មេរៀនទី ៩
« ចូរអ្នករាល់គ្នាស្វែងរកនគរនៃព្រះ »
សេចក្ដីផ្ដើម
ពេលយ៉ាកុប ជាព្យាការីនៃព្រះគម្ពីរមរមន បានលើកទឹកចិត្តប្រជាជនរបស់លោកឲ្យស្វែងរកនគរនៃព្រះ ( សូមមើល យ៉ាកុប ២:១៨ ) លោកបានធ្វើដូច្នោះនៅពេលដែលអំពើបាបនៃការឆ្មើងឆ្មៃ ការស្រឡាញ់ទ្រព្យសម្បត្តិ និងភាពអសីលធម៌ គឺជាបញ្ហាយ៉ាងធ្ងន់ធ្ងរ ។ អំពើបាបទាំងនេះ គឺជាការគំរាមកំហែងដល់សាមគ្គីភាព និងការរីកចម្រើននៃនគរព្រះនៅលើផែនដី ។ ដើម្បីស្វែងរកនគរនៃព្រះ គឺដើម្បីធ្វើឲ្យការរស់នៅតាមដំណឹងល្អជាអាទិភាពខ្ពស់បំផុតនៅក្នុងជីវិតអ្នក ។ មេរៀននេះនឹងជួយសិស្សធ្វើការតាំងចិត្តលះបង់ចោលអំពើបាប និងតាមស្វែងរកនគរព្រះកាន់តែពេញលេញ ។
ការអានពីសាវតា
-
ឌៀថើរ អេស្វ អុជដូហ្វ « Pride and the Priesthood » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥៥–៥៨ ។
-
« Thou Shalt Have No Other Gods before Me » ជំពូកទី ១៤ នៅក្នុង Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ ២០០៦ ) ទំព័រ ១៤៥–៥៣ ។
-
« The Great Commandment—Love the Lord » ជំពូកទី ១ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ៣៧–៤៥ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា ៧:១៤-១៦, ១៩, ២១-២៤
ព្រះគម្ពីរមរមនបង្រៀនយើងពីរបៀបដើម្បីដើរតាមផ្លូវទៅកាន់នគររបស់ព្រះ ។
សូមឲ្យសិស្សពិចារណាអំពីរបស់អ្វីខ្លះដែលត្រូវត្រួតពិនិត្យជាទៀងទាត់ ដើម្បីរក្សាវាឲ្យនៅក្នុងស្ថានភាពល្អ ( ឧទាហរណ៍ ការពិនិត្យមើលប្រេងម៉ាស៊ីន ឬអាគុយ ឬទៅឲ្យពេទ្យពិនិត្យសុខភាព ឬពិនិត្យធ្មេញ ) ។
-
តើការពិនិត្យជាទៀតទាត់ទាំងនេះមានប្រយោជន៍អ្វីខ្លះ ? ( យើងអាចដោះស្រាយបញ្ហា ហើយចៀសវាងពីការរំខាន ឬគ្រោះថ្នាក់នៅក្នុងពេលអនាគត ) ។
សូមពន្យល់ថា ស្រដៀងគ្នានេះដែរ យើងត្រូវពិនិត្យមើលដោយខ្ជាប់ខ្ជួននូវស្ថានភាពនៃជីវិតខាងវិញ្ញាណរបស់យើង ដើម្បីប៉ាន់ប្រមាណពីភាពខ្សោយ ហើយចៀសវាងពីគ្រោះថ្នាក់ ។
សូមប្រាប់សិស្សថា ពេលអាលម៉ាជាកូន កំពុងបម្រើជាសង្ឃជាន់ខ្ពស់ លោកបានទៅជួបនឹងសមាជិកសាសនាចក្រនៅទីក្រុងគេឌាន ហើយបានជំរុញពួកគេឲ្យធ្វើការវាយតម្លៃស្ថានភាពខាងវិញ្ញាណរបស់ពួកគេ ។ សូមឲ្យសិស្សអាន អាលម៉ា ៧:១៩ ដោយស្ងាត់ៗ ដោយរកមើលស្ថានភាពខាងវិញ្ញាណនៃប្រជាជននៅទីក្រុងគេឌាន ។
-
តើអាលម៉ាបានពិពណ៌នាយ៉ាងណា អំពីស្ថានភាពខាងវិញ្ញាណរបស់ប្រជាជនគេឌាន ? ( ប្រជាជន « នៅលើផ្លូវដែលនាំទៅរកនគរនៃព្រះ » ) ។
