បណ្ណាល័យ
មេរៀនទី ២០ ៖ អាពាហ៍ពិពាហ៍​ពហុពន្ធភាព


មេរៀនទី ២០

អាពាហ៍ពិពាហ៍​ពហុពន្ធភាព

សេចក្តីផ្តើម

អាពាហ៍ពិពាហ៍​រវាង​បុរសម្នាក់ និង ស្ត្រី​ម្នាក់ គឺ​ជា​ក្រិត្យ​វិន័យ​របស់​ព្រះ​លុះត្រា​តែ​ទ្រង់​បញ្ជា​ផ្សេង​ទៀត​ប៉ុណ្ណោះ ( សូមមើល យ៉ាកុប ២:២៧–៣០ ) ។ ព្យាការី យ៉ូសែប ស្ម៊ីធ ត្រូវបាន​បញ្ជា​ឲ្យ​ស្ដារឡើងវិញ​នូវ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ដែល​ត្រូវបាន​អនុវត្ត​នៅក្នុង​សាសនាចក្រ​អស់រយៈ​ជាង​កន្លះ​សតវត្សរ៍ រហូតដល់​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ត្រូវបាន​បំផុសគំនិត​ដោយ​ព្រះអម្ចាស់​ដើម្បី​បញ្ឈប់​ការអនុវត្ត​នេះ ។ អាពាហ៍ពិពាហ៍​ពហុពន្ធភាព​គឺជា​ការសាកល្បង​សេចក្ដីជំនឿ​ដ៏​សំខាន់​មួយ​ចំពោះ​យ៉ូសែប ស្ម៊ីធ និង​មនុស្ស​ភាគច្រើន​ដែល​បាន​អនុវត្ត​វា ។ នៅពេល​សិស្ស​អនុវត្ត​សេចក្ដីជំនឿ ពួកគេ​អាច​ដឹង​ថា​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅក្នុង​ថ្ងៃចុងក្រោយ​គឺជា​ផ្នែក​នៃ​ការស្ដារឡើងវិញ​នៃ​រឿង​ទាំងឡាយ ។

ការអាន​ពី​សាវតា

  • « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ប្រធាន​បទ​ដំណឹង​ល្អ នៅក្នុង​គេហទំព័រ lds.org/topics ។

  • « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ប្រធាន​បទ​ដំណឹង​ល្អ នៅក្នុង​គេហទំព័រ lds.org/topics ។

  • « អាពាហ៍ពិពាហ៍​ពហុពន្ធភាព និង ក្រុមគ្រួសារ​នៅ​រដ្ឋ​យូថាហ៍​ជំនាន់​ដើមប្រធាន​បទ​ដំណឹង​ល្អ » នៅក្នុង​គេហទំព័រ lds.org/topics ។

  • « សេចក្តី​ប្រកាស និង ការបញ្ចប់​អាពាហ៍ពិពាហ៍​ពហុពន្ធភាព » ប្រធាន​បទ​ដំណឹង​ល្អ នៅ​គេហទំព័រ lds.org/topics ។

កំណត់​ចំណាំ ៖ ប្រធានបទ​នៃ​ដំណឹងល្អ​ទាំងនេះ នឹង​ផ្ដល់​ដល់​អ្នក​ជាច្រើន​ជាង​អ្វី​ដែល​អ្នក​អាច​បង្រៀន​បាន​នៅក្នុង​ពេលវេលា​ដែល​បាន​បែងចែក​រួច ។ សូម​គិត​អំពី​ការណ៍​នេះ​នៅក្នុង​ការរៀបចំ និង​ការណែនាំ​មេរៀន​របស់​អ្នក ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ាកុប ២:២៧–៣០; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១–២, ៣៤–៤៨, ៥៤, ៦៣

ព្រះអម្ចាស់​បាន​បើកបង្ហាញ​នូវ​ការអនុវត្ត​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព

សូម​ពន្យល់​ថា នៅក្នុង​ឆ្នាំ ១៨៣១ ខណៈពេល​ដែល​យ៉ូសែប ស្ម៊ីធ កំពុង​ធ្វើការ​បកប្រែ​ដ៏​បំផុសគំនិត​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​គម្ពីរ​នេះ​ត្រូវបានស្គាល់​ថា​ជា ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ នោះ​លោក​បាន​អាន​ដល់​ពហុពន្ធភាព​ដែល​បាន​ត្រូវបាន​អនុវត្ត​ដោយ​ព្យាការី​មួយចំនួន​កាលពី​បុរាណ ( ក៏​ត្រូវបាន​ហៅ​ពហុអាពាហ៍ពិពាហ៍​ដែរ ) ។ ព្យាការី​ទាំងនេះ​រួមមាន អ័ប្រាហាំ យ៉ាកុប ម៉ូសេ និង​ដាវីឌ ។ យ៉ូសែប ស្ម៊ីធ បាន​សិក្សា និង​បាន​សញ្ជឹងគិត​អំពី​ព្រះគម្ពីរ​ដើម្បី​អាច​ដឹង​ពី​របៀប​ដែល​ព្យាការី​ទាំងនេះ​ត្រូវបាន​​រាប់ថា​សុចរិត​នៅក្នុង​ការអនុវត្ត​បែបនេះ ( សូមមើល គ និង ស ១៣២:១–២ ) ។ ព្រះអម្ចាស់​បាន​បើកបង្ហាញ​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក​នៅក្នុង​វិវរណៈ​មួយ ដែល​ឥឡូវនេះ​ត្រូវ​បាន​គេ​ស្គាល់ថា​ជា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២ ។ ថ្វីបើ​កាលបរិច្ឆេទ​នៃ​វិវរណៈ​នេះ​នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ១៩៤៣ ក្ដី ក៏​វា​ទំនង​ថា យ៉ូសែប ស្ម៊ីធ ហាក់​បាន​ទទួល​វិវរណៈ​អំពី​គោលការណ៍​ទាំងឡាយ​នេះ​ដែល​បាន​កត់ត្រា​នៅក្នុង​កណ្ឌ​តាំង​ពី​យូរ​មក​ហើយ ដោយ​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ ១៨៣១ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ឆ្លាស់វេន​គ្នា​អាន​ឮៗ​ពី គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣២:៣៤–៣៦ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មូលហេតុ​ដែល​អ័ប្រាហាំ និង​សារ៉ា បាន​ចាប់ផ្ដើម​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

