មេរៀនទី ១៦
ការប្រែចិត្ត និងការអភ័យទោស
សេចក្ដីផ្ដើម
ដើម្បីបានស្អាតស្អំពីអំពើបាប យើងត្រូវតែអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ចំពោះការប្រែចិត្ត ។ ពេលយើងប្រែចិត្តដោយស្មោះ នោះយើងទទួលបាននូវ ការផ្តាច់បាប ដែលនាំមកនូវអំណរ និងសេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈចំពោះព្រលឹងយើង ។ យើងអាចបន្តមានការផ្ដាច់បាបអស់ពេញមួយជីវិតយើង ពេលយើងកាន់តាមព្រះបញ្ញត្តិរបស់ព្រះ ហើយស្រឡាញ់ ព្រមទាំងបម្រើដល់គ្នាទៅវិញទៅមក ។
ការអានពីសាវតា
-
ឌី ថត គ្រីស្តូហ្វឺសិន «The Divine Gift of Repentance» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៨–៤១ ។
-
នែល អិល អាន់ឌើរសិន «Repent … That I May Heal You» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០–៤៣ ។
-
ក្រេហ្គ អេ ខារដុន «The Savior Wants to Forgive» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១៥-១៧ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា ៣៤:១៥–១៧, នីហ្វៃទី៣ ៩:១៣–១៤, ១៩–២២
ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទចំពោះការប្រែចិត្ត
សូមឲ្យសិស្សស្រមៃថា ពួកគេត្រូវបានស្នើឲ្យឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់អំពីការប្រែចិត្ត ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវអ្វី ដែលពួកគេអាចនឹងនិយាយ ដើម្បីជួយដល់សមាជិកសាសនាចក្រឲ្យយល់កាន់តែច្បាស់ពីគោលលទ្ធិនេះ ។ បន្ទាប់ពីពួកគេចែកចាយចម្លើយរបស់ខ្លួនហើយ សូមបង្ហាញ ហើយអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុងគណៈប្រធានទីមួយ ៖
« យើងត្រូវការសេចក្ដីជំនឿយ៉ាងរឹងមាំលើព្រះយេស៊ូវគ្រីស្ទ ដើម្បីអាចធ្វើការប្រែចិត្ត » ( «Point of Safe Return» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០០ ) ។
-
តើហេតុអ្វីសេចក្ដីថ្លែងការណ៍នេះពិត ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អាលម៉ា ៣៤:១៥-១៧ ឮៗ ដែលកត់ត្រានូវការបង្រៀនរបស់អាម៉ូលេកទៅដល់ពួកសាសន៍សូរាំ ទាក់ទងនឹងការប្រែចិត្ត ។ សូមលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលនូវអ្វីដែលអាម៉ូលេកបានបង្រៀនថា តម្រូវឲ្យយើងមានដើម្បីទទួលបានការអភ័យទោស ។
-
