មេរៀនទី ១៩
គោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏អស់កល្បជានិច្ច
សេចក្តីផ្តើម
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបញ្ជាក់ពីគោលលទ្ធិនេះថា អាពាហ៍ពិពាហ៍ និងគ្រួសារត្រូវបានតែងតាំងដោយព្រះ ។ ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា គូស្វាមីភរិយាដែលរៀបការអាចបន្ដ ជាស្វាមី និងភរិយាក្រោយពីការរស់ឡើងវិញបាន ។ វិវរណៈមកពីព្រះអម្ចាស់ពន្យល់ថា « សេចក្ដីសញ្ញាថ្មីហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍ » ( គ និង ស ១៣១:២ ) គឺចាំបាច់ដើម្បីទទួលបានការតម្កើងឡើង ។ មេរៀននេះនឹងធ្វើឲ្យសិស្សយល់ច្បាស់ថា សម្រាប់អាពាហ៍ពិពាហ៍មួយដែលគង់វង្សអស់កល្បជានិច្ច គូស្វាមីភរិយាត្រូវតែផ្សារភ្ជាប់ដោយមនុស្សម្នាក់ ដែលកាន់កូនសោបព្វជិតភាព ហើយក្រោយមករស់នៅដោយសុចរិត ។
ការអានពីសាវតា
-
រ័សុល អិម ណិលសុន « Celestial Marriage » Ensignឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩២–៩៥ ។
-
ដាវីឌ អេ បែដណា « Marriage Is Essential to His Eternal Plan » Ensign, ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨២–៨៧ ។
-
យ៉ូស្វេ ចេ ភើឃី « Why Temple Marriage? » New Era ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ៣០–៣២ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៩:១៥–១៧; ១៣១:១–៤
« សេចក្ដីសញ្ញានៃអាពាហ៍ពិពាហ៍ថ្មី និងដ៏អស់កល្បអស់កាលជានិច្ច »
កំណត់ចំណា ៖ នៅពេលអ្នកបង្រៀនមេរៀននេះ សូមប្រុងប្រយ័ត្នថា អ្នកអាចមានសិស្សដែលមានជីវិតនៅផ្ទះពិបាក ឬធ្លាប់ខូចចិត្ត ឬការឈឺចាប់ទាក់ទងទៅនឹងរឿងអាពាហ៍ពិពាហ៍ និងការមានកូនចៅ ។ សូមគិតពីសេចក្ដីត្រូវការរបស់សិស្សទាំងនេះ នៅពេលអ្នករៀបចំបង្រៀនមេរៀនរបស់អ្នក ។
សូមប្រាប់សិស្សថា នៅក្នុងឆ្នាំ ១៨៣១ នៅក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ឡេម៉ាន់ ឃោបលី បានចូលរួមសាសនាចក្រ ។ លោកធ្លាប់បានធ្វើជាសមាជិកម្នាក់នៃសហសង្គមអ្នកជឿលើការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ដែលជាទូទៅហៅថា ក្រុមញាក់ញ័រ ដោយសារតែរបៀបនៃការថ្វាយបង្គំ ដែលបានទាក់ទងទៅនឹងការញាក់ញ័ររាងកាយរបស់គេពេលគេច្រៀង រាំ និងទះដៃតាមតន្ដ្រី ។ ខណៈដែលឡេម៉ាន់ ឃោបលី បានជឿលើដំណឹងល្អ នោះលោកក៏នៅតែជឿលើការបង្រៀនខ្លះនៃក្រុមញាក់ញ័ ។ លោកបានទៅជួបនឹង យ៉ូសែប ស៊្មីធ ហើយជាលទ្ធផលនៃការទៅជួបនោះ ព្រះអម្ចាស់បានប្រទានវិវរណៈដល់យ៉ូសែប ដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩ នៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៨៣១ ។ ( ក្បាលកណ្ឌនៅក្នុងការកែសម្រួលពីមុននៃគោលលទ្ធិ និង សេចក្ដីសញ្ញា បានដាក់កាលបរិចេ្ឆទនេះទៅខែ មិនា ឆ្នាំ ១៨៣១ ។ ប្រវត្តិវិទូ បានស្រាវជ្រាវនាពេលថ្មីៗនេះថា កាលបរិច្ឆេទដ៏ជាក់លាក់ជាងនេះគឺ ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៨៣១ ) ។
