បណ្ណាល័យ
មេរៀន​ទី ៤ ៖ ព្រះគម្ពីរ​មរមន—ជា​មូលដា្ឋន​នៃ​សាសនា​របស់​យើង


មេរៀន​ទី ៤

ព្រះគម្ពីរ​មរមន—ជា​មូលដា្ឋន​នៃ​សាសនា​របស់​យើង

សេចក្តីផ្តើម

ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដា្ឋន​នៃ​សាសនា​របស់​យើង ហើយ​ជា​ភស្តុតាង​ថា​ព្រះ​បាន​ស្តារ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មក​កាន់​ផែនដី​នៅ​ជំនាន់​របស់​យើង​នេះ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​បង្រៀន ៖ ព្រះគម្ពីរ​មរមន « គឺ​ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ ។ វា​គឺ​ជា​មូលដ្ឋាន​នៃ​គោលលទ្ធិ​របស់​យើង ។ វា​ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​យើង » (« The Book of Mormon—Keystone of Our Religion » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៥ ) ។ នៅពេល​សិស្ស​មាន​ទីបន្ទាល់​កាន់តែ​ជ្រៅជ្រះ​អំពី​ព្រះគម្ពីរ​មរមន នោះ​ពួកគេ​អាច​ក្លាយ​ជា​រឹងមាំ​ទប់ទល់​នឹង​អស់​អ្នក​ដែល​ព្យាយាម​បង្ហាញ​ថា ភាពពិត​របស់​វា​នោះ គឺ​ខុស ។

ការអាន​ពី​សាវតា

  • អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៤–៧ ។

  • ជែហ្វ្រី អ័រ ហូឡិន « សុវត្ថិភាព​សម្រាប់​ព្រលឹង » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៨–៩០ ។

  • « ព្រះគម្ពីរ​មរមន និង ការសិក្សា ឌី អិន អេ » ប្រធាន​បទ​ដំណឹង​ល្អ lds.org/topics ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្តីសញ្ញា ១៧:៦; ១៩:២៦; ២០:៥–១២

ព្រះគម្ពីរ​មរមន​គឺ​ជា​ភស្តុតាង​ថា​ព្រះ​បាន​ស្តារ​សេចក្តី​ពិត​ឡើង​វិញ​នៅ​ជំនាន់​របស់​យើង​នេះ

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​កាលបរិច្ឆេទ និង ព្រឹត្តិការណ៍​នានា​នៅ​លើ ក្តារខៀន ។

ឆ្នាំ ១៨២០ បាន​ទទួល​ទស្សនៈនិមិត្ត​ដំបូង

ឆ្នាំ ១៨២៣ ទស្សនកិច្ច​របស់​មរ៉ូណៃ​បាន​ចាប់​ផ្តើម

ឆ្នាំ ១៨២៩ បព្វជិតភាព​បាន​ស្តារ​ឡើង​វិញ

ខែ មិថុនា ឆ្នាំ១៨២៩ ព្រះគម្ពីរ​មរមន​បាន​បកប្រែ​ចប់​សព្វគ្រប់

ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៣០ សាសនាចក្រ​បាន​រៀបចំ​ឡើង

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​លំដាប់លំដោយ​នៃ​ព្រឹត្តិការណ៍​ទាំងនេះ​អំពី​តួនាទី​នៃ​ព្រះគម្ពីរ​មរមន​នៅ​ក្នុង​ការស្តារ​ដំណឹង​ល្អ​ឡើង​វិញ ? ( ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ​ចប់​សព្វគ្រប់​ពី​មុន​សាសនាចក្រ​ត្រូវ​បាន​ស្តារឡើង​វិញ ។ វា​នឹង​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការផ្សព្វផ្សាយ​ដំណឹង​ល្អ ) ។

សូម​ពន្យល់​ថា នៅពេល​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ខែ​មេសា ឆ្នាំ ១៨៣០ នោះ​ព្រះគម្ពីរមរមន​ទើបតែ​បាន​បោះពុម្ព​រួច ហើយ​ព្រះគម្ពីរ​ត្រូវ​បាន​ផ្សព្វផ្សាយ​សម្រាប់​លក់​ពី​មុន​នោះ​ពីរ​សប្តាហ៍ ។ សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៨-១២ ដោយ​ស្ងាត់ស្ងៀម រកមើល​ថា​ព្រះគម្ពីរ​មរមន​មាន​អ្វីខ្លះ ហើយ​ព្រះគម្ពីរ​មរមន​បង្ហាញ​ភស្តុតាង​អ្វី​ខ្លះ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​នូវអ្វី​ដែល​ពួកគេ​រកឃើញ ។ (កំណត់ចំណាំ ៖ ​តាមរយៈ​វគ្គ​សិក្សា​នេះ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​សេចក្តី​ពិត​សំខាន់ៗ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។ នៅពេល​សិស្ស​កំពុង​អាន សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​នេះ​នៅលើ ក្តារខៀន ៖

