បណ្ណាល័យ
មេរៀនទី ២៤ ៖ ការចាកចេញ​ពី​ណៅវូ និង ការធ្វើ​ដំណើរ​ទៅ​ទិស​ខាងលិច


មេរៀនទី ២៤

ការចាកចេញ​ពី​ណៅវូ និង ការធ្វើ​ដំណើរ​ទៅ​ទិស​ខាងលិច

សេចក្តីផ្តើម

នៅក្រោម​ការដឹកនាំ​ដ៏​បំផុសគំនិត​របស់​ព្រិកហាំ យ៉ង់ នោះ​ពួកបរិសុទ្ធ​បាន​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង​ណៅវូ ជា​កន្លែង​ដែល​ពួកគេ​បាន​ធ្វើ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ មុនពេល​ពួកគេ​បាន​ចាប់ផ្ដើម​ដំណើរ​ដ៏​ពិបាក​ក្រៃលែង​របស់​គេ​ទៅកាន់លំនៅដ្ឋាន​ថ្មី​នៅ​ឯ​ភ្នំ​ថ្ម ។ សេចក្ដីសញ្ញា​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ​បាន​ផ្ដល់​នូវ​កម្លាំង និង​ការបំផុស​គំនិត​ដល់​ពួកបរិសុទ្ធ នៅពេល​ពួកគេ​បាន​ប្រឈមមុខ​នឹង​ការលំបាក​នៅ​តាម​ផ្លូវ ។ ក្នុង​នាម​ជា​អ្នកគ្រង​មរតក​នៃ​កេរ្ដិ៍​តំណែល​នៃ​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​ទាំងនេះ យើង​អាច​រៀន​ពី​គំរូ​របស់​ពួកគេ ហើយ​រៀបចំ​ផ្លូវ​សម្រាប់​អ្នកដទៃ​ឲ្យ​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ។

ការអាន​ពី​សាវតា

  • ហ្គរដុន ប៊ី ហ៊ិងគ្លី « True to the Faith » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ៦៥–៦៧ ។

  • អិម រ័សុល បាឡឺដ « You Have Nothing to Fear from the Journey » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ៥៩–៦១ ។

  • Church History in the Fulness of Times Student Manual, បាន​កែសម្រួល​លើកទីពីរ ( Church Educational System manual, ឆ្នាំ ២០០៣ ) ទំព័រ ៣០២–១៤, ៣២៩–៣៦

យោបល់​សម្រាប់​ការបង្រៀន

ការបញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ណៅរូ

ព្រះវិហារ​បរិសុទ្ធ​ណៅវូ
ព្រះវិហារ​បរិសុទ្ធ​ណៅវូ អិលលីណោយ

សូម​បង្ហាញ រូបភាព​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ឬ​ប្រើ​រូបភាព​នៃ ព្រះវិហារ​បរិសុទ្ធ​ណៅវូ អិលលីណោយ ថ្មី ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ១១៨ ) ។ សូម​ប្រាប់​សិស្ស​ថា ក្រោយពី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ចាកចេញ​ពី​ទីក្រុង​ណៅវូ នោះ​ព្រះវិហារ​បរិសុទ្ធ​ដែល​ពួកគេ​បាន​សង់​ត្រូវបានបំផ្លាញ​ដោយ​សារ​ភ្លើង​ឆេះ​នៅឆ្នាំ ១៨៤៨ ហើយ​បន្ទាប់មក​ស្ទើរតែ​លេបត្របាក់​ទាំងស្រុង​ដោយ​សារ​ខ្យល់​ព្យុះ​កួច​នៅឆ្នាំ ១៨៥០ ។ ប្រហែល ១៥០ ឆ្នាំ​ក្រោយមក ព្រះវិហារ​បរិសុទ្ធ​ថ្មី​មួយ​ត្រូវបាន​កសាង​ដែល​មើលទៅ​ស្រដៀង​នឹង​ព្រះវិហារ​ដើម ហើយ​ត្រូវបាន​ឧទ្ទិស​នៅខែ មិថុនា ឆ្នាំ ២០០២ ។

សូម​ពន្យល់​ថា ក្រោយពី​ការធ្វើ​ឃាត​យ៉ូសែប ស្ម៊ីធ ដោយសារ​សាសនា​មក ពួកបរិសុទ្ធ​បាន​ធ្វើ​ការ​នៅក្រោម​ការដឹកនាំ​របស់​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដើម្បី​បញ្ចប់​ការសង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​ដើម​ឲ្យ​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ។ សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម និង​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។ សូម​អញ្ជើញសិស្សក្នុង​ថ្នាក់​កត់ត្រា​នូវ​ពលិកម្ម​ដែល​ពួកបរិសុទ្ធ​បាន​ធ្វើ​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ។

