មេរៀនទី ១៧
ការបង្រៀនដំណឹងល្អនៅណៅវូ
សេចក្តីផ្តើម
ក្នុងអំឡុងបីបួនឆ្នាំដំបូង ដែលពួកបរិសុទ្ធបានចំណាយពេលនៅក្នុងទីក្រុងណៅវូ រដ្ឋអិលលីណយ ត្រូវបានកត់សម្គាល់ថាបានប្រកបដោយសេចក្ដីសុខសាន្ដ និងការរីកចម្រើនរុងរឿង ។ អំឡុងពេលនេះ យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈជាច្រើន ហើយបន្ទាប់មកបានបង្រៀន និងបញ្ជាក់ពីគោលលទ្ធិខ្លះៗដែលពិតជាពិសេសចំពោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ការណ៍ទាំងនេះរួមមានគោលបំណងនៃព្រះវិហារបរិសុទ្ធ សក្តានុពលដ៏ទេវភាពរបស់យើងដើម្បីក្លាយជាដូចជាព្រះវរបិតាសួគ៌ និងគោលលទ្ធិខ្លះដែលត្រូវបានបង្រៀននៅក្នុងមាត្រានៃសេចក្ដីជំនឿ ។ មេរៀននេះនឹងជួយសិស្សឲ្យយល់ពីភាពអស្ចារ្យរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ក៏ដូចជាទេពកោសល្យដ៏ទេវភាពរបស់យើងផ្ទាល់ ។
ការអានពីសាវតា
-
« ព្រះជាព្រះវរបិតាដ៏ នៅ អស់កល្បជានិច្ច » ជំពូកទី ២ នៅក្នុងការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៣៧–៤៣ ។
-
« Doctrinal Developments in Nauvoo » ជំពូកទី ២០ នៅក្នុង Church History in the Fulness of Times Student Manual, កែសម្រួលលើកទីពីរ ( Church Educational System manual, ឆ្នាំ ២០០៣ ) ទំព័រ ២៥១–៦២ ។
-
« ការប្រែក្លាយដូចជាព្រះ » ប្រធានបទដំណឹងល្អ នៅគេហទំព័រ lds.org/topics ។
យោបល់សម្រាប់បង្រៀន
មាត្រានៃសេចក្ដីជំនឿ
ប្រយោគសំខាន់នៃគោលលទ្ធិនៃដំណឹងល្អ
សូមពន្យល់ថានៅក្នុងទីក្រុងណៅវូ រដ្ឋអិលលីណយ យ៉ូសែប ស្ម៊ីធ បានសរសេរសំបុត្រមួយច្បាប់ទៅកាន់ យ៉ូហាន វែនវើស ជាអ្នកកែសម្រួលកាសែតដែលមានឈ្មោះថា ឈីកាហ្គោ ដេម៉ូក្រាត ដែលបានស្នើសុំព័ត៌មានអំពីពួកមរមន ។ នៅក្នុងសំបុត្រនោះ ព្យាការីបានដំណាលពីរឿងប្រវត្តិសាស្ដ្រនៃពួកបរិសុទ្ធថ្ងៃចុងក្រោយអមដោយបញ្ជីខ្លីអំពីជំនឿគោលលទ្ធិដែលក្រោយមកបានក្លាយទៅជា មាត្រានៃសេចក្ដីជំនឿ ។ ( សំបុត្រទាំងមូលត្រូវបានចម្លងនៅក្នុងការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ៤៣៨–៤៦ ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អិល ថម ភែរី នៃកូរ៉ូមនៃពួកសាវកដប់ពីរនាក់ និងសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« [ មាត្រានៃសេចក្ដីជំនឿ ] គឺនៅក្នុងចំណោមប្រយោគនៃគោលលទ្ធិនៅក្នុងសាសនាចក្រដ៏សំខាន់បំផុត និងពិតជាខ្លីបំផុតមួយ ។ ប្រសិនបើអ្នកនឹងប្រើវាជាអ្នកដឹកនាំដល់ការសិក្សារបស់អ្នកអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នោះអ្នកនឹងឃើញថាខ្លួនអ្នកបានរៀបចំដើម្បីប្រកាសទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលត្រូវបានស្ដារឡើងវិញដល់ពិភពលោកនេះ ។ អ្នកនឹងអាចប្រកាសតាមរបៀបសាមញ្ញ ចំៗ ហើយអស្ចារ្យពីជំនឿដ៏សំខាន់ដែលអ្នកឲ្យតម្លៃក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ( « គោលលទ្ធិ និង គោលការណ៍ដែលមាននៅក្នុងមាត្រានៃសេចក្ដីជំនឿ » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤៨ ) ។
-
តើអ្នកនឹងសង្ខេបដូចម្តេច អំពីអ្វីដែលអែលឌើរ ភែរី បានបង្រៀន ? ( នៅពេលសិស្សចែកចាយប្រយោគសង្ខេបរបស់គេ សូមជួយពួកគេឲ្យយល់ពីសេចក្ដីពិតនេះ ៖ នៅពេលយើងរៀនពីគោលលទ្ធិដែលបានបង្រៀននៅក្នុងមាត្រានៃសេចក្ដីជំនឿ នោះយើងនឹងត្រូវបានរៀបចំកាន់តែប្រសើរដើម្បីប្រកាសជំនឿរបស់យើងដល់អ្នកដទៃទៀត ) ។
-
តើពេលណា ដែលអ្នកបានប្រើមាត្រានៃសេចក្ដីជំនឿដើម្បីជួយដល់អ្នកដទៃឲ្យយល់ពីដំណឹងល្អ ?