ព្រះគម្ពីរ​មរមន​បង្ហាញ​ភស្ដុតាង​ទៅ​កាន់​ពិភពលោក​ថា …

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​សួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​អាន តើ​អ្នក​នឹង​បញ្ចប់​សេចក្ដីថ្លែង​ការណ៍​នៅលើ​ក្ដារខៀន​យ៉ាង​ដូចម្តេច ? ( សិស្ស​អាច​នឹង​ប្រើ ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​រកឃើញ​សេចក្តីពិត​ដូច​ខាង​ក្រោម​នេះ ៖ ព្រះគម្ពីរ​មរមន​បង្ហាញ​ភស្តុតាង​ដល់​ពិភពលោក​ថា ព្រះគម្ពីរ​នេះ​ពិត ថា​ព្រះ​បំផុស​គំនិត និង ហៅ​មនុស្ស​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់​នៅ​ជំនាន់​របស់​យើង​នេះ ហើយ​ថា​ព្រះ​មិន​ប្រែប្រួល​ឡើយ) ។

  • តើ​ព្រះគម្ពីរ​មរមន​បង្ហាញ​ភស្តុតាង​ថា ព្រះ​បំផុស​គំនិត និង ហៅ​មនុស្ស​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់​នៅ​ជំនាន់​របស់​យើង​នេះ​ដោយ​របៀប​ណា ?

  • នៅពេល​មនុស្ស​ម្នាក់​បាន​ដឹង​ថា​ព្រះគម្ពីរ​មរមនពិត តើ​ចំណេះ​ដឹង​អ្វី​ដែល​គាត់​បាន​ទទួល​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ?

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៧:៦ និង ១៩:២៦ ដោយ​ស្ងាត់ស្ងៀម រកមើល​អ្វី​ដែល​ខគម្ពីរ​ទាំង​ពីរ​នេះ​មាន​ចំណុច​រួម​មួយ ។

  • តើ​ខគម្ពីរ​ទាំង​ពីរ​នេះ​មាន​ចំណុច​រួម​អ្វី ? ( ការប្រកាស​របស់​ព្រះអម្ចាស់​ពី​សេចក្តី​ពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ) ។

  • តើ​វា​មាន​តម្លៃ​អ្វី​ចំពោះ​អ្នក​ដើម្បី​ដឹង​ថា ព្រះអម្ចាស់​ប្រកាស​ពី​ទីបន្ទាល់​របស់​ទ្រង់​អំពី​សេចក្តី​ពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ?

ព្រះគម្ពីរ​មរមន ​គឺ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។

សូម​សរសេរ​សេចក្តី​ពិត​ដូច​ខាង​ក្រោម​នេះ​នៅ​លើ​ក្តារខៀន ៖ ព្រះគម្ពីរ​មរមន​គឺ​ជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។

  • តើ​អ្នក​គិត​ថា សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ន័យ​យ៉ាង​ណា ?

សូម​បង្ហាញ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« មាន​របៀប​បី​យ៉ាង​ដែល​ព្រះ​គម្ពីរ​មរមន គឺ​ជា​មូលដ្ឋាន​នៃ​សាសនាចក្រ​របស់​យើង ។ វា​គឺ​ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ ។ វា​គឺ​ជា​មូលដ្ឋាន​នៃ​គោលលទ្ធិ​របស់​យើង ។ វា​ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​យើង » (« The Book of Mormon—Keystone of Our Religion » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៥ ) ។

