មេរៀនទី ២៨
មកឯព្រះគ្រីស្ទ
សេចក្ដីផ្ដើម
គោលបំណងដ៏សំខាន់មួយរបស់ព្រះគម្ពីរមរមនគឺដើម្បីអញ្ជើញមនុស្សទាំងអស់ឲ្យ « មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » ( មរ៉ូណៃ ១០:៣២ ) ។ ពេលយើងអនុវត្តសេចក្ដីជំនឿ ហើយ « ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » នោះយើងអាចក្លាយជាបុត្រាបុត្រីនៃព្រះគ្រីស្ទ ( សូមមើល មរ៉ូណៃ ៧:១៩ ) ។ នៅចុងបញ្ចប់នៃមេរៀននេះ សិស្សនឹងមានឱកាសថ្លែងសក្ខីភាពអំពីរបៀបដែលព្រះគម្ពីរមរមន បានជួយពួកគេមកឯព្រះគ្រីស្ទ ។
ការអានពីសាវតា
-
ជែហ្វ្រី អ័រ ហូឡិន «Safety for the Soul» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៨–៩០ ។
-
«A Christ-Centered Life» ជំពូកទី ២៤ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ២៩៧-៣០៦ ។
យោបល់សម្រាប់ការបង្រៀន
នីហ្វៃទី១ ៦:៤, យ៉ាកុប ១:៧, អោមណៃ ១:២៦, នីហ្វៃទី៣ ៩:១៣–១៤, មរ៉ូណៃ ១០:៣០, ៣២–៣៣
ព្រះគម្ពីរមរមនអញ្ជើញយើងឲ្យមកឯព្រះយេស៊ូវគ្រីស្ទ
សូមអញ្ជើញសិស្សឲ្យគិតអំពី ពេលមួយដែលពួកគេអញ្ជើញនរណាម្នាក់ឲ្យអានព្រះគម្ពីរមរមន ។
-
ហេតុអ្វីអ្នកបានអញ្ជើញបុគ្គលនេះឲ្យអានព្រះគម្ពីរមរមន ?
សូមអញ្ជើញសិស្សឲ្យគិតអំពី មូលហេតុដែលពួកគេសិក្សាព្រះគម្ពីរមរមន ។ សូមពន្យល់ថា ខណៈដែលមានមូលហេតុល្អៗជាច្រើនដើម្បីអាន និងសិក្សាព្រះគម្ពីរមរមន នោះព្រះគម្ពីរផ្ទាល់រួមមាននូវសារដំណឹងដែលលើកឡើងដដែល អំពីគោលបំណងដ៏សំខាន់បំផុតមួយរបស់វា ។
សូមសរសេរបទគម្ពីរយោងខាងក្រោមនេះនៅលើក្ដារខៀន ៖
សូមអញ្ជើញសិស្សឲ្យអាន វគ្គបទគម្ពីរទាំងឡាយដោយស្ងាត់ស្ងៀម រកមើលប្រធានបទដែលកើតឡើងដដែលៗដែលមានក្នុងព្រះគម្ពីរមរមន ។ ( អ្នកអាចលើកទឹកចិត្តសិស្សឲ្យយោងវគ្គបទគម្ពីរទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
-
តើប្រធានបទព្រះគម្ពីរមរមនដែលលើកឡើងដដែលៗណាមួយ ដែលមាននៅក្នុងខគម្ពីរទាំងនេះ ?
-
តើ « មកឯព្រះគ្រីស្ទ » មានន័យដូចម្ដេច ?
-
តើខគម្ពីរទាំងនេះបង្រៀនយើងឲ្យធ្វើអ្វីខ្លះ ដើម្បីមកឯព្រះគ្រីស្ទ ? ( ចម្លើយ គួរតែរួមមានដូចតទៅនេះ ៖ « ថ្វាយព្រលឹងអ្នកទាំងមូលជាដង្វាយថ្វាយដល់ទ្រង់ » តមអាហារ អធិស្ឋាន ស៊ូទ្រាំដល់ទីបញ្ចប់ ប្រែចិត្ត ប្រែចិត្តជឿ ហើយ « យកនូវអំណោយទានដ៏ល្អទាំងអស់ » ) ។
-
តើឃ្លា « ថ្វាយព្រលឹងអ្នកទាំងមូលជាដង្វាយថ្វាយដល់ទ្រង់ » មានន័យយ៉ាងណាចំពោះអ្នក ?
