ច្រូតកាត់ រង្វាន់នៃ សេចក្ដីសុចរិត
ដកស្រង់ចេញពីសុន្ទរកថាមួយ ដែលមានចំណងជើងថា « រង្វាន់នៃសេចក្ដីសុចរិត » ដែលបានធ្វើឡើងនៅសន្និសីទស្ត្រីសាកលវិទ្យាល័យព្រិកហាំ យ៉ង់ កាលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ ។
គ្មានការណ៍ល្អណាដែលនឹងត្រូវដកហូតពីពួកអ្នកទាំងឡាយដែលដើរដោយត្រង់នោះឡើយ ។
ផែនដីគឺពិតជាត្រូវចលាចល ( សូមមើល គ. និង ស. ៤៥:២៦ ) ។ ឧបសគ្គរបស់យើងជាច្រើនគឺខាងវិញ្ញាណ ។ វាគឺជាបញ្ហាខាងសង្គម ដែលយើងម្នាក់ៗ ពុំអាចដោះស្រាយវាជាចាំបាច់ឡើយ ។ យ៉ាងណាក៏ដោយ មាននូវរង្វាន់សមហេតុផលដែលយើង អាច សម្រេចបានក្នុងនាមជាបុគ្គល សូម្បីតែនៅគ្រាមួយដែលសេចក្ដីសុចរិតនៅជុំវិញពិភពលោកស្ថិតនៅក្នុងការចុះអន់ថយក៏ដោយ ។
គំនិតនៃ « រង្វាន់នៃសេចក្ដីសុចរិត » នេះ គឺជាគំនិតមួយដែលស្ថិតនៅក្រោមការឡោមព័ទ្ធនៅក្នុងពិភពលោកសព្វថ្ងៃនេះ ។ ការធ្វើឲ្យមនុស្សជឿជាក់ក្នុងការជ្រើសរើសសេចក្ដីសុចរិតគឺជាឧបសគ្គមួយដែលមានយូរលង់ណាស់មកហើយ ។ « មនុស្សខាងសាច់ឈាមគឺជាសត្រូវដល់ព្រះ » ( ម៉ូសាយ ៣:១៩ ) ។ វាតែងតែមាន « ការផ្ទុយចំពោះរឿងសព្វសារពើ » ( នីហ្វៃទី២ ២:១១ ) ។
ភាពខុសគ្នានៅសព្វថ្ងៃនេះគឺ « អគារដ៏ខ្ពស់ ហើយទូលាយនោះ » ( នីហ្វៃទី១ ៨:៣១ ) អ្នកជំទាស់សង្ស័យគឺដំឡើងសម្លេងខ្លាំងឡើងៗ កាន់តែមានវិវាទច្រើនឡើង ហើយភាពអត់ឱនកាន់តែមានតិចជាងពេលណាណាទាំងអស់នៅក្នុងជីវិតរបស់ខ្ញុំ ។ ពួកគេបង្ហាញឲ្យឃើញពីសេចក្ដីជំនឿដ៏ទន់ខ្សោយរបស់ខ្លួន នៅពេលដែលជួបបញ្ហាជាច្រើន ដោយពួកគេមានកង្វល់ច្រើនអំពីការស្ថិតនៅខាងខុសនៃប្រវត្តិសាស្ត្រជាជាងការស្ថិតនៅខាងខុសពីព្រះ ។ មានពេលមួយ នៅពេលដែលមនុស្សភាគច្រើនបំផុតបានយល់ថា ពួកគេនឹងត្រូវបានជំនុំជម្រះដោយព្រះបញ្ញត្តិរបស់ព្រះ ពុំមែនដោយគំនិតជាទូទៅ ឬ ដោយទស្សនវិជ្ជាដ៏មានឥទ្ធិពលនៅជំនាន់នេះនោះទេ ។ អ្នកខ្លះខ្វល់ខ្វាយច្រើនចំពោះការត្រូវបានចំអកដោយអ្នកដទៃ ជាជាងអំពីការជំនុំជម្រះរបស់ព្រះលើពួកគេទៅវិញ ។
សង្គ្រាមរវាងល្អ និង អាក្រក់គឺមិនមែនជាអ្វីដែលថ្មីនោះទេ ។ ប៉ុន្តែសព្វថ្ងៃនេះ ភាគរយយ៉ាងខ្ពស់នៃមនុស្សបានសន្និដ្ឋានដោយខុសថា ពុំមាននូវបទដ្ឋានខាងសីលធម៌ និង សុចរិតមួយដែលមនុស្សត្រូវប្រកាន់ខ្ជាប់នោះទេ ។
ទោះជាយ៉ាងណាក៏ដោយ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពុំដែលមានសមាជិកដែលស្មោះត្រង់ច្រើនដូចសព្វថ្ងៃនេះឡើយ ។ សមាជិកនៃសាសនាចក្រ រួមគ្នាជាមួយអ្នកដទៃទៀតដែលមានគុណតម្លៃខាងសីលធម៌ស្រដៀងគ្នា តំណាងឲ្យកោះនៃសេចក្ដីជំនឿមួយនៅក្នុងសមុទ្រនៃសេចក្ដីសង្ស័យ និង គ្មានជំនឿ ។ យើងដឹង ដូចជាព្យាការីអាលម៉ាបានប្រកាសថា « សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ » ( អាលម៉ា ៤១:១០ ) ហើយថាផែនការរបស់ព្រះវរបិតាសម្រាប់បុត្រាបុត្រីទ្រង់គឺជា « ផែនការនៃសុភមង្គល » ( អាលម៉ា ៤២:៨, ១៦ ) ។
បំណងប្រាថ្នារបស់ខ្ញុំគឺដើម្បីផ្ដល់នូវយោបល់មួយចំនួនដែលអាចនឹងជួយអ្នកដោយផ្ទាល់ ឬ ក្រុមគ្រួសាររបស់អ្នកជារួម ដើម្បីយល់កាន់តែច្បាស់ និង កាន់តែសម្រេចបាននូវរង្វាន់នៃសេចក្ដីសុចរិត ។
វង្វាន់នៃជីវភាពខាងវិញ្ញាណ
« តើខ្ញុំអាចដាក់កង្វល់ខាងសម្ភារនៅក្នុងទស្សនវិស័យដ៏ត្រឹមត្រូវមួយយ៉ាងដូចម្ដេច នៅពេលដែលខ្ញុំព្យាយាមសម្រេចឲ្យបាននូវការរីកចម្រើនខាងវិញ្ញាណនោះ ? »
