មេរៀនទី ១
ព្រះគម្ពីរមរមន ជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ
សេចក្ដីផ្ដើម
អស់អ្នកដែលសិក្សា ការបង្រៀន និងគោលលទ្ធិនៃព្រះគម្ពីរមរមន នឹងបានដឹងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ នៅក្នុងមេរៀននេះ សិស្សនឹងរៀនថា អ្នកនិពន្ធសំខាន់ៗភាគច្រើននៃព្រះគម្ពីរនេះ គឺជាសាក្សីផ្ទាល់ភ្នែកនៃព្រះរាជបុត្រានៃព្រះ ហើយថាពាក្យសម្ដីរបស់ពួកលោកជួយពង្រីកការយល់ដឹង និងទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់កាន់តែស៊ីជម្រៅ ។
ការអានពីសាវតា
-
ហ្គរដុន ប៊ី ហ៊ិងគ្លី «A Testimony Vibrant and True » Ensign ខែ សីហា ឆ្នាំ ២០០៥ ទំព័រ ២–៦ ។
-
« The Book of Mormon—Keystone of Our Religion » ជំពូកទី ៩ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១២៥–៣៥ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី១ ១៣:៤០; នីហ្វៃទី២ ២៥:១៧–១៨, អាលម៉ា ៣៣:២២–២៣
ព្រះគម្ពីរមរមន ជាសក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ខ្ញុំបានប្រាប់បងប្អូនទាំងឡាយថា ព្រះគម្ពីរមរមន គឺជាគម្ពីរដ៏ត្រឹមត្រូវបំផុតជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដ្ឋាននៃសាសនារបស់យើង ហើយបុគ្គលម្នាក់ៗអាចចូលទៅជិតព្រះបាន ដោយសារធ្វើតាមសិក្ខាបទទាំងឡាយនៃគម្ពីរនេះ ជាជាងគម្ពីរដទៃទាំងអស់ » (បុព្វកថានៃព្រះគម្ពីរមរមន) ។
-
តើសម្ដីអះអាងណាខ្លះរបស់ព្យាការីអំពីព្រះគម្ពីរមរមន ដែលអ្នកមានទីបន្ទាល់ ហើយមូលហេតុអ្វី ?
-
តើសេចក្តីថ្លែងការណ៍របស់ព្យាការី ពង្រីកការជំរុញទឹកចិត្តអ្នកឲ្យសិក្សាព្រះគម្ពីរមរមនយ៉ាងដូចម្តេចដែរ ?
សូមអញ្ជើញសិស្សឲ្យគូសពណ៌ចំណាំសេចក្ដីថ្លែងការណ៍នេះ នៅក្នុងព្រះគម្ពីររបស់ពួកគេផ្ទាល់ នៅក្នុងកថាខណ្ឌទីប្រាំមួយនៃបុព្វកថានៃព្រះគម្ពីរមរមន ហើយផ្ដល់យោបល់ដល់ពួកគេឲ្យសរសេរនៅក្បែរកថាខណ្ឌនោះ នូវខគម្ពីរយោង នីហ្វៃទី១ ១៣:៤០ និង នីហ្វៃទី២ ២៥:១៧–១៨ ។ ( កំណត់ចំណាំ ៖ ការធ្វើខគម្ពីរយោង គឺជាជំនាញសិក្សាព្រះគម្ពីរមួយ ដែលអ្នកអាចជ្រើសរើសដើម្បីធ្វើការសង្កត់ធ្ងន់ពេញមួយវគ្គសិក្សានេះ ។ កាលដែលសិស្សពង្រឹងជំនាញសិក្សាព្រះគម្ពីររបស់ពួកគេ នោះពួកគេប្រែកាន់តែមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណខ្លាំងឡើង ) ។
សូមអញ្ជើញសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗចេញពី នីហ្វៃទី១ ១៣:៤០ និង នីហ្វៃទី២ ២៥:១៧–១៨ ខណៈដែលសិស្សក្នុងថ្នាក់រកមើលគោលបំណងចម្បងនៃព្រះគម្ពីរមរមន ។
-
យោងតាមខទាំងនេះ តើអ្វីទៅជាគោលបំណងចម្បងមួយនៃព្រះគម្ពីរមរមន ? ( សិស្សគួរតែរកឃើញសេចក្ដីពិតដូចតទៅនេះ ៖ ព្រះបាននាំចេញមកនូវព្រះគម្ពីរមរមន នៅក្នុងថ្ងៃចុងក្រោយនេះ ដើម្បីបញ្ចុះបញ្ចូលមនុស្សទាំងអស់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ [ សូមមើលផងដែរ ទំព័រចំណងជើងនៃព្រះគម្ពីរមរមន ] ) ។