  • ស្រប​តាម ខ ៣៤ ហេតុអ្វី​ក៏​សារ៉ា​អនុញ្ញាត​ឲ្យ​អ័ប្រាហាំ​មាន​ភរិយា​មួយ​ទៀត ? តើ​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​ការអនុត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​គោលការណ៍​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ អាពាហ៍ពិពាហ៍​ពហុពន្ធភាព គឺ​ជា​ការអនុវត្ត​មួយ​ដែល​អាច​ទទួលយកបាន តែ​នៅពេល​ដែល​ព្រះអម្ចាស់​បញ្ជា​ឲ្យ​ធ្វើ​ប៉ុណ្ណោះ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ាកុប ២:២៧, ៣០ ឮៗ ។ សូម​បញ្ជាក់​ពី​គោលការណ៍​ដូចតទៅ​នេះ ៖ អាពាហ៍ពិពា៍​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់ គឺជា​បទដ្ឋាន​របស់​ព្រះ លុះត្រាតែ​ទ្រង់​បញ្ជា​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ពី​នេះ ។ សូម​បង្ហាញ​ថា ខគម្ពីរ​ទាំងនេះ​ក៏​រួមបញ្ចូល​នូវ​មូលហេតុ​មួយ​ដែល​ព្រះអម្ចាស់​ប្រទាន​សម្រាប់​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព — ដើម្បី « បង្កើត​កូន​ឲ្យ​ចម្រើន​ជាច្រើន​ឡើង​ដល់ [ ព្រះអម្ចាស់ ] ដោយ​ការបង្កើន​ចំនួន​កូនចៅ​ដែល​កើតពី​ឪពុកម្ដាយ​ដ៏​ស្មោះត្រង់ ( សូមមើល​ផងដែរ គ និង ស ១៣២:៦៣ ) ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​បើកបង្ហាញ​ដល់​យ៉ូសែប ស្ម៊ីធ ដូច​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣២:៣៧–៤៣ ថា​នៅពេល​ប្រជាជន​របស់​ទ្រង់​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ដោយសារ​ទ្រង់​បាន​បញ្ជា​ពួកគេ​ឲ្យ​ធ្វើ​ដូច្នោះ នោះ​ពួកគេ​ពុំ​ជាប់ទោស​ដោយ​សារ​បាប​នៃ​ការកំផិត​នោះទេ ។ ទោះជាយ៉ាងណាក្ដី អ្នកណា​ដែល​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដោយ​គ្មាន​ការទទួល​បញ្ជា​មកពី​ព្រះ​តាមរយៈ​ព្យាការី​របស់​ទ្រង់​នោះ ជាប់​ឈ្មោះ​ថា​មាន​បាប​នៃ​ការកំផិត​ហើយ ។ សូម​បង្ហាញ​ដល់​សិស្ស​ថា​ពាក្យ ត្រូវ​បំផ្លាញ​ចោល នៅក្នុង ខទី ៤១ និង ៥៤ មានន័យ​ថា អស់​អ្នក​ដែល​រំលង​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​របស់​ពួកគេ រួមមាន​នូវ​សេចក្ដីសញ្ញា​អាពាពិពាហ៍​របស់​ពួកគេ នោះ​នឹង​ត្រូវ​កាត់ចេញ​ពី​វត្តមាន​នៃ​ព្រះ និង​ពី​ប្រជាជន​ក្នុង​សេចក្ដីសញ្ញា​របស់​ទ្រង់ ( សូមមើល​ផងដែរ កិច្ចការ ៣:២២–២៣; នីហ្វៃទី ១ ២២:២០ ) ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣២:៤០ ហើយ​រកមើល​មូលហេតុ​ផ្សេង​ទៀត​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​សម្រាប់​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព ។

  • ស្របតាម ខ ៤០ តើ​ព្រះអម្ចាស់​បាន​ធ្វើអ្វីខ្លះ នៅក្នុង​ជំនាន់​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ? ( « ស្ដារ​ការណ៍​ទាំងឡាយ​ឡើង​វិញ » ) ។

សូម​ពន្យល់​ថា​ពាក្យ « ការណ៍​ទាំងឡាយ » សំដៅលើ​ច្បាប់ និង​ពិធីការ​នៃ​ដំណឹងល្អ​នានា​ដែល​ត្រូវបាន​បើកបង្ហាញ​នៅក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​មុន ។ សូម​សរសេរ​សេចក្ដីពិត​ដូចតទៅនេះ​នៅលើ​ក្ដារខៀន ៖ បទបញ្ញត្តិ​ដើម្បី​រស់នៅ​តាម​ច្បាប់​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅក្នុង​ថ្ងៃចុងក្រោយ គឺជា​ផ្នែក​នៃ​ការស្ដារឡើងវិញ​នៃ​រឿង​ទាំងឡាយ ( សូមមើល​ផងដែរ កិច្ចការ ៣:២០–២១ ). ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣២:៤៥, ៤៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ធ្វើ​ឲ្យ យ៉ូសែប ស្ម៊ីធ អាច​ចូលរួម​កិច្ចការ​ដើម្បី​នាំ​មកនូវ​ការ​ស្ដារឡើងវិញ​នៃ​ការណ៍​ទាំងឡាយ ។ សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​ដូចតទៅ​នេះ ៖ អាពាហ៍ពិពាហ៍​ពហុពន្ធភាព​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ តែ​តាមរយៈ​កូនសោ​នៃ​បព្វជិតភាព​ដែល​ត្រូវ​បាន​ប្រទាន​ដល់​ប្រធាន​នៃ​សាសនាចក្រ​តែ​ប៉ុណ្ណោះ ។

handout iconសូម​ផ្ដល់​ដល់​សិស្ស​ម្នាក់ៗ​នូវ​ច្បាប់ចម្លង​នៃ ក្រដាស​ចែកមួយ​ច្បាប់​ដែល​មាន​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ ។ សូម​ឲ្យសិស្ស​ម្នាក់​អាន​ឮៗ​នូវ​ផ្នែក​ទីមួយ​ដែល​មាន​ចំណង​ជើង​ថា « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ » ។

ក្រដាស​ចែក ៖ ការយល់ដឹង​ពី​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព
  • តើ​ការដឹង​ថា ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវបាន​ប្រទាន​តាមរយៈ​វិវរណៈ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​ការអនុវត្ត​នេះ​នៅក្នុង​ជំនាន់​មុន​នៃ​សាសនាចក្រ​កាន់តែ​ច្បាស់​ដោយ​របៀបណា ?

ការអនុវត្ត​ពហុអាពាហ៍ពិពាហ៍​គឺជា​ការសាកល្បង​នៃ​សេចក្ដីជំនឿ

សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ឲ្យ​អាន​ផ្នែក​នៃ​ក្រដាសចែក​ដែល​មាន​ចំណង​ជើង​ថា « បទបញ្ញត្តិ​ដ៏​លំបាក​មួយ » ។ សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​អាន​ផ្នែក​នៃ​ក្រដាសចែក​ដែល​មាន​ចំណង​ជើង​ថា « ការសាកល្បង​នៃ​សេចក្ដីជំនឿ​មួយ » ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​មាន​មូលហេតុ​អ្វីខ្លះ ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ និង​អ្នកដទៃ​អាច​ស្ទាក់ស្ទើរ​ក្នុងការ​អនុម័ត​លើ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ?

