មេរៀនទី ៨
កាប្រមូលផ្តុំសាសន៍អ៊ីស្រាអែលថ្ងៃចុងក្រោយ
សេចក្ដីផ្ដើម
នៅក្នុងរយៈពេលមួយឆ្នាំនៃការរៀចំសាសនាចក្រ ព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធឲ្យប្រមូលមកឯរដ្ឋ អូហៃអូ ( សូមមើល គ និង ស ៣៧:៣) ។ ចាប់តាំងពីពេលនោះមក ពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រមូលផ្តុំគ្នានៅទីតាំងផ្សេងគ្នា នៅពេលពួកគេបានព្យាយាមធ្វើតាមព្យាការីដែលកំពុងរស់នៅ និង ស្ថាបនាទីសុវត្ថិភាពដើម្បីរស់នៅ ។ នៅក្នុងមេរៀននេះ សិស្សនឹងរៀនថាព្រះអម្ចាស់ប្រមូលផ្តុំប្រជារាស្ត្ររបស់ទ្រង់ ដើម្បីពង្រឹងពួកគេ និង រៀបចំពួកគេឲ្យទទួលពរជ័យកាន់តែប្រសើរឡើង រួមទាំងពរជ័យនៃព្រះវិហារបរិសុទ្ធ ( សូមមើល គ និង ស ៨៤:៤) ។
ការអានពីសាវតា
-
រ័សុល អិម ណិលសុន « The Gathering of Scattered Israel » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩–៨២ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:៣១–៣៣; ៣៩:១៥; ៩៥:៨; ១១០:៩
ការហៅឲ្យប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ
សូមបង្ហាញ ផែនទី « ទីក្រុង នូវយ៉ោក រដ្ឋ ផែនសីលវេញ៉ា និង រដ្ឋ អូហៃអូ តំបន់នៃស.អា.រ. ( ផែនទីប្រវត្តិសាសនាចក្រ លេខ ៣ ) ដែលមាននៅទំព័រក្រោយនៃគោលលទ្ធិ និងសេចក្ដីសញ្ញា ឬ ផែនទីផ្សេងទៀតនៃតំបន់នេះ ។
សូមឲ្យសិស្សស្វែងរកទីតាំងទូទៅនានា នៃព្រឹត្តិការណ៍សំខាន់ៗទាំងឡាយខាងក្រោមអំពីការស្តារឡើងវិញ ៖ ទស្សនៈនិមិត្តដំបូង ( ភូមិម៉ានឆែសស្តើរ នូវ យ៉ោក ) ការស្តារបព្វជិតភាពឡើងវិញ ( ភូមិហារម៉ូនី រដ្ឋ ផែនសីលវេញ៉ា ) និង ការរៀបចំសាសនាចក្រ ( ហ្វាយ៉ែត្ត នូវយ៉ោក ) ។
បន្ទាប់មក សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអានសេចក្តីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ៖
« ស៊ីដនី រិកដុន ជាអ្នកបម្រើពីមុន ហើយជាសមាជិកប្រែចិត្តជឿថ្មីមកពីតំបន់ខឺតឡង់ និង មិត្តភក្តិដែលមិនមែនជាសមាជិកឈ្មោះ អែតវឺត ប៉ាទ្រិច មានការអន្ទះសាចង់ជួបព្យាការី ហើយរៀនបន្ថែមទៀតពីការបង្រៀនរបស់សាសនាចក្រ ។ នៅខែធ្នូ ឆ្នាំ ១៨៣០ ពួកគេបានធ្វើដំណើរអស់ចម្ងាយជាង ២៥០ ម៉ាយ ( ៤០០ គីឡូម៉ែត្រ )ទៅកាន់ហ្វាយ៉ែត្ត នូវយ៉ោកដើម្បីជួប យ៉ូសែប ស៊្មីធ ។ បន្ទាប់មកបានសុំលោកឲ្យស្វែងរកព្រះឆន្ទៈរបស់ព្រះអម្ចាស់ទាក់ទងនឹងខ្លួនពួកលោក និង ពួកបរិសុទ្ធនៅខឺតឡង់ ។ នៅក្នុងការឆ្លើយតបនោះ ព្រះអម្ចាស់បានបើកសម្តែងថា