មេរៀនទី ២៥
ការរស់នៅដោយសុចរិតនៅក្នុងគ្រាទុច្ចរិត
សេចក្ដីផ្ដើម
ព្រះគម្ពីរមរមនកត់ត្រាអំពីការបំផ្លិចបំផ្លាញរបស់បុគ្គល និងសង្គមនានា ដែលឱបក្រសោបយកភាពទុច្ចរិត ហើយអនុញ្ញាតឲ្យមានបក្សព័ន្ធសម្ងាត់ ។ ជាមួយគ្នានោះដែរ ព្រះគម្ពីរមរមនក៍បង្រៀនថា យើងអាចរស់នៅដោយសុចរិត ថ្វីបើយើងកំពុងរស់នៅក្នុងបរិយាកាសដ៏ទុច្ចរិតក៏ដោយ ។ នៅក្នុងមេរៀននេះ សិស្សនឹងរៀនអំពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីបន្តមានភាពសុចរិតនៅក្នុងពិភពលោកសព្វថ្ងៃនេះ ។
ការអានពីសាវតា
-
ឃ្វីនថិន អិល ឃុក «Reaping the Rewards of Righteousness» Ensign ខែ កក្កដា ឆ្នាំ ២០១៥ ទំព័រ ៣៣-៣៩ ។
-
ដានីស ប៊ី នែនស្វាន់ឌើរ «One among the Crowd» Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ១០១-៣ ។
យោបល់សម្រាប់ការបង្រៀន
អាលម៉ា ៣៧:២១–២២, ២៥–២៧, ហេលេមិន ៦:២០–២៦, ៣៧–៤០, អេធើរ ៨:១៨–២៦ ។
បក្សព័ន្ធសម្ងាត់អាចបំផ្លិចបំផ្លាញសេរីភាព និងសង្គមបាន
សូមសរសេរឃ្លា ទឹកដីមារសត្រូវ នៅលើក្ដារខៀន ហើយសូមសួរសិស្សថា វាមានន័យយ៉ាងណា ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤-២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយអញ្ជើញសិស្សម្នាក់ឲ្យអានវាឮៗ ៖
« អ្នករាល់គ្នាដែលជាមនុស្សវ័យក្មេង ត្រូវបានចិញ្ចឹមបីបាច់ធំឡើងនៅក្នុងទឹកដីរបស់មារសត្រូវ ។ « យើងបានដឹងមកពីខគម្ពីរថា មានសង្គ្រាមមួយនៅឯស្ថានសួគ៌ ហើយថាលូស៊ីហ្វើរ បានបះបោរ ហើយអ្នកដែលដើរតាមវា ‹ ត្រូវបោះទំលាក់ទៅផែនដីវិញ › [វិវរណៈ ១២:៩] ។ វាបានតាំងចិត្តថាត្រូវរំខានផែនការរបស់ព្រះវរបិតាសួគ៌របស់យើង ហើយព្យាយាមគ្រប់គ្រងគំនិត និងទង្វើរបស់មនុស្សទាំងអស់ » ( «Counsel to Youth»Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៦ ) ។
-
តើការរស់នៅគ្រានេះ ដូចជាស្ថិតនៅក្នុងទឹកដីរបស់មារសត្រូវតាមរបៀបណា ?