« បុរស​ជាង ១០០០ នាក់​បាន​ចំណាយពេល​រាល់​ដប់​ថ្ងៃ​ម្ដង​ដើម្បី​ធ្វើការ​សាងសង់ ។ លូអីស្សា ដិកខើរ ជា​យុវនារី​ម្នាក់​បាន​កោតសរសើរ​ដល់​ម្ដាយ​របស់​នាង​ដែល​បាន​លក់​ចាន​ក្បានមកពី​ចិន​របស់​គាត់ និង​កម្រាល​គ្រែ​ដ៏​ល្អៗ​ដើម្បី​ឧបត្ថម្ភ​ដល់​ព្រះវិហារបរិសុទ្ធ​របស់​គាត់ ។ ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ផ្សេង​ទៀត​បាន​ឧបត្ថម្ភ​សេះ រទេះ គោ ជ្រូក និង​គ្រាប់ធម្មជាតិ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ស្ដ្រី​នៃ​ណៅវូ​ត្រូវបាន​សុំ​ឲ្យ​ឧបត្ថម្ភ​ប្រាក់​កាក់​នានា​របស់​គេ​សម្រាប់​មូលនិធិ​ព្រះវិហារ​បរិសុទ្ធ » ( Our Heritage: A Brief History of The Church of Jesus Christ of Latter-day Saints [ ឆ្នាំ ១៩៩៦ ] ទំព័រ ៥៩ ) ។

អេលីស្សាបែត ធែរី ឃើប៊ី ហ៊ីវើត បាន​ឧបត្ថម្ភ​កម្មសិទ្ធិ​តែមួយ​ដែល​នាង​មាន — ជា​នាឡិកា​ដៃ​ដែល​ស្វាមី​របស់​នាង​មាន ដែល​លោក​បាន​ស្លាប់​នាពេល​ថ្មីៗ​នោះ ។ « ខ្ញុំ​បាន​ផ្ដល់​វា​ដើម្បីជួយដល់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​ខ្ញុំ​អាច​ចំណាយ​បាន និង​លុយ​ដុល្លាសល់​បន្តិច​បន្តួច​ចុងក្រោយ​ដែល​ខ្ញុំ​បាន​មាន​ក្នុងលោកិយ​នេះ ដែល​យកមក​បូក​សរុប​គ្នា​ទៅ​ក្បែរ ៥០ ដុល្លារ » ( បាន​ដកស្រង់​នៅក្នុង Carol Cornwall Madsen, In Their Own Words: Women and the Story of Nauvoo [ ឆ្នាំ ១៩៩៤ ] ទំព័រ ១៨០ ) ។

សូម​ពន្យល់​ថា ដោយសារ​តែ​​ការបៀតបៀន​មាន​កាន់តែ​ច្រើន​ឡើងៗ ដល់​ពួកបរិសុទ្ធ និង​ការគម្រាម​កំហែង​ពី​​ពួកសត្រូវ​សាសនាចក្រ នោះ​អ្នកដឹកនាំ​សាសនាចក្រ​បាន​ប្រកាស​នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៨៥៤ ថា​ពួកបរិសុទ្ធ​នឹង​ចាកចេញ​ពី​ទីក្រុង​ណៅវូ នៅ​រដូវ​ផ្ការីក​ឆ្នាំក្រោយ ។ សូម​សួរ​សិស្ស ៖