តើគោលការណ៍អ្វីនៃការទទួលការអភ័យទោសដែលត្រូវបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ? ( ពេលសិស្សឆ្លើយ សូមសរសេរគោលការណ៍ដូចតទៅនេះនៅលើក្ដារខៀន ៖ ដើម្បីទទួលបានពរជ័យនៃការអភ័យទោសដ៏ពោរពេញដោយមេត្តាករុណា យើងត្រូវតែអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទចំពោះការប្រែចិត្ត ។ សូមចង្អុលបង្ហាញដល់សិស្សថា ឃ្លា « សេចក្ដីជំនឿចំពោះការប្រែចិត្ត » ត្រូវបានលើកឡើងបួនដងនៅក្នុងខគម្ពីរទាំងនេះ ។ នេះគឺជាឱកាសមួយដើម្បីសង្កត់ធ្ងន់ពីជំនាញសិក្សាព្រះគម្ពីរ អំពីការស្គាល់ពីការលើកពាក្យដដែលៗឡើង ) ។
-
ហេតុអ្វីយើងត្រូវតែអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដើម្បីប្រែចិត្ត ហើយទទួលការអភ័យទោស ? ( យើងត្រូវតែមានសេចក្ដីជំនឿលើការបូជាដ៏ធួនរបស់ទ្រង់ ដើម្បីឲ្យការបូជានេះមានប្រសិទ្ធភាពនៅក្នុងជីវិតយើង ។ មានតែតាមរយៈដង្វាយធួនរបស់ទ្រង់ប៉ុណ្ណោះ ទើបយើងអាចទទួលបានការអភ័យទោស ដើម្បីឲ្យចិត្តរបស់យើងផ្លាស់ប្ដូរ ហើយត្រូវបានសម្អាតពីអំពើបាប [ ម៉ូសាយ ៥:២ ] ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ ពីរបៀបដែលយើងចូលមករកព្រះអង្គសង្គ្រោះ ហើយប្រែចិត្ត សូមពន្យល់ថា ក្រោយពីការបំផ្លិចបំផ្លាញដ៏ធំនៅទ្វីបអាមេរិកដែលបានថ្លែងជាទីបន្ទាល់អំពីការឆ្កាងរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានបង្រៀនប្រជាជនពីអ្វីដែលពួកគេត្រូវធ្វើ ដើម្បីប្រែចិត្ត ហើយទទួលការអភ័យទោសពីទ្រង់ ។ សូមអញ្ជើញសិស្សឲ្យសិក្សា នីហ្វៃទី៣ ៩:១៣-១៤, ១៩-២២ ជាមួយនឹងដៃគូ ដោយរកមើលឃ្លាទាំងឡាយដែលពិពណ៌នាពីអ្វីដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថាយើងត្រូវតែធ្វើ ដើម្បីមកឯទ្រង់ ហើយប្រែចិត្ត ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ។
-
តើគោលការណ៍អ្វី ដែលព្រះអម្ចាស់បានបង្រៀននៅក្នុងខគម្ពីរទាំងនេះ អំពីអ្វីដែលយើងត្រូវតែធ្វើដើម្បីប្រែចិត្ត ? ( ទោះបីសិស្សអាចនឹងប្រើពាក្យផ្សេងៗទៀត ប៉ុន្តែពួកគេគួររកឃើញគោលការណ៍ដូចតទៅនេះ ៖ ប្រសិនបើយើងមកឯព្រះគ្រីស្ទដោយមានដួងចិត្តសង្រេង និង វិញ្ញាណទន់ទាប នោះទ្រង់នឹងទទួលយើង ហើយប្រោសលោះយើងចេញពីអំពើបាបរបស់យើង ) ។
-
តើការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដែលឲ្យ « [ មករក ] យើងដូចជាក្មេងតូចម្នាក់ » ( ខ ២២ ) ហើយ « ត្រឡប់មករកយើង » ( ខ ១៣ ) ជួយយើងឲ្យយល់កាន់តែច្បាស់ពីអត្ថន័យនៃការមានដួងចិត្តសង្រេង និងវិញ្ញាណទន់ទាបយ៉ាងដូចម្ដេចដែរ ?
