បណ្ណាល័យ
មេរៀន​ទី ៩ ៖ ធ្វើតាម​ព្យាការី​ដែល​កំពុង​រស់នៅ


មេរៀន​ទី ៩

ធ្វើតាម​ព្យាការី​ដែល​កំពុង​រស់នៅ

សេចក្ដីផ្ដើម

នៅ​ថ្ងៃ​ដែល​សាសនាចក្រ​ត្រូវ​បាន​រៀបចំឡើង ព្រះអម្ចាស់​បាន​សន្យា​សុវត្ថិភាព​ខាង​វិញ្ញាណ​ដល់​អស់​អ្នក​ដែល​ប្រុង​ស្តាប់​តាម​ពាក្យ​សម្តី​របស់​ព្យាការី ( សូមមើល គ និង ស ២១:៤–៦) ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ​មក ដើម្បី​ជួយ​សមាជិក​សាសនាចក្រ​ឲ្យ​ចៀសផុត​ពី​ការ​បោក​បញ្ឆោត នោះ ព្រះអម្ចាស់​បាន​បើក​សម្តែង​បន្ថែម​ទៀត​ថា​ មានតែ​ព្យាការី​ម្នាក់​ឯង​គត់​ដែល​មាន​សិទ្ធិ​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ( សូមមើល គ និង ស ២៨:១–៧) ។ ព្យាការី​ក៏​មាន​សិទ្ធិ​អំណាច​ ដើម្បី​ស្រាយ​បំភ្លឺ​ព្រះគម្ពីរ​ផងដែរ ។ ការយល់ដឹង​ពី​សេចក្តី​ពិត​ទាំង​នេះ​ នាំ​មកនូវ​សុវត្ថិភាព​ខាង​វិញ្ញាណ​បន្ថែម​ទៀត​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។

ការអាន​ពី​សាវតា

  • រ័សុល អិម ណិលសុន « ការ​គាំទ្រ​ពួក​ព្យាការី » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៤–៧៧ ។

  • អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន “Fourteen Fundamentals in Following the Prophet” [ ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៨០ ], speeches.byu.edu; សូមមើល​ផងដែរ Tambuli, ខែ មិថុនា ឆ្នាំ ១៩៨១ ១–៨ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:១-៦

សូម​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ពួកព្យាការី

សូម​សួរ​សិស្ស​ពី​ងារ​នានា​ដែល​ពេល​ខ្លះ​យើង​ប្រើ​ដើម្បី​សំដៅ​ដល់​ប្រធាន​នៃ​សាសនាចក្រ ។ សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្តារខៀន ។ បន្ទាប់​មក​សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:១ ឲ្យ​ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ។ សូម​សរសេរ​ងារ​បន្ថែម​ទៀត​នៅលើ​ក្ដារខៀន ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​ងារ​និមួយៗ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ពិពណ៌នា​ពី​កិច្ចការ​របស់​ប្រធាន​នៃ​សាសនាចក្រ​យ៉ាង​ដូចម្តេច ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២១ ដោយ​ពន្យល់​ថា​វិវរណៈ​ដែល​បាន​កត់ត្រា​ត្រូវបាន​បើកសម្ដែង​នៅ​ថ្ងៃ​ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង ។ (កំណត់ចំណាំ ៖ នៅពេល​សិស្ស​រៀន​ដើម្បី​យល់​ពី​បរិបទ​នៃ​ព្រះគម្ពីរ នោះ​ពួកគេ​កាន់តែ​យល់​ពី​អត្ថន័យ និង សារៈសំខាន់​នៃ​អ្វី​ដែល​ពួកគេ​បាន​អាន ) ។ បន្ទាប់មក​សូម​សួរ ៖

  • ហេតុអ្វី​បាន​ជា​សំខាន់​សម្រាប់​សមាជិក​សាសនាចក្រ​ជំនាន់​មុន ដើម្បី​ដឹង​ថា​ការហៅ​បម្រើ​របស់​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ខុស​គ្នា​ពី​តួនាទី​របស់​ថ្នាក់​ដឹកនាំដទៃ​ទៀត​នៃ​សាសនាចក្រ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៤-៥ ឲ្យ​ឮៗ ខណៈដែល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ។ បន្ទាប់មក សូម​ពិភាក្សា​សំណួរ​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​ពេល​ខ្លះ​វា​តម្រូវ​ឲ្យ​មាន​ការ​អត់ធន់ និង​សេចក្ដីជំនឿ​ដើម្បី​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់ព្យាការី ?