សូមពន្យល់ថា មេរៀននេះនឹងពិនិត្យមើលទៅលើការពិពណ៌នាក្នុងព្រះគម្ពីរមរមនអំពីបរិយាកាសដ៏ទុច្ចរិតដែលបុគ្គលសុចរិតមួយចំនួនបានរស់នៅក្នុងនោះ ។ សូមអញ្ជើញសិស្សឲ្យរកមើលគោលការណ៍ និងគោលលទ្ធិទាំងឡាយ ដែលពួកគេអាចអនុវត្តបាន នៅពេលពួកគេសិក្សាពីគំរូទាំងឡាយរបស់បុគ្គលនានាដែលបន្តមានភាពស្មោះត្រង់ ទោះត្រូវហ៊ុំព័ទ្ធដោយភាពទុច្ចរិតក៏ដោយនោះ ។
សូមរំឭកសិស្សថា មរ៉ូណៃបានឃើញពីការបំផ្លិចបំផ្លាញនៃអារ្យធម៌សាសន៍នីហ្វៃទាំងមូល ។ លោកបានពិពណ៌នាពីភាពទុច្ចរិតដែលដឹកនាំមនុស្សទៅកាន់ការបំផ្លិចបំផ្លាញនៃសាសន៍នីហ្វៃ និងសាសន៍យ៉ារេឌ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន អេធើរ ៨:១៨ និង ២១ ឮៗ ខណៈដែលសិស្សក្នុងថ្នាក់រកមើលបុព្វហេតុនៃការបំផ្លិបំផ្លាញនេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ។
សូមសរសេរបទគម្ពីរយោង និងសំណួរខាងក្រោមនៅលើក្ដារខៀន ៖
សូមឲ្យសិស្សអានវគ្គបទគម្ពីរមួយនៃវគ្គបទគម្ពីរទាំងឡាយនៅលើក្ដារខៀន ហើយរកមើលចម្លើយចំពោះសំណួរដែលមានរាយនៅលើនោះ ។ សូមប្រាប់សិស្សថា វគ្គបទគម្ពីរដែលពួកគេជ្រើសរើស អាចនឹងពុំឆ្លើយសំណួរទាំងបីនេះទេ តែពួកគេគួរតែស្វែងរកអ្វីដែលពួកគេអាចរកបាន ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមពិភាក្សាសំណួរទាំងនោះដែលនៅលើក្ដារខៀនជាមួយគ្នាក្នុងថ្នាក់ ។ បន្ទាប់មក សូមពិភាក្សាសំណួរខាងក្រោមនេះ ៖
-
ចេញពីអ្វីដែលអ្នកអាន តើអ្វីជាលទ្ធផលនៃការអនុញ្ញាតឲ្យមានបក្សព័ន្ធសម្ងាត់ ហើយរីកសាយភាយឡើង ? ( សិស្សគួរតែរកឃើញគោលការណ៍ដូចតទៅនេះ ៖ បក្សព័ន្ធសម្ងាត់អាចបំផ្លិចបំផ្លាញសេរីភាព រដ្ឋាភិបាល និងសង្គមបាន ) ។
-
តើអ្នកគិតថា អ្វីខ្លះជាគំរូមួយចំនួននៃប័ក្សព័ន្ធសម្ងាត់នៅក្នុងជំនាន់របស់យើងនេះ ?
ដើម្បីជួយឆ្លើយសំណួរនេះ សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងប្រធាន ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩-១៩៩៤ ) ។ សូមឲ្យសិស្សម្នាក់អានវាឮៗ ។
« ក្នុងចំណោមបក្សព័ន្ឋសម្ងាត់បច្ចុប្បន្ន គឺក្រុមក្មេងពាល ការជួញដូរគ្រឿងញៀន និងក្រុមឧក្រិដ្ឋជនដែលបានបង្កើតឡើង ។ បក្សព័ន្ឋសម្ងាត់ក្នុងសម័យយើងសព្វថ្ងៃ មានមុខងារដូចគ្នាខ្លាំងណាស់ទៅនឹងពួកចោរកាឌីអានតុននៃសម័យកាលព្រះគម្ពីរមរមន ។ … ក្នុងចំណោមគោលបំណងរបស់វាគឺដើម្បី ‹ ធ្វើឃាត និង ប្លន់ និង លួច និង ប្រព្រឹត្តអំពើសហាយស្មន់ និង អំពើទុច្ចរិតគ្រប់បែបយ៉ាង ដែលផ្ទុយនឹងក្រឹត្យវិន័យនៃប្រទេសខ្លួន និង ក្រឹត្យវិន័យនៃព្រះរបស់គេផង › [ ហេលេមិន ៦:២៣ ] ( M. Russell Ballard, «Standing for Truth and Right,» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ទំព័រ ៣៨ ) ។