-
តើបទពិសោធន៍ជីវិតអ្វីខ្លះ ដែលអាចធ្វើឲ្យមនុស្សម្នាក់មានដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយអែលឌើរ ប្រ៊ូស ឌី ផតធ័រ នៃពួកចិតសិបនាក់ ។ សូមគិតពីការផ្ដល់នូវច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍នេះដល់សិស្សម្នាក់ៗ ។ សូមលើកទឹកចិត្តសិស្សឲ្យស្ដាប់មើលការយល់ដឹងជ្រាលជ្រៅ ពីរបៀបដែលពួកគេអាចថ្វាយនូវចិត្តសង្រេង និងវិញ្ញាណទន់ទាបនៅពេលយើងប្រែចិត្ត ។
« តើអ្វីទៅជាចិត្តសង្រេង និងវិញ្ញាណទន់ទាប ? … ការចុះចូលដ៏ឥតខ្ចោះរបស់ព្រះអង្គសង្គ្រោះជាមួយនឹងព្រះវរបិតាដ៏អស់កល្ប គឺជាខ្លឹមសារនៃចិត្តសង្រេង និងវិញ្ញាណទន់ទាបនោះឯង ។ គំរូរបស់ព្រះគ្រីស្ទបង្រៀនយើងថា ដួងចិត្តសង្រេងគឺជាលក្ខណៈដ៏អស់កល្បនៃភាពជាព្រះ ។ ពេលយើងមានដួងចិត្តសង្រេង យើងបើកចិត្តទាំងស្រុងដល់ព្រះវិញ្ញាណនៃព្រះ ហើយស្គាល់ពីការពឹងផ្អែករបស់យើងទៅលើទ្រង់ សម្រាប់អ្វីៗទាំងអស់ដែលយើងមាន និងអ្វីៗទាំងអស់ដែលជាខ្លួនយើង ។ ការបូជាដែលចាំបាច់បំផុត គឺជាការលះបង់នៃការឆ្មើងឆ្មៃនៅក្នុងគ្រប់ទម្រង់ទាំងអស់ ។ ដូចជាដីឥដ្ឋ នៅក្នុងដៃជាងស្មូនដ៏ចំណានដែរ អ្នកដែលមានចិត្តសង្រេងអាចត្រូវបានសូន និងសម្រាំងនៅក្នុងព្រះហស្ដនៃលោកចៅហ្វាយ ។
« ដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ក៏ជាលក្ខខណ្ឌដែលត្រូវមានពីមុនការប្រែចិត្ត [ នីហ្វៃទី២ ២:៦-៧ ] ។ …ពេលយើងធ្វើអំពើបាប ហើយប្រាថ្នាចង់បានការអភ័យទោស នោះដួងចិត្តសង្រេង និង វិញ្ញាណទន់ទាបមានន័យថា ‹ សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ [ ដែល ]រមែងនាំឲ្យប្រែចិត្តឡើង › ( កូរិនថូស ទី២ ៧:១០ ) ។ ការណ៍នេះកើតឡើង ពេលយើងមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីបានសម្អាតចេញពីអំពីបាប ដែលធ្វើឲ្យដួងចិត្តរបស់យើងឈឺចាប់ដោយក្ដីទុក្ខព្រួយ ហើយយើងចង់បានយ៉ាងខ្លាំងនូវអារម្មណ៍នៃសេចក្ដីសុខសាន្តជាមួយនឹងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ។ ពួកអ្នកដែលមានដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប មានឆន្ទៈនឹងធ្វើអ្វីក៏ដោយ និងគ្រប់យ៉ាង ដែលព្រះស្នើពីពួកគេ ដោយគ្មានការតទល់ ឬថ្នាំងថ្នាក់ចិត្តឡើយ ។ យើងឈប់ប្រព្រឹត្តកិច្ចការទាំងឡាយតាមរបៀបយើង ហើយរៀនធ្វើវាតាមរបៀបរបស់ព្រះវិញ ។ នៅក្នុងលក្ខខណ្ឌនៃការចុះចូលបែបនោះ ដង្វាយធួនអាចមានប្រសិទ្ធិភាព ហើយការប្រែចិត្តដ៏ពិតអាចកើតឡើងបាន » ( «A Broken Heart and a Contrite Spirit» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៣២ ) ។
-
