ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ៣ ៖ មេរៀនទី ២—ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌


« ជំពូក​ទី ៣ ៖ មេរៀនទី ២—ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ជំពូក​ទី ៣ ៖ មេរៀន​ទី ២ » ប្រកាស​ដំណឹងល្អ​របស់​យើង

ជំពូក​ទី ៣ ៖ មេរៀនទី ២

ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌

រូបភាព
រូបសំណាក​ព្រះគ្រីស្ទ

មនុស្ស​អាច​ងឿងឆ្ងល់

  • តើ​គោលបំណង​នៃ​ជីវិត​នេះ​គឺ​ជា​អ្វី ?

  • តើ​ខ្ញុំ​មក​ពី​ណា ?

  • តើ​ពិត​ជា​មាន​ព្រះ​ដែល​ខ្វល់ខ្វាយ​ព្រះទ័យ​អំពី​ខ្ញុំ​ឬ ? តើ​ខ្ញុំ​អាច​មាន​អារម្មណ៍​ថា​ទ្រង់​ខ្វាល់ខ្វាយ​ព្រះទ័យ​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​ជឿ​លើ​ព្រះ​ដោយ​របៀប​ណា ពេល​មាន​រឿង​អាក្រក់​ជា​ច្រើន​កើត​ឡើង​នោះ ?

  • ហេតុអ្វី​បានជា​ពេលខ្លះ​ជីវិត​មាន​ការលំបាក​ខ្លាំង​ម៉្លេះ ? តើ​ខ្ញុំ​អាច​ទទួល​បាន​កម្លាំង​នៅ​អំឡុង​គ្រា​ទាំងនេះ​ដោយ​របៀប​ណា ?

  • តើ​ខ្ញុំ​អាច​ធ្វើជា​មនុស្ស​ដ៏ល្អ​ប្រសើរ​ម្នាក់​ដោយ​របៀប​ណា ?

  • តើ​នឹង​មាន​អ្វី​កើតឡើង បន្ទាប់ពី​ខ្ញុំ​ស្លាប់​ទៅ ?

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ​ជួយ​យើង​ឆ្លើយ​សំណួរ​សំខាន់ៗ​នៃ​ព្រលឹង ។ តាមរយៈ​ដំណឹងល្អ យើង​រៀន​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង និង​សក្ដានុពល​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះ ។ ដំណឹងល្អ​ផ្តល់​ឲ្យ​យើង​នូវ​ក្តីសង្ឃឹម និង​ជួយ​យើង​ស្វែងរក​សេចក្តីសុខសាន្ត សុភមង្គល និង​អត្ថន័យ ។ ការរស់នៅ​តាម​ដំណឹងល្អ​ជួយ​យើង​រីកចម្រើន និង​ទទួល​បាន​កម្លាំង នៅពេល​យើង​ប្រឈមមុខ​នឹង​បញ្ហា​ក្នុង​ជីវិត ។

ព្រះ​ចង់​ឲ្យ​អ្វី​ដែល​ល្អ​បំផុត​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​មាន​ព្រះទ័យ​ប្រទាន​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​ដល់​យើង ដែល​ជា​ជីវិត​អមតៈ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ( សូមមើល ម៉ូសេ ១:៣៩; គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤:៧ ) ។ ដោយសារ​ទ្រង់​ស្រឡាញ់​យើង ទ្រង់​បាន​រៀបចំ​ផែនការ​សម្រាប់​យើង​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ ។ នៅក្នុង​ព្រះគម្ពីរ ផែនការ​នេះ​ត្រូវបាន​ហៅថា ផែនការ​នៃ​សេចក្តីសង្គ្រោះ ផែនការ​នៃ​សុភមង្គល​ដ៏​អស្ចារ្យ និង​ផែនការ​នៃ​សេចក្តី​ប្រោសលោះ ( សូមមើល អាលម៉ា ៤២:៥, ៨, ១១, ១៣, ១៥, ១៦, ៣១ ) ។

នៅក្នុង​ផែនការ​របស់​ព្រះ យើង​ម្នាក់ៗ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​មុន​ឆាក​ជីវិតនេះ កំណើត ជីវិត​រមែង​ស្លាប់ សេចក្ដី​ស្លាប់ និង​ជីវិត​បន្ទាប់​ពី​សេចក្ដី​ស្លាប់ ។ ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​អ្វី​ដែល​យើង​ត្រូវការ​ក្នុង​អំឡុង​ដំណើរ​នេះ ដើម្បី​ឲ្យ​បន្ទាប់​ពី​យើង​ស្លាប់ទៅ នោះ​យើង​អាច​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​របស់​ទ្រង់​វិញ ហើយ​ទទួល​បាន​ភាពពេញលេញ​នៃ​អំណរ ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​ដ៏​សំខាន់​នៅក្នុង​ផែនការ​របស់​ព្រះ ។ តាមរយៈ​ដង្វាយធួន និង​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់ទ្រង់ ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​វា​អាច​ដំណើរការ​ទៅ​បាន​សម្រាប់​យើង​ម្នាក់ៗ ដើម្បី​ទទួល​បាន​ជីវិត​អមតៈ និង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។

ក្នុង​អំឡុងពេល​ជីវិត​របស់យើង​នៅលើ​ផែនដី យើង​មិន​ចងចាំ​ជីវិត​មុន​ឆាក​ជីវិត​នេះ​របស់​យើង​ទេ ។ យើង​ក៏​មិន​យល់​ច្បាស់​ទាំងស្រុង​អំពី​ជីវិត​បន្ទាប់ពី​ការស្លាប់​ដែរ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ព្រះ​បានបើក​សម្តែង​សេចក្តី​ពិត​ជាច្រើន​អំពី​ផ្នែក​ទាំងនេះ​នៃ​ដំណើរ​ដ៏​នៅ​អស់កល្ប​របស់យើង ។ សេចក្តីពិត​ទាំងនេះ​ផ្តល់​ចំណេះដឹង​គ្រប់គ្រាន់​សម្រាប់​យើង​ដើម្បី​យល់​អំពី​គោលបំណង​នៃ​ជីវិត ទទួល​បាន​អំណរ និង​ដើម្បី​មាន​ក្តីសង្ឃឹម​ថា​រឿងល្អៗ​នឹង​កើតឡើង ។ ចំណេះដឹង​នេះ​ជា​កំណប់​ទ្រព្យ​ដ៏​ពិសិដ្ឋ​ដើម្បី​ដឹកនាំ​យើង​ពេល​យើង​នៅ​លើ​ផែនដី ។

យោបល់​សម្រាប់​ការបង្រៀន

ផ្នែក​នេះ​ផ្តល់​នូវ​គ្រោង​គំរូ ដើម្បី​ជួយ​អ្នក​រៀបចំ​បង្រៀន ។ វា​ក៏​រួម​បញ្ចូល​ផងដែរ​នូវ​ឧទាហរណ៍​នៃ​សំណួរ និង​ការអញ្ជើញ​ដែល​អ្នក​អាច​ប្រើ ។

នៅពេល​អ្នក​រៀបចំ​បង្រៀន សូម​ពិចារណា​អំពី​ស្ថានភាព និង​តម្រូវការ​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់ៗ​ដោយ​ការអធិស្ឋាន ។ សូម​សម្រេច​ចិត្ត​ថាតើ​អ្វី​ដែល​មាន​អត្ថប្រយោជន៍​បំផុត​ដើម្បី​បង្រៀន ។ សូម​រៀបចំ​ដើម្បី​ឲ្យ​និយមន័យ​នៃ​ពាក្យ​ដែលអ្នករៀន​ប្រហែលជា​មិន​យល់ ។ សូម​រៀបចំ​ផែនការ​ទៅ​តាម​ពេលវេលា​ដែល​អ្នក​មាន ដោយ​ចងចាំ​ថា ត្រូវ​បង្រៀន​មេរៀន​ដោយ​សង្ខេបៗ ។

សូម​ជ្រើសរើស​បទគម្ពីរ​ដើម្បី​ប្រើ​ពេល​អ្នក​បង្រៀន ។ « មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ » ផ្នែក​នៃ​មេរៀន​នេះ រួម​មាន​បទគម្ពីរ​ដែល​មាន​អត្ថប្រយោជន៍​ជាច្រើន ។

សូម​ពិចារណា​ថាតើ​សំណួរ​ណា​ដែល​ត្រូវ​សួរ​នៅពេល​អ្នក​បង្រៀន ។ សូម​ដាក់​ផែនការ​ដើម្បី​ផ្ដល់​ការអញ្ជើញ ដែល​នឹង​លើក​ទឹក​ចិត្ត​មនុស្ស​ម្នាក់ៗ​ឲ្យ​ធ្វើ​សកម្មភាព ។

សង្កត់ធ្ងន់​លើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ ហើយ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​អ្វី​ដែល​អ្នក​បង្រៀន ។

រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​គ្រួសារ​មួយ

អ្វី​ដែល​អ្នក​អាច​បង្រៀន​អ្នក​រៀន​ក្នុង​រយៈពេល ១៥–២៥ នាទី

សូម​ជ្រើសរើស​គោលការណ៍​ដូច​ខាងក្រោម​មួយ ឬ​ច្រើន​អំពី​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​ដើម្បី​បង្រៀន ។ មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ​សម្រាប់​គោលការណ៍​នីមួយៗ​ត្រូវ​បាន​ផ្តល់​ជូន​បន្ទាប់ពី​គម្រោង​នេះ ។

ជីវិត​មុន​ផែនដី ៖ ព្រះរាជបំណង និង​ផែនការ​របស់​ព្រះ​សម្រាប់​យើង

  • យើង​ទាំងអស់​គ្នា​គឺជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ ។ ព្រះ​បាន​បង្កើត​យើង​តាម​រូប​អង្គទ្រង់​ផ្ទាល់ ។