សូមពន្យល់ថា « នគរនៃព្រះ » មានអត្ថន័យយ៉ាងហោចណាស់ពីរផ្សេងគ្នា—មួយខាងលោកិយ និងមួយខាងសេឡេស្ទាល ។ សូមអញ្ជើញសិស្សឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយជួយសិស្សឲ្យយល់ថា នៅក្នុង អាលម៉ា ៧:១៩ « នគរនៃព្រះ » សំដៅដល់នគរសេឡេស្ទាល ៖
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលឥឡូវសាសនាចក្រនេះត្រូវបានចាត់ទុកថាជា នគរនៃព្រះនៅលើផែនដី ។ … នៅក្នុងពិភពអស់កល្ប នគរសេឡេស្ទាលគឺជានគរនៃព្រះ ។ … ដំណឹងល្អត្រូវបានរចនាឡើងដើម្បីរៀបចំមនុស្សឲ្យគ្រងមរតកនៅក្នុងនគរសេឡេស្ទាលរបស់ព្រះ » ( Mormon Doctrine, ការកែសម្រួលលើកទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៤១៥-១៧ ) ។
សូមឲ្យសិស្សអាន អាលម៉ា ៧:១៤–១៦ ហើយរកមើលអ្វីដែលអាលម៉ា បានណែនាំដល់ប្រជាជនថា ពួកគេត្រូវតែធ្វើដើម្បីគ្រោងមរតកជីវិតដ៏នៅអស់កល្បជានិច្ច ។
-
តើអ្នកគិតថា ហេតុអ្វីអាលម៉ាបានអញ្ជើញប្រជាជនឲ្យប្រែចិត្ត ពេលដែលពួកគេស្ថិតនៅលើផ្លូវនៃសុចរិតភាពរួចទៅហើយនោះ ? ( ប្រជាជនគេឌានត្រូវបន្តនៅលើផ្លូវនៃសុចរិតភាព ) ។
សូមឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានពី អាលម៉ា ៧:២១-២៤ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកសកម្មភាព និងលក្ខណៈទាំងឡាយ ដែលនឹងជួយយើងឲ្យគ្រោងមរតកនគរនៃព្រះ ។
-
តើយើងត្រូវធ្វើ និង ក្លាយជាអ្វី ដើម្បីដើរតាមផ្លូវដែលដឹកនាំទៅកាន់នគរនៃព្រះ ? ( សូមសង្ខេបចម្លើយរបស់សិស្ស ដោយសរសេរគោលការណ៍ដូចតទៅនេះនៅលើក្ដារខៀន ៖ ដោយការរស់នៅតាមគោលការណ៍នៃដំណឹងល្អ នោះយើងដើរតាមផ្លូវដែលនាំទៅកាន់នគរនៃព្រះហើយ ) ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលសកម្មភាពរបស់ពួកគេកំពុងតែជួយពួកគេឲ្យក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ និងរីកចម្រើនទៅកាន់នគរនៃព្រះ ។ សូមឲ្យសិស្សពិចារណាថាពួកគេមានអារម្មណ៍យ៉ាងណាអំពីការរីកចម្រើនដែលពួកគេកំពុងមាន ។
នីហ្វៃទី១ ១០:២១, នីហ្វៃទី២ ៩:៣៩, យ៉ាកុប ២:១២–១៤, ២០–២៨, ៣:១០–១២, ម៉ូសាយ ២:២០–២៥, ៤:១៣, ២១–២៦, នីហ្វៃទី៣ ១២:២៧–៣០
ក្ដីស្រឡាញ់ចំពោះទ្រព្យសម្បត្តិ ការឆ្មើងឆ្មៃ និងភាពអសីលធម៌ រារាំងយើងពីការស្វែងរកនគរនៃព្រះ
សូមពន្យល់ថា ពេញទាំងព្រះគម្ពីរមរមន ព្យាការីរបស់ព្រះបានព្រមានប្រជាជនអំពីអំពើបាប ។ ឧទាហរណ៍ យ៉ាកុបត្រូវបានព្រះអម្ចាស់បញ្ជាឲ្យស្ដីបន្ទោសប្រជាជនរបស់លោកចំពោះអំពើបាប « ដ៏គួរខ្ពើមឆ្អើមចំពោះព្រះ » ( យ៉ាកុប ២:៥ ) ។
