មេរៀនទី ១៤
ព្រះវិហារបរិសុទ្ធខឺតឡង់ និង កូនសោបព្វជិតភាព
សេចក្ដីផ្ដើម
បន្ទាប់ពីអស់រយៈពេលជិតបីឆ្នាំនៃការពុះពារ និង ការពលិកម្មខាងហិរញ្ញវត្ថុ នោះព្រះវិហារបរិសុទ្ធខឺតឡង់ត្រូវបានឧទ្ទិសឆ្លងនៅថ្ងៃទី ២៧ខែ មីនា ឆ្នាំ ១៨៣៦ ។ មួយសប្តាហ៍ក្រោយមក មានអព្ភូតហេតុកើតឡើងស្របពេលនឹងការឧទ្ទិសឆ្លងនោះ សារទូតស្ថានសួគ៌បានស្តារកូនសោបព្វជិតភាពឡើងវិញដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ កូនសោទាំងនេះហើយដែលធ្វើឲ្យសាសនាចក្រនេះប្លែកពីសាសនាចក្រផ្សេងៗ ហើយបានប្រទានពរដល់មនុស្សរាប់រយលាននាក់ដែលរួបរួមនៅក្នុងសាសនាចក្រនេះ ។
ការអានពីសាវតា
-
ជែហ្រ្វី អ័រ ហូឡែន « Our Most Distinguishing Feature » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០០៥ទំព័រ ៤៣–៤៥ ។
-
ដេវីឌ អេ បែដណា « Honorably Hold a Name and Standing » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧–១០០ ។
-
« Glorious Days in Kirtland, 1834–1836 » ជំពូកទី ១៣ នៅក្នុង Church History in the Fulness of Times Student Manual, ការបោះពុម្ពលើកទី ២ ( Church Educational System manual, ឆ្នាំ ២០០៣ ) ទំព័រ ១៥៣–៦៨ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១-២៨
ពួកបរិសុទ្ធបានពលិកម្មដើម្បីកសាងព្រះវិហារបរិសុទ្ធខឺតឡង់
សូមបង្ហាញរូបភាព ព្រះវិហារបរិសុទ្ធខឺតឡង់ ដល់សិស្ស ( សូមមើល សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ១១៧ សូមមើលគេហទំព័រ LDS.orgផងដែរ ) ។ សូមពន្យល់ថា ពួកបរិសុទ្ធបានធ្វើការ និង ពលិកម្មស្ទើរតែអស់ពេលជិតបីឆ្នាំដើម្បីកសាងព្រះវិហារបរិសុទ្ធខឺតឡង់ ។ ការធ្វើដូចនោះ នាំឲ្យពួកគេធ្វើជាសាក្សីអំពីការបំពេញនៃការសន្យារបស់ព្រះអម្ចាស់ដែលថា បើសិនពួកគេនឹងរក្សាបទបញ្ញាត្តិទ្រង់ នោះពួកគេនឹង « មានអំណាចដើម្បីកសាងគេហដ្ឋាននោះ » (គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:១១) ។ មានមនុស្សជិត ១០០០ នាក់បានចូលរួមការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនេះ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ១៨៣៦ ។ ការអធិស្ឋានឧទ្ទិសឆ្លងដែល យ៉ូសែប ស៊្មីធ បានទទួលតាមរយៈវិវរណៈ ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩ ។
សូមឲ្យសិស្សមួយគូឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១-៥ឲ្យឮៗ ។ សូមលើកទឹកចិត្តសិស្សផ្ទៀងតាម ជាពិសេសរកមើលឃ្លាដែលពិពណ៌នាអំពីការពលិកម្មរបស់ពួកបរិសុទ្ធដើម្បីកសាងព្រះវិហារបរិសុទ្ធ ។ បន្ទាប់មក សូមសួរសំណួរខាងក្រោមនេះ ៖
-
តើឃ្លាអ្វីដែលយ៉ូសែប ស៊្មីធបានប្រើដើម្បីពិពណ៌នាពីការពលិកម្មរបស់ពួកបរិសុទ្ធនោះ ?