  • យើង​បាន​រស់​នៅ​ជាមួយ​ទ្រង់ ពីមុន​យើង​បាន​មក​ចាប់​កំណើត​នៅ​លើ​ផែនដី ។ យើង​គឺជា​សមាជិក​គ្រួសារ​របស់​ទ្រង់ ។ ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​យើង​ម្នាក់ៗ ។

  • ព្រះ​បាន​ប្រទាន​ផែនការ​មួយ​សម្រាប់​សុភមង្គល និង​ការរីកចម្រើន​របស់​យើង​ក្នុង​ជីវិត​នេះ និង​ក្នុង​ភាព​អស់កល្ប​ជានិច្ច ។

  • នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ យើង​បាន​ជ្រើសរើស​ដើម្បី​ធ្វើ​តាម​ផែនការ​របស់​ព្រះ ។ ការណ៍នេះ​មាន​ន័យ​ថា​មក​កាន់​ផែនដី ដើម្បី​ឲ្យ​យើង​អាច​បោះ​ជំហាន​បន្ទាប់​ក្នុង​ការរីកចម្រើន​ដ៏​នៅ​អស់កល្ប​របស់​យើង ។

  • ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​ដ៏​សំខាន់​នៅក្នុង​ផែនការ​របស់​ព្រះ ។ ទ្រង់​ធ្វើ​ឲ្យ​យើង​អាច​មាន​ជីវិត​អមតៈ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន ។

ការបង្ក​បង្កើត

  • ក្រោម​ការដឹកនាំ​របស់​ព្រះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ផែនដី​នេះ ។

ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា

  • លោក​អ័ដាម និង​នាង​អេវ៉ា គឺ​ជា​បុត្រាបុត្រី​ដំបូង​របស់​ព្រះ​ដែល​បាន​មក​កាន់​ផែនដី​នេះ ។ ព្រះ​បាន​បង្កើត​រូបកាយ​របស់​ពួកលោក ហើយ​ដាក់​ពួកលោក​នៅក្នុង​សួនច្បារ​អេដែន ។

  • លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ធ្វើ​អំពើ​រំលង ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សួនច្បារ​នេះ ហើយ​ត្រូវ​បានបែក​ចេញ​ពី​វត្តមាន​របស់​ព្រះ ។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ហៅ​ថា ការធ្លាក់ ។

  • បន្ទាប់ពី​ការធ្លាក់ លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ប្រែជា​មតៈ ។ ក្នុង​នាម​ជា​មនុស្ស​រមែង​ស្លាប់ ពួកលោក​អាច​រៀន រីកចម្រើន និង​មាន​កូនចៅ ។ ពួកលោក​ក៏​បាន​ឆ្លងកាត់​នូវ​ទុក្ខសោក អំពើបាប និង​សេចក្តីស្លាប់​ផងដែរ ។

  • ការធ្លាក់​គឺជា​ជំហាន​ឆ្ពោះ​ទៅមុខ​សម្រាប់​មនុស្សលោក ។ ការធ្លាក់​បាន​ធ្វើ​ឲ្យ​យើង​អាច​កើត​នៅលើ​ផែនដី ហើយ​រីកចម្រើន​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

ជីវិត​របស់​យើង​នៅលើ​ផែនដី

  • នៅក្នុង​ផែនការ​របស់​ព្រះ យើង​ត្រូវ​មក​ផែនដី ដើម្បី​ទទួល​រូបកាយ រៀន និង​រីកចម្រើន ។

  • នៅលើ​ផែនដី​យើង​រៀន​ដើរ​ដោយ​សេចក្តី​ជំនឿ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះវរបិតាសួគ៌​មិន​បាន​ទុក​ឲ្យ​យើង​នៅ​តែ​ម្នាក់​ឯង​នោះ​ទេ ។ ទ្រង់​បាន​ប្រទាន​អំណោយទាន និង​ការណែនាំ​ជា​ច្រើន​ដើម្បី​ជួយ​យើង​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​របស់​ទ្រង់​វិញ ។

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

  • យើង​ម្នាក់ៗ​មាន​បាប ហើយ​យើង​ម្នាក់ៗ​នឹង​ត្រូវ​ស្លាប់ ។ ដោយសារ​ព្រះ​ស្រឡាញ់​យើង ទ្រង់​បានបញ្ជូន​ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​ផែនដី ដើម្បី​ប្រោសលោះ​យើង​ពី​អំពើបាប និង​សេចក្ដីស្លាប់ ។

  • ដោយសារ​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ យើង​​ត្រូវ​បាន​អភ័យទោស និង​បានជ្រះ​ស្អាត​ពី​អំពើបាប​របស់​យើង ។ ដួងចិត្ត​របស់​យើង​អាច​ត្រូវ​បានផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅពេល​ដែល​យើង​ប្រែចិត្ត ។ ការណ៍​នេះ​នាំ​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ ហើយ​ទទួល​បាន​ភាពពេញលេញ​នៃ​អំណរ ។

  • ដោយសារ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះ​យេស៊ូវ យើង​ទាំងអស់​គ្នា​នឹង​រស់ឡើងវិញ​បន្ទាប់ពី​សេចក្តី​ស្លាប់ ។ ការណ៍​នេះ​មាន​ន័យ​ថា វិញ្ញាណ និង​រូបកាយ​របស់​មនុស្ស​ម្នាក់ៗ​នឹង​បាន​រួបរួម​គ្នា​ឡើងវិញ ហើយ​យើង​ម្នាក់ៗ​នឹង​រស់នៅ​ជា​រៀង​រហូត ដោយ​មាន​រូបកាយ​រស់ឡើងវិញ​ដ៏​ឥតខ្ចោះ ។

  • ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រទាន​ការលួងលោម ក្តីសង្ឃឹម និង​ការ​ព្យាបាល ។ ការពលិកម្ម​ធួន​របស់​ទ្រង់​គឺជា​ការបង្ហាញ​សេចក្តី​ស្រឡាញ់​ដ៏​ឧត្តុង្គឧត្តម​របស់​ទ្រង់ ។ អ្វីៗ​ទាំងអស់​ដែល​អយុត្តិធម៌​នៅក្នុង​ជីវិត​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ពិភព​វិញ្ញាណ

  • នៅពេល​ដែល​រូបកាយ​របស់យើង​ស្លាប់ វិញ្ញាណ​របស់​យើង​នៅតែ​បន្ត​រស់នៅ​ក្នុង​ពិភពវិញ្ញាណ ។ នេះ​គឺជា​ស្ថានភាព​បណ្ដោះ​អាសន្ន​នៃ​ការរៀនសូត្រ និង​ការរៀបចំ​មុន​ការរស់ឡើងវិញ ។

  • ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​បង្រៀន​នៅក្នុង​ពិភពវិញ្ញាណ ហើយ​យើង​អាច​បន្ត​លូតលាស់ និង​រីកចម្រើន ។

ការរស់​ឡើងវិញ សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង

  • បន្ទាប់ពី​ពេលវេលា​របស់​យើង​នៅក្នុង​ពិភពវិញ្ញាណ ការរស់ឡើងវិញ​គឺជា​ជំហាន​បន្ទាប់​នៅក្នុង​ដំណើរ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់យើង ។

  • ការរស់ឡើងវិញ​គឺជា​ការរួបរួម​គ្នា​នៃ​វិញ្ញាណ និង​រូបកាយ​របស់យើង ។ យើង​ម្នាក់ៗ​នឹង​រស់ឡើងវិញ ហើយ​មាន​រូបកាយ​ដ៏​ល្អ​ឥតខ្ចោះ ។ យើង​នឹង​រស់នៅ​ជា​រៀង​រហូត ។ ការណ៍នេះ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ដង្វាយធួន និង​ការរស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។

សេចក្ដី​ជំនុំ​ជម្រះ និង​នគរ​នៃ​សិរីល្អ

  • នៅពេល​យើង​រស់ឡើងវិញ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ​ជា​ចៅក្រម​របស់យើង ។ ដោយ​មាន​ករណី​លើកលែង​តិចតួច​បំផុត បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់​នឹង​ទទួល​បានកន្លែង​មួយ​នៅក្នុង​នគរ​នៃ​សិរីរុងរឿង ។

  • ទោះ​ជា​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់ឡើងវិញ​ក៏​ដោយ ក៏​យើង​ទាំង​អស់​គ្នា​នឹង​មិន​ទទួល​បាន​សិរី​ល្អ​ដ៏​នៅអស់​កល្ប​ជានិច្ច​នោះ​ទេ ។ ព្រះ​យេស៊ូវ​នឹង​ជំនុំជម្រះ​យើង​តាម​សេចក្ដី​ជំនឿ កិច្ចការ និង​ការប្រែចិត្ត​របស់​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ និង​ក្នុង​ពិភព​វិញ្ញាណ ។ យើង​អាច​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ទី​វត្តមាន​របស់​ព្រះ​វិញ បើ​យើង​ស្មោះ​ត្រង់ ។

សំណួរ​ដែល​អ្នក​អាច​សួរ​ទៅ​មនុស្ស

សំណួរ​ដូច​តទៅ​នេះ​គឺជា​ឧទាហរណ៍​នានា​ពី​អ្វី​ដែល​អ្នក​អាច​សួរ​ទៅកាន់​មនុស្ស ។ សំណួរ​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ការសន្ទនា​ប្រកប​ដោយ​អត្ថន័យ និង​យល់​ពី​តម្រូវការ និង​ទស្សនៈ​របស់​បុគ្គល​ម្នាក់ ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ពី​គោលបំណង​នៃ​ជីវិត​នេះ ?

  • តើ​អ្វី​ដែល​នាំ​មក​នូវ​សុភមង្គល​ដល់​អ្នក ?

  • តើ​ឧបសគ្គ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវការ​ព្រះ​ដើម្បី​ជួយ​អ្នក ?

