បណ្ណាល័យ
មេរៀន​ទី ៧ ៖ ប្រកាស​ដំណឹងល្អ​ដ៏​អស់កល្ប


មេរៀន​ទី ៧

ប្រកាស​ដំណឹងល្អ​ដ៏​អស់កល្ប

សេចក្ដីផ្ដើម

គោលលទ្ធិ និង សេចក្តីសញ្ញា មាន​វិវរណៈ​មក​ពី​ព្រះអម្ចាស់​មក​ដល់​សមាជិក​ជាក់​លាក់​នៃ​សាសនាចក្រ តាមរយៈ​ព្យាការី​យ៉ូសែប​ស្ម៊ីធ ដោយ​បញ្ជា​សមាជិក​ឲ្យ​ប្រកាស​ពី​ការប្រែចិត្ត និង ប្រមូល​អ្នក​រើសតាំង​របស់​ទ្រង់ ។ សាសនាចក្រ​បាន​រីកចម្រើន​យ៉ាង​លឿន នៅពេល​អ្នក​ផ្សព្វផ្សាយសាសនា​ត្រូវ​បាន​ហៅ​តាមរយៈ​យ៉ូសែប ស្ម៊ីធ ហើយ​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​ទ្រង់ ។ បច្ចុប្បន្ន​នេះ​សមាជិក​សាសនាចក្រ​ទទួល​ពរជ័យ​មក​ពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា នៅពេល​ពួកគេ​ទទួល​ស្គាល់ និង បំពេញ​ទំនួល​ខុសត្រូវ​របស់​ខ្លួន​ដើម្បី​ជួយ​ចែកចាយ​ដំណឹង​ល្អ ។

ការអាន​ពី​សាវតា

  • នែល អិល អាន់ឌើរសិន « វា​ជា​អព្ហូតហេតុ » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៧៧–៨០ ។

  • អិល ថម ភែរី « Bring Souls unto Me » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ១០៩-១២ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៤-៧; ៣៣:២-៧ ។

ព្រះអម្ចាស់​បាន​ហៅ​ពួក​អ្នក​បម្រើ​ឲ្យ​ជួយ​ប្រមូល​កូនចៅ​របស់​ទ្រង់

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០-២០០៨ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​អាយុ​ជីវិត​នៃ​សាសនាចក្រ ។ វា​ជា​គោលការណ៍​ដែល​នាំ​ឲ្យ​សាសនាចក្រ​រីកចម្រើន ។ ដោយសារ​មក​ពី​ការមប្រើ​នេះ​សាសនាចក្រ​បាន​រីកចម្រើន​មក​ដល់​កម្រិត​នេះ » (“Missionary Service,First Worldwide Leadership Training Meeting, ខែ មករា ឆ្នាំ ២០០៣ ទំព័រ ១៧ ) ។

  • នៅ​ក្នុង​គំនិត​របស់​អ្នក តើ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​អាច​ចាត់ទុក​ថា​គឺ​ជា « អាយុ​ជីវិត​នៃ​សាសនាចក្រ » តាមរបៀប​ណា ?

សូម​ពន្យល់​ថា​ នៅ​គ្រា​ដើម​នៃ​ការស្តារ​ឡើង​វិញ​នោះ ជាញឹកញាប់​បុគ្គល​ម្នាក់ៗ​សុំ​ឲ្យ​ព្យាការី​ស្វែងរក​វិវរណៈ​ជំនួស​ពួកគេ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​របៀប​ដែល​ពួកគេ​អាច​រួម​ចំណែក​ក្នុង​កិច្ចការ​នៃ​ព្រះអម្ចាស់ ។ ពេល​ខ្លះ​វិវរណៈ​ទាំង​នេះ ត្រូវ​បាន​ទទួល​សម្រាប់​បុគ្គល​ម្នាក់ ហើយ​ពេល​ខ្លះ​សម្រាប់​មនុស្ស​ជា​ច្រើន ។ សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣ គឺ​ជា​ឧទាហរណ៍​នៃ​វិវរណៈ​ដែល​បាន​ទទួល​ជំនួស​ឲ្យ​បុគ្គល​ពីរ​នាក់ ៖ អែសរ៉ា​ធេយ័រ ( ឬ ធាយយ័រ ) និង ណរត្រុព ស្វ៊ិត ។