ក្រុមញាក់ញ័របានបដិសេធនូវអាពាហ៍ពិពាហ៍ និងបានជឿលើការរស់នៅជីវិតមួយដែលនៅលីវជានិច្ច ( ចៀសវាងទំនាក់ទំនងផ្លូវភេទ ) ។ ព្រះអម្ចាស់បានកែតម្រូវគោលលទ្ធិខុសឆ្គងនេះនៅក្នុងវិវរណៈ ហើយក៏បានបញ្ជា ឡេម៉ាន់ ឃោបលី និងអ្នកដទៃឲ្យផ្សាយដំណឹងល្អដល់ក្រុមញាក់ញ័រទាំងឡាយ ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:១៥-១៧ រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ និងគ្រួសារ ។ សូមសួរ ៖
-
យោងតាមខគម្ពីរទាំងនេះ តើព្រះអម្ចាស់បង្រៀនអ្វីខ្លះអំពីអាពាហ៍ពិពាហ៍ ? ( សិស្សគួរតែរកឃើញនូវគោលលទ្ធិដូចតទៅនេះ ៖ អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និង ស្រ្តីម្នាក់គឺត្រូវបានតែងតាំងឡើងដោយព្រះ ) ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដែលអាពាហ៍ពិពាហ៍ត្រូវបានតែងតាំងឡើងដោយព្រះ « ដើម្បីឲ្យផែនដីអាចបំពេញគោលបំណងនៃការបង្កបង្កើត » ? ( ចម្លើយរបស់សិស្សអាចរួមមាននូវសេចក្ដីពិតដូចតទៅនេះ ៖ ស្វាមី និងភរិយាត្រូវបានបញ្ជាឲ្យមានកូនចៅ ។ ផែនដី គឺត្រូវបានបង្កើតមកជាកន្លែងមួយដែលកូនចៅរបស់ព្រះ អាចរស់នៅជាក្រុមគ្រួសារ ) ។
-
តើការយល់ពីសេចក្ដីពិតដែលត្រូវបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ អាចជួយយើងឲ្យពន្យល់ពីការបង្រៀនរបស់សាសនាចក្រអំពីអាពាហ៍ពិពាហ៍ដោយរបៀបណា ?
សូមពន្យល់ថា ជាច្រើនឆ្នាំក្រោយមក ការយល់ដឹងរបស់ពួកបរិសុទ្ធអំពីសារៈសំខាន់នៃគោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏អស់កល្បដែលបានលូតលាស់ឡើងយ៉ាងធំក្រៃលែង ។ នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ១៨៤៣ យ៉ូសែប ស្ម៊ីធ បានធ្វើដំណើរទៅកាន់ រ៉ាមូស រដ្ឋអិលលីណយ ។ ខណៈពេលនៅផ្ទះរបស់បេនយ៉ាមីន និងមីលីសា ចនសិន ព្យាការីបានបង្រៀនពួកគេអំពីអាពាហ៍ពិពាហ៍ដ៏អស់កល្ប ។ ការណែនាំរបស់ព្យាការីខ្លះត្រូវបានផ្ដល់នៅ រ៉ាមូស ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១ ។ សូមឲ្យសិស្សម្នាក់អានគោលលទ្ធិ និងសេចក្ដីសញ្ញា ១៣១:១–៤ ឲ្យឮៗ ហើយបន្ទាប់មក សូមសួរ ៖
-
តើយើងត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានកម្រិតដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាល ? ( សិស្សគួររកឃើញនូវគោលលទ្ធិខាងក្រោម ៖ ដើម្បីទទួលបានការលើកតម្កើងនៅក្នុងកម្រិតខ្ពស់បំផុតនៃនគរសេឡេស្ទាល នោះយើងត្រូវតែចូលទៅក្នុងសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ ។ សូមពន្យល់ថាពាក្យ ថ្មី នៅក្នុងបរិបទនេះមានន័យថា សេចក្ដីសញ្ញានេះត្រូវបានស្ដារឡើងវិញថ្មីនៅក្នុងសម័យកាន់កាប់ត្រួតត្រារបស់យើង ។ ពាក្យ ដ៏អស់កល្បអស់កាលជានិច្ច មានន័យថា សេចក្ដីសញ្ញានេះតែងតែមានជានិច្ច ហើយនឹងបន្ដឆ្ពោះទៅរកភាពអស់កល្ប ។ អ្នកអាចចង់ស្នើថា សិស្សគួរតែសរសេរនិយមន័យទាំងនេះនៅក្បែរគែមទំព័រនៃព្រះគម្ពីររបស់ពួកគេ ) ។
-
នៅក្នុងជំនាន់របស់យើង តើបុរស និងស្ដ្រីម្នាក់ចូលទៅក្នុង « សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ » ដោយរបៀបណា ?