« ខ្ញុំសូមថ្លែងទីបន្ទាល់ថា ភាពទុច្ចរិតគឺកំពុងតែរីករាលដាលយ៉ាងលឿន នៅក្នុងគ្រប់ស្រទាប់នៃសង្គមរបស់យើង ។ ( សូមមើល គ. និង ស. ១:១៤–១៦; ៨៤:៤៩–៥៣ ) ។ វាត្រូវបានបង្កើតឡើងយ៉ាងខ្ពង់ខ្ពស់ កាន់តែលាក់កំបាំងយ៉ាងឈ្លាសវៃ ហើយត្រូវបានលើកតម្កើងពោរពេញដោយអំណាចជាងពេលពីមុនទៅទៀត ។ ភាពត្រេកត្រអាលរបស់បក្សព័ន្ធសម្ងាត់ដែលចង់បានអំណាច កម្រៃ និងភាពរុងរឿងគឺកំពុងតែរីកដុះដាល ។ … ( សូមមើល អេធើរ ៨:១៨–២៥ ) » ( Ezra Taft Benson, «I Testify» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ទំព័រ ៨៧ ) ។
-
តើអ្នកគិតថា ហេតុអ្វីពួកព្យាការីក្នុងព្រះគម្ពីរមរមនបានរួមបញ្ចូលព័ត៌មានអំពីប័ក្សព័ន្ធសម្ងាត់នៅក្នុងបញ្ជីរបស់ពួកលោក ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ហេលេមិន ៦:២០, ៣៧-៤០ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលភាពផ្ទុយគ្នារវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ។ ( កំណត់ចំណាំ ៖ ( ការប្រៀបធៀប និងការធ្វើឲ្យឃើញភាពផ្ទុយ គឺជាជំនាញសិក្សាព្រះគម្ពីរមួយ ដែលអ្នកអាចសង្កត់ធ្ងន់នៅក្នុងមេរៀននេះ [ សូមមើល ការបង្រៀន និងការរៀនសូត្រដំណឹងល្អ ៖ ក្បួនខ្នាតសម្រាប់គ្រូបង្រៀន និងអ្នកដឹកនាំថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថានសាសនា ( ឆ្នាំ ២០១២ ) ទំព័រ ២២ ] ) ។
-
តើយើងអាចរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ អំពីរបៀបកម្ចាត់ចោលនូវភាពទុច្ចរិត និងបក្សព័ន្ធសម្ងាត់ ?
អាលម៉ា ៦២:៤១, នីហ្វៃទី៤ ១:៤២, មរមន ១:១៣–១៧, ១៩, ២:៨, ១៤–១៥, ១៨–១៩, ៣:២–៣, ១២, ២២, មរ៉ូណៃ ៩:៦, ២២, ២៥–២៦
ការបន្តមានភាពសុចរិតខណៈហ៊ុំព័ទ្ធដោយភាពទុច្ចរិត
សូមប្រាប់សិស្សថា ព្យាការីមរមនបានកើតមកក្នុងបរិយាកាសដែលភាពទុច្ចរិតកំពុងកើនឡើង ដែលនាំមកដោយពួកបក្សព័ន្ធសម្ងាត់ទាំងនេះ ។ សូមឲ្យសិស្សសិក្សាវគ្គបទគម្ពីរខាងក្រោមនេះ ហើយរកមើល និងគូសចំណាំការពិពណ៌នាអំពីបរិយាកាសរបស់មរមន ។ មរមន ១:១៣–១៤, ១៦–១៧, ១៩, ២:៨, ១៤–១៥, ១៨ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ហើយបន្ទាប់មកសូមសួរ ៖
