ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២២ ៖ « ដូចជា​យើង »


មេរៀន​ទី ២២

« ដូចជា​យើង »

សេចក្ដីផ្ដើម

ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​អញ្ជើញ​ពួក​សិស្ស​ទ្រង់​ឲ្យ​ធ្វើ​តាម​គំរូ​ទ្រង់ ។ ដោយ​ការសិក្សា​គោលការណ៍​ទាំងឡាយ ដែល​ទ្រង់​បាន​បង្រៀន​ដល់​ពួក​សាសន៍​នីហ្វៃ នៅឯ​ព្រះវិហារ​បរិសុទ្ធ​នៅ​ដែនដី​បរិបូរ នោះ​យើង​អាច​រៀន​ពី​របៀប​ដើម្បី​ក្លាយ​ដូច​ជា​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​បាន​អធិស្ឋាន​ថា អ្នក​ទាំងអស់​ដែល​ជឿ​លើ​ទ្រង់ អាច​ដក​ពិសោធន៍​នូវ​ការរួបរួម​នឹង​ទ្រង់ និង​ព្រះវរបិតាសួគ៌​យើង ។ មេរៀន​នេះ គឺ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វី ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ក្លាយ​កាន់តែ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ។

ការអាន​ពី​សាវតា

  • ហិនរី ប៊ី អាវរិង «Our Perfect Example» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៧០–៧៣ ។

  • លីន ជី រ៉ូប៊ីនស៍ «What Manner of Men and Women Ought Ye to Be?» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១០៣–៥ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី៣ ២៧:២១-២២, ២៧

ការក្លាយ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ

សូម​ចាប់​ផ្ដើម​ថ្នាក់ ដោយ​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ពី​អែលឌើរ លីន ជី រ៉ូប៊ីនស៍ នៃ​គណៈប្រធាន​ពួក​ចិតសិបនាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

អែលឌើរ លីន ជី រ៉ូប៊ីនស៍

« ពួក​យើង​ជា​ច្រើន​បង្កើត​បញ្ជី​ត្រូវធ្វើ ដើម្បី​រំឭក​យើង​ពី​ការណ៍​ទាំងឡាយ​ដែល​យើង​ចង់​សម្រេច​បាន ។ តែ​មនុស្ស​កម្រ​នឹង​មាន​បញ្ជី​ត្រូវ​ប្រែ​ក្លាយ​ជា ណាស់ ។ ហេតុអ្វី ? ត្រូវធ្វើ គឺជា​សកម្មភាព ឬ​ព្រឹត្តិការណ៍​នានា​ដែល​អាច​គូស​ចេញ​ពី​បញ្ជី ពេល​ធ្វើ​រួច​ហើយ ។ ទោះជា​យ៉ាង​ណា ត្រូវ​ប្រែក្លាយ​ជា គឺ​មិន​ដែល​ធ្វើ​ហើយ​នោះ​ទេ ។ អ្នក​មិន​អាច​ទទួល​បាន​គំនូស​គូសចេញ ជាមួយ​បញ្ជី​ត្រូវ​ប្រែក្លាយ​ជា ឡើយ ។ ខ្ញុំ​អាច​នាំ​ភរិយា​ខ្ញុំ​ទៅ​ក្រៅ​នា​រាត្រី​ថ្ងៃ​សុក្រ​ដ៏​ស្រស់​ស្អាត​មួយ ដែល​ជា​បញ្ជី​ត្រូវធ្វើ ។ តែ​ត្រូវ​ប្រែក្លាយ​ជា​ស្វាមី​ដ៏​ល្អ​ម្នាក់ មិន​មែន​ជា​ព្រឹត្តិការណ៍​មួយ​ទេ វា​ត្រូវការ​ផ្នែក​ត្រូវ​ប្រែក្លាយ​ជា​នៃ​ធម្មជាតិ​របស់​ខ្ញុំ—ចរិត​លក្ខណៈ​របស់​ខ្ញុំ ឬ​មនុស្ស​ដែល​ខ្ញុំ​ប្រែក្លាយ​ជា​នោះឯង » ( «What Manner of Men and Women Ought Ye to Be?» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១០៤ ) ។

  • តើ​អ្នក​គិត​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ក្លាយ​ជា​អ្វី ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី៣ ២៧:២១-២២, ២៧ ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​ការណែនាំ ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ដល់​ពួក​សិស្ស​សាសន៍​នីហ្វៃ​របស់​ទ្រង់ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ និង​ប្រែក្លាយ​ជា​អ្វី ? ( សូម​សរសេរ​សេចក្តី​ពិត​តទៅ​នេះ​នៅលើ ក្ដារខៀន ៖ ព្រះអម្ចាស់​សុំ​ពួក​សិស្ស​ទ្រង់​ឲ្យ​ធ្វើ​កិច្ចការ​ទ្រង់ ហើយ​ក្លាយ​ដូច​ជា​ទ្រង់ ) ។