ដើម្បីជួយសិស្សយល់កាន់តែច្បាស់អំពី ការពលិកម្មដែលពួកបរិសុទ្ធបានធ្វើនោះ សូមឲ្យសិស្សម្នាក់អានសេចក្តីសង្ខេបខាងក្រោមឲ្យឮៗ ៖
នៅចន្លោះខែ មិថុនា ឆ្នាំ ១៨៣៣ និង ខែ មិនា ឆ្នាំ ១៨៣៦ បុរស និង ស្ត្រីជាច្រើនបានធ្វើការរួមគ្នាដើម្បីកសាង និង ធ្វើព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យចប់សព្វគ្រប់ ។ អ្នកខ្លះបានធ្វើជាជាងកំបោរ ខ្លះទៀត ជាអ្នកដឹកជញ្ជូនថ្ម អ្នកខ្លះទៀតធ្វើជាអ្នករវៃអំបោះ ហើយដេរសំលៀកបំពាក់ឲ្យពួកកម្មករ ហើយអ្នកផ្សេងទៀតបានដេរវាំងននសម្រាប់ដំណាក់របស់ព្រះអម្ចាស់ ។ ពួកគេបានធ្វើការទាំងនេះ « ប្រយោជន៍ឲ្យកូនមនុស្សអាចមានកន្លែងមួយដើម្បីសម្តែងអង្គទ្រង់ដល់រាស្ត្ររបស់ទ្រង់ » (គ.និង ស ១០៩:៥) ។ ពួកបរិសុទ្ធមួយចំនួន ដូចជា ចន ថែនើរ បានផ្តល់ទ្រព្យសម្បត្តិរបស់គេយ៉ាងច្រើនសម្រាប់ការសាងសង់ព្រះវិហារបរិសុទ្ធ ។ ជាសរុប ព្រះវិហារបរិសុទ្ធអាចចំណាយថ្លៃប្រហែល ៤០០០០ ដុល្លារអាមេរិក ដើម្បីសាងសង់—គឺជាចំនួនដ៏ច្រើនបំផុតនៅជំនាន់នោះ ។ លើសពី តម្លៃ និង ការពលិកម្ម នោះពួកបរិសុទ្ធបានស្មោះត្រង់នៅក្នុងការធ្វើការរបស់ខ្លួនដើម្បីគោរពតាមព្រះបញ្ញាត្តិរបស់ព្រះអម្ចាស់ ( សូមមើល គ. និង ស ៩៥:១១) ។ ព្រះវិហារបរិសុទ្ធខឺតឡង់ គឺជាការងារនៃសេចក្តីស្រឡាញ់ និង ការអនុវត្តន៍នៃការគោរពប្រតិបត្តិ ការពលិកម្ម និង សេចក្តីជំនឿ ។
-
តើការពលិកម្មអ្វីខ្លះដែលតម្រូវឲ្យយើងធ្វើនៅពេលបច្ចុប្បន្ននេះដើម្បីរីករាយនឹងពរជ័យនៃព្រះវិហារបរិសុទ្ធនោះ ?
-
តើពរជ័យអ្វីខ្លះដែលកើតមានក្នុងជីវិតរបស់យើង ពេលយើងពលិកម្មធ្វើកិច្ចការរបស់ព្រះអម្ចាស់ ?
ដើម្បីជួយឆ្លើយសំណួរនេះ សូមបង្ហាញសេចក្តីថ្លែងការណ៍ខាងក្រោមនេះដោយ ស៊ីស្ទើរ ខារ៉ូ ប៊ី ថូម៉ាស នៃគណៈប្រធានយុវនារីទូទៅ ។ សូមឲ្យសិស្សម្នាក់អានវា ឮៗ ៖
« ការពលិកម្មគឺជាគោលការណ៍មួយដ៏អស្ចារ្យ ។ នៅពេលយើងមានឆន្ទៈចំណាយពេលវេលា និង ទេពកោសល្យរបស់យើង និង អ្វីៗដែលយើងមាន នោះវាក្លាយជាទម្រង់ដ៏ពិតមួយនៃការថ្វាយបង្គំរបស់យើង ។ វាអាចបង្កើនក្នុងចិត្តយើងនូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដល់គ្នានឹងគ្នា និង ដល់ព្រះអង្គសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។ តាមរយៈការលះបង់ នោះដួងចិត្តរបស់យើងអាចត្រូវបានផ្លាស់ប្តូរ យើងរស់នៅជាប់នឹងព្រះវិញ្ញាណ ហើយនឹងមានចំណង់ខាងលោកិយតិចជាងមុន » (« Sacrifice: An Eternal Investment » Ensign, ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦៤ ) ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១២-១៣ និង ២០–២១ដោយស្ងាត់ស្ងៀម រកមើលរបៀបដែលលក្ខណៈដ៏ទេវភាពនៃព្រះវិហារបរិសុទ្ធបានផ្តល់ឲ្យនៅក្នុងការអធិស្ឋាននេះ ។ សូមឲ្យសិស្សចែកចាយអ្វីដែលលេចធ្លោខ្លាំងបំផុតចំពោះពួកគេនៅក្នុងខគម្ពីរទាំងនេះ ។