សូមឲ្យសិស្សទាំងអស់ក្នុងថ្នាក់បើកទៅមាត្រានៃសេចក្ដីជំនឿ ហើយសូមឲ្យសិស្សអានដោយស្ងៀមស្ងាត់ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមពិភាក្សានូវសំណួរខាងក្រោមនេះ ៖
-
តើមាត្រានៃសេចក្ដីជំនឿមួយណាដែលអ្នកពិតជាកោតសរសើរ ហើយតើហេតុអ្វី ?
-
តើគោលលទ្ធិនៅក្នុងមាត្រានៃសេចក្ដីជំនឿជួយដឹកនាំអ្នក និងពង្រឹងដល់ទីបន្ទាល់របស់អ្នកថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីម្នាក់នៃព្រះដូចម្តេច ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៤:២៥–២៨, ៣៧–៤២
ការស្តារឡើងវិញនៃពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ
សូមពន្យល់ថា ក្រោយពីពួកបរិសុទ្ធបានតាំងទីលំនៅខ្លួនគេនៅក្នុងទីក្រុងណៅវូ រដ្ឋអិលលីណយហើយ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលព្រះបញ្ញត្តិមួយឲ្យកសាងព្រះវិហារបរិសុទ្ធ ។ ដោយមានព្រះវិហារបរិសុទ្ធដែលត្រូវបានសាងសង់នៅក្នុងទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ កិច្ចការនេះតម្រូវឲ្យមានការលះបង់ជាខ្លាំងពីពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សូមឲ្យសិស្សបួនប្រាំនាក់ឆ្លាស់វេនគ្នាអានឲ្យឮៗមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២៥–២៨, ៣៧–៤២ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការពន្យល់របស់ព្រះអម្ចាស់ អំពីមូលហេតុដែលពួកបរិសុទ្ធត្រូវការព្រះវិហារបរិសុទ្ធ ។ មុនពេលវិភាគខគម្ពីរទាំងនេះ សូមពន្យល់ថា ពួកគេសំដៅលើរោងឧបោសថដែលបានកសាងដោយម៉ូសេ និងប្រជាជនរបស់លោក ។ ប្រជាជនរបស់ម៉ូសេ មិនបានធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជននោះទេ ។ គ្មានកិច្ចការសម្រាប់មរណជនត្រូវបានធ្វើឡើងឡើយ រហូតដល់ព្រះអង្គសង្គ្រោះបានដឹកនាំកិច្ចការនោះនៅក្នុងពិភពវិញ្ញាណបន្ទាប់ពីការសុគតរបស់ទ្រង់ ។ បន្ទាប់មក សួមសួរសិស្ស ៖
-
ស្របតាមការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះ ហេតុអ្វីបានជាពួកបរិសុទ្ធនៅក្នុងទីក្រុងណៅវូត្រូវការព្រះវិហារបរិសុទ្ធ ? ( នៅពេលសិស្សឆ្លើយ សូមបញ្ជាក់ពីគោលលទ្ធិនេះ ៖ ពិធីបរិសុទ្ធសង្គ្រោះខ្លះត្រូវបានព្រះអម្ចាស់ទទួលយកតែពេលវាធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ) ។
សូមពន្យល់ដល់សិស្សថា ព្រះវិហារបរិសុទ្ធនៅក្នុងទីក្រុងខឺតឡង់ ត្រូវបានកសាងជាចម្បង សម្រាប់ការស្ដារឡើងវិញនៃកូនសោទាំងឡាយនៃសិទ្ធិអំណាច » (President Joseph Fielding SmithDoctrines of Salvationបានបោះពុម្ពដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ], ២:២៤២ ) ។ នៅក្នុងព្រះវិហារបរិសុទ្ធណៅវូ កូនសោបព្វជិតភាពទាំងនេះត្រូវបានប្រើដើម្បីធ្វើពិធីបរិសុទ្ធសង្គ្រោះសម្រាប់អ្នកនៅរស់ និងពិធីបុណ្យជ្រមុជទឹកជំនួសសម្រាប់មរណជន ។ ពីរឆ្នាំចុងក្រោយនៃជីវិតរបស់លោក យ៉ូសែប ស្ម៊ីធ បានណែនាំឲ្យមានអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធដល់ក្រុមសមាជិកស្មោះត្រង់មួយក្រុមតូច ។ លោកក៏បានណែនាំឲ្យមានពិធីបរិសុទ្ធនៃការផ្សារភ្ជាប់ស្វាមី និងភរិយាជាមួយគ្នាដ៏អស់កល្ប ។
-
តើមានពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធអ្វីខ្លះ ត្រូវបានថ្លែងប្រាប់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៣៩ ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់ ហើយរកនូវមូលហេតុដែលពិធីបរិសុទ្ធសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ៖
« ក្នុងការឆ្លើយតបចំពោះព្រះបញ្ជារបស់ព្រះអម្ចាស់ [ ឲ្យកសាងព្រះវិហារបរិសុទ្ធនៅក្នុងទីក្រុងណៅវូ ] ព្យាការី និងពួកបរិសុទ្ធបានបោះជំហានឆ្ពោះទៅមុខយ៉ាងលឿនតាមដែលអាចធ្វើទៅបាន ដើម្បីចាប់ផ្ដើមកសាងព្រះដំណាក់របស់ព្រះអម្ចាស់ ។ ប៉ុន្ដែ ព្យាការីបានដឹងថាការសាងសង់នេះនឹងត្រូវការពេលជាច្រើនឆ្នាំ ហើយលោកបានដឹងថា ពួកបរិសុទ្ធត្រូវការពរជ័យពេញលេញនៃព្រះវិហារបរិសុទ្ធនេះ ។ ជាលទ្ធផល នៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ១៨៤២ ទោះបីជាព្រះវិហារបរិសុទ្ធមិនទាន់បានសង់ហើយក្ដីក៏ យ៉ូសែប ស្ម៊ីធ បានធ្វើអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធដល់ក្រុមបងប្រុសសមាជិកស្មោះត្រង់មួយក្រុមតូច ។
« ក្រុមនេះបានជួបជុំនៅក្នុងបន្ទប់ខាងលើធំមួយនៃហាងទំនិញឥដ្ឋក្រហមរបស់ព្យាការី ។ …
« ប្រវត្តិសាស្ដ្ររបស់ព្យាការីបានកត់ត្រា ៖ ‹ ខ្ញុំបានចំណាយពេលមួយថ្ងៃនៅក្នុងបន្ទប់ខាងលើនៃហាងទំនិញ …ប្រឹក្សាជាមួយនឹងប្រធាន ជេម អ័ដាម នៃស្ព្រីងហ្វីល លោកអយ្យកោ ហៃរ៉ុម ស្ម៊ីធ ប៊ីស្សព នូវល ខេ វិតនី និងចច មីលលើ និងប្រធាន ព្រិកហាំ យ៉ង់ និងអែលឌើរ ហ៊ីប៊ើរ ស៊ី ឃិមបឹល និងវិលឡឺឌ រីឆាដ ដោយណែនាំពួកលោកអំពីគោលការណ៍ និងរបៀបដែលបព្វជិតភាព ចូលរួមនៅក្នុងការលាង ការចាក់ប្រេង អំណោយទានពិសិដ្ឋ និងទំនាក់ទំនងនៃកូនសោទាំងឡាយដែលទាក់ទងទៅនឹងបព្វជិតភាពអើរ៉ុន ហើយបន្ដទៅដល់លំដាប់ខ្ពស់បំផុតនៃបព្វជិតភាពមីលគីស្សាដែក ដាក់ចេញនូវរបៀបដែលទាក់ទងទៅនឹងជំនាន់បុរាណ ហើយនិងអស់ទាំងផែនការ និងគោលការណ៍ ដែលត្រូវបានរៀបចំសម្រាប់ព្រះវិហារនៃបុត្រដំបូងបង្អស់ ហើយឡើងមក និងគង់នៅក្នុងវត្តមានរបស់អេឡូហិមនៅក្នុងពិភពដ៏អស់កល្ប › » ( ការបង្រៀន ៖ យ៉ូសែប ស្ម៊ីធ,ទំព័រ ៤១៣–១៤ ) ។
សូមសួរសិស្ស ៖
-
ហេតុអ្វីបានជាការស្ដារឡើងវិញនៃពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធចាំបាច់ម្ល៉េះ ?