  • តើ​អ្នក​គិត​ថា​ការសម្រេចចិត្ត​ចាកចេញ​ពី​ទីក្រុង​ណៅវូ អាច​មាន​ផល​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​ពួកបរិសុទ្ធ​ដើម្បី​បញ្ចប់​ការសង់​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ដល់​សិស្ស​ថា ទោះបីជា​ពួកបរិសុទ្ធ​បាន​ដឹង​ថា ពួកគេ​នឹង​ត្រូវ​ចាកចេញ​ពី​រដ្ឋ​អិលលីណយ​ក្ដី ក៏​ពួកគេ​បាន​បង្កើន​ការខិតខំ​ប្រឹងប្រែង​របស់​គេ​ដើម្បី​បញ្ចប់​ការសង់​ព្រះវិហារ​បរិសុទ្ធ មុនពេល​ពួកគេ​បាន​ចាកចេញ​ដែរ ។ បន្ទប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ឧទ្ទិស នៅពេល​វា​ត្រូវបានសង់​បញ្ចប់ ដើម្បី​ឲ្យ​ពិធី​បរិសុទ្ធ​នានា​អាច​ត្រូវបាន​ធ្វើ​ឡើង​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ មុន​មរណភាព​របស់​លោក ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ចាត់ចែង​នៅក្នុង​ពិធី​អំណោយទាន​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដល់​បុរស និង​ស្ដ្រី​មួយ​ក្រុម​តូច ។ នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៨៤៥ បុរស និង​ស្ដ្រី​ទាំងនេះ​បាន​ចាប់ផ្ដើម​បម្រើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដល់​សមាជិក​ផ្សេង​ទៀត​នៅក្នុង​បន្ទប់​ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ឧទ្ទិសឆ្លង​រួច ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​កថាខណ្ឌ​ពីរ​ខាងក្រោម​នេះ​ឮៗ ដែល​វា​រៀបរាប់​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ពួកបរិសុទ្ធ និង​អ្នកដទៃ​របស់​ពួកគេ​ដើម្បី​ធានា​ថា មនុស្ស​ជាច្រើន​តាម​ដែល​អាច​ធ្វើ​ទៅបាន បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ មុនពេល​ចាកចេញ​ពី​ទីក្រុង​ណៅវូ ៖

ពី​ឆ្នាំ ១៨៤៤–១៨៤៦ ប្រធាន ព្រិកហាំ យ៉ង់ និង​ពួកសាវក​ដប់ពីរ​នាក់​បានដាក់​ការ​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​ជា​អាទិភាព​ចាំបាច់​របស់​ពួកគេ ។ ពិធីអំណោយទាន​បរិសុទ្ធ និង​ការផ្សារ​ភ្ជាប់​បាន​ធ្វើ​ឡើង​នៅទីនោះ គឺ​មុនពេល​ការសាងសង់​បាន​បញ្ចប់​ទៅទៀត ។ ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧ ) បានកត់ត្រា​ថា ៖ « ការណ៍​បែប​នោះ​បាន​ក្លាយជា​ការថប់​បារម្ភ​ដែល​បាន​បង្ហាញ​ដោយ​ពួកបរិសុទ្ធ​ដើម្បី​ទទួល​បាន​ពិធីបរិសុទ្ធ [ នៃ​ព្រះវិហារ​បរិសុទ្ធ ] ហើយ​ការអន្ទះសាបែបនោះ​នៅ​ខាង​ផ្នែក​របស់​យើង​ដើម្បី​បម្រើដល់​ពួកគេ រហូតដល់​ខ្ញុំ​បាន​លះបង់​ខ្លួន​ខ្ញុំ​ទាំងស្រុង​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​មិន​បាន​ចូល​សម្រាក​ជា​មធ្យម​លើស​ពី​បួន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទេ ហើយ​ទៅផ្ទះ​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ »​( នៅក្នុង​History of the Church, ៧:៥៦៧ ) ។

ក្រៅពីចំនួន​បុរស​ទាំងឡាយ​ដែល​បាន​ធ្វើការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ « មាន​ស្ដ្រី​សាមសិប​ប្រាំមួយ​នាក់​បាន​ក្លាយជា​អ្នកធ្វើ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ដោយ​ធ្វើការ​មួយ​ថ្ងៃ​ពេញ​នៅ​រដូវ​រងារ​ឆ្នាំ ១៨៤៥–៤៦ ដើម្បី​បម្រើ​ពិធីបរិសុទ្ធ​ដល់​មនុស្ស​ជាច្រើន​តាម​ដែល​អាច​ធ្វើ​ទៅបាន​មុនពេល​ធ្វើដំណើរ​ចាកចេញ ។ អេលីស្សាបែត អាន វិតនី ដែល​ជា​ស្ដ្រី​ម្នាក់​ក្នុង​ចំណោម​សាមសិប​ប្រាំមួយ​នាក់​បាន​រំឭក​ថា ‹ ខ្ញុំ​បាន​ធ្វើការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​រាល់ថ្ងៃ​ដោយ​មិនបាន​ឈប់​ទេ រហូតដល់​វា​បាន​បិទ › ។ ‹ ខ្ញុំ​បាន​លះបង់​ខ្លួន​ខ្ញុំ ពេលវេលា​របស់​ខ្ញុំ និង​ការយកចិត្ត​ទុកដាក់​ចំពោះ​បេសកកម្ម​នោះ › ។ ស្ដ្រី​បួន​ដប់​នាក់​ផ្សេង​ទៀត​បាន​បោក​ខោអាវ និង​បាន​រៀបចំ​អាហារ​ដែល​ទ្រទ្រង់​ដល់​រាងកាយ​គួរ​ឲ្យ​កត់សម្គាល់ » ( Carol Cornwall Madsen, « Faith and Community: Women of Nauvoo » នៅក្នុង Joseph Smith: The Prophet, The Man, បានកែសម្រួល​ដោយ Susan Easton Black និង Charles D. Tate Jr. [ ឆ្នាំ ១៩៩៣ ] ទំព័រ ២៣៣–៣៤ ) ។

