​សិស្ស​បាន​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ហើយ សូម​សួរ ៖

  • ហេតុអ្វី​ក៏​អ្នកគិត​ថា បុរស​ទាំង​នេះ​ចាំបាច់​ត្រូវ​បង្ហាញ​សេចក្ដីជំនឿ ដូចជា​ពួកព្យាការី​ជំនាន់​ដើម ពីមុន​ព្រះអម្ចាស់​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​មើល​ផ្ទាំង​ចំណារ​នោះដូច្នោះ?

  • យោងតាម ខ ៣-៥តើ​ទំនួល​ខុស​ត្រូវ​អ្វី​ខ្លះ ដែល​សាក្សី​ទាំង​នេះ​មាន បន្ទាប់​ពី​បាន​ឃើញ​ផ្ទាំង ?

  • តើ​យើង​មាន​ទំនួល​ខុសត្រូវ​អ្វី​ខ្លះ ពេល​ព្រះអម្ចាស់​បង្ហាញ​ដល់​យើង​នូវ​សេចក្ដីពិត​ដ៏​ពោរពេញ​អំពី​ព្រះគម្ពីរ​មរមន ? ( សិស្ស​គួរ​តែ​រកឃើញ​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ បន្ទាប់​ពី​យើង​ទទួល​បាន​សាក្សី​នៃ​សេចក្ដីពិត នោះ​យើង​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ថ្លែងទីបន្ទាល់​អំពី​វា ។ [ សូមមើល​ផងដែរ គ. និង ស. ៨៨:៨១ ] ) ។ អ្នក​អាច​ចង្អុល​បង្ហាញ​ថា គោលការណ៍​នេះ​គឺ​ជា​គំរូ​មួយ​ដែល​យើង​អាច​រក​បាន​នៅ​ក្នុង​ព្រះគម្ពីរ ។ « គំរូ​គឺ​ជា​ផែនការ​មួយ ម៉ូត​មួយ ឬ បទដ្ឋាន​មួយ ដែល​អាច​ត្រូវ​បាន​ប្រើ​ទុក​ជា​ការដឹកនាំ​ផ្លូវ​សម្រាប់​ធ្វើ ឬ បង្កើត​អ្វី​មួយៗ » [ ដាវីឌ អេ បែដណា « A Reservoir of Living Water » ( ការប្រជុំពិសេស​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ) ទំព័រ ៥ speeches.byu.edu] ) ។

  • តើ​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​អាច​បង្ហាញ​ពី​សេចក្ដី​ជំនឿ​របស់​យើង​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ដំណើរ​រឿង​ខាង​ក្រោម​របស់​យ៉ូសែប ស្ម៊ីធ ឮៗ អំពី​បទ​ពិសោធន៍​របស់​លោក​ជាមួយ​នឹង​សាក្សី​បី​នាក់​នោះ ។

« ម៉ាទីន ហារីស, ដាវីឌ វិតមើរ, អូលីវើរ ខៅឌើរី និង រូប​ខ្ញុំ​បាន​យល់​ព្រម​ចូល​ទៅ​កាន់​ព្រៃ ហើយ​បាន​លុត​ជង្គង់​ចុះ រួច​ពួក​យើង​បាន​ចាប់​ផ្ដើម​អធិស្ឋាន​ដោយ​ស្មោះត្រង់ និង បន្ទាបខ្លួន​អំពី​ការបំពេញ​នៃ​ការសន្យា​នោះ ។ … [ បន្ទាប់​ពី ] យើង​បាន​បរាជ័យ​ជា​លើក​ទីពីរ ចំពោះ​រឿង​នេះ ម៉ាទីន ហារីស បាន​ស្នើ​សុំ​ថា គាត់​គួរ​តែ​ដក​ខ្លួន​ចេញ​ពី​យើង តាម​ដែល​គាត់​បាន​បង្ហាញ​ប្រាប់​ដោយ​ខ្លួន​គាត់​ថា គាត់​ជឿថា​វត្តមាន​របស់​គាត់ គឺ​ជា​មូលហេតុ​ដែល​យើង​ពុំ​អាច​ទទួលបាន​ចម្លើយ​តាម​ដែល​យើង​ប៉ង​ប្រាថ្នា​សុំ​នោះទេ ។ រួច​គាត់ក៏​បាន​ដកខ្លួន​ចេញ​ពី​យើង​ទៅ ហើយ​យើង​បាន​លត់ជង្គង់​ចុះ​ម្ដងទៀត ហើយ​មិន​បាន​ប៉ុន្មាន​នាទី​ផង នៅក្នុង​ការអធិស្ឋាន… នោះ​ទេវតា [ មរ៉ូណៃ ] ឈរ​នៅ​ចំពោះ​យើង ។ លោក​កាន់​ផ្ទាំង​នៅ​ក្នុង​ដៃ​របស់​លោក ។ …លោក​បាន​បើក​សន្លឹក​ទំព័រ​មួយ​ម្ដងៗ ដើម្បី​យើង​អាច​ឃើញ ហើយ​យល់​ពី​ការចារឹក​ទាំងនោះ​បាន​យ៉ាង​ច្បាស់ ។ … យើង​បាន​ស្ដាប់ឮ​សំឡេង​មួយ​ចេញមកពី​ក្នុង​ពន្លឺ​នៅ​ខាង​លើ​យើង ដោយ​ថ្លែង​ថា ‹ ផ្ទាំងចំណារ​ទាំងនេះ ត្រូវ​បាន​បើក​សម្ដែង​ឡើង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ហើយ​វា​ត្រូវ​បាន​បក​ប្រែ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។ ការ​បកប្រែ​របស់​វា ដែលអ្នកបាន​មើល​ឃើញ​គឺ​ត្រឹមត្រូវ ហើយ​ខ្ញុំ​បញ្ជា​ដល់អ្នក​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពីអ្វី​ដែលឥឡូវ​អ្នក​បាន​ឃើញ និង​ស្ដាប់​ឮនោះ › ។