សូម​ឲ្យ​សិស្ស​ពីរបីនាក់​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:២-៧ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម និង​រកមើល​ពាក្យ ឃ្លា ឬ និមិត្តរូប​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដែល​អនុវត្ត​ក្នុង​តួនាទី​របស់​យើង​នៅ​ក្នុង​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការប្រកាស​ដំណឹង​ល្អ​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។

  • តើ​ព្រះអម្ចាស់​បាន​ប្រើ​និមិត្តរូប​អ្វី​ខ្លះ ? ( ពេល​សិស្ស​ឆ្លើយ​តប នោះ​អ្នក​អាច​ចង់​សរសរ​ចម្លើយ​របស់​ពួក​គេ​នៅ​លើ​ក្តារខៀន ) ។

  • តើ​និមិត្តរូប​ទាំងនេះ​បង្ហាញ​ពី​តួនាទី​របស់​យើង​ក្នុង​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា និង គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការប្រកាស​ដំណឹង​ល្អ​យ៉ាង​ដូចម្តេច ?

សូម​ឲ្យ​សិស្ស​សិក្សា​ដោយ​យកចិត្ត​ទុក​ដាក់ ខ ៦ ហើយ​រកមើល​អ្វី​ដែល​នឹង​សម្រេច​បាន​នៅពេល​យើង​ប្រកាស​ដំណឹង​ល្អ​របស់​ទ្រង់​ដល់​មនុស្ស​ដទៃទៀត ។ បន្ទាប់មក​សូម​ឲ្យ​ពួកគេ​ថ្លែង​ជា​ពាក្យសម្ដី​ផ្ទាល់​ខ្លួន​គេ នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងគ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​រកឃើញ​គោលការណ៍​ដូច​ខាង​ក្រោម​នេះ ៖ នៅពេល​យើង​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដល់​អ្នក​ដទៃ នោះ​យើង​ជួយ​ប្រមូល​អ្នក​រើសតាំង​របស់​ព្រះអម្ចាស់ ។ អ្នក​អាច​ចង់​ភ្ជាប់​ការថ្លែង​នោះ​ទៅនឹង​វិវរណៈ​នេះ អែសរ៉ា ធាយយ័រ « បំពេញ​ជង្រុក​របស់​គាត់ » ជាមួយ​មនុស្ស​ដើម្បី​ស្តាប់​យ៉ូសែប ស្ម៊ីធ និង មនុស្ស​ដទៃ​ផ្សព្វផ្សាយ​ដំណឹង​ល្អ [Documents, ភាគ ១: ខែ កក្កដា ១៨២៨–ខែ មិថុនា ១៨៣១ vol. 1 of the Documents series of The Joseph Smith Papers (2013), 206] ) ។

សូម​ចែកចាយ​ជាមួយ​សិស្ស​នូវ​និយមន័យ​នៃ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ខាងក្រោម​ពី​អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី

« ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល មាន​ក្នុង​ការជឿ និង ការទទួល និង ការរស់នៅ​ដោយ​សុខុម​នឹង​អ្វី​ទាំងអស់​ដែល​ព្រះអម្ចាស់​ធ្លាប់​បាន​ផ្ដល់​ដល់​ប្រជាជន​ជម្រើស​ពី​បុរាណ​របស់​ទ្រង់ ។ …វា​រួម​មាន​ការជឿ​តាម​ដំណឹងល្អ ការចូលរួម​ក្នុង​សាសនាចក្រ និង ការ​មក​ក្នុង​នគរ » (A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៥១៥ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​រឿង​ខាង​ក្រោម​អំពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​ដែល​បាន​ហៅ​បន្ទាប់​ពី​ការរៀបចំ​សាសនាចក្រ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​ពី​របៀប​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ពី​ដើម​ទាំង​នេះ ទទួល​ជោគជ័យ​នៅក្នុង​ការប្រមូល​អ្នក​រើសតាំង​មួយ​ចំនួន​របស់​ព្រះអម្ចាស់ ។

