« ជំពូកទី ៣ ៖ មេរៀនទី ២—ផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ » ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )
« ជំពូកទី ៣ ៖ មេរៀនទី ២ » ប្រកាសដំណឹងល្អរបស់យើង
ជំពូកទី ៣ ៖ មេរៀនទី ២
ផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញជួយយើងឆ្លើយសំណួរសំខាន់ៗនៃព្រលឹង ។ តាមរយៈដំណឹងល្អ យើងរៀនអំពីអត្តសញ្ញាណដ៏ទេវភាពរបស់យើង និងសក្ដានុពលដ៏នៅអស់កល្បជានិច្ចរបស់យើងក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ។ ដំណឹងល្អផ្តល់ឲ្យយើងនូវក្តីសង្ឃឹម និងជួយយើងស្វែងរកសេចក្តីសុខសាន្ត សុភមង្គល និងអត្ថន័យ ។ ការរស់នៅតាមដំណឹងល្អជួយយើងរីកចម្រើន និងទទួលបានកម្លាំង នៅពេលយើងប្រឈមមុខនឹងបញ្ហាក្នុងជីវិត ។
ព្រះចង់ឲ្យអ្វីដែលល្អបំផុតដល់បុត្រាបុត្រីរបស់ទ្រង់ ហើយមានព្រះទ័យប្រទានពរជ័យដ៏អស្ចារ្យបំផុតរបស់ទ្រង់ដល់យើង ដែលជាជីវិតអមតៈ និងជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល ម៉ូសេ ១:៣៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤:៧ ) ។ ដោយសារទ្រង់ស្រឡាញ់យើង ទ្រង់បានរៀបចំផែនការសម្រាប់យើងដើម្បីទទួលបានពរជ័យទាំងនេះ ។ នៅក្នុងព្រះគម្ពីរ ផែនការនេះត្រូវបានហៅថា ផែនការនៃសេចក្តីសង្គ្រោះ ផែនការនៃសុភមង្គលដ៏អស្ចារ្យ និងផែនការនៃសេចក្តីប្រោសលោះ ( សូមមើល អាលម៉ា ៤២:៥, ៨, ១១, ១៣, ១៥, ១៦, ៣១ ) ។
នៅក្នុងផែនការរបស់ព្រះ យើងម្នាក់ៗធ្វើដំណើរឆ្លងកាត់ជីវិតមុនឆាកជីវិតនេះ កំណើត ជីវិតរមែងស្លាប់ សេចក្ដីស្លាប់ និងជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ។ ព្រះទ្រង់បានប្រទាននូវអ្វីដែលយើងត្រូវការក្នុងអំឡុងដំណើរនេះ ដើម្បីឲ្យបន្ទាប់ពីយើងស្លាប់ទៅ នោះយើងអាចត្រឡប់ទៅកាន់ទីវត្តមានរបស់ទ្រង់វិញ ហើយទទួលបានភាពពេញលេញនៃអំណរ ។
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដ៏សំខាន់នៅក្នុងផែនការរបស់ព្រះ ។ តាមរយៈដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានធ្វើឲ្យវាអាចដំណើរការទៅបានសម្រាប់យើងម្នាក់ៗ ដើម្បីទទួលបានជីវិតអមតៈ និងជីវិតដ៏នៅអស់កល្បជានិច្ច ។
ក្នុងអំឡុងពេលជីវិតរបស់យើងនៅលើផែនដី យើងមិនចងចាំជីវិតមុនឆាកជីវិតនេះរបស់យើងទេ ។ យើងក៏មិនយល់ច្បាស់ទាំងស្រុងអំពីជីវិតបន្ទាប់ពីការស្លាប់ដែរ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះបានបើកសម្តែងសេចក្តីពិតជាច្រើនអំពីផ្នែកទាំងនេះនៃដំណើរដ៏នៅអស់កល្បរបស់យើង ។ សេចក្តីពិតទាំងនេះផ្តល់ចំណេះដឹងគ្រប់គ្រាន់សម្រាប់យើងដើម្បីយល់អំពីគោលបំណងនៃជីវិត ទទួលបានអំណរ និងដើម្បីមានក្តីសង្ឃឹមថារឿងល្អៗនឹងកើតឡើង ។ ចំណេះដឹងនេះជាកំណប់ទ្រព្យដ៏ពិសិដ្ឋដើម្បីដឹកនាំយើងពេលយើងនៅលើផែនដី ។
យោបល់សម្រាប់ការបង្រៀន
ផ្នែកនេះផ្តល់នូវគ្រោងគំរូ ដើម្បីជួយអ្នករៀបចំបង្រៀន ។ វាក៏រួមបញ្ចូលផងដែរនូវឧទាហរណ៍នៃសំណួរ និងការអញ្ជើញដែលអ្នកអាចប្រើ ។
នៅពេលអ្នករៀបចំបង្រៀន សូមពិចារណាអំពីស្ថានភាព និងតម្រូវការខាងវិញ្ញាណរបស់មនុស្សម្នាក់ៗដោយការអធិស្ឋាន ។ សូមសម្រេចចិត្តថាតើអ្វីដែលមានអត្ថប្រយោជន៍បំផុតដើម្បីបង្រៀន ។ សូមរៀបចំដើម្បីឲ្យនិយមន័យនៃពាក្យដែលអ្នករៀនប្រហែលជាមិនយល់ ។ សូមរៀបចំផែនការទៅតាមពេលវេលាដែលអ្នកមាន ដោយចងចាំថា ត្រូវបង្រៀនមេរៀនដោយសង្ខេបៗ ។
សូមជ្រើសរើសបទគម្ពីរដើម្បីប្រើពេលអ្នកបង្រៀន ។ « មូលដ្ឋានគ្រឹះនៃគោលលទ្ធិ » ផ្នែកនៃមេរៀននេះ រួមមានបទគម្ពីរដែលមានអត្ថប្រយោជន៍ជាច្រើន ។
សូមពិចារណាថាតើសំណួរណាដែលត្រូវសួរនៅពេលអ្នកបង្រៀន ។ សូមដាក់ផែនការដើម្បីផ្ដល់ការអញ្ជើញ ដែលនឹងលើកទឹកចិត្តមនុស្សម្នាក់ៗឲ្យធ្វើសកម្មភាព ។
សង្កត់ធ្ងន់លើពរជ័យដែលបានសន្យារបស់ព្រះ ហើយចែកចាយទីបន្ទាល់របស់អ្នកអំពីអ្វីដែលអ្នកបង្រៀន ។
អ្វីដែលអ្នកអាចបង្រៀនអ្នករៀនក្នុងរយៈពេល ១៥–២៥ នាទី
សូមជ្រើសរើសគោលការណ៍ដូចខាងក្រោមមួយ ឬច្រើនអំពីផែនការនៃសេចក្តីសង្រ្គោះដើម្បីបង្រៀន ។ មូលដ្ឋានគ្រឹះនៃគោលលទ្ធិសម្រាប់គោលការណ៍នីមួយៗត្រូវបានផ្តល់ជូនបន្ទាប់ពីគម្រោងនេះ ។
ជីវិតមុនផែនដី ៖ ព្រះរាជបំណង និងផែនការរបស់ព្រះសម្រាប់យើង
-
យើងទាំងអស់គ្នាគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះ ។ ព្រះបានបង្កើតយើងតាមរូបអង្គទ្រង់ផ្ទាល់ ។
-
យើងបានរស់នៅជាមួយទ្រង់ ពីមុនយើងបានមកចាប់កំណើតនៅលើផែនដី ។ យើងគឺជាសមាជិកគ្រួសាររបស់ទ្រង់ ។ ទ្រង់ស្គាល់ ហើយស្រឡាញ់យើងម្នាក់ៗ ។
-
ព្រះបានប្រទានផែនការមួយសម្រាប់សុភមង្គល និងការរីកចម្រើនរបស់យើងក្នុងជីវិតនេះ និងក្នុងភាពអស់កល្បជានិច្ច ។
-
នៅក្នុងជីវិតមុនឆាកជីវិតនេះ យើងបានជ្រើសរើសដើម្បីធ្វើតាមផែនការរបស់ព្រះ ។ ការណ៍នេះមានន័យថាមកកាន់ផែនដី ដើម្បីឲ្យយើងអាចបោះជំហានបន្ទាប់ក្នុងការរីកចម្រើនដ៏នៅអស់កល្បរបស់យើង ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដ៏សំខាន់នៅក្នុងផែនការរបស់ព្រះ ។ ទ្រង់ធ្វើឲ្យយើងអាចមានជីវិតអមតៈ និងជីវិតដ៏នៅអស់កល្បជានិច្ចបាន ។
ការបង្កបង្កើត
-
ក្រោមការដឹកនាំរបស់ព្រះ ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដីនេះ ។
ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា
-
