មេរៀនទី ២២
ទុក្ករកម្មនៃព្យាការី យ៉ូសែប ស្ម៊ីធ
សេចក្តីផ្តើម
អ្នកប្រឆាំងនៅក្នុងសាសនាចក្រ និងបក្សប្រឆាំងនៅខាងក្រៅសាសនាចក្របាននាំមកនូវទុក្ករកម្មនៃព្យាការី យ៉ូសែប ស្ម៊ីធ និងបងប្រុសរបស់លោក គឺ ហៃរ៉ុម ស្ម៊ីធ ។ សេចក្ដីស្លាប់របស់ពួកលោកបានបន្ថែមជាការបិទត្រាដ៏មានអំណាចមួយដល់ទីបន្ទាល់របស់ពួកលោកអំពីព្រះគម្ពីរមរមន គោលលទ្ធិ និងសេចក្ដីសញ្ញា និងដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ ការសិក្សាមួយអំពីជីវិត និងទុក្ករកម្មដល់ព្យាការី យ៉ូសែប ស្ម៊ីធ នឹងជួយដល់សិស្សឲ្យពិចារណាពីពរជ័យជាច្រើនដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ តាមរយៈការបម្រើរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ដែលតាមរយៈលោក នោះទ្រង់បានស្ដារដំណឹងល្អរបស់ទ្រង់នៅថ្ងៃចុងក្រោយឡើងវិញ ។
ការអានពីសាវតា
-
ថូម៉ាស អេស ម៉នសុន « The Prophet Joseph Smith: Teacher by Example » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៦៧–៧០ ។
-
« The Martyrdom » ជំពូកទី ២២ នៅក្នុង Church History in the Fulness of Times Student Manual, បានកែសម្រួលលើកទីពីរ ( Church Educational System manual ឆ្នាំ ២០០៣ ) ទំព័រ ២៧៣–៨៥ ។
-
« The Martyrdom: The Prophet Seals His Testimony with His Blood » ជំពូកទី ៤៦ នៅក្នុងការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៥២៩–៤០ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៤–៥; ១៣៦:៣៦–៣៩
សត្រូវទាំងអស់បានស្វែងសម្លាប់ យ៉ូសែប ស្ម៊ីធ
សូមបង្ហាញ រូបភាព មួយនៃគុកកាតធេច ។ សូមពន្យល់ដល់សិស្សថានៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ព្យាការី យ៉ូសែប ស្ម៊ីធ និងបងប្រុសរបស់លោក ហៃរ៉ុម ដែលជាលោកអយ្យកោដល់សាសនាចក្រ ត្រូវបានគេធ្វើឃាតនៅក្នុងគុកនេះនៅទីក្រុងកាតធេច រដ្ឋអិលលីណយ ។ យ៉ូសែប ស្ម៊ីធ មានអាយុ ៣៨ ឆ្នាំនៅពេលលោកស្លាប់ ហើយហៃរ៉ុម មានអាយុ ៤៤ ឆ្នាំ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៦:៣៦–៣៩ ឲ្យឮៗ ខណៈសិស្សក្នុងថ្នាក់ផ្ទៀងមើលតាម ។ សូមលើកទឹកចិត្តសិស្ស នៅពេលពួកគេអានឲ្យរកមើលរបៀបដែលព្រះអម្ចាស់បានសង្ខេបពីជីវិតរបស់យ៉ូសែប ស្ម៊ីធ និងកិច្ចការដែលលោកបានបំពេញ ។ បន្ទាប់មក សូមពិភាក្សានូវសំណួរខាងក្រោមនេះ ៖
-
តើព្រះអម្ចាស់បានរៀបរាប់ពីជីវិត និងកិច្ចការរបស់ព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាងដូចម្ដេច ? ( ចម្លើយរបស់សិស្សអាចរួមមាននូវសេចក្ដីពិតដូចតទៅនេះ ៖ យ៉ូសែប ស្ម៊ីធ បានដាក់គ្រឹះដល់កិច្ចការរបស់ព្រះនៅក្នុងគ្រាកាន់កាប់ត្រួតត្រាដំណឹងល្អនេះ ។ ព្យាការី យ៉ូសែប ស្ម៊ីធ ពុំមានកំហុសឡើយនៅពេលលោកស្លាប់ ហើយលោកបានបំពេញបេសកកម្មដែលត្រូវបានប្រទានដល់លោកដោយព្រះនេះប្រកបដោយភាពស្មោះត្រង់ ) ។
