មេរៀនទី ២៦
វិវរណៈអំពីបព្វជិតភាព
សេចក្តីផ្តើម
អំឡុងពេលសតវត្សរ៍ទី ២០ នៅពេលកិច្ចការផ្សព្វផ្សាយសាសនាបានរាលដាលទូទាំងពិភពលោក នោះអ្នកដឹកនាំសាសនាចក្របានអធិស្ឋានសុំការដឹកនាំទាក់ទងទៅនឹង ការរឹតបន្ដឹងអំពីការតែងតាំងបព្វជិតភាព និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់សមាជិកសាសនាចក្រដែលមានពូជអំបូរអាហ្វ្រិក ។ វិវរណៈដ៏ជាក់លាក់មួយបានមានដល់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ទីប្រឹក្សារបស់លោកនៅក្នុងគណៈប្រធានទីមួយ និង សមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅក្នុងព្រះវិហារបរិសុទ្ធសលត៍ លេក នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ១៩៧៨ ។ នៅពេលសិស្សចូលរួមនៅក្នុងមេរៀននេះ ពួកគេនឹងយល់កាន់តែច្បាស់ពីរបៀបដើម្បីដោះស្រាយសំណួរអំពីដំណឹងល្អដោយរបៀបដ៏ស្មោះត្រង់ ព្រមទាំងនឹងរៀនពីកាលៈទេសៈ ហើយនិងសេចក្ដីពិតដែលមានដល់វិវរណៈដ៏ជាក់លាក់នេះផងដែរ ។
ការអានពីសាវតា
-
ហ្គរដុន ប៊ី ហ៊ិងគ្លី « Priesthood Restoration » Ensign, ខែ តុលា ឆ្នាំ ១៩៨៨ ទំព័រ ៦៩–៧២ ។
-
« ពូជសាសន៍ និង បព្វជិតភាព » ប្រធានបទដំណឹងល្អ នៅគេហទំព័រ lds.org/topics ។
-
អាម៉ាត ខរប៊ីត « A Personal Essay on Race and the Priesthood » ផ្នែកទី ១–៤, Perspectives on Church History series, នៅគេហទំព័រ history.lds.org/section/perspectives-on-church-history ។
យោបល់សម្រាប់ការបង្រៀន
សេចក្ដីផ្ដើមចំពោះ សេចក្ដីប្រកាសជាផ្លូវការទី ២
ការដោះស្រាយសំណួរនៃដំណឹងល្អតាមរបៀបដ៏ស្មោះត្រង់
សូមបង្ហាញសាច់រឿងខាងក្រោមដល់សិស្សរបស់អ្នក ៖
នៅថ្ងៃមួយ បន្ទាប់ពីមកពីសាលារៀនវិញ ស្កត បានជួបនឹងសមាជិកនៃសាសនាចក្រផ្សេងទៀត ដែលបានមានសំណួរខ្លះអំពីគោលលទ្ធិនៃសាសនាចក្រនាពេលថ្មីៗនេះ ។ ស្កត បានមានអារម្មណ៍ថា គាត់អាចផ្ដល់ជំនួយខ្លះដល់មិត្តរបស់គាត់ ប៉ុន្ដែក្រោយមក គាត់បានងឿងឆ្ងល់ថាអ្វីដែលគាត់នឹងធ្វើខុសពីនេះ បើពេលក្រោយមានសមាជិកសាសនាចក្រម្នាក់នៅក្នុងស្ថានភាពដូចគ្នាបានមកសួរគាត់ទៀត ។
សូមសួរសិស្សថា តើពួកគេបានធ្វើអ្វីខ្លះដើម្បីជួយដល់សមាជិកសាសនាចក្រដែលមកសួរពួកគេដោយមានចិត្តស្មោះអំពីសាសនាចក្រ ឬគោលលទ្ធិរបស់យើង ។
សូមបង្ហាញ និងអានសេចក្ដីថ្លែងការណ៍ខាងក្រោមមកពីប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ៖
« ចម្ងល់គឺជាទីកំណើតនៃទីបន្ទាល់ ។ អ្នកខ្លះអាចមានអារម្មណ៍អៀនខ្មាស់ ឬ ថាមិនស័ក្ដិសម ដោយសារពួកគេបានរកសំណួរដែលទាក់ទងទៅនឹងដំណឹងល្អ ប៉ុន្ដែពួកគេមិនចាំបាច់មានអារម្មណ៍បែបនោះទេ ។ ការសួរសំណួរមិនមែនជាសញ្ញាមួយនៃភាពទន់ខ្សោយនោះទេ តែវាជាប្រផ្នូលនៃការរីកចម្រើនទៅវិញ ។