ប្រាកដណាស់ យើងគឺជាផ្នែកមួយនៃពិភពលោកនេះ ។ ទិដ្ឋភាពខាងសម្ភារនៃការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃគឺជាឧបសគ្គដ៏ពិតប្រាកដមួយ ។ សង្គមមានទំនោរមើលទៅអ្វីៗគ្រប់យ៉ាងតាមរយៈកែវភ្នែកនៃរង្វាន់ខាងលោកិយ ។
អារម្ភកថានៃគោលលទ្ធិ និង សេចក្ដីសញ្ញា លើកឡើងនូវគោលសំខាន់ៗនៃបញ្ហានេះ ដើម្បីព្រមានយើងអំពីគ្រោះថ្នាក់ទាំងឡាយ ផ្ដល់ដល់យើងនូវការណែនាំដើម្បីរៀបចំ និង ការពារខ្លួនយើងនាពេលឥឡូវនេះ និង នៅពេលអនាគត ហើយផ្ដល់ដល់យើងនូវការយល់ដឹងជ្រាលជ្រៅដ៏សំខាន់លើប្រធានបទនេះ ៖ « ពួកគេពុំស្វែងរកព្រះអម្ចាស់ ដើម្បីតាំងសេចក្ដីសុចរិតរបស់ទ្រង់ឡើយ ប៉ុន្តែមនុស្សគ្រប់រូបដើរតាមផ្លូវរបស់ខ្លួនគេផ្ទាល់ ហើយតាមរូបភាពនៃព្រះរបស់ខ្លួនគេផ្ទាល់ ដែលមានរូបភាពដូចជារូបរាងនៃលោកិយ ហើយសារជាតិដូចជារូបព្រះ » ( សូមមើល គ. និង ស. ១:១៦ ) ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បានបង្រៀនថា រូបព្រះអាចរួមមាន លិខិតតែងតាំងមុខតំណែង សញ្ញាបត្រ ទ្រព្យសម្បត្តិ ផ្ទះសម្បែង គ្រឿងសង្ហារឹម និង សម្ភារផ្សេងៗទៀត ។ លោកបានមានប្រសាសន៍ថា ពេលយើងលើកតម្កើងរបស់ដែលហាក់ដូចជាមានតម្លៃទាំងនេះ នៅក្នុងរបៀបមួយដែលធ្វើឲ្យបន្ថយនូវការថ្វាយបង្គំរបស់យើងចំពោះព្រះអម្ចាស់ និង បន្ទុចបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការស្ថាបនាឡើងនូវសេចក្ដីសុចរិតរបស់ទ្រង់ និង ក្នុងការធ្វើកិច្ចការនៃសេចក្ដីសង្គ្រោះក្នុងចំណោមបុត្រាបុត្រីរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ នោះយើងបានបង្កើតរូបព្រះទាំងឡាយនោះហើយ ។១
ពេលខ្លះកែវភ្នែកនៃលោកិយបណ្ដាលឲ្យយើងផ្ដោតទៅលើបញ្ហាទាំងឡាយដែលមិនសូវជារំភើបខ្លាំងដូចជាការស្វែងរកភោគទ្រព្យដ៏អស្ចារ្យនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏វាបាននាំយើងចេញពីការតាំងចិត្តដ៏ជ្រាលជ្រៅខាងវិញ្ញាណផងដែរ ។
ជាច្រើនឆ្នាំកន្លងទៅហើយ ខ្ញុំត្រូវបាននាំឲ្យស្គាល់ពីការតាំងបង្ហាញដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលមានឆាកពិសេសៗមួយចំនួន ។ ឆាកផ្សេងៗគ្នា បានដាក់តាំងនៅខាងក្រោមទង់ដ៏ធំមួយដែលមានសរសេរថា « ប្រសិនបើ ព្រះគ្រីស្ទយាងមកនៅរាត្រីនេះ តើទ្រង់នឹងយាងទៅរកអ្នកណា ? » បើខ្ញុំចងចាំបានត្រឹមត្រូវ ការពណ៌នាទាំងនោះមានឆាកដូចតទៅនេះ ៖
-
ស្ត្រីដ៏ជរាមានជំងឺម្នាក់សម្រាកនៅលើគ្រែ ដែលត្រូវបានបម្រើដោយគលានុបដ្ឋាយិកាម្នាក់ ។
-
ម្ដាយវ័យក្មេងដ៏ពោរពេញដោយអំណរជាមួយនឹងទារកដែលទើបនឹងកើត ។
-
ក្រុមគ្រួសារមួយជាមួយនឹងកូនៗដែលកំពុងយំមកពីការស្រេកឃ្លាន ។
-
ក្រុមគ្រួសារមួយដែលមានទ្រព្យបរិបូរ ។
-
ក្រុមគ្រួសារដ៏ផ្អែមល្ហែមតែរាបទាបមួយ ជាមួយនឹងកូនៗជាច្រើន ដែលកំពុងច្រៀងជាមួយគ្នាដោយសេចក្ដីអំណរ ។
យើងដឹងថា នៅពេលព្រះអង្គសង្គ្រោះយាងមកម្ដងទៀត យើងនឹងពុំដឹងពីថ្ងៃ ឬ ពេលវេលានោះឡើយ ។ យើងក៏ដឹងផងដែរថា ក្នុងនាមជាពួកគ្រីស្ទាន យើងយកចិត្តទុកដាក់ចំពោះពួកអ្នកទាល់ក្រ និង អ្នកត្រូវការជំនួយ និង ដល់ពួកអ្នកមេម៉ាយ និង កូនកំព្រា ។ ទោះយ៉ាងណា ប្រយោគនៅលើទង់នោះកាន់តែត្រឹមត្រូវ បើវាសរសេរថា « ប្រសិនបើ ព្រះគ្រីស្ទយាងមកនៅរាត្រីនេះ តើនរណាបានត្រៀមរួចរាល់ដើម្បីទទួលទ្រង់ ? »
គំនិតមួយទៀតរបស់ខ្ញុំគឺថា ឆាកទាំងឡាយបានប្រាប់យើងនូវអ្វីៗជាច្រើនអំពីស្ថានភាពខាងសាច់ឈាមរបស់មនុស្ស ប៉ុន្តែពុំមានអ្វីសោះអំពីស្ថានភាពខាងវិញ្ញាណ និង ការតាំងចិត្តរបស់ពួកគេព្រះគ្រីស្ទ ។