សូម​ពន្យល់​ថា នៅ​រវាង​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៨៤៥ និង​ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ១៨៤៦ — ជា​កាលបរិចេ្ឆទ​ដែល​ពួកបរិសុទ្ធ​បាន​ចេញ​ដំណើរ​ទៅ​ភាគខាងលិច — មាន​ពួកបរិសុទ្ធ​ប្រហែល​ជា ៥៦១៥ នាក់​ដែល​បាន​ទទួល​ពិធី​អំណោយ​បរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ និង​មាន​គ្រួសារ​ជាច្រើន​ក្រៃ​បាន​ផ្សារភ្ជាប់​នៅ​ទីនោះ ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ចេញពី​ពលិកម្ម​របស់​ពួកបរិសុទ្ធ​ក្នុង​ការបញ្ចប់​ការសង់​ព្រះវិហារ​បរិសុទ្ធ ទោះបីជា​នៅពេល​ពួកគេ​បាន​ដឹង​ថា ពួកគេ​គង់តែ​នឹង​ចាកចេញ​ពី​ទីក្រុង​ណៅវូ ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​ផ្សេងៗ​ដូច​ខាង​ក្រោម​នេះ ៖ ការទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​តម្លៃ​នឹង​ការខិតខំ និង​ពលិកម្ម​ដ៏​សុចរិត​របស់​យើង ។ សូម​ពិចារណា​ពី​ការសរសេរ​ឃ្លា​នេះ​នៅលើ​ក្ដារខៀន​សម្រាប់ការ​បញ្ជាក់ ) ។

  • តើ​អ្នកគិត​ថា កាទទួល​បាន​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​អាច​បាន​រៀបចំ​ដល់​អ្នកដែល​ចាកចេញ​ពី​ទីក្រុង​ណៅវូ​ធ្វើ​ដំណើរ​រាប់ពាន់​គីឡូម៉ែត្រ​ដើម្បី​រកទីជម្រក​នៅ​ភាគខាងលិច​នៃ​សហរដ្ឋ​អាមេរិក​តាម​របៀប​ណា​ខ្លះ ?

ដើម្បី​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​ចែកដល់​សិស្ស​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​មកពី​ស៊ិស្ទើរ សារ៉ា រិច និង អែលឌើរ រ៉ូបឺត ឌី ហែលស៍ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

សារ៉ា រិច

« ប្រសិនបើ​ពុំមែន​ដោយសារ​សេចក្ដី​ជំនឿ និង ចំណេះដឹង​ដែល​បាន​ប្រទាន​ដល់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នោះ​ទេ នោះ​ការធ្វើ​ដំណើរ​របស់​យើង​នឹង​ហាក់បី​ដូចជា​ការធ្វើ​ដំណើរ​មួយ​ដែល​លោត​ចូលទៅក្នុង​ទី​ងងឹត​ដូច្នោះ​ដែរ » ( សារ៉ា រិច បាន​ដកស្រង់​នៅក្នង Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ], ទំព័រ ៣០ ) ។

អែលឌើរ រ៉ូបឺត ឌី ហែលស៍

« បុព្វបុរស​ត្រួសត្រាយ​របស់​យើង​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​គ្នា​ជា​គ្រួសារ​នៅក្នុង​ទីក្រុង​ណៅវូ ។ សេចក្ដីសញ្ញា​របស់​ពួកលោក​ជាមួយ​នឹង​ព្រះអម្ចាស់​នៅ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ បាន​ជា​ការការពារ​មួយ​ដល់​ពួកគេ​អំឡុងពេល​ការធ្វើដំណើរ​ទៅភាគ​ខាងលិច ដូចជា​យើង​ម្នាក់ៗ​សព្វ​ថ្ងៃនេះ និង​ពេញ​មួយ​ជីវិត​របស់​យើង ។ …