« ព្រះបញ្ជាយើងឲ្យស្វែងរកចម្លើយចំពោះសំណួររបស់យើង ហើយសួរតែអ្វីដែលយើងចង់ដឹងប៉ុណ្ណោះ ‹ សូមសួរដោយចិត្តស្មោះស គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ › [ មរ៉ូណៃ ១០:៤ ] ។ នៅពេលយើងធ្វើដូច្នោះ នោះសេចក្ដីពិតនៃការណ៍ទាំងអស់អាចត្រូវបានបង្ហាញដល់យើង ‹ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ › [ មរ៉ូណៃ ១០:៥ ] ។
« ចូរកុំខ្លាចឡើយ ចូរសួរ ។ ឆ្ងល់ ប៉ុន្ដែកុំសង្ស័យឡើយ ! សូមកាន់ខ្ជាប់ទៅនឹងសេចក្ដីជំនឿ និងពន្លឺ ដែលអ្នកបានទទួលរួចហើយជានិច្ច » ( «The Reflection in the Water» [ ការប្រជុំពិសេសប្រព័ន្ធអប់រំសាសនាចក្រសម្រាប់មជ្ឈិមវ័យវ័យក្មេង ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ] ទំព័រ ៧ ) នៅលើគេហទំព័រ ldschurchnewsarchive.com ) ។
-
តើប្រធាន អុជដូហ្វ បានបង្រៀនអ្វីខ្លះដែលអាចជួយដល់នរណាម្នាក់ដែលមានសំណួរអំពីបញ្ហាខាងគោលលទ្ធិ ប្រវត្តិសាស្ដ្រ ឬសង្គមទាក់ទងទៅនឹងសាសនាចក្រនោះ ? ( សូមជួយសិស្សឲ្យយល់ពីគោលការណ៍ដូចតទៅនេះ ៖បើយើងនឹងអនុវត្តសេចក្ដី ជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ នោះនៅទីបំផុតសំណួរដ៏ស្មោះសនឹងអាចនាំមកនូវចម្លើយពីព្រះវរបិតារបស់យើងដែលគង់នៅលើស្ថានសួគ៌ ) ។
សូមពន្យល់ថា បញ្ហាប្រវត្តិសាស្ដ្រមួយ ដែលសមាជិកសាសនាចក្រខ្លះមានសំណួរ គឺចេញមកពីគោលនយោបាយរបស់សាសនាចក្រមួយ ដែលបានដាក់ឡើងនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៨០០ ដល់ឆ្នាំ ១៩៧៨ ដោយហាមមិនឲ្យបុរសស្បែកខ្មៅមានពូជអំបូរអាហ្រ្វិកតែងតាំងឲ្យមានបព្វជិតភាព ។ វាក៏ហាមមិនឲ្យស្ដ្រី និងបុរសស្បែកខ្មៅចូលរួមនៅក្នុងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ឬពិធីការផ្សារភ្ជាប់ ។ សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោម ដែលជាផ្នែកមួយនៃសេចក្ដីផ្ដើមចំពោះ សេចក្ដីប្រកាសជាផ្លូវការទី ២ ( ដែលមាននៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ) ។ សូមឲ្យសិស្សគិតអំពីរបៀបដែលព័ត៌មាននេះអាចជួយដល់អស់អ្នកដែលបារម្ភអំពីបញ្ហាប្រវត្តិសាស្ដ្រនេះ ។
« ព្រះគម្ពីរមរមនបង្រៀនថាគ្រប់ ‹ មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះ › រួមទាំង ‹ ទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី ›( នីហ្វៃទី ២ ២៦:៣៣ ) ។ ពេញទាំងប្រវត្តិសាស្ដ្រនៃសាសនាចក្រ មនុស្សទាំងអស់នៃអស់ទាំងសាសន៍ និងជាតិពន្ធនៅក្នុងប្រទេសជាច្រើន បានជ្រមុជទឹក