ចំណុចចាប់ផ្ដើមសម្រាប់ការពិនិត្យឡើងវិញនូវជីវិត និង ការតាំងចិត្តរបស់យើងចំពោះព្រះអង្គសង្គ្រោះ និង ដំណឹងល្អរបស់ទ្រង់ គឺបុណ្យជ្រមុជទឹក ។ បុណ្យជ្រមុជទឹករបស់យើងបានកើតឡើងជាច្រើនឆ្នាំកន្លងមកហើយ លើកលែងតែអ្នកប្រែចិត្តជឿថ្មី និង ក្មេងតូចៗ ។
ព្យាការីអាលម៉ាដ៏អស្ចារ្យ បានមានប្រសាសន៍មកកាន់យើងប្រកបដោយភាពប៉ិនប្រសប់ ៖ « ហើយឥឡូវនេះ មើលចុះ ឱបងប្អូនទំាងឡាយរបស់ខ្ញុំអើយ ខ្ញុំសូមប្រាប់អ្នកថា បើសិនជាអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្តូរនៅក្នុងដួងចិត្តអ្នក ហើយបើសិនជាអ្នករាល់គ្នាបានចាប់អារម្មណ៍ចង់ច្រៀងនូវចម្រៀងនៃសេចក្តីស្រឡាញ់ដែលប្រោសលោះ ខ្ញុំសូមសួរថា តើអ្នករាល់គ្នាអាចចាប់អារម្មណ៍យ៉ាងនេះ ឥឡូវនេះទេ ? » ( អាលម៉ា ៥:២៦ ) ។
បន្ទាប់មក អាលម៉ាបន្តជាមួយនឹងសារដ៏ជ្រាលជ្រៅរបស់លោក ដែលទាក់ទងនឹងជំនាន់របស់យើង ។ ជាពិសេស លោកបានសុំដល់ពួកបរិសុទ្ធថា បើពួកគេត្រូវស្លាប់ តើពួកគេបានរៀបចំរួចរាល់ដើម្បី ជួបព្រះហើយឬនៅ ។ បន្ទាប់មក អាលម៉ាសង្កត់ធ្ងន់លើគុណសម្បត្តិបួនយ៉ាង ដែលយើងត្រូវមាន ដើម្បីគ្មានទោសចំពោះមុខព្រះ ។
ទីមួយ « តើ [ យើង ] រាល់គ្នាបានបន្ទាបខ្លួនគ្រប់គ្រាន់ហើយឬនៅ ? » នៅក្នុងន័យមួយ វាជាការត្រឡប់ទៅការតម្រូវសម្រាប់បុណ្យជ្រមុជទឹក —បន្ទាបខ្លួនយើង និង មានចិត្តសង្រេង និង វិញ្ញាណទន់ទាប ។
ទីពីរ « តើ [ យើង ] រាល់គ្នាបានរលាស់ចោលនូវការឆ្មើងឆ្នៃរបស់ [ យើង ] ហើយឬ ? » អាលម៉ាព្រមានទាស់នឹងការជាន់ឈ្លីព្រះដ៏បរិសុទ្ធនៅក្រោមជើងរបស់យើង និង អួតខ្លួនដោយនូវការឆ្មើងឆ្មៃ — ការដាក់ចិត្តយើងលើរឿងឥតប្រយោជន៍នៃពិភពលោក ហើយសន្មត់ថាយើងល្អជាងអ្នកដទៃ ។
ទីបី តើយើងបាន « ចោលចិត្តច្រណែន » ហើយឬនៅ ? សម្រាប់ពួកអ្នកដែលមានពរជ័យដ៏អស្ចារ្យ ប៉ុន្តែពុំមានអារម្មណ៍នៃការដឹងគុណ ពីព្រោះពួកគេផ្តោតតែទៅលើអ្វីដែលអ្នកដទៃមាន ការច្រណែនអាចជាគ្រោះថ្នាក់បំផុត ។ « រចនាបទជីវិតដែលប្រកបដោយការច្រណែននិន្ទា »២ បានកើនឡើង ពេលដែលកិត្តិនាម និង ជោគវាសនាបានចូលមកជំនួសឲ្យសេចក្ដីជំនឿ និង ក្រុមគ្រួសារ ដែលជាសេចក្ដីប្រាថ្នាដ៏សំខាន់បំផុតសម្រាប់ខាងសង្គម ។
ទីបួន តើយើងចំអក ឬ បៀតបៀនបងប្អូនប្រុសស្រីរបស់យើងឬទេ ? នៅក្នុងពិភពលោកសព្វថ្ងៃនេះ យើងនឹងហៅវាថា ការគំរាមកំហែង ( សូមមើល អាលម៉ា ៥:២៧–៣០, ៥៣–៥៤ ) ។
តើមានអ្វីទៀត ដែលកាន់តែជាប់ទាក់ទងនឹងបញ្ហានៃជំនាន់របស់យើងផ្ទាល់ ជាងសារនេះ អំពីការបន្ទាបខ្លួន អំណួត ការច្រណែន និង ការបៀតបៀននោះ ? ការជជែកដ៏ធំនៅទូទាំងពិភពលោកគឺអំពីបញ្ហាសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃដែលជាខាងលោកិយ ។ ប៉ុន្តែ មានការពិភាក្សាតិចណាស់អំពីការត្រឡប់ទៅរកគោលការណ៍នៃលក្ខណៈសម្បត្តិដូចជាព្រះគ្រីស្ទ ដែលផ្ដោតលើការរៀបចំដើម្បីជួបព្រះ និង លើស្ថានភាពនៃវិញ្ញាណរបស់យើង ។ យើងត្រូវតែផ្ដោតទៅលើជីវិតរបស់យើង និង បង្កើនការសង្កត់ធ្ងន់របស់យើងទៅលើបញ្ហាខាងវិញ្ញាណ ។
រង្វាន់នៃក្រុមគ្រួសារដ៏សុចរិត
« តើយើងគួរតែចិញ្ចឹមបីបាច់ក្រុមគ្រួសារយើងនៅក្នុងទីកន្លែងដែលមានសមាជិកសាសនាចក្រតែមួយចំនួនតូច ហើយយើងត្រូវបានហ៊ុំព័ទ្ធដោយសេចក្ដីអាក្រក់ ការទាស់ទែង និង ការជំទាស់ទៅនឹងសេចក្ដីសុចរិតដែរឬទេ ? »
