មេរៀនទី ២៦
បន្ទាប់ពីការសាកល្បងនៃសេចក្តីជំនឿ
សេចក្ដីផ្ដើម
នៅក្នុងមេរៀននេះ សិស្សនឹងរៀនចេញពីព្រះគម្ពីរមរមនថា ការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យព្រះអាចធ្វើអព្ភូតហេតុជំនួសយើងបាន ។ ការអនុវត្តសេចក្ដីជំនឿ ក៏អាចរៀបចំយើងឲ្យទទួលសាក្សីនៃសេចក្ដីពិតខាងវិញ្ញាណផងដែរ ។
ការអានពីសាវតា
-
រ៉ូបឺត ឌី ហែល «Seeking to Know God, Our Heavenly Father, and His Son, Jesus Christ» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៩–៣២ ។
-
ដេវីឌ អេ បែដណា «Ask in Faith» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៤-៩៧ ។
-
នែល អិល អាន់ឌើរសិន «You Know Enough» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៣–១៤ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី២ ២៧:២៣, នីហ្វៃទី៣ ១៧:៥–៩, ២០–២៤, មរមន ៩:៩, ១៨–២០
សេចក្ដីជំនឿត្រូវកើតមុនអព្ភូតហេតុ
សូមឲ្យសិស្សប្រាប់ពីគំរូក្នុងព្រះគម្ពីរមួយចំនួន អំពីអព្ភូតហេតុដែលព្រះធ្វើជំនួសបុត្រាបុត្រីទ្រង់ ដោយសារតែសេចក្ដី ជំនឿរបស់ពួកគេលើទ្រង់ ។ ( គំរូទាំងឡាយអាចរួមមាន ព្រះគ្រីស្ទព្យាបាលអ្នកឈឺ និងប្រោសមនុស្សស្លាប់ ម៉ូសេបំបែកសមុទ្រក្រហម និងព្រះគ្រីស្ទប៉ះគ្រួសដើម្បីបំភ្លឺភេត្រារបស់សាសន៍យ៉ារេឌ ) ។
-
តើអ្នកអាចនឹងនិយាយអ្វី ទៅកាន់មនុស្សម្នាក់ ដែលមិនជឿថាព្រះបន្តធ្វើអព្ភូតហេតុនៅសព្វថ្ងៃនេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាននីហ្វៃទី២ ២៧:២៣ ឮៗ ហើយឲ្យសិស្សម្នាក់ទៀតអាន មរមន ៩:៩, ១៨-២០ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលពីមូលហេតុដែលអព្ភូតហេតុនៅតែកើតឡើងនៅសព្វថ្ងៃនេះ ។
-
យោងតាមខគម្ពីរទាំងនេះ ហេតុអ្វីយើងអាចមានទំនុកចិត្តថា អព្ភូតហេតុនៅតែកើតឡើងនៅក្នុងពិភពលោកសព្វថ្ងៃនេះ? ( សិស្សគួរតែរកឃើញគោលលទ្ធិដូចតទៅ នេះ ៖ ដោយសារព្រះគឺ នៅតែដដែលទោះកាលពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត នោះទ្រង់បន្តធ្វើអព្ភូតហេតុ ស្របទៅតាមសេចក្ដីជំនឿរបស់បុត្រាបុត្រីទ្រង់ ) ។
-
តើអ្នកគិតថា ហេតុអ្វីព្រះអម្ចាស់តម្រូវឲ្យយើងមានសេចក្ដីជំនឿសិន មុនពេលទ្រង់ធ្វើអព្ភូតហេតុ ?