និងបានរស់នៅជាសមាជិកដ៏ស្មោះត្រង់នៃសាសនាចក្រ ។ អំឡុងពេល យ៉ូសែប ស្ម៊ីធ នៅមានជីវិត មានបុរសស្បែកខ្មៅពីរបីនាក់ដែលជាសមាជិកនៃសាសនាចក្រ ត្រូវបានតែងតាំងឲ្យមានបព្វជិតភាព ។ កាលពីដើមនៅក្នុងប្រវត្តិសាស្ដ្រ ថ្នាក់ដឹកនាំសាសនាចក្របានបញ្ឈប់ការអនុញ្ញាតឲ្យមានបព្វជិតភាពដល់បុរសស្បែកខ្មៅដែលមានពូជអំបូរអាហ្រ្វិក ។ កំណត់ត្រានៃសាសនាចក្រ មិនបានផ្ដល់នូវទស្សនៈមិនច្បាស់អំពីការអនុវត្តបែបនេះពីដើមដំបូងឡើយ » ( សេចក្ដីផ្ដើមចំពោះសេចក្ដីប្រកាសជាផ្លូវការទី ២ ) ។
-
តើសេចក្ដីពិតដ៏សំខាន់អ្វី ដែលសេចក្ដីថ្លែងការណ៍នេះមានសម្រាប់អស់អ្នកដែលអាចចង់ដឹងពីបញ្ហានេះ ?
សូមចង្អុលបង្ហាញជួរដែលនិយាយថា « កំណត់ត្រានៃសាសនាចក្រ មិនបានផ្ដល់នូវទស្សនៈមិនច្បាស់អំពីការអនុវត្តបែបនេះពីដើមដំបូងឡើយ » ។ ខណៈមនុស្សជាច្រើនអាចមានមូលហេតុចំពោះការណ៍ដែលបុរសអំបូរពីអាហ្វ្រិកមិនត្រូវបានតែងតាំងឲ្យមានបព្វជិតភាពមួយរយៈនោះ មូលហេតុទាំងនោះប្រហែលមិនត្រឹមត្រូវឡើយ ។ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូកស៍ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ប្រសិនបើអ្នកអានព្រះគម្ពីរដោយមានសំណួរនេះនៅក្នុងចិត្ត ‹ ហេតុអ្វីបានជាព្រះអម្ចាស់បញ្ជាការណ៍នេះ ឬហេតុអ្វីបានជាទ្រង់បញ្ជាការណ៍នោះ › នោះអ្នកនឹងរកឃើញថា វាមានតិចជាងមួយ នៅក្នុងការបញ្ជាមួយរយដែលមានមូលហេតុផ្ដល់ឲ្យ ។ វាមិនមែនជាផ្លូវរបស់ព្រះអម្ចាស់ដើម្បីផ្ដល់មូលហេតុទេ ។ យើង [ ជីវិតរមែងស្លាប់ ] អាចដាក់មូលហេតុចំពោះវិវរណៈ ។ យើងអាចដាក់មូលហេតុសម្រាប់ព្រះបញ្ញត្តិ ។ នៅពេលយើងធ្វើដូច្នោះ នោះយើងធ្វើវាខ្លួនឯងហើយ ។ មនុស្សខ្លះដាក់មូលហេតុចំពោះការណ៍មួយដែលយើងកំពុងពិភាក្សានេះ [ ពូជសាសន៍ និងបព្វជិតភាព ] ហើយពួកគេបែរជាខុសដ៏ធំអនេក ។ …
« … ចូរកុំធ្វើខុស ដូចអ្វីដែលកើតពីអតីតកាល ផ្នែកនេះ និងផ្នែកផ្សេងទៀត ដោយព្យាយាមដាក់មូលហេតុចំពោះវិវរណៈឡើយ ។ មូលហេតុត្រឡប់ទៅជាអ្វីដែលមនុស្សបង្កើតដ៏ខ្លាំងមួយ » ( Life’s Lessons Learned [ ឆ្នាំ ២០១១ ] ទំព័រ ៦៨–៦៩ ) ។
-
ហេតុអ្វីវាជាការណ៍វាងវៃដើម្បីចៀសវាងគិតពីមូលហេតុដែលបុគ្គលទាំងឡាយនៃពូជអំបូរអាហ្វ្រិកមិនត្រូវបានតែងតាំងឲ្យមានបព្វជិតភាព ឬមិនអាចធ្វើពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធមុនឆ្នាំ ១៩៧៨ ? ( មនុស្សនិយាយពីការរំពឹងទុកដែលមានកម្រិត ហើយព្រះមិនបានមានបន្ទូលប្រាប់យើងពីមូលហេតុនោះទេ ) ។