handout iconសូម​បែងចែក​សិស្សទាំងឡាយ​ជាក្រុម​តូចៗ ។ សូម​ចាត់តាំង​ក្រុម​និមួយៗ​ពិភាក្សា​ពី​ប្រធាន​បទមួយ​ដូច​ខាង​ក្រោម​នេះ ៖​របៀប​ដែល​ព្រះគម្ពីរ​មរមន​គឺ​ជា « មូលដ្ឋាន​នៅ​ក្នុង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ » របៀប​ដែល​វា​ជា « មូលដ្ឋាន​នៃ​គោលលទ្ធិ​របស់​យើង » ឬ របៀប​ដែល​វា​គឺ​ជា « មូលដ្ឋាន​នៃ​ទីបន្ទាល់ » ។ ( អ្នក​អាច​ចង់​ចាត់តាំង​ប្រធាន​បទ​និមួយៗ​ទៅ​ឲ្យ​ច្រើន​ជាង​មួយ​ក្រុម ) ។ សូម​ផ្តល់ ក្រដាស​ចែក ខាង​ក្រោម​ឲ្យ​ក្រុម​និមួយៗ ហើយ​សុំ​ពួកគេ​ឲ្យ​ប្រើប្រាស់​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​គ្នា​នឹង​ប្រធាន​បទ​នៅ​ក្នុង​ការពិភាក្សា​របស់​ពួកគេ ។

ក្រដាស​ចែក មូលដ្ឋាន​នៃ​សាសនា​របស់​យើង

ព្រះគម្ពីរ​មរមន—ជា​មូលដា្ឋន​នៃ​សាសនា​របស់​យើង

មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារឡើង​វិញ—មេរៀន​ទី ៤

« មូលដ្ឋាន​នៅ​ក្នុង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះគ្រីស្ទ »

ប្រធាន​ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះគម្ពីរ​មរមន​ គឺ​ជា​មូលដ្ឋាន​នៅក្នុង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ដែល​ទ្រង់​ផ្ទាល់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ចំពោះ​អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ វា​មាន​នូវ​សាក្សី​អំពី​ភាពពិត​របស់​ទ្រង់ ។ …ទីបន្ទាល់​របស់​ព្រះគម្ពីរ​នេះ​អំពី​ព្រះអម្ចាស់​មាន​ភាព​ច្បាស់លាស់ បរិសុទ្ធ និង ពេញ​ដោយ​អំណាច ។ …ពួក​គ្រិស្តសាសនិក​ជា​ច្រើន​នៅក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ បដិសេធ​ទេវភាព​នៃ​ព្រះ​អង្គសង្គ្រោះ ។ ពួក​គេ​សង្ស័យ​ពី​កំណើត​ដ៏​អព្ភូតហេតុ​របស់​ទ្រង់ ជីវិត​រស់នៅ​ដ៏​ល្អ​ឥតខ្ចោះ និង ភាព​ពិត​ប្រាកដ​នៃ​ការមាន​ព្រះ​ជន្មរស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ ព្រះគម្ពីរ​មរមន​បង្រៀន​ក្នុង​លក្ខខណ្ទ​ច្បាស់​លាស់ និង គ្មាន​កំហុស​អំពី​សេចក្តី​ពិត​នៃ​គ្រប់​ការណ៍​នោះ​ទាំងអស់ ។ វា​ក៏​ផ្តល់​ការពន្យល់​ដ៏​ពេញលេញ​បំផុត​អំពី​គោលលទ្ធិ​នៃ​ដង្វាយធួន » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៥ ) ។

« មូលដ្ឋាន​នៃ​គោលលទ្ធិ​របស់​យើង »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ក្នុង​ព្រះគម្ពីរ​មរមន យើង​នឹង​រក​ឃើញ​ភាពពេញ​លេញ​នៃ​គោលលទ្ធិទាំង​នោះ ដែល​បាន​តម្រូវ​សម្រាប់​សេចក្តី​សង្រ្គោះ​របស់​យើង ។ ហើយ​វា​ត្រូវ​បាន​បង្រៀន​យ៉ាង​ច្បាស់ និង សាមញ្ញ​ម្ល៉ោះ​ហើយ​សូម្បី​តែ​កូន​ក្មេង​ក៏​អាច​រៀន​ពី​របៀប​ទាំងឡាយ​នៃ​សេចក្តី​សង្គ្រោះ និង ភាពលើក​តម្កើង​បាន​ដែរ ។ ព្រះគម្ពីរ​មរមន​ ពង្រីក​នូវ​ការចេះដឹង​របស់​យើង​យ៉ាង​ច្រើន​ពី​គោលលទ្ធិ​នៃ​សេចក្តី​សង្គ្រោះ ។ បើ​គ្មាន​ព្រះគម្ពីរ​មរមន​ទេ ភាគច្រើន​អ្វី​ដែល​បាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ​ផ្សេង​ទៀត​គឺ​ពុំជាក់​ច្បាស់ និង គ្មាន​តម្លៃ​ឡើយ » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦ ) ។