-
តើកង្វល់អ្វីខ្លះដែលអ្នកមានអំពីការរស់នៅក្នុងបរិយាកាសបែបនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន មរមន ១:១៥ និង ២:១៩ ឮៗ ។
-
តើយើងអាចរៀនអ្វី ចេញពីគំរូរបស់មរមន អំឡុងពេលដ៏ទុច្ចរិតនេះ ? ( ពេលសិស្សឆ្លើយ សូមសរសេរសេចក្ដីពិតដូចតទៅនេះនៅលើក្ដារខៀន ៖ យើងអាចរស់នៅដោយសុចរិត សូម្បីតែពេលដែលយើងត្រូវបានហ៊ុំព័ទ្ធដោយភាពទុច្ចរិតក៏ដោយ ) ។
សូមទុកពេលឲ្យសិស្សដើម្បីអាន មរមន ៣:២-៣, ១២, ២២ ដើម្បីមើលពីអ្វីផ្សេងទៀតដែលពួកគេអាចរៀន អំពីរបៀបដែលមរមនអាចរស់នៅដោយសុចរិតនៅក្នុងគ្រាដ៏ទុច្ចរិតនោះ ។ បន្ទាប់ពីសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀនរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើនរណាផ្សេងទៀត នៅក្នុងគម្ពីរមរមន ដែលជាគំរូអំពីការរស់នៅដោយសុចរិតខណៈដែលត្រូវបានហ៊ុំព័ទ្ធដោយភាពទុច្ចរិតនោះ ? ( ចម្លើយអាចរួមមាន អេធើរ មរ៉ូណៃ អ័ប៊ីស និងមនុស្សដែលបានជឿថា ព្រះគ្រីស្ទនឹងប្រសូត្រមក ដូចដែលមានកត់ត្រានៅក្នុង នីហ្វៃទី៣ ១ ) ។
-
តើឧបសគ្គអ្វីខ្លះ ដែលយើងប្រឈមមុខជាមួយ ពេលយើងពុះពារព្យាយាមដើម្បីរស់នៅដោយសុចរិត នៅក្នុងពិភពលោកដ៏ទុច្ចរិតមួយនោះ ?
សូមរំឭកសិស្សថា មរ៉ូណៃ ជាកូនប្រុសរបស់មរមន បានរស់នៅអំឡុងពេលដែលមានភាពទុច្ចរិតដ៏រីកសុះសាយដូចគ្នានេះដែរ ។ មុនពេលការស្លាប់របស់លោក មរមនបានសរសេរលិខិតមួយច្បាប់ទៅកាន់មរ៉ូណៃ ដែលមានកត់ត្រាទុកនៅក្នុង មរ៉ូណៃ ៩ ។ សូមឲ្យសិស្សម្នាក់អាន មរ៉ូណៃ ៩:៦, ២២, ២៥–២៦ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យពិចារណា ពីរបៀបដែលដំបូន្មានរបស់មរមននៅក្នុងខគម្ពីរទាំងនេះ អាចជួយយើងឲ្យរស់នៅដោយសុចរិតនៅក្នុងពិភពលោកដ៏ទុច្ចរិតមួយ ។
-
តើយើងអាចរៀនអ្វីខ្លះពីខគម្ពីរទាំងនេះ ដែលនឹងជួយយើងឲ្យរស់នៅដោយសុចរិតនៅក្នុងពិភពលោកសព្វថ្ងៃនេះ ? ( សូមជួយសិស្សឲ្យយល់ពីគោលការណ៍ដែលមានដូចតទៅនេះ ៖ បើយើងមានសេចក្ដីជំនឿលើព្រះគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ នោះយើងនឹងមានកម្លាំងដើម្បីរស់នៅដោយសុចរិត ទោះបីត្រូវបានហ៊ុំព័ទ្ធដោយភាពទុច្ចរិតក៏ដោយ ) ។
-
តើគំរូអ្វីខ្លះ ដែលអ្នកបានឃើញអំពីការរស់នៅដោយសុចរិតនៅកណ្ដាលភាពទុច្ចរិតនៅសព្វថ្ងៃនេះ ?
-
តើការផ្ដោតលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់បានជួយអ្នកឲ្យក្រោកឡើងខ្ពស់ជាងស្ថានភាពទុច្ចរិត និងពិបាកៗយ៉ាងណា ?
សូមចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដែលថ្លែងដោយបងស្រី វីជីនញៀ យូ ជិនសិន ជាអតីតទីប្រឹក្សាក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ ដើម្បីជួយសិស្សអ្នកឲ្យពិចារណាថា មានអ្វីផ្សេងទៀតដែលពួកគេអាចធ្វើបាន ដើម្បីឈរយ៉ាងរឹងមាំនៅក្នុងសេចក្ដីជំនឿ និងសុចរិតភាព ៖
« ដើម្បីបន្តជំហរដ៏រឹងមាំមួយសម្រាប់ខ្លួនយើង ហើយជួយអ្នកផ្សេងទៀតឲ្យឈររឹងមាំដែរ នោះសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញ ត្រូវតែបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងដួងចិត្តយើង ហើយត្រូវបានបង្រៀននៅក្នុងគេហដ្ឋានរបស់យើង ។ … បង្រៀនមនុស្សជាទីស្រឡាញ់របស់អ្នក ពីរបៀបដើម្បីទាញយកអំណាចទាំងឡាយនៃស្ថានសួគ៌ តាមរយៈការតមអាហារ និងការអធិស្ឋាន ។ បង្រៀនពួកគេថា ការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ នឹងបំបែកពួកគេចេញពីលោកិយ ។ សូមបង្រៀនពួកគេឲ្យគោរពប្រតិបត្តិ ។ បង្រៀនពួកគេឲ្យស្វែងរកការយល់ព្រមពីព្រះ មិនមែនពីមនុស្សទេ ។ បង្រៀនពួកគេថា ផ្លូវតែមួយគត់ដើម្បីត្រឡប់ទៅកាន់គេហដ្ឋានរបស់ព្រះវរបិតាវិញ គឺដោយការស្រឡាញ់ និងធ្វើតាមព្រះអង្គសង្គ្រោះ ព្រមទាំងដោយការធ្វើ និងកាន់តាមសេចក្ដីសញ្ញា និងព្រះបញ្ញត្តិដ៏ពិសិដ្ឋ ។ សេចក្ដីពិតនៃដំណឹងល្អ និងការចេះដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ គឺជាអាវុធដែលសមាជិកគ្រួសារអ្នកអាចប្រើប្រាស់ដើម្បីបានជ័យជំនះលើកម្លាំងដ៏អាក្រក់របស់សាតាំង » ( «Stand Firm» Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ៩៤ ) ។
-
តើអ្វីដែលបានផ្ដល់ដល់អ្នកនូវការតាំងចិត្ត និងកម្លាំង ដើម្បីគោរពប្រតិបត្តិដល់ព្រះអម្ចាស់ នៅក្នុងពិភពលោកដ៏ទុច្ចរិតដែលរីករាយដាលនេះ ?
សូមពន្យល់ថា អំឡុងពេលសង្គ្រាមដ៏យូរ រវាងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ដែលមានកត់ត្រានៅក្នុងគម្ពីរអាលម៉ា នោះបុគ្គលទាំងឡាយបានក្រោកឈរប្រឆាំងនឹងកម្លាំងនៃមនុស្សអាក្រក់ ដើម្បីរក្សាជីវិតរបស់ខ្លួន ។ សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ៦២:៤១ ហើយរកមើលរបៀបផ្ទុយគ្នានានា ដែលបុគ្គលទាំងឡាយបានឆ្លើយតបទៅនឹងមារសត្រូវ និងទុច្ចរិតភាព ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ដែលអាចជួយពួកគេឲ្យរស់នៅដោយសុចរិតនៅក្នុងពិភពលោកដ៏ទុច្ចរិតមួយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវ សេចក្ដីថ្លែងការណ៍ខាងក្រោម ដែលបានថ្លែងដោយប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០-២០០៧ ) នៃគណៈប្រធានទីមួយ ទាក់ទងនឹងវគ្គបទគម្ពីរនេះ ៖