  • តើ​អ្នក​បាន​រៀនអ្វី​ខ្លះ​ពី​បញ្ហា​ប្រឈម​ដែល​អ្នក​បាន​ប្រឈមមុខ ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? តើ​ជីវិត និង​បេសកកម្ម​របស់​ទ្រង់​បាន​ជះឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

ការអញ្ជើញ​ដែល​អ្នក​អាច​ធ្វើ

  • តើ​អ្នក​នឹង​ទូល​សួរ​ព្រះ​ក្នុង​ការអធិស្ឋាន​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ថា​អ្វី​ដែល​ពួកយើង​បាន​បង្រៀន​គឺជា​ការពិត​ដែរ​ឬ​ទេ ? ( សូមមើល « ការយល់ដឹង​អំពី​ការបង្រៀន ៖ ការអធិស្ឋាន » នៅក្នុង​ផ្នែក​ចុងក្រោយ​នៃ​មេរៀន​ទី១ ) ។

  • តើ​អ្នក​នឹង​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ជាមួយ​ពួក​ខ្ញុំ​ដើម្បី​រៀន​បន្ថែម​អំពី​អ្វី​ដែល​ពួក​ខ្ញុំ​បាន​បង្រៀន​ដែរ​ឬ​ទេ ?

  • តើ​អ្នក​នឹង​អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​ដើម្បី​ដឹង​ថា​វា​ជា​ព្រះបន្ទូល​របស់​ព្រះ​ដែរ​ឬ​ទេ ? ( អ្នក​អាច​ណែនាំ​ជំពូក ឬ​ខគម្ពីរ​ជាក់លាក់ ) ។

  • តើ​អ្នក​នឹង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ ហើយ​ទទួល​បុណ្យជ្រមុជទឹក​ដែរ​ឬ​ទេ ? ( សូមមើល « ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ » ដែល​ធ្វើ​ឡើង​ភ្លាមៗ​មុន​មេរៀន​ទី ១ នេះ ) ។

  • តើ​ពួកខ្ញុំ​អាច​កំណត់ពេល​វេលា​សម្រាប់​ណាត់ជួប​លើក​ក្រោយ​បាន​ដែរ​ឬ​ទេ ?

រូបភាព
ក្រាហ្វិក​ផែនការ​នៃ​សេចក្តី​សង្រ្គោះ

មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ

ផ្នែក​នេះ​ផ្តល់​នូវ​គោលលទ្ធិ និង​បទគម្ពីរ​សម្រាប់​អ្នក​ដើម្បី​សិក្សា ដើម្បី​ពង្រឹង​ចំណេះដឹង និង​ទីបន្ទាល់​របស់អ្នក​អំពី​ដំណឹងល្អ និង​ដើម្បី​ជួយ​អ្នក​បង្រៀន ។

រូបភាព
កាឡាក់ស៊ី

ជីវិត​មុន​ផែនដី ៖ ព្រះរាជបំណង និង​ផែនការ​របស់​ព្រះ​សម្រាប់​យើង

យើង​ជា​បុត្រាបុត្រី​របស់​ព្រះ ហើយ​យើង​រស់នៅ​ជាមួយ​ទ្រង់​មុន​កំណើត​របស់​យើង

ទ្រង់​គឺ​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង ។ យើង​ពិត​ជា​បុតាបុត្រី​របស់​ទ្រង់ ដែល​បាន​បង្កើត​ឡើង​តាម​រូប​អង្គ​ទ្រង់ ។ យើង​ម្នាក់ៗ​មាន​សក្តានុពល​ដ៏​ទេវភាព ក្នុងនាម​ជា​បុត្រ​របស់​ព្រះ ។ ចំណេះដឹង​នេះ​អាច​ជួយ​យើង​ឆ្លងកាត់​គ្រា​លំបាក និង​អាច​ជំរុញ​យើង​ឲ្យ​ធ្វើជា​មនុស្ស​ល្អ​អស់ពី​លទ្ធភាព​របស់​យើង ។

យើង​បាន​រស់​នៅ​ជាមួយ​ព្រះ​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់​ពីមុន​យើង​បាន​កើត​នៅលើ​ផែនដី ។ យើង​គឺជា​សមាជិក​គ្រួសារ​របស់​ទ្រង់ ។

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

« មាន​អត្តសញ្ញាណ​សំខាន់​មួយ​ដែល​យើង​ទាំងអស់​គ្នា​មាន​ដូច​គ្នា​នៅពេល​នេះ និង​ជា​រៀងរហូត​ទៅ ជា​អត្តសញ្ញាណ​មួយ​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ ហើយ​ជា​អត្តសញ្ញាណ​មួយ​ទៀត​ដែល​យើង​គួរ​ដឹងគុណ​ចំពោះ ។ នោះ​គឺ​ថា​អ្នក​គឺ​ជា​បុត្រាបុត្រី​របស់​ព្រះ​ជានិច្ច​ដែល​មាន​ឫសគល់​ខាង​វិញ្ញាណ​ក្នុង​ភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

« … ការយល់ដឹង​ពី​សេចក្ដី​ពិត​នេះ——គឺជា​ការយល់​ដឹង​ពិតប្រាកដ ហើយ​ឱបក្រសោប​យក​វា—នោះ​វាគឺជា​ការផ្លាស់ប្តូរ​ជីវិត ។ វា​ផ្តល់​ឲ្យ​អ្នក​នូវ​អត្តសញ្ញាណ​ដ៏​វិសេសវិសាល​ដែល​គ្មាន​នរណា​ម្នាក់​អាច​ដក​ចេញពី​ខ្លួន​អ្នក​បាន​ឡើយ ។ ប៉ុន្តែ​លើស​ពីនោះ វា​គួរតែ​ផ្តល់​ឲ្យ​អ្នក​នូវ​អារម្មណ៍​នៃ​តម្លៃ​ដ៏​ធំធេង និង​ស្មារតី​នៃ​គុណសម្បត្តិ​ដ៏​នៅ​ជា​និរន្តរ៍​របស់​អ្នក ។ នៅ​ទីបំផុត វា​ផ្ដល់​ឲ្យ​អ្នក​នូវ​គោលបំណង​នៃ​ជីវិត​ដ៏​ទេវភាព ភាពថ្លៃថ្នូរ និង​ភាពស័ក្ដិសម​នៅក្នុង​ជីវិត » ( អិម រ័សុល បាឡឺដ « Children of Heavenly Father » [ Brigham Young University devotional នៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ ] ទំព័រ ២ គេហទំព័រ speeches.byu.edu ) ។

យើង​ជ្រើសរើស​មក​កាន់​ផែនដី

ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​យើង ហើយ​មាន​ព្រះទ័យ​ឲ្យ​យើង​បាន​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ព្រះអង្គ​ជា​អង្គ​ដែល​តម្កើង​ឡើង ដោយ​មាន​ព្រះ​កាយ​ដ៏​រុងរឿង ។

នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​របស់យើង យើង​បាន​រៀន​ថា ព្រះ​មាន​ផែនការ​សម្រាប់​យើង​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។ ផ្នែក​មួយ​នៃ​ផែនការ​របស់​ទ្រង់​គឺ​ថា​យើង​នឹង​ចាកចេញ​ពី​ផ្ទះ​នៅ​ស្ថានសួគ៌​របស់​យើង ហើយ​មក​ផែនដី​ដើម្បី​ទទួល​រូបកាយ ។ យើង​ក៏​ត្រូវការ​ដើម្បី​ទទួល​បាន​បទពិសោធ និង​អភិវឌ្ឍ​សេចក្តីជំនឿ​ក្នុង​អំឡុងពេល​ដែល​នៅ​ឆ្ងាយ​ពី​វត្តមាន​របស់​ព្រះ ។ យើង​នឹង​មិន​ចាំ​ពី​ការរស់នៅ​ជាមួយ​ព្រះ​ទេ ។ ទោះ​ជា​យ៉ាង​ណា ទ្រង់​នឹង​ប្រទាន​ឲ្យ​នូវ​អ្វី​ដែល​យើង​ត្រូវការ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​វិញ ។

សិទ្ធិជ្រើសរើស ឬ​សេរីភាព និង​សមត្ថភាព​ក្នុង​ការជ្រើសរើស គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ​សម្រាប់​យើង ។ នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​របស់យើង យើង​ម្នាក់ៗ​បាន​ជ្រើសរើស​ធ្វើ​តាម​ផែនការ​របស់​ព្រះ ហើយ​មក​ផែនដី ដើម្បី​យើង​អាច​បោះ​ជំហាន​បន្ទាប់​នៅក្នុង​ដំណើរ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។ យើង​យល់​ថា​ខណៈ​ដែល​យើង​នៅ​ទីនេះ យើង​នឹង​មាន​ឱកាស​ថ្មីៗ​ជាច្រើន​ដើម្បី​រីកចម្រើន និង​ទទួល​បាន​បទពិសោធន៍​រីករាយ ។ យើង​ក៏​យល់​ដែរ​ថា យើង​នឹង​ប្រឈម​មុខ​នឹង​ការផ្ទុយ ។ យើង​នឹង​ឆ្លងកាត់​ការល្បួង ការសាកល្បង ទុក្ខព្រួយ និង​សេចក្ដីស្លាប់ ។

ក្នុង​ការជ្រើសរើស​មក​កាន់​ផែនដី​នេះ យើង​បាន​ទុក​ចិត្ត​លើ​សេចក្ដី​ស្រឡាញ់ និង​ជំនួយ​របស់​ព្រះ ។ យើង​បាន​ទុក​ចិត្ត​លើ​ផែនការ​របស់​ទ្រង់​សម្រាប់​ការ​សង្គ្រោះ​របស់​យើង ។

ព្រះវរបិតាសួគ៌​បាន​ជ្រើស​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ធ្វើ​ជា​ព្រះប្រោសលោះ​របស់​យើង