-
តើព្រះគម្ពីរមរមនបញ្ចុះបញ្ចូលមនុស្សថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទយ៉ាងដូចម្ដេចដែរ ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយសូមអញ្ជើញសិស្សឲ្យអានវាដោយស្ងៀមស្ងាត់ ៖
« ពួកគ្រិស្តសាសនិកជាច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះ បដិសេធភាពជាព្រះនៃព្រះអង្គសង្គ្រោះ ។ ពួកគេសង្ស័យពីកំណើតដ៏មិនគួរឲ្យជឿរបស់ទ្រង់ ជីវិតរស់នៅដ៏ល្អឥតខ្ចោះ និងភាពពិតប្រាកដនៃការមានព្រះជន្មរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ។ ព្រះគម្ពីរមរមនបង្រៀនក្នុងលក្ខខណ្ទយ៉ាងច្បាស់លាស់ និងគ្មានកំហុសអំពីសេចក្តីពិតនៃគ្រប់ការណ៍ទាំងអស់នោះ ។ វាក៏បានផ្តល់នូវការពន្យល់ដ៏ពេញលេញបំផុត ពីគោលលទ្ធិនៃដង្វាយធួនផងដែរ ។ ពិតណាស់ គម្ពីរដ៏បំផុសគំនិតប្រកបដោយទេវភាពនេះ គឺជាសិលាគន្លឹះមួយក្នុងការធ្វើជាសាក្សីចំពោះពិភពលោកថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១២៩–៣០ ) ។
-
តើភាពពិតអ្វីខ្លះ អំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ និងការបម្រើរបស់ទ្រង់ ដែលត្រូវបានបញ្ជាក់នៅក្នុងព្រះគម្ពីរមរមន ?
សូមអញ្ជើញសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ខ្ញុំបានអាន [ ព្រះគម្ពីរមរមន ] ជាច្រើនដង ។ ខ្ញុំក៏បានអានអ្វីៗជាច្រើនដែលបានសរសេរអំពីវា ។ អ្នកនិពន្ធខ្លះបានផ្ដោតទៅលើរឿងទាំងឡាយ មនុស្ស ឬការពិពណ៌នានៃប្រវត្តិរបស់វា ។ អ្នកនិពន្ធផ្សេងទៀតត្រូវបានធ្វើឲ្យទាក់ចិត្ត ដោយសាររចនាបទភាសារបស់វា ឬបញ្ជីទាំងឡាយរបស់វាអំពីគ្រឿងសាស្ត្រាវុធ ភូមិសាស្ត្រ ជីវិតសត្វ វិធីសាស្ត្រនៃការសាងសង់ ឬប្រព័ន្ធនៃការថ្លឹងទម្ងន់ និងរង្វាស់ ។
« ទោះបីការណ៍ទាំងនេះគួរឲ្យចាប់អារម្មណ៍ក្តី ក៏ការសិក្សាព្រះគម្ពីរមរមនមានតម្លៃបំផុត នៅពេលដែលមនុស្សម្នាក់ផ្ដោតលើគោលបំណងដ៏ចម្បងរបស់វា—គឺដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ ប្រសិនបើប្រៀបធៀបទៅ ការណ៍ទាំងអស់ផ្សេងៗទៀតគឺជារឿងបន្ទាប់បន្សំប៉ុណ្ណោះ ។
« ពេលអ្នកអានព្រះគម្ពីរមរមន សូមផ្ដោតទៅលើតួអង្គដ៏សំខាន់បំផុតនៅក្នុងព្រះគម្ពីរ—តាំងពីជំពូកដំបូងទៅដល់ជំពូកចុងក្រោយរបស់វា—គឺព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ » ( «A Testimony of the Book of Mormon» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦៩ ) ។
-
ក្នុងចំណោមសារទាំងអស់នៃព្រះគម្ពីរមរមន តើអ្នកគិតថា ហេតុអ្វីវាសំខាន់បំផុតដើម្បីផ្ដោតទៅលើសារលិខិតអំពីព្រះយេស៊ូវគ្រីស្ទ ?