« [ នៅ​ក្នុង​រដូវ​ស្លឹក​ឈើជ្រុះ ឆ្នាំ ១៨៣០ ] ព្រះអម្ចាស់​បើកសម្តែង​វិវរណៈ​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ ថា អូលីវើរ ខៅឌើរី ពេត្រុស វីតមើរ ជុញ្ញ័រ ប៉ាលី ភី ប្រាត្ត និង សៃបា ភីតើសុន ត្រូវ​ទៅ ‹ ឯ​ពួក​សាសន៏​លេមិន ហើយ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង​ប្រាប់​ពួកគេ › (គ និង ២៨:៨; ៣០:៥–៦; ៣២:១–៣) ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នេះ​បាន​ធ្វើ​ដំណើរ​ប្រហែល ១៥០០ ម៉ៃយ ( ២៤១៤ គីឡូម៉ែត្រ ) ដោយ​ផ្សាយ​ខ្លីៗ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​ឥណ្ឌា​ជា​ច្រើន ។ …​ទោះជា​យ៉ាង​ណា ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ទាំង​នេះ​ដែល​បាន​ទទួល នៅពេល​ពួកគេ​បាន​ឈប់​នៅ​ក្នុង​តំបន់​នៃ​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ នៅទីនោះ​ពួកគេ​បាន​ជ្រមុជទឹក​អ្នក​ប្រែចិត្ត​ជឿថ្មី​ចំនួន ១៣០ នាក់ ភាគ​ច្រើន​មក​ពី​ក្រុមជំនុំ ពួក​បាទីស្ទ​កែទម្រង់​របស់​ស៊ីដនី រិកដុន ដែល​នាំ​ឲ្យ​ក្លាយ​ជា​កន្លែង​បើក​មុខ​មួយ​នៃ​ការប្រមូល​ផ្តុំ​សម្រាប់​សមាជិក​សាសនាចក្រ​រាប់រយ​នាក់​ទៀត​នៅ​ឆ្នាំ​ក្រោយៗ​មក​ទៀត។ អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នោះ​ក៏​បាន​រក​អ្នក​ប្រែចិត្ត​ជឿ​មួយ​ចំនួន​ទៀត​ក្នុង​ចំណោម​អ្នក​រស់នៅ​ក្នុង​ភូមិ ចាកសុន ខោនធី រដ្ឋ​មិសសួរី ដែល​ជា​ទី​នៃ​ក្រុង​ស៊ីយ៉ូន​ត្រូវ​បាន​ស្ថាបនា​នា​ពេល​ក្រោយ​នោះ » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ], ទំព័រ ១៥០; សូមមើល​ផងដែរ Richard Dilworth Rust, A Mission to the Lamanites: D&C 28, 30, 32,” វិវរណៈ​នៅក្នុង​បរិបទ​ដែល​មាន​ជា​បន្តបន្ទាប់ ថ្ងៃ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៣ history.lds.org) ។

សូម​ពន្យល់​ថា​ការប្រែចិត្ត​ជឿ​ទាំង​នេះ​នៅ​ក្នុង​រដ្ឋ អូហៃអូ ភាគ​ខាង​ជើង​បាន​ធ្វើ​ឲ្យ​ចំនួន​សមាជិក​កើន​ឡើង​ច្រើនជាង​ពីរ​ដង​នៅពេល​នោះ ។

សូម​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤-៧ ដោយ​ស្ងាត់ស្ងៀម រកមើល​ការពិពណ៌នា​អំពី « អ្នក​រើសតាំង​នៃ​ព្រះអម្ចាស់ » ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា​យ៉ាង​ដូចម្តេច​ខ្លះ​អំពី​អ្នក​រើសតាំង​របស់​ទ្រង់​នោះ ?

សូម​ពន្យល់​សិស្ស​ថា កិច្ចការ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង ដែល​បាន​បម្រើ​ក្រៅ​ពី​អាមេរិក​ភាគ​ខាង​ជើង រួម​មាន​គំរូ​មួយ​ដ៏​អស្ចារ្យ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រើ​អ្នក​បម្រើ​របស់​ទ្រង់​ទៅ​ប្រមូល​អ្នក​រើសតាំង​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែង​ការណ៍​សង្ខេប​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ស្តាប់​ពី​ពាក្យ​ទូន្មាន​របស់​ព្យាការី យ៉ូសែប ស៊្មីធ ដល់ អែលឌើរ ហើប៊ើរ ស៊ី ឃឹមបឹល ( ១៨០១–១៨៦៨ ) ។