លោកអ័ដាម និងនាងអេវ៉ា គឺជាបុត្រាបុត្រីដំបូងរបស់ព្រះដែលបានមកកាន់ផែនដីនេះ ។ ព្រះបានបង្កើតរូបកាយរបស់ពួកលោក ហើយដាក់ពួកលោកនៅក្នុងសួនច្បារអេដែន ។
-
លោកអ័ដាម និងនាងអេវ៉ាបានធ្វើអំពើរំលង ត្រូវបានបណ្ដេញចេញពីសួនច្បារនេះ ហើយត្រូវបានបែកចេញពីវត្តមានរបស់ព្រះ ។ ព្រឹត្តិការណ៍នេះត្រូវបានហៅថា ការធ្លាក់ ។
-
បន្ទាប់ពីការធ្លាក់ លោកអ័ដាម និងនាងអេវ៉ាបានប្រែជាមតៈ ។ ក្នុងនាមជាមនុស្សរមែងស្លាប់ ពួកលោកអាចរៀន រីកចម្រើន និងមានកូនចៅ ។ ពួកលោកក៏បានឆ្លងកាត់នូវទុក្ខសោក អំពើបាប និងសេចក្តីស្លាប់ផងដែរ ។
-
ការធ្លាក់គឺជាជំហានឆ្ពោះទៅមុខសម្រាប់មនុស្សលោក ។ ការធ្លាក់បានធ្វើឲ្យយើងអាចកើតនៅលើផែនដី ហើយរីកចម្រើនក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
ជីវិតរបស់យើងនៅលើផែនដី
-
នៅក្នុងផែនការរបស់ព្រះ យើងត្រូវមកផែនដី ដើម្បីទទួលរូបកាយ រៀន និងរីកចម្រើន ។
-
នៅលើផែនដីយើងរៀនដើរដោយសេចក្តីជំនឿ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះវរបិតាសួគ៌មិនបានទុកឲ្យយើងនៅតែម្នាក់ឯងនោះទេ ។ ទ្រង់បានប្រទានអំណោយទាន និងការណែនាំជាច្រើនដើម្បីជួយយើងត្រឡប់ទៅកាន់ទីវត្តមានរបស់ទ្រង់វិញ ។
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
-
យើងម្នាក់ៗមានបាប ហើយយើងម្នាក់ៗនឹងត្រូវស្លាប់ ។ ដោយសារព្រះស្រឡាញ់យើង ទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទមកផែនដី ដើម្បីប្រោសលោះយើងពីអំពើបាប និងសេចក្ដីស្លាប់ ។
-
ដោយសារការពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវ យើងត្រូវបានអភ័យទោស និងបានជ្រះស្អាតពីអំពើបាបរបស់យើង ។ ដួងចិត្តរបស់យើងអាចត្រូវបានផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនៅពេលដែលយើងប្រែចិត្ត ។ ការណ៍នេះនាំឲ្យយើងអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញ ហើយទទួលបានភាពពេញលេញនៃអំណរ ។
-
ដោយសារការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ យើងទាំងអស់គ្នានឹងរស់ឡើងវិញបន្ទាប់ពីសេចក្តីស្លាប់ ។ ការណ៍នេះមានន័យថា វិញ្ញាណ និងរូបកាយរបស់មនុស្សម្នាក់ៗនឹងបានរួបរួមគ្នាឡើងវិញ ហើយយើងម្នាក់ៗនឹងរស់នៅជារៀងរហូត ដោយមានរូបកាយរស់ឡើងវិញដ៏ឥតខ្ចោះ ។
-
ព្រះយេស៊ូវគ្រីស្ទប្រទានការលួងលោម ក្តីសង្ឃឹម និងការព្យាបាល ។ ការពលិកម្មធួនរបស់ទ្រង់គឺជាការបង្ហាញសេចក្តីស្រឡាញ់ដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ ។ អ្វីៗទាំងអស់ដែលអយុត្តិធម៌នៅក្នុងជីវិតនេះ អាចត្រូវបានធ្វើឲ្យយុត្តិធម៌តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ពិភពវិញ្ញាណ
-
នៅពេលដែលរូបកាយរបស់យើងស្លាប់ វិញ្ញាណរបស់យើងនៅតែបន្តរស់នៅក្នុងពិភពវិញ្ញាណ ។ នេះគឺជាស្ថានភាពបណ្ដោះអាសន្ននៃការរៀនសូត្រ និងការរៀបចំមុនការរស់ឡើងវិញ ។
-
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានបង្រៀននៅក្នុងពិភពវិញ្ញាណ ហើយយើងអាចបន្តលូតលាស់ និងរីកចម្រើន ។
ការរស់ឡើងវិញ សេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង
-
បន្ទាប់ពីពេលវេលារបស់យើងនៅក្នុងពិភពវិញ្ញាណ ការរស់ឡើងវិញគឺជាជំហានបន្ទាប់នៅក្នុងដំណើរដ៏នៅអស់កល្បជានិច្ចរបស់យើង ។
-
ការរស់ឡើងវិញគឺជាការរួបរួមគ្នានៃវិញ្ញាណ និងរូបកាយរបស់យើង ។ យើងម្នាក់ៗនឹងរស់ឡើងវិញ ហើយមានរូបកាយដ៏ល្អឥតខ្ចោះ ។ យើងនឹងរស់នៅជារៀងរហូត ។ ការណ៍នេះអាចធ្វើទៅបានតាមរយៈដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។
សេចក្ដីជំនុំជម្រះ និងនគរនៃសិរីល្អ
-
នៅពេលយើងរស់ឡើងវិញ ព្រះយេស៊ូវគ្រីស្ទនឹងធ្វើជាចៅក្រមរបស់យើង ។ ដោយមានករណីលើកលែងតិចតួចបំផុត បុត្រាបុត្រីរបស់ព្រះទាំងអស់នឹងទទួលបានកន្លែងមួយនៅក្នុងនគរនៃសិរីរុងរឿង ។
-
ទោះជាយើងទាំងអស់គ្នានឹងត្រូវប្រោសឲ្យរស់ឡើងវិញក៏ដោយ ក៏យើងទាំងអស់គ្នានឹងមិនទទួលបានសិរីល្អដ៏នៅអស់កល្បជានិច្ចនោះទេ ។ ព្រះយេស៊ូវនឹងជំនុំជម្រះយើងតាមសេចក្ដីជំនឿ កិច្ចការ និងការប្រែចិត្តរបស់យើងក្នុងជីវិតរមែងស្លាប់ និងក្នុងពិភពវិញ្ញាណ ។ យើងអាចត្រឡប់ទៅរស់នៅក្នុងទីវត្តមានរបស់ព្រះវិញ បើយើងស្មោះត្រង់ ។
សំណួរដែលអ្នកអាចសួរទៅមនុស្ស
សំណួរដូចតទៅនេះគឺជាឧទាហរណ៍នានាពីអ្វីដែលអ្នកអាចសួរទៅកាន់មនុស្ស ។ សំណួរទាំងនេះអាចជួយអ្នកឲ្យមានការសន្ទនាប្រកបដោយអត្ថន័យ និងយល់ពីតម្រូវការ និងទស្សនៈរបស់បុគ្គលម្នាក់ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាពីគោលបំណងនៃជីវិតនេះ ?
-
តើអ្វីដែលនាំមកនូវសុភមង្គលដល់អ្នក ?
-
តើឧបសគ្គអ្វីខ្លះដែលអ្នកត្រូវការព្រះដើម្បីជួយអ្នក ?
-
តើអ្នកបានរៀនអ្វីខ្លះពីបញ្ហាប្រឈមដែលអ្នកបានប្រឈមមុខ ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? តើជីវិត និងបេសកកម្មរបស់ទ្រង់បានជះឥទ្ធិពលដល់ជីវិតរបស់អ្នកដោយរបៀបណា ?
ការអញ្ជើញដែលអ្នកអាចធ្វើ
-
តើអ្នកនឹងទូលសួរព្រះក្នុងការអធិស្ឋានដើម្បីជួយអ្នកឲ្យដឹងថាអ្វីដែលពួកយើងបានបង្រៀនគឺជាការពិតដែរឬទេ ? ( សូមមើល « ការយល់ដឹងអំពីការបង្រៀន ៖ ការអធិស្ឋាន » នៅក្នុងផ្នែកចុងក្រោយនៃមេរៀនទី១ ) ។
-
តើអ្នកនឹងទៅព្រះវិហារនៅថ្ងៃអាទិត្យនេះជាមួយពួកខ្ញុំដើម្បីរៀនបន្ថែមអំពីអ្វីដែលពួកខ្ញុំបានបង្រៀនដែរឬទេ ?