  • តើ​អ្នក​គិត​ថា យើង​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

  • តើ​កិច្ចការ​ទ្រង់​អ្វី​ខ្លះ ដែល​អ្នក​បាន​មាន​លទ្ធភាព​ធ្វើ​បាន ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​ការបង្រៀន​នៃ ព្រះគម្ពីរ​មរមន អាច​ជួយ​យើង​ឲ្យ​ក្លាយ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​ពី​ការសរសេរ​ចម្លើយ​របស់​សិស្ស​ដាក់​លើ​ក្ដារខៀន ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ការសិក្សា​ព្រះគម្ពីរ​មរមន និង​ការអនុវត្ត​ការបង្រៀន​របស់​វា នឹង​ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ។

នីហ្វៃទី៣ ១២:១–១៦, ៤៣–៤៥, ១៣:១, ៥–៧, ១៦–១៨, ២២–២៤, ៣៣, ១៤:១–៥, ២១–២៧

ទេសនកថា​របស់​ព្រះគ្រីស្ទ នៅឯ​ព្រះវិហារ​បរិសុទ្ធ​នៅ​ដែនដី​បរិបូរ បង្រៀន​យើង​ពី​របៀប​ដើម្បី​ក្លាយ​ដូច​ជា​ទ្រង់

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« បុគ្គល​នោះ​គឺ​ជា​បុគ្គល​ឆ្នើម​ជាង​គេ ហើយ​មាន​ពរ និង​អំណរ​បំផុត ពេល​ជីវិត​រស់នៅ​ស្ទើរតែ​ជិត​ដូច​នឹង​គំរូ​របស់​ព្រះគ្រីស្ទ ។ នេះ​គឺ​មិន​ទាក់ទង​អ្វី​ទៅ​នឹង​ទ្រព្យសម្បត្តិ អំណាច ឬ​កិត្តិនាម​ខាង​លោកិយ​នោះ​ទេ ។ ការសាកល្បង​ដ៏​ពិត​តែ​មួយ​គត់​នៃ​ភាពអស្ចារ្យ ភាពមានពរ និង​ភាពពោរពេញ​ដោយ​អំណរ គឺ​ថា​តើ​ជីវិត​មនុស្ស​ម្នាក់​ក្លាយ​ដូច​ជា​លោកគ្រូ គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​ច្រើន​ប៉ុណ្ណា ។ ទ្រង់​គឺជា​មាគ៌ា​ដ៏​ត្រឹមត្រូវ ជា​សេចក្ដីពិត​ដ៏​ពេញលេញ និង​ជា​ជីវិត​ដ៏​បរិបូរ » ( «Jesus Christ—Gifts and Expectations» Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ២ ) ។

  • យោង​តាម​ប្រធាន ប៊ែនសឹន តើ​អ្វី​កើតឡើង ពេល​យើង​ជ្រើសរើស​យក​ព្រះយេស៊ូវគ្រីស្ទ​ជា​គំរូ​សម្រាប់​ជីវិត​យើង ?

សូម​រំឭក​សិស្ស​ថា ពេល​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ បាន​យាង​មកឯ​ប្រជាជន​ទ្រង់​នៅឯ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ដែនដី​បរិបូរ ទ្រង់​បាន​ប្រទាន​ទេសនកថា​មួយ ដែល​ស្រដៀង​ទៅ​នឹង​ទេសនកថា​របស់​ទ្រង់​នៅលើ​ភ្នំ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ដែរ ។ គោលការណ៍​ដ៏​ពិសិដ្ឋ​ទាំងឡាយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅក្នុង​ទេសនកថា​នៅលើ​ភ្នំ និង​នៅឯ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ដែនដី​បរិបូរ ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ដូច​ជា​ទ្រង់ ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩-១៩៧៣ ) ៖ បើ​ចាំបាច់ សូម​ពន្យល់​ថា ពាក្យ ប្លង់ សំដៅ​ដល់​ផែនការ​ទាំងឡាយ​ដែល​ត្រូវបាន​ប្រើប្រាស់ ដើម្បី​សាងសង់​អគារ​មួយ ។

