មេរៀនទី ២១
បេសកកម្មជាព្យាការីរបស់ យ៉ូសែប ស្ម៊ីធ
សេចក្តីផ្តើម
បន្ទាប់ពី យ៉ូសែប ស្ម៊ីធ ត្រូវបានគេធ្វើទុក្ករកម្ម អែលឌើរ យ៉ូហាន ថេលើរ ដែលបាននៅជាមួយនឹង យ៉ូសែប ស្ម៊ីធ នៅពេលលោកត្រូវបានគេសម្លាប់ បានសរសើរដល់ព្យាការី ( ប្រហែលក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងពួកបរិសុទ្ធម្នាក់ ឬច្រើននាក់ ) ដោយបានកត់ត្រាថា ៖ « យ៉ូសែប ស្ម៊ីធ ជាព្យាការី និងជាអ្នកមើលឆុតនៃព្រះអម្ចាស់ បានសម្រេចច្រើនជាងគេ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ សម្រាប់សេចក្តីសង្រ្គោះដល់មនុស្សលោកនេះ ជាងមនុស្សផ្សេងទៀតដែលធ្លាប់រស់នៅលើលោកនេះ » ( គ និង ស ១៣៥:៣ ) ។ មេរៀននេះ នឹងជួយសិស្សឲ្យឃើញពីរបៀបដែលការបម្រើរបស់ព្យាការីបានបំពេញការព្យាករណ៍ពីបុរាណ ។ មេរៀននេះក៏នឹងពិនិត្យលើការរួមចំណែកដែល យ៉ូសែប ស្ម៊ីធ បានធ្វើចំពោះសេចក្ដីសង្គ្រោះដល់កូនចៅរបស់ព្រះទាំងអស់ ។
ការអានពីសាវតា
-
នែល អិល អាន់ឌើរសិន « យ៉ូសែប ស្ម៊ីធ » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨–៣១ ។
-
ថាត អរ ខាលីស្ទើរ « Joseph Smith—Prophet of the Restoration » Ensign ឬ លីអហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៣៥–៣៧ ។
-
« គ និង ស ១៣៥:៣ ។ យ៉ូសែប ស្ម៊ីធ បានធ្វើការណ៍ជាច្រើនសម្រាប់សេចក្ដីសង្គ្រោះនៃមនុស្សលោកជាជាងអ្នកផ្សេងទៀត លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ » គោលលទ្ធិ និង សេចក្តីសញ្ញាសៀវភៅសិក្សារបស់សិស្ស ( Church Educational System manual, ឆ្នាំ ២០០១ ) ទំព័រ ៣៤៩–៥០ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី ២ ៣:១–២១
បេសកកម្មដែលបានតែងតាំងពីមុនកំណើតលោកិយរបស់ យ៉ូសែប ស្ម៊ីធ
សូមឲ្យសិស្សចែកចាយពីអ្វីដែលចូលមកក្នុងគំនិតរបស់ពួកគេមុន នៅពេលពួកគេគិតអំពីយ៉ូសែប ស្ម៊ីធ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយខ្លីៗនូវគ្រាដែលពួកគេមានអំណរចំពោះព្យាការី យ៉ូសែប ស្ម៊ីធ ។
សូមប្រាប់សិស្សថាព្យាការី នីហ្វៃ បានកត់ត្រាការប្រឹក្សាខ្លះដែលលីហៃបានផ្ដល់ដល់កូនប្រុសរបស់លោក យ៉ូសែប ។ ការប្រឹក្សានេះត្រូវបានកត់ត្រានៅក្នុង នីហ្វៃទី ២ ៣ និងរួមបញ្ចូលការព្យាករណ៍មួយដែល យ៉ូសែប នៃស្រុកអេស៊ីព្ទបានផ្ដល់ទាក់ទងទៅនឹងគ្រួសាររបស់លីហៃ និងពួកថ្ងៃចុងក្រោយ ។ លីហៃ ហាក់ដូចជាបានរៀនពីការព្យាករណ៍ទាំងនេះពីការអានផ្ទាំងលង្ហិន ។ នៅក្នុង នីហ្វៃទី ២ ៣ យើងរៀនថា យ៉ូសែបនៃស្រុកអេស៊ីព្ទបានព្យាករណ៍ពីបេសកកម្មថ្ងៃចុងក្រោយរបស់ យ៉ូសែប ស្ម៊ីធ ។ សូមឲ្យសិស្សម្នាក់អាន នីហ្វៃទី ២ ៣:៦–៩ ឮៗ ។ សូមលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលរបៀបដែលយ៉ូសែបនៃស្រុកអេស៊ីព្ទពិពណ៌នាពី យ៉ូសែប ស្ម៊ីធ ។