-
តើអ្នកនឹងអានព្រះគម្ពីរមរមន ហើយអធិស្ឋានដើម្បីដឹងថាវាជាព្រះបន្ទូលរបស់ព្រះដែរឬទេ ? ( អ្នកអាចណែនាំជំពូក ឬខគម្ពីរជាក់លាក់ ) ។
-
តើអ្នកនឹងធ្វើតាមគំរូរបស់ព្រះយេស៊ូវ ហើយទទួលបុណ្យជ្រមុជទឹកដែរឬទេ ? ( សូមមើល « ការអញ្ជើញឲ្យទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ » ដែលធ្វើឡើងភ្លាមៗមុនមេរៀនទី ១ នេះ ) ។
-
តើពួកខ្ញុំអាចកំណត់ពេលវេលាសម្រាប់ណាត់ជួបលើកក្រោយបានដែរឬទេ ?
មូលដ្ឋានគ្រឹះនៃគោលលទ្ធិ
ផ្នែកនេះផ្តល់នូវគោលលទ្ធិ និងបទគម្ពីរសម្រាប់អ្នកដើម្បីសិក្សា ដើម្បីពង្រឹងចំណេះដឹង និងទីបន្ទាល់របស់អ្នកអំពីដំណឹងល្អ និងដើម្បីជួយអ្នកបង្រៀន ។
ជីវិតមុនផែនដី ៖ ព្រះរាជបំណង និងផែនការរបស់ព្រះសម្រាប់យើង
យើងជាបុត្រាបុត្រីរបស់ព្រះ ហើយយើងរស់នៅជាមួយទ្រង់មុនកំណើតរបស់យើង
ទ្រង់គឺជាព្រះវរបិតាខាងវិញ្ញាណរបស់យើង ។ យើងពិតជាបុតាបុត្រីរបស់ទ្រង់ ដែលបានបង្កើតឡើងតាមរូបអង្គទ្រង់ ។ យើងម្នាក់ៗមានសក្តានុពលដ៏ទេវភាព ក្នុងនាមជាបុត្ររបស់ព្រះ ។ ចំណេះដឹងនេះអាចជួយយើងឆ្លងកាត់គ្រាលំបាក និងអាចជំរុញយើងឲ្យធ្វើជាមនុស្សល្អអស់ពីលទ្ធភាពរបស់យើង ។
យើងបានរស់នៅជាមួយព្រះជាបុត្រាបុត្រីខាងវិញ្ញាណរបស់ទ្រង់ពីមុនយើងបានកើតនៅលើផែនដី ។ យើងគឺជាសមាជិកគ្រួសាររបស់ទ្រង់ ។
« មានអត្តសញ្ញាណសំខាន់មួយដែលយើងទាំងអស់គ្នាមានដូចគ្នានៅពេលនេះ និងជារៀងរហូតទៅ ជាអត្តសញ្ញាណមួយដែលយើងមិនគួរមើលរំលងឡើយ ហើយជាអត្តសញ្ញាណមួយទៀតដែលយើងគួរដឹងគុណចំពោះ ។ នោះគឺថាអ្នកគឺជាបុត្រាបុត្រីរបស់ព្រះជានិច្ចដែលមានឫសគល់ខាងវិញ្ញាណក្នុងភាពដ៏នៅអស់កល្បជានិច្ច ។
« … ការយល់ដឹងពីសេចក្ដីពិតនេះ——គឺជាការយល់ដឹងពិតប្រាកដ ហើយឱបក្រសោបយកវា—នោះវាគឺជាការផ្លាស់ប្តូរជីវិត ។ វាផ្តល់ឲ្យអ្នកនូវអត្តសញ្ញាណដ៏វិសេសវិសាលដែលគ្មាននរណាម្នាក់អាចដកចេញពីខ្លួនអ្នកបានឡើយ ។ ប៉ុន្តែលើសពីនោះ វាគួរតែផ្តល់ឲ្យអ្នកនូវអារម្មណ៍នៃតម្លៃដ៏ធំធេង និងស្មារតីនៃគុណសម្បត្តិដ៏នៅជានិរន្តរ៍របស់អ្នក ។ នៅទីបំផុត វាផ្ដល់ឲ្យអ្នកនូវគោលបំណងនៃជីវិតដ៏ទេវភាព ភាពថ្លៃថ្នូរ និងភាពស័ក្ដិសមនៅក្នុងជីវិត » ( អិម រ័សុល បាឡឺដ « Children of Heavenly Father » [ Brigham Young University devotional នៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ ] ទំព័រ ២ គេហទំព័រ speeches.byu.edu ) ។
យើងជ្រើសរើសមកកាន់ផែនដី
ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់យើង ហើយមានព្រះទ័យឲ្យយើងបានប្រែក្លាយដូចជាទ្រង់ ។ ព្រះអង្គជាអង្គដែលតម្កើងឡើង ដោយមានព្រះកាយដ៏រុងរឿង ។
នៅក្នុងជីវិតមុនឆាកជីវិតនេះរបស់យើង យើងបានរៀនថា ព្រះមានផែនការសម្រាប់យើងដើម្បីប្រែក្លាយដូចជាទ្រង់ ។ ផ្នែកមួយនៃផែនការរបស់ទ្រង់គឺថាយើងនឹងចាកចេញពីផ្ទះនៅស្ថានសួគ៌របស់យើង ហើយមកផែនដីដើម្បីទទួលរូបកាយ ។ យើងក៏ត្រូវការដើម្បីទទួលបានបទពិសោធ និងអភិវឌ្ឍសេចក្តីជំនឿក្នុងអំឡុងពេលដែលនៅឆ្ងាយពីវត្តមានរបស់ព្រះ ។ យើងនឹងមិនចាំពីការរស់នៅជាមួយព្រះទេ ។ ទោះជាយ៉ាងណា ទ្រង់នឹងប្រទានឲ្យនូវអ្វីដែលយើងត្រូវការ ដើម្បីយើងអាចត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ ។
សិទ្ធិជ្រើសរើស ឬសេរីភាព និងសមត្ថភាពក្នុងការជ្រើសរើស គឺជាផ្នែកសំខាន់មួយនៃផែនការរបស់ព្រះសម្រាប់យើង ។ នៅក្នុងជីវិតមុនឆាកជីវិតនេះរបស់យើង យើងម្នាក់ៗបានជ្រើសរើសធ្វើតាមផែនការរបស់ព្រះ ហើយមកផែនដី ដើម្បីយើងអាចបោះជំហានបន្ទាប់នៅក្នុងដំណើរដ៏នៅអស់កល្បជានិច្ចរបស់យើង ។ យើងយល់ថាខណៈដែលយើងនៅទីនេះ យើងនឹងមានឱកាសថ្មីៗជាច្រើនដើម្បីរីកចម្រើន និងទទួលបានបទពិសោធន៍រីករាយ ។ យើងក៏យល់ដែរថា យើងនឹងប្រឈមមុខនឹងការផ្ទុយ ។ យើងនឹងឆ្លងកាត់ការល្បួង ការសាកល្បង ទុក្ខព្រួយ និងសេចក្ដីស្លាប់ ។
ក្នុងការជ្រើសរើសមកកាន់ផែនដីនេះ យើងបានទុកចិត្តលើសេចក្ដីស្រឡាញ់ និងជំនួយរបស់ព្រះ ។ យើងបានទុកចិត្តលើផែនការរបស់ទ្រង់សម្រាប់ការសង្គ្រោះរបស់យើង ។
ព្រះវរបិតាសួគ៌បានជ្រើសព្រះយេស៊ូវគ្រីស្ទដើម្បីធ្វើជាព្រះប្រោសលោះរបស់យើង
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដ៏សំខាន់នៅក្នុងផែនការរបស់ព្រះ ។ មុននឹងមកផែនដី យើងបានដឹងថា យើងមិនអាចត្រឡប់ទៅទីវត្តមានរបស់ព្រះដោយខ្លួនយើងវិញបានទេ ។ ព្រះវរបិតាសួគ៌បានជ្រើសរើសព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រច្បងរបស់ទ្រង់ ដើម្បីធ្វើឲ្យយើងអាចត្រឡប់ទៅកាន់ទ្រង់វិញ ហើយមានជីវិតដ៏នៅអស់កល្បជានិច្ច ។
ព្រះយេស៊ូវបានទទួលយកដោយស្ម័គ្រព្រះទ័យ ។ ទ្រង់បានយល់ព្រមមកកាន់ផែនដី ហើយប្រោសលោះយើងតាមរយៈការពលិកម្មធួនរបស់ទ្រង់ ។ ដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ នឹងជួយឲ្យគោលបំណងរបស់ព្រះសម្រាប់យើងបានសម្រេច ។
ការបង្កបង្កើត
ផែនការរបស់ព្រះវរបិតាសួគ៌បានរៀបចំសម្រាប់ការបង្កើតផែនដី ជាកន្លែងដែលបុត្រាបុត្រីវិញ្ញាណរបស់ទ្រង់នឹងទទួលរូបកាយ និងទទួលបានបទពិសោធន៍ ។ ជីវិតរបស់យើងនៅលើផែនដីគឺចាំបាច់សម្រាប់យើងដើម្បីរីកចម្រើន ហើយក្លាយដូចជាព្រះ ។