សូមពន្យល់សិស្សថា បន្ទាប់ពីព្យាការីអាលម៉ា បានបង្រៀនពួកសាសន៍សូរាំ អំពីការបម្រើរបស់ព្រះអង្គសង្គ្រោះ ( សូមមើល អាលម៉ា ៣៣:២២ ) លោកបានអញ្ជើញពួកអ្នកស្ដាប់របស់លោកឲ្យបណ្ដុះព្រះបន្ទូលនៃព្រះនៅក្នុងដួងចិត្តរបស់ពួកគេ ដើម្បីវាអាចដុះឡើង ។ សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ៣៣:២២–២៣ ដោយស្ងៀមស្ងាត់ ហើយរកមើលសេចក្ដីពិតទាំងឡាយដែលអាលម៉ាបានលើកទឹកចិត្តពួកអ្នកអានរបស់លោកឲ្យ « បណ្ដុះ » នៅក្នុងដួងចិត្តរបស់ពួកគេ ។
-
តើសារអ្វីដែលអាលម៉ាចង់ឲ្យពួកអ្នកស្ដាប់របស់លោកបណ្ដុះនៅក្នុងដួងចិត្តរបស់ពួកគេនោះ ?
-
តើលទ្ធផលអ្វីខ្លះ ដែលអាលម៉ាបានសន្យា ប្រសិនបើពួកគេនឹងបណ្ដុះ ហើយបីបាច់ជំនឿទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទ ? ( ទីបន្ទាល់របស់ពួកគេនឹងលូតលាស់ « ដល់ជីវិតដ៏អស់កល្បជានិច្ច » បន្ទុករបស់ពួកគេនឹងបានស្រាល ) ។
-
តើការសិក្សាព្រះគម្ពីរមរមន បានជួយអ្នកឲ្យទទួលពរជ័យដែលអាលម៉ាបានពិពណ៌នាដោយរបៀបណាដែរ ?
នីហ្វៃទី១ ៦:៤, នីហ្វៃទី២ ១១:២–៣, យ៉ាកុប ១:៧–៨, មរមន ១:១៥, ៣:២០–២២, អេធើរ ១២:៣៨–៣៩, ៤១
ពួកអ្នកសរសេរព្រះគម្ពីរមរមន គឺជាសាក្សីផ្ទាល់ភ្នែកអំពីព្រះយេស៊ូវគ្រីស្ទ
សូមពន្យល់ថា ភាគច្រើនបំផុតព្រះគម្ពីរមរមនត្រូវបានសរសេរឡើង ដោយអ្នកនិពន្ធចម្បងបួននាក់ ៖ នីហ្វៃ យ៉ាកុប មរមន និង មរ៉ូណៃ ។ ( លើកលែងតែ គម្ពីរអេណុស យ៉ារ៉ុម និង អោមណៃ ) ។
សូមចម្លងតារាងខាងក្រោមដាក់លើក្ដារខៀន ។ ដើម្បីជួយសិស្សឲ្យរៀនអំពីអ្នកសរសេរចម្បងទាំងបួនរូបនេះ សូមអញ្ជើញពួកគេឲ្យជ្រើសរើស ហើយអានដោយស្ងៀមស្ងាត់នូវវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរទាំងឡាយខាងក្រោមនេះ ។ សូមឲ្យពួកគេរកមើលគុណសម្បត្តិ ដែលធ្វើឲ្យអ្នកសរសេរនោះ ក្លាយជាសាក្សីដ៏រឹងមាំអំពីព្រះយេស៊ូវគ្រីស្ទ ។
អ្នកសរសេរ |
បទពិសោធន៍ |
---|---|
១. នីហ្វៃ | |
២. យ៉ាកុប | |
៣. មរមន | |
៤. មរ៉ូណៃ |
សូមអនុញ្ញាតឲ្យសិស្សចែកចាយពីអ្វី ដែលពួកគេបានរៀនចេញពីវគ្គបទគម្ពីរនីមួយៗនៃវគ្គបទគម្ពីរទាំងបួននោះ ។ បន្ទាប់មក សូមសួរ ៖