ដើម្បីជួយសិស្សឲ្យកាន់តែយល់បន្ថែមទៀតអំពីអត្ថន័យដែលថាចូរមកឯព្រះគ្រីស្ទ នោះសូមបង្ហាញ ហើយពិភាក្សាសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាត ជី ស្កត ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងអែលឌើរ ដានីស ប៊ី ណយអិនស្វានឌើរ នៃពួកចិតសិបនាក់ ៖
« ពេលយើងអធិស្ឋានជាទៀងទាត់ ទាំងយប់ទាំងថ្ងៃ សិក្សាព្រះគម្ពីរយើងប្រចាំថ្ងៃ មានរាត្រីជួបជុំក្រុមគ្រួសារ ហើយចូលរួមក្នុងព្រះវិហារបរិសុទ្ធជាទៀងទាត់ នោះយើងកំពុងតែឆ្លើយតបយ៉ាងសកម្មចំពោះការអញ្ជើញរបស់ទ្រង់ ដែលឲ្យ ‹ មករកទ្រង់ › ហើយ » ( រីឆាត ជី ស្កត «Make the Exercise of Faith Your First Priority»” Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៤ ) ។
« ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំថា យើងអាចមករកព្រះគ្រីស្ទ ហើយបានឥតខ្ចោះនៅក្នុងទ្រង់ ដោយការចូលរួមដោយសក្ដិសមនៅក្នុងពិធីបរិសុទ្ធដ៏ពិសិដ្ឋទាំងឡាយ ដែលចាត់តាំងដោយព្រះ ហើយត្រូវបានណែនាំតាំងពីមុនការបង្កើតពិភពលោកនេះមកម្ល៉េះ » ( ដានីស ប៊ី ណយអិនស្វានឌើរ «Ordinances and Covenants» Ensign ខែ សីហា ឆ្នាំ ២០០១ ទំព័រ ២៦ ) ។
សូមពន្យល់ថា នៅក្នុងជំពូកចុងក្រោយនៃព្រះគម្ពីរមរមន មានកត់ត្រានូវដំបូន្មានមកពីព្យាការីមរ៉ូណៃ អំពីរបៀបដើម្បី មករកព្រះគ្រីស្ទ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន មរ៉ូណៃ ១០:៣២-៣៣ ឮៗ ខណៈសិស្សក្នុងថ្នាក់រកមើលពីរបៀបដែលពាក្យ « បើសិនជា » និង « នោះ » ត្រូវបានប្រើប្រាស់ ។ សូមឲ្យសិស្សក្នុងថ្នាក់សញ្ជឹងគិតថា សេចក្ដីថ្លែង « បើសិនជា-នោះ » ទាំងនេះបង្រៀនអ្វី អំពីរបៀបដែលយើងត្រូវបានប្រទានពរដោយព្រះគុណរបស់ព្រះគ្រីស្ទ ។ ( កំណត់ចំណាំ ៖ ការរកមើលសេចក្ដីថ្លែង « បើសិនជា-នោះ » នឹងជួយសិស្សឲ្យរកឃើញគោលការណ៍ទាំងឡាយដែលមានបង្រៀននៅក្នុងព្រះគម្ពីរ ) ។
-
តើគោលការណ៍អ្វី ដែលយើងអាចរៀនចេញពីខគម្ពីរទាំងនេះ អំពីរបៀបដែលយើងត្រូវបានប្រទានពរដោយព្រះគុណរបស់ព្រះគ្រីស្ទ ពេលដែលយើងមករកទ្រង់ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងគ្នា ប៉ុន្តែសូមប្រាកដថា ពួកគេរកឃើញគោលការណ៍ដូចតទៅនេះ ៖ បើសិនជាយើងមករកព្រះគ្រីស្ទ ហើយបដិសេធខ្លួនយើងពីការណ៍ដែលមិនល្អទាំងអស់ នោះយើងអាចបានឥតខ្ចោះ បន្សុទ្ធ ហើយធ្វើឲ្យបរិសុទ្ធតាមរយៈព្រះគុណទ្រង់ ។ សូមមើលផងដែរ អាលម៉ា ៥:៣៣–៣៥ ) ។