ខ្ញុំ និង ភរិយាខ្ញុំ ម៉ារី បានមានកង្វល់ទាំងនេះ ពេលយើងចាប់ផ្ដើមចិញ្ចឹមបីបាច់កូនៗរបស់យើងនៅក្នុងតំបន់ឆ្នេរសេន ហ្វ្រិនស៊ីស្កូ ក្នុងរដ្ឋ កាលីហ្វូញ៉ា ស.រ.អា នៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ ប្រជាជនដែលជាពួកបរិសុទ្ធថ្ងៃចុងក្រោយគឺមានតិចណាស់ ។ ប៉ុន្តែ ខណៈដែលប្រជាជនភាគច្រើនបំផុតជាមនុស្សដ៏ល្អ តំបន់ឆ្នេរបានក្លាយជាកន្លែងទាក់ទាញនូវការប្រើប្រាស់ថ្នាំញៀន ហើយគ្រប់ទម្រង់នៃការប្រព្រឹត្តិដ៏ពោរពេញដោយអំពើបាប និង ការមានដៃគូច្រើន ។
ការផ្លាស់ប្ដូរក្នុងសង្គមគឺធ្វើឲ្យក្លាយជាកង្វល់ដ៏ធំ រហូតដល់មានប្រធានស្តេកម្នាក់ដែលមានចិត្តខ្វល់ខ្វាយ បានសាកសួរទៅដល់ថ្នាក់ដឹកនាំសាសនាចក្រថា តើលោកគប្បីលើកទឹកចិត្ត សមាជិកសាសនាចក្រឲ្យបន្តរស់នៅក្នុងតំបន់ឆ្នេរនេះទៀតដែរឬទេ ។ ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) នៅពេលនោះ លោកគឺជាសមាជិកជាន់ខ្ពស់ម្នាក់នៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ត្រូវបានចាត់តាំងឲ្យរកដំណោះស្រាយចំពោះបញ្ហានេះ ។ លោកបានពន្យល់ថា ព្រះអម្ចាស់ទ្រង់ពុំបានបំផុសគំនិតចំពោះការសាងសង់ព្រះវិហារបរិសុទ្ធមួយនៅក្នុងតំបន់របស់យើង ដោយគ្រាន់តែដើម្បីឲ្យសមាជិកចាកចេញនោះទេ ។ ដំបូន្មានរបស់លោកដល់ពួកយើងគឺសាមញ្ញ ប៉ុន្តែជ្រាលជ្រៅ ៖
-
បង្កើតទីក្រុងស៊ីយ៉ូន នៅក្នុងដួងចិត្ត និង លំនៅដ្ឋានរបស់យើង ។
-
ធ្វើជាពន្លឺដល់មនុស្សទាំងឡាយដែលរស់នៅជុំវិញយើង ។
-
ផ្ដោតទៅលើពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ និង គោលការណ៍ទាំងឡាយដែលមានបង្រៀននៅទីនោះ ។
យើងឱបក្រសោបដំបូន្មានរបស់អែលឌើរ លី ហើយបានព្យាយាមធ្វើតាមវានៅក្នុងក្រុមគ្រួសាររបស់យើង ។
នៅក្នុងការស្ថាបនាក្រុងស៊ីយ៉ូននៅក្នុងដួងចិត្ត និង ក្នុងលំនៅដ្ឋានរបស់យើង យើងត្រូវតែសង្កត់ធ្ងន់លើការប្រតិបត្តិខាងសាសនានៅក្នុងលំនៅដ្ឋាន ដោយមានការអធិស្ឋាន និង ការសិក្សាព្រះគម្ពីរជាក្រុមគ្រួសារប្រចាំថ្ងៃ ហើយដោយការធ្វើរាត្រីជួបជុំក្រុមគ្រួសារជារៀងរាល់សប្ដាហ៍ ។ នៅក្នុងបរិបទនេះ យើងអាចបង្រៀន និង បំពាក់បំប៉នដល់កូនៗយើង ។ យើងធ្វើការណ៍នេះដោយសេចក្ដីស្រឡាញ់ និង សណ្ដានចិត្តល្អ ដោយចៀសវាងការរិះគន់ជ្រុលហួសហេតុចំពោះកូនៗ និង ស្វាមី ឬ ភរិយាយើង ។
មិនថាយើងរស់នៅទីកន្លែងណាទេ និង សូម្បីបើយើងធ្វើអ្វីៗទាំងអស់ត្រឹមត្រូវក៏ដោយ ក៏កូនៗមួយចំនួនអាចនឹងធ្វើការជ្រើសរើសដែលមិនឆ្លាតវៃ ដែលនាំទៅកាន់ផ្លូវហាមឃាត់ទាំងឡាយ ។ ហេតុដូច្នេះហើយ វាជាការសំខាន់ក្នុងការជួយដល់ពួកយុវវ័យរបស់យើងឲ្យដឹងជាមុននូវអ្វីដែលពួកគេនឹងនិយាយ ឬ ធ្វើ ពេលមនុស្សផ្សេងទៀតបបួលឲ្យប្រព្រឹត្តិអ្វីដែលអសីលធម៌ និង មិនត្រឹមត្រូវ ។
កូនៗរបស់យើងរៀននៅសាលាដែលមានក្មេងៗ អិល.ឌី.អេស តែពីរបីនាក់ប៉ុណ្ណោះ ។ នៅពេលចាប់ផ្ដើមបវេសនកាលរៀងរាល់ឆ្នាំ និង ពីមុនសកម្មភាពសាលា យើងបានពិភាក្សាក្នុងរាត្រីជួបជុំក្រុមគ្រួសារ ពីការឆ្លើយតបដែលសមរម្យ ប្រសិនបើពួកគេឃើញថា ខ្លួនស្ថិតនៅក្នុងស្ថានភាពអសុវត្ថិភាព ។ យើងបានសួរពួកគេពីអ្វីដែលពួកគេនឹងនិយាយទៅកាន់មិត្តភក្ដិដែលអាចនឹងប្រាប់គេថា « កុំឆ្កួតអ្វី មនុស្សគ្រប់គ្នាធ្វើវា » « ឪពុកម្ដាយឯងនឹងមិនដឹងទេ » ឬ « គ្រាន់តែម្ដង វាមិនអីទេ » ។
យើងបាននិយាយពីការទទួលខុសត្រូវរបស់យើងចំពោះព្រះអម្ចាស់ ។
យើងបានចង្អុលបង្ហាញថា យើងនឹងធ្វើតាមគំរូរបស់ព្រះគ្រីស្ទ ពេលយើងស្លៀកពាក់រមទម្យ ប្រើភាសាស្អាតស្អំ និង សមរម្យ និង ចៀសវាងពីអ្វីដែលអាសគ្រាម ដែលឥឡូវនេះត្រូវការបង្រៀនដល់កុមារដែលមានអាយុនៅថ្នាក់បឋមសិក្សា ដើម្បីឲ្យពួកគេអាចមានជីវិតដ៏បរិសុទ្ធ ។