-
តើពាក្យ និង ឃ្លាណាខ្លះដែលយ៉ូសែបនៃស្រុកអេស៊ីព្ទ បានប្រើដើម្បីពិពណ៌នា យ៉ូសែប ស្ម៊ីធ ? ( ចម្លើយអាចរួមមាន « អ្នកមើលឆុតដ៏ជម្រើស » , « បានតម្កើងខ្ពស់ » , « ធំនៅចំពោះភ្នែកយើង » , « បានជាធំដូចម៉ូសេ » ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ថា សិស្សគួរតែគូសចំណាំពាក្យទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ ខ ៦–៩ ពួកគេក៏អាចសរសេរ យ៉ូសែប ស្ម៊ីធ ដែរ ) ។
-
តើយ៉ូសែប ស្ម៊ីធ ដូចជាម៉ូសេ និងយ៉ូសែប នៃស្រុកអេស៊ីព្ទតាមរបៀបណាខ្លះ ? ( សូមមើលផងដែរ ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤– ៣៥ [ នៅក្នុង the Bible appendix ] ) ។
-
ស្របតាម ខ ៧–៨តើយ៉ូសែប នៃស្រុកអេស៊ីព្ទបានព្យាករអ្វីខ្លះ ទាក់ទងទៅនឹងការបម្រើរបស់យ៉ូសែប ស្ម៊ីធ ? ( សូមប្រាកដថាសិស្សយល់ពីសេចក្ដីពិតនេះ ៖ យ៉ូសែប ស្ម៊ីធ ត្រូវបានចិញ្ចឹមបីបាច់ដោយព្រះអម្ចាស់ដើម្បីនាំមនុស្សឲ្យស្គាល់ពីសេចក្ដីសញ្ញារបស់ទ្រង់ និងធ្វើកិច្ចការរបស់ទ្រង់ ) ។
សូមឲ្យសិស្សធ្វើការជាគូ និងសិក្សាក្នុង នីហ្វៃទី ២ ៣:៧, ១១–១៥, ១៨–២១ ។ សូមឲ្យដៃគូនីមួយៗធ្វើបញ្ជីមួយអំពីអ្វីដែលព្រះគម្ពីរបាននិយាយដែល យ៉ូសែប ស្ម៊ីធ បានធ្វើដើម្បីជួយសម្រេចឲ្យបាននូវកិច្ចការរបស់ព្រះអម្ចាស់ ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ថា សិស្សគួរតែធ្វើបញ្ជីនេះ ដោយគូសចំណាំឃ្លាសំខាន់ៗដែលពួកគេឃើញនៅក្នុងខគម្ពីរទាំងនេះ ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យដៃគូបីបួនចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ ( ចម្លើយអាចរួមមានដូចតទៅនេះ ៖ នាំឲ្យពួកគេស្គាល់នូវសេចក្ដីសញ្ញាទាំងឡាយ [ ខ ៧ ]; នាំមកនូវព្រះគម្ពីរមរមន [ ខ ១៣, ១៨–២១ ]; បញ្ចុះបញ្ចូលប្រជាជនអំពីសេចក្ដីពិតពេញលេញនៃព្រះគម្ពីរប៊ីប [ ខ ១១ ]; ត្រូវបានធ្វើឲ្យមាំមួន [ ខ ១៣ ]; និងនាំប្រជាជនខ្ញុំទៅកាន់សេចក្ដីសង្គ្រោះ [ ខ ១៥ ] ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« វាត្រូវបានចេញក្រិតបញ្ជាក្នុងការប្រឹក្សាអំពីភាពអស់កល្ប ជាយូរលង់មុនពេលការបង្កើតផែនដី ថាលោក យ៉ូសែប ស្ម៊ីធ ត្រូវជាបុរសម្នាក់ដែលត្រូវនាំព្រះបន្ទូលនៃព្រះទៅកាន់មនុស្ស នៅក្នុងសម័យកាន់កាប់ត្រួតត្រាចុងក្រោយនៃពិភពលោកនេះ ។ … ព្រះអម្ចាស់បានទតមកលោក និងមកលើឪពុករបស់លោក និងមកលើជីតារបស់លោក និងមកលើបុព្វបុរសទាំងឡាយរបស់ពួកលោកតមកយ៉ាងច្បាស់ដល់អ័ដាម ។ ទ្រង់បានឃ្លាំមើលគ្រួសារនោះ និងលោហិតនោះ នៅពេលវាធ្វើដំណើរចេញពីប្រភពខ្លួនទៅកាន់កំណើតជាមនុស្សនោះ ។ គាត់ត្រូវបានតែងតាំងជាមុនពីកាលនៅក្នុងភាពអស់កល្បដើម្បីគ្រប់គ្រងលើគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ » ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ], ទំព័រ ៣៤៣ ) ។
ដើម្បីជួយសិស្សឲ្យមានអារម្មណ៍អំពីសេចក្ដីពិត និងពីសារៈសំខាន់នៃបេសកកម្មតាំងពីមុនកំណើតលោកិយរបស់យ៉ូសែប ស្ម៊ីធ មក សូមពិភាក្សាសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីក៏វាសំខាន់ចំពោះអ្នក ដើម្បីដឹងថា យ៉ូសែប ស៊្មីធ ត្រូវតែបានតែងតាំងតាំងពីមុនកំណើតលោកិយមក ហើយត្រូវបានរៀបចំនៅក្នុងជីវិតមុនឆាកជីវិតនេះដើម្បីក្លាយជាព្យាការីនៃការស្ដារឡើងវិញ ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣
យ៉ូសែប ស្ម៊ីធ បាន « សម្រេចច្រើនជាងគេ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ សម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សក្នុងលោកនេះ »
សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេនឹងនិយាយ ឬថ្លែងទីបន្ទាល់អំពី យ៉ូសែប ស្ម៊ីធ ប្រសិនបើពួកគេត្រូវបានគេឲ្យនិយាយតែពីរបីប្រយោគប៉ុណ្ណោះ ។ សូមពន្យល់ថា បន្ទាប់ពីការស្លាប់របស់ យ៉ូសែប ស្ម៊ីធ ការគោរពដល់ យ៉ូសែប ស្ម៊ីធ ត្រូវបានសរសេរទុក ហើយក្រោយមកត្រូវបានរក្សាទុកដល់យើងនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ។ សូមឲ្យសិស្សម្នាក់អានប្រយោគទីមួយនៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ឲ្យឮៗ ។ សូមសួរ ៖
-
តើសេចក្ដីពិតអ្វីអំពី យ៉ូសែប ស្ម៊ីធ ត្រូវបានប្រកាសនៅក្នុងប្រយោគនេះ ? ( សិស្សអាចរកឃើញសេចក្ដីពិតតទៅនេះ ៖ យ៉ូសែប ស្ម៊ីធ បានសម្រេចច្រើនជាងគេ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ សម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សក្នុងលោកនេះ ) ។