« ហើប៊ើរ ស៊ី ឃឹមបឹល ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​រំឭក​ថា ៖ ‹ ប្រហែល​ជា​ថ្ងៃ​ទី មួយ នៃ​ខែ មិថុនា ឆ្នាំ ១៨៣៧ ព្យាការី យ៉ូសែប បាន​មក​ជួប​ខ្ញុំ ខណៈ​ដែល​ខ្ញុំ​កំពុង​អង្គុយ…នៅព្រះវិហារ​បរិសុទ្ធ នៅ​ខឺតឡង់ ហើយ​ខ្សឹប​ប្រាប់​ខ្ញុំ​ថា « បងប្រុស ហើប៊ើរ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា ‹ ចូរ​ឲ្យ​អ្នក​បម្រើ​យើង ហើប៊ើរ​ទៅ​ប្រទេស​អង់គ្លេស ហើយ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង ហើយ​បើក​ទ្វារ​នៃ​សេចក្តី​សង្គ្រោះ​ដល់​ជាតិសាសន៍​នោះ › » ។ អែលឌើរ ឃឹមបឹល ច្របូកច្របល់​ក្នុង​ចិត្ត​ដោយ​គំនិត​ដែល​គិត​ថា ៖ ‹ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ជា​អ្នក​បម្រើ​ព្រះ​ដ៏​ទន់​ខ្សោយ​ខ្លាំង​បំផុត ។ ខ្ញុំ​បាន​សួរ​យ៉ូសែប ពី​អ្វី​ដែល​ខ្ញុំ​គួរ​និយាយ​នៅពេល​ខ្ញុំ​ទៅ​ដល់​ទីនោះ លោក​បាន​ប្រាប់​ខ្ញុំ​ឲ្យ​អធិស្ឋាន​ទៅ​ព្រះអម្ចាស់ ហើយ​ទ្រង់​នឹង​ដឹកនាំ​ខ្ញុំ ហើយ​មាន​បន្ទូល​មកកាន់​ខ្ញុំ​ដោយ​ព្រះវិញ្ញាណ​ដដែល​ដែល [ បានដឹកនាំ ] លោក › ។

« ព្យាការី​ក៏​បាន​ផ្ដល់​ការហៅ​ដល់ អ័រសុន ហ៊ីត វីលាម រីឆាត និង យ៉ូសែប ហ្វីលឌិង នៅ​ក្នុង​ខឺតឡង់ និង​ហៅ អ៊ីសាក រ័សុល យ៉ូហាន ស្នាយឌើរ និង យ៉ូហាន ហ្គូតសុន​នៅ​ក្នង​ទីក្រុង តូរ៉ុនតូ កាណាដា ។ បងប្អូន​ប្រុស​ទាំង​នេះ​បាន​រួម​ដំណើរ​ជាមួយ​អែលឌើរ ឃឹមបឹល ទៅ​បេសកកម្ម​របស់​លោក​ទៅ​ប្រទេស​អង់គ្លេស ។ ដោយ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង នូវ យ៉ោក ពួកគេ​បាន​ជិះ​កប៉ាល់ ហ្គារិក ឆ្ពោះ​ទៅ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ទី ១ ខែ កក្កដា ឆ្នាំ ១៨៣៧ ។ បេសកកម្ម​ដំបូង​ដែល​នៅ​ខាង​ក្រៅ​អាមេរិក​ខាង​ជើង​នេះ បាន​នាំ​អ្នក​ប្រែចិត្ត​ជឿ​ចំនួន ២០០០ ​នាក់​ឲ្យ​ចូល​សាសនាចក្រ​អំឡុង​ពេល​នៃ​ឆ្នាំ​ដំបូង​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នេះ​នៅ​ប្រទេស​អង់គ្លេស ។ អែលឌើរ ឃឹមបឹល បាន​សរសេរ​ដោយ​ក្តី​អំណរ​ទៅ​ព្យាការី ៖ ‹ សូម​សិរី​ល្អ​មាន​ដល់​ព្រះ យ៉ូសែប ព្រះអម្ចាស់​គង់​នៅ​ជាមួយ​ពួក​យើង​ក្នុង​ចំណោម​ប្រជាជាតិ​នេះ ! ›