នៅក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ។ គ្រានោះព្រះវរបិតាសួគ៌បានបង្កើតបុរស និងស្រ្តីតាមរូបអង្គទ្រង់ផ្ទាល់ ។ ការបង្កបង្កើតគឺជាការបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះ និងពីបំណងប្រាថ្នារបស់ទ្រង់សម្រាប់យើងដើម្បីមានឱកាសដើម្បីរីកចម្រើន ។
ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា
ពីមុនការធ្លាក់
លោកអ័ដាម និងនាង អេវ៉ា គឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ដែលចុះមកកាន់ផែនដីដំបូងគេ ។ ព្រះបានបង្កើតរូបកាយរបស់ពួកលោកតាមរូបអង្គទ្រង់ ហើយបានដាក់ពួកលោកនៅក្នុងសួនច្បារអេដែន ។ នៅក្នុងសួនច្បារនេះពួកលោកជាមនុស្សបរិសុទ្ធ ហើយព្រះបានប្រទានដល់តម្រូវការរបស់ពួកលោក ។
ខណៈពេលលោកអ័ដាម និងនាងអេវ៉ា រស់នៅក្នុងសួនច្បារនេះ ព្រះបានបញ្ជាពួកលោកមិនឲ្យបរិភោគផ្លែនៃដើមដឹងខុសត្រូវឡើយ ។ ប្រសិនបើពួកលោកគោរពតាមបញ្ញត្តិនេះ នោះពួកលោកអាចនៅក្នុងសួនច្បារនេះ ។ ទោះជាយ៉ាងណា ពួកលោកនឹងមិនអាចរីកចម្រើនពីការរៀនពីការផ្ទុយ និងបញ្ហាប្រឈមនៃជីវិតរមែងស្លាប់ឡើយ ។ ពួកលោកមិនអាចស្គាល់ភាពរីករាយ ព្រោះតែពួកលោកមិនអាចមានបទពិសោធន៍នៃភាពសោកសៅ និងការឈឺចាប់ ។
សាតាំងបានល្បួងអ័ដាម និងនាងអេវ៉ាឲ្យទទួលទានផ្លែឈើហាមឃាត់ ហើយពួកគេបានជ្រើសរើសធ្វើដូច្នោះ ។ ដោយសារជម្រើសនេះ ពួកលោកត្រូវបានបណ្ដេញចេញពីសួនច្បារនេះ ហើយបំបែកចេញពីវត្តមានរបស់ព្រះ ។ ព្រឹត្តិការណ៍នេះត្រូវបានហៅថា ការធ្លាក់ ។
បន្ទាប់ពីការធ្លាក់
បន្ទាប់ពីការធ្លាក់ លោកអ័ដាម និងនាងអេវ៉ាបានប្រែជាមតៈ ។ លែងស្ថិតក្នុងសណ្ឋានស្លូតបូតទៀតហើយ ពួកគេបានយល់ដឹង និងដកពិសោធន៍ទាំងសេចក្ដីល្អ និងសេចក្ដីអាក្រក់ ។ ពួកគេអាចប្រើសិទ្ធិជ្រើសរើសរបស់ខ្លួនដើម្បីជ្រើសរើសរវាងសេចក្ដីល្អ និងសេចក្ដីអាក្រក់ ។ ដោយសារលោកអ័ដាម និងនាងអេវ៉ាប្រឈមមុខនឹងការផ្ទុយនិងការប្រឈមនានា នោះពួកគេអាចរៀននិងរីកចម្រើន ។ ដោយសារពួកគេបានជួបប្រទះនឹងទុក្ខសោក នោះពួកគេក៏អាចមានអំណរផងដែរ ។ ( សូមមើល នីហ្វៃទី២ ២:២២–២៥ ) ។
ទោះជាមានការលំបាកយ៉ាងណាក៏ដោយ លោកអ័ដាម និងនាងអេវ៉ាមានអារម្មណ៍ថា ការមានជីវិតរមែងស្លាប់គឺជាពរជ័យដ៏អស្ចារ្យ ។ ពរជ័យមួយក្នុងចំណោមនោះគឺពួកគេអាចបង្កើតកូន ។ នេះបានផ្ដល់មធ្យោបាយសម្រាប់កូនវិញ្ញាណផ្សេងទៀតរបស់ព្រះឲ្យមកផែនដី ហើយទទួលរូបកាយ។
ទាក់ទងនឹងពរជ័យនៃការធ្លាក់ ទាំងលោកអ័ដាម និងនាងអេវ៉ាបានត្រេកអរ ។ ហើយអេវ៉ាបាននិយាយថា « បើសិនជាពុំមែនដោយសារការរំលងរបស់យើងទេ នោះយើងក៏នឹងមិនមាន [ ពូជ ] សោះ ហើយនឹងមិនដឹងខុសត្រូវ និងសេចក្ដីអំណរអំពីសេចក្ដីប្រោសលោះរបស់យើង និងជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះទ្រង់បានប្រទានដល់មនុស្សទាំងអស់ដែលគោរពតាមដែរ » ( ម៉ូសេ ៥:១១; សូមមើលផងដែរ ខទី ១០ ) ។
ជីវិតរបស់យើងនៅលើផែនដី
មនុស្សជាច្រើនឆ្ងល់ថា « ហេតុអ្វីខ្ញុំមកផែនដី ? » ជីវិតរបស់យើងនៅលើផែនដីគឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះសម្រាប់សុភមង្គលរបស់យើង ។ គោលបំណងដ៏ខ្ពង់ខ្ពស់របស់យើងគឺដើម្បីរៀបចំខ្លួនត្រឡប់ទៅកាន់វត្តមានរបស់ព្រះវិញ ហើយទទួលបានភាពពេញលេញនៃអំណរ ។ ការរៀបរាប់ខាងក្រោមគឺជារបៀបមួយចំនួនដែលជីវិតនៅលើផែនដីរៀបចំយើងសម្រាប់ការណ៍នេះ ។
ទទួលបានរូបកាយ
គោលបំណងមួយនៃការមកកាន់ផែនដីគឺដើម្បីទទួលបានរូបកាយដែលវិញ្ញាណរបស់យើងអាចរស់នៅបាន ។ រូបកាយរបស់យើងគឺការបង្កបង្កើតដ៏ពិសិដ្ឋ និងជាអព្ភូតហេតុរបស់ព្រះ ។ ដោយមានរូបរាងកាយ យើងអាចធ្វើ រៀន និងដកបទពិសោធន៍រឿងជាច្រើន ដែលវិញ្ញាណរបស់យើងមិនអាចធ្វើបាន ។ យើងអាចរីកចម្រើនក្នុងរបៀបដែលយើងមិនអាចធ្វើកាលជាវិញ្ញាណ ។
ដោយសាររូបកាយរបស់យើងរមែងស្លាប់ យើងទទួលការឈឺចាប់ ជំងឺ និងការសាកល្បងផ្សេងៗ ។ បទពិសោធន៍ទាំងនេះអាចជួយយើងរៀនពីភាពអត់ធ្មត់ មេត្តាករុណា និងគុណសម្បត្ដិដ៏ទេវភាពផ្សេងទៀត ។ វាអាចជាផ្នែកនៃផ្លូវទៅកាន់អំណររបស់យើង ។ ការជ្រើសរើសត្រឹមត្រូវនៅពេលដែលវាពិបាកធ្វើ ជាញឹកញាប់គឺជារបៀបដែលជំនឿ ក្តីសង្ឃឹម និងសេចក្តីសប្បុរសក្លាយជាផ្នែកនៃចរិតលក្ខណៈរបស់យើង ។
រៀនប្រើសិទ្ធិជ្រើសរើសដោយឈ្លាសវៃ
គោលបំណងមួយទៀតនៃជីវិតរមែងស្លាប់គឺដើម្បីរៀនប្រើសិទ្ធិជ្រើសរើសរបស់យើងដោយឈ្លាសវៃ—ដើម្បីជ្រើសរើសអ្វីដែលត្រឹមត្រូវ ។ ការរៀនប្រើសិទ្ធិជ្រើសរើសរបស់យើងដោយឈ្លាសវៃ គឺចាំបាច់ដើម្បីក្លាយដូចជាព្រះ ។
ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បង្រៀនយើងនូវអ្វីដែលត្រឹមត្រូវ ហើយប្រទានបទបញ្ញត្តិដើម្បីដឹកនាំយើងទៅកាន់សុភមង្គល ។ សាតាំងល្បួងយើងឲ្យធ្វើខុស ដោយចង់ឲ្យយើងវេទនាដូចវាដែរ ។ យើងប្រឈមមុខនឹងការផ្ទុយរវាងអំពើល្អ និងអំពើអាក្រក់ ដែលចាំបាច់ក្នុងការរៀនប្រើសិទ្ធិជ្រើសរើសរបស់យើង ( សូមមើល នីហ្វៃទី២ ២:១១ ) ។