បើចាំបាច់ សូម​ពិចារណា​ក្នុង​ការចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) ជាមួយ​សិស្ស ៖

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

« យើង​ត្រូវតែ​រៀន​ស្ដាប់បន្ទូល និង ព្រះបញ្ញត្តិ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​តាមរយៈ​ព្យាការី​ទ្រង់ ។ …អ្នក​អាច​នឹង​មិន​ចូលចិត្ត​នូវ​អ្វី​ដែល​ចេញ​មកពី​អ្នក​មាន​សិទ្ធិអំណាច​នៃ​សាសនាចក្រ ។ វា​អាច​នឹង​ផ្ទុយ​ពី​ទស្សនៈ​ខាង​នយោបាយ​របស់អ្នក ។ វា​អាច​នឹង​ផ្ទុយ​ពី​ទស្សនៈ​ខាងសង្គម​របស់អ្នក ។ វា​អាច​នឹង​ជ្រៀតជ្រែក​ក្នុង​ជីវិត​សង្គម​មួយ​ចំនួន​របស់​អ្នក ។ ប៉ុន្តែ​បើអ្នកស្ដាប់​តាម​រឿង​ទាំងនេះ ដូច​ជា​មកពី​ព្រះឱស្ឋ​របស់​ព្រះអម្ចាស់​ផ្ទាល់ ដោយ​សេចក្ដីអត់ធន់ និង​សេចក្ដីជំនឿ នោះ​ការ​សន្យា​គឺថា ‹ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែលឈ្នះ​អ្នកឡើយ មែនហើយ ហើយ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កំចាត់​អំណាច​នៃ​សេចក្ដីងងឹត​ចេញពី​អ្នកទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់ញ័រ ដើម្បីសេចក្ដីល្អ​ដល់​អ្នក និង​សិរីល្អ​ដល់ព្រះនាម​របស់​ទ្រង់ › (គ និង ស ២១:៦) » (Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ ២០០០ ]ទំព័រ ៨៤) ។

ដោយ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ អ្នក​អាច​ពន្យល់​ដូច​ខាង​ក្រោម​នេះ ៖

  1. ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​មិន​ត្រូវ​ជឿ​ថា​ព្យាការី​គឺ​ជា​មនុស្ស​ល្អឥត​ខ្ចោះ​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអម្ចាស់ នឹង​មិន​អនុញ្ញាត្ត​ឲ្យ​ពួកលោក​ដឹកនាំ​សមាជិក​សាសនាចក្រ​ឲ្យ​វង្វេង​ឡើយ ( សូមមើល សេចក្តី​ប្រកាស​ជា​ផ្លូវការ​ទី ១« ដកស្រង់​ចេញ​ពី​សុន្ទរកថា​បី​ដោយ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ទាក់ទង​នឹង​សេចក្តី​ប្រកាស » ) ។