ពួកបរិសុទ្ធនៅ នូវ យ៉ោក គួរតែ ‹ ប្រមូលគ្នីគ្នានៅរដ្ឋ អូហៃអូ › (គ. និង ស. ៣៧:៣) ។ នៅសន្និសីទលើកទីបី និង ជាលើកចុងក្រោយរបស់សាសនាចក្រនៅទីក្រុងនូវ យ៉ោក ដែលធ្វើឡើងនៅចម្ការរបស់ វិតមើរ នៅថ្ងៃទី ២ ខែ មករា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានចេញបញ្ជាដឹកនាំរបស់ទ្រង់ម្តងទៀត [ ថា សមាជិកសាសនាចក្រត្រូវប្តូរទីលំនៅទៅ រដ្ឋ អូហៃអូ ] ។ …នេះជាការហៅលើកដំបូងនៅក្នុងសម័យកាន់កាប់ត្រួតត្រានេះសម្រាប់ពួកបរិសុទ្ធឲ្យប្រមូលគ្នីគ្នាជុំគ្នា ។ …
« …មានសមាជិក ៦៨នាក់មកពី ខូលស្វិល បានធ្វើដំណើរមករដ្ឋ អូហៃអូ នៅពាក់កណ្តាលខែ មេសា ឆ្នាំ ១៨៣១ ។ ស្របតាមការគោរពប្រតិបត្តិតាមការបញ្ជារបស់ព្រះអម្ចាស់ នោះមានសមាជិក ៨០ នាក់មកពីសាខា ហ្វាយ៉ែត្ត និង ៥០ នាក់មកពីសាខា ម៉ានឆែសស្តើរ ដែលបានចាកចេញពីផ្ទះរបស់ខ្លួននៅដើមខែ ឧសភា ឆ្នាំ ១៨៣១ ។ …នៅពាក់កណ្តាលខែ ឧសភា គ្រប់សាខាទាំងអស់នៃសាសនាចក្រមកពី នូវ យ៉ោក អាចធ្វើដំណើរតាមកប៉ាល់ឆ្លងកាត់ទន្លេ អេរី ទៅកាន់ហ្វែផត ហាបត រដ្ឋ អូហៃអូ ជាកន្លែងដែលពួកគេបានជួបនឹងពួកបរិសុទ្ធ ហើយបានធ្វើដំណើរទៅគោលដៅនៅខឺតឡង់ និង ភូមិថមសុន ។ ការប្រមូលផ្តុំពួកបរិសុទ្ធអ៊ីស្រាអែលដ៏ធំបានចាប់ផ្តើម » (Our Heritage: A Brief History of The Church of Jesus Christ of Latter-day Saints [ ឆ្នាំ ១៩៩៦ ], ទំព័រ ១៧–១៩) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣១-៣៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីរបៀបដែលពួកបរិសុទ្ធត្រូវបានប្រទានពរ បើពួកគេបានគោរពតាមបទបញ្ញត្តិឲ្យប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ នោះ ។ សិស្សគួរតែរកឃើញពរជ័យចំនួនបួន ៖ ( ១ ) ពួកគេ « អាចបានរួចផុតពីអំណាចនៃខ្មាំងសត្រូវ » ( ២ ) ពួកគេនឹង « ប្រមូលគ្នាជារាស្រ្តសុចរិតមួយមករក [ ព្រះ ] » ( ៣ ) ពួកគេនឹងទទួលបានក្រិត្យវិន័យរបស់ព្រះ ហើយ ( ៤ ) ពួកគេនឹង « ត្រូវបានទទួលនូវព្រះចេស្ដាមកពីស្ថានលើ » ។ អ្នកអាចចង់ស្នើថា សិស្សគួរដាក់លេខពរជ័យទាំងបួននេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ (កំណត់ចំណាំ ៖ ការរកឃើញបញ្ជីនៅក្នុងព្រះគម្ពីរអាចជួយសិស្សឲ្យស្គាល់គន្លឹះសំខាន់ថា ព្រះអម្ចាស់ ឬ ព្យាការីកំពុងគូសបញ្ជាក់ ) ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់ប្រមូលរាស្ត្ររបស់ទ្រង់ ដើម្បីការពារពួកគេ ហើយពង្រឹងដល់ពួកគេខាងវិញ្ញាណ ។ អ្នកអាចចង្អុលបង្ហាញថា នៅក្នុងព្រះគម្ពីរ គោលលទ្ធិនៃការប្រមូលផ្តុំជាញឹកញាប់ទាក់ទងនឹងការការពារ ។ « ការទាក់ទង គឺជាទំនាក់ទំនងមួយ ឬ ការភ្ជាប់គំនិត មនុស្ស វត្ថុ ឬ ព្រឹត្តិការណ៍ ហើយព្រះគម្ពីរគឺពោរពេញដោយការទាក់ទង » ( ដាវីឌ អេ បែដណា « A Reservoir of Living Water » ( ការប្រជុំពិសេសសាកលវិទ្យល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ២០០៧ ) ទំព័រ ៤ speeches.byu.edu) ។
សូមពន្យល់ថា ដូចជាព្រះអម្ចាស់បាននាំសាសាន៏អ៊ីស្រាអែលបុរាណទៅកាន់ភ្នំស៊ីណាយ ហើយបានប្រទានក្រិត្យវិន័យរបស់ទ្រង់ដល់ពួកគេ ដូច្នេះទ្រង់បានបង្គាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយដើម្បីប្រមូលគ្នីគ្នាទៅរដ្ឋ អូហៃអូ ដើម្បីពួកគេអាចទទួលក្រិត្យវិន័យរបស់ទ្រង់នៅក្នុងសម័យកាន់កាប់ត្រួតត្រានេះ ( សូមមើល គ. និង ស. ៣៨:៣២) ។ នៅរដ្ឋ អូហៃអូ ព្រះអម្ចាស់បានចាប់ផ្តើមបើកសម្តែងក្រិត្យវិន័យរបស់ទ្រង់ដល់សាសនាចក្រ ( សូមមើល ក្បាលកណ្ឌនៃគ. និង ស. ៤២) ។ បន្ទាប់មកសូមសួរ ៖
-
តើការប្រមូលផ្ដុំជាមួយនឹងអ្នកទាំងឡាយដែលមានជំនឿ និង បទដ្ឋានដូចអ្នកអាចជួយការពារអ្នកពីអំណាចសាតាំងបានដោយរបៀបណា ?
-
តើការទទួលក្រិត្យវិន័យរបស់ព្រះ ជួយពង្រឹងយើងខាងវិញ្ញាណដូចម្ដេចខ្លះ ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលថា ពួកបរិសុទ្ធនៅក្នុងរដ្ឋ អូហៃអូ នឹង « ត្រូវបានទទួលនូវព្រះចេស្តាមកពីស្ថានលើ ? »
សូមពន្យល់ថា ពរជ័យដែលបានសន្យាថានឹង « ត្រូវបានទទួលនូវព្រះចេស្តាមកពីស្ថានលើ » បានចាប់ផ្តើមបំពេញនៅពេលព្រះវិហារបរិសុទ្ធខឺតឡង់បានសាងសង់ចប់សព្វគ្រប់ប្រាំឆ្នាំបន្ទាប់ពួកបរិសុទ្ធបានប្រមូលផ្តុំគ្នាទៅ រដ្ឋ អូហៃអូ ។ សារទូតស្ថានសួគ៌ បានមកព្រះវិហារបរិសុទ្ធដែលបានសាងសង់ចប់សព្វគ្រប់ ដើម្បីស្តារកូនសោ និង សិទ្ធិអំណាចចាំបាច់ដល់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ដើម្បីធ្វើពិធីបរិសុទ្ធពិសិដ្ឋៗ ។ ការបើកបង្ហាញខាងវិញ្ញាណ ត្រូវបានចាក់ស្រោចលើពួកបរិសុទ្ធជាច្រើន នៅពេលឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ។ ហើយពួកបរិសុទ្ធមួយចំនួនតូចបានទទួលពិធីលាង និង តែងតាំងនៃព្រះវិហារបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ។ ពីរបីឆ្នាំក្រោយមកនៅក្នុងទីក្រុង ណៅវូ ការសន្យាថានឹងបានទទួលព្រះចេស្តា ត្រូវបានបន្តបំពេញ នៅពេលពិធីបរិសុទ្ធនៃពិធីអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធត្រូវបានណែនាំដល់ពួកបរិសុទ្ធ ។ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយព្យាការី យ៉ូសែប ស្ម៊ីធ ដែលបានធ្វើឡើងនៅ ទីក្រុងណៅវូ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« តើអ្វីជាវត្ថុបំណងនៃការប្រមូលផ្តុំ … ប្រជារាស្ត្រនៃព្រះនៅគ្រប់ជំនាន់នៃមនុស្សលោក ? … វត្ថុបំណងចម្បងនោះ គឺដើម្បីស្ថាបនាព្រះដំណាក់ថ្វាយដល់ព្រះអម្ចាស់ ដែលជាទីដែលទ្រង់អាចបើកសម្តែងដល់ប្រជារាស្ត្រទ្រង់ពីពិធីបរិសុទ្ធនៃដំណាក់ទ្រង់ និង នគរនៃសិរីរុងរឿងរបស់ទ្រង់ ហើយបង្រៀនប្រជារាស្ត្រទ្រង់អំពីផ្លូវនៃសេចក្តីសង្គ្រោះ » (ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ], ទំព័រ ៤១៦) ។
-
តើអ្នកបានឃើញថាព្រះប្រទានពរជ័យដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយតាមរបៀបណាខ្លះ នៅពេលពួកគេប្រមូលផ្តុំគ្នា និង កសាងព្រះវិហារបរិសុទ្ធដូចដែលទ្រង់បានដឹកនាំនោះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦២-៦៧
ព្រះអម្ចាស់ពិពណ៌នាអំពីទីក្រុង យេរ៉ូសាឡិមថ្មី ឬទីក្រុង ស៊ីយ៉ូន
សូមពន្យល់ថាមិនយូរប៉ុន្មានបន្ទាប់ពីពួកបរិសុទ្ធនូវ យ៉ោកបានប្រមូលគ្នីគ្នាទៅរដ្ឋ អូហៃអូ នោះមានដំណើររឿង និងពាក្យចចាមអារ៉ាមតាមកាសែតក្លែងបន្លំជាច្រើន ដែលរាយការណ៍ខុស និង និយាយបង្កាច់បង្ខូចសាសនាចក្រ ។ អំឡុងពេលនោះព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយអំពីទីតាំងដែលជាដែនដីដ៏សុខសាន្ត និង សន្តិសុខដែលបានរៀបចំឡើង ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦២-៦៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលពីគោលបំណងដែលព្រះអម្ចាស់បានបញ្ជាឲ្យពួកបរិសុទ្ធប្រមូលគ្នីគ្នាឆ្ពោះទៅ « ភាគខាងលិចនៃប្រទេស » (គ និង ស ៤៥:៦៤) ។ សូមគិតពីការសួរសំណួរខាងក្រោមនេះ ៖
-
តើព្រះអម្ចាស់មានព្រះបន្ទូលអំពីអ្វី « នៅមាត់ទ្វារ » ? តើឃ្លាថា « នៅមាត់ទ្វារ » មានន័យយ៉ាងណាចំពោះអ្នក ?
-
តើព្រះអម្ចាស់ចង់ឲ្យពួកបរិសុទ្ធធ្វើអ្វី នៅពេលពួកគេប្រជុំគ្នានៅភាគខាងលិចនៃប្រទេស ?
-
ហេតុអ្វីពួកគេត្រូវប្រមូលនូវទ្រព្យសម្បត្តិរបស់ពួកគេ ? ( សូមពន្យល់ថា មរតក សំដៅទៅលើទឹកដីដែលពួកគេទិញនៅទីដែលពួកគេអាចរស់នៅ និង ថ្វាយបង្គំព្រះអម្ចាស់ ) ។
-
តើដែនដីកេរអាកររបស់ពួកបរិសុទ្ធត្រូវបានហៅថាអ្វី ?