ប្រធាន ហារ៉ូល ប៊ី លី

« នៅក្នុង​ទេសនកថា​នៅលើ​ភ្នំ​របស់​ទ្រង់ លោកគ្រូ​បាន​ប្រទាន​ដល់​យើង​នូវ​អ្វី​ដែល​ជា​វិវរណៈ​នៃ​ចរិត​លក្ខណៈ​របស់​ទ្រង់​ផ្ទាល់ ដែល​ល្អ​ឥតខ្ចោះ … ហើយ​ដោយ​ការធ្វើ​ដូច្នោះ បាន​ផ្ដល់​ដល់​យើង​នូវ​ប្លង់​សម្រាប់​ជីវិត​យើង​ផ្ទាល់ » ( Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ ២០០០ ] ទំព័រ ២០០ ) ។

សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

នីហ្វៃទី៣ ១២:១-១២

នីហ្វៃទី៣ ១២:១៣-១៦, ៤៣-៤៥

នីហ្វៃទី៣ ១៣:១, ៥-៧, ១៦-១៨

នីហ្វៃទី៣ ១៣:២២-២៤, ៣៣

នីហ្វៃទី៣ ១៤:១-៥

នីហ្វៃទី៣ ១៤:២១-២៧

សូម​ចាត់​ឲ្យ​សិស្ស​ម្នាក់ៗ​អាន​មួយ​វគ្គ​បទគម្ពីរ ហើយ​រកមើល​គោលការណ៍​មួយ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ ឬ​គូស​ពណ៌​ចំណាំ​គោលការណ៍​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា ថា​តើ​ពួកគេ​មាន​ស្គាល់​នរណា​ម្នាក់ ដែល​ធ្វើ​ជា​គំរូ​អំពី​គោលការណ៍​ដែល​ពួកគេ​រកឃើញ​នោះ​ដែរ​ឬ​ទេ ។

បន្ទាប់ពី​ទុកពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ។ បើ​ចាំបាច់ ហើយ​បើ​មាន​ការបំផុស​ពី​ព្រះវិញ្ញាណ អ្នក​អាច​សួរ​សំណួរ​បន្ថែម​ទៀត​ដូច​ខាង​ក្រោម​នេះ ៖

  • តើ​ការរស់នៅ​តាម​គោលការណ៍​នេះ​ដោយ​ខ្ជាប់ខ្ជួន អាច​ជួយ​អ្នក​ឲ្យ​ក្លាយ​កាន់តែ​ដូច​ព្រះគ្រីស្ទ​យ៉ាង​ដូច​ម្ដេច​ដែរ ?

  • តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​អ្វីខ្លះ ដែល​បង្ហាញ​ពី​សារៈសំខាន់​នៃ​គោលការណ៍​ដែល​អ្នក​បាន​រកឃើញ​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​មួយ ដើម្បី​ក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ ដោយ​ការបញ្ចូល​គោលការណ៍​ទាំងនេះ​តែ​មួយ ឬ​ច្រើន​ជាង​នោះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

យ៉ូហាន ១៧:៩–១១, ២០–២៣, នីហ្វៃទី៣ ១៩:១៩–២៣, ២៨–២៩

ការក្លាយ​តែ​មួយ​ជាមួយ​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា

សូម​ពន្យល់​ថា អំឡុងពេល​នៃ​ការយាង​របស់​ទ្រង់​មកជួប​នឹង​ពួក​សាសន៍​នីហ្វៃ ព្រះយេស៊ូវគ្រីស្ទ​បាន​អធិស្ឋាន​សម្រាប់​ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់ ដែល​ទ្រង់​បាន​ជ្រើសរើស និង​សម្រាប់​អ្នក​ទាំងអស់​ណា​ដែល​ជឿ​លើ​ពាក្យ​សម្ដី​របស់​ពួកលោក ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​អាន​ចេញពី នីហ្វៃទី៣ ១៩:១៩-២៣, ២៨-២៩ ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​ពរជ័យ​ទាំងឡាយ ដែល​ព្រះយេស៊ូវ​បាន​អធិស្ឋាន​សូម ដែល​នឹង​ត្រូវ​ប្រទាន​ដល់​ពួកអ្នក​ទាំងឡាយ​ណា​ដែល​ជឿ​លើ​ទ្រង់ ។