  2. យើង​ជឿ ហើយ​រីករាយ​នៅ​ក្នុង​វិវរណៈ​ជា​បន្តបន្ទាប់ ។ មាន​ពេល​ខ្លះ​នៅ​ក្នុង​ប្រវត្តិ​សាសនាចក្រ នៅពេល​ព្យាការី​ម្នាក់​បាន​បំភ្លឺ​ការទូន្មាន​ដែល​បាន​ព្យាករ​ពីមុនៗ ឬ រកឃើញ​ការបង្រៀន ឬ ការអនុវត្តន៍​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​វិញ​នៅពេល​ក្រោយ ។ ឧទាហរណ៍ នៅ​កាលជំនាន់​ដើម​នៃ​សាសនាចក្រ សមាជិក​ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ចំណុច​កណ្តាល​តែ​មួយ ដូច​ជា​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ឬ ចាកសុន ខោនធី រដ្ឋ មិសសួរី ។ បច្ចុប្បន្ន​នេះ សមាជិក​សាសនាចក្រ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ស្តេក ឬ មណ្ឌល​ក្នុង​មូលដ្ឋាន​រស់​ខ្លួន​វិញ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម ហើយ​រកមើល​ការសន្យា​ទាំងឡាយ​ដែល​បាន​ផ្ដល់​ដល់​អស់​អ្នក​ដែល​ស្តាប់​តាម​ពាក្យ​សម្តី​នៃ​ព្យាការី ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​អ្នក​នឹង​សង្ខេប​ការ​សន្យា​ដែល​បាន​ប្រទាន​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ព្យាការី​យ៉ាង​ដូចម្ដេច ? ( ទោះបី​ជា​សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងគ្នា សិស្ស​គួរ​តែ​រកឃើញ​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ បើ​យើង​ស្ដាប់តាម​ពាក្យ​សម្ដី​របស់​ព្យាការី នោះ​យើង​នឹង​ត្រូវ​បាន​ការពារ​ទាស់​នឹង​មារសត្រូវ ។ នៅពេល​សិស្ស​ឆ្លើយ​ហើយ អ្នក​អាច​ចង់​ពន្យល់​ថា អត្ថន័យ​មួយ​នៃ​ពាក្យ ញាប់ញ័រ គឺ​ធ្វើ​ឲ្យ​របូត ឬ ដាច់​ចេញ​ពី​អ្វីមួយ​ដែល​ទ្រទ្រង់​វា ឬ​ដាច់ចេញ​ពី​ប្រអប់​មួយ ។ ដូច្នេះ ការ​បកស្រាយ​មួយ​នៃ ខ ៦ អាច​ថា នៅពេល​ស្ថានសួគ៌​ញាប់ញ័រ « ដើម្បី​សេចក្ដីល្អ​ដល់ [ យើង ] » នោះ​វិវរណៈ និង ពរជ័យ​ទាំងឡាយ គឺត្រូវ​បាន​« ដាច់​ចេញ​មក » ហើយ​ចាក់​ស្រោច​មកលើ​យើង ) ។

សូម​បង្ហាញ​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈ​ប្រធាន​ទី​មួយ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ការ​ស្វែងរក​ផ្លូវ​នាំ​ទៅកាន់​សុវត្ថិភាព​ ដែល​មាន​នៅ​ក្នុង​ការ​ទូន្មាន​របស់​ព្យាការី មាន​ន័យ​ចំពោះ​អ្នក​ដែល​មាន​ជំនឿ​រឹង​មាំ ។ ពេល​ព្យាការី​មាន​ប្រសាសន៍ នោះ​អ្នក​ដែល​មាន​ជំនឿ​មិន​រឹង​មាំ ប្រហែល​គិត​ថា​ពួក​គេ​បាន​ឮ​គ្រាន់​​តែ​បុរស​មាន​ប្រាជ្ញា ឲ្យ​ដំបូន្មាន​ល្អ​ប៉ុណ្ណោះ ។ …

« …ប៉ុន្តែ ជម្រើស​នៃ​ការ​មិន​ទទួល​យក​ការ​ទូន្មាន​របស់​ព្យាការី ប្ដូរ​ជំហរ​ដែល​យើង​ឈរ ។ វា​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​កាន់​តែ​ច្រើន ។ ការបរាជ័យ​ក្នុង​ការធ្វើ​តាម​ការទូន្មាន​ដែល​បាន​ព្យាករ នាំ​ឲ្យ​អំណាច​ដើម្បី​ទទួល​ការទូន្មាន​ដ៏​បំផុស​គំនិត​ត្រូវ​ទន់​ខ្សោយ​នៅពេល​ខាង​មុខ » (« Power of the Priesthood » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ២៥ ) ។

  • ហេតុអ្វី « ជំហរ​ដែល​យើង​ឈរ » ក្លាយ « កាន់តែ​គ្រោះថ្នាក់ » បើសិន​យើង​បដិសេធ​ពាក្យ​ទូន្មាន​របស់​ព្យាការី​នោះ ? តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា រឿង​នេះ​ជា​ការពិត ?

  • តើ​នៅ​ពេល​ណា​ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បាន​ទទួល​ពរជ័យ​តាមរយៈ​ការ​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ព្យាការី​ដែល​រស់នៅ ?