ដើម្បីជួយសិស្សឲ្យយល់ពីឥទ្ធិពលខ្លះដែលបាននាំឲ្យព្យាការីស្លាប់ សូមប្រាប់ពួកគេថា ពួកបរិសុទ្ធបានរស់នៅក្នុងសេចក្ដីសុខសាន្ដមួយរយៈនៅក្នុងរដ្ឋអិលលីណយ អស់ពេលបីឆ្នាំ ប៉ុន្ដែនៅត្រឹមឆ្នាំ ១៨៤២ ពួកគេបានជួបនឹងការបៀតបៀនម្ដងទៀត ។ បក្សប្រឆាំងរបស់សាសនាចក្របានបញ្ចូលប្រជាជនរដ្ឋអិលលីណយ ដែលបានខ្លាចឥទ្ធិពលខាងនយោបាយនៃពួកបរិសុទ្ធ ។ អ្នកដទៃបានទៅជាច្រណែននឹងការរីកចម្រើនខាងសេដ្ឋកិច្ចរបស់សាសនាចក្រនៅទីក្រុងណៅវូ ហើយបានរិះគន់នឹងអំណាចរបស់អភិបាលក្រុងណៅវូ និងក្រុមជីវពលរបស់ក្រុង ។ អ្នកខ្លះបានយល់ខុសលើគោលលទ្ធិ និងការអនុវត្តរបស់ពួកមរមនមួយចំនួន ។ អ្នកប្រឆាំងនៅក្នុងសាសនាចក្រ និងបក្សប្រឆាំងនៅខាងក្រៅសាសនាចក្របានរួមកម្លាំងគ្នាដើម្បីប្រឆាំងនឹងព្យាការី ព្រមទាំងសាសនាចក្រ ។
សូមផ្ដល់ដល់សិស្សម្នាក់ៗនូវច្បាប់ចម្លងនៃ ក្រដាសចែកមួយច្បាប់ដែលមាននៅចុងបញ្ចប់នៃមេរៀននេះ ។ សូមឲ្យសិស្សម្នាក់អានឮៗនូវកណ្ឌដែលមានចំណងជើងថា « អ្នកប្រឆាំងនឹងព្យាការី ព្រមទាំងសាសនាចក្រ » ។
សូមពន្យល់ថា យោងតាមច្បាប់ដែលមានជាធរមាននៅពេលព្យាការីស្លាប់នោះ គ្មានការរំលងច្បាប់នោះទេ នៅពេលគេបំផ្លាញអ្នកសារព៌ត័មាននោះ ។ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« វិសោធនកម្មនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកដែលបានពង្រីកការធានាដល់សិទ្ធិសេរីភាពខាងព៌ត័មានដើម្បីប្រឆាំងនឹងសកម្មភាពរបស់អភិបាលក្រុង និងអភិបាលរដ្ឋនានាដែលមិនទាន់បានចូលរួមជាសហរដ្ឋរហូតដល់ឆ្នាំ ១៨៦៨ ហើយវាមិនបានបង្គាប់ថាវាជាបញ្ហានៃច្បាប់សហរដ្ឋរហូតដល់ឆ្នាំ ១៩៣១ ។ … យើងគួរតែកាត់សេចក្ដីសកម្មភាពរបស់បុព្វការីជនរបស់យើងដោយផ្អែកលើគោលច្បាប់ និងបទបញ្ញត្តិនានា និងស្របតាមស្ថានការណ៍នៃជីវភាពរបស់ពួកគេ មិនមែនតាមជីវភាពរបស់យើងនោះទេ » ( « Joseph, the Man and the Prophet » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៧២ ) ។
-
ហេតុអ្វីបានជាប្រយោគចុងក្រោយនៅក្នុងសេចក្ដីថ្លែងការណ៍របស់អែលឌើរ អូក សំខាន់ដើម្បីចងចាំនៅពេលយើងគិតពីសកម្មភាពរបស់អ្នកដឹកនាំសាសនាចក្រកាលពីមុន ? ( អ្នកអាចចង់បង្ហាញថា សមាជិកក្រុមប្រឹក្សាក្រុងណៅវូភាគច្រើនជាសមាជិកសាសនាចក្រ ប៉ុន្ដែពួកគេបានដើរតួនាទីជាមន្ដ្រីរាជការជ្រើសតាំង នៅពេលពួកគេបានបញ្ជាឲ្យបំផ្លាញអ្នកសារព៌ត័មាន ។ សាសនាចក្រ ជាអង្គការមួយដែលមិនធ្វើសកម្មភាពប្រឆាំងនឹងសារព៌ត័មានឡើយ ប៉ុន្ដែវាជាក្រុមប្រឹក្សាក្រុងទេដែល « ធ្វើឲ្យថយ … ភាពហ្មងសៅ » [ នៅក្នុង History of the Church, ៦:៤៣២ ] ) ។
សូមឲ្យសិស្សម្នាក់អានឮៗនូវក្រដាសចែកនៃកណ្ឌដែលមានចំណងជើងថា « យ៉ូសែប និងហៃរ៉ុមត្រូវបានចោទប្រកាន់ដោយខុសឆ្គង » ។ សូមឲ្យសិស្សម្នាក់ទៀតអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការព្យាករណ៍ដែលយ៉ូសែប ស្ម៊ីធ បានប្រកាសនៅពេលលោកបានធ្វើដំណើរទៅកាន់ទីក្រុងកាតធេច ។