នៅពេលយើងគោរពតាមព្រះ យើងរីកចម្រើន ហើយទទួលបានពរជ័យដែលទ្រង់បានសន្យា ។ នៅពេលយើងមិនស្តាប់បង្គាប់ យើងឃ្លាតចេញពីទ្រង់ ហើយទទួលផលនៃអំពើបាប ។ ទោះបីពេលខ្លះអំពើបាបពុំមានផលអាក្រក់ភ្លាមៗក៏ដោយ នៅទីបំផុតវានាំទៅរកភាពអព្ភមង្គលដែរ ។ ជាញឹកញាប់ពរជ័យនៃការគោរពប្រតិបត្តិ—និងឥទ្ធិពលនៃអំពើបាប—មិនបង្ហាញឲ្យឃើញភ្លាមៗ ឬមើលឃើញពីខាងក្រៅនោះទេ ។ ប៉ុន្តែច្បាស់ណាស់ ដ្បិតព្រះមានយុត្តិធម៌ ។
ទោះបីជានៅពេលយើងខិតខំអស់ពីសមត្ថភាពរបស់យើងក្តី យើងទាំងអស់គ្នាមានបាប ហើយ « គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ » ( រ៉ូម ៣:២៣ ) ។ ដោយដឹងពីការណ៍នេះថា ព្រះវរបិតាសួគ៌បានប្រទានផ្លូវសម្រាប់យើងដើម្បីប្រែចិត្ត ដើម្បីយើងអាចត្រឡប់ទៅរកទ្រង់វិញ ។
ការប្រែចិត្តនាំមកនូវអំណាចនៃព្រះប្រោសលោះរបស់យើងគឺ ព្រះយេស៊ូវគ្រីស្ទ មកក្នុងជីវិតរបស់យើង ( សូមមើល ហេលេមិន ៥:១១ ) ។ នៅពេលយើងប្រែចិត្ត យើងបានសម្អាតពីអំពើបាបតាមរយៈការពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល នីហ្វៃទី៣ ២៧:១៦–២០ ) ។ តាមរយៈការប្រែចិត្ត យើងដកពិសោធណ៍អំណរ ។ ផ្លូវត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌របស់យើងត្រូវបានបើកសម្រាប់យើង ដ្បិតទ្រង់មានព្រះហឫទ័យមេត្តាករុណា ។ ( សូមមើល « ការប្រែចិត្ត » នៅក្នុងមេរៀនទី ៣ ) ។
រៀនដើរដោយសេចក្តីជំនឿ
គោលបំណងមួយទៀតនៃជីវិតនេះ គឺដើម្បីទទួលបានបទពិសោធន៍ដែលអាចទទួលបានតែតាមរយៈការបែកចេញពីព្រះវរបិតាសួគ៌ប៉ុណ្ណោះ ។ ដោយសារយើងមិនឃើញទ្រង់ យើងត្រូវរៀនដើរដោយសេចក្ដីជំនឿ ( សូមមើល កូរិនថូសទី២ ៥:៦–៧ ) ។
ព្រះមិនបានទុកឲ្យយើងនៅតែម្នាក់ឯងក្នុងដំណើរនេះទេ ។ ទ្រង់បានប្រទានព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំ ពង្រឹង និងញែកយើងជាបរិសុទ្ធ ។ ទ្រង់ក៏បានប្រទានព្រះគម្ពីរ ព្យាការី ការអធិស្ឋាន និងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផងដែរ ។
គ្រប់ផ្នែកនៃបទពិសោធន៍នៃជីវិតរមែងស្លាប់របស់យើង—អំណរ និងទុក្ខព្រួយ ជោគជ័យ និងឧបសគ្គ—អាចជួយយើងរីកចម្រើន នៅពេលយើងរៀបចំដើម្បីត្រឡប់ទៅរកព្រះវិញ ។
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
ដោយសារតែការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា នោះយើងស្ថិតក្រោមអំពើបាប និងសេចក្តីស្លាប់ ។ យើងមិនអាចយកឈ្នះលើឥទ្ធិពលនៃអំពើបាប និងសេចក្តីស្លាប់ដោយខ្លួនឯងបានទេ ។ នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ទ្រង់បានប្រទាននូវរបៀបមួយដើម្បីយកឈ្នះលើឥទ្ធិពលនៃការធ្លាក់ ដើម្បីយើងអាចត្រឡប់ទៅកាន់ទ្រង់វិញ ។ ពីមុនផែនដីត្រូវបានបង្កើតឡើង ទ្រង់បានជ្រើសរើសព្រះយេស៊ូវគ្រីស្ទឲ្យធ្វើជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។
មានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលអាចប្រោសលោះយើងពីអំពើបាប និងសេចក្តីស្លាប់បាន ។ ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ។ ទ្រង់បានរស់នៅក្នុងព្រះជន្មដែលគ្មានបាប ដោយគោរពប្រតិបត្តិតាមព្រះវរបិតាទ្រង់ទាំងស្រុង ។ ទ្រង់បានត្រៀមព្រះកាយ ហើយស្ម័គ្រព្រះទ័យធ្វើតាមព្រះទ័យរបស់ព្រះវរបិតាសួគ៌ ។
ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះបានរួមបញ្ចូលនូវការរងទុក្ខរបស់ទ្រង់នៅសួនច្បារគែតសេម៉ានី ការរងការឈឺចាប់ និងការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ ទ្រង់បានរងការឈឺចាប់ហួសពីអ្វីដែលអាចយល់បាន—យ៉ាងខ្លាំងរហូតដល់ទ្រង់បានហូរលោហិតចេញពីគ្រប់រន្ធញើស ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:១៨ ) ។
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សលោក ។ តាមរយៈការពលិកម្មធួនរបស់ទ្រង់ ព្រះយេស៊ូវបានធ្វើឲ្យផែនការរបស់ព្រះវរបិតាដំណើរការ ។ យើងនឹងអស់សង្ឃឹមបើគ្មានដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ពីព្រោះយើងមិនអាចសង្គ្រោះខ្លួនយើងពីអំពើបាប និងសេចក្តីស្លាប់ឡើយ ( សូមមើល អាលម៉ា ២២:១២–២៥ ) ។
ការពលិកម្មរបស់ព្រះអង្គសង្គ្រោះរបស់យើងគឺជាការបង្ហាញពីសេចក្តីស្រឡាញ់ដ៏ខ្ពង់ខ្ពស់ចំពោះព្រះវរបិតាទ្រង់ និងសម្រាប់យើង ។ « ពីទទឹង បណ្តោយ ជម្រៅ និងកម្ពស់ » នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទហួសពីការយល់ដឹងរបស់យើង ( អេភេសូរ ៣:១៨; សូមមើលផងដែរ ខទី ១៩ ) ។
ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើសេចក្ដីស្លាប់សម្រាប់មនុស្សទាំងអស់
នៅពេលទ្រង់សុគតនៅលើឈើឆ្កាង វិញ្ញាណទ្រង់បានចេញពីព្រះកាយរបស់ទ្រង់ ។ នៅថ្ងៃទីបី វិញ្ញាណ និងរូបកាយទ្រង់ ត្រូវបានផ្គុំគ្នាដ៏នៅអស់កល្បជានិច្ចវិញ ពុំបែកចេញពីគ្នាទៀតឡើយ ។ ទ្រង់បានបង្ហាញព្រះកាយដល់មនុស្សជាច្រើន ដោយបង្ហាញពួកគេថា ទ្រង់មានព្រះកាយនៃសាច់ និងឆ្អឹងអមតៈ ។ ការរួបរួមគ្នានៃវិញ្ញាណ និងរូបកាយនេះត្រូវបានហៅថា ការរស់ឡើងវិញ ។