សូមពន្យល់ថា នៅក្នុងព្រះគម្ពីរ ពាក្យ ស៊ីយ៉ូន អាចមានន័យច្រើន ។ ពេលខ្លះ ពាក្យនោះសំដៅទៅលើប្រជាជននៃស៊ីយ៉ូន ហើយពិពណ៌នាវាថាជា « ចិត្តល្អសុទ្ធសាធ » (គ និង ស ៩៧:២១) ។ កន្លែងផ្សេងទៀត ពាក្យ ស៊ីយ៉ូន សំដៅទៅលើសាសនាចក្រទាំងមូល និងស្ដេកទាំងឡាយរបស់សាសនាចក្រ ( សូមមើល គ និង ស ៨២:១៤) ។ ពាក្យ ស៊ីយ៉ូន ក៏អាចសំដៅទៅលើទីតាំងភូមិសាស្ត្រជាក់លាក់ផងដែរ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦៦–៦៧, ស៊ីយ៉ូន សំដៅទៅលើទីក្រុងមួយដែលពួកបរិសុទ្ធនឹងស្ថាបនា ហើយប្រមូលផ្តុំគ្នា ពេលខ្លះហៅថាជាទីក្រុងយេរូសាឡិមថ្មី ( សូមមើលផងដែរ នីហ្វៃទី ៣ ២០:២២; ២១:២៣; អេធើរ ១៣:១–៨; Bible Dictionary, “Zion”) ។ សូមពិភាក្សានូវសំណួរខាងក្រោមនេះ ៖
-
តើព្រះអម្ចាស់បានពិពណ៌នាអំពីទីក្រុង យេរ៉ូសាឡិមថ្មី ឬ ទីក្រុង ស៊ីយ៉ូន យ៉ាងដូចម្ដេច ? ( សិស្សគួរតែរកឃើញគោលលទ្ធិដូចខាងក្រោមនេះ ៖ ទីក្រុងយេរូសាឡិមថ្មី នឹងជាកន្លែងនៃសេចក្ដីសុខសាន្ដជាទីក្រុងពំនាក់ និងសុវត្ថិភាព ហើយសិរីល្អរបស់ព្រះអម្ចាស់ នឹងគង់នៅទីនោះ) ។
-
តើក្នុងនាមជាសមាជិកនៃសាសនាចក្រអ្នកបានរកឃើញសេចក្តីសុខសាន្ត និង សុវត្តិភាពនៅក្នុងទីក្រុងស៊ីយ៉ូនតាមរបៀបណាខ្លះ ?
សូមពន្យល់ថា នៅចុងបញ្ចប់នៃសន្និសីទសាសនាចក្រលើកទីបួន ដែលបានធ្វើឡើងនៅខែ មិថុនា ឆ្នាំ ១៨៣១ នៅទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ នោះព្រះអម្ចាស់បានបញ្ជាឲ្យយ៉ូសែប ស៊្មីធ និងពួកអែលឌើរដទៃទៀត ធ្វើដំណើរជាគូៗប្រមាណជា៩០០ម៉ាយ ( ១៤៤៨ គីឡូម៉ែត្រ )ទៅរដ្ឋ មិសសួរី ផ្សាយដំណឹងល្អនៅតាមផ្លូវ ( សូមមើល គ. និង ស. ៥២ សេចក្ដីសង្ខេបខ) ។ បន្ទាប់ពីទៅដល់ទីនោះ ព្យាការីបានទទួលវិវរណៈមួយដែលបង្ហាញថា រដ្ឋ មិសសួរី គឺជា « ដែនដីសន្យា ហើយជាកន្លែងសម្រាប់ទីក្រុងស៊ីយ៉ូន » ជាមួយនឹង ទីក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ថាជា « កន្លែងកណ្តាល » (គ. និង ស. ៥៧:១–៣) ។ ពីរឆ្នាំបន្ទាប់មក ពួកបរិសុទ្ធរាប់រយនាក់មានចិត្តចង់ស្ថាបនាទីក្រុងស៊ីយ៉ូន បានប្តូរទីលំនៅទៅភូមិ ចាកសុន ខោនធី តំបន់នៃរដ្ឋ មិសសួរី ។ ជាអកុសល ជម្លោះបានកើតមានឡើងរវាងសមាជិកសាសនាចក្រ និង ប្រជាពលរដ្ឋដទៃទៀតនៃតំបន់នោះ ហើយទីបំផុតស្ថានភាពនោះបានប្រែកាន់តែសាហាវខ្លាំងឡើង ។ ពួកបរិសុទ្ធត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួននៅក្នុងភូមិ ចាកសុនខោនធី នៅខែ វិច្ឆិកា និង ខែ ធ្នូ ឆ្នាំ ១៨៣៣ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៥-៦