  • តើ​យ៉ូសែប ស្ម៊ីធ លូស៊ី វ៉កឃើ និង​អ្នកផ្សេង​ទៀត​បាន​ជួប​នឹង​បទពិសោធន៍​អ្វីខ្លះ រហូតដល់​នៅទីបញ្ចប់​បាន​ជួយ​ដល់​ពួកគេ​ឲ្យ​យកឈ្នះ​ការលំបាក​ដ៏​ខ្លាំងក្លា ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួលយក និង​រស់នៅ​តាម​ច្បាប់​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ?

ចូរ​អញ្ជើញ​សិស្ស​បួនប្រាំ​នាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានឲ្យឮៗ​នូវ​ផ្នែក​នៃ​ក្រដាស​ចែក​ដែល​មាន​ចំណង​ជើង​ថា « យ៉ូសែប ស្ម៊ីធ និង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព » ។

សូម​ពន្យល់​ដល់​សិស្ស​ថា មាន​រឿង​ជាច្រើន​ដែល​យើង​មិន​បាន​ដឹង​អំពី​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅក្នុង​សាសនាចក្រ​កាលពី​ជំនាន់​ដើម ។ ជា​ឧទាហរណ៍ ការយល់ដឹង​នា​ពេល​បច្ចុប្បន្ន​របស់​យើង​អំពី​ពាក្យ ការផ្សារភ្ជាប់ មិន​ដូចជា​អ្វី​ដែល​ត្រូវបាន​យល់​កាលពី​ទសវត្សរ៍​ឆ្នាំ ១៨៤០ ឡើយ គឺ​ជា​ពេល​ដែល​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ថ្មី​នៅឡើយ ហើយ​ផ្នែក​ខ្លះ​នៃ​ការអនុវត្តន៍​នេះ​មិន​ត្រូវបាន​យល់​យ៉ាង​ពេញលេញ​ឡើយ ។ យើង​ឮ​ពាក្យ ផ្សារភ្ជាប់ ហើយ​ក៏​គិត​ភា្លម​ដល់​ពាក្យ អាពាហ៍ពិពាហ៍ ប៉ុន្ដែ​សម្រាប់​យ៉ូសែប ស្ម៊ីធ និង​ពួកបរិសុទ្ធ​កាលពី​ជំនាន់​ដើម​ពាក្យ ផ្សារភ្ជាប់ មិន​មែន​មាន​ន័យ​ថា អាពាហ៍ពិពាហ៍​នៅក្នុង​ន័យ​ត្រង់​ពេញលេញ​ជានិច្ច​នោះទេ ពោល​គឺ​វា​មានន័យ​ថា រស់នៅ​ជាមួយ​គ្នា​ជា​ស្វាមី និង​ភរិយា ។ ការណ៍ពិស្ដារ​ជាច្រើន​នៃ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវបាន​រក្សា​ទុក​ជា​ការណ៍​សម្ងាត់ ហើយ​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​មិន​បាន​ឆ្លើយ​ដល់​សំណួរ​ទាំងអស់​បាន​ទេ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​សិក្សា​ក្នុង​ការអាន​របស់​សិស្ស ដែល​មាន​នៅ​ចុងបញ្ចប់​នៃ​មេរៀន​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

អ្នក​អាច​ចង់​រំឭក​សិស្ស​ថា នៅពេល​ពួកគេ​សិក្សា​អំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព នោះ​ពួកគេ​គួរតែ​ចងចាំអំពី​គំរូ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុង​ការធ្វើតាម​ការរៀន​ដំណឹងល្អ​របស់​លោក ។ លោក​បាន​សិក្សា បាន​សញ្ជឹងគិត និង​បាន​អធិស្ឋាន​ដើម្បី​ទទួល​បាន​ចំណេះដឹង ។ ពួកគេ​ក៏​គួរតែ​ចងចាំ​ថា មាន​ព័ត៌មាន​ដែល​មិន​គួរ​ឲ្យ​ទុកចិត្ត​ជាច្រើន​អំពី​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ដែល​មាន​នៅលើ​អ៊ិនធើរណែត និង​នៅក្នុង​សៀវភៅ​ជាច្រើន ។ អ្នកនិពន្ធ​ខ្លះ​ដែល​បាន​សរសេរ​អំពី​សាសនាចក្រ និង​ប្រវត្តិសាស្ដ្រ​នៃ​សាសនាចក្រ បាន​សរសេរ​ព័ត៌មាន​ក្លែងបន្លំ ឬ​ពេល​ខ្លះ​ពួកគេ​រួមបញ្ចូល​នូវ​សេចក្ដីពិត​ខ្លះៗ ដែល​អាច​នាំ​ឲ្យ​មាន​ការយល់ខុស ។ បំណង​នៃការសរសេរ​ទាំងនេះ​ខ្លះ គឺ​ដើម្បី​បំផ្លាញ​សេចក្ដីជំនឿ ។

សេចក្ដីប្រកាស​ជា​ផ្លូវការទី ១

ព្រះអម្ចាស់​បាន​បើកបង្ហាញ​ថា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គួរតែ​បញ្ឈប់​នូវ​ការអនុវត្តន៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព

សូម​ពន្យល់​ថា ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​បាន​រាលដាល បន្ទាប់ពី​ពួកបរិសុទ្ធ​បាន​មកដល់​ដែនដី​យូថាហ៍ ហើយ​បន្ទាប់ពី​នោះ​មក​បាន​បញ្ឈប់​ដោយ​ស្ដាប់​តាម​វិវរណៈ ។ សូម​ឲ្យ​សិស្ស​ឆ្លាស់​វេន​គ្នា​អានឲ្យឮៗ​នូវ​ផ្នែក​នៃ​ក្រដាស​ចែក​ដែល​មាន​ចំណង​ជើង​ថា « ការប្រឆាំង​នឹង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព » និង « សេចក្ដីប្រកាស​លើកទីពីរ » ។

  • តើ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​កាលពី​ជំនាន់​ដើម​បាន​ជួប​នឹង​លទ្ធផល​អ្វីខ្លះ ដោយសារ​តែ​ពួកគេ​បាន​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ក្នុង​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ឆ្លាស់វេន​គ្នា​អាន​ឮៗ​ពី​កថាខណ្ឌ​ពីរ​ចុងក្រោយ​នៃ សេចក្ដីប្រកាស​ជា​ផ្លូវការទី ១ នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា និង​កថាខណ្ឌ​ទី​មួយ និង​ទីប្រាំពីរ​នៃ « ជម្រើស​ចេញពី​សុន្ទរកថា​បី​ដោយ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ អំពី​សេចក្ដីប្រកាស​នេះ » ដែល​បន្ដ​ពី សេចក្ដីប្រកាស​ជា​ផ្លូវការ ទី ១ ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ​បាន​បង្រៀន​ដល់ពួកបរិសុទ្ធ​អ្វីខ្លះ ? ( គោលការណ៍​ខ្លះ​ដែល​លោក​បាន​បង្រៀន​រួមមាន​ដូច​តទៅ ៖ ព្រះអម្ចាស់​នឹង​មិន​ដែល​អនុញ្ញាត​ឲ្យ​ប្រធាន​សាសនាចក្រ​ដឹកនាំ​សាសនាចក្រ​ឲ្យ​វង្វេង​នោះទេ ។ ព្រះ​អម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​តាមរយៈ​វិវរណៈ​ដែល​បាន​ប្រទាន​ដល់​ប្រធាន​នៃ​សាសនាចក្រ ) ។