សូមបញ្ជាក់ថា បុរស និងស្ដ្រីទាំងឡាយអាចចូលក្នុងសេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍ តែនៅក្នុងព្រះវិហារដ៏បរិសុទ្ធប៉ុណ្ណោះ ។ បុគ្គលទាំងឡាយ ដែលបានរៀបការនៅខាងក្រៅព្រះវិហារបរិសុទ្ធ អាចបញ្ចូលពាក្យដូចជា « រៀបការក្នុងពេលនេះ និងភាពដ៏អស់កល្ប » នៅក្នុងសម្បថអាពាហ៍ពិពាហ៍របស់ពួកគេ ប៉ុន្ដែព្រះនឹងមិនចាត់ទុកថាអាពាហ៍ពិពាហ៍ទាំងនេះជាអស់កល្បនោះទេ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ។ សូមលើកទឹកចិត្តឲ្យសិស្សស្វែងរកអ្វីដែលអែលឌើរ ណិលសុន បានបង្រៀនអំពីមូលហេតុដែលអាពាហ៍ពិពាហ៍ដ៏អស់កល្បមានសារៈសំខាន់ខ្លាំង ៖
« ប្រធានបទនៃអាពាហ៍ពិពាហ៍ត្រូវបានគេពិភាក្សាវែកញែកទូទាំងពិភពលោក ដែលមានការរៀបចំផ្សេងៗពីគ្នាសម្រាប់ការរស់នៅជាប្ដីប្រពន្ធ ។ គោលបំណងរបស់ខ្ញុំនៅក្នុងការនិយាយអំពីប្រធានបទនេះគឺដើម្បីប្រកាស ក្នុងនាមជាសាវករបស់ព្រះអម្ចាស់ថា អាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងស្ដ្រីម្នាក់គឺពិសិដ្ឋ — វាត្រូវបានតែងតាំងឡើងដោយព្រះ ។ ខ្ញុំក៏បញ្ចូលនូវគុណធម៌នៃការរៀបការនៅក្នុងព្រះវិហារបរិសុទ្ធដែរ ។ វាគឺជាប្រភេទនៃអាពាហ៍ពិពាហ៍ដ៏ខ្ពស់បំផុត និងឋិតថេរបំផុតដែលព្រះដ៏បង្កបង្កើតរបស់យើង អាចផ្ដល់ដល់កូនចៅរបស់ទ្រង់ ។
« ខណៈដែលសេចក្ដីសង្គ្រោះគឺជារឿងផ្ទាល់ខ្លួន ភាពតម្កើងឡើង គឺជារឿងរបស់គ្រួសារ ។ …
« … ដើម្បីសក្តិសមទទួលបានជីវិតដ៏អស់កល្បជានិច្ច យើងត្រូវតែធ្វើសេចក្ដីសញ្ញាដ៏អស់កល្បអស់កាលជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌របស់យើង [ សូមមើល គ និង ស ១៣២:១៩ ] ។ ការណ៍នេះមានន័យថា អាពាហ៍ពិពាហ៍នៅក្នុងព្រះវិហារបរិសុទ្ធមួយគឺមិនត្រឹមតែរវាងស្វាមី និងភរិយាប៉ុណ្ណោះទេ វាឱបក្រសោបនូវភាពជាដៃគូជាមួយនឹងព្រះ [ សូមមើល ម៉ាថាយ ១៩:៦ ] » ( « Celestial Marriage » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩២–៩៣ ) ។
-
តើអ្នកគិតថាប្រយោគនេះដែលថា « ខណៈដែលសេចក្ដីសង្គ្រោះគឺជារឿងផ្ទាល់ខ្លួន ភាពតម្កើងឡើងគឺជារឿងរបស់គ្រួសារ » មានន័យយ៉ាងណាដែរ ?