« សម្រាប់​ពួកបរិសុទ្ធ​កាលពី​ដើម​ទាំងនេះ ការចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​សារសំខាន់​ជាខ្លាំង​ដល់​ទីបន្ទាល់​របស់​ពួកគេ នៅពេល​ពួកគេ​បាន​ប្រឈមមុខនឹង​ការលំបាក ការប្លន់​ដ៏​ឃោរឃៅ ការត្រូវ​គេ​បណ្ដេញ​ចេញ​ពីលំនៅដ្ឋាន​ដ៏​ស្រណុកស្រួល​នៅ​ទីក្រុង​ណៅវូ ហើយ​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ដ៏​វែង និង​សែន​ពិបាក​នៅ​ខាងមុខ ។ ពួកគេ​បាន​ប្រសិទ្ធពរ​ដោយ​អំណាច​នៅក្នុង​ព្រះវិហារ​ដ៏​បរិសុទ្ធ ។ ស្វាមី និង​ភរិយា​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​គ្នា ។ កូនៗ​​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ឪពុកម្ដាយ​របស់​ពួកគេ ។ មនុស្ស​ជាច្រើន​បាន​បាត់បង់​សមាជិក​គ្រួសារ​ដោយសារ​ការស្លាប់​នៅតាម​ផ្លូវ ប៉ុន្ដែ​ពួកគេ​បាន​ដឹង​ថា នោះ​មិនមែន​ជា​ទីបញ្ចប់​ចំពោះពួកគេ​ឡើយ ។ ពួកគេ​ត្រូវបាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ភាពដ៏​អស់កល្ប​ជានិច្ច » ( រ៉ូបឺត ឌី ហែលស៍« Temple Blessings » New Era, ខែ កុម្ភៈ ឆ្នាំ ២០១៤ ទំព័រ ៤ ) ។

សូមសួរ​សិស្ស ៖

  • តើ​ការទទួល​បាន​ពិធីការ​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​ឥទ្ធិពល​អ្វីខ្លះ​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​កាលពី​ដើម ដែល​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ដំណើរ​ដ៏​វែង​ទៅកាន់​ភាគ​ខាង​លិច ? ( នៅពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ ពិធីការ​បរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ​អាច​ផ្ដល់​យើង​នូវ​ការការពារ និង​កម្លាំង នៅពេល​យើង​ប្រឈម​មុខ​នឹង​គ្រា​ដ៏​លំបាក និង​ឧបសគ្គ​នានា ) ។

  • តើ​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ការពារ និង​ពង្រឹង​ដល់​អ្នក ឬ​អ្នក​ដែល​ស្គាល់​អំឡុងពេល​ប្រឈមមុខ​នឹង​ឧបសគ្គ​ដោយ​របៀប​ណា ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ស្វែងរក​ការការពារ និង​កម្លាំង​ខាងវិញ្ញាណ​ដ៏​អស្ចារ្យ​ជាងនេះ​តាមរយៈ​ការថ្វាយ​បង្គំ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៦

ការណែនាំ​របស់​ព្រះអម្ចាស់​ចំពោះ​អស់​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ទៅភាគ​ខាងលិច