សូមសរសេរបទគម្ពីរយោងដូចតទៅនេះនៅលើក្ដារខៀន ៖ យ៉ាកុប ២:១២–១៤, យ៉ាកុប ២:២០–២១, និង យ៉ាកុប ២:២៣–២៨ ។ សូមឲ្យសិស្សមើលបទគម្ពីរទាំងនេះ ដោយរកមើលអំពើបាបជាក់លាក់នានាដែលយ៉ាកុបបានលើកឡើង ។ សូមផ្ដល់យោបល់ឲ្យសិស្សគូសចំណាំពាក្យ និង ឃ្លានានាដែលពិពណ៌នាអំពីអំពើបាបទាំងនេះ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយអំពីអំពើបាបទាំងឡាយដែលយ៉ាកុបបានលើកឡើងនៅក្នុងបទគម្ពីរនីមួយៗ ។ សូមសរសេរអំពើបាបនីមួយៗ ដែលពួកគេរកឃើញ នៅខាងលើបទគម្ពីរយោងដែលទាក់ទងនៅលើក្តារខៀន ដូចខាងក្រោមនេះ ៖
ស្រឡាញ់ទ្រព្យសម្បត្តិ |
ការឆ្មើងឆ្មៃ |
ភាពអសីលធម៌ |
---|---|---|
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន យ៉ាកុប ៣:១០-១២ ឮៗ ហើយឲ្យសិស្សក្នុងថ្នាក់រកមើលពាក្យ និងឃ្លាទាំងឡាយដែលយ៉ាកុបបានប្រើដើម្បីបង្ហាញពីភាពធ្ងន់ធ្ងរនៃអំពើបាបរបស់ប្រជាជន ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះ ដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃអំពើបាបរបស់ប្រជាជន ?
-
យ៉ាកុបបានប្រើឃ្លា « ផលដ៏ធ្ងន់ធ្ងរ » នៃអំពើបាប ( ខ ១២ ) ។ សូមអញ្ជើញសិស្សឲ្យធ្វើសេចក្ដីយោងខគម្ពីរ យ៉ាកុប ៣:១២ ជាមួយនឹង នីហ្វៃទី២ ៩:៣៩ និង នីហ្វៃទី១ ១០:២១ ។ សូមឲ្យសិស្សម្នាក់អានខគម្ពីរនីមួយៗឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលលទ្ធផលបន្ថែមទៀតនៃអំពើបាប ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលសេចក្ដីពិតមួយចេញពីវគ្គបទគម្ពីរទាំងនេះ អំពីរបៀបដែលអំពើបាបដូចជាការឆ្មើងឆ្មៃ អសីលធម៌ និងការស្រឡាញ់ទ្រព្យសម្បត្តិ អាចជះឥទ្ធិពលដល់មនុស្សម្នាក់ដែលកំពុងស្វែងរកនគរនៃព្រះ ។ ( សិស្សគួររកឃើញពីសេចក្ដីពិតមួយ ដែលស្រដៀងគ្នានឹងសេចក្ដីពិតដូចតទៅនេះ ៖ អំពើបាបនាំទៅកាន់សេចក្ដីស្លាប់ខាងវិញ្ញាណ ហើយរារាំងយើងពីការចូលទៅក្នុងនគរនៃព្រះ ) ។
សូមបន្ថែមបទគម្ពីរយោងតទៅនេះនៅលើក្ដារខៀន ៖
ស្រឡាញ់ទ្រព្យសម្បត្តិ |
ការឆ្មើងឆ្មៃ |
ភាពអសីលធម៌ |
---|---|---|
សូមអញ្ជើញឲ្យសិស្សជ្រើសរើស ហើយអានបទគម្ពីរមួយក្នុងចំណោមបទគម្ពីរថ្មីទាំងនេះ ។ សូមពួកគេឲ្យរកមើលរបៀបចៀសវាងពីអំពើបាបនៃការស្រឡាញ់ទ្រព្យសម្បត្តិ ការឆ្មើងឆ្មៃ និងភាពអសីលធម៌ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានឃើញ ។
-
តើការធ្វើតាមដំបូន្មាននៅក្នុងវគ្គបទគម្ពីរទាំងនេះ នឹងជួយសមាជិកសាសនាចក្រម្នាក់ ឲ្យស្វែងរកនគរនៃព្រះ ហើយពង្រឹងសាសនាចក្ររបស់ព្រះអម្ចាស់នៅលើផែនដីបានយ៉ាងដូចម្ដេចដែរ ?