ដើម្បីធ្វើឲ្យការយល់ដឹងរបស់សិស្សអំពីគោលការណ៍នេះកាន់តែស៊ីជម្រៅ សូមចែកចាយសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយអែលឌើរ ប្រ៊ូស ស៊ី ហាហ្វិន នៃពួកចិតសិបនាក់ ។ សូមអញ្ជើញសិស្សឲ្យស្ដាប់រកមើលរបៀបដែលព្រះគុណរបស់ព្រះអម្ចាស់ផ្ដល់ពរដល់យើង ។
« ព្រះគុណរបស់ព្រះអម្ចាស់ ដែលត្រូវបានធ្វើឲ្យមានដោយដង្វាយធួន អាចធ្វើឲ្យភាពមិនឥតខ្ចោះរបស់យើងបានឥតខ្ចោះ ។ ‹ ដោយសារព្រះគុណនៃព្រះ នោះអ្នករាល់គ្នាអាចបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ › ។ ( មរ៉ូណៃ ១០:៣២ ) ។ ដោយសារភាគច្រើននៃដំណើរការធ្វើឲ្យឥតខ្ចោះ រួមបញ្ចូលនូវការសម្អាតចេញពីភាពកខ្វក់នៃអំពើបាប និងភាពល្វីងជូរចត់ នោះមាននូវគំនិតដ៏រឹងមាំបន្ថែម ដែលយើងទទួលបានពីលក្ខណៈដូចជាព្រះគ្រីស្ទ គឺការក្លាយជាឥតខ្ចោះដូចជាព្រះវរបិតា និងព្រះរាជបុត្រាដែលទ្រង់ឥតខ្ចោះ ។ …
« ជ័យជំនះរបស់ព្រះអង្គសង្គ្រោះ មិនត្រឹមតែអាចទូទាត់សម្រាប់អំពើបាបរបស់យើងប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ភាពខ្វះចន្លោះរបស់យើងផងដែរ មិនត្រឹមតែសម្រាប់កំហុសដោយចេតនារបស់យើងប៉ុណ្ណោះទេ តែក៏សម្រាប់អំពើបាបរបស់យើងដែលត្រូវបានធ្វើឡើងនៅក្នុងភាពល្ងង់ខ្លៅ កំហុសនៃការវិនិច្ឆ័យរបស់យើង និងភាពមិនឥតខ្ចោះដែលមិនអាចចៀសរួចរបស់យើង ។ សេចក្ដីប្រាថ្នាដ៏ខ្ពស់បំផុតរបស់យើង គឺច្រើនជាងការអភ័យទោសពីអំពើបាប—យើងព្យាយាមក្លាយជាបរិសុទ្ធ មានអាកប្បកិរិយាដែលមានលក្ខណៈដូចព្រះគ្រីស្ទយ៉ាងរឹងមាំ ជាមួយនឹងទ្រង់ ដូចទ្រង់ ។ ព្រះគុណដ៏ទេវភាព គឺជាប្រភពតែមួយគត់ដែលអាចបំពេញដល់សេចក្ដីប្រាថ្នានោះនៅទីបំផុត បន្ទាប់ពីយើងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើហើយ » ( The Broken Heart [ ឆ្នាំ ១៩៨៩ ] ទំព័រ ១៦, ២០ ) ។
-
យោងតាមអែលឌើរ ហាហ្វិន តើនៅក្នុងរបៀបណាខ្លះ ដែលព្រះគុណរបស់ព្រះអម្ចាស់ផ្ដល់ពរដល់យើង ?
សូមអញ្ជើញសិស្សឲ្យគិតពីពេលមួយដែលពួកគេបានមានអារម្មណ៍ថា ពួកគេកំពុងខិតខំប្រឹងប្រែងដើម្បី មករកព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យពួកគេឆ្លើយនឹងសំណួរខាងក្រោមនេះ បើបទពិសោធន៍របស់ពួកគេមិនផ្ទាល់ខ្លួនពេកទេ ៖
-
នៅពេលនោះ តើអ្នកបានធ្វើអ្វីដើម្បី មករកព្រះគ្រីស្ទ ?