« មូលដ្ឋាន​នៃ​ទីបន្ទាល់ »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះ​គម្ពីរ​មរមន​គឺ​ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់ ។ ក៏​ដូច​ជា​កំណោង​ទ្វារ​បាក់​ស្រុត​នៅ​ពេល​សិលាគន្លឹះ​ត្រូវ​បាន​ដក​ចេញ ក៏​ដូច​គ្នា​នឹង​ការ​ឈរ​ឡើង ឬ ការ​ធ្លាក់​ចុះ​របស់​សាសនាចក្រ​ដែរ គឺវា​អាស្រ័យ​លើ​ភាព​ពេញ​លេញ​នៃ​ព្រះ​គម្ពីរ​មរមន​យ៉ាង​នោះ​ដែរ ។ … បើសិន​ព្រះគម្ពីរ​មរមន​ពិត…នោះ​បុគ្គល​ម្នាក់​ត្រូវតែ​ទទួល​ការ​ប្រកាស​អំពី​ការស្តារ​ឡើង​វិញ និង អ្វីៗ​ទាំងអស់​ដែល​មាន​មក​ជាមួយ​វា​ផងដែរ » ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon—Keystone of Our Religion » Ensign, ខែ​វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦ ) ។

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​ក្រុម​ចែកចាយ​ដល់​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។

សូម​បញ្ចប់​ផ្នែក​នៃ​មេរៀននេះ​​ដោយ​សូម​ឲ្យ​សិស្ស​ចែក​ចាយ​អារម្មណ៍​ដែលពួកគេ​មាន​អំពី​ព្រះគម្ពីរ​មរមន និង ចែកចាយ​ពី​របៀប​ដែល​ព្រះគម្ពីរ​នេះ​គឺ​ជា​មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​ពួកគេ ។

សត្រូវ​ព្យាយាម​បង្ខូច​ព្រះគម្ពីរ​មរមន

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« អស់​ពេល​ជា​ច្រើន​ឆ្នាំ [ ជាង ១៨០ ឆ្នាំ ] ព្រះគម្ពីរ​នេះ​ត្រូវ​បាន​ពិនិត្យ​មើល ហើយ​វាយ​ប្រហារ បដិសេធ និង បំផ្លាញ ជា​ផ្ទាំងស៊ីប និង ហែក​កំទេច​ដែល​ពុំ​ដូច​ជា​ព្រះគម្ពីរ​ដទៃ​ទៀត​ឡើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សាសនា​សម័យ​ទំនើប​នេះ—ប្រហែល​ជា​ពុំ​ដូច​ជា​ព្រះគម្ពីរ​ដទៃ​ទៀត​នៅ​ប្រវត្តិសាស្ត្រ​សាសនា ណាមួយ ឡើយ ។ ហើយ​វា​នៅ​តែ​ឈរ​យ៉ាង​រឹងមាំ ។ ទ្រឹស្តី​ខុសឆ្គង​អំពី​ប្រភព​របស់​វា​បាន​កើត​ឡើង ហើយ​ត្រាប់​តាម ហើយ​ក៏​រលុត​បាត់​ទៅ—ចាប់តាំង​ពី អ៊ីថាន ស្ម៊ីធ រហូត​ដល់ សូឡូម៉ូន ស្ប៉ៅដ្លីង ដែល​ជា​អ្នក​និពន្ធ​ដែល​ឆ្កួត​លីលា និង មាន​ទេពកោសល្យ​ដែល​ពោរពេញ​ដោយ​ល្បិចកល​ដ៏​ប៉ិនប្រសប់ ។ គ្មាន​ចម្លើយ​ណា​មួយ​នៃ​ចម្លើយ​ដ៏​គួរ​ឲ្យ​រំភើប​ទាំង​នេះ សម្រាប់​គម្ពីរ​នេះ ដែល​ឆ្លង​កាត់​ផុត​ការត្រួត​ពិនិត្យ​នោះ​ទេ ព្រោះ គ្មាន​ចម្លើយ​ណា​ផ្សេង​ទៀត ជាជាង​ចម្លើយ​ដែល​យ៉ូសែប បាន​ផ្ដល់​ឲ្យ​ក្នុង​នាម​ជា​អ្នក​បកប្រែ​ក្មេង​ខ្ចី​ដែល​គ្មាន​ការអប់រំ​នោះ​ទេ ។ ក្នុង​ការណ៍​នេះ​ខ្ញុំ​សូម​ឈរ​ជាមួយ​ជីតាទួត​របស់​ខ្ញុំ​ដែល​បាន​មាន​ប្រសាសន៍​តែ​ប៉ុណ្ណេះ​ថា ‹ គ្មាន​មនុស្ស​ទុច្ចរិត​ណា​អាច​សរសេរ​សៀវភៅ​ដូចនេះ​បាន​ឡើយ ហើយ​ក៏​ពុំ​មាន​មនុស្ស​សុចរិត​នឹង​សរសេរ​វា​ដែរ លុះត្រាណា​តែ​វា​ជា​ការពិត ហើយ​គាត់​ត្រូវ​បាន​បញ្ជា​ដោយ​ព្រះ​ឲ្យ​ធ្វើ​ដូច្នោះ › » (Safety for the Soul, EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៩ ) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ចាំ​ថា​ពួក​មារសត្រូវ​សម័យ​ទំនើប​នៃ​សាសនាចក្រ​តែងតែ​ព្យាយាម​មិន​ឲ្យ​តម្លៃ​លើ​ព្រះគម្ពីរ​មរមន ?