-
តើវាមានន័យយ៉ាងណាក្នុងការឱបក្រសោបនូវ « ភាពជាដៃគូជាមួយនឹងព្រះ » នៅក្នុងអាពាហ៍ពិពាហ៍ដ៏អស់កល្បមួយ ? តើហេតុអ្វីបានជាអ្នកគិតថា ការមានភាពជាដៃគូជាមួយនឹងព្រះនៅក្នុងអាពាហ៍ពិពាហ៍ដ៏អស់កល្បមួយជាការណ៍សំខាន់ ? ( មានតែតាមរយៈអាពាហ៍ពិពាហ៍ទេ ដែលបុគ្គលម្នាក់ធ្វើសេចក្ដីសញ្ញាមួយជាមួយនឹងបុគ្គលម្នាក់ទៀត និងជាមួយនឹងព្រះ ។ សេចក្ដីសញ្ញាដំណឹងល្អផ្សេងទៀតទាំងអស់ ត្រូវបានធ្វើឡើងរវាងបុគ្គលម្នាក់ និងព្រះ ) ។
-
តើគោលលទ្ធិដែលបានស្ដារឡើងវិញនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏អស់កល្បអាចលើកតម្កើងដល់បំណងប្រាថ្នារបស់មនុស្សម្នាក់ឲ្យកសាងនូវអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល និងឋិតថេរគង់វង្សមួយដោយរបៀបណា ?
អែលឌើរ ប៉ាលី ភី ប្រាត្ត ( ឆ្នាំ ១៨០៧–៥៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីឥទ្ធិពលដែលចំណេះដឹងនៃគោលលទ្ធិដែលបានស្ដារឡើងវិញនេះ បានមានដល់លោក ។ សូមឲ្យសិស្សម្នាក់អានប្រយោគខាងក្រោមនេះ ៖
« វាចេញពី [ យ៉ូសែប ស្ម៊ីធ ] ដែលខ្ញុំបានរៀនថា ភរិយានៃជាទីស្រឡាញ់របស់ខ្ញុំអាចត្រូវបានអះអាងដល់ខ្ញុំសម្រាប់ពេលនេះ និងអស់កល្បអស់កាលជានិច្ច ។ … វាចេញពីលោកដែលខ្ញុំបានរៀនថា យើងអាចបណ្ដុះនូវសេចក្ដីស្រឡាញ់ទាំងនេះ ហើយវាលូតលាស់ និងរីកចម្រើនឡើងដូចគ្នានៅក្នុងពេលអស់កល្បអស់កាលជានិច្ច ខណៈលទ្ធផលនៃការរួមគ្នាដ៏មិនចេះចប់របស់យើងនឹងបង្កបង្កើតជាកូនជាចៅមិនរាប់អស់ដូចផ្កាយនៅលើស្ថានសួគ៌ ឬខ្សាច់នៅលើឆ្នេរសមុទ្រ ។ … ខ្ញុំបានស្រឡាញ់វាពីមុនមក តែមិនដឹងថាជាមូលហេតុអ្វីនោះទេ ។ ប៉ុន្ដែឥឡូវនេះ ខ្ញុំបានស្រឡាញ់ — ដោយភាពបរិសុទ្ធ — កម្លាំងនៃអារម្មណ៍ដែលបានតម្កើងឡើង និងលើកឡើងខ្ពស់ » ( ជីវប្រវត្តិផ្ទាល់របស់ ប៉ាលី ភី ប្រាត្ត ការបោះពុម្ព ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ ឆ្នាំ ១៩៣៨ ] ទំព័រ ២៩៧–៩៨ ) ។