ដោយជាមនុស្សមិនអមតៈ យើងម្នាក់ៗនឹងស្លាប់ ។ ទោះជាយ៉ាងណា ដោយសារព្រះយេស៊ូវបានឈ្នះលើសេចក្ដីស្លាប់ មនុស្សគ្រប់រូបដែលកើតនៅផែនដីនឹងរស់ឡើងវិញ ។ ការរស់ឡើងវិញគឺជាអំណោយទានដ៏ទេវភាពសម្រាប់ទាំងអស់គ្នា ដែលផ្តល់ឲ្យតាមរយៈសេចក្តីមេត្តាករុណា និងព្រះគុណរបស់ព្រះអង្គសង្គ្រោះ ។ វិញ្ញាណ និងរូបកាយរបស់មនុស្សម្នាក់ៗនឹងបានរួបរួមគ្នាឡើងវិញ ហើយយើងម្នាក់ៗនឹងរស់នៅជារៀងរហូត ដោយមានរូបកាយរស់ឡើងវិញដ៏ឥតខ្ចោះ ។ ប្រសិនបើមិនមែនសម្រាប់ព្រះយេស៊ូវគ្រីស្ទទេ នោះសេចក្តីស្លាប់នឹងបញ្ចប់រាល់ក្តីសង្ឃឹមសម្រាប់ការរស់នៅជាមួយព្រះវរបិតាសួគ៌នៅពេលអនាគត ( សូមមើល នីហ្វៃទី២ ៩:៨–១២ ) ។
ព្រះយេស៊ូវធ្វើឲ្យវាអាចមានលទ្ធភាពសម្រាប់យើងដើម្បីបានសម្អាតពីអំពើបាបរបស់យើង
ដើម្បីយល់ពីសេចក្តីសង្ឃឹមដែលយើងអាចទទួលបានតាមរយៈព្រះគ្រីស្ទ យើងត្រូវយល់អំពីក្រឹត្យវិន័យនៃសេចក្តីយុត្តិធម៌ ។ នេះគឺជាការមិនចេះផ្លាស់ប្តូរ ដែលនាំមកនូវលទ្ធផលចំពោះសកម្មភាពទាំងឡាយ ។ ការគោរពប្រតិបត្តិព្រះនាំមកនូវលទ្ធផលវិជ្ជមាន ហើយការមិនគោរពប្រតិបត្តិនាំមកនូវផលអវិជ្ជមាន ។ ( សូមមើល អាលម៉ា ៤២:១៤–១៨ ) ។ នៅពេលយើងមានបាប យើងមិនស្អាតស្អំខាងវិញ្ញាណ ហើយគ្មានអ្វីមិនស្អាតណាអាចរស់នៅក្នុងទីវត្តមានរបស់ព្រះបានឡើយ ( សូមមើល នីហ្វៃទី៣ ២៧:១៩ ) ។
អំឡុងពេលការពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ ទ្រង់បានឈរជំនួសយើង បានរងទុក្ខ ហើយបានបង់ពិន័យសម្រាប់អំពើបាបរបស់យើង ( សូមមើល នីហ្វៃទី៣ ២៧:១៦–២០ ) ។ ផែនការរបស់ព្រះផ្តល់អំណាចដល់ព្រះយេស៊ូវគ្រីស្ទដើម្បីធ្វើការអង្វរជំនួសយើង—ដើម្បីឈរនៅចន្លោះយើង និងដោយយុត្តិធម៌ ( សូមមើល ម៉ូសាយ ១៥:៩ ) ។ ដោយសារការពលិកម្មធួនរបស់ព្រះយេស៊ូវ ទ្រង់អាចទាមទារសិទ្ធិនៃសេចក្តីមេត្តាករុណារបស់ទ្រង់ជំនួសយើង នៅពេលយើងអនុវត្តសេចក្តីជំនឿចំពោះការប្រែចិត្ត ( សូមមើល មរ៉ូណៃ ៧:២៧; គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៣–៥ ) ។ « ម្ល៉ោះហើយ សេចក្ដីមេត្តាករុណាអាចធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ ហើយឱបក្រសោប [ យើង ] នៅក្នុងដៃនៃសេចក្ដីសុខ » ( អាលម៉ា ៣៤:១៦ ) ។
មានតែតាមរយៈអំណោយទាននៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងការប្រែចិត្តរបស់យើងប៉ុណ្ណោះ ដែលយើងអាចត្រឡប់ទៅរស់នៅជាមួយព្រះវិញ ។ នៅពេលយើងប្រែចិត្ត យើងត្រូវបានលើកលែងទោស ហើយត្រូវបានសម្អាតខាងវិញ្ញាណ ។ យើងបានធូរស្រាលពីបន្ទុកនៃកំហុសដែលមកពីអំពើបាបរបស់យើង ។ ព្រលឹងដែលរងរបួសរបស់យើងត្រូវបានព្យាបាល ។ យើងពោរពេញដោយអំណរ ( សូមមើល អាលម៉ា ៣៦:២៤ ) ។
ទោះបីជាយើងមិនល្អឥតខ្ចោះ ហើយអាចនឹងធ្លាក់ចុះម្តងទៀតក៏ដោយ ប៉ុន្តែមានព្រះគុណ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណានៅក្នុងព្រះយេស៊ូវគ្រីស្ទ ច្រើនជាងការបរាជ័យ កំហុស ឬអំពើបាបនៅក្នុងខ្លួនយើង ។ ព្រះតែងតែត្រៀមព្រះកាយ ហើយមានព្រះទ័យចង់ឱបក្រសោបយើង ពេលយើងបែរទៅរកទ្រង់ ហើយប្រែចិត្ត ( សូមមើល លូកា ១៥:១១–៣២ ) ។ គ្មានអ្វី និងគ្មាននរណាអាច « នឹងពង្រាត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ »( រ៉ូម ៨:៣៩ ) ។
ព្រះយេស៊ូវគ្រីស្ទបានលើកដាក់មកលើព្រះអង្គទ្រង់នូវការឈឺចាប់ សេចក្តីវេទនា និងជំងឺ
នៅក្នុងការពលិកម្មធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានលើកដាក់លើអង្គទ្រង់នូវការឈឺចាប់ សេចក្តីវេទនា និងជំងឺ ។ ដោយសារការណ៍នេះ ទ្រង់ជ្រាបដឹង « ស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១២; សូមមើលផងដែរ ខទី ១១ ) ។ ទ្រង់អញ្ជើញ « ចូរមកឯខ្ញុំ » ហើយនៅពេលយើងធ្វើដូច្នេះ ទ្រង់ប្រទានការសម្រាក ក្ដីសង្ឃឹម កម្លាំង ទស្សនវិស័យ និងការព្យាបាលដល់យើង ( ម៉ាថាយ ១១:២៨; សូមមើលផងដែ ខទី ២៩–៣០ ) ។
នៅពេលយើងពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ នោះទ្រង់អាចជួយយើងឲ្យស៊ូទ្រាំការសាកល្បង ជម្ងឺ និងការឈឺចាប់របស់យើង ។ យើងអាចពេញដោយអំណរ ក្តីសុខសាន្ដ និង ការលួងលោមចិត្ត ។ អ្វីៗទាំងអស់ដែលអយុត្តិធម៌នៅក្នុងជីវិតនេះ អាចត្រូវបានធ្វើឲ្យយុត្តិធម៌តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ពិភពវិញ្ញាណ
មនុស្សជាច្រើនឆ្ងល់ថា « តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំស្លាប់ ? » ផែនការនៃសេចក្ដីសង្គ្រោះផ្ដល់ចម្លើយសំខាន់មួយចំនួនចំពោះសំណួរនេះ ។
សេចក្តីស្លាប់គឺជាផ្នែកនៃ « ផែនការនៃការប្រោសប្រណី » សម្រាប់យើង ( នីហ្វៃទី២ ៩:៦ ) ។ ជំនួសឲ្យការបញ្ចប់ការរស់នៅរបស់យើង នោះសេចក្តីស្លាប់គឺជាជំហានបន្ទាប់ឈានទៅរកការរីកចម្រើនដ៏នៅអស់កល្បជានិច្ចរបស់យើង ។ ដើម្បីយើងអាចប្រែក្លាយដូចជាព្រះ យើងត្រូវតែដកពិសោធន៍សេចក្តីស្លាប់ ហើយបន្ទាប់មក យើងត្រូវតែទទួលបានរូបកាយដ៏ល្អឥតខ្ចោះ ជារូបកាយដែលបានរស់ឡើងវិញ ។