ដើម្បីបង្ហាញពីទំនាក់ទំនងក្នុងព្រះគម្ពីរ រវាងសេចក្ដីជំនឿ និងអព្ភូតហេតុ សូមអញ្ជើញសិស្សពីបីរនាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង នីហ្វៃទី៣ ១៧:៥-៩ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញកំណត់ថា វាគ្រប់គ្រាន់ល្មមមុននឹងទ្រង់ធ្វើអព្ភូតហេតុសម្រាប់មនុស្ស ។
-
យោងតាម ខ ៨ តើអ្វីដែលធ្វើឲ្យព្រះអង្គសង្គ្រោះប្រោសអ្នកឈឺ និងអ្នករងទុក្ខ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន នីហ្វៃទី៣ ១៧:២០-២៤ ឮៗ ។
-
តើមានព្រឹត្តិការណ៍ពិសិដ្ឋណាផ្សេងទៀត ដែលប្រជាជនបានជួបដោយសារតែសេចក្ដីជំនឿរបស់ពួកគេ ?
-
តើព្រះឆន្ទៈរបស់ព្រះគ្រីស្ទដើម្បីប្រទាននូវអព្ភូតហេតុទាំងនេះ បង្កើនសេចក្ដីជំនឿរបស់យើងដែលថា ទ្រង់អាចមានអំណាចដើម្បីជួយយើងតាមសេចក្ដីត្រូវការរបស់យើងយ៉ាងដូចម្ដេចដែរ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយបងស្រី ស៊ីដនី អេស រេណលស៍ អតីតទីប្រឹក្សានៅក្នុងគណៈប្រធានកុមារទូទៅ ៖
« ‹ អព្ភូតហេតុផ្ទាល់ខ្លួន › តូចៗក៏សំខាន់ដូចជា ‹ អព្ភូតហេតុដ៏ធំ › ទាំងឡាយដែរ ដែលវាបង្រៀនយើងម្នាក់ៗឲ្យមានសេចក្ដីជំនឿលើព្រះអម្ចាស់ ។ អព្ភូតហេតុទាំងនេះកើតឡើងពេលយើងទទួលស្គាល់ ហើយស្ដាប់តាមការបំផុសពីព្រះវិញ្ញាណនៅក្នុងជីវិតយើង ។ …
« ខ្ញុំជឿថា យើងទាំងអស់គ្នាអាចថ្លែងទីបន្ទាល់ ចំពោះអព្ភូតហេតុតូចៗទាំងនេះបាន ។ យើងស្គាល់ក្មេងតូចៗ ដែលអធិស្ឋានសុំជំនួយ ដើម្បីរកឃើញរបស់ដែលបាត់ ហើយក៏បានរកវាឃើញ ។ យើងស្គាល់ពួកយុវវ័យ ដែល ប្រមូល ភាពក្លាហាន ដើម្បី ឈរ ជា សាក្សី ដល់ ព្រះ ហើយ បាន ដឹង ពី ការ គាំទ្រ ដោយ ព្រះហស្ដ របស់ ទ្រង់ ។ យើងស្គាល់មិត្តភក្ដិដែលបង់ដង្វាយមួយភាគក្នុងដប់របស់គេជាមួយនឹងប្រាក់ទាំងអស់របស់គេ ហើយតាមរយៈអព្ភូតហេតុនោះ យើងឃើញថា ពួកគេអាចបង់ថ្លៃសាលា ឬបង់ថ្លៃផ្ទះ ឬមានម្ហូបអាហារសម្រាប់គ្រួសារគេ ។ យើងអាចចែកចាយបទពិសោធន៍នៃការអធិស្ឋាន ដែលទទួលបានចម្លើយ និង ពរជ័យនៃបព្វជិតភាព ដែលបានផ្ដល់ភាពក្លាហាននាំមកនូវការលួងលោម ឬ នាំឲ្យមានសុខភាពល្អឡើងវិញ ។ អព្ភូតហេតុប្រចាំថ្ងៃទាំងនេះ ធ្វើឲ្យយើងស្គាល់ព្រះហស្ដនៃព្រះអម្ចាស់នៅក្នុងជីវិតយើង » ( «A God of Miracles» Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ១២ ) ។