ប្រជារាស្ត្ររបស់ព្រះប្រមូលគ្នីគ្នានៅក្នុងស្ដេកនៃស៊ីយ៉ូននាពេលបច្ចុប្បន្ននេះ
ដើម្បីបង្ហាញពីកិច្ចខិតខំរបស់ពួកបរិសុទ្ធដើម្បីប្រមូលគ្នីគ្នាទៅកាន់កន្លែងច្រើនបន្ថែមទៀតដែលមានភាពសុខសាន្ត និង សន្តិសុខ សូមបង្ហាញ ផែនទី « ដំណើររបស់សាសនាចក្រទៅទិសខាងលិច » ( ផែនទីប្រវត្តិសាស្ត្រនៃសាសនាចក្រ លេខ ៦ ) ដែលមាននៅទំព័រខាងក្រោយនៃគោលលទ្ធិ និង សេចក្តីសញ្ញា ។
សូមពន្យល់ថា នៅទីបំផុតពួកបរិសុទ្ធត្រូវបានបង្ខំឲ្យចាកចេញទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ ព្រមទាំងទីតាំងនានានៅរដ្ឋ មិសសួរី ភាគខាងលិច ។ នៅក្នុងឆ្នាំ ១៨៣៩ ពួកបរិសុទ្ធបានចាប់ផ្តើមប្រមូលគ្នីគ្នាទៅទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ដែលជាកន្លែងដែលពួកគេបានស្ថាបនាទីក្រុងដ៏ធំ ។ ប៉ុន្តែ មិនយូរប៉ុន្មានបន្ទាប់ពីព្យាការីយ៉ូសែប ស្ម៊ីធបានស្លាប់ សមាជិកនៃសាសនាចក្រត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួនម្តងទៀត ។ ពួកគេបានប្តូរទីលំនៅទៅ រ៉កគី ម៉ោនធីន ហើយបានស្ថាបនាការតាំងលំនៅទូទាំងភាគខាងលិចនៃអាមេរិកខាងជើង ជាមួយនឹងទីស្នាក់ការកណ្តាលរបស់សាសនាចក្រត្រូវបានសាងសង់ឡើងនៅទីក្រុង សលត៍ លេក ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៥-៦ឲ្យឮៗ ។ បន្ទាប់មកសូមសួរ ៖
-
យោងតាមខទាំងនេះ តើពរជ័យអ្វីខ្លះដែលបានសន្យាដល់អស់អ្នកដែលបានប្រមូលផ្តុំគ្នានៅក្នុងស្តេកនៃស៊ីយ៉ូន ? ( ចម្លើយអាចរួមមាននូវសេចក្ដីពិតដូចខាងក្រោមនេះ ៖ យើងប្រមូលគ្នាទៅកាន់ស្តេកនៃស៊ីយ៉ូនសម្រាប់ជាទីការពារ និង ជាទីជ្រកកោនប្រឆាំងនឹងសេចក្តីអាក្រក់) ។
-
តើស្តេកនៃស៊ីយ៉ូនអាចផ្តល់ជាទីការពារ និង ជាទីជ្រកកោនដល់សមាជិកសាសនាចក្រនៅក្នុងស្រុកកំណើតខ្លួនតាមរបៀបណាខ្លះ ?
-
តើនៅពេលណាដែលអ្នកបានទទួលកម្លាំង និង ការការពារនៅពេលអ្នកបានប្រមូលគ្នាជាមួយពួកបរិសុទ្ធនៅក្នុងវួដ ឬ សាខារបស់អ្នកផ្ទាល់នោះ ?