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​ដ៏​សំខាន់​នៅក្នុង​ផែនការ​របស់​ព្រះ ។ មុន​នឹង​មក​ផែនដី យើង​បាន​ដឹង​ថា យើង​មិន​អាច​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះ​ដោយ​ខ្លួន​យើង​វិញ​បាន​ទេ ។ ព្រះវរបិតាសួគ៌​បានជ្រើសរើស​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រ​ច្បង​របស់​ទ្រង់ ដើម្បី​ធ្វើ​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ហើយ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ព្រះ​យេស៊ូវ​បាន​ទទួល​យក​ដោយ​ស្ម័គ្រ​ព្រះទ័យ ។ ទ្រង់​បាន​យល់ព្រម​មកកាន់​ផែនដី ហើយ​ប្រោសលោះ​យើង​តាម​រយៈ​ការពលិកម្ម​ធួន​របស់​ទ្រង់ ។ ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ទ្រង់ នឹង​ជួយ​ឲ្យ​គោលបំណង​របស់​ព្រះ​សម្រាប់​យើង​បាន​សម្រេច ។

ការសិក្សា​ព្រះគម្ពីរ

បុត្រាបុត្រី​នៃ​ព្រះ

គោលបំណង​របស់​ព្រះ

ជីវិត​មុន​ឆាក​ជីវិត​នេះ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

រូបភាព
ថ្ងៃ​លិច​នៅ​សមុទ្រ

ការបង្ក​បង្កើត

ផែនការ​របស់​ព្រះវរបិតាសួគ៌​បាន​រៀបចំ​សម្រាប់​ការបង្កើត​ផែនដី ជា​កន្លែង​ដែល​បុត្រាបុត្រី​វិញ្ញាណ​របស់​ទ្រង់​នឹង​ទទួល​រូបកាយ និង​ទទួល​បាន​បទពិសោធន៍ ។ ជីវិត​របស់​យើង​នៅលើ​ផែនដី​គឺ​ចាំបាច់​សម្រាប់​យើង​ដើម្បី​រីកចម្រើន ហើយ​ក្លាយ​ដូច​ជា​ព្រះ ។

នៅក្រោម​ការដឹកនាំ​របស់​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ផែនដី និង​អ្វីៗ​ទាំងអស់​នៅលើ​ផែនដី ។ គ្រា​នោះ​ព្រះវរបិតាសួគ៌​បាន​បង្កើត​បុរស និង​ស្រ្តី​តាម​រូប​អង្គទ្រង់​ផ្ទាល់ ។ ការបង្កបង្កើត​គឺជា​ការបង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ពី​បំណង​ប្រាថ្នា​របស់​ទ្រង់​សម្រាប់​យើង​ដើម្បី​មាន​ឱកាស​ដើម្បី​រីកចម្រើន ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

រូបភាព
ការចាកចេញ​ពី​សួនច្បារ​អេដែន ដោយ យ៉ូសែប ប្រ៊ិកឃី

ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា

ពីមុនការ​ធ្លាក់

លោក​អ័ដាម និង​នាង អេវ៉ា គឺជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌​ដែល​ចុះមក​កាន់​ផែនដី​ដំបូង​គេ ។ ព្រះ​បាន​បង្កើត​រូបកាយ​របស់​ពួកលោក​តាម​រូប​អង្គ​ទ្រង់ ហើយ​បាន​ដាក់​ពួកលោក​នៅក្នុង​សួនច្បារ​អេដែន ។ នៅក្នុង​សួនច្បារ​នេះ​ពួកលោក​ជា​មនុស្ស​បរិសុទ្ធ ហើយ​ព្រះ​បាន​ប្រទាន​ដល់​តម្រូវការ​របស់​ពួក​លោក ។

ខណៈពេល​លោក​អ័ដាម និង​នាង​អេវ៉ា រស់នៅ​ក្នុង​សួនច្បារ​នេះ ព្រះ​បាន​បញ្ជា​ពួកលោក​មិន​ឲ្យ​បរិភោគ​ផ្លែ​នៃ​ដើម​ដឹង​ខុសត្រូវ​ឡើយ ។ ប្រសិន​បើ​ពួកលោក​គោរព​តាម​បញ្ញត្តិ​នេះ នោះ​ពួកលោក​អាច​នៅក្នុង​សួនច្បារ​នេះ ។ ទោះ​ជា​យ៉ាង​ណា ពួកលោក​នឹង​មិន​អាច​រីកចម្រើន​ពីការ​រៀន​ពី​ការផ្ទុយ និង​បញ្ហា​ប្រឈម​នៃ​ជីវិត​រមែង​ស្លាប់​ឡើយ ។ ពួកលោក​មិន​អាច​ស្គាល់​ភាពរីករាយ ព្រោះ​តែ​ពួកលោក​មិន​អាច​មាន​បទពិសោធន៍​នៃ​ភាពសោកសៅ និង​ការឈឺចាប់ ។

សាតាំង​បាន​ល្បួង​អ័ដាម និងនាង​អេវ៉ា​ឲ្យ​ទទួលទាន​ផ្លែឈើ​ហាមឃាត់ ហើយ​ពួកគេ​បាន​ជ្រើសរើស​ធ្វើ​ដូច្នោះ ។ ដោយសារ​ជម្រើស​នេះ ពួកលោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សួនច្បារ​នេះ ហើយ​បំបែក​ចេញ​ពី​វត្តមាន​របស់​ព្រះ ។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ហៅ​ថា ការធ្លាក់ ។

បន្ទាប់ពី​ការធ្លាក់

បន្ទាប់ពី​ការធ្លាក់ លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ប្រែជា​មតៈ ។ លែង​ស្ថិត​ក្នុង​សណ្ឋាន​ស្លូតបូត​ទៀតហើយ ពួកគេ​បាន​យល់ដឹង និង​ដក​ពិសោធន៍​ទាំងសេចក្ដីល្អ និងសេចក្ដី​អាក្រក់ ។ ពួកគេ​អាច​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ខ្លួន​ដើម្បី​ជ្រើសរើស​រវាង​សេចក្ដីល្អ និងសេចក្ដី​អាក្រក់ ។ ដោយសារ​លោក​អ័ដាម និង​នាង​អេវ៉ា​ប្រឈម​មុខ​នឹង​ការផ្ទុយ​និង​ការប្រឈម​នានា នោះ​ពួកគេ​អាច​រៀន​និង​រីកចម្រើន ។ ដោយសារ​ពួកគេ​បាន​ជួប​ប្រទះ​នឹង​ទុក្ខ​សោក នោះ​ពួក​គេ​ក៏​អាច​មាន​អំណរ​ផង​ដែរ ។ ( សូមមើល នីហ្វៃទី២ ២:២២–២៥ ) ។

ទោះ​ជា​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ លោក​អ័ដាម និង​នាង​អេវ៉ា​មាន​អារម្មណ៍​ថា ការ​មាន​ជីវិត​រមែង​ស្លាប់​គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ ។ ពរជ័យ​មួយ​ក្នុង​ចំណោម​នោះ​គឺ​ពួកគេ​អាច​បង្កើត​កូន ។ នេះ​បាន​ផ្ដល់​មធ្យោបាយ​សម្រាប់​កូន​វិញ្ញាណ​ផ្សេង​ទៀត​របស់​ព្រះ​ឲ្យ​មក​ផែនដី ហើយ​ទទួល​រូបកាយ។

ទាក់ទង​នឹង​ពរជ័យ​នៃ​ការធ្លាក់ ទាំង​លោកអ័ដាម និង​នាង​អេវ៉ា​បាន​ត្រេកអរ ។ ហើយ​អេវ៉ា​បាន​និយាយ​ថា « បើ​សិន​ជា​ពុំ​មែន​ដោយ​សារ​ការ​រំលង​របស់​យើង​ទេ នោះ​យើងក៏​នឹង​មិន​មាន [ ពូជ ] សោះ ហើយ​នឹង​មិន​ដឹង​ខុសត្រូវ និង​សេចក្ដី​អំណរ​អំពី​សេចក្ដី​ប្រោស​លោះ​របស់​យើង និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដែល​គោរព​តាម​ដែរ » ( ម៉ូសេ ៥:១១; សូមមើល​ផងដែរ ខទី ១០ ) ។

ការសិក្សា​ព្រះគម្ពីរ

នៅក្នុង​សួនច្បារ​អេដែន

ការធ្លាក់

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

ជីវិត​របស់​យើង​នៅលើ​ផែនដី

មនុស្ស​ជាច្រើន​ឆ្ងល់​ថា « ហេតុអ្វី​ខ្ញុំ​មក​ផែនដី ? » ជីវិត​របស់​យើង​នៅ​លើ​ផែនដី​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ​សម្រាប់​សុភមង្គល​របស់​យើង ។ គោលបំណង​ដ៏​ខ្ពង់ខ្ពស់​របស់​យើង​គឺ​ដើម្បី​រៀបចំខ្លួន​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ ហើយ​ទទួល​បាន​ភាពពេញ​លេញ​នៃ​អំណរ ។ ការរៀបរាប់​ខាងក្រោម​គឺជា​របៀប​មួយ​ចំនួន​ដែល​ជីវិត​នៅលើ​ផែនដី​រៀបចំ​យើង​សម្រាប់​ការណ៍​នេះ ។

រូបភាព
ក្មេងប្រុស​បញ្ចេញ​ស្នាម​ញញឹម

ទទួល​បាន​រូបកាយ

គោលបំណង​មួយ​នៃ​ការមក​កាន់​ផែនដី​គឺ​ដើម្បី​ទទួល​បាន​រូបកាយ​ដែល​វិញ្ញាណ​របស់​យើង​អាច​រស់នៅ​បាន ។ រូបកាយ​របស់​យើង​គឺ​ការបង្កបង្កើត​ដ៏​ពិសិដ្ឋ និង​ជាអព្ភូតហេតុ​របស់​ព្រះ ។ ដោយ​មាន​រូបរាងកាយ យើង​អាច​ធ្វើ រៀន និង​ដក​បទពិសោធន៍​រឿង​ជាច្រើន ដែល​វិញ្ញាណ​របស់​យើង​មិន​អាច​ធ្វើ​បាន ។ យើង​អាច​រីកចម្រើន​ក្នុង​របៀប​ដែល​យើង​មិន​អាចធ្វើ​កាល​ជា​វិញ្ញាណ ។