« បេសកកម្ម​ទីពីរ​របស់​ពួក​សាវក​ទៅ​កាន់​ចក្រភព​អង់គ្លេស រួមមាន​សមាជិក​នៃ​ពួក​ដប់​ពីរ​នាក់​ភាគច្រើន នៅ​ក្រោម​ថ្នាក់​ដឹកនាំ​ពី​ព្រិកហាំ យ៉ង់ ដែល​បាន​ដឹកនាំ​ដោយ​ព្យាការី​មក​ពី ណៅវូ ។ ការចាកចេញ​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នៃ​ឆ្នាំ ១៨៣៩ ពួក​ដប់​ពីរ​នាក់​បាន​ទៅ​ដល់​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ ១៨៤០ ។ នៅទីនោះ​ពួកលោក​បាន​ចាប់ផ្តើម​ធ្វើ​ការ ដែល​មក​ដល់​ត្រឹម​ឆ្នាំ ១៨៤១​នោះ​បាន​នាំ​ឲ្យ​មាន​អ្នក​ប្រែចិត្ត​ជឿ ជាង​៦០០០​នាក់​ចូល​សាសនាចក្រ » ​(ការបង្រៀន ៖ យ៉ូសែប ស៊្មីធ, ទំព័រ ៣២៧,៣២៩) ។

  • តើ​ការទូន្មាន​អ្វីខ្លះ​ដែល​ហើប៊ើរ ស៊ី ឃឹមបឹល បាន​ទទួល​ពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ?

  • សូម​ពិពណ៌នា​ពី​ពេល​មួយ​ដែល​អ្នក​បាន​ជួប​បទពិសោធន៍​ពី​ជំនួយ​ព្រះអម្ចាស់​នៅក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៤:១–៧; ១៨:១០–១៦; ៣១:១–១២; ៣៤:៥–៦; ៣៩:២០–២៣; ៨៨:៨១

អស់​អ្នក​ដែល​ត្រូវ​បាន​ព្រមាន ត្រូវ​ព្រមាន​ដល់​អ្នក​ជិត​ខាង​ខ្លួន

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា រំឭក​ដដែល​ដល់​សមាជិក​សាសនាចក្រ​អំពី​ទំនួល​ខុស​ត្រូវ និង​ពរជ័យ​នៃ​ការចូលរួម​នៅ​ក្នុង​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ទំនួល​ខុសត្រូវ​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ដទៃ​ទៀត​គឺ​ជាគំរូ និង ប្រធាន​បទ​ដដែល​នៅ​ក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ ការរៀន​ស្គាល់​គំរូ និង ប្រធាន​បទ​ទាំង​នេះ អាច​ធ្វើ​អ្នក​អាន​ទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​បាន​កាន់តែ​ប្រសើរ​ឡើង ( សូមមើល « A Reservoir of Living Water » [ ការប្រជុំ​ពិសេស​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ], speeches.byu.edu) ។

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៨១ ដោយ​ស្ងាត់ស្ងៀម ហើយ​សង្ខេប​ជា​ពាក្យ​សម្តី​ខ្លួន​ផ្ទាល់​ពី​របៀប​ដែល​វា​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​បច្ចុប្បន្ន​នេះ ។ ( ចម្លើយ​មួយ​របស់​សិស្ស​ផ្តល់​ឲ្យ​អាច​ជា អស់​អ្នក​ដែល​បាន​ទទួល​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​កាតព្វកិច្ច​មួយ​ដើម្បី​ចែកចាយ​វា​ដល់​មនុស្ស​ដទៃ​ទៀត) ។

សូម​បង្ហាញ​ពី​តារាង​ខាង​ក្រោម ឬ ចម្លង​វា​ទៅលើ ក្តារខៀន ។ សូម​បែកចែង​សិស្ស​ក្នុង​ថ្នាក់​ជា​បី​ក្រុម ហើយ​ចាត់​ឲ្យ​ក្រុម​និមួយៗ​នូវ​វគ្គ​ខគម្ពីរ​មួយ ។ សូម​សិស្ស​ឲ្យ​អាន​វគ្គ​បទគម្ពីរ​ដែល​បាន​ចាត់​ទៅ​ឲ្យ​ពួកគេ​នោះ ហើយ​រកមើល​ទំនួល​ខុសត្រូវ និង ពរជ័យ​នានា​ដែល​បាន​សន្យា​អំពី​ការចែកចាយ​ដំណឹង​ល្អ ។