យោងតាមអែលឌើរ ផតធ័រ តើការមកឯព្រះគ្រីស្ទដោយមានចិត្ត សង្រេង និងវិញ្ញាណទន់ទាប មានន័យយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីអនុវត្តសេចក្ដីជំនឿរបស់ខ្លួនទៅលើព្រះយេស៊ូវគ្រីស្ទឲ្យកាន់តែពេញលេញ ដោយថ្វាយដល់ទ្រង់នូវចិត្តសង្រេង និងវិញ្ញាណទន់ទាប ។ អ្នកអាចផ្ដល់ពេលដល់ពួកគេពីរបីនាទី ដើម្បីសរសេរពីចំណាប់អារម្មណ៍ដែលពួកគេមានតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សូមថ្លែងទីបន្ទាល់ថា អំណោយទាននៃការប្រែចិត្តដ៏ប្រកបដោយមេត្តាករុណារបស់ព្រះអង្គសង្គ្រោះគឺមានដល់យើងម្នាក់ៗ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអារម្មណ៍របស់ពួកគេ អំពីការបូជាដ៏ធួនរបស់ព្រះអង្គសង្គ្រោះ និងអំណោយទាននៃការប្រែចិត្ត ។
អេណុស ១:៤–៨, ម៉ូសាយ ៤:១–៣, អាលម៉ា ១៩:២៩–៣០, ៣៣–៣៦, ៣៦:១៩–២១
ការអភ័យទោសពីអំពើបាបនាំមកនូវអារម្មណ៍នៃអំណរ និងភាពសុខសាន្ដ ។
-
តើអ្នកអាចឆ្លើយតបដោយរបៀបណាចំពោះបុគ្គលទាំងឡាយ ដែលចង់ដឹងពីរបៀបដែលពួកគេអាចដឹងថា តើពួកគេត្រូវបានអភ័យទោសដល់អំពីបាបពីអតីតកាលឬអត់នោះ ?
សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវ អេណុស ១:៤–៨, ម៉ូសាយ ៤:១–៣ និង អាលម៉ា ៣៦:១៩–២១ ដោយរកមើលរបៀបដែលមនុស្សអាចដឹងថា ពួកគេកំពុងទទួលបានការផ្ដាច់បាបរបស់ខ្លួន ។
-
ស្របតាមខគម្ពីរទាំងនេះ តើយើងអាចដឹងបានដោយរបៀបណាថា យើងកំពុងទទួលបានការផ្ដាច់បាបនោះ ? ( សូមជួយសិស្សឲ្យរកឃើញនូវគោលការណ៍ដូចតទៅនេះ ៖ ពេលយើងប្រែចិត្តដោយស្មោះ ហើយទទួលការផ្ដាច់បាប នោះកំហុសរបស់យើងត្រូវបានសម្អាតចេញ យើងត្រូវបានបំពេញដោយព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ហើយយើងមានអារម្មណ៍នៃអំណរ និងភាពសុខសាន្ត ។ ដូចដែលបានបំផុសគំនិតពីព្រះវិញ្ញាណ អ្នកអាចចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « សម្រាប់អស់អ្នកណាដែលពិតជាបានប្រែចិត្ត ប៉ុន្ដែហាក់ដូចជាមិនអាចមានអារម្មណ៍ធូរស្បើយ ៖ សូមបន្ដកាន់តាមព្រះបញ្ញត្តិ ។ ខ្ញុំសូមសន្យាថា អ្នកនឹងទទួលបានភាពធូរស្បើយតាមពេលវេលារបស់ព្រះអម្ចាស់ ។ ការព្យាបាលក៏ត្រូវការពេលវេលាដែរ » [ «Repent … That I May Heal You»Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤២ ] ) ។
ដើម្បីបង្ហាញពីគោលការណ៍នេះបន្ថែមទៀត សូមឲ្យសិស្សពីរបីនាក់អានឮៗនូវខគម្ពីរមួយចំនួន ដែលពិពណ៌នាអំពីការប្រែចិត្តជឿរបស់ស្ដេចឡាម៉ូណៃ និងប្រជាជនរបស់ទ្រង់ ដែលមានក្នុង អាលម៉ា ១៩:២៩-៣០, ៣៣-៣៦ ។ សូមអញ្ជើញសិស្សឲ្យរកមើលពរជ័យទាំងឡាយដែលប្រជាជនបានទទួល ដោយសារការប្រែចិត្ត និងសេចក្ដីជំនឿរបស់ពួកគេ ។
-
តើពរជ័យអ្វីខ្លះដែលស្ដេចឡាម៉ូណៃ មហេសីទ្រង់ និងប្រជាជនជាច្រើនទៀតបានទទួល ដោយសារការប្រែចិត្ត និងសេចក្ដីជំនឿរបស់ពួកគេ ? ( ដួងចិត្តរបស់ពួកគេត្រូវបានផ្លាស់ប្ដូរ ពួកទេវតាបានបម្រើដល់ពួកគេ ពួកគេបានទទួលបុណ្យជ្រមុជទឹក សាសនាចក្រត្រូវបានស្ថាបនាឡើង ហើយព្រះអម្ចាស់បានស្រោចស្រពព្រះវិញ្ញាណទ្រង់លើពួកគេ ) ។
-
តើនៅពេលណា ដែលអ្នកបានឃើញអ្នកផ្សេងទៀតដកពិសោធន៍ពរជ័យដូចគ្នានេះ ពេលពួកគេបានប្រែចិត្ត ហើយខិតទៅកាន់តែជិតព្រះអម្ចាស់ ?