« ឥឡូវ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ដេវីឌ និង​អូលីវើរ ហើយ​បាន​ទៅរក​ម៉ាទីន ហារីស ដែល​ខ្ញុំ​បាន​ឃើញ​ថា គាត់​កំពុង​តែ​អធិស្ឋាន​យ៉ាង​ក្លៀវក្លា​នៅ​កន្លែង​ឆ្ងាយ​មួយ។ ទោះជា​យ៉ាង​ណា មិនយូរ​ប៉ុន្មាន គាត់បាន​ប្រាប់​ខ្ញុំថា គាត់​ពុំ​ទាន់បាន​ទទួល​ជោគជ័យ​ជាមួយព្រះអម្ចាស់​នៅឡើយទេ ហើយ​បាន​ស្នើសុំ​យ៉ាង​ក្លៀវក្លា ដើម្បី​ខ្ញុំ​ចូលរួម​នឹង​គាត់​ក្នុងការ​អធិស្ឋាន ដើម្បី​គាត់អាច​បាន​ដឹង​នូវ​ពរជ័យ​ដូចគ្នា​ដែល​យើង​ទើបតែ​បាន​ទទួល​នោះ​ផងដែរ ។ យើង​បាន​ចូលរួម​ក្នុង​ការ​អធិស្ឋាន ហើយ​ទីបំផុត​បាន​ទទួល​តាមបំណង​របស់យើង ត្បិត​មុនពេល​យើង​បាន​បញ្ចប់​ការអធិស្ឋាន នោះ​មាន​ការ​និមិត្ត​ដូចគ្នា ត្រូវ​បាន​បើក​សម្ដែង​ឲ្យ​យើង​ឃើញ ហើយ​ទីបំផុត​វា​ត្រូវ​បាន​បើក​ឲ្យ​ឃើញ​ម្ដងទៀត​ចំពោះខ្ញុំ ហើយ​ខ្ញុំ​បាន​មើលឃើញ និង​ស្ដាប់​ឮ​នូវ​រឿង​ដូចគ្នា​ម្ដងទៀត ហើយក្នុង​គ្រា​នោះ ម៉ាទីន ហារីស បាន​ស្រែក​ឡើង ដោយ​ក្ដីអំណរ​យ៉ាង​ខ្លាំង​ថា ‹ គ្រប់គ្រាន់​ហើយ គ្រប់គ្រាន់​ហើយ ភ្នែក​របស់​ខ្ញុំ​ផ្ទាល់​បាន​មើល​ឃើញ ភ្នែក​របស់ខ្ញុំ​ផ្ទាល់​បាន​មើល​ឃើញ › » ( នៅក្នុង ប្រវត្តិ​សាសនាចក្រ ១:៥៤–៥៥ ) ។