  • តើ​សេចក្តី​ថ្លែងការណ៍​ដោយ​ជីតាទួត​របស់​អែលឌើរ ហូឡិន​គាំទ្រ​សេចក្តី​ពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន​យ៉ាង​ដូចម្តេច​ដែរ ?

ជា​ឧទាហរណ៍​អ្នក​អាច​ចង់​ពន្យល់​ថា​របៀប​មួយ​ដែល​មារសត្រូវ​បច្ចុប្បន្ន​នៃ​សាសនាចក្រ​ព្យាយាម​មិន​ផ្តល់​តម្លៃ​ដល់​ព្រះគម្ពីរ​មរមន​នោះ​គឺ​តាមរយៈ​ការប្រើប្រាស់​ភស្តុតាង​ឌី.អិន.អេ ដើម្បី​ព្យាយាម​មិន​ផ្តល់​តម្លៃ​ដល់​តំណ​រវាង​មនុស្ស​ក្នុង​ព្រះគម្ពីរ​មរមន និង ប្រជាជន​អាមេរិកកាំង​ដើម ។ បើសិន​សិស្ស​មាន​សំណួរ​អំពី​បញ្ហា​នេះ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អាន​អត្ថបទ​ប្រធាន​បទ​ដំណឹង​ល្អ « ព្រះគម្ពីរ​មរមន និង ការសិក្សា​ឌី.អិន.អេ. » ដែល​អាច​រក​បាន​នៅ​គេហទំព័រ lds.org/topics ។

សូម​តោងជាប់​នូវ​អ្វី​ដែល​អ្នក​ដឹង​ថា​វាពិត

សូម​ឲ្យ​សិស្ស​នឹកគិត​ថា មិត្ត​ម្នាក់​បាន​និយាយ​ថា​គាត់​បាន​ឮ​អ្វី​មួយ​ដែល​ហាក់​ដូច​ជា​ផ្ទុយ​នឹង​ភាព​ពិតពេញលេញ​នៃ​ព្រះគម្ពីរមរមន ។

  • តើ​អ្នក​នឹង​ផ្តល់​យោបល់​អ្វី​ខ្លះ​ទៅ​កាន់​មិត្តភក្តិ​របស់​អ្នក​នោះ ?

  • តើ​ទីបន្ទាល់​របស់​អ្នក​ដែល​ថា​ព្រះគម្ពីរ​មរមន​ពិត​អាច​ជួយ​អ្នក នៅពេល​អ្នក​ត្រូវ​បាន​ប្រឈម​មុខ​ដោយ​ការរិះគន់​អំពី​ព្រះគម្ពីរ​មរមន​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ក្នុង​វេលា…​នៃ​ការ​ភ័យខ្លាច ឬ​ការសង្ស័យ ឬ​ពេល​ដែល​មាន​បញ្ហា សូម​កាន់ខ្ជាប់​ទៅនឹង​ទីតាំង​ដែល​អ្នក​បាន​ឈ្នះ​រួច​ហើយ បើទោះ​បី​ជា​ទីតាំង​នោះ​មាន​កំណត់​ក្ដី ។ …ពេល​គ្រាទាំង​នោះ​មក​ដល់ ហើយបញ្ហា​បញ្ចេញ​នៅ​ផ្ទៃ​ខាងលើ ដំណោះ​ស្រាយ​មិន​កើត​ភ្លាម​ទេ សូម​កាន់​ខ្ជាប់​ទៅនឹង​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​ហើយ ហើយ​ឈរ​យ៉ាង​រឹង​មាំ រហូត​ដល់​ចំណេះ​ដឹង​បន្ថែម​ទៀត​មក​ដល់» (« ខ្ញុំ​ជឿ​ហើយ លោកម្ចាស់​អើយ » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ​៩៣–៩៤ ) ។

  • តើ​អ្នក​អាច​អនុវត្ត​សេចក្តី​ថ្លែងការណ៍​របស់ អែលឌើរ ហូឡិន​យ៉ាង​ដូចម្តេច​នៅពេល​អ្នក​ប្រឈម​មុខ​នឹង​សំណួរ​អំពី​ការទទួល​ស្គាល់​ព្រះគម្ពីរ​មរមន​នោះ ? ( សិស្ស​អាច​ផ្តល់​ចម្លើយ​ផ្សេងៗ​គ្នា ប៉ុន្តែ​អ្នក​អាច​ចង់​គូស​បញ្ជាក់​គោលការណ៍​ដូចខាង​ក្រោម​នេះ ៖ នៅពេល​យើង​ប្រឈម​មុខ​នឹង​សំណួរ ឬ ការសង្ស័យ​អំពី​ដំណឹង​ល្អ នោះ​យើង​គួរតែ​តោងជាប់​ទៅ​នឹង​អ្វី​ដែល​យើង​ដឹង​ថា​វា​ពិត ហើយ​ទុកចិត្ត​ថា​យើង​អាច​ស្វែងរក​ចម្លើយ​តាមរយៈ​ការសិក្សា​បន្ថែម​ទៀត​នៅពេល​ខាង​មុខ) ។

  • តើ​សេចក្តីពិត​អ្វី​ខ្លះ​ដែល​អ្នក​បាន​ដឹង​អំពី​ព្រះគម្ពីរមរមន និង គោលការណ៍​ដែល​វា​មាន​នោះ ? តើ​អ្នក​អាច​ទទួល​បាន​ចំណេះ​ដឹង​នោះ​យ៉ាង​ដូចម្តេច ?

សូម​បញ្ចប់​មេរៀន​ដោយ​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​គ្រប់​រូប​គួរតែ​ធ្វើការសិក្សា​ព្រះគម្ពីរ​មរមន​ពេញ​មួយ​ជីវិត​ខ្លួន ។ បើមិន​ដូច្នោះ​ទេ គេ​កំពុង​តែ​ដាក់​ព្រលឹង​ខ្លួន​ក្នុង​គ្រោះថ្នាក់ និង ការធ្វេស​ប្រហែស​ដែល​អាច​ផ្តល់​ភាព​រួមគ្នា​ខាង​វិញ្ញាណ និង បញ្ញា​ពេញ​មួយ​ជីវិត​របស់​ខ្លួន​ទាំងមូល ។ មាន​ភាពខុសគ្នា​រវាង​អ្នក​ប្រែចិត្តជឿ​ដែល​សាងសង់​លើ​ថ្ម​នៃ​ព្រះគ្រីស្ទ តាមរយៈ​ព្រះគម្ពីរ​មរមន ហើយ​កាន់ខ្ជាប់​ដំបងដែក​នោះ និង អ្នក​ដែល​មិន​បាន​ធ្វើ​ដូចនោះ » (« The Book of Mormon Is the Word of God » Ensign, ខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។

  • តើ​ការសិក្សា​ព្រះគម្ពីរ​មរមន​ជា​ទៀងទាត់​ បាន​ការពារ​អ្នក​ទាស់​នឹង​អស់​អ្នក​ដែល​ចង់​បំផ្លាញ​សេចក្តី​ជំនឿ​របស់​អ្នក​ដោយ​របៀប​ណា ?

សូម​ថ្លែង​ទីបន្ទាល់​ពី​សេចក្តី​ពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។ សូម​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន បាន​មាន​ឥទ្ធិពល​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ផ្តល់​អាទិភាព​កាន់តែ​ច្រើន​ឡើង​ដើម្បី​សិក្សា​ព្រះគម្ពីរ​មរមន ។ សូម​រំឭក​សិស្ស​អំពី​ការសន្យា​របស់​មរ៉ូណៃ​ដែល​មាន​នៅក្នុង មរ៉ូណៃ ១០:៣–៥ថា​អស់​អ្នក​ដែល​មាន​បំណង​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​មរមន​អាច​ធ្វើ​ដូច្នោះ​បាន​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ និង អធិស្ឋាន​អំពី​ភាពពិត​ដ៏​ពេញលេញ​របស់​វា ។

ការអាន​របស់​សិស្ស