ដោយសារ​រូបកាយ​របស់​យើង​រមែង​ស្លាប់ យើង​ទទួល​ការឈឺចាប់ ជំងឺ និង​ការសាកល្បង​ផ្សេងៗ ។ បទពិសោធន៍​ទាំងនេះ​អាច​ជួយ​យើង​រៀន​ពី​ភាពអត់ធ្មត់ មេត្តាករុណា និង​គុណសម្បត្ដិ​ដ៏​ទេវភាព​ផ្សេងទៀត ។ វា​អាច​ជា​ផ្នែក​នៃ​ផ្លូវ​ទៅកាន់​អំណរ​របស់​យើង ។ ការជ្រើសរើស​ត្រឹមត្រូវ​នៅពេល​ដែល​វា​ពិបាក​ធ្វើ ជា​ញឹកញាប់​គឺជា​របៀប​ដែល​ជំនឿ ក្តីសង្ឃឹម និង​សេចក្តី​សប្បុរស​ក្លាយជា​ផ្នែក​នៃ​ចរិតលក្ខណៈ​របស់​យើង ។

រៀន​ប្រើ​សិទ្ធិជ្រើសរើស​ដោយ​ឈ្លាសវៃ

គោលបំណង​មួយ​ទៀត​នៃ​ជីវិត​រមែង​ស្លាប់​គឺ​ដើម្បី​រៀន​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដោយ​ឈ្លាសវៃ—ដើម្បី​ជ្រើសរើស​អ្វី​ដែល​ត្រឹម​ត្រូវ ។ ការរៀន​ប្រើ​សិទ្ធិជ្រើសរើស​របស់​យើង​ដោយ​ឈ្លាសវៃ គឺ​ចាំបាច់​ដើម្បី​ក្លាយ​ដូចជា​ព្រះ ។

ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បង្រៀន​យើង​នូវ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​ប្រទាន​បទបញ្ញត្តិ​ដើម្បី​ដឹកនាំ​យើង​ទៅកាន់​សុភមង្គល ។ សាតាំង​ល្បួង​យើង​ឲ្យ​ធ្វើ​ខុស ដោយ​ចង់​ឲ្យ​យើង​វេទនា​ដូច​វា​ដែរ ។ យើង​ប្រឈម​មុខ​នឹង​ការផ្ទុយ​រវាង​អំពើ​ល្អ និង​អំពើ​អាក្រក់ ដែល​ចាំបាច់​ក្នុង​ការរៀន​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង ( សូមមើល នីហ្វៃទី២ ២:១១ ) ។

នៅពេល​យើង​គោរព​តាម​ព្រះ យើង​រីកចម្រើន ហើយ​ទទួល​បាន​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា ។ នៅពេល​យើង​មិន​ស្តាប់​បង្គាប់ យើង​ឃ្លាត​ចេញ​ពី​ទ្រង់ ហើយ​ទទួល​ផល​នៃ​អំពើ​បាប ។ ទោះបី​ពេល​ខ្លះ​អំពើ​បាប​ពុំ​មាន​ផល​អាក្រក់​ភ្លាមៗ​ក៏​ដោយ នៅ​ទីបំផុត​វា​នាំ​ទៅ​រក​ភាពអព្ភមង្គល​ដែរ ។ ជាញឹកញាប់​ពរជ័យ​នៃ​ការគោរព​ប្រតិបត្តិ—និង​ឥទ្ធិពល​នៃ​អំពើបាប—មិន​បង្ហាញ​ឲ្យ​ឃើញ​ភ្លាមៗ ឬ​មើលឃើញ​ពី​ខាងក្រៅ​នោះ​ទេ ។ ប៉ុន្តែ​ច្បាស់​ណាស់ ដ្បិត​ព្រះ​មាន​យុត្តិធម៌ ។

ទោះបី​ជា​នៅពេល​យើង​ខិតខំ​អស់ពី​សមត្ថភាព​របស់​យើង​ក្តី យើង​ទាំងអស់​គ្នា​មាន​បាប ហើយ « គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ » ( រ៉ូម ៣:២៣ ) ។ ដោយដឹង​ពី​ការណ៍​នេះ​ថា ព្រះវរបិតាសួគ៌​បាន​ប្រទាន​ផ្លូវ​សម្រាប់​យើង​ដើម្បី​ប្រែចិត្ត ដើម្បី​យើង​អាច​ត្រឡប់​ទៅរក​ទ្រង់វិញ ។

ការប្រែចិត្ត​នាំ​មក​នូវ​អំណាច​នៃ​ព្រះប្រោសលោះ​របស់​យើង​គឺ ព្រះយេស៊ូវ​គ្រីស្ទ មក​ក្នុង​ជីវិត​របស់យើង ( សូមមើល ហេលេមិន ៥:១១ ) ។ នៅពេល​យើង​ប្រែចិត្ត យើង​បាន​សម្អាត​ពី​អំពើបាប​តាមរយៈ​ការពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល នីហ្វៃទី៣ ២៧:១៦–២០ ) ។ តាមរយៈ​ការប្រែចិត្ត យើង​ដកពិសោធណ៍​អំណរ ។ ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​យើង​ត្រូវបាន​បើក​សម្រាប់​យើង ដ្បិត​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា ។ ( សូមមើល « ការប្រែចិត្ត » នៅក្នុង​មេរៀន​ទី ៣ ) ។

រៀន​ដើរ​ដោយ​សេចក្តីជំនឿ

គោលបំណង​មួយ​ទៀត​នៃ​ជីវិត​នេះ គឺ​ដើម្បី​ទទួល​បាន​បទពិសោធន៍​ដែល​អាច​ទទួល​បាន​តែ​តាម​រយៈ​ការបែក​ចេញពី​ព្រះវរបិតាសួគ៌​ប៉ុណ្ណោះ ។ ដោយសារ​យើង​មិន​ឃើញ​ទ្រង់ យើង​ត្រូវ​រៀន​ដើរ​ដោយ​សេចក្ដី​ជំនឿ ( សូមមើល កូរិនថូស​ទី២ ៥:៦–៧ ) ។

ព្រះ​មិន​បាន​ទុក​ឲ្យ​យើង​នៅ​តែ​ម្នាក់​ឯង​ក្នុង​ដំណើរ​នេះ​ទេ ។ ទ្រង់​បាន​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹកនាំ ពង្រឹង និង​ញែក​យើង​ជា​បរិសុទ្ធ ។ ទ្រង់​ក៏​បាន​ប្រទាន​ព្រះគម្ពីរ ព្យាការី ការអធិស្ឋាន និង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

គ្រប់​ផ្នែក​នៃ​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​របស់យើង—អំណរ និង​ទុក្ខព្រួយ ជោគជ័យ និង​ឧបសគ្គ—អាច​ជួយ​យើង​រីកចម្រើន នៅពេល​យើង​រៀបចំ​ដើម្បី​ត្រឡប់​ទៅរក​ព្រះវិញ ។

ការសិក្សា​ព្រះគម្ពីរ

ពេលវេលា​ដើម្បី​លូតលាស់ និង​រីកចម្រើន

ជម្រើស

សេចក្ដីល្អ និង​សេចក្ដីអាក្រក់

អំពើ​បាប

យើង​ត្រូវតែ​ស្អាតស្អំ​ដើម្បី​នៅ​ជាមួយ​ព្រះ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ដោយសារ​តែ​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា នោះ​យើង​ស្ថិតក្រោម​អំពើបាប និង​សេចក្តីស្លាប់ ។ យើង​មិន​អាច​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​អំពើបាប និង​សេចក្តីស្លាប់​ដោយ​ខ្លួនឯង​បាន​ទេ ។ នៅក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ទ្រង់​បាន​ប្រទាន​នូវ​របៀប​មួយ​ដើម្បី​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។ ពីមុន​ផែនដី​ត្រូវបាន​បង្កើត​ឡើង ទ្រង់​បាន​ជ្រើសរើស​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។

មាន​តែ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ដែល​អាច​ប្រោសលោះ​យើង​ពី​អំពើបាប និង​សេចក្តីស្លាប់​បាន ។ ទ្រង់​គឺជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ។ ទ្រង់​បាន​រស់នៅ​ក្នុង​ព្រះជន្ម​ដែល​គ្មាន​បាប ដោយ​គោរពប្រតិបត្តិ​តាម​ព្រះវរបិតា​ទ្រង់​ទាំង​ស្រុង ។ ទ្រង់​បាន​ត្រៀម​ព្រះកាយ ហើយ​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ ។

ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​បាន​រួមបញ្ចូល​នូវ​ការរង​ទុក្ខ​របស់ទ្រង់​នៅ​សួនច្បារ​គែតសេម៉ានី ការរងការឈឺចាប់ និង​ការសុគត​របស់ទ្រង់​នៅលើ​ឈើឆ្កាង និង​ការ​មាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ទ្រង់ ។ ទ្រង់​បាន​រងការឈឺចាប់​ហួស​ពី​អ្វីដែលអាច​យល់​បាន—យ៉ាងខ្លាំង​រហូតដល់​ទ្រង់​បាន​ហូរ​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ( សូមមើល គោលលទ្ធិ និងសេចក្តី​សញ្ញា ១៩:១៨ ) ។

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​លោក ។ តាមរយៈ​ការពលិកម្ម​ធួន​របស់ទ្រង់ ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​ផែនការ​របស់​ព្រះវរបិតា​ដំណើរការ ។ យើង​នឹង​អស់សង្ឃឹម​បើ​គ្មាន​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ពី​ព្រោះ​យើង​មិន​អាច​សង្គ្រោះ​ខ្លួន​យើង​ពី​អំពើបាប និង​សេចក្តីស្លាប់​ឡើយ ( សូមមើល អាលម៉ា ២២:១២–២៥ ) ។

ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​របស់យើង​គឺជា​ការបង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ព្រះវរបិតា​ទ្រង់ និង​សម្រាប់​យើង ។ « ពី​ទទឹង បណ្តោយ ជម្រៅ និង​កម្ពស់ » នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​ហួស​ពី​ការយល់ដឹង​របស់​យើង ( អេភេសូរ ៣:១៨; សូមមើល​ផងដែរ ខទី ១៩ ) ។

រូបភាព
ការឆ្កាង ដោយ ហារី អាន់ឌើរសិន

ព្រះ​យេស៊ូវគ្រីស្ទ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​សម្រាប់​មនុស្ស​ទាំងអស់

នៅពេល​ទ្រង់​សុគត​នៅ​លើ​ឈើ​ឆ្កាង វិញ្ញាណ​ទ្រង់​បាន​ចេញ​ពី​ព្រះកាយ​របស់ទ្រង់ ។ នៅ​ថ្ងៃ​ទីបី វិញ្ញាណ និង​រូបកាយ​ទ្រង់ ត្រូវ​បាន​ផ្គុំ​គ្នា​ដ៏​នៅ​អស់​កល្បជានិច្ច​វិញ ពុំ​បែក​ចេញ​ពីគ្នា​ទៀត​ឡើយ ។ ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស​ជា​ច្រើន ដោយ​បង្ហាញ​ពួកគេ​ថា ទ្រង់​មាន​ព្រះកាយ​នៃ​សាច់ និង​ឆ្អឹង​អមតៈ ។ ការរួបរួម​គ្នា​នៃ​វិញ្ញាណ និង​រូបកាយ​នេះ​ត្រូវ​បាន​ហៅ​ថា ការរស់ឡើងវិញ ។

ដោយ​ជា​មនុស្ស​មិន​អមតៈ យើង​ម្នាក់ៗ​នឹង​ស្លាប់ ។ ទោះជា​យ៉ាង​ណា ដោយសារ​ព្រះយេស៊ូវ​បាន​ឈ្នះ​លើ​សេចក្ដី​ស្លាប់ មនុស្ស​គ្រប់​រូប​ដែល​កើត​នៅ​ផែនដី​នឹង​រស់ឡើង​វិញ ។ ការរស់ឡើងវិញ​គឺជា​អំណោយ​ទាន​ដ៏​ទេវភាព​សម្រាប់​ទាំង​អស់​គ្នា ដែល​ផ្តល់​ឲ្យ​តាមរយៈ​សេចក្តី​មេត្តាករុណា និង​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ ។ វិញ្ញាណ និង​រូបកាយ​របស់​មនុស្ស​ម្នាក់ៗ​នឹង​បាន​រួបរួម​គ្នា​ឡើងវិញ ហើយ​យើង​ម្នាក់ៗ​នឹង​រស់នៅ​ជា​រៀង​រហូត ដោយ​មាន​រូបកាយ​​រស់ឡើងវិញ​ដ៏​ឥតខ្ចោះ ។ ប្រសិនបើ​មិនមែន​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ​ទេ នោះ​សេចក្តីស្លាប់​នឹង​បញ្ចប់​រាល់​ក្តីសង្ឃឹម​សម្រាប់​ការរស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​នៅ​ពេល​អនាគត ( សូមមើល នីហ្វៃទី២ ៩:៨–១២ ) ។

ព្រះយេស៊ូវ​ធ្វើ​ឲ្យ​វា​អាច​មាន​លទ្ធភាព​សម្រាប់​យើង​ដើម្បី​បាន​សម្អាត​ពី​អំពើបាប​របស់​យើង

ដើម្បី​យល់​ពី​សេចក្តីសង្ឃឹម​ដែល​យើង​អាច​ទទួល​បាន​តាមរយៈ​ព្រះគ្រីស្ទ យើង​ត្រូវ​យល់​អំពី​ក្រឹត្យវិន័យ​នៃ​សេចក្តី​យុត្តិធម៌ ។ នេះ​គឺជា​ការ​មិន​ចេះ​ផ្លាស់ប្តូរ ដែល​នាំ​មក​នូវ​លទ្ធផល​ចំពោះ​សកម្មភាព​ទាំងឡាយ ។ ការគោរព​ប្រតិបត្តិ​ព្រះ​នាំ​មក​នូវ​លទ្ធផល​វិជ្ជមាន ហើយ​ការមិន​គោរពប្រតិបត្តិ​នាំ​មក​នូវ​ផល​អវិជ្ជមាន ។ ( សូមមើល អាលម៉ា ៤២:១៤–១៨ ) ។ នៅពេល​យើង​មាន​បាប យើង​មិន​ស្អាតស្អំ​ខាង​វិញ្ញាណ ហើយ​គ្មាន​អ្វី​មិន​ស្អាត​ណា​អាច​រស់​នៅ​ក្នុង​ទី​វត្តមាន​របស់​ព្រះ​បាន​ឡើយ ( សូមមើល នីហ្វៃទី៣ ២៧:១៩ ) ។

រូបភាព
ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី ដោយ ហារី អាន់ដើរសិន

អំឡុងពេល​ការពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​បាន​ឈរ​ជំនួស​យើង បានរងទុក្ខ ហើយ​បាន​បង់​ពិន័យ​សម្រាប់​អំពើបាប​របស់​យើង ( សូមមើល នីហ្វៃទី៣ ២៧:១៦–២០ ) ។ ផែនការ​របស់​ព្រះ​ផ្តល់​អំណាច​ដល់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ធ្វើ​ការអង្វរ​ជំនួស​យើង—ដើម្បី​ឈរ​នៅ​ចន្លោះ​យើង និង​ដោយយុត្តិធម៌ ( សូមមើល ម៉ូសាយ ១៥:៩ ) ។ ដោយសារ​ការពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ ទ្រង់​អាច​ទាមទារ​សិទ្ធិ​នៃ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់​ជំនួស​យើង នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​ចំពោះ​ការប្រែចិត្ត ( សូមមើល មរ៉ូណៃ ៧:២៧; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៣–៥ ) ។ « ម្ល៉ោះ​ហើយ សេចក្ដី​មេត្តាករុណា​អាច​ធ្វើ​ឲ្យ​ស្កប់​ស្កល់​ដល់​ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ហើយ​ឱប​ក្រសោប [ យើង ] នៅ​ក្នុង​ដៃ​នៃ​សេចក្ដី​សុខ » ( អាលម៉ា ៣៤:១៦ ) ។

មាន​តែ​តាមរយៈ​អំណោយទាន​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ការប្រែចិត្ត​របស់​យើង​ប៉ុណ្ណោះ ដែល​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះ​វិញ ។ នៅពេល​យើង​ប្រែចិត្ត យើង​ត្រូវ​បាន​លើកលែងទោស ហើយ​ត្រូវបាន​សម្អាត​ខាង​វិញ្ញាណ ។ យើង​បាន​ធូរស្រាល​ពី​បន្ទុក​នៃ​កំហុស​ដែល​មក​ពី​អំពើ​បាប​របស់​យើង ។ ព្រលឹង​ដែល​រង​របួស​របស់​យើង​ត្រូវ​បាន​ព្យាបាល ។ យើង​ពោរពេញ​ដោយ​អំណរ ( សូមមើល អាលម៉ា ៣៦:២៤ ) ។

ទោះបីជា​យើង​មិន​ល្អ​ឥតខ្ចោះ ហើយ​អាច​នឹង​ធ្លាក់ចុះម្តងទៀត​ក៏​ដោយ ប៉ុន្តែ​មាន​ព្រះគុណ សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តាករុណា​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ ច្រើន​ជាង​ការបរាជ័យ កំហុស ឬ​អំពើបាប​នៅក្នុង​ខ្លួន​យើង ។ ព្រះ​តែងតែ​ត្រៀម​ព្រះកាយ ហើយ​មាន​ព្រះទ័យ​ចង់​ឱបក្រសោប​យើង ពេល​យើង​បែរ​ទៅ​រក​ទ្រង់ ហើយ​ប្រែចិត្ត ( សូមមើល លូកា ១៥:១១–៣២ ) ។ គ្មានអ្វី និង​គ្មាន​នរណា​អាច « នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តីស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ »​( រ៉ូម ៨:៣៩ ) ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​ការឈឺចាប់ សេចក្តី​វេទនា និង​ជំងឺ

នៅក្នុង​ការពលិកម្ម​ធួន​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​លើក​ដាក់​លើ​អង្គទ្រង់​នូវ​ការឈឺចាប់ សេចក្តី​វេទនា និង​ជំងឺ ។ ដោយសារ​ការណ៍​នេះ ទ្រង់​ជ្រាប​ដឹង​ « ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » ( អាលម៉ា ៧:១២; សូមមើល​ផងដែរ ខទី ១១ ) ។ ទ្រង់​អញ្ជើញ​ « ចូរ​មក​ឯ​ខ្ញុំ » ហើយ​នៅ​ពេល​យើង​ធ្វើ​ដូច្នេះ ទ្រង់​ប្រទាន​ការសម្រាក ក្ដីសង្ឃឹម កម្លាំង ទស្សនវិស័យ និង​ការព្យាបាល​ដល់​យើង ( ម៉ាថាយ ១១:២៨; សូមមើល​ផងដែ ខទី ២៩–៣០ ) ។

នៅពេល​យើង​ពឹងផ្អែក​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និងដង្វាយ​ធួនរបស់ទ្រង់ នោះ​ទ្រង់​អាច​ជួយ​យើង​ឲ្យស៊ូទ្រាំ​ការសាកល្បង ជម្ងឺ និង​ការឈឺចាប់​របស់​យើង ។ យើង​អាច​ពេញ​ដោយ​អំណរ ក្តីសុខសាន្ដ និង ការលួងលោម​ចិត្ត ។ អ្វីៗ​ទាំងអស់​ដែល​អយុត្តិធម៌​នៅក្នុង​ជីវិត​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការសិក្សា​ព្រះគម្ពីរ

ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ

ការរស់​ឡើងវិញ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

រូបភាព
គ្រួសារ​មក​លេងផ្នូរ

ពិភព​វិញ្ញាណ

មនុស្ស​ជាច្រើន​ឆ្ងល់​ថា « តើ​មាន​អ្វី​កើតឡើង​បន្ទាប់ពី​ខ្ញុំ​ស្លាប់ ? » ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ផ្ដល់​ចម្លើយ​សំខាន់​មួយ​ចំនួន​ចំពោះ​សំណួរ​នេះ ។

សេចក្តី​ស្លាប់​គឺជា​ផ្នែក​នៃ « ផែនការនៃការប្រោសប្រណី » សម្រាប់​យើង ( នីហ្វៃទី២ ៩:៦ ) ។ ជំនួស​ឲ្យ​ការបញ្ចប់​ការរស់នៅ​របស់​យើង នោះ​សេចក្តី​ស្លាប់​គឺជា​ជំហាន​បន្ទាប់​ឈាន​ទៅ​រក​ការរីកចម្រើន​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។ ដើម្បី​យើង​អាច​ប្រែក្លាយ​ដូចជា​ព្រះ យើង​ត្រូវតែ​ដកពិសោធន៍​សេចក្តីស្លាប់ ហើយ​បន្ទាប់មក យើង​ត្រូវតែ​ទទួល​បាន​រូបកាយ​ដ៏​ល្អ​ឥតខ្ចោះ ជា​រូបកាយ​ដែល​បាន​រស់ឡើងវិញ ។

នៅពេល​ដែល​រូបកាយ​របស់យើង​ស្លាប់ វិញ្ញាណ​របស់​យើង​នៅតែ​បន្ត​រស់នៅ​ក្នុង​ពិភពវិញ្ញាណ ។ នេះ​គឺជា​ស្ថានភាព​បណ្ដោះ​អាសន្ន​នៃ​ការរៀនសូត្រ និង​ការរៀបចំ​មុន​ការរស់ឡើងវិញ និង​ការជំនុំជម្រះ​ចុងក្រោយ ។ ចំណេះដឹង​របស់យើង​ពី​ជីវិត​រមែង​ស្លាប់​នៅតែ​មាន​ជាមួយ​យើង ។

នៅក្នុង​ពិភពវិញ្ញាណ មនុស្ស​ដែល​បាន​ទទួលយក និង​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ « បាន​ទទួល​ស្ថានភាព​នៃ​សុភមង្គល ដែល​ជាស្ថាន​បរមសុខ » ( អាលម៉ា ៤០:១២ ) ។ កុមារ​តូចៗ​ក៏​បាន​ទទួល​ចូល​ទៅក្នុង​ស្ថានបរមសុខ​នៅពេល​ពួកគេ​ស្លាប់​ដែរ ។

វិញ្ញាណ​នៅ​ស្ថានបរមសុខ​នឹង​បាន​សុខសាន្ត​ពី​ទុក្ខលំបាក និង​ការសោកសៅ​របស់​ពួកគេ ។ ពួកគេ​នឹង​បន្ត​រីកចម្រើន​ខាង​វិញ្ញាណ ធ្វើ​កិច្ចការ​របស់​ព្រះ និង​ធ្វើ​ការងារបម្រើ​អ្នក​ដទៃ ។ ពួកគេ​នឹង​បង្រៀន​ដំណឹងល្អ​ដល់​អ្នក​ដែល​មិន​បាន​ទទួល​វា​អំឡុង​ពេល​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:៣២–៣៧, ៥៧–៥៩ ) ។

នៅក្នុង​ពិភព​វិញ្ញាណ មនុស្ស​ដែល​មិន​អាច​ទទួល​បាន​ដំណឹងល្អ​នៅ​លើ​ផែនដី ឬ​អ្នក​ដែល​បាន​ជ្រើសរើស​មិន​ធ្វើ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ នឹង​ឆ្លងកាត់​ដែន​កំណត់​មួយចំនួន ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:៦–៣៧; អាលម៉ា ៤០:៦–១៤ ) ។ ទោះ​ជា​យ៉ាង​ណា ដោយសារ​ព្រះយុត្តិធម៌ និង​មានក្តីមេត្តា​ករុណា នោះ​ពួកគេ​នឹង​មាន​ឱកាស​ទទួល​បាន​ការ​បង្រៀន​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើ​ពួកគេ​ទទួល​យក​វា ហើយ​ប្រែចិត្ត នោះ​ពួកគេ​នឹង​ត្រូវ​បាន​ប្រោសលោះ​ពី​អំពើបាប​របស់​ពួកគេ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:៥៨; សូមមើល​ផងដែ ១៣៨:៣១–៣៥; ១២៨:២២ ) ។ ពួកគេ​នឹង​ត្រូវ​បាន​ស្វាគមន៍​ទៅកាន់​ស្ថាន​បរមសុខ​ដោយ​សុខសាន្ត ។ នៅ​ទីបំផុត ពួកគេ​នឹង​ទទួល​បាន​កន្លែង​មួយ​នៅក្នុង​នគរ​នៃ​សិរីល្អ ដោយផ្អែក​លើ​ជម្រើស​ដែល​ពួកគេ​បាន​ធ្វើ​នៅក្នុង​ជីវិត​រមែង​ស្លាប់ និង​នៅក្នុង​ពិភពវិញ្ញាណ ។

យើង​នៅ​ក្នុង​ពិភព​វិញ្ញាណ​រហូត​ដល់​យើង​រស់​ឡើង​វិញ ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

ការរស់​ឡើងវិញ សេចក្ដី​សង្គ្រោះ និង​ភាពតម្កើង​ឡើង

ការរស់​ឡើងវិញ

ផែនការ​របស់​ព្រះ​ធ្វើ​ឲ្យ​យើង​អាច​រីកចម្រើន និង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ បន្ទាប់ពី​ពេលវេលា​របស់យើង​នៅក្នុង​ពិភពវិញ្ញាណ ការរស់ឡើងវិញ​គឺជា​ជំហាន​បន្ទាប់​របស់យើង​ក្នុងការ​រីកចម្រើន​នោះ ។

ការរស់ឡើងវិញ​គឺជា​ការរួបរួម​គ្នា​នៃ​រូបកាយ និង​វិញ្ញាណ​របស់យើង ។ យើង​ម្នាក់ៗ​នឹង​ត្រូវបាន​រស់ឡើងវិញ ។ ការណ៍នេះ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ដង្វាយធួន និង​ការរស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ ( សូមមើល អាលម៉ា ១១:៤៣–៤៤ ) ។

នៅពេល​យើង​រស់​ឡើង​វិញ នោះ​យើង​ម្នាក់ៗ​នឹង​មាន​រូប​កាយ​ល្អ​ឥត​ខ្ចោះ គ្មាន​ការឈឺ​ចាប់ និង​ជំងឺ​ទេ ។ យើង​នឹង​ក្លាយជា​អមតៈ រស់នៅ​ជា​រៀង​រហូត ។

សេចក្តី​សង្រ្គោះ

ដោយសារ​យើង​ទាំងអស់​គ្នា​នឹង​រស់ឡើងវិញ នោះ​យើង​ទាំង​អស់​គ្នា​នឹង​បាន​សង្គ្រោះ—ឬ​ទទួល​បាន​សេចក្ដី​សង្គ្រោះ—ពី​សេចក្ដីស្លាប់​ខាង​សាច់ឈាម ។ អំណោយទាន​នេះ​បាន​ប្រទាន​ដល់​យើង​ដោយ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ ។

យើង​ក៏​អាច​បាន​សង្គ្រោះ—ឬ​ទទួល​បាន​សេចក្ដី​សង្គ្រោះ—ពី​ផល​ដែល​ក្រឹត្យវិន័យ​នៃ​សេចក្តី​យុត្តិធម៌​ទាមទារ​ចំពោះ​អំពើ​បាប​របស់​យើង ។ អំណោយ​ទាន​នេះ​ក៏​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​គុណសម្បត្តិ និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើង​ប្រែចិត្ត​ផងដែរ ។ ( សូមមើល អាលម៉ា ៤២:១៣–១៥, ២១–២៥ ) ។

ភាពតម្កើង​ឡើង

ភាពតម្កើង​ឡើង ឬ​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​គឺជា​ស្ថានភាព​នៃ​សុភមង្គល និង​សិរីរុងរឿង​ដ៏​ខ្ពស់បំផុត​នៅក្នុង​នគរ​សេឡេស្ទាល ។ ភាពតម្កើងឡើង​គឺជា​អំណោយទាន​ដែល​មាន​លក្ខខណ្ឌ ។ ប្រធានរ័សុល អិម ណិលសុន បានបង្រៀនថា « លក្ខខណ្ឌ​ចាំបាច់​ទាំងនោះ រួម​មាន​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បន្ត​ស្មោះត្រង់​ចំពោះ​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ » ( Salvation and Exaltation » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩ ) ។

ភាពតម្កើងឡើង​មាន​ន័យ​ថា​រស់នៅ​ជាមួយ​ព្រះ​ជា​រៀង​រហូត​ក្នុង​គ្រួសារ​ដ៏​នៅ​អស់កល្បជានិច្ច ។ វា​គឺ​ជា​ការស្គាល់​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ប្រែ​ក្លាយ​ដូចជា​ទ្រង់​ទាំងទ្វេ ហើយ​ដកពិសោធន៍​ជីវិត​ដែល​ទ្រង់​ទាំងទ្វេ​រីករាយ ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

រូបភាព
កាំរស្មី​ព្រះ​អាទិត្យ​រះ​កាត់​ពពក

សេចក្ដី​ជំនុំ​ជម្រះ និង​នគរ​នៃ​សិរីល្អ

កំណត់ចំណាំ ៖ នៅពេល​បង្រៀន​អំពី​នគរ​នៃ​សិរីល្អ​ដំបូង សូម​បង្រៀន​កម្រិត​ធម្មតាៗ​តាម​តម្រូវការ និង​ការយល់ដឹង​របស់​បុគ្គល​ម្នាក់ៗ ។