-
តើពរជ័យអ្វីខ្លះ ដែលចូលមកក្នុងជីវិតអ្នក ពេលអ្នកបានព្យាយាមមករកព្រះយេស៊ូវគ្រីស្ទនោះ ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីមករកព្រះគ្រីស្ទឲ្យកាន់តែបានពេញលេញ ដើម្បីពួកគេអាចក្លាយជាឥតខ្ចោះ ហើយបន្សុទ្ធតាមរយៈព្រះគុណរបស់ទ្រង់ ។ សូមលើកទឹកចិត្តឲ្យពួកគេធ្វើតាមការបំផុសគំនិតទាំងឡាយ ដែលពួកគេអាចនឹងទទួល ។
មរ៉ូណៃ ៧:១៨-២៦
ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ ដើម្បីក្លាយជាបុត្រាបុត្រីនៃព្រះគ្រីស្ទ
សូមរំឭកសិស្សថា នៅក្នុង មរ៉ូណៃ ៧ ព្យាការីមរ៉ូណៃ បានកត់ត្រានូវទេសនកថាមួយ ដែលឪពុករបស់លោក គឺមរមន បានផ្ដល់ជាច្រើនឆ្នាំមុននោះ ។ នៅក្នុងទេសនកថានេះ មរមនបានបង្រៀនថា យើងអាចដឹងបានថា មានអ្វីមួយដែលត្រូវបានបំផុសដោយព្រះ បើសិនជាវាអញ្ជើញមនុស្សឲ្យធ្វើ ឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ ហើយឲ្យស្រឡាញ់ និងបម្រើព្រះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន មរ៉ូណៃ ៧:១៨-១៩ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលមរមនបានស្នើឲ្យយើងធ្វើ ។
-
យោងតាម ខ ១៩ តើអ្វី នឹងកើតឡើងដល់យើង បើសិនយើងប្រើប្រាស់ពន្លឺនៃព្រះគ្រីស្ទ ដើម្បីញែកការណ៍ល្អចេញពីការណ៍អាក្រក់ ហើយបន្ទាប់មក « ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » នោះ ? ( យើងនឹងក្លាយជាបុត្រាបុត្រីនៃព្រះគ្រីស្ទ ) ។
-
តើការក្លាយជាកូនចៅនៃព្រះគ្រីស្ទមានន័យដូចម្តេច ? ( សូមចង្អុលបង្ហាញថា យើងជាកូនចៅខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ ហើយក៏ជាកូនចៅរបស់ឪពុកម្ដាយនៅលើផែនដីរបស់យើងផងដែរ ។ ប៉ុន្តែ ដូចប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ [ ឆ្នាំ ១៨៧៦-១៩៧២ ] បានបង្រៀនថា « នៅក្នុងន័យរបស់វាក្យសព្ទ ដែលបានប្រើនៅក្នុងបទគម្ពីរ ព្រះយេស៊ូវគ្រីស្ទក៏អាចក្លាយទៅជាព្រះបិតារបស់យើង ព្រោះទ្រង់ប្រទានដល់យើងនូវជីវិត ដែលជាជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈដង្វាយធួន ដែលបានធ្វើឡើងដើម្បីយើង ។ [ សូមមើល ម៉ូសាយ ៥:៧ ] ។ … យើងក្លាយជាបុត្រ បុត្រា និងបុត្រីនៃព្រះយេស៊ូវគ្រីស្ទតាមរយៈសេចក្ដីសញ្ញារបស់យើងដើម្បីគោរពតាមទ្រង់ » [ Doctrines of Salvation ចងក្រងដោយ ប៊្រូស អ័រ ម៉ាក់ខន់ឃី វ៉ុលទី ៣ ( ឆ្នាំ ១៩៥៤–១៩៥៦ ), ១:២៩ ] ) ។
សូមឲ្យសិស្សអាន មរ៉ូណៃ ៧:២០ ដោយស្ងៀមស្ងាត់ ហើយរកមើលសំណួរដែលមរមនបានសួរ ។ សូមបំបែកសិស្សទៅជាគូៗ ហើយអញ្ជើញពួកគេឲ្យសិក្សា មរ៉ូណៃ ៧:២១–២៦ ដោយរកមើលអ្វី ដែលព្រះអម្ចាស់បានប្រទានដល់យើង ដើម្បីជួយយើងឲ្យ « ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » ? បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សចែកចាយគំនិតរបស់ពួកគេ ហើយសរសេរគំនិតរបស់ពួកគេនៅលើក្ដារខៀន ។ ចម្លើយអាចរួមមាន ការបម្រើរបស់ពួកទេវតា ( ខ ២២), ពួកព្យាការី ( ខ ២៣ ), ព្រះគម្ពីរ ( ខ ២៥), ការអនុវត្តសេចក្ដីជំនឿ ( ខ ២៥ ) និងការអធិស្ឋាន ( ខ ២៦ ) ។
-
តើខគម្ពីរទាំងនេះបង្រៀនយើងអ្វី អំពីអត្ថន័យនៃឃ្លាថា « ក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ » ? ( យើងត្រូវតាមស្វែងរកអ្វីៗគ្រប់យ៉ាងដែលល្អ ជាពិសេសការណ៍ទាំងនោះដែលដឹកនាំទៅកាន់សេចក្ដីជំនឿលើព្រះគ្រីស្ទ និងសេចក្ដីសង្គ្រោះតាមរយៈព្រះនាមទ្រង់ ) ។
-
តើការណ៍ល្អអ្វីខ្លះ ដែលចូលក្នុងជីវិតអ្នក ដោយសារតែចំណុចមួយក្នុងចំណោមចំណុចទាំងឡាយដែលមាននៅលើក្ដារខៀន ?