ដើម្បីរំឭកពីកិច្ចការ និងការរួមចំណែកនានារបស់ព្យាការី យ៉ូសែប ស្ម៊ីធ សូមរៀបចំសិស្សជាក្រុមតូចៗ ។ សូមចាត់តាំងឲ្យពួកគេមើលត្រួសៗក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ហើយគិតមើលពីមេរៀនដែលបានពិភាក្សាកន្លងមកនៅក្នុងវគ្គសិក្សានេះរហូតមកដល់ពេលនេះ ។ សូមឲ្យពួកគេធ្វើបញ្ជីមួយសរសេរអំពីពរជ័យ និងគោលលទ្ធិទាំងឡាយដែលត្រូវបានស្តារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ដែលអាចជួយនាំមកនូវសេចក្ដីសង្គ្រោះរបស់យើង ។ ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សជ្រើសរើសចំណុចណាមួយពីបញ្ជីរបស់គេ ហើយចែកចាយដល់ក្រុមរបស់ពួកគេពីឥទ្ធិពលដែលមានដល់ជីវិតរបស់គេ ហើយព្រមទាំងដឹកនាំពួកគេទៅរកសេចក្ដីសង្គ្រោះ ។
ដើម្បីសង្ខេបចម្លើយរបស់សិស្ស សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ថាតអរ ខាលីស្ទើរ ដែលបានបម្រើនៅក្នុងគណៈប្រធាននៃពួកចិតសិបនាក់ ។ សូមឲ្យសិស្សម្នាក់អានវាឮៗ ខណៈសិស្សក្នុងថ្នាក់ដទៃទៀតផ្ទៀងតាម ៖
« តាមរយៈ យ៉ូសែប ស្ម៊ីធ នោះអំណាច កូនសោ ការបង្រៀន និងពិធីបរិសុទ្ធដែលចាំបាច់ទាំងឡាយសម្រាប់សេចក្ដីសង្គ្រោះ និងការលើកតម្កើងត្រូវបានស្ដារឡើងវិញទាំងអស់មកវិញ ។ អ្នកមិនអាចទៅកន្លែងណាផ្សេងទៀតក្នុងពិភពលោកនេះដើម្បីទទួលវាបានទេ ។ គេមិនអាចរកវាឃើញនៅក្នុងសាសនាចក្រដទៃទៀតបានឡើយ ។ គេមិនអាចរកវាឃើញនៅក្នុងទស្សនវិជ្ជានានារបស់មនុស្ស ឬកម្រងអត្ថបទបែបវិទ្យាសាស្ដ្រ ឬធម្មយាត្រារបស់បុគ្គលណាមួយឡើយ ទោះបីជាពួកគេមើលទៅប្រកបដោយប្រាជ្ញាក្ដី ។ សេចក្ដីសង្គ្រោះត្រូវបានរកឃើញនៅក្នុងកន្លែងតែមួយប៉ុណ្ណោះ ដូចដែលបានចែងមកដោយព្រះអម្ចាស់អង្គទ្រង់ នៅពេលទ្រង់បានមានបន្ទូលថានេះគឺជា ‹ សាសនាចក្រតែមួយដែលពិតហើយសកម្មនៅលើផ្ទៃផែនដីទាំងមូល › ( គ និង ស ១:៣០ ) » ( « Joseph Smith—Prophet of the Restoration » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៩ ( ទំព័រ ៣៧ ) ។
សូមទុកពេលឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលការបម្រើរបស់ យ៉ូសែប ស្ម៊ីធ បានរួមចំណែកដល់សេចក្ដីសង្គ្រោះផ្ទាល់ខ្លួនរបស់ពួកគេ ហើយបន្ទាប់មក សូមសួរ ៖
-
តើជីវិតរបស់អ្នកអាចខុសគ្នាយ៉ាងដូចម្តេចខ្លះ ប្រសិនបើគ្មានការបម្រើរបស់ព្យាការី យ៉ូសែប ស៊្មីធ ទេនោះ ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២២:១–២; យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:៣៣
ឈ្មោះរបស់ យ៉ូសែប ស៊្មីធ នឹង « មានដើម្បីសេចក្ដីល្អ និងសេចក្ដីអាក្រក់ក្នុងចំណោមគ្រប់ទាំងសាសន៍ទាំងអស់ »