សូមឲ្យសិស្សគិតពីពេលដែលពួកគេ ឬមនុស្សដែលពួកគេស្គាល់បានទទួលបទពិសោធន៍នៃអព្ភូតហេតុរបស់ព្រះនៅក្នុងជីវិតរបស់ពួកគេ ។ បើវាមិនពិសិដ្ឋ ឬផ្ទាល់ខ្លួនពេកទេ សូមអញ្ជើញសិស្សឲ្យចែកចាយ បទពិសោធន៍ដែលពួកគេបានមាន ដែលបញ្ជាក់ដល់ពួកគេថា ព្រះនៅតែជាព្រះនៃអព្ភូហេតុ ។
អេធើរ ៣:៦–១៣, ១៧–២០, ៤:១៣–១៥, ១២:៦–៧, ១២, ១៩, ៣១
សេចក្ដីជំនឿ រៀបចំយើងឲ្យទទួលសាក្សីខាងវិញ្ញាណ
សូមអញ្ជើញសិស្សឲ្យគិតអំពីសេចក្ដីពិតនៃដំណឹងល្អមួយ ដែលពួកគេចង់ទទួលបានសាក្សីខាងវិញ្ញាណ ឬទីបន្ទាល់កាន់តែខ្លាំងឡើង ។ សូមពន្យល់ថា មនុស្សខ្លះជ្រើសរើសមិនជឿ ឬរស់នៅឲ្យស្របទៅតាមគោលការណ៍ដំណឹងល្អមួយ រហូតទាល់តែពួកគេឃើញភស្ដុតាងថាវាពិតសិន ។
សូមអញ្ជើញសិស្សឲ្យអាន អេធើរ ១២:៦ ស្ងាត់ស្ងៀម ដោយរកមើលអ្វីដែលខគម្ពីរទាំងនេះបង្រៀន អំពីដំណើរការនៃការទទួលសាក្សីខាងវិញ្ញាណមួយ ។
-
តើគោលការណ៍អ្វីដែលយើងអាចរៀនចេញពី អេធើរ ១២:៦ អំពីការទទួលសាក្សីខាងវិញ្ញាណមួយ ? ( សិស្សគួរតែរកឃើញគោលការណ៍ដូចតទៅនេះ ៖ មុនពេលយើងអាចទទួលសាក្សីខាងវិញ្ញាណមួយ ដំបូងយើងត្រូវតែអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទសិន ) ។
-
តើអ្នកគិតថាឃ្លា « ការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នក » មានអត្ថន័យដូចម្ដេចដែរ ?
សូមពន្យល់ថា ការមានការសាកល្បងនៃសេចក្ដីជំនឿ ពុំមែនតែងតែមានន័យថា ការទទួលបទពិសោធន៍ដ៏លំបាកនោះទេ ។ សូមបង្ហាញ និងឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ដូចតទៅនេះអំពីដំបូន្មានរបស់មរ៉ូណៃ នៅក្នុង អេធើរ ១២:៦ ដោយអែលឌើរ រីឆាត ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងស៊ីស្ទើរ បូនី អិល. អូស្ការសុន ប្រធានយុវនារីទូទៅ ៖