យើងបាននិយាយអំពីយ៉ូសែបនៅស្រុកអេស៊ីព្ទ ដែលបានរត់ចេញ ពេលនៅប្រទល់មុខនឹងចំណាប់អារម្មណ៍ដែលមិនសមរម្យពីមហេសីរបស់ប៉ូទីផារ ( សូមមើល លោកុប្បត្តិ ៣៩:៧–១២ ) ។
កូនៗរបស់យើងម្នាក់ៗសុទ្ធតែបានទទួលបានបទពិសោធន៍យ៉ាងហោចណាស់មួយដែលថាការរៀបចំនេះគឺចាំបាច់ ប៉ុន្តែ ភាគច្រើនបំផុតមិត្តភក្ដិរបស់ពួកគេបានការពារពួកគេ ដោយព្រោះពួកគេបានដឹងពីបទដ្ឋាន និង ជំនឿរបស់កូនៗយើង ។
ពេលឃេតរីន ជាកូនស្រីយើងបានទូរសព្ទមកម្ដាយនាង បន្ទាប់ពីបានចេញទៅរៀននៅមហាវិទ្យាល័យនៅឆ្ងាយ នោះម៉ារីនឹងប្រាប់នាងពីរឿងទាំងឡាយដែលនាងស្រឡាញ់អំពីព្រះអង្គសង្គ្រោះ ។ ម៉ារីបានប្រើប្រាស់គំរូ និង ចរិតលក្ខណៈរបស់ទ្រង់ជានិច្ច ដើម្បីជួយដល់បញ្ហាដែលឃេតរីនបានទូរសព្ទមកពិភាក្សា ។
ខ្ញុំជឿថា យើងអាចចិញ្ចឹមបីបាច់កូនៗដ៏សុចរិតនៅស្ទើរតែគ្រប់ទីកន្លែងនៃពិភពលោកបាន ប្រសិនបើពួកគេមានគ្រឹះដ៏រឹងមាំនៅក្នុងព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ ។ នីហ្វៃបានពិពណ៌នាពីការបង្រៀនក្រុមគ្រួសារ និង ប្រជាជនរបស់លោក ដោយមានប្រសាសន៍ថា « យើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ យើងព្យាករអំពីព្រះគ្រីស្ទ ហើយយើងសរសេរស្របតាមពាក្យព្យាករណ៍ទាំងឡាយរបស់យើង ដើម្បីឲ្យកូនចៅយើងបានដឹងថា តើត្រូវស្វែងរកប្រភពណាមួយដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ( នីហ្វៃទី២ ២៥:២៦ ) ។
បើយើងធ្វើដូច្នេះ នោះពេលកូនៗយើងធ្វើការជ្រើសរើសដែលមិនឆ្លាតវៃ ពួកគេនឹងដឹងថា អ្វីៗទាំងអស់មិនបាត់អស់នោះទេ ហើយថា ពួកគេអាចរកផ្លូវត្រឡប់មកផ្ទះវិញបាន ។ ខ្ញុំចង់អះអាងដល់អ្នកថា អ្នក និង ក្រុមគ្រួសារអ្នកនឹងទទួលបានពរជ័យ ពេលអ្នកពុះពារដើម្បីពង្រឹងសមាជិកម្នាក់ៗនៅក្នុងក្រុមគ្រួសារអ្នក តាមរយៈសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។
បើយើងធ្វើតាមដំបូន្មានរបស់អែលឌើរ លី ដែលឲ្យធ្វើជាពន្លឺដល់ពួកអ្នកដែលរស់នៅជុំវិញយើង នោះយើងពុំអាចក្លែងបន្លំអត្តសញ្ញាណពិតរបស់យើងឡើយ ។ ការប្រព្រឹត្តរបស់យើងគប្បីឆ្លុះបញ្ចាំងពីតម្លៃ និង ជំនឿរបស់យើង ។ ពេលសមរម្យ យើងគួរចូលរួមនៅក្នុងសកម្មភាពជាសាធារណៈ ។
ការរស់នៅឲ្យមានភាពសក្ដិសមនឹងបណ្ណចូលព្រះវិហារបរិសុទ្ធ ការទទួលពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ និង ការពិតត្រង់ចំពោះសេចក្ដីសញ្ញារបស់យើង ផ្ដល់ដល់យើងនូវការផ្ដោត និង ទស្សនវិស័យដើម្បីស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ ពេលពួកយុវវ័យរបស់យើងរស់នៅដោយសក្ដិសមដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកស្លាប់ នោះជីវិតរបស់ពួកគេនឹងមានរបៀបរៀបរយ ។
យើងត្រូវផ្ដោតថាមពលរបស់យើងទៅលើការពង្រឹងក្រុមគ្រួសាររបស់យើង ដោយការនិយាយ ការអររីករាយ ការផ្សាយ និង ការព្យាករណ៍អំពីព្រះគ្រីស្ទ ដើម្បីយើងអាចរីករាយជាមួយនឹងរង្វាន់នៃក្រុមគ្រួសារដ៏សុចរិត និង ក្លាយជាក្រុមគ្រួសារដ៏អស់កល្បជានិច្ច ។
ចំពោះពួកអ្នកទាំងឡាយដែលនៅលីវ ប៉ុន្តែកំពុងរស់នៅដោយសុចរិត នោះគោលលទ្ធិរបស់យើងអះអាងថា « សមាជិកស្មោះត្រង់ ដែលស្ថានភាពមិនអនុញ្ញាតឲ្យពួកគេទទួលបានពរជ័យទាំងឡាយនៃអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច និង ភាពជាឪពុកម្តាយនៅក្នុងជីវិតនេះ នឹងទទួលគ្រប់ពរជ័យដែលបានសន្យានៅក្នុងភាពដ៏នៅអស់កល្បជានិច្ច ដរាបណាពួកគេរក្សាសេចក្តីសញ្ញាទាំងឡាយ ដែលពួកគេបានធ្វើជាមួយនឹងព្រះ » ។៣