ផែនទី ការផ្លាស់ទី​នៅ​ខាងលិច​នៃ​សាសនាចក្រ

សូម​ឲ្យ​សិស្ស​បើក​ទៅ​ផែនដី​ប្រវត្តិសាស្ដ្រ​សាសនាចក្រ លេខ ៦ « ការផ្លាស់ទី​នៅ​ខាងលិច​នៃ​សាសនាចក្រ » ហើយ​សូម​ឲ្យ​ពួកគេ​រកមើល​ទីក្រុង​ណៅវូ និង​វិនធើរ ខ្វរធើរ ។ សូម​ពន្យល់​ថា ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ នោះ​ពួកបរិសុទ្ធ​ដែល​បាន​ចាកចេញ​ពី​ទីក្រុង​ណៅវូ​នៅខែ កុម្ភៈ ឆ្នាំ ១៨៤៦ បាន​ចំណាយ​ពេល​បួន​ខែ​ធ្វើដំណើរ​ឆ្លងកាត់​រដ្ឋ​អាយអូវ៉ា​ចម្ងាយ ៤៨០ គីឡូម៉ែត្រ ។ អំឡុងពេល​នេះ បុរស​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ជាង ៥០០ នាក់ — ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា កងវរសេនា​តូច​មរមន — បាន​ស្ដាប់​បង្គាប់​តាម​ការហៅ​របស់​ព្យាការី ព្រិកហាំ យ៉ង់ ឲ្យ​ចុះឈ្មោះ​ចូល​បម្រើ​ក្នុង​កងទ័ព​សហរដ្ឋ​អាមេរិក​ដើម្បី​បម្រើ​ក្នុង​ពេល​សង្គ្រាម​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស ម៉ិកស៊ិក ។ បុរស​ខ្លះ​ត្រូវបាន​ចូលរួម​ដោយ​ភរិយា និង​កូនៗ​របស់​ពួកគេ ។ ការបម្រើ​របស់​ពួកគេ​នឹង​រក​ប្រាក់​ដើម្បី​ជួយ​ដល់​សមាជិក​សាសនាចក្រ​ក្រីក្រ​ធ្វើ​ដំណើរ​ទៅកាន់​ភាគខាងលិច ប៉ុន្ដែ​គ្រួសារ​ជាច្រើន​បាន​ចាកចេញ​ដោយ​គ្មាន​ស្វាមី និង​ឪពុក​នៅផ្នែក​នៃ​ដំណើរចរ​ទៅភាគ​ខាងលិច ។ សម្រាប់​មូលហេតុ​នេះ អ្នកដឹកនាំ​សាសនាចក្រ​បាន​បេ្ដជ្ញា​មិន​បន្ដ​ទៅ​ភាគខាងលិច​ទៅ​ភ្នំ​ឈ្មោះ រ៉កគី រហូត​ដល់​រដូវ​ផ្ការីក​ឆ្នាំ ១៨៤៧ ។ ពួក​បរិសុទ្ធ​បាន​ស្នាក់​នៅ​កន្លែង​មួយ​ដែល​ពួកគេ​ហៅ​ថា វិនធើរ ខ្វរធើរ ។ គឺ​នៅទីនោះ​ដែល​ព្រិកហាំ យ៉ង់ បាន​ទទួល​វិវរណៈ ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ឆ្លាស់វេន​គ្នា​អាន​ឮៗ​ពី គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៦:១–៥ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែលព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ ដើម្បី​រៀបចំ​បន្ដ​ការធ្វើ​ដំណើរ​ទៅ​ភាគ​ខាងលិច​របស់​ពួកគេ ។

  • តើ​ការអម​ដំណើរ​ត្រូវបាន​រៀបចំ​យ៉ាង​ដូចម្ដេច ? តើ​អ្នក​គិត​ថា ការរៀបចំ​នេះ​បាន​ជួយ​ដល់​ពួកបរិសុទ្ធ​ពេល​ធ្វើ​ដំណើរ​របស់​ពួកគេ​ដោយ​របៀប​ណា ?

  • តើ​ការណ៍​នេះ​ស្រដៀងគ្នា​ទៅនឹង​របៀប​ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង​នៅសព្វ​ថ្ងៃ​យ៉ាង​ដូចម្ដេច ? ( នៅពេល​សិស្ស​ឆ្លើយតប អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​រៀបចំ​ពួកបរិសុទ្ធ​របស់​ទ្រង់​ទៅជា​ក្រុមៗ ដើម្បី​ឲ្យ​បុគ្គល​ម្នាក់ៗ​អាចត្រូវបាន​ដឹកនាំ និង​ត្រូវបាន​យកចិត្ត​ទុកដាក់​ដល់ ) ។

  • តើ ខ ៤ ស្នើ​អំពី​របៀប​ដែល​ពួកបរិសុទ្ធ​បាន​ទទួល​កម្លាំង​ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​គេ​ដើម្បី​សម្រេច​នូវ​ឆន្ទៈ​របស់​ព្រះអម្ចាស់​អ្វីខ្លះ ?