សូមបញ្ជាក់ថា សព្វថ្ងៃនេះ សាសនាចក្របដិសេធនូវទ្រឹស្ដីដែលមានពីអតីតកាលអំពីបញ្ហានេះ ៖ ស្បែកខ្មៅគឺជាសញ្ញាមួយនៃការមិនគាប់ចិត្ត ឬបណ្ដាសានៃស្ថានសួគ៌ ស្បែកខ្មៅឆ្លុះបញ្ចាំងពីសកម្មភាពមិនសុចរិតនៅក្នុងជីវិតមុនជីវិតនៅលើផែនដី អាពាហ៍ពិពាហ៍លាយជាតិសាសន៍គឺជាអំពើបាប ឬពួកស្បែកខ្មៅឬមនុស្សមកពីសាសន៍ផ្សេងទៀត ឬជាតិពន្ធគ្មានអាទិភាពនៅក្នុងគ្រប់រូបភាពចំពោះអ្នកផ្សេងទៀត ។ ថ្នាក់ដឹកនាំសាសនាចក្រសព្វថ្ងៃនេះ ដាក់ទោសយ៉ាងចំៗដល់ការរើសអើងពូជសាសន៍នានា ទាំងពីអតីតកាល និងបច្ចុប្បន្នតាមគ្រប់ទម្រង់រូបភាព ។ ( សូមមើល « ពូជសាសន៍ និង បព្វជិតភាព » ប្រធានបទដំណឹងល្អ នៅគេហទំព័រ lds.org/topics ) ។
-
តើសេចក្ដីជំនឿរបស់មនុស្សទៅលើព្រះយេស៊ូវគ្រីស្ទអាចជួយពួកគេឲ្យដោះស្រាយនឹងសំណួរ ឬការបារម្ភរបស់ពួកគេអំពីការហាមប្រាមបព្វជិតភាពដែលកើតមានពីមុនឆ្នាំ ១៩៧៨ ដោយរបៀបណា ?
សេចក្ដីប្រកាសជាផ្លូវការទី ២
ពរជ័យនៃបព្វជិតភាព និងព្រះវិហារបរិសុទ្ធបានពង្រីកដល់សមាជិកសាសនាចក្រដែលសក្ដិសមគ្រប់រូប
សូមពន្យល់ថា នៅមុនឆ្នាំ ១៩៧៨ មនុស្សរាប់ពាន់នាក់នៃពូជអំបូរអាហ្វ្រិកនៅក្នុងជាតិសាសន៍ផ្សេងៗ បានដឹងពីសេចក្ដីពិតពេញលេញនៃដំណឹងល្អដែលបានស្ដារឡើងវិញ ។ ថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងទីក្រុងសលត៍ លេក បានទទួលសំបុត្រជាច្រើនមកពីអ្នកប្រែចិត្តដែលមិនទាន់បានជ្រមុជទឹកនៅក្នុងប្រទេសនីហ្សេរីយ៉ា និងហ្គាណាដោយសុំឲ្យមានអ្នកផ្សព្វផ្សាយសាសនាជាច្រើនបញ្ជូនទៅកាន់ទ្វីបអាហ្វ្រិក ។ ជាច្រើនឆ្នាំកន្លងមក ថ្នាក់ដឹកនាំសាសនាចក្របានពិចារណាប្រកបដោយការអធិស្ឋានអំពីបញ្ហានេះ ប៉ុន្ដែបានមានអារម្មណ៍ពីពេលដែលមិនទាន់មកដល់ ដើម្បីបញ្ជូនអ្នកផ្សព្វផ្សាយសាសនាជាច្រើនទៅកាន់ទ្វីបអាហ្វ្រិក ។ នៅក្នុងប្រទេសប្រេស៊ីល សមាជិកស្បែកខ្មៅដ៏ស្មោះត្រង់ជាច្រើនបានជួយកសាងព្រះវិហារបរិសុទ្ធទីក្រុង សៅ ប៉ូឡូ ដែលបានប្រកាសនៅឆ្នាំ ១៩៧៥ ទោះបីជាពួកគេបានដឹងថា ពួកគេមិនអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធបានក្ដី ។
សូមប្រាប់សិស្សថា សេចក្ដីប្រកាសជាផ្លូវការទី ២ រួមមាននូវការប្រកាសជាផ្លូវការអំពីវិវរណៈមួយដែលបានទទួលដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ទីប្រឹក្សារបស់លោកនៅក្នុងគណៈប្រធានទីមួយ និងសមាជិកដប់រូបនៃកូរ៉ុមនៃពួកសាវកដប់ពីរ ។ វិវរណៈត្រូវបានទទួលនៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ១៩៧៨ ។ សូមឲ្យសិស្សម្នាក់អានកថាកណ្ឌទីមួយនៃនៅក្រោមពាក្យ « ជូនចំពោះបងប្អូនប្រុសទាំងឡាយ » ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលអ្វីដែលថ្នាក់ដឹកនាំសាសនាចក្របានមានប្រសាសន៍ ថាពួកលោកបានធ្វើជាសាក្សី ។
-
តើថ្នាក់ដឹកនាំសាសនាចក្របានមើលឃើញទូទាំងផែនដីអំពីអ្វីខ្លះ ?