សូមប្រាប់សិស្សថា ថ្វីបើមានការណ៍ល្អគ្រប់បែបយ៉ាងដែល យ៉ូសែប ស៊្មីធ បានសម្រេចក្តី ក៏លោកនៅតែមានអ្នកបង្ខូចជាច្រើន ជាពិសេសនៅពេលជីវិតរបស់លោកត្រូវបញ្ចប់ ។ ផ្នែកនៃជីវិតរបស់លោកនេះក៏ត្រូវបានព្យាការីពីជំនាន់បុរាណបានព្យាករទុកមកដែរ ( សូមមើលជាឧទាហរណ៍ នីហ្វៃទី ៣ ២១:១០ ) ។ សូមឲ្យសិស្សម្នាក់អានអ្វីដែលមរ៉ូណៃបាននិយាយទៅកាន់ យ៉ូសែប ស្ម៊ីធ អំពីអស់អ្នក ដែលនឹងប្រឆាំងនឹងលោក ដូចដែលបានកត់ត្រានៅក្នុង យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:៣៣ ឲ្យឮៗ ។ សូមឲ្យសិស្សម្នាក់ទៀតអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២២:១-២ ឮៗ ។ សូមជួយសិស្សឲ្យថ្លែងពីសេចក្ដីពិតដែលមាននៅក្នុងវគ្គគម្ពីរទាំងនេះ ដោយសួរ ៖
-
តើអ្នកនឹងសង្ខេបអ្វីដែលយើងរៀនពីវគ្គគម្ពីរទាំងពីរនេះ ដែលនិយាយអំពីរបៀបដែលប្រជាជននឹងឆ្លើយតបចំពោះ យ៉ូសែប ស្ម៊ីធ ដោយរបៀប ណា ? ( នៅពេលសិស្សចែកចាយសេចក្ដីសំណើរសង្ខេបរបស់គេ សូមជួយពួកគេឲ្យយល់ពីសេចក្ដីពិតនេះ ៖ ខណៈដែលមនុស្សជាច្រើននៅក្នុងពិភពលោកនេះនឹងចំអកឡកឡឺយដល់យ៉ូសែប ស្ម៊ីធ ពួកសុចរិតនឹងស្វែងរកពរជ័យទាំងឡាយដែលមានដល់ពួកគេតាមរយៈការបម្រើរបស់លោក ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាព្យាការី យ៉ូសែប ស្ម៊ីធ ទទួលការរិះគន់ និងមានសត្រូវច្រើនម្ល៉េះ ទោះបីជាការស្លាប់របស់លោកបានកន្លងទៅជាច្រើនឆ្នាំមកហើយក្ដី ? ( ទីបន្ទាល់អំពីការស្ដារឡើងវិញមួយអាស្រ័យលើការណ៍ដែលថាតើ យ៉ូសែប ស៊្មីធ គឺជាព្យាការីម្នាក់ដែលបានធ្វើកិច្ចការរបស់ព្រះមែនឬអត់ ។ ហេតុដូច្នេះហើយ សាតាំងខំបន្ដបំផ្លាញកិត្តិនាមរបស់ យ៉ូសែប ស្ម៊ីធ ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដី ថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« មនុស្សជាច្រើនដែលបោះបង់កិច្ចការនៃការស្ដារឡើងវិញ ជាទូទៅមិនជឿថាអង្គនៃសា្ថនសួគ៌មានបន្ទូលមកកាន់មនុស្សលោកនៅលើផែនដីនេះទេ ។ ពួកគេនិយាយថា វាមិនអាចកើតឡើងបានឡើយ ដែលផ្ទាំងមាសត្រូវបាននាំមកដោយទេវតាមួយអង្គ ហើយត្រូវបានបកប្រែដោយព្រះចេស្ដានៃព្រះនោះ ។ ចេញពីការមិនជឿនោះ ពួកគេបដិសេធទីបន្ទាល់របស់យ៉ូសែបភ្លាម ហើយជាអកុសលមានអ្នកខ្លះធ្លាក់ទៅក្នុងការបំផ្លាញដល់ជីវិតរបស់ព្យាការី និងបាននិយាយបង្កាច់ដល់លក្ខណៈរបស់លោក ។
« យើងសោកស្ដាយជាខ្លាំង នៅពេលនរណាម្នាក់ដែលធ្លាប់បានគោរពដល់យ៉ូសែប បែរជាចាកចេញពីការជឿរបស់គេ ហើយបន្ទាប់មកនិយាយបង្ខូចដល់ព្យាការីទៅវិញ ។
« អែលឌើរ នែល អេ ម៉ាក់ស្វែល ធ្លាប់បានមានប្រសាសន៍ម្ដងថា ‹ ការសិក្សាពីសាសនាចក្រ … តាមរយៈកែវភ្នែករបស់អ្នកមានខ្ចោះគឺដូចជាការទៅសម្ភាសន៍ពួកសាសន៍យូដាឲ្យយល់ពីព្រះយេស៊ូវដូច្នោះដែរ › ។ អ្នកមានខ្ចោះតែងតែប្រាប់យើងជាច្រើនអំពីខ្លួនគេ ជាជាងអំពីអ្វីដែលពួកគេបានចាកចោល › [ «« All Hell Is Moved » ( Brigham Young University devotional ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ) ទំព័រ ៣ ; speeches.byu.edu ] ។ …