សូមចាត់​ឲ្យ​សិស្ស​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៦:​៦–១១ ដោយ​ស្ងាត់ស្ងៀម​ដោយ​រកមើល​របៀប​ដែល​ពួកបរិសុទ្ធ​ត្រូវ​រៀបចំ​ដើម្បី​អាច​មើលថែ​ដល់​តម្រូវការ​គ្នា​ទៅវិញទៅមក និង​ជួយ​ដល់​អ្នកក្រីក្រ និង​អ្នកត្រួវការ​អំឡុងពេល​ធ្វើ​ដំណើរ​ទៅភាគ​ខាងលិច ។ ក្រោយ​ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ពិចារណា​ពី​សំណួរ​ខាងក្រោម​ដើម្បី​ដឹកនាំ​ការពិភាក្សា​នេះ ៖

  • តើ​ពាក្យ ឬ​ឃ្លា​ណា​ខ្លះ​នៅក្នុង ខ ៦–១១ ដែល​បង្ហាញ​ពី​របៀប​ដែល​ពួកបរិសុទ្ធ​ត្រូវ​មើលថែ​ដល់​គ្នា​ទៅវិញទៅមក​ដល់​អស់អ្នក​ដែល​ខ្វះខាត ? ( អ្នក​អាច​សង្កត់​ន័យ​លើ​ពាក្យ « រៀបចំ » នៅក្នុង ខ ៦, ៧ និង ៩ ។ ការណ៍​នេះ​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ដល់​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដើម្បី​រៀន​ស្គាល់​ពី​ការធ្វើ​ឡើងវិញ ) ។

  • ស្របតាម ខ ១១ តើ​សេចក្ដីសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​អស់​អ្នកដែល​ស្វែងរក​ដើម្បី​ជួយ​ដល់​អ្នកដទៃ និង​រៀបចំ​ផ្លូវ​ដល់​ពួកគេ មានជាអ្វីខ្លះ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​​គោលការណ៍​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​នឹង​ប្រទាន​ដល់​យើង នៅពេល​យើង​ជួយ​ដល់​អ្នកដទៃ និង​រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ ) ។

  • តើ​នរណា​បាន​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​ដើម្បី​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ? តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​អ្នក ?

អ្នក​អាច​ចង់​ពន្យល់​ថា​ពាក្យ ត្រួសត្រាយអាច​ឲ្យ​និយមន័យ​ថា ជា​មនុស្ស​ម្នាក់​ដែល​ទៅ​មុខ​មុន​ដើម្បី​រៀបចំ ឬ​បើក​ផ្លូវ​ដល់​អ្នកដទៃ​ឲ្យ​ដើរតាម មានន័យ​ថា​យើង​ទាំងអស់​គ្នា​អាច​ក្លាយជា​អ្នកត្រួសត្រាយ​តាម​របៀប​មួយ​ចំនួន ។ សូម​ឲ្យ​សិស្ស​មាន​ពេល​មួយ​សន្ទុះ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ជួយ​ដល់​អ្នកដទៃ និង​រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ​ឲ្យ​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​គំនិត​របស់​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ខិតខំ​ពេញ​មួយ​ជីវិត​របស់យើង​ដើម្បី​ជួយ​រៀបចំ​ផ្លូវ​សម្រាប់​កូនចៅ​របស់​ទ្រង់​ម្នាក់ៗ ដើម្បី​ទទួល​បាន​ដំណឹងល្អ និង​ត្រឡប់​មក​រស់នៅ​ជាមួយ​នឹង​ទ្រង់​វិញ ។

សូម​ពន្យល់​ថា ពួកបរិសុទ្ធ​បាន​គោរព​តាម​ការបញ្ជា​របស់​ព្រះអម្ចាស់​ដោយ​បាន​ជួយ​ដល់​គ្នា​ទៅវិញទៅមក ហើយ​រៀបចំ​ផ្លូវ​សម្រាប់​អស់​អ្នក​ដែល​មកតាម​ក្រោយ​ពួកគេ ។ ក្រុម​ទីមួយ​នៃ​អ្នកត្រួសត្រាយ​ផ្លូវ​បាន​ចាកចេញ​ពី​វិនធើរ ខ្វរធើរ នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៨៤៧ ។ ពួកគេ​បាន​ធ្វើ​ដំណើរ​ជាង ១៦០០ គីឡូម៉ែត្រ និង​បាន​មកដល់ច្រកភ្នំ សលត៍ លេក នៅចុងខែ កក្កដា ឆ្នាំ ១៨៤៧ ។ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៤៧ ប្រធាន ព្រិកហាំ យ៉ង់ បាន​ចូល​ទៅក្នុង​ច្រកភ្នំ និង​បាន​ទទួល​ការបញ្ជាក់​ថា ពួកបរិសុទ្ធ​បាន​រកឃើញលំនៅដ្ឋាន​ថ្មី​របស់​ពួកគេ​ហើយ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​មកពី​អែលឌើរ វីល្លាម អរ វ៉កឃើរ ជា​អតីត​សមាជិក​នៃ​ក្រុម​ចិតសិបនាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ វីល្លាម អរ វ៉កឃើរ