  • តើ​គោលការណ៍​នៃ​ការស្តាប់​តាម​ពាក្យ​ទូន្មាន​ដែល​បាន​ព្យាករ​អាច​អនុវត្ត​ចំពោះ​សាសនា សីលធម៌ និង សំណួរ​សង្គម​បច្ចុប្បន្ន​របស់​យើង​ដោយ​របៀប​ណា ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែលពួកគេ​អាច​ធ្វើ ដើម្បី​ប្រកាន់​យក​ពរជ័យ​ដែលបាន​សន្យា នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៦ ។ សូម​អះអាង​នឹង​ពួកគេ​ថា នៅពេល​ពួកគេ​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ព្យាការី​ដែល​កំពុង​រស់នៅ​ដោយ​យក​ចិត្តទុកដាក់ នោះ​ពួកគេ​នឹង​ទទួល​បាន​ពរជ័យ​ដ៏​អស្ចារ្យ​ក្នុង​ពេល​នេះ និង​ដ៏​អស់កល្ប​ជានិច្ច ។ សូម​ពន្យល់​ថា ការស្តាប់​តាម​ពាក្យ​ទូន្មាន​របស់​ព្យាការី​មិន​មែន​ស​ឲ្យ​ឃើញ​ថា​យើង​ធ្វើ​តាម​ពាក្យ​របស់​ពួកលោក​ទាំង​ងងឹតងងល់​នោះ​ឡើយ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហារ៉ូល ប៊ី លី ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

« ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ​វា​មិន​គ្រប់គ្រាន់​សម្រាប់​យើង ដើម្បី​គ្រាន់តែ​ធ្វើ​តាម​អ្នក​ដឹកនាំ​របស់​យើង ហើយ​ទទួល​ការទូន្មាន​របស់​ពួកលោក​នោះ​ទេ ប៉ុន្តែ​យើង​មាន​កាតព្វកិច្ច​ដ៏​ធំ​ធេង​ដើម្បី​ទទួល​ទីបន្ទាល់​មួយ​ ដែល​មិន​ងាករេ​សម្រាប់​ខ្លួន​ឯង​អំពី​បុរសៗ​ដែលត្រូវ​បាន​តែងតាំង​ដ៏​ទេវភាព​ទាំង​នេះ និង មាន​ទីបន្ទាល់​ថា អ្វី​ដែល​ពួកលោក​បាន​ប្រាប់​ពួកយើង​គឺ​ជាព្រះឆន្ទៈ​របស់​ព្រះវរបិតាសសួគ៌​របស់​យើង » (Teachings: Harold B. Lee, ទំព័រ ៤៥) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:២, ៦–៧; ៤៣:១–៧

ព្រះអម្ចាស់​ប្រទាន​វិវរណៈ​តាម​លំដាប់លំដោយ

សូម​ពន្យល់​ថា មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង នោះ​សមាជិក​សាសនាចក្រ​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​កម្លាំង​នៃ​មារសត្រូវ​ដែល​ផ្តល់​ការដឹកនាំ​នៃ​ការព្យាករណ៍​ដែល​ក្លែងបន្លំ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ក្បាល​កណ្ឌ​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៨ ខណៈដែល​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ( សូម​មើល​ផងដែរ Jeffrey G. Cannon, All Things Must Be Done in Order: D&C 28, 43,” វិវរណៈ​នៅក្នុង​បរិបទ​ដែល​មាន​ជា​បន្តបន្ទាប់ ថ្ងៃ​ទី ៤ ខែ មេសា ឆ្នាំ ២០១៣ history.lds.org) ។ បន្ទាប់មក​សូម​សួរ ៖

  • បើសិន​សមាជិក​សាសនាចក្រ​បន្ត​ជឿ​លើ​វិវរណៈ​ស្មានៗ​របស់ ​ហៃរាំ ភេច តើ​មាន​បញ្ហា​អ្វី​អាច​កើត​ឡើង ?

សូម​ទុក​ពេល​បន្តិច​ឲ្យ​សិស្ស​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:២, ៦–៧ ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​សារលិខិត​នេះ​ដែល​មក​ពី​ប្រធាន​សាសនាចក្រ​បញ្ជាក់​ពី​តួនាទី​របស់​ប្រធាន​សាសនាចក្រ​យ៉ាង​ដូចម្តេច ? ( សិស្ស​គួរ​យល់​គោលលទ្ធិ​ដូច​ខាង​ក្រោម​នេះ ៖ ប្រធាន​នៃ​សាសនាចក្រ​កាន់កូនសោ​ដើម្បី​ទទួល​វិវរណៈ សម្រាប់​សាសនាចក្រ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ជ្រៅជ្រះ​អំពី​គោលលទ្ធិ​នេះ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ប្រវត្តិ​នៃ​ប្រវត្តិសាស្ត្រ​ខាង​ក្រោម​សម្រាប់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣ឲ្យ​ឮៗ ៖