ទំនួលខុសត្រូវ

ពរជ័យ​ទាំង​ឡាយ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:១-៧

គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០-១៦

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:១-១២

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​ការរកឃើញ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្តាប់​ពីការពិពណ៌នា​របស់​អែលឌើរ ដាវីឌ អេ បែដណា​អំពី​ទំនួល​ខុសត្រូវ​របស់​បុគ្គល​ម្នាក់ៗ​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ។

អែលឌើរ ដាវីឌ អេ បែដណា

« ពួក​សិស្ស​ស្មោះត្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ តែងតែ​បាន និង​តែងតែ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ដោយ​អង់អាច ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ គឺ​ជា​អ្នក​ដើរ​តាម​ម្នាក់​របស់​ព្រះគ្រីស្ទ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ជា​ព្រះអង្គ​ប្រោសលោះ ហើយ​ប្រកាស​ពី​សេចក្ដី​ពិត​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់ទ្រង់ ។

« សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ តែងតែបាន និង​តែងតែ​ធ្វើ​ជាព្រះវិហារ​ផ្សព្វផ្សាយសាសនា​មួយ ។ សមាជិក​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​ម្នាក់ៗ បាន​ទទួល​យក​កាតព្វកិច្ច​ដ៏​សំខាន់ ដើម្បី​ជួយ​បំពេញ​កិច្ចការ​ដ៏​ទេវភាព ដែល​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះអម្ចាស់ ទៅ​ដល់​ពួក​សាវក​របស់​ទ្រង់ ដូច​បាន​កត់ត្រា​នៅ​ក្នុង​គម្ពីរសញ្ញា​ថ្មី​ថា ៖

« ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ៖

« ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នករាល់គ្នា​ផង ហើយ​មើល ខ្ញុំ​នៅ​ជាមួយ​នឹង​អ្នករាល់គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប ។ អាម៉ែន › (ម៉ាថាយ ២៨:១៩–២០) ។

« ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ទទួលយក​ទំនួល​ខុស​ត្រូវ​នេះ​ដោយ​ម៉ឺងម៉ាត់ ដើម្បី​បង្រៀន​ដល់​មនុស្ស​នៅ​គ្រប់​ជាតិ​សាសន៍ អំពី​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ។ …

« ប្រាកដ​ណាស់ យើង​ដឹង​ពី​ទំនួល​ខុសត្រូវ​ដ៏​សំខាន់ ដើម្បី​នាំ​សារលិខិត​នេះ​ទៅ​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​គ្រប់​ទាំង​ប្រជាជន » (« ចូរ​តាម​ខ្ញុំ​ទៅ​មើល » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១០៧ ) ។

  • ហេតុអ្វី​បាន​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ​គួរតែ​យល់​ថា​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​កាតព្វកិច្ច​ដ៏​សំខាន់ ?

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ អែលឌើរ អិល ថម ភែរី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម ហើយ​ពិចារណា​ពី​មូលហេតុ​ដែល​ពួកគេ​អាច​ចង់​ក្លាយ​កាន់តែ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការចែកចាយ​ដំណឹង​ល្អ ។

អែលឌើរ អិល ថម ភែរី

« ដំណឹង​ល្អ​គឺ​ផ្តោត​ទៅលើ​ដង្វាយធួន​របស់​ព្រះអម្ចាស់ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ដង្វាយធួន​ផ្តល់​អំណាច​ដើម្បី​លាង​ជម្រះ​អំពើ​បាប​ចេញ ហើយ​ផ្តល់​ជីវិត​អស់លក្ប​ជានិច្ច ។ គ្រប់​ពរជ័យ​ដែល​មិន​អាច​យល់​បាន​នៃ​ដង្វាយ​ធួន​អាច​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ដែល​រស់​នៅ​តាម​គោលការណ៍ និង ទទួល​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​ល្អ​តែ​ប៉ុណ្ណោះ—សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ ប្រែចិត្ត បុណ្យជ្រមុជទឹក ការទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការស៊ូទ្រាំ​ដល់​ទីបញ្ចប់ ។ សារលិខិត​ដ៏​អស្ចារ្យ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​ទៅកាន់​ពិភព​លោក​គឺ​ថា​មនុស្ស​ទាំងអស់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទទួល​សេចក្តី​សង្គ្រោះ ហើយ​ចូលរួម​នៅ​ក្នុង​ក្រោល​នៃ​អ្នក​គង្វាល​ចៀម​ដ៏​ល្អ គឺ​ព្រះយេស៊ូវគ្រីស្ទ ។