-
តើថ្នាក់ដឹកនាំសាសនាចក្រត្រូវបានបំផុសគំនិតអ្វីខ្លះ នៅពេលពួកលោកបានធ្វើជាសាក្សីអំពីកិច្ចការរបស់ព្រះអម្ចាស់ ?
សូមឲ្យសិស្សម្នាក់អានកថាកណ្ឌបន្ទាប់ ដែលចាប់ផ្ដើមដោយពាក្យ « ដោយយល់ពីសេចក្ដីសន្យាទាំងឡាយ » ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពីរបៀបដែលថ្នាក់ដឹកនាំសាសនាចក្របានធ្វើសកម្មភាពលើបំណងប្រាថ្នាដ៏បំផុសគំនិតរបស់ពួកលោក ។ សូមសួរ ៖
-
តើប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតបានធ្វើសកម្មភាពលើបំណងប្រាថ្នាដ៏បំផុសគំនិតរបស់ពួកលោកដោយយរបៀបណា ?
-
យោងតាមជួរទីបីដំបូងនៃកថាខណ្ឌនេះ តើថ្នាក់ដឹកនាំសាសនាចក្របានដឹងអ្វីខ្លះអំពីការហាមប្រាមនៃបព្វជិតភាព ? ( ពួកលោកបានដឹងថា នៅពេលខ្លះ បុរសសក្ដិសមទាំងឡាយនឹងមានឱកាសដើម្បីទទួលបានបព្វជិតភាព ) ។
សូមពន្យល់ថា អស់រយៈពេលជាច្រើនឆ្នាំមុនពេលឆ្នាំ ១៩៧៨ ដោយដឹងថាយើងត្រូវការវិវរណៈមួយដើម្បីឲ្យមានការផ្លាស់ប្ដូរកើតឡើង នោះគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិភាក្សាគ្នាអំពីការហាមប្រាមបព្វជិតភាព និងបានអធិស្ឋានអំពីការណ៍នេះ ។ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំបានដើរទៅម្នាក់ឯង និងដោយមានទឹកចិត្តមាំមួន និងភាពម៉ឺងម៉ាត់ទៅឯបន្ទប់ខ្ពស់បំផុតនៃព្រះវិហារបរិសុទ្ធ ហើយនៅទីនោះ ខ្ញុំបានថ្វាយព្រលឹងរបស់ខ្ញុំ និងបានថ្វាយការខិតខំប្រឹងរបស់ខ្ញុំដើម្បីនាំឲ្យកម្មវិធីនេះទៅមុខ ។ ខ្ញុំបានចង់ធ្វើអ្វីដែលទ្រង់បានចង់ ។ ខ្ញុំបានរៀបរាប់អំពីការណ៍នេះដល់ទ្រង់ ហើយបាននិយាយថា ‹ ព្រះអម្ចាស់អើយ ទូលបង្គំចង់បានតែអ្វីដែលត្រូវប៉ុណ្ណោះ ។ យើងមិនបានធ្វើគម្រោងអ្វីដើម្បីដើរផ្លូវខុសនោះទេ ។ យើងគ្រាន់តែចង់បានអ្វីដែលព្រះអង្គចង់បាន ហើយយើងចង់បានវា នៅពេលទ្រង់ចង់បាន ហើយមិនចាំបាច់រង់ចាំ › » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ], ទំព៧រ ២៣៨ ) ។
-
តើពាក្យសម្ដីរបស់ប្រធាន ឃឹមបិល បានបង្រៀនយើងអ្វីខ្លះអំពីរបៀបដែលព្យាការីស្វែងរកវិវរណៈ ? ( នៅពេលសិស្សឆ្លើយតប អ្នកអាចនឹងចង់សរសេរសេចក្ដីពិតដូចតទៅនេះ នៅលើក្ដារខៀន ៖ ព្យាការីស្វែងរកព្រះឆន្ទៈរបស់ព្រះអម្ចាស់ក្នុងការដឹកនាំសាសនាចក្រ ) ។