សូមប្រាប់សិស្សថា នៅក្នុងការអធិស្ឋានឧទ្ទិសឆ្លងនោះ យ៉ូសែប ស៊្មីធ បានទូលអង្វរព្រះអម្ចាស់សុំពរជ័យជាក់លាក់ ។ សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអានឮៗចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:១២-១៥, ២២–២៨ ។ សូមលើកទឹកចិត្តសិស្សឲ្យផ្ទៀងតាម ហើយរកមើលពរជ័យដែលអាចប្រទានដល់ពួកអ្នកដែលថ្វាយបង្គំដ៏សក្តិសមនៅក្នុងព្រះវិហារបរិសុទ្ធ ។ អ្នកអាចស្នើឲ្យសិស្សគូសចំណាំពាក្យ និង ឃ្លាសំខាន់ៗដែលលេចធ្លោចំពោះពួកគេ ។ បន្ទាប់មក សូមពិភាក្សាសំណួរខាងក្រោមនេះ ៖
-
ក្នុងពរជ័យទាំងឡាយដែលអ្នកបានរកឃើញតើពរជ័យណាមួយដែលមានន័យខ្លាំងបំផុតចំពោះអ្នក ? ហេតុអ្វី ?
-
តើគោលលទ្ធិ ឬ គោលការណ៍អ្វីខ្លះដែលយើងអាចរៀនពីខគម្ពីរទាំងនេះ ? ( សូមប្រាកដថា សិស្សរកឃើញគោលការណ៍ដូចខាងក្រោមនេះ ៖ នៅពេលយើងថ្វាយបង្គំដោយស្មោះត្រង់នៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងអាចទទួលបានការពារ និង អំណាចដ៏កាន់តែប្រសើរដើម្បីទប់ទល់នឹងសេចក្តីទុច្ចរិតនៃពិភពលោក) ។
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« សូមពិចារណាអំពី [គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩:២៤–២៨] ហើយនឹកគិតអំពីការទាស់ប្រឆាំងនៃមារសត្រូវបច្ចុប្បន្ន និង …ឆន្ទៈរបស់យើងដើម្បីលើកដាក់លើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ និង ពរជ័យនៃការការពារដែលបានសន្យាដល់អស់អ្នកដែលមានឈ្មោះ និង ជំហរដ៏ប្រសើរក្នុងព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធនេះ ។ ជាពិសេស ពរជ័យនៃសេចក្តីសញ្ញាទាំងនេះ គឺត្រូវបានប្រទានដល់គ្រប់ជំនាន់ទាំងអស់ និង សម្រាប់ពេលអស់កល្បជានិច្ច ។ ខ្ញុំសូមអញ្ជើញអ្នកឲ្យសិក្សាម្តងហើយម្តងទៀត ហើយពិចារណាដោយការអធិស្ឋានអំពីការអនុវត្តន៍តាមព្រះគម្ពីរទាំងនេះនៅក្នុងជីវិតរបស់អ្នក និង សម្រាប់គ្រួសារអ្នក ។
« យើងមិនគួរភ្ញាក់ផ្អើលចំពោះការខិតខំរបស់សាតាំងដើម្បីបង្ខាំង ឬ បង្ខូចកិត្យានុភាពការថ្វាយបង្គំ និង កិច្ចការនៃព្រះវិហារបរិសុទ្ធឡើយ ។ សាតាំងវាស្អប់ខ្ពើមភាពបរិសុទ្ធ និង អំណាចនៃដំណាក់របស់ព្រះអម្ចាស់ ។ ហើយការការពារដែលបានប្រទានដល់យើងម្នាក់ៗនៅក្នុង និង តាមរយៈពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និង សេចក្តីសញ្ញាឈរជាឧបសគ្គដ៏ធំដល់គម្រោងការដ៏អាក្រក់របស់លូស៊ីហ្វើ » (« Honorably Hold a Name and Standing, » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៩–១០០ ) ។
-
តើអ្នកបានទទួលអារម្មណ៍ពីការកើនឡើងនូវអំណាចខាងវិញ្ញាណដែលកើតឡើងពីការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធបានដោយរបៀបណា ?
សូមឲ្យសិស្សសញ្ជឹងគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីឲ្យទទួលបានពរជ័យដែលបានសន្យាដល់អស់អ្នកដែលថ្វាយបង្គំដោយស្មោះត្រង់នៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមរំឭកសិស្សថា នៅពេលពួកគេពិចារណាពីព្រះគម្ពីរ និង ពាក្យសម្តីនៃព្យាការី នោះដួងចិត្ត និង គំនិតរបស់ពួកគេនឹងបើកឡើងថែមទៀតដើម្បីទទួលការបំផុសគំនិតពីព្រះអម្ចាស់ ។
គោលលទ្ធិ និង សេចក្ដី សញ្ញា ១១០
ព្រះយេស៊ូវគ្រីស្ទ ម៉ូសេ អេលីយ៉ា និង អេលីយ៉ាស បានលេចមកនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់
សូមពន្យល់ថា ព្រះបានផ្តល់រង្វាន់ដល់ការពលិកម្មរបស់ពួកបរិសុទ្ធដែលកសាងព្រះវិហារបរិសុទ្ធខឺតឡង់ ជាមួយនឹងការចាក់ស្រោចការបើកសម្តែងខាងវិញ្ញាណនៅអំឡុងពេលនៃថ្ងៃឧទ្ទិសឆ្លងនោះ ។ បើសិនមានពេល សូមចែកចាយខ្លីៗអំពីដំណើររឿងដែលមាននៅក្នុងជំពូក ១៣នៅក្នុង (« Glorious Days in Kirtland, 1834–36 ») នៃ Church History in the Fulness of Times Student Manual, ការបោះពុម្ពលើកទី ២. ( Church Educational System manual, ឆ្នាំ ២០០៣ ), ជាពិសេសនៅវគ្គចំណងជើង « A Pentecostal Season » ( ទំព័រ ១៦៤–៦៧ ) ។ សូមប្រាប់សិស្សថា ប្រហែលជាព្រឹត្តិការណ៍សំខាន់ទាំងនោះបានកើតឡើងនៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ គឺមួយសប្តាហ៍បន្ទាប់ពីការឧទិស្ទឆ្លងព្រះវិហារបរិសុទ្ធហើយ ។
សូមឲ្យសិស្សម្នាក់អាន ក្បាលកណ្ឌនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ១១០ឮៗ ហើយសុំឲ្យសិស្សទាំងអស់ផ្សេងទៀតផ្ទៀងតាម ។ បន្ទាប់មក សូមសួរសំណួរខាងក្រោមនេះ ៖
-
តើទស្សនៈនិមិត្តនេះត្រូវបានប្រទានឲ្យដល់នរណា ? តើយ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានធ្វើអ្វីខ្លះពីមុនមានទស្សនៈនិមិត្តនេះកើតឡើងនោះ ?
សូមពន្យល់សិស្សថា ខគម្ពីរ ១០ ដំបូងនៃគោលលទ្ធិ និងសេចក្ដីសញ្ញា ១១០ មាននូវទស្សនៈនិមិត្តដ៏រុងរឿងដែលបានប្រទានដល់ព្យាការីយ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី អំពីព្រះអង្គសង្គ្រោះ ដែលបានបង្ហាញរូបអង្គទ្រង់ដល់ពួកលោក ដើម្បីប្រកាសពីការទទួលយកព្រះវិហារបរិសុទ្ធខឺតឡង់របស់ទ្រង់ ។ សូមឲ្យសិស្សអានខគម្ពីរទាំងនេះដោយស្ងាត់ស្ងៀម ហើយរកមើលសេចក្ដីពិតសំខាន់ៗ ទាក់ទងទៅនឹងទាំងព្រះអង្គសង្គ្រោះ និង ព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមសួរសំណួរខាងក្រោមនេះ ៖
-
តើខគម្ពីរទាំងនេះមានន័យយ៉ាងណាចំពោះអ្នក ? ហេតុអ្វី ?
-
យោងតាម ខ ៦ព្រះអង្គសង្គ្រោះបានប្រកាសថា « ចូរឲ្យចិត្តនៃអស់ទាំងរាស្ត្ររបស់យើងបានអរសប្បាយរីករាយ » ។ តើអ្នកគិតថា ហេតុអ្វីពួកបរិសុទ្ធមានហេតុដើម្បីអរសប្បាយរីករាយនៅពេលនោះ ?