សេចក្ដីសម្រង់​ខាងក្រោម​អាច​ជួយ​ដល់​អ្នក​ក្នុង​ការពន្យល់​បន្ថែម​អំពី​ការសម្រេចចិត្ត​ក្នុង​ការបញ្ចប់​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ៖

ប្រធាន ចច ឃ្យូ ឃែណុន

« ប្រធាន ចច ឃ្យូ ឃែណុន បាន​គិត​អំពី​ដំណើរការ​វិវរណៈ​ដែល​បាន​នាំ​មក​នូវ​សេចក្ដីប្រកាស​អំពី ៖ ‹ គណៈប្រធាន​នៃ​សាសនាចក្រ​ត្រូវតែ​ដើរ​ដូចជា​អ្នក​ដើរ​ដែរ › លោក​បាន​មាន​ប្រសាសន៍ ។ ‹ ពួកលោក​ត្រូវតែ​បោះជំហាន​ដូចជា​អ្នក​បោះជំហាន​ដែរ ។ ពួកលោក​ត្រូវតែ​ពឹងផ្អែក​លើ​វិវរណៈ​របស់​ព្រះ ដូច​ដែល​ព្រះអម្ចាស់ប្រទានដល់​ពួកលោក ។ ពួកលោក​មិន​អាច​មើលឃើញ​ទីបញ្ចប់​ពី​ចំណុច​ចាប់ផ្ដើម ដូចជា​ព្រះអម្ចាស់​មើលឃើញ​នោះទេ › ។ ដោយ​មាន​ប្រសាសន៍​អំពី​គណៈប្រធាន​ទីមួយ​នោះ ឃែណុន បាន​មាន​ប្រសាសន៍​ថា ‹ អ្វីទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន គឺ​ត្រូវ​ស្វែងរក​គំនិត និង​ឆន្ទៈ​របស់​ព្រះ ហើយ​នៅពេល​ការណ៍​នោះ​មក​កាន់យើង ទោះបីជា​វា​អាច​ពាក់ព័ន្ធ​ទៅនឹង​អារម្មណ៍​ដែល​យើង​ធ្លាប់​គិត​ថា​ល្អ​ពីមុន​ក្ដី ក៏​យើង​គ្មាន​ជម្រើស​ឡើយ ប៉ុន្ដែ​ត្រូវ​បោះជំហាន​តាម​អ្វី​ដែល​ព្រះ​បើក​បង្ហាញ ហើយ​ទុកចិត្ត​លើ​ទ្រង់ › » ( « សេចក្តី​ប្រកាស និង ការបញ្ចប់​អាពាហ៍ពិពាហ៍​ពហុពន្ធភាព » ប្រធាន​បទ​ដំណឹង​ល្អ lds.org/topics ) ។

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​ការសួរ​សិស្ស ៖

  • ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បាន​រៀន តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច បើសិនជា​នរណាម្នាក់​បាន​សួរ​ថា​តើ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ពិតជា​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​មែន​ឬ ?

សូម​ពិចារណា​អំពី​ការ​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ៖

ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី

« ប្រសិនបើ​សមាជិក​យើង​ណាក៏​ដោយ ដែល​ត្រូវបាន​គេ​រកឃើញ​ថា​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព នោះ​ពួកគេ​នឹង​ត្រូវ​កាត់កាល​ចេញ ដែល​នេះ​ជា​ការដាក់ទោស​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​សាសនាចក្រ​អាច​ដាក់​បាន ។ … ជាង​មួយ​សតវត្សរ៍​កន្លងទៅ ព្រះ​បាន​បើកបង្ហាញ​យ៉ាងជាក់​ច្បាស់​ដល់​ព្យាការី​របស់​ទ្រង់​ឈ្មោះ វិលហ្វូឌ វូឌដ្រុព្វ ថា​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវតែ​បញ្ឈប់ ពោល​គឺ​មានន័យ​ថា ឥឡូវនេះ​ការអនុវត្ត​នេះ​ខុសនឹង​ច្បាប់​របស់​ព្រះ ។ ទោះបីជា​នៅក្នុង​ប្រទេស​ដែល​មាន​ច្បាប់​ស៊ីវិល ឬ​ច្បាប់​សាសនា​អនុវត្ត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ក្ដី ក៏​សាសនាចក្រ​បង្រៀន​ថា អាពាហ៍ពិពាហ៍​ទាំងឡាយ​ត្រូវតែ​ឯកពន្ធភាព ហើយ​នឹង​មិន​ទទួល​យក​សមាជិកភាព​ណា​ដែល​កំពុង​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ឡើយ » ( « What Are People Asking about Us? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ទំព័រ ៧១–៧២ ) ។

កថាខណ្ឌ​ខាងក្រោម​នេះ​ក៏​អាច​ជួយ​ដល់​អ្នក​ដែរ នៅពេល​អ្នក​ពិភាក្សា​អំពី​ការអនុវត្ត​របស់​សាសនាចក្រ​នា​ពេល​បច្ចុប្បន្ន​នេះ ៖

« ដើម្បី​មាន​ស្ថេរភាព​ជាមួយ​នឹង​ការបង្រៀន​របស់​យ៉ូសែប ស្ម៊ីធ នោះ​សាសនាចក្រ​អនុញ្ញាត​ឲ្យ​បុរស​ម្នាក់​ដែល​ប្រពន្ធ​បាន​ស្លាប់​ចោល ត្រូវបាន​ផ្សារភ្ជាប់​នឹង​ស្ដ្រី​ម្នាក់​ទៀត នៅពេល​លោក​រៀបការ​ម្ដងទៀត ។ ជាងនេះ​ទៅទៀត សមាជិក​ជាច្រើន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធីការ​ជំនួស​បុរស និង​ស្ដ្រី​ដែល​បាន​ស្លាប់​ទៅ ដែល​បាន​រៀបការ​លើសពី​ម្ដង​នៅលើ​ផែនដី​នេះ ដោយ​ផ្សារភ្ជាប់​ពួកគេ​ទៅនឹង​ដៃគូ​ទាំងអស់​ដែល​ពួកគេ​បាន​រៀបការ​ដោយ​ស្របច្បាប់ ។ លក្ខណៈ​ដ៏​ពិសេស​នៃ​ទំនាក់ទំនង​ទាំងនេះ​នៅក្នុង​ជីវិត​ក្រោយ​មិន​ត្រូវបាន​គេ​ដឹង​នោះទេ ហើយ​ទំនាក់ទំនង​គ្រួសារ​ជាច្រើន​នឹង​ត្រូវបាន​បែងចែក​នៅក្នុង​ជីវិត​បន្ទាប់​ពី​ជីវិត​នេះ ។ ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ទាំងឡាយ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌​ដ៏​វាងវៃ​របស់​យើង ដែល​ស្រឡាញ់​កូនចៅ​របស់​ទ្រង់ ហើយ​នឹង​ធ្វើ​រាល់ការណ៍​ទាំងឡាយ​សម្រាប់​ការចម្រើន​ឡើង​របស់​ពួកគេ និង​ទទួល​បាន​សេចក្ដីសង្គ្រោះ » ( « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ ទីក្រុង ខឺត ឡង់ និង ណៅវូ » ប្រធានបទ​ដំណឹង​ល្អ lds.org/topics ) ។