« អ្នកអាចរៀនប្រើសេចក្ដីជំនឿឲ្យបានកាន់តែមានប្រសិទ្ធភាព ដោយការអនុវត្តគោលការណ៍នេះដែលត្រូវបានបង្រៀនដោយមរ៉ូណៃ ៖ … ‹ អ្នករាល់គ្នាពុំទទួលសាក្សីឡើយ លុះដល់ពេលក្រោយពី ការសាកល្បងនៃសេចក្តីជំនឿរបស់អ្នកសិន › [ អេធើរ ១២:៦ ការសង្កត់ន័យត្រូវបានបន្ថែម ] ។ ហេតុដូច្នោះហើយរាល់លើកដែលអ្នកសាកល្បងសេចក្ដីជំនឿរបស់អ្នក ថាជាការប្រព្រឹត្តនៅក្នុងភាពសក្ដិសមតាមការបំផុសមួយ នោះអ្នកនឹងទទួលការបញ្ជាក់ជាភស្ដុតាងពីព្រះវិញ្ញាណ » ( Richard G. Scott, «The Sustaining Power of Faith in Times of Uncertainty and Testing» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៧៦ ) ។
« នៅក្នុងពិភពលោកយើង ជាកន្លែងដែលភាពសោមនស្សគឺជាការរំពឹងទុក នោះជាញឹកញាប់យើងមានកំហុសដែលរំពឹងចង់បានរង្វាន់ដោយទាំងមិនបានធ្វើអ្វីដើម្បីបានវាមក ។ ខ្ញុំជឿថា មរ៉ូណៃកំពុងប្រាប់យើងថា យើងត្រូវធ្វើការងារមុន ហើយអនុវត្តសេចក្ដីជំនឿដោយការរស់នៅតាមដំណឹងល្អមុន ហើយនោះយើងនឹងទទួលសាក្សីថា វាគឺជាការពិត ។ ការប្រែចិត្តជឿដ៏ពិត កើតមាននៅពេលអ្នកបន្ដប្រព្រឹត្តតាមគោលលទ្ធិនានា ដែលអ្នកដឹងថាពិត ហើយគោរពតាមបទបញ្ញត្តិ នោះពីមួយថ្ងៃទីមួយថ្ងៃ ពីមួយខែទៅមួយខែ » ( Bonnie L. Oscarson, «Be Ye Converted» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧៧ ) ។
-
តើនីតិវិធីក្នុងការទទួលសាក្សីនៃសេចក្ដីពិត ដែលបានរៀបរាប់ដោយអែលឌើរ ស្កត និងស៊ីស្ទើរ អូស្ការសុន ខុសពី នីតិវិធី របស់ អស់អ្នកទាំងឡាយណា ដែលចង់បានភស្ដុតាងមុនពេលពួកគេនឹងជឿ ឬធ្វើសកម្មភាពដោយរបៀប ណា ?
-
តើពេលណា ហើយរបៀបណា ដែលអ្នករកឃើញថាគោលការណ៍នេះពិត ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអានឮៗចេញពី អេធើរ ១២:៧, ១២, ១៩ និង ៣១ ។ សូមលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យកត់ចំណាំឃ្លា « ក្រោយពីពួកគេមានសេចក្ដីជំនឿ » និង « ក្រោយពីសេចក្ដីជំនឿរបស់ពួកគេសិន » នៅក្នុងខទាំងនេះ ( អ្នកអាចផ្ដល់យោបល់ឲ្យសិស្សគូសចំណាំឃ្លាទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេផងដែរ ) ។
-
យោងតាមខគម្ពីរទាំងនេះ តើព្រះអម្ចាស់បានប្រទានពរជ័យអ្វីខ្លះដល់មនុស្សទាំងនេះ បន្ទាប់ពីពួកគេបានអនុវត្តសេចក្ដីជំនឿ ? តើសាក្សីខាងវិញ្ញាណនៃសេចក្ដីពិតប្រភេទណាខ្លះ ដែលអ្នកបានទទួល ជាលទ្ធផលនៃសេចក្ដីជំនឿរបស់អ្នក ?