រង្វាន់នៃសុភមង្គល
« តើប្រយោជន៍អ្វីខ្លះដែលខ្ញុំគប្បីផ្ដល់ដល់កូនៗរបស់ខ្ញុំ ដើម្បីឲ្យបានរីករាយ និង ជោគជ័យក្នុងជីវិត ? »
លូស៊ីហ្វើរបានបង្កើតសុភមង្គលក្លែងក្លាយ និង បន្លំភ្នែកដែលមិនខ្ជាប់ខ្ជួននឹងសេចក្ដីសុចរិត ហើយនឹងដឹកនាំយើងខុស បើយើងមិនប្រុងប្រយ័ត្នទេនោះ ។ បញ្ហាជាច្រើនរបស់យើងនៅសព្វថ្ងៃនេះ កើតឡើងដោយសារតែពិភពលោកខាងលោកិយនេះបានតាមចាប់យកនូវនិយមន័យខុសឆ្គងនៃសុភមង្គល ។ យើងដឹងពីព្រះគម្ពីរមរមនថា បញ្ហានេះមានកើតឡើងនៅគ្រប់ជំនាន់ទាំងអស់ ។ យើងក៏ស្គាល់ពីពរជ័យទាំងឡាយដែលបានមកពីការរស់នៅតាមដំណឹងល្អផងដែរ ។
ស្ដេចបេនយ៉ាមីនមានបន្ទូលថា « ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតពិចារណាអំពីស្ថានភាពដ៏មានពរ និង រីករាយនៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ ដ្បិតមើលចុះ ពួកគេបានពរគ្រប់យ៉ាង ទាំងខាងសាច់ឈាម និង ខាងវិញ្ញាណផង ហើយបើសិនជាពួកគេរក្សាការស្មោះត្រង់ដរាបដល់ចុងបំផុត នោះពួកគេនឹងត្រូវបានទទួលនៅស្ថានសួគ៌ ដើម្បីឲ្យពួកគេអាចរស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ ។ ឱ សូមចាំ សូមចាំថា រឿងទាំងនេះពិត ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ » ( ម៉ូសាយ ២:៤១ ) ។
ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានតាមដានគម្រោងស្រាវជ្រាវមួយដែលបានចាប់ផ្ដើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ។ ពីដំបូង ការសិក្សារួមមានបុរស ២៦៨ នាក់ នៅឯសាកលវិទ្យាល័យដ៏ល្បីល្បាញមួយ ដែលត្រូវបានគេសិក្សាតាមពេលវេលានានាជាទៀងទាត់អស់មួយជីវិតរបស់ពួកគេ ។ ក្រោយមក មានស្ត្រីទាំងឡាយបានក្លាយជាផ្នែកនៃការសិក្សានោះដែរ ។ ការសិក្សានោះប្រើរយៈពេលប្រហែល ៧០ ឆ្នាំ ។ គោលដៅនៃការសិក្សាខាងដើម គឺដើម្បីស្វែងយល់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន អំពីជោគជ័យ និង សុភមង្គល ។
ការសិក្សានោះបង្ហាញថា ពិន្ទុនៃការចូលមហាវិទ្យាល័យ និង ពិន្ទុជាមធ្យម មិនបានទស្សទាយពីភាពជោគជ័យ ឬក៏សុភមង្គលនៅក្នុងជីវិតក្រោយមកទៀតបានឡើយ ។ ប៉ុន្តែ ចំណុចមួយដែលមាននូវការទាក់ទងគ្នាដ៏ខ្លាំងនោះគឺសុភមង្គលក្រុមគ្រួសារកាលនៅជាកុមារ ។ មនុស្សពេញវ័យដែលរីករាយ ជោគជ័យ តែងប្រាប់ថា ម្ដាយរបស់ពួកគេបានបង្ហាញសេចក្ដីស្រឡាញ់ និង ការពេញចិត្តដោយប្រាប់ដោយពាក្យសម្ដីជាក់លាក់ ហើយពុំបានប្រើការដាក់វិន័យធ្ងន់ធ្ងរនោះឡើយ ។ ទាំងឪពុកទាំងម្ដាយរបស់ពួកគេបង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះគ្នាទៅវិញទៅមកយ៉ាងបើកចំហរ ហើយការស្រឡាញ់ពេញចិត្តនោះក៏មានដល់កូនៗផងដែរ ដែលធ្វើឲ្យពួកគេមានភាពកក់ក្ដៅ និង មានទំនាក់ទំនងដែលពោរពេញដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ។ ឪពុកម្ដាយបានបង្កើតនូវបរិយាកាសគ្រួសារដ៏មានស្ថេរភាព ហើយត្រូវបានជឿថា បានគោរពនូវស្វ័យរាជ្យភាពរបស់កូនៗខ្លួន ។
សៀវភៅសន្និដ្ឋានបញ្ចប់ទៅលើការសិក្សាដែលបានបោះពុម្ពនៅឆ្នាំ ២០១២ បានរាយការណ៍ប្រាប់ថា ៖ « រង្វាស់ជាច្រើននៃភាពជោគជ័យអស់មួយជីវិត ត្រូវបានទស្សទាយកាន់តែជឿបានតិចទៅៗ ដោយប្រយោជន៍ខាងហិរញ្ញវត្ថុ និង ខាងសង្គមកាលពីនៅក្មេងៗ ជាងកុមារភាពដែលត្រូវបានស្រឡាញ់ និង ដែលពោរពេញដោយក្ដីស្រឡាញ់ » ។ កុមារភាពដ៏កក់ក្ដៅទាក់ទងគ្នាទៅវិញទៅមកជាមួយនឹងសមិទ្ធិផល ជាងនឹងវិជ្ជាជ្រៅជ្រះ វណ្ណៈសង្គម ឬ អត្ថពលកម្មនិយម ។ ការសិក្សាក៏បានរកឃើញផងដែរថា « អ្វីដែលដំណើរការត្រឹមត្រូវនៅក្នុងកុមារភាពទស្សទាយពីអនាគតបានត្រឹមត្រូវច្រើនជាងអ្វីដើរខុសនៅក្នុងកុមារភាព » ។៤