នៅ​ខែ​កុម្ភៈ ឆ្នាំ ១៨៣១ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ហឹបបិល បាន​មកក្នុង​ចំណោម​ពួកបរិសុទ្ធ​នៅ​ខឺតឡង់ រដ្ឋ អូហៃអូ ។ នាង​បាន​អះអាង​ថា នាង​គឺ​ជា​ព្យាការីស្រីម្នាក់ ដែល​នាង​បាន​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ ​នាង​បាន​ដឹង​ថា ព្រះគម្ពីរ​មរមន​ពិត ហើយ​ថា​នាង​គួរ​តែ​ក្លាយ​ជា​គ្រូបង្រៀន​ម្នាក់​នៅក្នុង​សាសនាចក្រ ។ នាង​អាច​បោក​បញ្ឆោត​ដល់​ពួកបរិសុទ្ធ​មួយ​ចំនួន ។ យ៉ូសែប ស៊្មីធ និង​អ្នកដទៃទៀត បាន​បារម្ភ​អំពី​ឥទ្ធិពល​របស់នាង និង​អំពី​វិវរណៈ​ក្លែង​ក្លាយ​ផ្សេងទៀត នៅក្នុង​ចំណោម​ពួកបរិសុទ្ធ ។ ព្យាការី​បាន​សម្រេច​ចិត្ត​សួរ​ដល់​ព្រះអម្ចាស់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ហើយ​លោក​បាន​ទទួល​វិវរណៈ​មួយ ដែល​ឥឡូវ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣ ( សូមមើល Documents, ភាគ ១ ៖ ខែ កក្កដា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១ vol. 1 of the Documents series of The Joseph Smith Papers [ ឆ្នាំ ២០១៣ ] ទំព័រ ២៥៧ ) ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៣:១–៧ ដោយ​ស្ងៀមស្ងាត់ រកមើល​គោលលទ្ធិ​ដែល​ព្រះអម្ចាស់​បាន​ពន្យល់​នៅ​ពេល​នោះ ។ អ្នក​អាច​នឹង​ចង់​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​ដល់​សិស្ស​ថា ពួកគេ​អាច​ធ្វើ​សេចក្តី​យោង​បទគម្ពីរ​ទាំង​នេះ​ទៅ កាន់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨:២ ។ សូម​បង្ហាញ​ថា វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង កណ្ឌ ២៨ ត្រូវ​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​នៅ​ទីក្រុង ​នូវ ញ៉ក ហើយ​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង កណ្ឌ ៤៣ ត្រូវ​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ​នៅ​ទីក្រុង ខឺត​ឡង់ ។ បន្ទាប់មក​សូម​សួរ ៖

  • នៅ​ពេល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣ បាន​ប្រទាន​ឲ្យ តើ​នរណា​គេ​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ទទួល​ព្រះបញ្ញត្តិ និង វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំង​មូល ?

  • តើ​គោលលទ្ធិ​អ្វី​ខ្លះ ដែល​យើង​អាច​រៀនមក​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្ដែ​ពួកគេ​គួរ​តែ​រកឃើញ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នេះ ៖ មាន​តែ​បុគ្គល​តែ​ម្នាក់​គត់​ដែល​ត្រូវ​បាន​ចាត់​នៅ​ពេល​មួយ​ឲ្យ​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល ។ អស់​អ្នក​ដែល​ស្តាប់​តាម​ប្រធាន​សាសនាចក្រ​នឹង​មិនត្រូវ​បាន​បោក​បញ្ឆោត​ឡើយ) ។

សូម​គិត​ពី​ការចែកចាយ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ អិល ថម ភែរី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

រូបភាព
អែលឌើរ អិល ថម ភែរី

« មាន​របៀប​មួយ​របស់​ព្រះអម្ចាស់​ដែល​ទ្រង់​បើកសម្តែង​ពី​ព្រះឆន្ទៈ​របស់​ទ្រង់​ដល់​មនុស្ស​លោក ។ យើង​ទាំងអស់​គ្នា​មាន​សិទ្ធិ​ដើម្បី​ទូលសុំ​ព្រះអម្ចាស់ ហើយ​ទទួល​ការបំផុស​គំនិត​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់​នៅ​ក្នុង​ព្រំសីមា​នៃ​ទំនួល​ខុសត្រូវ​របស់​យើង ។ ឪពុក​ម្តាយ​អាច​ទទួល​វិវរណៈ​សម្រាប់​ក្រុមគ្រួសារ​របស់​ខ្លួន​ផ្ទាល់ ប៊ីស្សព​អាច​ទទួល​វិវរណៈ​សម្រាប់​ក្រុមជំនុំ​របស់​ខ្លួន ហើយ​គណៈប្រធាន​ទីមួយ​សម្រាប់​សាសនាចក្រ​ទាំង​មូល ។ …ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា ៖