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ថា ពួកអ្នកសរសេរចម្បងៗនៃព្រះគម្ពីរមរមន គឺជាសាក្សីផ្ទាល់ភ្នែកនៃព្រះយេស៊ូវគ្រីស្ទ ? ( នៅពេលអ្នកពិភាក្សាពីសំណួរនេះ សូមជួយសិស្សឲ្យរកឃើញសេចក្ដីពិតដូចតទៅនេះ ៖ តាមរយៈការសិក្សាគម្ពីរមរមន នោះយើងរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់ ពីអ្នកទាំងឡាយដែលបានឃើញ និងបានស្គាល់ទ្រង់ ។ អ្នកអាចចង្អុលបង្ហាញថា អ្នកបកប្រែព្រះគម្ពីរមរមនគឺ យ៉ូសែប ស្ម៊ីធ ក៏ជាសាក្សីផ្ទាល់ភ្នែកម្នាក់នៃព្រះយេស៊ូវគ្រីស្ទផងដែរ ។
បន្ថែមប្រអប់ឈរទីបីទៅលើតារាងដែលនៅលើក្ដារខៀន ដូចដែលបានបង្ហាញនេះ ៖
អ្នកសរសេរ |
បទពិសោធន៍ |
គោលបំណង |
---|---|---|
១. នីហ្វៃ | ||
២. យ៉ាកុប | ||
៣. មរមន | ||
៤. មរ៉ូណៃ |
សូមឲ្យសិស្សម្នាក់ៗអានវគ្គបទគម្ពីរមួយក្នុងចំណោមវគ្គបទគម្ពីរទាំងឡាយដែលនៅក្នុងប្រអប់ឈរទីបីដោយស្ងៀមស្ងាត់ ដោយរកមើលមូលហេតុនានាដែលអ្នកសរសេរម្នាក់ៗបានកត់ត្រាសាររបស់លោក ។
-
តើមូលហេតុអ្វីបានជាអ្នកសរសេរគម្ពីរមរមនទាំងនេះ បានកត់ត្រាសាររបស់ពួកលោក ?
-
តើអ្នកគិតថា ហេតុអ្វីអ្នកសរសេរទាំងនេះមានបំណងយ៉ាងមោះមុត ក្នុងការអញ្ជើញអ្នកដទៃទៀតឲ្យមកឯព្រះយេស៊ូវគ្រីស្ទ ?
-
តើការអញ្ជើញរបស់ពួកលោកដែលឲ្យមកឯព្រះគ្រីស្ទ អនុវត្តចំពោះខ្លួនអ្នកផ្ទាល់យ៉ាងដូចម្តេចដែរ ? តើអ្នកមានគំនិត និងអារម្មណ៍យ៉ាងណា ពេលអ្នកសញ្ជឹងគិតពីការអញ្ជើញទាំងនេះ ?
នីហ្វៃទី២ ៣៣:១–២, ៤–៥, ១០–១១
ព្រះគម្ពីរមរមនជួយយើងឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ
សូមពន្យល់ថា ខណៈដែលជីវិតរបស់មនុស្សដ៏ច្រើនឥតគណនា ត្រូវបានផ្លាស់ប្ដូរតាមរយៈទីបន្ទាល់របស់ពួកលោកអំពីព្រះគម្ពីរមរមន នោះមានអ្នកផ្សេងទៀតជាច្រើនពុះពារជាមួយនឹងការសង្ស័យអំពីភាពពេញលេញ និងភាពពិតនៃព្រះគម្ពីរនេះ ។
-
តើដំបូន្មានអ្វីខ្លះដែលអ្នកនឹងផ្ដល់ ដើម្បីជួយដល់មនុស្សម្នាក់ឲ្យពង្រឹង ឬទទួលទីបន្ទាល់មួយអំពីព្រះគម្ពីរមរមន ?
សូមឲ្យសិស្សម្នាក់អាននីហ្វៃទី២ ៣៣:១-២ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលព្រះចេស្ដាដែលអនុញ្ញាតឲ្យសារនៃព្រះគម្ពីរមរមន ចូលទៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ ។
-
តើព្រះចេស្ដាអ្វីដែលនីហ្វៃបានមានប្រសាសន៍ថា នឹងអនុញ្ញាតឲ្យសាររបស់លោកចូលទៅក្នុងដួងចិត្តរបស់មនុស្សម្នាក់នោះ ? ( ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ) ។
-
តើនីហ្វៃបានមានប្រសាសន៍ថា អ្វីនឹងរារាំងមនុស្សមួយចំនួនពីការទទួលព្រះវិញ្ញាណបរិសុទ្ធ ?