សូមឲ្យសិស្សជ្រើសរើសការណ៍ល្អមួយ ដែលពួកគេអាចចាប់ផ្ដើមធ្វើ ឬធ្វើឲ្យកាន់តែល្អ ដើម្បីមករកព្រះគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យដាក់គោលដៅមួយ ដើម្បីធ្វើកិច្ចការឆ្ពោះទៅក្ដាប់ជាប់នូវគ្រប់ទាំងអ្វីៗដែលល្អ នៅក្នុងជីវិតពួកគេ ។
មរ៉ូណៃ ១០:៣–៥
ការសន្យារបស់មរ៉ូណៃ
សូមលើកព្រះគម្ពីរមរមនមួយច្បាប់ឡើង ហើយឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលព្រះគម្ពីរមរមន បានជួយពួកគេមកឯព្រះគ្រីស្ទ ។ សូមពន្យល់ថា មរ៉ូណៃបានពង្រីកការអញ្ជើញ និងការសន្យាមួយទៅដល់មនុស្សទាំងអស់ដែលអាន ហើយសិក្សាព្រះគម្ពីរមរមន ។
សូមអញ្ជើញឲ្យសិស្សម្នាក់អាន មរ៉ូណៃ ១០:៣-៥ ឮៗ ។
-
ដូចមានកត់ត្រានៅក្នុង ខ ៣ តើមរ៉ូណៃបានទូន្មានយើងឲ្យធ្វើអ្វី ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីគំរូទាំងឡាយចេញពីព្រះគម្ពីរមរមន និងចេញពីជីវិតពួកគេផ្ទាល់ ដែលបង្ហាញថា « តើព្រះអម្ចាស់ទ្រង់មានសេចក្តីមេត្តាករុណាយ៉ាងណា ដល់កូនចៅមនុស្ស » ។ សូមឲ្យសិស្សបីបួននាក់ចែកចាយគំនិតរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
-
តើគោលការណ៍អ្វី ដែលយើងអាចរៀនពីការអញ្ជើញ និងការសន្យារបស់មរ៉ូណៃ នៅក្នុងខគម្ពីរទាំងនេះ ? ( ពេលយើងសូមដល់ព្រះដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ថាបើព្រះគម្ពីរមរមនពិត នោះយើងនឹងទទួលទីបន្ទាល់មួយអំពីភាពពេញលេញរបស់វាតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ) ។
-
តើ« ដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ » មានន័យដូចម្ដេច ? ( វាមានន័យថា យើងមានសេចក្ដីជំនឿថា ព្រះនឹងឆ្លើយតបការអធិស្ឋានរបស់យើង ហើយថា យើងមានបំណងដើម្បីធ្វើតាមចម្លើយដែលទ្រង់ប្រទានដល់យើង ) ។
-
តើការរៀន និងការអធិស្ឋានអំពីព្រះគម្ពីរមរមន តាមរបៀបនេះ ជួយយើងឲ្យមករកព្រះគ្រីស្ទ យ៉ាងដូចម្ដេចដែរ ?
សូមឲ្យសិស្សសញ្ជឹងគិតពីបទពិសោធន៍ទាំងឡាយ ដែលពួកគេមានជាមួយនឹងការអានព្រះគម្ពីរមរមន និងការអធិស្ឋានដើម្បីដឹងពីភាពពិតពេញលេញរបស់វា ។ សូមសួរសិស្ស ថាតើមានពួកគេណាខ្លះ ចង់ចែកចាយទីបន្ទាល់របស់ខ្លួនអំពីព្រះគម្ពីរមរមនជាមួយនឹងសិស្សក្នុងថ្នាក់ ជាពិសេសពីរបៀបដែលព្រះគម្ពីរមរមន បានជួយពួកគេមកឯព្រះគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តអនុវត្តតាមពាក្យសម្ដីរបស់មរ៉ូណៃ ដើម្បីទទួលបាននូវទីបន្ទាល់មួយអំពីព្រះគម្ពីរមរមន ឬដើម្បីពង្រឹងទីបន្ទាល់ដែលពួកគេមានរួចហើយ ។
ការអានរបស់សិស្ស
-
នីហ្វៃទី១ ៦:៤, យ៉ាកុប ១:៧, អោមណៃ ១:២៦, នីហ្វៃទី៣ ៩:១៣–១៤, មរ៉ូណៃ ៧:១៨–២៦, ១០:៣–៥, ៣០, ៣២–៣៣ ។
-
«A Christ-Centered Life» ជំពូកទី ២៤ នៅក្នុង Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ២៩៧-៣០៦ ។