មុនពេល​បញ្ចប់​មេរៀននេះ សូម​ប្រាប់​សិស្ស​ថា មាន​អ្នកខ្លះ​បាន​ក្បត់សាសនា​ពី​សាសនាចក្រ​នេះ​ទៅ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​សព្វថ្ងៃនេះ ។ ពួកគេ​ខំបញ្ចុះបញ្ចូលឲ្យ​មនុស្ស​អធិស្ឋាន និង​សញ្ជឹងគិត​ថា​វា​ជា​ការត្រឹមត្រូវ​ឬ​អត់​ដើម្បី​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​សព្វថ្ងៃនេះ ។ យើង​មិន​គួរ​ព្យាយាម​ដើម្បី​ទទួល​បាន​វិវរណៈ​ដែល​ផ្ទុយទៅ​នឹង​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើកបង្ហាញ​តាមរយៈ​ព្យាការី​របស់​ទ្រង់​នោះទេ ។ ព្រះអម្ចាស់​បាន​បើកបង្ហាញ​តាមរយៈ​ព្យាការី​របស់​ទ្រង់​ថា ការអនុវត្ត​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវតែ​បញ្ឈប់​នៅក្នុង​សាសនាចក្រ​នេះ ។ អ្នកណា​ក៏​ដោយ​ដែល​គាំទ្រ​ដល់​ការអនុវត្ត​ពហុអាពាហ៍ពិពាហ៍​សព្វថ្ងៃនេះ គឺ​មិនមែន​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​នោះទេ ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ អ្នក​អាច​ថ្លែងទីបន្តាល់​ថា លោក​បាន​ទទួល និង​បាន​គោរព​តាម​វិវរណៈ​មកពី​ព្រះ ដូចជា​ព្យាការី​កាលពី​ជំនាន់​បុរាណ​ដូចជា លោក​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​ដែរ ( សូមមើល គ និង ស ១៣២:៣៧ ) ។

ការអាន​របស់​សិស្ស

ការយល់ដឹង​ពី​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព

មូលដ្ឋាន​នៃ​ការស្ដារឡើងវិញ— មេរៀន​ទី ២០

អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព

« ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ជឿ​ថា អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ដ្រី​ម្នាក់​គឺជា​ច្បាប់​ដ៏​ចម្បង​នៃ​អាពាហ៍ពិពាហ៍​របស់​ព្រះអម្ចាស់ ។ នៅក្នុង​ជំនាន់​ព្រះគម្ពីរ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​បាន​បញ្ជា​អ្នកខ្លះ​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព — ជា​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ ទៅនឹង​ស្ដ្រី​ច្រើន​ជាង​ម្នាក់ ។ ដោយសារ​វិវរណៈ នោះ​ព្រះអម្ចាស់​បាន​បញ្ជា​យ៉ូសែប ស្ម៊ីធ ឲ្យ​ស្ថាបនា​នូវ​ការអនុវត្ត​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៅ​ដើម​ឆ្នាំ ១៨៤០ ។ រយៈពេល​ជាង​កន្លះ​សតវត្សរ៍ មាន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ខ្លះ​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​សាសនាចក្រ » ( « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ប្រធាន​បទ​ដំណឹង​ល្អ lds.org/topics ) ។

ព្រះបញ្ញត្តិ​ដ៏​ពិបាក​មួយ

អេលីហ្សា អរ ស្នូ ( ឆ្នាំ ១៨០៤–៨៧ ) ជា​ប្រធាន​សមាគម​សង្គ្រោះ​ស្ដ្រី​ទូទៅ​ទីពីរ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ប្រធាន យ៉ូសែប ស្ម៊ីធ ។ គាត់​បាន​កត់ត្រា​នូវ​បទពិសោធន៍​ខាងក្រោម​នេះ ដែល​ក្នុង​នោះ​ព្យាការី យ៉ូសែប បាន​បង្រៀន​ពី​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដល់​បងប្រុស​របស់​គាត់​គឺ ឡូរែនសូ ស្នូ ។

« ព្យាការី យ៉ូសែប បាន​បើក​ដួងចិត្ត​របស់​លោក [ ឲ្យ ឡូរែនសូ ស្នូ ]​ដឹង ហើយ​បាន​រៀបរាប់​ពី​ការសាកល្បង​ពិសោធន៍​ដ៏​អាក្រក់​ខាង​សតិ​មួយ ដែល​លោក​បាន​ជួប​ដើម្បី​យក​ឈ្នះ​លើ​អារម្មណ៍​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​លោក ដែល​ជា​លទ្ធផល​ធម្មជាតិ​នៃ​កម្លាំង​នៃ​ការអប់រំ និង​ទម្លាប់​ខាង​សង្គម ដែល​វា​ទាក់ទង​ទៅនឹង​ការណែនាំ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព ។ លោក​បាន​ស្គាល់​សំឡេង​របស់​ព្រះ — លោក​បាន​ដឹង​ពី​ព្រះបញ្ញត្តិ​របស់​ព្រះដ៏​មាន​ព្រះចេស្ដា​ដល់​លោក​ឲ្យ​ទៅ​មុខ — ដើម្បី​ធ្វើ​ជា​គំរូ ហើយ​ស្ថាបនា​នូវ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​ខាង​សេឡេស្ទាល ។ លោក​បាន​ដឹង​ថា លោក​មិន​ត្រឹមតែ​ត្រូវ​ប្រឆាំង និង​យកឈ្នះ​លើ​ការវិនិច្ឆ័យ​មុន និង​ឥទ្ធិពលរបស់ខ្លួន​លោក​ផ្ទាល់​នោះទេ ប៉ុន្ដែ​ថែម​ទាំង​ពី​សំណាក់​នៃ​អស់​ទាំង​ពិភព​គ្រីស្ទាន​ទាំងមូល​ដែល​នឹង​សំឡក់​មក​កាន់​លោក ប៉ុន្ដែ​ព្រះ ដែល​ជា​ព្រះ​លើស​អស់​ទាំង​មនុស្ស​ទាំងអស់ បាន​ប្រទាន​ព្រះបញ្ញត្តិ​នេះ ហើយ​លោក​ត្រូវតែ​គោរព​តាម​ការណ៍​នេះ ។ ប៉ុន្ដែ ព្យាការី​នៅ​តែ​ស្ទាក់ស្ទើរ ហើយ​បាន​ពន្យាពេល​ម្ដង​ហើយ​ម្ដង​ទៀត រហូតដល់​មាន​ទេវតា​នៃ​ព្រះ​មួយ​អង្គ​បាន​ឈរ​នៅក្បែរ​លោក​ដោយ​ប្រដាប់​ដោយ​ដាវ ហើយ​បាន​ប្រាប់​លោក​ថា លើកលែង​តែ​លោក​បាន​បោះជំហាន​ទៅមុខ និង​ស្ថាបនា​នូវ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​នេះ​ឡើង ពុំដូច្នោះ​ទេ​បព្វជិតភាព​របស់​លោក​នឹង​ត្រូវបាន​ដកចេញ​ពី​លោក ហើយ​លោក​នឹង​ត្រូវបាន​បំផ្លាញ​ចោល ! ទីបន្ទាល់​នេះ ដែល​លោក​បាន​ថ្លែង មិន​ត្រឹមតែ​​ចំពោះ​បងប្រុស​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​ទៅដល់​អ្នកដទៃ​ផ្សេង​ទៀត — ជា​ទីបន្ទាល់​មួយ​ដែល​មិន​អាច​ប្រកែក​បាន [ មិន​អាច​ធ្វើ​ផ្ទុយ​បាន ] » ( Biography and Family Record of Lorenzo Snow [ ឆ្នាំ ១៨៨៤ ] ទំព័រ ៦៩–៧០ ) ។