សូមពន្យល់ថា បន្ទាប់ពី ទស្សនៈនិមិត្តអំពីព្រះអង្គសង្គ្រោះបានបញ្ចប់ទៅ នោះមានទស្សនៈនិមិត្តជាច្រើនបានប្រទានមកជាបន្តបន្ទាប់ទៀត ។ នៅក្នុងទស្សនៈនិមិត្តនោះ ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា បានលេចមកម្នាក់ម្តងៗចំពោះព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។
សូមសរសេរប្រយោគខាងក្រោមនេះនៅលើ ក្ដារខៀន ៖
សូមបែងចែកសិស្សក្នុងថ្នាក់ជាបីក្រុម ។ សូមចាត់ឲ្យក្រុមនិមួយៗនូវឈ្មោះមួយ ដែលអ្នកបានសរសេរនៅលើក្ដារខៀននោះ ។ សូមឲ្យសិស្សសិក្សាវគ្គព្រះគម្ពីរដែលទាក់ទងនឹងឈ្មោះនោះដើម្បីរៀនអំពីកូនសោបព្វជិតភាពពិសេសដែលត្រូវបានស្តារឡើងវិញ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សចែកចាយពីអ្វីដែលពួកគេបានរកឃើញ ។
ការពន្យល់ខាងក្រោមនេះអាចផ្តល់ការយល់ដឹងដ៏ជ្រាលជ្រៅមួយពីអ្វីដែលពួកគេបានអាន ។ សូមឲ្យសិស្សម្នាក់អានសេចក្តីថ្លែងការណ៍និមួយៗឲ្យឮៗ បន្ទាប់ពីអ្នកពិភាក្សាអំពីវគ្គព្រះគម្ពីរដែលទាក់ទងនោះ ៖
ម៉ូសេ ៖ កូនសោនៃការប្រមូលសាសន៍អ៊ីស្រាអែលផ្តល់សិទ្ធិអំណាចដើម្បីដឹកនាំការផ្សព្វផ្សាយដំណឹងល្អដល់ទិសទាំងបួននៃផែនដី ។ « វាជាការណ៍ត្រឹមត្រូវដែលម៉ូសេ គឺជាអ្នកទីមួយបានដឹកនាំកូនចៅរបស់ព្រះទៅកាន់ដែនដីកេរ្តិ៍អាកររបស់ខ្លួន គឺជាម្នាក់ដែលត្រូវបានសន្យាផ្តល់ឲ្យនូវកូនសោនៃការប្រមូលផ្តុំសាសន៍អ៊ីស្រាអែលទៅកាន់សាសនាចក្រដែលបានស្តារឡើងវិញ » ( រ័សុល អិម ណិលសុន « The Gathering of Scattered Israel » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨២ លេខយោង ២៨ ) ។
អេលីយ៉ាស ៖ « បុរសម្នាក់ដែលមានឈ្មោះថា អេលីយ៉ាសពិតជាបានរស់នៅក្នុងជីវិតរមែងស្លាប់នេះនៅក្នុងសម័យនៃអ័ប្រាហាំ ដែលត្រូវបានសន្យាផ្តល់ឲ្យនូវសម័យកាន់កាប់ត្រួតត្រានៃដំណឹងល្អរបស់អ័ប្រាហាំទៅដល់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរីនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់( រដ្ឋ អូហៃអូ ) នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ » ( Bible Dictionary, “Elias”) ។ « អេលីយ៉ាស [ បាននាំត្រឡប់មកវិញ ] នូវ ‹ ដំណឹងល្អនៃលោកអ័ប្រាហាំ › គឺជាសេចក្តីសញ្ញានៃអ័ប្រាហាំដ៏អស្ចារ្យ ដែលអ្នកស្មោះត្រង់ទទួលការសន្យានៃការរីកចម្រើនដ៏អស់កល្បជានិច្ច គឺការសន្យាថាតាមរយៈអាពាហ៍ពិពាហ៍សេឡេស្ទាលនោះពូជពង្សដ៏អស់កល្បជានិច្ចរបស់ពួកគេនឹងមានចំនួនច្រើនដូចខ្សាច់នៅមាត់សមុទ្រ ឬ ដូចជាផ្កាយរាប់មិនអស់នៅលើមេឃ » « The Keys of the Kingdom » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ២២ ។