ការសិក្សាជារួមចង្អុលបង្ហាញថា សូម្បីពេលមានឧបសគ្គធំៗទាំងឡាយ ហើយរឿងមួយចំនួនខុសឆ្គងខ្លាំងណាស់ក៏ដោយ ក៏កូនៗភាគច្រើនបំផុតគឺងាយនឹងជាសះស្បើយឡើងវិញ ហើយសេចក្ដីទុកចិត្តដែលត្រូវបានស្ថាបនាឡើងដោយទំនាក់ទំនងដ៏ពោរពេញដោយសេចក្ដីស្រឡាញ់ជាមួយឪពុកម្ដាយ ជាពិសេសម្ដាយ អាចនាំទៅរកលទ្ធផលនៃសុភមង្គលដ៏និរន្តរ៍ អស់មួយជីវិត ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ដល់ខ្ញុំ ប៉ុន្តែមិនភ្ញាក់ផ្អើលនោះ គឺថាការសិក្សានោះពិតជាត្រូវគ្នាទាំងស្រុងទៅនឹងអ្វីដែលព្រះគម្ពីរ និង សាសនាចក្របង្រៀនអំពីក្រុមគ្រួសារ ។ សាសនាចក្រសង្កត់ធ្ងន់ទៅលើរាត្រីក្រុមគ្រួសារ ការអធិស្ឋានជាក្រុមគ្រួសារ ការបង្ហាញសេចក្ដីស្រឡាញ់ ការជួបជុំគ្នាជាក្រុមគ្រួសារ និង ទំនៀមទម្លាប់ក្នុងគ្រួសារ ដែលជាប្រភេទនៃសកម្មភាពដែលការសិក្សានោះចង្អុលបង្ហាញថានឹងបង្កើតនូវមជ្ឈិមវ័យដ៏រីករាយ និង ជោគជ័យ ។
នីហ្វៃចាប់ផ្ដើមព្រះគម្ពីរមរមន ដោយការបង្ហាញការដឹងគុណសម្រាប់ « ឪពុកម្ដាយល្អ » ( នីហ្វៃទី១ ១:១ ) ប៉ុន្តែ មេរៀនដ៏ពិតគឺថា យើងម្នាក់ៗជាអ្នកកំណត់ថា ឪពុក/ម្ដាយរបៀបណា ដែលយើងនឹងក្លាយជានៅពេលអនាគត ដើម្បីឲ្យពូជពង្សរបស់យើងអាចប្រាប់ដោយរីករាយថា ពួកគេក៏បានកើតមកជាមួយនឹងឪពុកម្ដាយល្អផងដែរ ។
អ្វីដែលសំខាន់បំផុតដែលអ្នកអាចធ្វើ គឺធ្វើឲ្យប្រាកដថា កូនៗរបស់អ្នក និង អ្នកទាំងឡាយណាដែលអ្នកថែទាំបីបាច់ដឹងថា អ្នកស្រឡាញ់ពួកគេ ។ សេចក្ដីស្រឡាញ់គឺជាគ្រឿងផ្សំដ៏សំខាន់សម្រាប់សុភមង្គល ។
រង្វាន់នៃការចម្រុងចម្រើននៅក្នុងដែនដី
« ក្រុមគ្រួសាររបស់យើងពុំសម្រេចបាននូវភាពជោគជ័យខាងទ្រព្យសម្បត្តិណាស់ណានោះទេ ។ តើនោះមកពីយើងពុំសុចរិតគ្រប់គ្រាន់ឬ ? »
ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា ការរស់នៅតាមព្រះបញ្ញត្តិទាំងឡាយនាំឲ្យពួកយើងចម្រុងចម្រើននៅលើដែនដី ។ ប៉ុន្តែ សូមឲ្យខ្ញុំអះអាងចំពោះអ្នកថា ការចម្រុងចម្រើននៅក្នុងដែនដី ពុំមែនត្រូវបានកំណត់ដោយទំហំនៃគណនីធនាគាររបស់អ្នកនោះឡើយ ។ វាមានអត្ថន័យខ្លាំងជាងនោះទៅទៀត ។
ពេលនិយាយទៅកាន់ហេលេមិនជាកូនប្រុសរបស់លោក នោះព្យាការីអាលម៉ាបង្រៀនថា « ដរាបណាកូនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ នោះកូននឹងបានចម្រើនឡើងនៅលើដែនដី ហើយកូនក៏ត្រូវដឹងដែរថា ដរាបណាកូនមិនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះទេ នោះកូននឹងត្រូវកាត់ចេញពីវត្តមានរបស់ទ្រង់ » ( អាលម៉ា ៣៦:៣០ ) ។
ហេតុដូច្នោះហើយ ការមានព្រះវិញ្ញាណនៅក្នុងជីវិតយើង គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងការបានចម្រុងចម្រើននៅក្នុងដែនដី ។ ប្រសិនបើយើងកាន់តាមព្រះបញ្ញត្តិទាំងឡាយ នោះយើងក៏ទទួលបានការសន្យាជាក់លាក់ទាំងឡាយ ( សូមមើល អេភេសូរ ៦:១–៣ ) ។ ឧទាហរណ៍ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩ សន្យាថា ដោយការរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ នោះយើងនឹងរីករាយជាមួយនឹងពរជ័យខាងសុខភាព និង រតនៈសម្បត្តិនៃចំណេះដឹងដ៏អស្ចារ្យ ។