« ‹ វា​គឺ​ជាការ​ផ្ទុយ​ពី​របៀប​​របស់ព្រះ​ ដែល​សមាជិក​គ្រប់រូប​នៃ​សាសនាចក្រ ឬ​មនុស្ស​គ្រប់រូប ក្នុង​ការទទួលបាន​ការណែនាំ​សម្រាប់​អ្នកទាំងឡាយ​ដែល​មាន​សិទ្ធិអំណាច​ខ្ពស់​ជាង​ពួកគេ​នោះ » [ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ), ទំព័រ ១៩៧–៩៨]” (« We Believe All That God Has Revealed » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៨៥–៨៦ ) ។

  • តើ​ការដឹង​ថា​វិវរណៈ​មក​ពី​ព្រះ​តែងតែ​មក​តាមរយៈ​ខ្សែ​បព្វជិតភាព​ដែល​បានទទួល​ស្គាល់ ជួយ​អ្នក​ឲ្យ​ចៀសផុត​ពី​ការបោក​បញ្ឆោត​ដោយ​របៀប​ណា ? តើ​ចំណេះ​ដឹង​នេះ​អាច​នាំ​ភាពសុខសាន្ត​មក​ក្នុង​ជីវិត​អ្នក​ដោយ​របៀប​ណា ?

  • តើ​គំរូ​របស់​ព្រះអម្ចាស់​អំពី​វិវរណៈ រក្សា​សណ្តាប់ធ្នាប់​នៅ​ក្នុង​សាសនាចក្រ​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:១-៦

ព្រះអម្ចាស់​បង្កើត​សណ្តាប់ធ្នាប់​នៅ​ក្នុង​សាសនាចក្រ

សូម​ពន្យល់​ថា នៅពេល​សាសនាចក្រ​រីកចម្រើន ព្រះអម្ចាស់​បាន​ដឹកនាំ​ព្យាការី​យ៉ូសែប ស្ម៊ីធ ក្នុង​ការ​រៀបចំ​បព្វជិតភាព និង សមាជិកភាព​នៃ​សាសនាចក្រ ។

សូម​អាន ឬ សង្ខេប​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ឲ្យ​ឮៗ ៖

« នៅពេល​សាសនាចក្រ​បាន​កើន​ចំនួន​សមាជិកភាព ព្យាការី​បាន​បន្ត​ទទួល​វិវរណៈ​អំពី​តំណែង​នៃ​បព្វជិតភាព ។ ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់ លោក​បាន​រៀបចំ​គណៈប្រធាន​ទីមួយ ដែល​មាន​ខ្លួន​លោក​ផ្ទាល់​ជា​ប្រធាន និង ស៊ីដនី រិកដុន និង ហ្រែឌើរិក ជី វីលាម ជា​ទីប្រឹក្សា ។ លោក​បាន​រៀបចំ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង កូរ៉ុម​ទី​មួយ​នៃ​ពួក​ចិតសិប​នាក់ ។ លោក​បាន​ហៅ និង តែងតាំង​ប៊ីស្សព និង ទីប្រឹក្សា​របស់​ពួកលោក សង្ឃជាន់ខ្ពស់ លោកអយ្យកោ ទីប្រឹក្សា​ជាន់ខ្ពស់ ពួកចិតសិបនាក់ និង ពួក​អែលឌើរ ។ លោក​បាន​រៀបចំ​ស្តេក​ទី​មួយ​របស់​សាសនាចក្រ » (Our Heritage: A Brief History of The Church of Jesus Christ of Latter-day Saints [ ឆ្នាំ ១៩៩៦ ], ទំព័រ ២៦) ។