« នៅក្នុងពិភពលោកដែលភាពអយុត្តិធម៌កំពុងកើនឡើង ដើម្បីរស់រានមានជីវិត ឬសូម្បីតែដើម្បីស្វែងរកសុភមង្គល ឬអំណរ មិនថាមានអ្វីកើតឡើងក៏ដោយ នោះយើងត្រូវតែធ្វើឲ្យជំហររបស់យើងមានភាពច្បាស់លាស់ជាមួយនឹងព្រះអម្ចាស់ ។ យើងត្រូវព្យាយាមស្មោះត្រង់គ្រប់ពេលទាំងអស់ជារៀងរាល់ថ្ងៃ ដើម្បីឲ្យគ្រឹះនៃសេចក្ដីទុកចិត្តរបស់យើងទៅលើព្រះអម្ចាស់ នឹងមិនដែលរង្គោះរង្គើឡើយ ។ …
« អ្វីដែលកើតឡើងចំពោះយើងគឺមិនណាស់ណាទេ តែរបៀបដែលយើងដោះស្រាយជាមួយអ្វីដែលកើតឡើងចំពោះយើងនោះទេដែលវាសំខាន់នោះ ។ វារំឭកខ្ញុំពីវគ្គបទគម្ពីរនៅក្នុងគម្ពីរអាលម៉ា ។ បន្ទាប់ពីសង្គ្រាមដ៏យូរ ‹ នោះមនុស្សជាច្រើនបានក្លាយជារឹងទទឹង › ខណៈដែល ‹ មនុស្សជាច្រើនមានចិត្តទន់ភ្លន់ មកពីសេចក្ដីទុក្ខវេទនាទាំងឡាយរបស់គេ › [ អាលម៉ា ៦២:៤១ ] ។ កាលៈទេសៈដូចគ្នាបង្កើតនូវផលពីរផ្ទុយគ្នា ។ … យើងម្នាក់ៗត្រូវការមានឃ្លាំងនៃសេចក្ដីជំនឿផ្ទាល់របស់យើង ដើម្បីជួយយើងឲ្យក្រោកឡើងឲ្យខ្ពស់ជាងបញ្ហានានាដែលជាផ្នែកនៃជីវិតសាកល្បងដែលរមែងស្លាប់នេះ » ( «Where Do I Make My Stand?» Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ១៨, ២០ ) ។
សូមឲ្យសិស្សចំណាយពេលពីរបីនាទី ដើម្បីសរសេរចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
-
តើការតាំងចិត្តអ្វីខ្លះ ដែលអ្នកបានធ្វើ ដើម្បីឈរដោយ « មានភាពច្បាស់លាស់ជាមួយនឹងព្រះអម្ចាស់» ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិត អំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកបានទទួលការបំផុសគំនិតអ្វីខ្លះពីព្រះវិញ្ញាណ ទាក់ទងនឹងរបៀបដែលអ្នកអាចមានការតាំងចិត្តកាន់តែខ្លាំងចំពោះព្រះអម្ចាស់ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយសមាជិកក្រុមគ្រួសាររបស់អ្នក ឲ្យមានការតាំងចិត្តកាន់តែខ្លាំងចំពោះព្រះអម្ចាស់ ?
សូមថ្លែងទីបន្ទាល់ថា ពេលយើងខិតខំព្យាយាមនៅក្នុងសេចក្ដីជំនឿ នោះព្រះអម្ចាស់នឹងប្រទានពរយើង ហើយជួយយើងឲ្យរស់នៅដោយសុចរិតនៅកណ្ដាលភាពទុច្ចរិត ។
ការអានរបស់សិស្ស
-
អាលម៉ា ៣៧:២១–២២, ២៥–២៧, ៦២:៤១, ហេលេមិន ៦:២០–២៦, ៣៧–៤០, នីហ្វៃទី៤ ១:៤២, មរមន ១:១៣–១៧, ១៩, ២:៨, ១៤–១៥, ១៨–១៩, ៣:២–៣, ១២, ២២, អេធើរ ៨:១៨–២៦, មរ៉ូណៃ ៩:៦, ២២, ២៥–២៦ ។
-
ឃ្វីនថិន អិល ឃុក «Reaping the Rewards of Righteousness» Ensign ខែ កក្កដា ឆ្នាំ ២០១៥ ទំព័រ ៣៣-៣៩ ។