ដើម្បីជួយសិស្សឲ្យយល់ពីសេចក្ដីពិត និងសារៈសំខាន់នៃគោលការណ៍ខាងលើ សូមឲ្យសិស្សម្នាក់អានទីបន្ទាល់ខាងក្រោមរបស់ប្រធាន ប៊យដ៏ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤-២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« សំបុត្រមកពីអ្នកដែលបានធ្វើខុសដ៏ខ្លាំង ។ ពួកគេទទូចថា ៖ ‹ តើខ្ញុំអាចទទួលបានការអភ័យទោសឬទេ ? ›
« ចម្លើយគឺ បាន !
« ដំណឹងល្អបង្រៀនយើងថា ការបានធូរស្រាលពីទារុណកម្ម និងកំហុសអាចទទួលបានតាមរយៈការប្រែចិត្ត ។ លើកលែងតែពួកអ្នកមួយចំនួនតូច ដែលបានក្បត់ទៅចូលរួមជាមួយអារក្សសាតាំង ក្រោយពីការដឹងនូវភាពពេញលេញថា គ្មានទម្លាប់ គ្មានការញៀន គ្មានការបះបោរ គ្មានការរំលង គ្មានការបំពានតូច ឬធំណា ដែលរួចផុតពីការសន្យានៃការអភ័យទោសទាំងស្រុងនោះឡើយ ។
« ‹ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ › ។ នេះគឺជាអ្វីដែលអេសាយ បានបន្តថា ‹ បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាមហើយស្ដាប់បង្គាប់ › [ អេសាយ 1:18–19 ] » ( «The Brilliant Morning of Forgiveness» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១៩ ) ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីបទពិសោធន៍ នៅពេលពួកគេបានទទួលអារម្មណ៍នៃអំណរ និងភាពសុខសាន្តក្នុងសតិសម្បជញ្ញៈ ដែលនាំឲ្យមានការប្រែចិត្តទាំងស្រុង ។
ម៉ូសាយ ៤:១១-១២, ២៦
ការបន្តឲ្យមានការផ្តាច់បាប
សូមឲ្យសិស្សម្នាក់អាន ម៉ូសាយ ៤:១១–១២, ២៦ ឮៗ ។ សូមអញ្ជើញសិស្សឲ្យរកមើលអ្វីដែលស្ដេចបេនយ៉ាមីន បានបង្រៀនអំពីរបៀបដែលយើងអាចបន្តទទួលបានការផ្ដាច់បាប ។
-
យោងតាមព្រះបន្ទូលទាំងនេះរបស់ស្ដេចបេនយ៉ាមីន តើយើងអាចបន្តមានការផ្ដាច់បាបអស់មួយជីវិតរបស់យើងដោយរបៀបណាដែរ ? ( សិស្សគួរតែរកឃើញគោលការណ៍ដូចតទៅនេះ ៖ ប្រសិនបើយើងចងចាំសេចក្ដីស្រឡាញ់ និងសេចក្ដីល្អរបស់ព្រះចំពោះយើង ឈរដោយខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿយើង ហើយស្រឡាញ់ និងបម្រើអ្នកផ្សេងទៀត នោះយើងអាចបន្តទទួលការផ្ដាច់បាបរបស់យើងបាន ) ។