នៅពេល​យើង​រស់ឡើងវិញ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជា​ចៅក្រម​ដ៏​យុត្តិធម៌ និងប្រកប​ដោយ​ក្តី​មេត្តាករុណា​របស់​យើង ។ ដោយ​មាន​ករណី​លើកលែង​តិចតួច​បំផុត យើង​ម្នាក់ៗ​នឹង​ទទួល​បានកន្លែង​មួយ​នៅក្នុង​នគរ​នៃ​សិរីរុងរឿង ។ ទោះ​ជា​យើង​ទាំង​អស់​គ្នា​នឹង​រស់​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​នឹង​មិន​ទទួល​បាន​សិរីល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដូច​គ្នា​ទេ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:២២–២៤, ២៩–៣៤; ១៣០:២០–២១; ១៣២:៥ ) ។

បុគ្គល​ដែល​មិន​មាន​ឱកាស​យល់​ពេញលេញ និង​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​ក្នុង​អំឡុង​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ នឹង​ត្រូវ​បាន​ផ្តល់​ឱកាស​នោះ​នៅក្នុង​ពិភពវិញ្ញាណ ។ ព្រះ​យេស៊ូវ​នឹង​ជំនុំជម្រះ​បុគ្គល​ម្នាក់ៗ​តាម​សេចក្ដី​ជំនឿ ការងារ បំណង​ប្រាថ្នា និង​ការ​ប្រែចិត្ត​ក្នុង​ជីវិត​រមែង​ស្លាប់ និង​ក្នុង​ពិភព​វិញ្ញាណ​របស់​ខ្លួន ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:៣២–៣៤, ៥៧–៥៩ ) ។

ព្រះគម្ពីរ​បង្រៀន​ពី​នគរ​សេឡេស្ទាល នគរ​ទេរេសទ្រាល និង​នគរ​ទេឡេស្ទាល នគរ​នីមួយៗ​គឺជា​ការបង្ហាញ​ពី​សេចក្តីស្រឡាញ់ យុត្តិធម៌ និង​សេចក្តី​មេត្តាករុណា​របស់ព្រះ ។

អ្នក​ទាំង​ឡាយ​ណា​ដែល​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ទទួល​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​នឹង​បានសង្គ្រោះ​នៅក្នុង​នគរ​សេឡេស្ទាល ។ នគរ​នេះ​ក៏​នឹង​រួម​បញ្ចូល​មនុស្ស​ដែល​មិន​មាន​ឱកាស​ទទួល​បាន​ដំណឹង​ល្អ​អំឡុង​ពេល​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ​ដែរ​ប៉ុន្តែ « នឹង​ទទួល​ដំណឹង​ល្អ​ដោយ​អស់​ពី​ចិត្ត » ហើយ​ធ្វើ​ដូច្នោះ​នៅក្នុង​ពិភព​វិញ្ញាណ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:៨; សូមមើល​ផងដែរ ខទី ៧ ) ។ កុមារ​ដែល​បាន​ស្លាប់​មុន​អាយុ​នៃ​ការទទួល​ខុសត្រូវ ( អាយុ​ប្រាំបី​ឆ្នាំ ) ក៏​នឹង​បាន​សង្រ្គោះ​នៅក្នុង​នគរ​សេឡេស្ទាល​ផងដែរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:១០ ) ។

នៅក្នុង​ព្រះគម្ពីរ នគរ​សេឡេស្ទាល​ត្រូវបាន​ប្រៀបធៀប​ទៅនឹង​សិរីល្អ ឬ​ពន្លឺ​នៃ​ព្រះអាទិត្យ (សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៥០–៧០ ) ។

មនុស្ស​ដែល​រស់នៅ​ក្នុងជីវិត​គួរ​ឲ្យ​គោរព « ដែល​ពុំ​បាន​ទទួល​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ កាល​នៅ​ក្នុង​សាច់​ឈាម ប៉ុន្តែ​ក្រោយ​មក បាន​ទទួល​ទី​បន្ទាល់​នោះ » នឹង​ទទួល​បាន​កន្លែង​នៅ​ក្នុងនគរ​ទេរេសទ្រាល ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៧៤ ) ។ ដូចគ្នា​ដែរ ចំពោះ​អ្នក​ដែល​មិន​ក្លាហាន​នៅក្នុង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ ។ នគរ​នេះ​ត្រូវបាន​ប្រៀបធៀប​ទៅនឹង​សិរីរុងរឿង​នៃ​ព្រះចន្ទ ។ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៧១–៨០ ) ។

អស់​អ្នក​ដែល​បាន​បន្ត​នៅក្នុង​អំពើបាប​របស់​ពួកគេ ហើយ​មិន​បានប្រែចិត្ត​នៅក្នុង​ជីវិត​នេះ ឬ​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ពិភពវិញ្ញាណ នឹង​ទទួល​បាន​រង្វាន់​របស់​ពួកគេ​នៅក្នុង​នគរ​តេឡេស្ទាល ។ នគរ​នេះ​ត្រូវ​បានប្រៀបធៀប​ទៅ​នឹង​សិរី​រុងរឿង​នៃ​ផ្កាយ ។ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:៨១–៨៦ ) ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

គម្រោង​មេរៀន​ខ្លីៗ​ទៅ​មធ្យម

គម្រោង​ខាងក្រោម​គឺជា​គំរូ​នៃ​អ្វីដែល​អ្នក​អាច​បង្រៀន​មនុស្ស​ម្នាក់ ប្រសិនបើ​អ្នកមាន​ពេលខ្លី​ប៉ុណ្ណោះ ។ នៅពេល​ប្រើ​គម្រោង​នេះ សូម​ជ្រើសរើស​គោលការណ៍​មួយ ឬច្រើន​ដើម្បី​បង្រៀន ។ មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ​សម្រាប់​គោលការណ៍​នីមួយៗ​ត្រូវ​បាន​ផ្តល់​ឲ្យ​នៅដើម​មេរៀន ។

នៅពេល​អ្នក​បង្រៀន សូម​សួរ​សំណួរ ហើយស្តាប់ ។ ធ្វើ​ការអញ្ជើញ​ដែល​នឹង​ជួយ​មនុស្សទូទៅ​រៀន​ពី​របៀប​ខិត​ទៅ​កាន់តែ​ជិត​ព្រះ ។ ការអញ្ជើញ​ដ៏​សំខាន់​មួយ​គឺ​អញ្ជើញ​បុគ្គលនោះ​មកជួប​អ្នកម្តង​ទៀត ។ រយៈពេល​នៃ​មេរៀន​នឹង​អាស្រ័យ​លើ​សំណួរ​ដែល​អ្នកសួរ និង​ការស្តាប់​ដែលអ្នក​មាន ។

អ្វី​ដែល​អ្នក​អាច​បង្រៀន​មនុស្ស​ទូទៅ​ក្នុង​រយៈពេល ៣-១០ នាទី

  • យើង​ទាំងអស់​គ្នា​គឺជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ ។ យើង​គឺជា​សមាជិក​គ្រួសារ​របស់​ទ្រង់ ។ ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​យើង​ម្នាក់ៗ ។

  • ព្រះ​បាន​ប្រទាន​ផែនការ​មួយ​សម្រាប់​សុភមង្គល និង​ការរីកចម្រើន​របស់​យើង​ក្នុង​ជីវិត​នេះ និង​ក្នុង​ភាព​អស់កល្ប​ជានិច្ច ។

  • នៅក្នុង​ផែនការ​របស់​ព្រះ យើង​ត្រូវ​មក​ផែនដី ដើម្បី​ទទួល​រូបកាយ រៀន និង​រីកចម្រើន ។

  • ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​ដ៏​សំខាន់​នៅក្នុង​ផែនការ​របស់​ព្រះ ។ ទ្រង់​ធ្វើ​ឲ្យ​យើង​អាច​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន ។

  • ក្រោម​ការដឹកនាំ​របស់ព្រះ ព្រះយេស៊ូវ​បានបង្កើត​ផែនដី​នេះ ។

  • បទពិសោធន៍​របស់យើង​នៅលើ​ផែនដី​គឺ​មាន​បំណង​ជួយ​យើង​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ ។

  • យើង​ម្នាក់ៗ​មាន​បាប ហើយ​យើង​ម្នាក់ៗ​នឹង​ត្រូវ​ស្លាប់ ។ ដោយសារ​ព្រះ​ស្រឡាញ់​យើង ទ្រង់​បានបញ្ជូន​ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​ផែនដី ដើម្បី​ប្រោសលោះ​យើង​ពី​អំពើបាប និង​សេចក្ដីស្លាប់ ។

  • អ្វីៗ​ទាំងអស់​ដែល​អយុត្តិធម៌​នៅក្នុង​ជីវិត​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • នៅពេល​ដែល​រូបកាយ​របស់យើង​ស្លាប់ វិញ្ញាណ​របស់​យើង​នៅតែ​បន្ត​រស់នៅ ។ នៅទីបំផុត​យើង​នឹង​បាន​រស់ឡើងវិញ ។ ការណ៍​នេះ​មាន​ន័យ​ថា វិញ្ញាណ និង​រូបកាយ​របស់​មនុស្ស​ម្នាក់ៗ​នឹង​បាន​រួបរួម​គ្នា​ឡើងវិញ ហើយ​យើង​ម្នាក់ៗ​នឹង​រស់នៅ​ជា​រៀង​រហូត ដោយ​មាន​រូបកាយ​រស់ឡើងវិញ​ដ៏​ឥតខ្ចោះ ។

  • នៅពេល​យើង​រស់ឡើងវិញ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ​ជា​ចៅក្រម​របស់យើង ។ ដោយ​មាន​ករណី​លើកលែង​តិចតួច​បំផុត បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់​នឹង​ទទួល​បានកន្លែង​មួយ​នៅក្នុង​នគរ​នៃ​សិរីរុងរឿង ។ យើង​អាច​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ទី​វត្តមាន​របស់​ព្រះ​វិញ បើ​យើង​ស្មោះ​ត្រង់ ។