ការសាកល្បង​នៃ​សេចក្ដីជំនឿ

មនុស្ស​ជាច្រើន​ដែល​បាន​តស៊ូ​នឹង​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព បាន​ទទួលពរ​ដោយ​ការបញ្ជាក់​ដល់​សាក្សី​ខាង​វិញ្ញាណ​អំពី​សេចក្ដីពិត​នៃ​គោលការណ៍​នេះ ។

« យោងតាម ហេឡែន ម៉ា ឃឹមបឹល យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ‹ ការអនុវត្ត​គោលការណ៍​នេះ​គឺជា​ការសាកល្បង​ដ៏​លំបាក​បំផុត​ដែល​ពួកបរិសុទ្ធ​ធ្លាប់​បាន​ជួប​ពីមុន​មក​ក្នុង​ការសាកល្បង​សេចក្ដីជំនឿ​របស់​ពួកគេ › ។ ទោះបីជា​វា​គឺជា​ការសាកល្បង​មួយ ‹ ដ៏​លំបាក​បំផុត › នៃ​ជីវិត​របស់​នាង នាង​បាន​ថ្លែងទីបន្ទាល់​ថា វា​ក៏​ជា ‹ ពរជ័យ​មួយ​ដ៏​អស្ចារ្យ​បំផុត​ដែរ › ។ …

« លូស៊ី វ៉កឃើរ បាន​រំឭក​ពី​ចលាចល​ក្នុង​ចិត្ត​របស់​នាង នៅពេល​យ៉ូសែប ស្ម៊ីធ បាន​សុំ​នាង​រៀបការ ។ នាង​បាន​សរសេរ​ថា ‹ រាល់​អារម្មណ៍​នៅក្នុង​ព្រលឹង​របស់​ខ្ញុំ​បាន​បះបោរ​ប្រឆាំង​នឹង​ការណ៍​នេះ › ។ ប៉ុន្ដែ បន្ទាប់​ពី​មាន​ចិត្ត​រសាប់​រសល់​ប៉ុន្មាន​យប់​មក ដោយ​បន្ដ​លុតជង្គង់​អធិស្ឋាន នាង​បាន​រកឃើញ​ការរំសាយចិត្ត​នៅពេល​បន្ទប់​របស់​នាង ‹ ពោរពេញ​ដោយ​ឥទ្ធិពល​ដ៏​បរិសុទ្ធ › ដែល​ស្រដៀងទៅនឹង ‹ រស្មី​ព្រះអាទិត្យ​ដ៏​ចែងចាំង › ។ នាង​បាន​និយាយថា ‹ ព្រលឹង​របស់​ខ្ញុំ​ត្រូវបាន​ពោរពេញ​ដោយ​សេចក្ដីសុខសាន្ដ​ដ៏​ផ្អែមល្ហែម​ស្ងប់ស្ងាត់​មួយ ដែល​ខ្ញុំ​មិន​ដែល​បានជួបប្រទះ​ពីមុនមក › និង ‹ សុភមង្គល​ដ៏​ធំអនេក​ដែល​មាន​នៅក្នុង​រាងកាយ​របស់​ខ្ញុំ​ទាំងមូល › » ( « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ ទីក្រុង ខឺតឡង់ និង ណៅវូ » ប្រធាន​បទ​ដំណឹង​ល្អ lds.org/topics ) ។

យ៉ូសែប ស្ម៊ីធ និង អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព

ស្ដ្រី​ជាច្រើន​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​យ៉ូសែប ស្ម៊ីធ ប៉ុន្ដែ​ចំនួន​ពិតប្រាកដ​នោះ​មិន​ត្រូវបាន​គេ​ដឹង​នោះទេ ។

« អំឡុង​សម័យ​ដែល​គេ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​នោះ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​បែងចែក​រវាង​ការផ្សារភ្ជាប់​សម្រាប់​ពេល​នេះ និង​ជា​អស់កល្ប និង​ការផ្សារភ្ជាប់​សម្រាប់​តែ​ភាពអស់កល្ប​ប៉ុណ្ណោះ ។ ការផ្សារភ្ជាប់​សម្រាប់​ពេល​នេះ និង​ភាព​អស់កល្ប រួមមាន​នូវ​ការប្ដេជ្ញា និង​ទំនាក់ទំនង​ក្នុង​ជីវិត​នេះ ជាទូទៅ​រួមមាន​ទំនាក់ទំនង​ផ្លូវភេទ​ផងដែរ ។ ការផ្សារភ្ជាប់​សម្រាប់​តែ​ភាពអស់កល្ប​ជានិច្ច បង្ហាញតែ​ពី​ទំនាក់ទំនង​នៅក្នុង​ជីវិត​បន្ទាប់​ប៉ុណ្ណោះ ។

« … ស្ដ្រី​ខ្លះ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​យ៉ូសែប ស្ម៊ីធ ក្រោយមក​បានថ្លែង​ទីបន្ទាល់​ថា អាពាហ៍ពិពាហ៍​របស់​ពួកគេ​គឺ​សម្រាប់​ពេល​នេះ និង​ភាព​អស់កល្ប ខណៈ​អ្នក​ផ្សេង​ទៀត​បាន​បង្ហាញ​ថា ទំនាក់ទំនង​របស់​ពួកគេ​គឺ​សម្រាប់​តែ​ភាព​អស់កល្ប​ប៉ុណ្ណោះ ។