យ៉ូសែប បាន​ត្រឡប់​ទៅ​ផ្ទះ​វីតមើរ ហើយ​និយាយ​ទៅ​កាន់​ឪពុក​ម្តាយ​គាត់​ថា « ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​ផ្ទាំង​បាន​បង្ហាញ​ដល់​មនុស្ស​បី​នាក់​ទៀត​ក្រៅពី​ខ្ញុំ ដែល​បាន​ឃើញ​ទេវតា ហើយ​នឹង​បាន​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តី​ពិត​នៃ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ ដ្បិត​ពួកគេ​បាន​ដឹង​ដោយ​ខ្លួន​ពួកគេ​ថា ខ្ញុំ​មិន​ទៅ​បោក​ប្រាស់​មនុស្ស​ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ត្រូវ​បាន​រួច​ពី​បន្ទុក​មួយ​ដ៏​សែន​ធ្ងន់​ដែល​ខ្ញុំ​ស្ទើរតែ​ពុំ​អាច​ទ្រាំ​បាន​…ហើយ​វា​ធ្វើ​ឲ្យ​ព្រលឹង​របស់​ខ្ញុំ​រីករាយ ដែល​ខ្ញុំ​ឈប់​ក្លាយ​ជា​អ្នក​ដែល​ដឹង​តែ​ឯង​អំពី​រឿង​នេះ​ក្នុង​លោកិយ​នេះ​ទៀត​ហើយ » ( នៅ​ក្នុង​សៀវភៅ​ប្រវត្តិ លូស៊ី ម៉ាក ស្ម៊ីធ ឆ្នាំ ១៨៤៤–១៨៤៥, សៀវភៅ ទី ៨ ទំព័រ ១១ josephsmithpapers.org/paperSummarylucy-mack-smith-history-1844-1845) ។

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា យ៉ូសែប ស៊្មីធ អររីករាយ​បន្ទាប់​ពី​មាន​បទពិសោធន៍​នេះ ? ( លោក​នឹង​មិន​ក្លាយ​ជា​សាក្សី​តែ​ឯង​អំពី​ផ្ទាំង និង សារទូត​នោះ​ទៀត​ឡើយ ) ។

សូម​ពន្យល់​ថា​សាក្សី​ប្រាំបី​នាក់​ក៏​បាន​ទទួល​ឱកាស​ឃើញ​ផ្ទាំង​នោះ​ផងដែរ ។

សូម​ឲ្យ​សិស្ស​ពាក់កណ្តាល​ថ្នាក់​អាន « ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » និង សិស្ស​ពាក់​កណ្តាល​ថ្នាក់​ទៀត​អាន « ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំបី​នាក់ » ទីបន្ទាល់​ទាំង​ពីរ​នេះ​មាន​នៅ​ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ) ។ សូម​ឲ្យ​សិស្ស​រក​មើល​ធាតុ​សំខាន់​នៃ​បទពិសោធន៍​របស់​សាក្សី​ទាំង​នោះ ។ បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​បទពិសោធន៍​នៃ​ទីបន្ទាល់​នៃ​សាក្សី​បី​នាក់ និង សាក្សី​ប្រាំបី​នាក់​ខុស​គ្នា​យ៉ាង​ដូចម្តេច ? ( សាក្សី​បី​នាក់​បាន​ឮ​សំឡេង​នៃ​ព្រះ និង បាន​ឃើញ​ទេវតា ប៉ុន្តែ​ពុំ​បាន​កាន់​ពាល់​ផ្ទាំង​មាស​ឡើយ ។ សាក្សី​ប្រាំបី​នាក់​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ផ្ទាំង​ដោយ យ៉ូសែប ស្ម៊ីធ ហើយ​បាន​កាន់ពាល់​ផ្ទាំង​នោះ ។ សាក្សី​ប្រាំបីនាក់​បាន​ឃើញ​រូបរាង​ពិត​របស់​ផ្ទាំង តែ​សាក្សី​បីនាក់​បាន​មាន​បទ​ពិសោធន៍​ខាង​វិញ្ញាណ​វិញ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ការមាន​សាក្សី​ច្រើន​គឺ​សំខាន់​ក្នុង​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ?

សិស្ស​មួយ​ចំនួន​អាច​មិន​ដឹង​ថា សាក្សី​បីនាក់​ម្នាក់ៗ និង សាក្សី​ប្រាំបីនាក់​មួយ​ចំនួន​បាន​ចាកចេញ​ពី​សាសនាចក្រ​នៅពេល​ក្រោយ​មក ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ៖

អែលឌើរ ដាល្លិន អេក អូក

« ដោយ​វាស់វែង​ទាស់​នឹង…ការជំទាស់​ទាំងអស់​ដែល​អាច​មាន នោះ​ទីបន្ទាល់​នៃ​ពួកសាក្សី​បី​នាក់​ចំពោះ​ព្រះគម្ពីរ​មរមន​បាន​ឈរ​នៅ​ក្នុង​ជំហរ​យ៉ាង​រឹងមាំ ។ …ដូច​ដែល​បាន​ដឹង ដោយសារ​តែ​ការ​មិន​ចុះ​សម្រុង​គ្នា ឬ ការច្រណែន​ទាក់ទង​នឹង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នៃ​សាសនាចក្រ នោះ​ពួកសាក្សី​ម្នាក់ៗ​នៃ​សាក្សី​ទាំង​បី​នាក់​ត្រូវ​បាន​កាត់កាល​ចេញ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ប្រហែល​ជា​ប្រាំ​ឆ្នាំ​បន្ទាប់​ពី​ការបោះពុម្ព​ផ្សាយ​នៃ​ទីបន្ទាល់​របស់​ពួកគេ ។ …ប៉ុន្តែ​រហូត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ខ្លួន…គ្មាន​សាក្សី​ណា​មួយ​ងាកចេញ​ពី​ទីបន្ទាល់​ដែល​បាន​បោះពុម្ព​របស់​ខ្លួន ឬ និយាយ​អ្វី​ដែល​ងាក​ចេញ​ពី​ស្រមោល​នៃ​សេចក្តី​ពិត​នៃ​ការណ៍​នោះ​ឡើយ ។