នៅពេលសិស្សឆ្លើយ សូមបន្ថែមលើការយល់ដឹងរបស់ពួកគេដោយចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« គោលបំណងដ៏សំខាន់នៃព្រះវិហារបរិសុទ្ធគឺដើម្បីផ្ដល់ពិធីបរិសុទ្ធនានា ដែលចាំបាច់សម្រាប់ភាពតម្កើងឡើងរបស់យើងនៅក្នុងនគរសេឡេស្ទាល ។ ពិធីបរិសុទ្ធដឹកនាំយើងទៅរកព្រះអង្គសង្គ្រោះរបស់យើង និងប្រទានពរជ័យដល់យើង តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ » ( « Blessings of the Temple » Ensign ខែ តុលា ឆ្នាំ ២០០៩ ទំព័រ ៤៨ ) ។
-
តើជីវិតអ្នកបានទទួលពរពីការស្ដារឡើងវិញនៃពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សសញ្ជឹងគិតសម្រាប់សប្ដាហ៍ក្រោយ ពីរបៀបដែលពួកគេអាចដាក់ការថ្វាយបង្គំនៅក្នុងដំណាក់របស់ព្រះអម្ចាស់ជាអាទិភាពខ្លាំងជាងគេនៅក្នុងជីវិតរបស់ពួកគេ ។
ទំនុកតម្កើង ៨២:៦; ម៉ាថាយ ៥:៤៨; យ៉ូហាន ១០:៣២–៣៤; រ៉ូម ៨:១៦–១៧; ពេត្រុសទី ២ ១:៣–៤; យ៉ូហានទី ១ ៣:២–៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១១–២០; ១៣២:២០ ។
សក្ដានុពលភាពដ៏ទេវភាពរបស់យើង
សូមពន្យល់ថា ព្រះគម្ពីរបរិសុទ្ធកត់ត្រាពីពាក្យសម្ដីរបស់ព្យាការីពីបុរាណដែលបានសរសេរពីសក្ដានុពលភាពដ៏ទេវភាពរបស់យើង ។ សូមសរសេរសេចក្ដីយោងព្រះគម្ពីរខាងក្រោមនេះនៅលើក្ដារខៀន ហើយសូមឲ្យសិស្សអានបីបួនខ ហើយរកមើលអ្វីដែលវាបង្រៀនអំពីសក្ដានុពលភាពដ៏អស់កល្បរបស់យើង ៖ ទំនុកតម្កើង ៨២:៦; ម៉ាថាយ ៥:៤៨; យ៉ូហាន ១០:៣២–៣៤; រ៉ូម ៨:១៦–១៧; ពេត្រុសទី ២ ១:៣–៤; យ៉ូហានទី ១ ៣:២–៣ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យធ្វើបទគម្ពីរយោង ឬភ្ជាប់សេចក្ដីយោងទាំងនេះ នៅពេលពួកគេសិក្សាវា ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមសួរ ៖
-
តើយើងអាចរៀនពីខគម្ពីរទាំងនេះអ្វីខ្លះអំពីសក្ដានុពលភាពរបស់យើង ? ( ទោះបីជាពួកគេអាចប្រើពាក្យសម្ដីខុសគ្នាក្ដី ក៏សិស្សគួរយល់ពីគោលលទ្ធិនេះ ៖ ក្នុងនាមជាបុត្រនៃព្រះវរបិតាសួគ៌របស់យើង យើងមានសក្ដានុពលភាពដើម្បីក្លាយដូចជាទ្រង់ ) ។
-
តើឃ្លានៅក្នុងខគម្ពីរទាំងនេះមួយណាដែលរៀបរាប់ពីសក្ដានុពលដ៏ទេវភាពរបស់យើង ?