អេលីយ៉ា ៖ « អំណាចនៃការផ្សារភ្ជាប់នេះបានប្រទានដល់អេលីយ៉ា គឺជាអំណាចដែលចងស្វាមី និង ភរិយា និង កូនចៅទៅនឹងឪពុកម្តាយសម្រាប់ពេលនេះ និង អស់កល្បជានិច្ច ។ វាគឺជាអំណាចចងភ្ជាប់ដែលមាននៅក្នុងគ្រប់ពិធីបរិសុទ្ទនៃដំណឹងល្អទាំងអស់ ។ … វាគឺដោយសារអំណាចនេះហើយ ដែលគ្រប់ពិធីបរិសុទ្ធទាំងអស់ដែលទាក់ទងនឹងសេចក្តីសង្គ្រោះត្រូវបានចងភ្ជាប់ ឬ ផ្សារភ្ជាប់ ហើយវាគឺជាបេសកកម្មរបស់អេលីយ៉ា ដើម្បីមក ហើយស្តារវាឡើងវិញ » ( យ៉ូសែប ហ្វីលឌិង ស៊្មីធ Elijah the Prophet and His Mission [ ឆ្នាំ ១៩៥៧ ] ទំព័រ ៥ ) ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៦ ឲ្យឮៗ ហើយសូមលើកទឹកចិត្តសិស្សឲ្យផ្ទៀងតាម ។ សូមឲ្យសិស្សរកមើលអ្វីដែលត្រូវបានសន្យាផ្តល់ឲ្យដល់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី នៅសម័យនោះ ( « កូនសោនៃសម័យកាន់កាប់ត្រួតត្រានេះ » ) ។ បន្ទាប់មក សូមសួរសំណួរខាងក្រោមនេះ ៖
-
យោងតាម ខ ១៦តើយើងអាចដឹងអ្វីខ្លះដោយសារតែកូនសោទាំងនេះត្រូវបានស្តារឡើងវិញនោះ ? ( ការយាងមកជាលើកទីពីរគឺជិតដល់ហើយ ) ។
-
ដោយគិតពី ខ១៦នៅក្នុងគំនិត ហេតុអ្វីបានជាកូនសោដែលបានស្តារឡើងវិញដោយម៉ូសេ អេលីយ៉ាស និង អេលីយ៉ា ត្រូវតែបានស្តារឡើងវិញមុនពេលនៃ « ថ្ងៃដ៏ធំ និង គួរស្ងែងខ្លាចនៃព្រះអម្ចាស់ » ដូច្នេះ ?
-
តើអ្នកបានទទួលពរជ័យអ្វីខ្លះ តាមរយៈការស្តារកូនសោនៃបព្វជិតភាពទាំងនេះឡើងវិញនោះ ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមសង្ខេបពីសារៈសំខាន់នៃការស្តារកូនសោទាំងនេះឡើងវិញ ដោយថ្លែងពីគោលការណ៍នេះថា ៖ កូនសោនៃកិច្ចការអ្នកផ្សព្វផ្សាយសាសនា ក្រុមគ្រួសារអស់កល្បជានិច្ច និង កិច្ចការព្រះវិហារបរិសុទ្ធ ជួយយើងឲ្យរៀបចំខ្លួន និង ពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ) ។
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« អំណាចបព្វជិតភាពរបស់ព្រះ ជាមួយនឹងកូនសោ ពិធីបរិសុទ្ធនានា ប្រភពកំណើតដ៏ទេវភាព និង សមត្ថភាពរបស់វាដើម្បីផ្សារភ្ជាប់នៅក្នុងស្ថានសួគ៌ ជាអ្វីដែលត្រូវបានផ្សារភ្ជាប់នៅលើផែនដី គឺជា ការណ៍ដ៏ចាំបាច់ ចំពោះសាសនាចក្រដ៏ពិតនៃព្រះក៏ដូចជា ពិសេស ចំពោះខ្លួនឯង ហើយ … បើគ្មានអំណាចនេះទេ នោះគ្មានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយឡើយ » (« Our Most Distinguishing Feature » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៤៣ ) ។
សូមចែកចាយពីរបៀបដែលជីវិតអ្នកបានទទួលពរជ័យដោយសារតែកូនសោបព្វជិតភាពទាំងនេះដែលបានស្តារឡើងវិញ ? សូមថ្លែងទីបន្ទាល់ថាកូនសោបព្វជិតភាពទាំងនេះហើយដែលធ្វើឲ្យសាសនាចក្រនេះប្លែកពីសាសនាចក្រផ្សេងៗ កូនសោទាំងនេះញែកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយពីគ្រប់ព្រះវិហារទាំងអស់ទៀតលើផែនដីនេះ ។
ការអានរបស់សិស្ស
-
ដេវីឌ អេ បែដណា « Honorably Hold a Name and Standing » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩៧–១០០ ។