សូមថ្លែងទីបន្ទាល់ថា ដូចគ្នានឹងអព្ភូតហេតុដែរ សាក្សីខាងវិញ្ញាណពុំបានមករហូតនោះទេទាល់តែយើងអនុវត្តសេចក្ដីជំនឿសិន ។ ដើម្បីសង្កត់ធ្ងន់លើចំណុចនេះ សូមគិតពីការចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ. ផាកកឺ ( ឆ្នាំ ១៩២៤-២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ត្រង់ណាដែលអ្នកស្វែងរកចំណេះដឹងខាងវិញ្ញាណ កន្លែងត្រង់នោះហើយដែលជា ‹ ការលោតផ្លោះនៃសេចក្ដីជំនឿ › ដូចដែលអ្នកទស្សនវិជ្ជាហៅដូច្នោះដែរ ។ វាជាគ្រាដែលអ្នកបានទៅដល់គែមពន្លឺ ហើយបានបោះជំហានចូលក្នុងភាពងងឹត ដើម្បីរកមើលថា តើផ្លូវនោះមានពន្លឺនៅខាងមុខ ឲ្យអ្នកបោះមួយ ឬពីរជំហានដែរឬទេ » ( «The Quest for Spiritual Knowledge» New Era ខែ មករា ឆ្នាំ ២០០៧ ទំព័រ ៦ ) ។
សូមអញ្ជើញសិស្សឲ្យពិពណ៌នាពីឧបសគ្គនានាដែល បងរបស់យ៉ារេឌ បានប្រឈមមុខ ពេលលោកសង់ភេត្រាដែលត្រូវដឹកក្រុមគ្រួសារលោកទៅកាន់ដែនដីសន្យា ហើយឲ្យសង្ខេបអ្វីដែលលោកបានធ្វើ ដើម្បីដោះស្រាយឧបសគ្គទាំងនោះ ( សូមមើល អេធើរ ២:១៦–២៥, ៣:១–៥ ) ។
-
តើបងរបស់យ៉ារេឌ បានអនុវត្តសេចក្ដីជំនឿរបស់គាត់ទៅលើព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗពី អេធើរ ៣:៦-១៣, ១៧-២០ ។
-
តើព្រះអម្ចាស់ប្រទានពរដល់បងរបស់យ៉ារេឌ យ៉ាងដូចម្ដេចដែរ ចំពោះសេចក្ដីជំនឿរបស់លោក ?
សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអញ្ជើញសិស្សឲ្យរកមើលបុគ្គលិកលក្ខណៈទាំងឡាយនៃសេចក្ដីជំនឿរបស់បងរបស់យ៉ារេឌ ៖
« សេចក្ដីជំនឿឥតល្អៀង សេចក្ដីជំនឿដែលអាចរំកិលភ្នំ សេចក្ដីជំនឿដូចជាបងរបស់យ៉ារេឌ កើតឡើងពីមុនអព្ភូតហេតុ និងការចេះដឹង ។ លោកត្រូវតែជឿ ពីមុនពេល ដែល ព្រះ បាន មាន បន្ទូល ។ លោកត្រូវតែប្រព្រឹត្ត ពីមុនពេល ដែល ឃើញ ច្បាស់ ថា មាន សមត្ថភាព ក្នុង ការបំពេញ កិច្ចការ នោះ ។ លោកត្រូវតែតាំងចិត្តចំពោះបទពិសោធន៍នោះទាំងស្រុងជាមុន សូម្បីតែពីមុនពេលដែលលោកដឹងថាវាជាអ្វីទៅទៀត ។ សេចក្ដីជំនឿគឺត្រូវយល់ស្របដោយគ្មានលក្ខខណ្ឌ—និងធ្វើឡើងជាមុន—ចំពោះលក្ខខណ្ឌណាក៏ដោយដែលព្រះតម្រូវឲ្យធ្វើទាំងក្នុងពេលឆាប់ៗនិង អនាគត » (Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ១៨–១៩ ) ។
-
តើអ្នកនឹងសង្ខេបពីការពិពណ៌នារបស់អែលឌើរ ហូឡិន យ៉ាងដូចម្ដេច អំពីសេចក្ដីជំនឿរបស់បងរបស់យ៉ារេឌ ?
-
តើមានគំរូណាខ្លះអំពីសកម្មភាព ដែលយើងធ្វើដើម្បីបង្ហាញសេចក្តីជំនឿយើងទៅលើព្រះអម្ចាស់ ?