« យោបល់អវិជ្ជមានអំពីព្យាការី យ៉ូសែប ស្ម៊ីធ នឹងកើនឡើងនៅពេលយើងខិតទៅដល់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ សេចក្ដីពិតពាក់កណ្ដាល និងការបោកបញ្ឆោតដ៏ប្រសប់នឹងមិនអន់ថយឡើយ ។ នឹងមានសមាជិកគ្រួសារ និងមិត្តភក្ដិដែលនឹងត្រូវការជំនួយពីអ្នក ។ ឥឡូវនេះជាពេលដើម្បី [ រៀបចំ ] ដើម្បីជួយដល់អ្នកដទៃដែលកំពុងស្វែងរកសេចក្ដីពិត » ( « យ៉ូសែប ស្ម៊ីធ » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨–៣០ ) ។
សូមពិភាក្សានូវសំណួរខាងក្រោមនេះ ៖
-
ហេតុអ្វីបានជាវាជួយដល់យើងដើម្បីដឹងថា ទោះបីជាការស្លាប់របស់យ៉ូសែប ស្ម៊ីធ បានកន្លងហួសទៅជាច្រើនឆ្នាំហើយក្ដី ក៏សត្រូវរបស់សាសនាចក្របន្ដវាយប្រហារដល់កេរ្ដិ៍ឈ្មោះរបស់លោកដែរ ?
-
តើយើងអាចធ្វើអ្វីបានខ្លះ ដើម្បីជួយដល់អស់អ្នកដែលកំពុងស្វែងរកសេចក្ដីពិតដើម្បីដឹងថា យ៉ូសែប ស៊្មីធ គឺជាព្យាការីម្នាក់របស់ព្រះ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« អ្នកសួរដ៏ស្មោះត្រង់ម្នាក់គួរតែមើលឃើញការរីកសាយនៃដំណឹងល្អដែលបានស្ដារឡើងវិញនេះជាផលផ្លែនៃកិច្ចការរបស់ព្រះអម្ចាស់ តាមរយៈព្យាការី ។ …
« ព្រះយេស៊ូវទ្រង់មានព្រះបន្ទូល ៖
« ‹ ធម្មតាដើមឈើល្អមិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ក៏ពុំអាចបញ្ចេញផលល្អបានដែរ ។ …
« ‹ … ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត › [ ម៉ាថាយ ៧:១៨, ២០ ] ។
« ការពន្យល់ទាំងនេះកំពុងបញ្ចុះបញ្ចូល ប៉ុន្ដែអ្នកសួរដ៏ស្មោះត្រង់មិនគួរពឹងផ្អែកទាំងស្រុងទៅលើអ្វីៗទាំងនោះ ទុកជាដំណោះស្រាយរបស់ខ្លួនឬការស្វែងរកសេចក្ដីពិតនោះទេ ។
« អ្នកជឿម្នាក់ៗត្រូវការការបញ្ជាក់ខាងវិញ្ញសាណពីបេសកកម្មដ៏ទេវភាព និងលក្ខណៈរបស់ព្យការី យ៉ូសែប ស្ម៊ីធ ។ ការណ៍នេះគឺពិតចំពោះគ្រប់ជំនាន់ទាំងអស់ ។ សំណួរខាងវិញ្ញាណត្រូវការចម្លើយខាងវិញ្ញាណមកពីព្រះ » ( « យ៉ូសែប ស្ម៊ីធ » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៩–៣០ ) ។
សូមផ្តល់ដល់សិស្សនូវឱកាសដើម្បីថ្លែងទីបន្ទាល់អំពីព្យការី យ៉ូសែប ស្ម៊ីធ ដោយការសួរសំណួរខាងក្រោមនេះ ៖
-
តើផ្នែកអ្វីនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលអ្នកឃើញថាជាភស្ដុតាងនៃបេសកកម្មជាព្យាការីរបស់ យ៉ូសែប ស្ម៊ីធ ?