ដើម្បីជួយសិស្សឲ្យកាន់តែយល់បន្ថែមអំពីអត្ថន័យដែលថាសមាជិកសាសនាចក្រប្រមូលគ្នានៅក្នុងស្តេកស៊ីយ៉ូននោះ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយឲ្យសិស្សម្នាក់អានវាឲ្យឮៗ ៖
« នៅដើមគ្រានៃសម័យកាន់កាប់ចុងក្រោយនេះ ការប្រមូលផ្តុំទៅកាន់ស៊ីយ៉ូនទាក់ទងនឹងទីតាំងជាច្រើននៅក្នុងសហរដ្ឋ ៖ ទៅទីក្រុង ខឺតឡង់ មិសសួរី ណៅវូ និង ទៅលើកំពូលភ្នំនានា ។ ការប្រមូលផ្តុំទាំងនេះតែងតែជាទស្សនវិស័យអំពីព្រះវិហារបរិសុទ្ធ ។ ដោយមានការបង្កើតនូវស្តេក និង ការកសាងព្រះវិហារបរិសុទ្ធនៅក្នុងប្រទេសជាច្រើនដែលសមនឹងចំនួននៃប្រជាជនដ៏ស្មោះត្រង់ ព្រះបញ្ញត្តិថ្មីៗនេះគឺមិនមែនប្រមូលផ្តុំទៅមួយកន្លែងឡើយ តែត្រូវប្រមូលផ្តុំនៅក្នុងស្តេកនៅក្នុងស្រុកកំណើតខ្លួនផ្ទាល់ ។ នៅទីនោះពួកស្មោះត្រង់អាចរីករាយនឹងពរជ័យពេញលេញនៃភាពអស់កល្បជានិច្ចនៅក្នុងដំណាក់នៃព្រះអម្ចាស់ ។ … តាមរបៀបនេះ ស្តេកនៃស៊ីយ៉ូនគឺជា ‹ ទីការពារ និង ជាទីជ្រកកោនពីព្យុះសង្ឃរា និង ពីសេចក្តីក្រោធដែលឥតលាយក្នុងកាលបានចាក់មកលើផែនដីទាំងមូល › (គ និង ស ១១៥:៦) » (« Preparation for the Second Coming » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥-១៩៨៥ )ឮៗ ៖
« ឥឡូវនេះ ការប្រមូលផ្តុំនៃសាសន៍អ៊ីស្រាអែលរួមមានការចូលរួមក្នុងសាសនាចក្រពិត និង ការចេះដឹងពីព្រះដ៏ពិត ។ … ហេតុដូច្នេះហើយ បុគ្គលម្នាក់ដែលបានទទួលយកដំណឹងល្អដែលបានស្តារឡើងវិញ និង អស់អ្នកដែលឥឡូវនេះស្វែងរកការថ្វាយបង្គំព្រះអម្ចាស់ជាភាសារបស់ខ្លួន ព្រមទាំងជាមួយនឹងពួកបរិសុទ្ធនៅក្នុងប្រទេសដែលខ្លួនរស់នៅ បានអនុវត្តតាមក្រិត្យវិន័យនៃការប្រមូលផ្តុំនៃសាសន៍អ៊ីស្រាអែល និង ទទួលមរតកនៃពរជ័យទាំងអស់ដែលបានសន្យាចំពោះពួកបរិសុទ្ធនៅក្នុងថ្ងៃចុងក្រោយទាំងនេះ » (The Teachings of Spencer W. Kimball, បានបោះពុម្ពឡើងវិញ អ៊ីវើត អិល ឃឹមបឹល [ ឆ្នាំ ១៩៨២ ], ទំព័រ ៤៣៩ ) ។
-
តើអ្នកបានឃើញអ្វីខ្លះកើតឡើងចំពោះចំនួននៃព្រះវិហារបរិសុទ្ធនៃសាសនាចក្រដែលត្រូវបានកសាងឡើងនៅក្នុងជីវិតអ្នក ?
-
តើអ្នកបានទទួលពរជ័យក្នុងនាមជាសមាជិកភាព នៅក្នុងស្តេក ឬ មណ្ឌលនៃស៊ីយ៉ូនដោយរបៀបណា ? តើអ្នកបានទទួលពរជ័យដោយសារតែព្រះវិហារបរិសុទ្ធយ៉ាងដូចម្តេច ?
សូមបញ្ចប់មេរៀនដោយសូមឲ្យសិស្សពិចារណាអំពីអ្វីដែលពួកគេអាចធ្វើដើម្បីជួយមនុស្សដទៃទៀតឲ្យទទួលបានការការពារខាងវិញ្ញាណ និង កម្លាំង ដែលបានមកពីការចូលរួមយ៉ាងស្មោះត្រង់នៅក្នុងស្តេកនៃស៊ីយ៉ូន ហើយថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ។ សូមឲ្យសិស្សធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណដែលពួកគេអាចនឹងទទួលបាន ។
ការអានរបស់សិស្ស
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧:១–៣; ៣៨:៣១–៣៣; ៣៩:១៥; ៤៥:៦២–៦៧; ៩៥:៨; ១១០:៩; ១១៥:៥–៦ ។
-
រ័សុល អិម ណិលសុន « The Gathering of Scattered Israel » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩–៨២ ។