សូមទុកពេលមួយភ្លែតដល់សិស្សដើម្បីសិក្សា អេធើរ ៤:១៣-១៥ ហើយរកមើលអ្វីដែលមរ៉ូណៃបានមានប្រសាសន៍ថា យើងគប្បីធ្វើដើម្បីទទួលបានការចេះដឹង និងការបើកសម្ដែងពីព្រះវិញ្ញាណ ។
-
តើអ្នកគិតថា « ហែកវាំងនននៃការឥតជំនឿ [ នោះ ] » មានន័យដូចម្ដេចដែរ ? តើការធ្វើដូចនេះ ទាក់ទងនឹងដំណើរការនៃការអនុវត្តសេចក្ដីជំនឿដោយរបៀបណា ? ( វាអាចជាប្រយោជន៍ក្នុងការព្យល់ថា ហែក មានន័យថា ធ្វើឲ្យរហែក ឬបែងចែក ហើយ វាំងនន សំដៅដល់អ្វីដែលគ្របបាំង ឬបិទបាំង ) ។
-
តើមរ៉ូណៃបានទូន្មានយើងឲ្យធ្វើអ្វីខ្លះ ដើម្បី « ហែកវាំងនននៃការឥតជំនឿ » ?
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ព្រះពុំបានបើកសម្ដែងអ្វីណាក៏ដោយដល់ យ៉ូសែប នោះទេ ប៉ុន្តែទ្រង់នឹងធ្វើឲ្យពួកដប់ពីរនាក់បានដឹង ហើយសូម្បីតែដល់ពួកបរិសុទ្ធដ៏តូចបំផុតក៏អាចដឹងនូវការណ៍គ្រប់យ៉ាង បានលឿនតាមដែលគេអាចទទួលយកវាបាន ដ្បិតថ្ងៃនោះត្រូវតែមកដល់ ពេលដែលគ្មាននរណាម្នាក់ត្រូវនិយាយទៅអ្នកជិតខាងគេថា ចូរអ្នករាល់គ្នាស្គាល់ព្រះអម្ចាស់ ដ្បិតទាំងអស់គ្នានឹងស្គាល់ទ្រង់ … តាំងពីអ្នកតូចបំផុតដល់អ្នកធំបំផុត [ សូមមើល យេរេមា ៣១:៣៤ ] » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៦៨ ) ។
-
តើសេចក្ដីថ្លែងការណ៍របស់ យ៉ូសែប ស៊្មីធ នេះ ជួយអ្នកឲ្យយល់ពីសក្ដានុពលរបស់អ្នកក្នុងការទទួលវិវរណៈយ៉ាងដូចម្ដេចដែរ ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិត ថាតើការសាកល្បងនៃសេចក្ដីជំនឿអ្វីខ្លះ ដែលពួកគេកំពុងប្រឈមមុខបច្ចុប្បន្ននេះ ហើយអញ្ជើញពួកគេឲ្យគិតពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីពង្រឹង និងអនុវត្តសេចក្ដី ជំនឿរបស់ខ្លួន ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះប្រទានដល់អ្នកដើរតាមដ៏ស្មោះត្រង់របស់ទ្រង់នូវសាក្សីនៃសេចក្ដីពិតជាបន្តបន្ទាប់ ពេលពួកគេអនុវត្តសេចក្ដីជំនឿ ។
ការអានរបស់សិស្ស
-
នីហ្វៃទី២ ២៧:២៣, នីហ្វៃទី៣ ១៧:៥–៩, ២០–២៤, មរមន ៩:៩, ១៨–២០, អេធើរ ៣:៦–១៣, ១៧–២០, ៤:១៣–១៥, ១២:៦–៧, ១២, ១៩, ៣១ ។
-
ដេវីឌ អេ បែដណា «Ask in Faith» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៤-៩៧ ។