សូម​ពន្យល់​ថា គណៈប្រធាន​ទីមួយ​កាន់​តំណែង​ពិសេស​នៅ​ក្នុង​សាសនាចក្រ ។ សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:១–៦ ហើយ​រកមើល​តួនាទី​ពិសេស​របស់​គណៈប្រធាន​ទីមួយ ។ ( គណៈប្រធានទីមួយ « កាន់កូនសោ​នៃ​នគរ » [ខ ២] ហើយ​ដែល​មាន​ន័យ​ថា « ព្រះបន្ទូល​ទាំងឡាយ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​សាសនាចក្រ [ខ ៤] ) ។ នៅពេល​សិស្ស​ឆ្លើយ អ្នក​អាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ពាក្យ « ព្រះបន្ទូល​ទាំងឡាយ » សំដៅ​ទៅលើ​វិវរណៈ​មក​ពី​ព្រះ​ដែល​បាន​ប្រទាន​មក​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​នូវ​របៀប​ពីរ​យ៉ាង​ផ្សេង​គ្នាដែល​គោលលទ្ធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​សាសនាចក្រ ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« នៅ​ក្នុង​ឆ្នាំ ១៩៥៤ ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័ ដែល​ពេល​នោះ​ជា​ទីប្រឹក្សា​មួយ​រូប​ក្នុង​គណៈប្រធាន​ទីមួយ បាន​ពន្យល់​ពី​របៀប​ដែល​គោលលទ្ធិ​ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​សាសនាចក្រ និង តួនាទី​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រធាន​សាសនាចក្រ ។ និយាយ អំពី​សមាជិក​នៃ​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ លោក​បាន​ថ្លែង​ថា ៖ ‹ [ យើង ] គួរ​តែ [ គិតទុក ] ក្នុង​ចិត្ត​ថា អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​មួយ​ចំនួន ត្រូវ​បាន​ចាត់​តាំង​ឲ្យ​មាន​ការហៅ​ពិសេស​មួយ ពួកគាត់​មាន​អំណោយទាន​ពិសេស​មួយ ពួកគាត់​ត្រូវ​បាន​គាំទ្រ​ជា​ព្យាការី អ្នកមើលឆុត និង អ្នក​ទទួល​វិវរណៈ ដែល​ប្រទាន​ដល់​ពួកគាត់​នូវ​អំណោយទាន​ដ៏​ពិសិដ្ឋ​ខាង​វិញ្ញាណ​ដ៏​ពិសេស​មួយ ដែល​ជាប់​ទាក់ទង​នឹង​ការបង្រៀន​របស់​ពួកគាត់​ដល់​ប្រជាជន ។ ពួកលោក​មាន​សិទ្ធិ និង​សិទ្ធិ​អំណាច ដើម្បី​ប្រកាស​ពី​ព្រះគំនិត និង ព្រះឆន្ទៈ​របស់​ព្រះ​ទៅ​ដល់​រាស្ត្រ​ទ្រង់ ដែល​អាស្រ័យ​លើ​អំណាច និង សិទ្ធិ​អំណាច​ទាំងអស់​របស់​ប្រធាន​សាសនាចក្រ ។ … ›

« … ប្រធាន​សាសនាចក្រ​អាច​ប្រកាស ឬ បកស្រាយ​គោលលទ្ធិ​ទាំងឡាយ ដោយ​ផ្អែក​លើ​វិវរណៈ​ដែល​ប្រទាន​ដល់​លោក ( សូមមើល ជា​ឧទាហរណ៍ គ. និង ស. ១៣៨ ) ។ សេចក្ដី​ថ្លែង​ខាង​គោលលទ្ធិ​ក៏​អាច​បាន​មក​តាមរយៈ​ការប្រឹក្សា​រួមគ្នា​របស់​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ផងដែរ ( សូមមើល ជា​ឧទាហរណ៍ សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី២ ) ( The Doctrine of Christ, EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៦–៨៨ ) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់ ក្នុង​ការចងចាំ​ថា​នរណា​ដែល​មាន​សិទ្ធិអំណាច​ដើម្បី​ប្រកាស​ពី « ព្រះគំនិត និង ព្រះឆន្ទៈ​របស់​ព្រះ » ទៅកាន់​ពិភពលោក​នោះ ?

សូម​បញ្ចប់​ដោយ​សុំ​ឲ្យ​សិស្ស​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​សារលិខិត​ទាំងឡាយ​របស់​ពួក​ព្យាការី និង សាវក​ដែល​កំពុង​រស់នៅ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ អំពី​របៀប​ដែល​សារលិខិត​ទាំងនេះ​បាន​ផ្ដល់​ពរជ័យ​ដល់​ពួកគេ ។

ការអាន​របស់​សិស្ស

បោះពុម្ព