សូមឲ្យសិស្សម្នាក់អាននូវកថាកណ្ឌពីរបន្ទាប់នៅក្នុង សេចក្ដីប្រកាសជាផ្លូវការ ទី ២ ដែលចាប់ផ្ដើមដោយ « ទ្រង់បានឮពាក្យអធិស្ឋានទាំងឡាយរបស់យើង » ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលចម្លើយរបស់ព្រះអម្ចាស់ចំពោះការអធិស្ឋានរបស់ប្រធាន ឃឹមបឹល ទីប្រឹក្សារបស់លោកនៅក្នុងគណៈប្រធានទីមួយ និងសមាជិកដប់រូបនៃកូរ៉ុមនៃពួកសាវកដប់ពីរ ។
-
តើអ្វីជាចម្លើយរបស់ព្រះអម្ចាស់ចំពោះការអធិស្ឋានរបស់ព្យាការីរបស់ទ្រង់ ? ( សូមបញ្ជាក់ពីសាររបស់ព្រះអម្ចាស់ដែលបានទទួលនៅក្នុងវិវរណៈនេះ ៖ ពរជ័យនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ មានដល់កូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលវិវរណៈបានកត់ទុកនៅក្នុង សេចក្ដីប្រកាសជាផ្លូវការទី ២ ត្រូវបានទទួល សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ដែលមានវត្តមាននៅថ្ងៃដែលវិវរណៈត្រូវបានទទួលនៅក្នុងព្រះវិហារបរិសុទ្ធ ៖
« វាគឺជាបរិយាកាសដ៏សក្ដ័សិទ្ធិ និងបរិសុទ្ធមួយនៅក្នុងបន្ទប់នោះ ។ សម្រាប់ខ្ញុំ វាមានអារម្មណ៍ដូចជាការបើកមួយរវាងបល្ល័ង្កស្ថានសួគ៌ និងការលុតជង្គង់ចុះដោយព្យាការីរបស់ព្រះដែលអង្វរសុំ ដែលត្រូវបានអមដោយបងប្អូនប្រុសរបស់លោក ។ ព្រះវិញ្ញាណនៃព្រះបាននៅទីនោះ ។ ហើយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះវាបានកើតឡើងដល់ព្យាការីថា មានការអះអាងមួយអំពីរឿងដែលលោកបានអធិស្ឋានសុំនោះជាការណ៍ត្រឹមត្រូវ ថាពេលវេលាបានមកដល់ហើយ ហើយថាឥឡូវនេះ ពរជ័យដ៏មហិមានៃបព្វជិតភាពគួរត្រូវពង្រីកដល់បុរសដ៏សក្ដិសមគ្រប់រូបនៅគ្រប់ទីកន្លែង ដោយមិនគិតពីពូជអំបូរឡើយ ។ …
« យើងទាំងអស់គ្នាបានដឹងថា ពេលវេលាបានមកដល់សម្រាប់ការផ្លាស់ប្ដូរមួយ ហើយថាការសម្រេចចិត្តនោះបានមកពីស្ថានសួគ៌ ។ ចម្លើយគឺជាក់ច្បាស់ ។ មានសាមគ្គីភាពដ៏ឥតខ្ចោះមួយនៅក្នុងចំណោមពួកយើងនៅក្នុងបទពិសោធន៍របស់ ពួកយើង និងនៅក្នុងការយល់ដឹងរបស់យើង » ( « Priesthood Restoration » Ensign ខែ តុលា ឆ្នាំ ១៩៨៨ ទំព័រ ៧០ ) ។
សូមពន្យល់ថា ក្នុងអំឡុងពេលយ៉ាងខ្លីក្រោយពីវិវរណៈដែលបានបញ្ចប់ការហាមប្រាមបព្វជិតភាពត្រូវបានទទួល នោះពួកអ្នកផ្សព្វផ្សាយសាសនាជាច្រើនត្រូវបានបញ្ជូនទៅកាន់ទ្វីបអាហ្វ្រិក ។ ព្រះវិហារបរិសុទ្ធជាច្រើនត្រូវបានកសាងនៅលើទ្វីបនោះតាំងពីពេលនោះមក មានស្ដេកជាងមួយរយត្រូវបានរៀបចំឡើយ ហើយមនុស្សរាប់រយរាប់ពាន់នាក់បានទទួលពិធីបរិសុទ្ធនៃដំណឹងល្អសម្រាប់ខ្លួនគេ និងសម្រាប់ដូនតាដែលបានស្លាប់ទៅរបស់ខ្លួន ។ ( សូមមើល ឧទាហរណ៍ « Mormons in Africa: A Bright Land of Hope » mormonnewsroom.org; « Emerging with Faith in Africa » ផ្នែកទី ១–៣, lds.org/prophets-and-apostles/unto-all-the-world ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវា ៖
« នៅលើគ្រប់ទ្វីប និងឆ្លងផ្ទៃសមុទ្រ ពួកអ្នកស្នោះត្រង់ត្រូវបានមកជួបជុំគ្នានៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ភាពខុសគ្នានៅក្នុងសាវតាវប្បធម៌ ភាសា ភេទ និងទម្រង់មុខ បានរលាយបាត់នៅក្នុងសារៈសំខាន់នេះ នៅពេលសមាជិកបំភ្លេចខ្លួនគេនៅក្នុងការបម្រើដល់ព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់ពួកគេ ។ ការប្រកាសរបស់ប៉ុលត្រូវបានបំពេញ ៖ ‹ ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ › ។
« ‹ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយនៅក្នុងព្រះគ្រីស្ទយេស៊ូវ › [ កាឡាទី ៣:២៧–២៨ ] ។
« មានតែការយល់ដឹងអំពីអយ្យកាដ៏ពិតនៃព្រះតែប៉ុណ្ណោះ ដែលអាចនាំមកនូវការកោតសរសើរដ៏ពេញលេញនៃភាពជាបងប្អូនប្រុសនៃមនុស្សដ៏ពិត ។ ការយល់នោះបំផុសគំនិតដល់បំណងប្រាថ្នាដើម្បីសង់ស្ពាននៃសហប្រតិបត្តិការជាជាងជញ្ជាំងនៃវិយោគកម្ម » ( « Teach Us Tolerance and Love » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៧០ ) ។
-
តើដំណឹងល្អរៀបចំយើងឲ្យរួបរួមគ្នាជាមួយនឹងមនុស្សដែលមកពីសាវតាខុសគ្នាដោយរបៀបណា ?
-
តើមានគំរូអ្វីខ្លះ ដែលអ្នកបានឃើញពីសមាជិកសាសនាចក្រមកពីសាវតាខុសគ្នាធំធាត់ឡើងជាមួយគ្នាដោយសាមគ្គីភាព និងសហការគ្នា ?
នៅពេលបញ្ចប់ សូមឲ្យសិស្សគិតពីរបៀបដែលពួកគេអាចឆ្លើយតប ប្រសិនបើពួកគេត្រូវបានសួរថា ហេតុអ្វីបានជាសាសនាចក្រមិនបានតែងតាំងបុរសពូជអំបូរអាហ្វ្រិកឲ្យមានបព្វជិតភាពមួយរយៈ ។ សូមបញ្ជាក់ថា វាសមរម្យដើម្បីពន្យល់ដល់អ្នកដទៃថា យើងមិនដឹងពីមូលហេតុនៃការហាមប្រាមបព្វជិតភាពបានចាប់ផ្ដើម ហើយថាយើងគួរតែចែកចាយ និងថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលយើងពិតជាដឹង ។
ការអានរបស់សិស្ស
-
« ពូជសាសន៍ និង បព្វជិតភាព » ប្រធានបទដំណឹងល្អ នៅគេហទំព័រ lds.org/topics ។