មុនពេលបន្ដមេរៀននេះទៀត វាពិតជាល្អប្រសើរណាស់ ដើម្បីនឹងពិភាក្សាអ្វីខាងក្រោមនេះដោយសង្ខេប ៖
« សមាជិកសាសនាចក្រខ្លះនៅតែនៅលីវ ដោយមិនមែនជាកំហុសរបស់គេ ទោះបីជាពួកគេចង់រៀបការក្ដី ។ ប្រសិនបើអ្នកឃើញខ្លួនអ្នកស្ថិតនៅក្នុងស្ថានភាពនេះ សូមប្រាកដថា ‹ គ្រប់ការណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អ ដល់ពួកអ្នកដែលស្រឡាញ់ព្រះ › ( រ៉ូម ៨:២៨ ) ។ នៅពេលអ្នកបន្ដមានភាពសក្ដិសម នោះនៅថ្ងៃណាមួយ នៅក្នុងជីវិតនេះ ឬជីវិតបន្ទាប់ អ្នកនឹងបានពរជ័យទាំងឡាយនៃទំនាក់ទំនងគ្រួសារដ៏អស់កល្ប » ( ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងដំណឹងល្អ [ ឆ្នាំ ២០០៤ ], ទំព័រ ៩៩ ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣២:១–២១
អាពាហ៍ពិពាហ៍ខាងសេឡេស្ទាលចាំបាច់សម្រាប់ការតម្កើងឡើង
សូមពន្យល់ថា ប្រហែលជាពីរខែបន្ទាប់ពីយ៉ូសែប ស៊្មីធ បានផ្ដល់ការណែនាំដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១ លោកបានកត់វិវរណៈនេះដែលឥឡូវនេះស្គាល់ថាជា គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២ ។ សូមឲ្យសិស្សម្នាក់អាន ក្បាលកណ្ឌនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២ ឮៗ ។ សូមពន្យល់ថា ការអនុវត្តពហុពន្ធភាពនឹងត្រូវបាននិយាយនៅក្នុងមេរៀនក្រោយ ។ សូមឲ្យសិស្សម្នាក់ទៀតអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣–៦ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយសម្គាល់រកពាក្យ និងឃ្លាដែលប្រាប់ពីសារៈសំខាន់នៃការចូលទៅក្នុងសេចក្ដីសញ្ញាថ្មី និងអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍ ។ សូមពិភាក្សានូវសំណួរខាងក្រោមនេះ ៖
-
តើពាក្យ និងឃ្លាអ្វីនៅក្នុងខគម្ពីរទាំងនេះដែលបញ្ជាក់ពីសារសំខាន់នៃអាពាហ៍ពិពាហ៍ដ៏អស់កល្បអស់កាលជានិច្ច ?