-
ទោះបីជាមនុស្សរមែងស្លាប់គ្រប់គ្នាមិនឥតខ្ចោះក្ដី តើអ្នកគិតថា វាតម្រូវឲ្យមនុស្សម្នាក់ទទួលការណ៍អ្វីខ្លះ ដែលធ្វើឲ្យ « គ្មានសតិទាស់ចំពោះព្រះ និងចំពោះមនុស្សគ្រប់រូប » នោះ ? ( គ និង ស ១៣៥:៤ ) ។
សូមពន្យល់ថា នៅពេលហៃរ៉ុម ស្ម៊ីធ បានរៀបចំធ្វើដំណើរទៅគុកកាតធេច នោះលោកបានអាន អេធើរ ១២:៣៦–៣៨ ហើយបន្ទាប់មក បានបត់ទំព័រនោះទុក ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៥ ឮៗ ដែលជាការដកស្រង់ដោយផ្ទាល់មួយពីខគម្ពីរអេធើរទាំងនេះ ខណៈសិស្សក្នុងថ្នាក់ផ្ទៀងតាម ។ សូមអញ្ជើញសិស្សឲ្យពិចារណាពីមូលហេតុដែលវគ្គបទគម្ពីរនេះមានអត្ថន័យដល់ហៃរ៉ុម ។ អ្នកអាចស្នើឲ្យសិស្សគូសចំណាំពាក្យ ឬ ឃ្លាណាដែលលេចធ្លោចំពោះពួកគេ ។
-
តើពាក្យ ឬឃ្លាជាក់លាក់នៅក្នុងខគម្ពីរចេញពីគម្ពីរអេធើរទាំងនេះណាខ្លះ ដែលអ្នកគិតថានឹងមានអត្ថន័យដល់ហៃរ៉ុម នៅពេលលោកបានប្រឈមមុខនឹងការចាប់ដាក់គុក និងអាចប្រឈមនឹងសេចក្ដីស្លាប់នោះ ?
-
តើអ្នកគិតថាឃ្លាតទៅនេះមានន័យយ៉ាងណា ៖ « នៅទីនោះ មនុស្សទាំងអស់នឹងដឹងថា អាវរបស់ខ្ញុំគ្មានប្រឡាក់ដោយឈាមរបស់អ្នកឡើយ » ? ( សូមពិចារណាឲ្យសិស្សធ្វើសេចក្ដីយោងបទគម្ពីរ ខ ៥ ជាមួយនឹង យ៉ាកុប ១:១៩ និង ម៉ូសាយ ២:២៧ ដើម្បីស្វែងរកអត្ថន័យនៃឃ្លានេះ ។ ការរៀនធ្វើសេចក្ដីយោងបទគម្ពីរមួយទៅនឹងបទគម្ពីរមួយមួយផ្សេងទៀត ដែលផ្ដល់នូវការយល់ដឹងបន្ថែម គឺជាជំនាញសិក្សាព្រះគម្ពីរដ៏សំខាន់មួយ ) ។
សូមឲ្យសិស្សពិចារណាពីរបៀបដែល យ៉ូសែប និងហៃរ៉ុម អាចមានអារម្មណ៍ នៅពេលដឹងថាពួកលោកបានបំពេញតាមការហៅបម្រើ និងកាតព្វកិច្ចរបស់ពួកលោកមកពី ព្រះដោយអស់ពីលទ្ធភាពខ្លួននោះ ។
-
តើយើងអាចរៀនអ្វីខ្លះ ចេញមកពីគំរូរបស់យ៉ូសែប និងហៃរ៉ុម ស្ម៊ីធ ដែលអាចជួយយើងឲ្យបំពេញទំនួលខុសត្រូវនានាដែលយើងទទួលបានមកពីព្រះ ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:១–៣, ៦–៧
ការធ្វើទុក្ករកម្មនៅគុកកាតធេច និងការគោរពដល់ យ៉ូសែប ស្ម៊ីធ
សូមឲ្យសិស្សម្នាកអានឮៗពី ក្បាលកណ្ឌនៃគោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥ ។ ( អ្នកអាចចង់បង្ហាញថា ភាពខុសគ្នារវាងក្បាលកណ្ឌនេះនៅក្នុងឆ្នាំ ១៩៨១ និងការសម្រួលព្រះគម្ពីរនៅឆ្នាំ ២០១៣ ឆ្លុះបញ្ចាំងពីចំណេះវិជ្ជាជ្រៅជ្រះនាពេលបច្ចុប្បន្ននេះ ។ សូមសិស្សបួនប្រាំនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១–២ និងក្រដាសចែកផ្នែកដែលមានចំណងជើងថា « ការធ្វើទុក្ករកម្មនៅគុកកាតធេច » ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងមើលតាម នៅពេលសិស្សទាំងនេះអាន ។
-
តើអ្នកគិតថាឃ្លា « ដើម្បីបិទទីបន្ទាល់នៃព្រះគម្ពីរនេះ និងព្រះគម្ពីរមរមន » មានន័យដូចម្ដេច ?
នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ ចូរគិតពីការសរសេរនិយមន័យដូចតទៅនេះនៅលើក្ដារខៀន ៖ ដើម្បី « បិទ » គឺស្ថាបនាអ្វីមួយជាអចិន្ដ្រៃយ៍ ដូចជាទីបន្ទាល់មួយជាដើម ។ អ្នកអាចស្នើថា សិស្សគួរតែសរសេរនិយមន័យនេះនៅក្នុងព្រះគម្ពីររបស់ពួកគេក្បែរ ខ ១ ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣, ៦–៧ រកមើលសេចក្ដីពិតខ្លះដែលយើងបានរៀនពីសេចក្ដីប្រកាសនៃទុក្ករកម្មរបស់យ៉ូសែប និងហៃរ៉ុម ស្ម៊ីធ ។
-
តើសេចក្ដីពិតណាខ្លះដែលអ្នកបានរៀនពីសេចក្ដីប្រកាសនៃទុក្ករកម្មរបស់យ៉ូសែប និងហៃរ៉ុម ស្ម៊ីធ ? ( សិស្សអាចរកឃើញសេចក្ដីពិតជាច្រើនដែលរួមមានដូចតទៅនេះ ៖ យ៉ូសែប ស្ម៊ីធ បានសម្រេចច្រើនជាងគេ លើកលែងតែព្រះយេស៊ូវប៉ុណ្ណោះ សម្រាប់សេចក្ដីសង្គ្រោះដល់មនុស្សក្នុងលោកនេះ ) ។ ព្រះគម្ពីរមរមន និង គោលលទ្ធិ និងសេចក្ដីសញ្ញា ត្រូវបាននាំចេញមកដើម្បីមានសេចក្ដីសង្គ្រោះដល់ពិភពលោកនេះ ) ។
-
តើអ្នកគិតថា ជីវិតរបស់អ្នកអាចខុសគ្នាយ៉ាងដូចម្តេចខ្លះ ប្រសិនបើគ្មានការបម្រើរបស់ព្យាការី យ៉ូសែប ស៊្មីធ ទេនោះ ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍នេះឮៗមកពីអែលឌើរ ដាល្លិន អេក អូក ដែលមាននៅក្នុងក្រដាសចែកផ្នែកដែលមានចំណងជើងថា « ការគោរពដល់ព្យាការី យ៉ូសែប ស្ម៊ីធ » ។
-
ហេតុអ្វីក៏វាសំខាន់ដើម្បីដឹងថាសហការីជិតដិតរបស់ យ៉ូសែប ស៊្មីធ ចាត់ទុកលោកថាជាព្យាការីម្នាក់ និងជា « បុរសដ៏មានកិត្តិយសប្រកបដោយគុណធម៌ » ?
សូមបញ្ចប់ដោយការសួរសិស្សថាតើមានពួកគេណាម្នាក់ចង់ចែកចាយទីបន្ទាល់របស់គេអំពី យ៉ូសែប ស៊្មីធ ទេ ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលឱកាសនៅពីរបីថ្ងៃខាងមុខនេះដើម្បីចែកចាយជាមួយនឹងអ្នកដទៃអំពីទីបន្ទាល់របស់គេអំពីព្យាការី យ៉ូសែប ស្ម៊ីធ និងតួនាទីរបស់លោកក្នុងការស្តារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ ។
ការអានរបស់សិស្ស
-
ថូម៉ាស អេស ម៉នសុន « The Prophet Joseph Smith: Teacher by Example » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៦៧–៧០ ។