  • តើ​គោលការណ៍​ណា​មួយ ដែល​យើង​អាច​រៀន​ចេញ​ពី​ការអធិស្ឋាន​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​យើង ដើម្បី​ក្លាយ​តែ​មួយ​ជាមួយ​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា ? ( សិស្ស​គួរតែ​រកឃើញ​គោលការណ៍​ដូច​តទៅ​នេះ ៖ តាមរយៈ​សេចក្ដី​ជំនឿ យើង​អាច​បាន​បរិសុទ្ធ ហើយ​ក្លាយ​តែមួយ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ ដូចជា​ទ្រង់​គឺ​តែ​មួយ​ជាមួយ​នឹង​ព្រះវរបិតា​ដែរ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​ទៀត​ពី​គោលការណ៍​នេះ សូម​ពន្យល់​ថា ការអធិស្ឋាន​ស្រដៀង​គ្នា​ទៅ​នឹង​ការអធិស្ឋាន​មួយ​ដែល​ព្រះគ្រីស្ទ​បាន​អធិស្ឋាន នៅឯ​ព្រះវិហារ​បរិសុទ្ធ ក្នុង​ដែនដី​បរិបូរ គឺ​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ សូម​ឲ្យ​សិស្ស​ធ្វើ​បទគម្ពីរ​យោង​ខគម្ពីរ​ទាំងនេះ ជាមួយ​នឹង យ៉ូហាន ១៧:៩-១១, ២០-២៣ ។ សូម​អញ្ជើញ​ពួកគេ​អាន​ខគម្ពីរ​ដោយ​ស្ងៀមស្ងាត់ ហើយ​ពិចារណា​ពី​របៀប​ដែល​វា​ត្រូវ​នឹង​យើង ។

  • តើ​វា​ជះ​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​អ្នក ដែល​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា​ដើម្បី​អ្នក ?

  • តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​យើង​អាច​ដក​ពិសោធន៍​នូវ​ការរួបរួម​ដែល​មាន​រវាង​ព្រះវរបិតា និង​ព្រះរាជបុត្រា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​ក្លាយ​ជា​តែមួយ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ព្រះយេស៊ូវ​បាន​សម្រេច​នូវ​ការរួបរួម​យ៉ាង​ឥត​ខ្ចោះ​ជាមួយ​នឹង​ព្រះវរបិតា ដោយ​ការចុះចូល​អង្គ​ទ្រង់ ទាំង​សាច់ឈាម និង​វិញ្ញាណ ទៅតាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា ។ ការបម្រើ​របស់​ទ្រង់ តែងតែ​ផ្ដោត​ព្រះទ័យ​ទុក​ដាក់​យ៉ាង​ច្បាស់ ពីព្រោះ​គ្មាន​គំនិត ឬ​បំណង​ប្រាថ្នា​ណា ដែល​មិន​ស្រប​នឹង​ព្រះវរបិតា ដែល​នឹង​បណ្ដាល​ឲ្យ​រំខាន​ដល់​ទ្រង់​ឡើយ ។ ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ពី​ព្រះវរបិតា​របស់​ទ្រង់​ថា ‹ ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ជា​ដរាប › ( យ៉ូហាន ៨:២៩ ) ។ …

« ប្រាកដ​ណាស់ យើង​នឹង​មិន​មែន​តែ​មួយ​ជាមួយ​ព្រះ និង​ព្រះគ្រីស្ទ​ទេ រហូត​ទាល់តែ​យើង​ធ្វើ​ឲ្យ​ព្រះឆន្ទៈ និង​ចំណាប់​អារម្មណ៍​របស់​ទ្រង់​ក្លាយជា​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​បំផុត​របស់​យើង​សិន ។ ការចុះចូល​បែបនេះ​ពុំអាច​សម្រេច​បាន​ក្នុង​ពេល​មួយ​ថ្ងៃ​នោះ​ឡើយ ប៉ុន្តែ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ដំណើរការ​នៃ​ពេលវេលា នោះ​ព្រះអម្ចាស់​នឹង​ណែនាំ​យើង រហូត​ទាល់តែ​អាច​និយាយ​បាន​យ៉ាង​ប្រាកដ​ថា ទ្រង់​គឺ​នៅក្នុង​យើង ដូចជា​ព្រះវរបិតា​នៅក្នុង​ទ្រង់​ដែរ » ( «That They May Be One in Us» Ensign ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧២–៧៣ ) ។

  • យោង​តាម​អែលឌើរ គ្រីស្តូហ្វឺសិន តើ​យើង​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​បាន​ក្លាយ​ជា​តែ​មួយ​ជាមួយ​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា ?

សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរបី​នាទី​សរសេរ​ចម្លើយ​របស់​ខ្លួន ៖

តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​ថា ទ្រង់​បាន​ចុះចូល​យ៉ាង​ល្អឥតខ្ចោះ​ទៅ​នឹង​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ?

តើ​អ្នក​អាច​ចុះចូល​ទៅ​នឹង​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​ឲ្យ​កាន់តែ​ខ្លាំងឡើយ ដោយ​របៀប​ណា​ខ្លះ ?

សូម​បញ្ចប់​មេរៀន​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ការចុះចូល​នឹង​ព្រះឆន្ទៈ​របស់​ព្រះវរបិតា ធ្វើ​ឲ្យ​យើង​អាច​ក្លាយ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។

ការអាន​របស់​សិស្ស