សូមអញ្ជើញសិស្សឲ្យថ្លែង និងពិភាក្សាពីគោលការណ៍មួយ ដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ។ ( សូមជួយសិស្សឲ្យរកឃើញគោលការណ៍ដូចតទៅនេះ ៖ ព្រះវិញ្ញាណបរិសុទ្ធអាចនាំសារនៅក្នុងព្រះគម្ពីរមរមន ចូលទៅក្នុងដួងចិត្តរបស់យើងបាន ដរាបណាយើងមិនពង្រឹងដួងចិត្តយើងទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ ។ សូមគិតពីការសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមផ្ដល់ពេលឲ្យសិស្សមួយភ្លែតដើម្បីសិក្សា នីហ្វៃទី២ ៣៣:៤-៥ ដោយរកមើលពរជ័យបន្ថែមទៀត ដែលយើងអាចទទួលបានពីការសិក្សាព្រះគម្ពីរមរមន ។ សូមឲ្យសិស្សចែកចាយពីអ្វីដែលពួកគេបានរកឃើញ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ អិល វិតនី ក្លេតុន នៃពួកចិតសិបនាក់ ហើយសូមសិស្សម្នាក់អានវាឮៗ ៖
« [ យើង ] ត្រូវជ្រើសរើសបើកដួងចិត្ត ចំពោះភាពពិតប្រាកដនៃភាពជាព្រះរបស់ព្រះអង្គសង្គ្រោះ ។ … ព្រះមិនបង្ខំឲ្យយើងជឿទេ ។ ផ្ទុយទៅវិញ ទ្រង់អញ្ជើញយើងឲ្យជឿ តាមរយៈការបញ្ជូនព្យាការី និងសាវកដែលនៅរស់ឲ្យបង្រៀនយើង តាមរយៈការផ្តល់ព្រះគម្ពីរ ព្រមទាំងការអំពាវនាវដល់យើង តាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ។ …ការសម្រេចចិត្តជឿ គឺជាជម្រើសដ៏សំខាន់បំផុតដែលយើងធ្លាប់ធ្វើការសម្រេចចិត្ត ។ វាគឺជាសណ្ឋាននៃការសម្រេចចិត្តទាំងអស់របស់យើង » (« Choose to Believe » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣៨ ) ។
-
តើការទទួលយកការអញ្ជើញរបស់អ្នកសរសេរព្រះគម្ពីរមរមន ដែលអញ្ជើញឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ អាចជាសណ្ឋាននៃការសម្រេចចិត្តទាំងអស់របស់យើងដោយរបៀបណា ?
សូមបន្ត ដោយអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី២ ៣៣:១០-១១ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលរបៀបដែលនីហ្វៃពិពណ៌នាពីទំនាក់ទំនងរវាងការជឿលើពាក្យសម្ដីរបស់លោក និងការជឿលើព្រះយេស៊ូវគ្រីស្ទ ។
-
យោងតាមនីហ្វៃ តើអ្វីជាទំនាក់ទំនងរវាងការជឿលើពាក្យសម្ដីរបស់លោក និងការជឿលើព្រះយេស៊ូវគ្រីស្ទ ?
-
តើនីហ្វៃបានមានប្រសាសន៍ថា អ្វីនឹងកើតឡើង « នៅថ្ងៃចុងក្រោយ » ចំពោះអស់អ្នកណាដែលបដិសេធពាក្យទាំងឡាយរបស់លោក ?
សូមអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេ អំពីរបៀបដែលព្រះគម្ពីរមរមនបានជួយពួកគេឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។
ការអានរបស់សិស្ស
-
នីហ្វៃទី១ ៦:៤, ១៣:៤០, នីហ្វៃទី២ ១១:២–៣, ២៥:១៧–១៨, ៣៣:១–២, ៤–៥, ១០–១១, យ៉ាកុប ១:៧–៨, អាលម៉ា ៣៣:២២–២៣, មរមន ១:១៥, ៣:២០–២២, អេធើរ ១២:៣៨–៣៩, ៤១ ។
-
« The Book of Mormon—Keystone of Our Religion » ជំពូកទី ៩ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ១២៥–៣៥ ។