-
តើអ្វីជាលទ្ធផលនៃការបដិសេធគោលលទ្ធិនេះ ? ( អ្នកអាចចង់ពន្យល់ថាពាក្យ ជាប់ទោស មានន័យថាបុគ្គលម្នាក់ត្រូវបានបញ្ឈប់នៅក្នុងដំណើរការដ៏អស់កល្បរបស់គេ ) ។
កំណត់ចំណាំ ៖ សូមចំណាយពេលពីរបីនាទីដើម្បីបង្ហាញដល់សិស្សពីជំនាញសិក្សាព្រះគម្ពីរដ៏សំខាន់នៃការកត់សម្គាល់ពាក្យ និងឃ្លាគន្លឹះ ជាជំនាញដែលពួកគេទើបតែបានប្រើជាមួយនឹង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣២:៣–៦ ។ វាជាការសំខាន់ដើម្បីកត់សម្គាល់ និងយល់ពីពាក្យ និងឃ្លាទាំងឡាយ នៅពេលអ្នកសិក្សាព្រះគម្ពីរទាំងឡាយ ។ ជាមួយនឹង ខ ៣–៦ ឃ្លាខាងក្រោមនេះសំខាន់ដើម្បីយល់ ៖ « ទទួលហើយគោរពតាម » , « ត្រូវគោរព » , ហើយបើសិនជាអ្នកមិនកាន់សេចក្ដីសញ្ញានោះជាប់ទេ ខណៈនោះអ្នកជាប់ទោស » , « ដ្បិតគ្មានអ្នកណាមួយអាចបដិសេធ » , « ត្រូវ និងគួរនៅ » ។ ឃ្លាទាំងនេះខ្លះក៏ជាគំរូនៃការភ្ជាប់រវាងគំនិតទាំងឡាយនៅក្នុងព្រះគម្ពីរដែរ ។ ការភ្ជាប់ទាំងឡាយ បង្ហាញពីទំនាក់ទំនង ឬតំណរវាងគំនិតនានា ។ ឧទាហរណ៍ ខទី ៣ បង្ហាញពីការភ្ជាប់រវាងគំនិតនៃការរៀបចំ ការទទួល និងការគោរព ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៧–៨ ដោយស្ងាត់ស្ងៀម រកមើលនូវលក្ខខណ្ឌនៃច្បាប់របស់ព្រះអម្ចាស់ ដែលធ្វើឲ្យវាអាចធ្វើទៅបានសម្រាប់ស្វាមី និងភរិយាដើម្បីរស់នៅជាគូស្វាមីភរិយាបន្ទាប់ពីជីវិតនេះ ។
-
យោងតាមខគម្ពីរទាំងនេះ តើលក្ខខណ្ឌអ្វីដែលចាំបាច់សម្រាប់អាពាហ៍ពិពាហ៍មួយដើម្បីឋិតថេរដល់អស់កល្បនោះ ? ( នៅពេលសិស្សឆ្លើយតប សូមសរសេរនូវសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលសេចក្ដីសញ្ញាមួយត្រូវបានធ្វើឡើងតាមរយៈសិទ្ធិអំណាចបព្វជិតភាពដ៏ត្រឹមត្រូវ និងបានផ្សារភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា វានឹងបន្ដនៅជារៀងរហូត ) ។
សូមចែកចាយនិយមន័យខាងក្រោមនៃពាក្យ ព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា ៖ « ព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា ( កិច្ចការ ២:៣៣ ) ។ លោកបញ្ជាក់ថាអាចទទួលយកបានដល់ព្រះ ជាសកម្មភាព ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃមនុស្សដ៏សុចរិត ។ ព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យាធ្វើជាសាក្សីដល់ព្រះវរបិតាថា ពិធីបរិសុទ្ធសង្គ្រោះត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ ហើយថាសេចក្ដីសញ្ញាដែលបានទាក់ទងជាមួយនឹងពួកគេត្រូវបានរក្សាទុក » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះវិញ្ញាណនៃសេចក្តីសន្យា » scriptures.lds.org ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍នេះ សូមគិតពីការបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការផ្សារភ្ជាប់គឺ ឲ្យសច្ចាប័ន ដើម្បី ធ្វើយុត្តិកម្ម ឬដើម្បី អនុមតិ ។ ហេតុដូច្នេះហើយ សកម្មភាពមួយដែលត្រូវបានផ្សារភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា គឺជាសកម្មភាពមួយដែលត្រូវបានផ្ដល់សច្ចាប័នដោយព្រះវិញ្ញាណបរិសុទ្ធ ។ វាគឺជាសកម្មភាពមួយដែលត្រូវអនុមតិដោយព្រះអម្ចាស់ ហើយបុគ្គលដែលបានទទួលកាតព្វកិច្ចដាក់មកលើខ្លួនគេ នឹងត្រូវបានសម្របសម្រួលដោយព្រះវិញ្ញាណនៅក្នុងរឿងដែលគេបានធ្វើ ។ ការផ្ដល់សច្ចាប័នបិទត្រានៃការយល់ព្រម ត្រូវបានដាក់លើសកម្មភាពមួយ ប្រសិនបើអ្នកទាំងនោះចូលទៅក្នុងកិច្ចសន្យាសក្ដិសមជាលទ្ធផលនៃសេចក្ដីសុចរិតផ្ទាល់ខ្លួនដើម្បីទទួលបានការយល់ព្រមដ៏ទេវភាព » ( Mormon Doctrine, កែសម្រួលលើកទីពីរ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៣៦១–៦២ ) ។
ព្រះអម្ចាស់បានបន្ដគូសបង្ហាញលក្ខខណ្ឌចាំបាច់នានា និងពរជ័យទាំងឡាយនៃអាពាហ៍ពិពាហ៍ដ៏អស់កល្ប ដូចដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩–២១ ។ សូមចាត់សិស្សឲ្យធ្វើការជាគូដើម្បីសិក្សាពីវគ្គនេះ ។ សូមឲ្យដៃគូធ្វើបញ្ជីពីរ ៖ ( ១ ) លក្ខខណ្ឌសម្រាប់អាពាហ៍ពិពាហ៍មួយដើម្បីអស់កល្ប និង ( ២ ) ពរជ័យដែលទទួលបាន នៅពេលលក្ខខណ្ឌទាំងនេះត្រូវបានបំពេញតាម ។ នៅពេលបញ្ចប់ បញ្ជីនានាអាចរួមមានដូចតទៅ ៖
លក្ខខណ្ឌនានាសម្រាប់អាពាហ៍ពិពាហ៍មួយដើម្បីភាពអស់កល្ប
-
អាពាហ៍ពិពាហ៍មួយត្រូវតែធ្វើឡើងស្របតាមច្បាប់របស់ព្រះអម្ចាស់ និង« សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច » ។
-
អាពាហ៍ពិពាហ៍មួយត្រូវតែបានផ្សារភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា ។
-
អាពាហ៍ពិពាហ៍មួយត្រូវតែធ្វើឡើងដោយបុគ្គលម្នាក់ ដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព ។
-
គូស្វាមីភរិយាមួយគូត្រូវតែគោរពតាមសេចក្ដីសញ្ញារបស់ព្រះ ។
ពរជ័យទាំងឡាយដែលនឹងត្រូវបានទទួល
-
គូស្វាមីភរិយាមួយគូនឹងមានជីវិតរស់ឡើងវិញនៅក្នុងការរស់ឡើងវិញលើកទីមួយ ។
-
គូស្វាមីភរិយាមួយគូនឹងគ្រងបល្ល័ង្ក នគរ ឋានៈក្សត្រ អំណាច ការគ្រប់គ្រង និងកម្ពស់ និងប្រវែងទាំងឡាយជាមរតក ។
-
អាពាហ៍ពិពាហ៍មួយនឹងមានកម្លាំងយ៉ាងពោរពេញក្រោយពីសេចក្ដីស្លាប់ខាងសាច់ឈាម ។
-
គូស្វាមីភរិយាមួយគូនឹងដើរកាត់ទេវតាទាំងឡាយ ។
-
គូស្វាមីភរិយាមួយគូនឹងត្រូវបានតម្កើងឡើង ហើយនឹងមានសិរីល្អនៅក្នុងគ្រប់ការណ៍ទាំងអស់ ។
-
គូស្វាមីភរិយាមួយគូនឹងមាន « ការបន្ដគ្រាប់ពូជជារៀងរហូត » ( គ្រួសារ និងកូនចៅរបស់ពួកគេនឹងបន្ដឆ្លងកាត់ភាពអស់កល្ប ពួកគេនឹងមានការកើនឡើងដ៏អស់កល្ប ) ។
-