« លើស​ពី​នោះ​ទៅ​ទៀត ទីបន្ទាល់​របស់​ពួកគេ​ពុំ​មាន​ការប្រឆាំង​ដោយ​សាក្សី​ណា​ម្នាក់​ឡើយ ។ មនុស្ស​ម្នាក់​អាច​បដិសេធ​វា ប៉ុន្តែ​តើ​មនុស្ស​ម្នាក់​អាច​ពន្យល់​ពី​បុរស​បីនាក់​ដែល​មាន​អត្តចរិត​សាមគ្គី​គ្នា​ល្អ ហើយ​បន្ត​នៅ​ក្នុង​ទីបន្ទាល់​ដែល​បាន​បោះ​ពុម្ព​នេះ​រហូត​ដល់​ចុង​បំផុត​នៃ​ជីវិត​ខ្លួន​នៅ​ចំពោះ​ការចំអក​ដ៏​ខ្លាំង និង គុណវិបត្តិ​ផ្ទាល់​ខ្លួន​នានា​បាន​ដោយ​របៀប​ណា ? ដូច​ជា​សៀវភៅ​ព្រះគម្ពីរ​មរមន​ខ្លួន​វា​ដែរ គ្មាន​ការពន្យល់​ណា​ប្រសើរ​ជាងដែល​បាន​ផ្តល់​ឲ្យ​ក្នុង​ទីបន្ទាល់​របស់​វា ដោយ​សេចក្តី​ថ្លែងការណ៍​ដ៏​ឱឡារិក​នៃ​បុរស​ដ៏​ល្អ និង ស្មោះត្រង់​ដែល​បាន​ប្រាប់​ពី​អ្វី​ដែល​ពួកលោក​បាន​ឃើញ​ឡើយ » (« The Witness: Martin Harris »Ensign, ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៣៦ ) ។

  • តើ​អ្នក​គិត​ថា ទីបន្ទាល់​អំពី​សាក្សី​បី​នាក់​ត្រូវ​បាន​ពង្រឹង​ដោយ​សេចក្តីពិត​ដែល​ថា​ពួកលោក​ពុំ​បដិសេធ​ទីបន្ទាល់​របស់​ខ្លួន​ឡើយ សូម្បី​តែ​បន្ទាប់​ពី​ពួកលោក​ត្រូវ​បាន​កាត់កាលចេញ​ពី​សាសនាចក្រ​ក៏​ដោយ​នោះ ? ( សូម​ពន្យល់​ថា អូលីវើរ ខៅឌើរី និង ម៉ាទីន ហារីស​បាន​ជ្រមុជទឹក​ម្តង​ទៀត​នៅ​ពេល​ក្រោយ​មក ) ។

សូម​ឲ្យ​សិស្ស​បើក​ទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ១៧:៦ហើយ​គូស​បញ្ជាក់​ថា​ខគម្ពីរ​នេះ​អាច​មាន​នូវ​ទីបន្ទាល់​ដ៏​អស្ចារ្យ​បំផុត​អំពី​អំពី​សេចក្តីពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។ ខគម្ពីរ​នេះ​មាននូវ​ទីបន្ទាល់​មក​ពី​ព្រះ​ផ្ទាល់ ដែល​បាន​ស្បថ​ដោយ​សម្បថ​ថា ព្រះគម្ពីរ​មរមន​ពិត ។

សូម​ឲ្យ​សិស្ស​នឹក​គិត​ថា ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​មរមន អាច​បន្ថែម​ទៅក្នុង​ច្បាប់​និមួយៗ​នៃ​ព្រះគម្ពីរ​មរមន ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​ចង់​បញ្ចូល​នៅ​ក្នុង​សាក្សី ឬ ទីបន្ទាល់​របស់​ខ្លួន​នោះ ។

សូម​ឲ្យ​សិស្ស​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ព្រះគម្ពីរ​មរមន​ជាមួយ​មនុស្ស​ណា​ម្នាក់​ពី​មុន​ថ្នាក់​រៀន​បន្ទាប់ ។

ការអាន​របស់​សិស្ស