« ភាគច្រើន​នៃ​អស់​អ្នក​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​យ៉ូសែប ស្ម៊ីធ មាន​អាយុ​ចន្លោះ ២០ និង ៤០ ឆ្នាំ នៅពេល​ពួកគេ​បាន​ផ្សារភ្ជាប់​ទៅនឹង​លោក ។ អ្នក​មាន​វ័យ​ចំណាស់​បំផុត​គឺ ហ្វាននី យ៉ង់ ដែល​មាន​អាយុ ៥៦ ឆ្នាំ ។ អ្នក​មាន​វ័យ​ក្មេង​ជាងគេ​បំផុត​គឺ ហេឡែន ម៉ា ឃឹមបឹល…ដែល​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​យ៉ូសែប តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុនពេល​នាង​មាន​អាយុ ១៥ ឆ្នាំ ។ អាពាហ៍ពិពាហ៍​នៅក្នុង​អាយុ​ដ៏ក្មេងខ្ចី​បែប​នោះ គឺ​វា​មិន​សមរម្យ​នោះទេ​នៅក្នុង​បទដ្ឋាន​នា​សព្វថ្ងៃនេះ ប៉ុន្ដែ​វា​ស្របច្បាប់​នៅ​សម័យ​នោះ ហើយ​ស្ដ្រី​ខ្លះ​បាន​រៀបការ​នៅ​វ័យ​ស្ទើរ​ជំទង់​របស់​គេ ។ ហេឡែន ម៉ា ឃឹមបឹល បាន​និយាយ​អំពី​ការផ្សារភ្ជាប់​របស់​នាង​ទៅនឹង​យ៉ូសែប​ថា​ជា ‹ ការណ៍​មួយ​សម្រាប់​ភាព​ដ៏​អស់កល្ប​តែ​ប៉ុណ្ណោះ › ដោយ​បង្ហាញប្រាប់​ថា ទំនាក់ទំនង​នេះ​មិន​បាន​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​ផ្លូវភេទ​នោះទេ ។ …

« … យ៉ូសែប ស្ម៊ីធ បាន​ផ្សារភ្ជាប់ទៅនឹង​ស្ដ្រី​មួយ​ចំនួន​ដែល​បាន​រៀបការ​រួចហើយ ។ ទាំង​ស្ដ្រី​ទាំងនោះ ទាំង​យ៉ូសែប មិន​បាន​ពន្យល់​ក្បោះក្បាយ​អំពី​ការផ្សារភ្ជាប់​ទាំងនេះ​ទេ ទោះ​យ៉ាង​ណា មាន​ស្ដ្រី​បី​បួន​នាក់​បាន​និយាយ​ថា ការផ្សារភ្ជាប់​ទាំង​នោះ​គឺ​គ្រាន់តែ​សម្រាប់​ភាពអស់កល្ប​ប៉ុណ្ណោះ ។ ស្ដ្រី​ផ្សេង​ទៀត​មិន​បានបន្សល់​ជា​កំណត់ត្រា​អ្វី​ឡើយ ដូច្នេះ​យើង​មិន​ដឹង​ថា​តើ​ការផ្សារភ្ជាប់​របស់​ពួកគេ​គឺ​សម្រាប់​ពេល​នេះ និង​ភាពអស់កល្ប ឬ​ក៏​ការផ្សារភ្ជាប់​សម្រាប់​តែ​ភាពអស់កល្ប​ទេ ។

« មាន​ការពន្យល់​បី​បួន​ដែល​អាច​ទទួល​យក​បាន​សម្រាប់​ការអនុវត្តន៍​នេះ ។ ការផ្សារភ្ជាប់​ទាំងនេះ​អាច​ផ្ដល់​ជា​ផ្លូវ​មួយ​ដើម្បី​បង្កើត​ចំណង ឬ​ខ្សែ​ភ្ជាប់​ដ៏​អស់កល្ប​មួយ​រវាង​គ្រួសារ​របស់​យ៉ូសែប និង​គ្រួសារ​អ្នក​ផ្សេង​ទៀត​នៅក្នុង​សាសនាចក្រ ។ ចំណង​ទាំងពីរ​នេះ​ពង្រីក​ឡើង​ជា​ខ្សែ ពី​ឪពុកម្ដាយ​ទៅកូន ហើយ​ពង្រីក​សងខាង​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ​ទៀត ។ សព្វថ្ងៃនេះ​ចំណង​ដ៏​អស់កល្ប​បែបនេះ​ត្រូវ​បាន​ធ្វើ​ឡើង​បាន​តាមរយៈ​អាពាហ៍ពិពាហ៍​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ដល់​បុគ្គល​ទាំងឡាយ​ណា​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​គ្រួសារ​កំណើត​ផ្ទាល់​របស់​ពួកគេ ហើយ​ការធ្វើ​របៀប​នេះ​នឹង​ភ្ជាប់​គ្រួសារ​ទាំងឡាយ​រួមគ្នា » ( « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ទីក្រុង ខឺតឡង់ និង ណៅវូ » ប្រធាន​បទ​ដំណឹង​ល្អ lds.org/topics ) ។

ក្រោយពី​ការស្លាប់​របស់​ព្យាការី មាន​ស្ដ្រី​ជាច្រើន​ត្រូវបាន​ផ្សារភ្ជាប់ទៅ​នឹង​លោក ដែល​វា​ពុំ​បាន​ទាក់ទង​ទៅនឹង​ទំនាក់​ទំនង​ខាងសាច់ឈាម​នឹង​លោក​ឡើយ ។