ដើម្បីជួយឲ្យការយល់ដឹងរបស់សិស្សកាន់តែស៊ីជម្រៅពីគោលការណ៍នេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិនក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការប្រែចិត្ត មានន័យថាការពុះពារព្យាយាមដើម្បីផ្លាស់ប្ដូរ ។ វាជាការចំអកដល់ការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅក្នុងច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ដែលរំពឹងថាទ្រង់គួរតែផ្លាស់ប្រែយើងទៅជាអង្គទេវតា ដោយពុំចាំបាច់មានការប្រឹងប្រែងដ៏ពិតនៅខាងផ្នែករបស់យើងនោះ ។ ផ្ទុយទៅវិញ យើងត្រូវស្វែងរកព្រះគុណទ្រង់ ដើម្បីបង្គ្រប់ និងផ្ដល់រង្វាន់ដល់ការប្រឹងប្រែងដ៏ឧស្សាហ៍ព្យាយាមបំផុតរបស់យើង ( សូមមើល នីហ្វៃទី២ ២៥:២៣ ) ។ ប្រហែលជា យើងគួរតែអធិស្ឋានដើម្បីមានពេលវេលា និងឱកាសដើម្បីធ្វើការ ហើយព្យាយាម និងយកឈ្នះ ឲ្យបានច្រើនដូចដែលអធិស្ឋានសុំសេចក្ដីមេត្តាករុណាផងដែរ ។ ប្រាកដណាស់ ព្រះអម្ចាស់ញញឹមទៅរកនរណាម្នាក់ដែលមកឯទីជំនុំជម្រះដោយភាពសក្ដិសម ជាអ្នកដែលតាំងចិត្តធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីជំនួសភាពទន់ខ្សោយឲ្យទៅភាពរឹងមាំវិញ ។ ការប្រែចិត្តដ៏ពិត ការផ្លាស់ប្ដូរដ៏ពិត អាចតម្រូវឲ្យមានការព្យាយាមម្ដងហើយម្ដងទៀត តែមានអ្វីមួយដែលបន្សុទ្ធ និងបរិសុទ្ធនៅក្នុងការពុះពារព្យាយាមនោះ » ( «The Divine Gift of Repentance» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៩ ) ។
-
តើការគិត និងអារម្មណ៍អ្វីខ្លះ ដែលអ្នកមាន ពេលអ្នកពិចារណាថា ព្រះអម្ចាស់ « ញញឹមទៅរក » អ្នក ពេលអ្នកប្រឹងធ្វើការដើម្បីយកឈ្នះអំពើបាប និងភាពទន់ខ្សោយក្នុងភាពរមែងស្លាប់ ?
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ សូមអះអាងដល់សិស្សថា ពេលពួកគេប្រែចិត្ត នោះពួកគេនឹងទទួលបទពិសោធន៍នៃអំណរ និងសេចក្ដីសុខសាន្តក្នុងមនសិកា ។ សូមលើកទឹកចិត្តសិស្សឲ្យពិនិត្យមើលជីវិតរបស់ខ្លួន ហើយអនុវត្តសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទចំពោះការប្រែចិត្ត ។
ការអានរបស់សិស្ស
-
អេណុស ១:៤–៨, ម៉ូសាយ ៤:១–៣, ១១–១២, ២៦, អាលម៉ា ១៩:២៩–៣០, ៣៣–៣៦, ៣៤:១៥–១៧, ៣៦:១៩–២១, នីហ្វៃទី៣ ៩:១៣–១៤, ១៩–២២ ។
-
នែល អិល អាន់ឌើរសិន «Repent … That I May Heal You» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០–៤៣ ។