-
តើអ្នកបានមានបទពិសោធន៍អ្វីខ្លះ ដែលបានពង្រឹងដល់ទីបន្ទាល់របស់អ្នកអំពីព្យាការី យ៉ូសែប ស្ម៊ីធរឹងមាំឡើង ?
សូមបញ្ចប់ដោយការបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ បាសេបា ដបុលយូ ស្ម៊ីធ ( ឆ្នាំ ១៨២២–១៩១០ ) ដែលបានបម្រើជាប្រធានសមាគមសង្គ្រោះស្ដ្រីទូទៅទីបួន និងប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧ ) ។ ទាំងស៊ិស្ទើរ ស្ម៊ីធ និងប្រធាន យ៉ង់ បានស្គាល់យ៉ូសែប ស្ម៊ីធ កាលគាត់នៅរស់ ។ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងទាំងនេះឮៗ ៖
« នៅពេលខ្ញុំបានឮដំណឹងល្អដែលបានខ្ញុំបានស្គាល់ថាជាការពិតនោះ នៅពេលខ្ញុំបានអានព្រះគម្ពីរមរមនជាលើកដំបូង ខ្ញុំបានដឹងថាវាត្រូវបានបំផុសគំនិតមកពីព្រះ នៅពេល ខ្ញុំបានឃើញយ៉ូសែប ស្ម៊ីធ ជាលើកដំបូងនោះ ខ្ញុំបានដឹងថា ខ្ញុំបានឈរនៅចំពោះមុខព្យាការីរបស់ព្រះដ៏មានព្រះជន្មរស់នៅម្នាក់ ហើយខ្ញុំមិនបានសង្ស័យនៅក្នុងគំនិតរបស់ខ្ញុំឡើយអំពីសិទ្ធិអំណាចរបស់លោក » ( បាសេបា ដបុលយូ ស្ម៊ីធ បានដកស្រង់នៅក្នុង Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ] ទំព័រ ៣៤ ) ។
« ខ្ញុំមានអារម្មណ៍ថាដូចជាចង់ស្រែក ហាលេលូយ៉ា គ្រប់ពេលទាំងអស់នៅពេលដែលខ្ញុំគិតថា ខ្ញុំធ្លាប់បានស្គាល់យ៉ូសែប ស្ម៊ីធ ជាព្យាការីដែលព្រះអម្ចាស់បានចិញ្ចឹមបីបាច់ឡើង និងតែងតាំងឡើង ហើយជាអ្នកដែលទ្រង់បានប្រទានកូនសោទាំងឡាយ និងអំណាចដើម្បីកសាងនគរព្រះនៅលើផែនដីឡើងវិញ » ( បានដកស្រង់នៅក្នុង ការបង្រៀនទាំងឡាយរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ], ទំព័រ ៤៩៥ ) ។
សូមឲ្យសិស្សពិចារណាពីទីបន្ទាល់របស់ពួកគេអំពីព្យាការី យ៉ូសែប ស្ម៊ីធ និងអ្វីដែលពួកគេអាចធ្វើដើម្បីចែកចាយវាជាមួយនឹងអ្នកដទៃ មិនថាជួបនឹងបុគ្គលផ្ទាល់ ឬតាមរយៈបណ្ដាញសង្គមនោះទេ ។ សូមលើកទឹកចិត្តពួកគេឲ្យរកមើលនរណាម្នាក់ដែលពួកគេចង់ចែកចាយទីបន្ទាល់របស់ពួកគេជាមួយ ហើយបន្ទាប់មកធ្វើតាមបំណងប្រាថ្នារបស់ពួកគេ ។
ការអានរបស់សិស្ស
-
នីហ្វៃទី ២ ៣:១–២១;គោលលទ្ធិ និងសេចក្ដីសញ្ញា ១២២:១–២; ១៣៥:៣;យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:៣៣ ។
-
នែល អិល អាន់ឌើរសិន « យ៉ូសែប ស្ម៊ីធ » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨–៣១ ។