សូមពន្យល់ថា សក្ដានុពលដ៏ទេវភាពរបស់យើងក៏ត្រូវបានបង្រៀននៅក្នុងព្រះគម្ពីរសម័យថ្មីដែរ ។ សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១១–១៣, ១៩–២០ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:២០ ឲ្យឮៗ ។ សូមជួយឲ្យសិស្សយល់ពីគោលលទ្ធិនេះ ៖ ដូចជាព្រះអង្គសង្គ្រោះដែរ យើងអាចធំធាត់ពីព្រះគុណមួយទៅព្រះគុណមួយទៀត រហូតដល់យើងទទួលបានភាពពេញលេញរបស់ព្រះបិតា ។
សូមពន្យល់ថា ទេសនកថាដ៏សំខាន់បំផុតមួយរបស់ព្យាការីយ៉ូសែប ស្ម៊ីធ ត្រូវបានធ្វើឡើងនៅពេលសន្និសីទទូទៅមួយនៃសាសនាចក្រនៅខែ មេសា ឆ្នាំ ១៨៤៤ ។ អំឡុងពេលទេសនកថានេះ ព្យាការីបានសម្ដែងការដឹងគុណដល់បងប្រុស ឃីង ហ្វូលែត ដែលបានស្លាប់កាលពីថ្មីៗនោះ ។ ការនិយាយនេះបានត្រូវគេស្គាល់ថាជា សុន្ទរកថា ឃីង ហ្វូលែត ។ សូមផ្ដល់ដល់សិស្សទាំងអស់នូវច្បាប់ចម្លងនៃ ក្រដាសចែក « សេចក្ដីដកស្រង់មកពីសុន្ទរកថា ឃីង ហ្វូលែត » ។ សូមឲ្យពួកគេអានសេចក្ដីដកស្រង់នេះ និង គូសចំណាំពាក្យ និង ឃ្លាទាំងឡាយដែលពន្យល់ពីមូលហេតុដែលយើងគួរតែស្វែងយល់ពីលក្ខណៈរបស់ព្រះ ។
សូមជួយសិស្សឲ្យវិភាគការបង្រៀនទាំងនេះដោយការសួរ ៖
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីដឹងអំពីចរិកលក្ខណៈ និងនិស្ស័យរបស់ព្រះ និងទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់ ជាព្រះវរបិតាសួគ៌របស់យើង ?
-
តើអ្វីទៅជាដំណើរការដើម្បីក្លាយដូចជាព្រះវរបិតាសួគ៌របស់យើង ?
ដើម្បីធ្វើឲ្យការយល់ដឹងរបស់សិស្សស៊ីជម្រៅអំពីសក្ដានុពលភាពដ៏ទេវភាពរបស់ពួកគេ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ។ សូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« គម្រោងនៃដំណឹងល្អទាំងមូលគឺដើម្បីដឹកនាំយើងទៅមុខ និងកើនឡើងទៅរកការសម្រចបានដ៏អស្ចារ្យ គឺនៅទីបញ្ចប់ដើម្បីក្លាយជាព្រះ ។ លទ្ធភាពដ៏អស្ចារ្យនេះត្រូវបានប្រកាសដោយព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងសុន្ទរកថា ឃីង ហ្វូលែត [ សូមមើល History of the Church, ៦:៣០២–១៧] ហើយបានបញ្ជាក់បន្ថែមដោយប្រធាន ឡូរិនសូ ស្នូ ។ វាគឺជាគំនិតដ៏ធំ និងដ៏មិនអាចប្រៀបផ្ទឹមបាន ៖ ដូចជាព្រះនាពេលនេះដែរ មនុស្សនឹងអាចក្លាយជាដូច្នោះ ! [ សូមមើល The Teachings of Howard W. Hunter, បានបោះពុម្ពដោយ ក្លេដ ជេ. វិល្លាម ( ឆ្នាំ ១៩៨៤ ) ទំព័រ ១ ] ។