ម៉ាថាយ ៦:៣៣, យ៉ាកុប ២:១៧–១៩
យើងគប្បីស្វែងរកនគរព្រះលើសអស់ទាំងចំណាប់អារម្មណ៍ផ្សេងៗទៀត ។
សូមពន្យល់ថា ការបន្ថែមទៅលើការព្រមានប្រជាជនលោកអំពីការស្រឡាញ់ទ្រព្យសម្បត្តិ ការឆ្មើងឆ្មៃ និងភាពអសីលធម៌ យ៉ាកុបបានផ្ដល់ដំបូន្មានដើម្បីជួយពួកគេឲ្យយកឈ្នះបំណងប្រាថ្នាដែលមិនសុចរិតរបស់ពួកគេ ។ សូមឲ្យសិស្សម្នាក់អាន យ៉ាកុប ២:១៧-១៩ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលដំបូន្មានដែលយ៉ាកុបបានផ្ដល់ឲ្យ ។
-
តើយើងអាចរៀនអ្វីខ្លះពីដំបូន្មានរបស់យ៉ាកុប ដែលអាចជួយយើងចៀសវាងពីអំពើបាប ? ( សិស្សគួរតែរកឃើញនូវអ្វីដែលមានដូចតទៅនេះ ៖ ព្រះបានបញ្ជាយើងឲ្យស្វែងរកនគរព្រះលើសអស់ទាំងចំណាប់អារម្មណ៍ផ្សេងៗ ) ។
-
តើវាមានន័យយ៉ាងណាចំពោះអ្នកដើម្បីស្វែងរកនគរនៃព្រះជាមុនសិននោះ ?
សូមបង្ហាញនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយសូមឲ្យសិស្សម្នាក់អានវាឮៗ ៖
« ពេលយើងទុកព្រះជាមុន នោះអ្វីៗទាំងអស់ផ្សេងទៀតចូលទៅក្នុងកន្លែងត្រឹមត្រូវរបស់វា ឬក៏ចេញពីជីវិតយើង ។ សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ នឹងត្រូវបានបង្ហាញដោយមនោសញ្ជេតនារបស់យើង ដោយរបៀបដែលយើងចំណាយពេលវេលារបស់យើង ចំណាប់អារម្មណ៍ដែលយើងខំប្រឹងស្វែងរក និងលំដាប់លំដោយនៃអាទិភាពរបស់យើង » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៤០ ) ។
-
តើមានឧទាហរណ៍អ្វីខ្លះអំពីការណ៍ទាំងឡាយដែល « ចូលទៅក្នុងកន្លែងត្រឹមត្រូវរបស់វា ឬក៏ចេញពីជីវិតយើង » ពេលដែលយើងទុកព្រះជាអាទិភាពទីមួយរបស់យើងនោះ ?
-
តើមានឧទាហរណ៍មួយណា អំពីអ្វីមួយដែលចូលទៅក្នុងកន្លែងត្រឹមត្រូវរបស់វា ឬក៏ចេញពីជីវិតយើង ពេលដែលយើងដាក់ព្រះវរបិតាសួគ៌ និងនគររបស់ទ្រង់ជាអាទិភាពនៅក្នុងជីវិតអ្នកនោះ ?
-
តើការទុកព្រះជាអាទិភាព នឹងជះឥទ្ធិពលអ្វីមកលើយើង ពេលយើងត្រូវបានល្បួងដោយការឆ្មើងឆ្មៃ ការស្រឡាញ់ទ្រព្យសម្បត្តិ ភាពអសីលធម៌ ឬអំពើបាបផ្សេងទៀតនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ម៉ាថាយ ៦:៣៣ ឮៗ ។ សូមប្រាប់សិស្សថា ការបកប្រែដោយយ៉ូសែប ស៊្មីធ មានដូចតទៅនេះ ៖ « ហេតុដូច្នោះហើយ ចូរកុំស្វែងរករបស់ខាងឯលោកិយ តែចូរព្យាយាមស្ថាបនានគរនៃព្រះជាមុនសិន ហើយស្ថាបនាសេចក្ដីសុចរិតរបស់ទ្រង់ ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ ៦:៣៨ [ នៅក្នុង ម៉ាថាយ ៦:៣៣ លេខយោង ក ] ) ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ‹ ព្យាយាម…ស្ថាបនានគរនៃព្រះជាមុនសិន › មានន័យថា ដាក់អាទិភាពដំបូងគេថ្វាយព្រះ និងកិច្ចការរបស់ទ្រង់ ។ កិច្ចការរបស់ព្រះ គឺដើម្បីនាំមកនូវអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់កូនចៅរបស់ទ្រង់ ( សូមមើល ម៉ូសេ ១:៣៩ ) និងអ្វីទាំងអស់ដែលការណ៍នេះតម្រូវ ។ …អ្វីៗគ្រប់យ៉ាងផ្សេងទៀតនឹងស្ថិតនៅក្នុងអាទិភាពក្រោមនោះ ។ … ដូចមានម្នាក់និយាយថា បើយើងមិនជ្រើសរើសនគរនៃព្រះជាមុនទេ នោះវានឹងធ្វើឲ្យមានការផ្លាស់ប្ដូរតែបន្តិចបន្តួចប៉ុណ្ណោះ នៅក្នុងរយៈពេលវែងនៃអ្វីដែលយើងបានជ្រើសរើសជំនួសឲ្យការជ្រើសរើសនគរព្រះជាមុន » ( « Focus and Priorities » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៨៣–៨៤ ) ។
-
តើមានរបៀបមួយចំនួនណាខ្លះ ដែលសមាជិកយុវមជ្ឈិមវ័យម្នាក់នៃសាសនាចក្រ អាច « ស្ថាបនានគរនៃព្រះ » បាន ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« តាមរយៈការជ្រើសរើសរស់នៅក្នុងនគរ [ របស់ព្រះ ] យើងញែក—មិនមែនផ្ដាច់ខ្លួន—យើងចេញពីពិភពលោកនេះទេ ។ សំលៀកបំពាក់យើងនឹងមានភាពថ្លៃថ្នូរ គំនិតយើងត្រូវបរិសុទ្ធ ពាក្យសម្ដីយើងត្រូវស្អាតស្អំ ។ រឿងកុន និងទូរទស្សន៍ដែលយើងមើល តន្ត្រីដែលយើងស្ដាប់ សៀវភៅ ទស្សនាវដ្ដី និងកាសែតដែលយើងអាន នឹងជាការលើកស្ទួយទឹកចិត្ត ។ យើងនឹងជ្រើសរើសមិត្តភក្ដិដែលជំរុញដល់គោលដៅដ៏អស់កល្បរបស់យើង ហើយយើងនឹងប្រព្រឹត្តចំពោះអ្នកដទៃទៀតដោយក្តីសណ្ដោស ។ យើងនឹងចៀសចេញពីអបាយមុខនៃភាពអសីលធម៌ ល្បែងស៊ីសង ថ្នាំជក់ គ្រឿងស្រវឹង និងថ្នាំខុសច្បាប់ ។ សកម្មភាពថ្ងៃអាទិត្យរបស់យើង នឹងឆ្លុះបញ្ចាំងពីព្រះបញ្ញត្តិរបស់ព្រះ ដែលឲ្យចងចាំថ្ងៃឈប់សម្រាក ហើយរក្សាវាឲ្យបរិសុទ្ធ ។ យើងនឹងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងរបៀបដែលយើងប្រព្រឹត្តចំពោះអ្នកដទៃ ។ យើងនឹងរស់នៅដោយសក្ដិសមដើម្បីចូលក្នុងដំណាក់នៃព្រះអម្ចាស់ » ( « The Covenant of Baptism: To Be in the Kingdom and of the Kingdom » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៨ ) ។
-
តើការស្វែងរកនគរនៃព្រះយ៉ាងហ្មត់ចត់ ជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់យើងយ៉ាងដូចម្ដេចដែរ ?
-
តើការស្វែងរកនគរនៃព្រះ បានជះឥទ្ធិពលដល់ជីវិតរបស់អ្នក ឬជីវិតរបស់សមាជិកគ្រួសារ ឬនរណាម្នាក់ដែលអ្នកស្គាល់យ៉ាងដូចម្ដេច ?
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីបន្តស្វែងរកនគរនៃព្រះ ។ សូមលើកទឹកចិត្តសិស្សឲ្យស្ដាប់រកមើលការបំផុសពីព្រះវិញ្ញាណ ហើយសរសេរអ្វីដែលពួកគេដាក់ផែនការនឹងធ្វើ ។ សូមថ្លែងទីបន្ទាល់ពីពរជ័យទាំងឡាយដែលបានមកពីការទុកព្រះជាអាទិភាពនៅក្នុងជីវិតរបស់យើង ។
ការអានរបស់សិស្ស
-
ម៉ាថាយ ៦:៣៣, យ៉ាកុប ២:១២–២៨, ៣:១០–១២, ម៉ូសាយ ២:២០–២៥, ៤:១៣, ២១–២៦, អាលម៉ា ៧:១៤–១៦, ១៩, ២១–២៤, នីហ្វៃទី៣ ១២:២៧–៣០ ។
-
« The Great Commandment—Love the Lord » ជំពូកទី ១ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ៣៧–៤៥ ។