គូស្វាមីភរិយាមួយគូនឹងក្លាយជាព្រះ ហើយគ្មានទីបញ្ចប់នោះទេ ។
-
គូស្វាមីភរិយាមួយគូនឹងខ្ពស់ជាងអ្វីៗទាំងអស់ និងមានអំណាចទាំងអស់ ហើយការណ៍ទាំងអស់នឹងស្ថិតនៅក្រោមពួកគេ ។
សូមពិភាក្សាពីការសួរសំណួរខាងក្រោម ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីលក្ខខណ្ឌចាំបាច់នានា និងពរជ័យដែលបានសន្យានៃអាពាហ៍ពិពាហ៍ដ៏អស់កល្បទាំងឡាយ ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « គោរពតាម » សេចក្ដីសញ្ញាអាពាហ៍ពិពាហ៍ ? ( អ្នកអាចពន្យល់ថា អត្ថន័យមួយនៃពាក្យគោរពតាម នេះគឺបន្ដនៅ ឬបន្ដទៅទៀត ។ វាក៏មានន័យថារស់នៅស្របតាមសេចក្ដីសញ្ញាដែរ ) ។
-
ហេតុអ្វីបានជាការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធតែឯងមិនគ្រប់គ្រាន់ដើម្បីសម្រេចបានអាពាហ៍ពិពាហ៍ដ៏អស់កល្បមួយនោះ ?
-
តើការគិត និង អារម្មណ៍អ្វីខ្លះ ដែលអ្នកមាន ពេលអ្នកពិចារណាអំពីអ្វីដែលព្រះវរបិតាសួគ៌កំពុងសន្យាដល់អ្នក ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« អាពាហ៍ពិពាហ៍សេឡេស្ទាលគឺជាផ្នែកដ៏សំខាន់បំផុតនៃការរៀបចំសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។ វាតម្រូវឲ្យមនុស្សម្នាក់រៀបការជាមួយនឹងមនុស្សត្រឹមត្រូវម្នាក់ នៅកន្លែងដ៏ត្រឹមត្រូវ ដោយសិទ្ធិអំណាចត្រឹមត្រូវ និងដើម្បីគោរពតាមសេចក្ដីសញ្ញាដ៏ពិសិដ្ឋនោះដោយស្មោះត្រង់ ។ បន្ទាប់មក បុគ្គលម្នាក់នោះអាចត្រូវបានអះអាងអំពីការតម្កើងឡើងនៅក្នុងនគរសេឡេស្ទាលរបស់ព្រះ » ( « Celestial Marriage » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩៤ ) ។
-
តើអ្នកនឹងពន្យល់ដល់នរណាម្នាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្រពីសារៈសំខាន់នៃការរៀបការ « នៅក្នុងកន្លែងដ៏ត្រឹមត្រូវ ដោយសិទ្ធិអំណាចត្រឹមត្រូវ » ដោយរបៀបណា ?
-
ដោយព្រោះតែសារៈសំខាន់នៃគោលលទ្ធិនៃអាពាហ៍ពិពាហ៍ និងគ្រួសារដ៏អស់កល្ប តើអ្នកអាចធ្វើអ្វីខ្លះនាពេលនេះដើម្បីរៀបចំសម្រាប់អាពាហ៍ពិពាហ៍ដ៏អស់កល្ប និងកសាងទំនាក់ទំនងដ៏រឹងមាំ ?
សូមឲ្យសិស្សពិចារណាពីអ្វីដែលពួកគេអាចត្រូវផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ពួកគេដើម្បីរៀបចំបានកាន់តែប្រសើរសម្រាប់ការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ឬកាន់តាមសេចក្ដីសញ្ញាដែលទាក់ទងទៅនឹងការផ្សារភ្ជាប់ ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ការស្វែងរកអាពាហ៍ពិពាហ៍ដ៏អស់កល្បសក្ដិសមនឹងពលិកម្ម និងការខិតខំប្រឹងប្រែងរបស់យើង ។
ការអានរបស់សិស្ស
-
រ័សុល អិម ណិលសុន « Celestial Marriage » Ensignឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩២–៩៥ ។