នៅពេលដែលរូបកាយរបស់យើងស្លាប់ វិញ្ញាណរបស់យើងនៅតែបន្តរស់នៅក្នុងពិភពវិញ្ញាណ ។ នេះគឺជាស្ថានភាពបណ្ដោះអាសន្ននៃការរៀនសូត្រ និងការរៀបចំមុនការរស់ឡើងវិញ និងការជំនុំជម្រះចុងក្រោយ ។ ចំណេះដឹងរបស់យើងពីជីវិតរមែងស្លាប់នៅតែមានជាមួយយើង ។
នៅក្នុងពិភពវិញ្ញាណ មនុស្សដែលបានទទួលយក និងរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ « បានទទួលស្ថានភាពនៃសុភមង្គល ដែលជាស្ថានបរមសុខ » ( អាលម៉ា ៤០:១២ ) ។ កុមារតូចៗក៏បានទទួលចូលទៅក្នុងស្ថានបរមសុខនៅពេលពួកគេស្លាប់ដែរ ។
វិញ្ញាណនៅស្ថានបរមសុខនឹងបានសុខសាន្តពីទុក្ខលំបាក និងការសោកសៅរបស់ពួកគេ ។ ពួកគេនឹងបន្តរីកចម្រើនខាងវិញ្ញាណ ធ្វើកិច្ចការរបស់ព្រះ និងធ្វើការងារបម្រើអ្នកដទៃ ។ ពួកគេនឹងបង្រៀនដំណឹងល្អដល់អ្នកដែលមិនបានទទួលវាអំឡុងពេលជីវិតរមែងស្លាប់របស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៣២–៣៧, ៥៧–៥៩ ) ។
នៅក្នុងពិភពវិញ្ញាណ មនុស្សដែលមិនអាចទទួលបានដំណឹងល្អនៅលើផែនដី ឬអ្នកដែលបានជ្រើសរើសមិនធ្វើតាមព្រះបញ្ញត្តិទាំងឡាយ នឹងឆ្លងកាត់ដែនកំណត់មួយចំនួន ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៦–៣៧; អាលម៉ា ៤០:៦–១៤ ) ។ ទោះជាយ៉ាងណា ដោយសារព្រះយុត្តិធម៌ និងមានក្តីមេត្តាករុណា នោះពួកគេនឹងមានឱកាសទទួលបានការបង្រៀនពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើពួកគេទទួលយកវា ហើយប្រែចិត្ត នោះពួកគេនឹងត្រូវបានប្រោសលោះពីអំពើបាបរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៥៨; សូមមើលផងដែ ១៣៨:៣១–៣៥; ១២៨:២២ ) ។ ពួកគេនឹងត្រូវបានស្វាគមន៍ទៅកាន់ស្ថានបរមសុខដោយសុខសាន្ត ។ នៅទីបំផុត ពួកគេនឹងទទួលបានកន្លែងមួយនៅក្នុងនគរនៃសិរីល្អ ដោយផ្អែកលើជម្រើសដែលពួកគេបានធ្វើនៅក្នុងជីវិតរមែងស្លាប់ និងនៅក្នុងពិភពវិញ្ញាណ ។
យើងនៅក្នុងពិភពវិញ្ញាណរហូតដល់យើងរស់ឡើងវិញ ។
ការរស់ឡើងវិញ សេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង
ការរស់ឡើងវិញ
ផែនការរបស់ព្រះធ្វើឲ្យយើងអាចរីកចម្រើន និងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ បន្ទាប់ពីពេលវេលារបស់យើងនៅក្នុងពិភពវិញ្ញាណ ការរស់ឡើងវិញគឺជាជំហានបន្ទាប់របស់យើងក្នុងការរីកចម្រើននោះ ។
ការរស់ឡើងវិញគឺជាការរួបរួមគ្នានៃរូបកាយ និងវិញ្ញាណរបស់យើង ។ យើងម្នាក់ៗនឹងត្រូវបានរស់ឡើងវិញ ។ ការណ៍នេះអាចធ្វើទៅបានតាមរយៈដង្វាយធួន និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ ( សូមមើល អាលម៉ា ១១:៤៣–៤៤ ) ។
នៅពេលយើងរស់ឡើងវិញ នោះយើងម្នាក់ៗនឹងមានរូបកាយល្អឥតខ្ចោះ គ្មានការឈឺចាប់ និងជំងឺទេ ។ យើងនឹងក្លាយជាអមតៈ រស់នៅជារៀងរហូត ។
សេចក្តីសង្រ្គោះ
ដោយសារយើងទាំងអស់គ្នានឹងរស់ឡើងវិញ នោះយើងទាំងអស់គ្នានឹងបានសង្គ្រោះ—ឬទទួលបានសេចក្ដីសង្គ្រោះ—ពីសេចក្ដីស្លាប់ខាងសាច់ឈាម ។ អំណោយទាននេះបានប្រទានដល់យើងដោយព្រះគុណនៃព្រះគ្រីស្ទ ។
យើងក៏អាចបានសង្គ្រោះ—ឬទទួលបានសេចក្ដីសង្គ្រោះ—ពីផលដែលក្រឹត្យវិន័យនៃសេចក្តីយុត្តិធម៌ទាមទារចំពោះអំពើបាបរបស់យើង ។ អំណោយទាននេះក៏អាចធ្វើទៅបានតាមរយៈគុណសម្បត្តិ និងសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលយើងប្រែចិត្តផងដែរ ។ ( សូមមើល អាលម៉ា ៤២:១៣–១៥, ២១–២៥ ) ។
ភាពតម្កើងឡើង
ភាពតម្កើងឡើង ឬជីវិតដ៏នៅអស់កល្បជានិច្ចគឺជាស្ថានភាពនៃសុភមង្គល និងសិរីរុងរឿងដ៏ខ្ពស់បំផុតនៅក្នុងនគរសេឡេស្ទាល ។ ភាពតម្កើងឡើងគឺជាអំណោយទានដែលមានលក្ខខណ្ឌ ។ ប្រធានរ័សុល អិម ណិលសុន បានបង្រៀនថា « លក្ខខណ្ឌចាំបាច់ទាំងនោះ រួមមានសេចក្តីជំនឿលើព្រះអម្ចាស់ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយបន្តស្មោះត្រង់ចំពោះពិធីបរិសុទ្ធ និងសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ » ( Salvation and Exaltation » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩ ) ។
ភាពតម្កើងឡើងមានន័យថារស់នៅជាមួយព្រះជារៀងរហូតក្នុងគ្រួសារដ៏នៅអស់កល្បជានិច្ច ។ វាគឺជាការស្គាល់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីប្រែក្លាយដូចជាទ្រង់ទាំងទ្វេ ហើយដកពិសោធន៍ជីវិតដែលទ្រង់ទាំងទ្វេរីករាយ ។
សេចក្ដីជំនុំជម្រះ និងនគរនៃសិរីល្អ
កំណត់ចំណាំ ៖ នៅពេលបង្រៀនអំពីនគរនៃសិរីល្អដំបូង សូមបង្រៀនកម្រិតធម្មតាៗតាមតម្រូវការ និងការយល់ដឹងរបស់បុគ្គលម្នាក់ៗ ។
នៅពេលយើងរស់ឡើងវិញ ព្រះយេស៊ូវគ្រីស្ទនឹងជាចៅក្រមដ៏យុត្តិធម៌ និងប្រកបដោយក្តីមេត្តាករុណារបស់យើង ។ ដោយមានករណីលើកលែងតិចតួចបំផុត យើងម្នាក់ៗនឹងទទួលបានកន្លែងមួយនៅក្នុងនគរនៃសិរីរុងរឿង ។ ទោះជាយើងទាំងអស់គ្នានឹងរស់ឡើងវិញក៏ដោយ ប៉ុន្តែយើងទាំងអស់គ្នានឹងមិនទទួលបានសិរីល្អដ៏នៅអស់កល្បជានិច្ចដូចគ្នាទេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:២២–២៤, ២៩–៣៤; ១៣០:២០–២១; ១៣២:៥ ) ។
បុគ្គលដែលមិនមានឱកាសយល់ពេញលេញ និងគោរពតាមក្រឹត្យវិន័យរបស់ព្រះក្នុងអំឡុងជីវិតរមែងស្លាប់របស់ពួកគេ នឹងត្រូវបានផ្តល់ឱកាសនោះនៅក្នុងពិភពវិញ្ញាណ ។ ព្រះយេស៊ូវនឹងជំនុំជម្រះបុគ្គលម្នាក់ៗតាមសេចក្ដីជំនឿ ការងារ បំណងប្រាថ្នា និងការប្រែចិត្តក្នុងជីវិតរមែងស្លាប់ និងក្នុងពិភពវិញ្ញាណរបស់ខ្លួន ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:៣២–៣៤, ៥៧–៥៩ ) ។
ព្រះគម្ពីរបង្រៀនពីនគរសេឡេស្ទាល នគរទេរេសទ្រាល និងនគរទេឡេស្ទាល នគរនីមួយៗគឺជាការបង្ហាញពីសេចក្តីស្រឡាញ់ យុត្តិធម៌ និងសេចក្តីមេត្តាករុណារបស់ព្រះ ។
អ្នកទាំងឡាយណាដែលអនុវត្តសេចក្តីជំនឿលើព្រះគ្រីស្ទ ប្រែចិត្តពីអំពើបាបរបស់ពួកគេ ទទួលពិធីបរិសុទ្ធនៃដំណឹងល្អ រក្សាសេចក្តីសញ្ញារបស់ពួកគេ ទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុតនឹងបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាល ។ នគរនេះក៏នឹងរួមបញ្ចូលមនុស្សដែលមិនមានឱកាសទទួលបានដំណឹងល្អអំឡុងពេលជីវិតរមែងស្លាប់របស់ពួកគេដែរប៉ុន្តែ « នឹងទទួលដំណឹងល្អដោយអស់ពីចិត្ត » ហើយធ្វើដូច្នោះនៅក្នុងពិភពវិញ្ញាណ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:៨; សូមមើលផងដែរ ខទី ៧ ) ។ កុមារដែលបានស្លាប់មុនអាយុនៃការទទួលខុសត្រូវ ( អាយុប្រាំបីឆ្នាំ ) ក៏នឹងបានសង្រ្គោះនៅក្នុងនគរសេឡេស្ទាលផងដែរ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:១០ ) ។
នៅក្នុងព្រះគម្ពីរ នគរសេឡេស្ទាលត្រូវបានប្រៀបធៀបទៅនឹងសិរីល្អ ឬពន្លឺនៃព្រះអាទិត្យ (សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៥០–៧០ ) ។
មនុស្សដែលរស់នៅក្នុងជីវិតគួរឲ្យគោរព « ដែលពុំបានទទួលទីបន្ទាល់ពីព្រះយេស៊ូវ កាលនៅក្នុងសាច់ឈាម ប៉ុន្តែក្រោយមក បានទទួលទីបន្ទាល់នោះ » នឹងទទួលបានកន្លែងនៅក្នុងនគរទេរេសទ្រាល ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៧៤ ) ។ ដូចគ្នាដែរ ចំពោះអ្នកដែលមិនក្លាហាននៅក្នុងទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវ ។ នគរនេះត្រូវបានប្រៀបធៀបទៅនឹងសិរីរុងរឿងនៃព្រះចន្ទ ។ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៧១–៨០ ) ។
អស់អ្នកដែលបានបន្តនៅក្នុងអំពើបាបរបស់ពួកគេ ហើយមិនបានប្រែចិត្តនៅក្នុងជីវិតនេះ ឬទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងពិភពវិញ្ញាណ នឹងទទួលបានរង្វាន់របស់ពួកគេនៅក្នុងនគរតេឡេស្ទាល ។ នគរនេះត្រូវបានប្រៀបធៀបទៅនឹងសិរីរុងរឿងនៃផ្កាយ ។ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៨១–៨៦ ) ។
គម្រោងមេរៀនខ្លីៗទៅមធ្យម
គម្រោងខាងក្រោមគឺជាគំរូនៃអ្វីដែលអ្នកអាចបង្រៀនមនុស្សម្នាក់ ប្រសិនបើអ្នកមានពេលខ្លីប៉ុណ្ណោះ ។ នៅពេលប្រើគម្រោងនេះ សូមជ្រើសរើសគោលការណ៍មួយ ឬច្រើនដើម្បីបង្រៀន ។ មូលដ្ឋានគ្រឹះនៃគោលលទ្ធិសម្រាប់គោលការណ៍នីមួយៗត្រូវបានផ្តល់ឲ្យនៅដើមមេរៀន ។
នៅពេលអ្នកបង្រៀន សូមសួរសំណួរ ហើយស្តាប់ ។ ធ្វើការអញ្ជើញដែលនឹងជួយមនុស្សទូទៅរៀនពីរបៀបខិតទៅកាន់តែជិតព្រះ ។ ការអញ្ជើញដ៏សំខាន់មួយគឺអញ្ជើញបុគ្គលនោះមកជួបអ្នកម្តងទៀត ។ រយៈពេលនៃមេរៀននឹងអាស្រ័យលើសំណួរដែលអ្នកសួរ និងការស្តាប់ដែលអ្នកមាន ។
អ្វីដែលអ្នកអាចបង្រៀនមនុស្សទូទៅក្នុងរយៈពេល ៣-១០ នាទី
-
យើងទាំងអស់គ្នាគឺជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះ ។ យើងគឺជាសមាជិកគ្រួសាររបស់ទ្រង់ ។ ទ្រង់ស្គាល់ ហើយស្រឡាញ់យើងម្នាក់ៗ ។
-
ព្រះបានប្រទានផែនការមួយសម្រាប់សុភមង្គល និងការរីកចម្រើនរបស់យើងក្នុងជីវិតនេះ និងក្នុងភាពអស់កល្បជានិច្ច ។
-
នៅក្នុងផែនការរបស់ព្រះ យើងត្រូវមកផែនដី ដើម្បីទទួលរូបកាយ រៀន និងរីកចម្រើន ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដ៏សំខាន់នៅក្នុងផែនការរបស់ព្រះ ។ ទ្រង់ធ្វើឲ្យយើងអាចមានជីវិតដ៏នៅអស់កល្បជានិច្ចបាន ។
-
ក្រោមការដឹកនាំរបស់ព្រះ ព្រះយេស៊ូវបានបង្កើតផែនដីនេះ ។
-
បទពិសោធន៍របស់យើងនៅលើផែនដីគឺមានបំណងជួយយើងរៀបចំខ្លួនដើម្បីត្រឡប់ទៅទីវត្តមានរបស់ព្រះវិញ ។
-
យើងម្នាក់ៗមានបាប ហើយយើងម្នាក់ៗនឹងត្រូវស្លាប់ ។ ដោយសារព្រះស្រឡាញ់យើង ទ្រង់បានបញ្ជូនព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទមកផែនដី ដើម្បីប្រោសលោះយើងពីអំពើបាប និងសេចក្ដីស្លាប់ ។
-
អ្វីៗទាំងអស់ដែលអយុត្តិធម៌នៅក្នុងជីវិតនេះ អាចត្រូវបានធ្វើឲ្យយុត្តិធម៌តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
នៅពេលដែលរូបកាយរបស់យើងស្លាប់ វិញ្ញាណរបស់យើងនៅតែបន្តរស់នៅ ។ នៅទីបំផុតយើងនឹងបានរស់ឡើងវិញ ។ ការណ៍នេះមានន័យថា វិញ្ញាណ និងរូបកាយរបស់មនុស្សម្នាក់ៗនឹងបានរួបរួមគ្នាឡើងវិញ ហើយយើងម្នាក់ៗនឹងរស់នៅជារៀងរហូត ដោយមានរូបកាយរស់ឡើងវិញដ៏ឥតខ្ចោះ ។
-
នៅពេលយើងរស់ឡើងវិញ ព្រះយេស៊ូវគ្រីស្ទនឹងធ្វើជាចៅក្រមរបស់យើង ។ ដោយមានករណីលើកលែងតិចតួចបំផុត បុត្រាបុត្រីរបស់ព្រះទាំងអស់នឹងទទួលបានកន្លែងមួយនៅក្នុងនគរនៃសិរីរុងរឿង ។ យើងអាចត្រឡប់ទៅរស់នៅក្នុងទីវត្តមានរបស់ព្រះវិញ បើយើងស្មោះត្រង់ ។