« សត្រូវរបស់យើងបានរិះគន់យើងចំពោះការជឿលើការណ៍នេះ ។ ចម្លើយរបស់យើងគឺថា គំនិតដ៏ក្រអឺតក្រទមនេះនឹងគ្មានផ្លូវបំផ្លាញព្រះ ជាព្រះវរបិតាដ៏អស់កល្បជានិច្ចឡើយ ។ ទ្រង់គឺជាអង្គដ៏មានព្រះចេស្ដា ។ ទ្រង់គឺជាព្រះបង្កបង្កើត និងអ្នកគ្រប់គ្រងសាកលលោកនេះ ។ ទ្រង់គឺជាអង្គដ៏អស្ចារ្យបំផុតនៃអ្វីទាំងអស់ និងដូច្នេះជារៀងរហូតទៅ ។ ប៉ុន្ដែ គឺដូចជាឪពុកនៅលើផែនដីទាំងឡាយដែរ ដែលប្រាថ្នាចង់ឲ្យកូនប្រុស និងកូនស្រីរបស់ខ្លួនឲ្យមានជ័យជំនះនៅក្នុងជីវិត ដូច្នេះខ្ញុំជឿថា ព្រះវរបិតារបស់យើងដែលគង់នៅលើស្ថានសួគ៌ទ្រង់ក៏ប្រាថ្នាឲ្យកូនចៅរបស់ទ្រង់ថា ពួកគេអាចទៅដល់ទ្រង់ក្នុងសភាពនោះ និងឈរក្បែរទ្រង់ដោយភ្លឺបំព្រងក្នុងកម្លាំង និងគតិបណ្ឌិតជាព្រះ » ( «Don’t Drop the Ball » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៤៨ ) ។
ដើម្បីសង្ខេប សូមសួរសិស្សនូវសំណួរដូចខាងក្រោម ៖
-
តើមានភាពខុសគ្នាអ្វីដែលវាអាចមាននៅក្នុងជីវិតរបស់យើង ដោយដឹងពីសេចក្ដីពិតដ៏សំខាន់ទាំងនេះអំពីព្រះវរបិតាសួគ៌ និងសក្ដានុពលភាពដ៏ទេវភាពរបស់យើង ?
-
នៅពេលអ្នកសញ្ជឹងគិតនូវអ្វីដែលយើងបានពិភាក្សានៅថ្ងៃនេះ ( មាត្រានៃសេចក្ដីជំនឿ ពិធីការបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងសក្ដានុពលភាពដ៏ទេវភាពរបស់យើង ) តើការយល់ដឹងពីសេចក្ដីពិតទាំងនេះអាចផ្ដល់ដល់អ្នកនូវការកោតសរសើរដល់ព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាងណាដែរ ? តើការយល់ដឹងពីសេចក្ដីពិតទាំងនេះអាចជួយអ្នកឲ្យយល់ពីលក្ខណៈរបស់ព្រះ និងទំនាក់ទំនងរបស់អ្នកជាមួយនឹងទ្រង់ ជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់អ្នកដោយរបៀបណា ? ( សូមផ្ដល់ពេលវេលាដល់សិស្សកត់ត្រានូវការបំផុសរបស់គេ ) ។
សូមឲ្យសិស្សថ្លែងទីបន្ទាល់ ឬចែកចាយពីការបំផុសដែលគេបានសរសេរពីរបី ប្រសិនបើវាមិនផ្ទាល់ខ្លួនពេក ។ សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីគោលលទ្ធិនានាដែលបានបង្រៀននៅក្នុងមេរៀននេះ និងអំពីព្យាការី យ៉ូសែប ស្ម៊ីធ ជាអ្នកទទួលវិវរណៈដ៏មានអំណាចម្នាក់ ។
ការអានរបស់សិស្ស
-
ទំនុកតម្កើង ៨២:៦; ម៉ាថាយ ៥:៤៨; យ៉ូហាន ១០:៣២–៣៤; រ៉ូម ៨:១៦–១៧; ពេត្រុសទី ២ ១:៣–៤; យ៉ូហានទី ១ ៣:២–៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:១១–២២; ១២៤:២៥–២៨, ៣៧–៤២; ១៣២:២០–២៤ ។
-
« ព្រះជាព្រះវរបិតាដ៏ នៅ អស់កល្បជានិច្ច » ជំពូកទី ២ នៅក្នុងការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៣៧–៤៣ ។