ការបំបែកចេញនូវធាតុមួយនៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃ គឺការចៀសវាងពីគ្រឿងស្រវឹង គឺជាសេចក្តីបង្គាប់មួយ ។ ការសិក្សាដែលមានរយៈពេលយូរដែលខ្ញុំបានលើកឡើងពីមុននេះ បានរកឃើញថា ការបំពានដែលទាក់ទងនឹងគ្រឿងស្រវឹង ប៉ះពាល់ដល់ក្រុមគ្រួសារអាមេរិកមួយក្នុងចំណោមបីគ្រួសារ ដែលរួមមានមួយភាគបួននៃការទទួលចូលមន្ទីរពេទ្យទាំងអស់ ហើយមានតួនាទីចម្បងក្នុងបុព្វហេតុនៃការស្លាប់ ការលែងលះ សុខភាពមិនល្អ និង សមិទ្ធិផលអន់ថយ ។
ការសិក្សារយៈពេលវែងមួយអំពីសមាជិកសកម្មនៅក្នុងរដ្ឋ កាលីហ្វូញ៉ា បានរកឃើញថា ស្ត្រីរស់នៅជាមធ្យម ៥.៦ ឆ្នាំ និង បុរស ៩.៨ ឆ្នាំ វែងជាងស្ត្រី និង បុរសដែលមានស្ថានភាពស្រដៀងគ្នានៅក្នុងសហរដ្ឋ ។ ពួកគ្រូពេទ្យដែលដឹកនាំការសិក្សានោះ បានចង្អុលបង្ហាញថា មានមូលហេតុយ៉ាងហោចណាស់មួយដែលជាប់ទាក់ទងនឹងពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ។ ការរស់នៅតាមច្បាប់ពាក្យសម្ដីនៃប្រាជ្ញាវាងវៃនាំឲ្យយើងចម្រុងចម្រើននៅលើដែនដី ។៥
នៅក្នុងការសន្ទនាមួយ ដែលខ្ញុំបានមានជាមួយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ពេលជិះយន្តហោះទៅការឧទ្ទិសព្រះវិហារបរិសុទ្ធមួយ លោកបានមានប្រសាសន៍ដោយអំណរថា សាសនាចក្រមានមូលនិធិដើម្បីបង្កើនចំនួនព្រះវិហារបរិសុទ្ធ ព្រោះពួកបរិសុទ្ធថ្ងៃចុងក្រោយបានចម្រុងចម្រើននៅលើដែនដី ។ ក្នុងនាមជាអ្នកបង់ដង្វាយមួយភាគក្នុងដប់ដ៏ស្មោះត្រង់ ពួកគេបានផ្ដល់ធនធានទាំងឡាយដើម្បីកសាងព្រះវិហារបរិសុទ្ធ ។
ការចម្រុងចម្រើន និង ការមានទ្រព្យសម្បត្តិមិនចាំបាច់ថាមានន័យដូចគ្នានោះទេ ។ និយមន័យខាងដំណឹងល្អដែលល្អប្រសើរជាងអំពីការចម្រុងចម្រើននៅក្នុងដែនដី គឺការមានគ្រប់គ្រាន់សម្រាប់សេចក្ដីត្រូវការរបស់យើង ខណៈមានពរជ័យដ៏បរិបូរនៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់យើង ។ ពេលយើងផ្គត់ផ្គង់ដល់ក្រុមគ្រួសារយើង ហើយស្រឡាញ់ និង បម្រើដល់ព្រះអង្គសង្គ្រោះ នោះយើងនឹងរីករាយជាមួយនឹងរង្វាន់នៃការមានព្រះវិញ្ញាណ និង ការចម្រុងចម្រើននៅក្នុងដែនដី ។
រង្វាន់នៃសេចក្ដីសុខសាន្ត
រង្វាន់នៃសេចក្ដីសុចរិតចុងក្រោយដែលបានសន្យា គឺមានចែងយ៉ាងច្បាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២៣ ៖ « ប៉ុន្តែ ចូររៀនចុះថា អ្នកណាដែលប្រព្រឹត្តកិច្ចការទាំងឡាយដោយសេចក្ដីសុចរិត នោះនឹងបានទទួលរង្វាន់របស់ខ្លួន គឺសេចក្ដីសុខសាន្តនៅនាលោកិយនេះ និង ជីវិតដ៏នៅអស់កល្បជានិច្ចនៅបរលោកនាយ » ។
កាលពីជាង ៣៥ ឆ្នាំមុន ប្រធាន ឃិមបឹល បានបង្រៀនថា ការលូតលាស់ដ៏ចម្បងនឹងកើតឡើងនៅក្នុងសាសនាចក្រដោយសារតែ « ស្ត្រីដ៏ល្អជាច្រើន … នឹងចូលមកក្នុងសាសនាចក្រក្នុងចំនួនយ៉ាងច្រើន » ។ លោកបានប្រកាសថា « ការណ៍នេះនឹងកើតឡើង ដល់កម្រិតដែលពួកស្ត្រីនៃសាសនាចក្រជាអ្នកឆ្លុះបញ្ចាំងពីសេចក្ដីសុចរិត និង ភាពប៉ិនប្រសប់នៅក្នុងជីវិតរបស់ពួកគេ ហើយ … ត្រូវបានគេឃើញថា ដោយឡែកពីគេ និង ខុសពីគេ — ក្នុងរបៀបដែលសប្បាយ — ខុសពីស្ដ្រីនៃពិភពលោកនេះ » ។៦
ការណ៍នេះពិតជាបានកើតឡើងមែន ហើយនឹងបន្តកើតឡើងដូច្នោះនៅក្នុងពេលអនាគត ។
ព្រះអម្ចាស់ជាព្រះគឺពិតជាព្រះសុរិយា និង ជាខែល ហើយនឹងប្រទាននូវសេចក្ដីមេត្តាករុណា និង សិរីល្អ ។ គ្មានការណ៍ល្អណាដែលនឹងត្រូវដកហូតពីពួកអ្នកទាំងឡាយដែលដើរដោយត្រង់នោះឡើយ ( សូមមើល ទំនុកដំកើង ៨៤:១១ ) ។ ការអធិស្ឋានរបស់ខ្ញុំគឺថា អ្នកអាចច្រូតកាត់នូវរង្វាន់ទាំងឡាយនៃសេចក្ដីសុចរិត កាលដែលអ្នកដើរតាមព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទរបស់យើងដោយស្មោះត្រង់ ។