ការប្រឆាំង​នឹង​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព

មាន​អ្នកដឹកនាំ​សាសនា និង​អ្នកដឹកនាំ​នយោបាយ​ជាច្រើន​នៅក្នុង​សហរដ្ឋ​បាន​ប្រឆាំង​ទៅ​នឹង​ប្រព័ន្ធ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព ដែល​ពួកគេ​ចាត់ទុកថា​ប្រព័ន្ធ​នេះ​គឺ​អសីលធម៌ និង​គ្មាន​អរិយធម៌ ។ ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ជាច្រើន​ត្រូវ​បាន​គេ​សើច​ចំអក​ដាក់​ជា​សាធារណៈ​នៅក្នុង​សុន្ទរកថា សៀវភៅ ទស្សនាវដ្ដី និង​កាសែត​នានា ។ សភា​សហរដ្ឋ​បាន​ចេញ​ច្បាប់​ជាច្រើន​ដែល​ដាក់កម្រិត​ដល់​សេរីភាព​របស់​សមាជិក​សាសនាចក្រ ហើយ​បាន​បញ្ឈឺ​ដល់​សាសនាចក្រ​ខាង​សេដ្ឋកិច្ច​ដោយ​រឹតបន្ដឹង​ចំនួន​អចលនទ្រព្យ​ដែល​សាសនាចក្រ​អាច​កាន់កាប់​បាន ។ « នៅទីបំផុត នីតិវិធី​នេះ​បាន​បណ្ដាល​ឲ្យ​ពួកមន្ដ្រី​ជាច្រើន​ចាប់ខ្លួន និង​ដាក់គុក​ដល់​បុរស​ទាំងឡាយ​ដែល​បាន​មាន​ប្រពន្ធ​ច្រើន​ជាង​ម្នាក់ ហើយ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​សិទ្ធិ​បោះឆ្នោត មិន​មាន​សិទ្ធិ​ផ្ទាល់ខ្លួន​នៅក្នុង​ផ្ទះ​ខ្លួន​ឯង ហើយ​គ្មាន​ការរីករាយ​នឹង​សេរីភាព​ស៊ីវិល​នោះទេ » ( Our Heritage: A Brief History of The Church of Jesus Christ of Latter-day Saints [ ឆ្នាំ ១៩៩៦ ], ទំព័រ ៩៧ ) ។ នៅ​ត្រឹម​ឆ្នាំ ១៨៩០ មាន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដ៏​ស្មោះត្រង់​ជាច្រើន​រយ​នាក់​បាន​ជាប់​គុក ។ អ្នកផ្សេង​ទៀត​បាន​រត់គេច​ពួន​ដើម្បី​ចៀសវាង​ពី​ការចាប់ខ្លួន និង​ដាក់គុក ។ នៅក្នុង​ស្ថានភាព​បែបនេះ មាន​គ្រួសារ​ជាច្រើន​បាន​រងទុក្ខ​ពី​ការមានភាពតានតឹង ទុក្ខសោក ភាពក្រីក្រ និង​ការអត់ឃ្លាន ។

ទោះបីជា​ពិភពលោក​បាន​ចំអក​ឡកឡឺយ​ដល់​ពួកគេ​ដោយសារ​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​ក្ដី ក៏​មាន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដ៏​ស្មោះត្រង់​ជាច្រើន​បាន​ការពារ​ក្នុង​ការអនុវត្តន៍​នេះ និង​បាន​ថ្លែងទីបន្ទាល់​ថា ពួកគេ​បាន​ដឹង​ថា វា​ត្រូវបាន​បើកបង្ហាញ​មកពី​ព្រះ តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។

កាលៈទេសៈ​ដ៏​លំបាក​ទាំងនេះ​បាន​នាំ​ឲ្យ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់​ប្រកបដោយ​ការអធិស្ឋាន​ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​របស់​ពួកបរិសុទ្ធ​ទាំងឡាយ ។ នៅក្នុង​ឆ្នាំ ១៨៨៩ ប្រធាន វូដដ្រុព្វ បាន​ណែនាំ​អ្នក​ដឹកនាំ​សាសនាចក្រ​ទាំងឡាយ​ឲ្យ​បញ្ឈប់​ការបង្រៀន​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​នេះ​ទៀត ។ នៅ​ត្រឹមឆ្នាំ ១៨៩០ មាន​តែ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​ពីរ​បី​ប៉ុណ្ណោះ​ដែល​កើតមាន​ឡើង ហើយ​ការណ៍​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ការទូន្មាន​របស់​ប្រធាន វួឌដ្រុព្វ ។ ទោះជាយ៉ាង​ណា​ក៏​ដោយ ក៏​មាន​មនុស្ស​ខ្លះ​បាន​ចេញផ្សាយ​របាយការណ៍​ជាច្រើន​ថា សាសនាចក្រ​នៅតែ​បន្ដ​ឲ្យ​មាន​ការអនុវត្តន៍​ពហុអាពាហ៍ពិពាហ៍​ដដែល ។ របាយការណ៍​ទាំងនេះ បាន​បង្កើត​ជា​ការរុកគួន​ដល់​សាសនាចក្រ ។ នៅខែ កញ្ញា ឆ្នាំ ១៨៩០ ប្រធាន វូឌ ដ្រុព្វ បាន​ចេញ​ជា​សេចក្ដីប្រកាស​មួយ​ដែល​ពេលនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា សេចក្ដីប្រកាស​ជា​ផ្លូវការ​ទី ១ ដែល​មាន​នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ។

សេចក្ដីប្រកាស​ជា​ផ្លូវការ​ទី ២

« សេចក្ដីប្រកាស [ ជាផ្លូវការ​ទី ២ ] បាន​ប្រកាស​ពី​បំណងប្រាថ្នា​របស់​ប្រធាន [ វិលហ្វូឌ ] វូឌដ្រុព្វ ក្នុង​ការចុះចូល​នឹង​ច្បាប់​របស់​សហរដ្ឋ ។ វា​មិន​បាន​និយាយ​អ្វី​ផ្សេង​ទៀត​អំពី​ច្បាប់​របស់​ប្រទេស​ផ្សេង​ទៀត​ឡើយ ។ តាំងពី​ពេល​បើក​អាណានិគម​លើ​ប្រទេស​ម៉ិកស៊ិក និង​កាណាដា​មក អ្នក​ដឹកនាំ​សាសនាចក្រ​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​នៅក្នុង​ប្រទេស​ទាំងនោះ ហើយ​ក្រោយ​ខែ តុលា ឆ្នាំ ១៨៩០ អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​បាន​បន្ដ​ធ្វើ​ឡើង​ដោយ​លាក់បាំង​នៅទីនោះ ។ … នៅក្រោម​កាលៈទេសៈ​លើកលែង​នានា មាន​មនុស្ស​មួយ​ក្រុម​តូច​ថ្មី​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​នៅក្នុង​សហរដ្ឋ​ចន្លោះ​ឆ្នាំ ១៨៩០ និង​ឆ្នាំ ១៩០៤ ទោះបីជា​ថាតើ​អាពាហ៍ពិពាហ៍​ទាំងនោះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ឡើង​នៅក្នុង​រដ្ឋ​នានា ឬ​អត់ មិន​មាន​ភាពច្បាស់លាស់​ឡើយ » ( « សេចក្តី​ប្រកាស និង ការបញ្ចប់​អាពាហ៍ពិពាហ៍ពហុពន្ធភាព » ប្រធានបទ​ដំណឹង​ល្អ lds.org/topics ) ។

« នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ១៩០៤ ប្រធាន [ យ៉ូសែប អេហ្វ ] ស៊្មីធ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​ធរមាន​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សេចក្ដីប្រកាស​ទីពីរ ដែល​ធ្វើឲ្យ​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​ត្រូវ​ទទួល​ទោស ដោយ​ការកាត់កាល​ចេញ​ពី​សាសនាចក្រ » ( « អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ ក្នុង​សាសនចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ប្រធាន​បទ​ដំណឹង​ល្អ lds.org/topics ) ។