« មិន​ថា​អ្នក​ជា​កូនចៅ​របស់​អ្នកត្រួសត្រាយ​ឬ​អត់នោះទេ ការគ្រង​មរតក​របស់​អ្នកត្រួសត្រាយ​ផ្លូវ​មរមន​នៃ​សេចក្ដីជំនឿ និង​ពលិកម្ម​គឺជា​មរតក​របស់​អ្នក ។ វា​ជា​កេរ្ដិ៍​ដំណែល​ដ៏​ថ្លៃថ្នូរ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ( « Live True to the Faith » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩៧ ) ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​សម្រាប់​សមាជិក​សាសនាចក្រ​ម្នាក់ៗ​ក្នុង​ការយល់​ថា « មរតក​របស់​អ្នកត្រួសត្រាយ​ផ្លូវ​មរមន​នៃ​សេចក្ដីជំនឿ និង​ពលិកម្ម » គឺជា​មរតក​របស់​ពួកគេ មិន​ថា​អ្នកណា​ជា​បុព្វការី​របស់​ពួកគេ​នោះទេ ?

  • តើ​ការដឹង​អំពី​ការធ្វើ​ដំណើរ​របស់​ពួកអ្នកត្រួស​ត្រាយ​ផ្លូវ​មរមន អាច​បំផុសគំនិត​ដល់​សមាជិក​សាសនាចក្រ​សព្វថ្ងៃ​នេះ​នៅក្នុង​ការខិតខំ​ដើម្បី​បម្រើ​ដល់​អ្នកដទៃ និង​ជួយ​ដល់​ពួកគេ​នៅក្នុង​ការធ្វើ​ដំណើរ​របស់​ពួកគេ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​តាម​របៀប​ណាខ្លះ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« យើង​ឈរ​នៅថ្ងៃ​នេះ ក្នុង​នាមជា​អ្នកទទួល​ការខិតខំ​ដ៏​អស្ចារ្យ [ របស់​អ្នកត្រួសត្រាយ​ ] ។ ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​មាន​អំណរគុណ ។ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ឆ្លាក់​នៅក្នុង​ចិត្ត​នូវ​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​មួយ​នៃ​អំណរគុណ​សម្រាប់​មនុស្ស​ទាំងអស់ ដែល​ពួកគេ​បាន​មាន​សម្រាប់​យើង ។ …

« បងប្អូនប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ យើង​មាន​ពរជ័យ​អ្វី​ម្ល៉េះ​ទេ ! យើង​មាន​មរតក​ដ៏​អស្ចារ្យ​មួយ ! វា​ទាក់ទង​នឹង​ពលិកម្ម ការរងទុក្ខ ការស្លាប់ ទស្សនវិស័យ សេចក្ដីជំនឿ និង​ចំណេះដឹង និង​ទីបន្ទាល់​អំពី​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច និង​ព្រះរាជបុត្រា​របស់​ទ្រង់​ជា​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ។ …

« យើង​ផ្ដល់​កិត្តិយស​ដ៏ខ្ពស់បំផុត​ដល់​អស់​អ្នកដែល​បាន​ស្លាប់ទៅ មុនពេល​យើង​បម្រើ​បាន​ប្រសើរ​ក្នុង​បុព្វហេតុ​នៃ​សេចក្ដីពិត » ( « True to the Faith » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ៦៦–៦៧ ) ។

សូម​រំឭក​សិស្ស​ថា សមាជិក​សាសនាចក្រ​គ្រប់រូប​ត្រូវបាន​ប្រទានពរ​ដោយ​អ្នកដទៃ​ដែល​បាន​រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ​ឲ្យ​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យពិចារណា​អំពី​អ្វី​ដែលពួកគេ​អាច​ធ្វើ​ដើម្បី​រៀបចំ​អ្នកដទៃ រួមទាំង​កូនចៅ​របស់​ពួកគេ​ឲ្យ​រស់នៅ​ដោយ​សេចក្ដីជំនឿ និង​គោរព​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ការអាន​របស់​សិស្ស