« សារលិខិត​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​ត្រូវ​បាន​ពង្រឹង​ដោយ​ចំណេះ​ដឹង​នៃ​ការស្តារ​ឡើង​វិញ ។ យើង​ដឹង​ថា ព្រះ​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្យាការី​របស់​ទ្រង់​បច្ចុប្បន្ន​នេះ គឺ​ដូច​កាល​ទ្រង់​ធ្វើ​ពី​បុរាណ ។ យើង​ក៏​ដឹង​ផងដែរ​ថា ដំណឹង​ល្អ​របស់​ទ្រង់​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ជាមួយ​នឹង​ព្រះចេស្តា និង សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដែល​បាន​ស្តារ​ឡើង​វិញ ។ គ្មាន​សារលិខិត​ណា​មាន​ចំណុច​សំខាន់​អស់លក្ប​ដ៏​អស្ចារ្យ​បែប​នេះ ដល់​មនុស្ស​គ្រប់​រូប​ដែល​រស់នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ​ឡើយ » (« Bring Souls unto Me » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ១១០–១១ ) ។

  • ហេតុអ្វី​បានជា​អ្នក​គិត​ថា យើង​ម្នាក់ៗ​គួរតែ​ប្រែជា​កាន់តែ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការចែកចាយ​ដំណឹង​ល្អ ? ( ចម្លើយ​អាច​រួម​មាន​ដូច​ខាង​ក្រោម​នេះ ៖ នៅពេល​យើង​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ដទៃ នោះ​យើង​ផ្តល់​ដល់​ពួកគេ​នូវ​ផ្លូវ​ទៅ​រក​ពរជ័យ​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ) ។

សូម​ឲ្យ​សិស្ស​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:៥–៦; ៣៩:២០–២៣ដោយ​រកមើល​មូលហេតុ​សំខាន់​មួយ​ទៀត​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​យើង​ចែកចាយ​សារលិខិត​នៃ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ដទៃ ។ ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងគ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​រកឃើញ​សេចក្តី​ពិត​ដូច​ខាង​ក្រោម​នេះ ៖ នៅពេល​យើង​ចែកចាយ​សារលិខិត​ដំណឹង​ល្អ​ជាមួយ​អ្នក​ដទៃ នោះ​យើង​ជួយ​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ) ។

  • តើការយល់ដឹង​អំពី​ភាពអស់លក្ប​ដ៏​សំខាន់​នៃ​ដំណឹង​ល្អ​ជួយ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ចែកចាយ​វា​ដល់​អស់​អ្នក​ដែល​មិន​រួម​ជំនឿ​ជាមួយ​យើង​បាន​ដោយ​របៀប​ណា ?

  • សូម​ពិពណ៌នា​ពី​បទពិសោធន៍​ដែល​អ្នក​បាន​មាន​អំពី​ការចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ​ជាមួយ​នឹង​អ្នក​ដទៃ ។

សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរបីនាទី ដើម្បី​ពិចារណា និង សរសេរ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​រួម​ចំណែក​ក្នុង​ការចែកចាយ​ដំណឹង​ល្អ ។ ឧទាហរណ៍​ពួកគេ​អាច​សរសេរ​ឈ្មោះ​មនុស្ស​មួយ​ចំនួន​ដែល​ពួកគេ​ស្គាល់​ ដែល​បច្ចុប្បន្ន​នេះ​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ ហើយ​តាំងចិត្ត​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​បុគ្គល​នោះ ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​ដាក់ផែនការ​ដើម្បី​ធ្វើ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ការបំផុស​គំនិត​នានា​ដែល​ពួកគេ​បាន​ទទួល ហើយ​អធិស្ឋាន​ជា​ប្រចាំ​ថ្ងៃ​សម្រាប់​ឱកាស​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ដទៃ ។

ការអាន​របស់​សិស្ស