២០១៥
ខ្ញុំ​នឹង​មិន​លួច​មើល​ចម្លើយ​ទេ
ខែ កក្កដា ឆ្នាំ ២០១៥


ខ្ញុំ​នឹង​មិន​លួច​មើលចម្លើយ​ទេ

ចូអានណា មែ រេងហ្កា ទីក្រុង លីទី ប៉ែក​ខាង​ត្បូង ប្រទេស ហ្វីលីពីន

Illustration depicting a young adult female college student  taking a test.

ក្នុងនាម​ជា​និស្សិត​ថ្មី​ម្នាក់​នៅ​ក្នុង​មហាវិទ្យាល័យ ខ្ញុំ​តែង​ខក​ចិត្ត​នឹង​មិត្ត​រួម​ថ្នាក់​ខ្ញុំ​ជា​ញឹកញាប់ ។ ដោយសារ​ពួកគេ​ជា​ច្រើន​លួច​មើលចម្លើយ​ពេល​ប្រឡង ។ អ្នក​ខ្លះ​លួច​យក​ក្រដាស​កត់​ត្រា​របស់​ពួកគេ​ចូល​ក្នុង​ថ្នាក់ ។ អ្នក​ខ្លះ​ទៀត​ផ្ញើ​សារ​តាម​ទូរសព្ទទៅ​អ្នក​ផ្សេង​ទៀត ។ មួយ​ចំនួន​តូច​ដល់​ថ្នាក់​ចម្លង​ចម្លើយ​ពី​មិត្ត​រួម​ថ្នាក់​គេ​ទៀតផង ។

ពួក​អ្នក​ដែល​លួច​មើលចម្លើយ តែងតែ​បាន​ពិន្ទុ​ខ្ពស់​ជាង​ខ្ញុំ ។ ទោះ​យ៉ាង​ណា ខ្ញុំ​មិន​ត្រូវ​បាន​ល្បួង​ឲ្យ​ចូល​រួម​នឹង​ពួកគេ​នោះ​ឡើយ ។ ខ្ញុំ​តែងតែ​ចងចាំ​ក្នុង​គំនិត និង ដួងចិត្ត​របស់​ខ្ញុំ​ថា ការ​បាន​ពិន្ទុ ០ ដោយ​ស្មោះត្រង់ គឺ​វា​ប្រសើរ​ជាង​បាន​ពិន្ទុ ១០០ ដោយ​លួច​មើល​គេ ។

បើ​ខ្ញុំ​លួច​មើលចម្លើយ នោះ​ខ្ញុំ​នឹង​មិន​បាន​ធ្វើ​ជា​គំរូ​ដល់​ពួកគេ​នោះ​ទេ ។ ខ្ញុំ​នឹង​មិន​រស់នៅ​ក្នុង​របៀប​មួយ ដែល​ខ្ញុំ​អាច​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​ពួកគេ​នោះ​ទេ ។ ខ្ញុំ​នឹង​មិន​បាន​បង្ហាញ​ពួកគេ​ថា សាសនាចក្រ​ពិត​នោះ​ទេ ។

នៅ​រសៀល​មួយ ខ្ញុំ​បាន​ទៅ​ការិយាល័យ​បេឡាធិការ​របស់​មហាវិទ្យាល័យ ដើម្បី​សួរ​អំពី​ប្រាក់​ដែល​ខ្ញុំ​នៅ​ជំពាក់​ថ្លៃ​សាលា​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​តែ​បង់​ថ្លៃ​សាលា​ទាំងអស់​សិន ពីមុន​ពេល​ដែល​ខ្ញុំ​អាច​ប្រឡង​បញ្ចប់​នៅ​សប្ដាហ៍​បន្ទាប់​នោះ ។ ពេល​ខ្ញុំ​កំពុង​ដើរ ខ្ញុំ​ព្រួយ​បារម្ភ​​ថា​តើ​ខ្ញុំ​ទៅ​យក​លុយ​ដែល​ខ្ញុំ​ត្រូវការ​នោះ​មក​ពី​ណា ។ សម្រាប់​និសិត្ស​ដែល​ផ្គង់ផ្គង់​ខ្លួន​ឯង​ដូច​ជា​ខ្ញុំ ផ្នែក​ហរិញ្ញវត្ថុ​គឺ​តឹងតែង​ណាស់ ។

ពេល​ខ្ញុំ​ទៅ​ដល់​ការិយាល័យ ខ្ញុំ​បាន​សួរ​បេឡា​ថា​ខ្ញុំ​នៅ​ជំពាក់​ប៉ុន្មាន​ទៀត ។

គាត់​បាន​និយាយ​ថា « អ្នក​មិន​បាច់​បង់​ទៀត​ទេ រហូត​ដល់​អ្នក​រៀន​ចប់ » ។

ដោយ​ភ្ញាក់​ផ្អើល នោះ​ខ្ញុំ​បាន​សួរ​ថា បើ​នាង​ប្រាកដ ឬ បើ​នាង​លេង​កំប្លែង​ដាក់​ខ្ញុំ​ទេ ។

នាង​បាន​និយាយ​ថា « មែន​ហើយ ខ្ញុំ​ប្រាកដ​ណាស់ ហើយ​ខ្ញុំ​និយាយ​ពិត​មែន » ។ « ទីប្រឹក្សា​ផ្នែក​ណែនាំ​បាន​ដាក់​ពាក្យ​ស្មើ​សម្រាប់​អ្នក ដើម្បី​ទទួល​បាន​អាហារូបករណ៍​ពី​ព្រឹទ្ធសភា ។ ឥឡូវ​នេះ អ្នក​គឺជា​និសិត្ស​អាហារូបករណ៍ » ។

ការ​ដែល​បាន​ឮ​ពាក្យ​ទាំង​នោះ ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​រីករាយ​ក្រៃលែង ។ ខ្ញុំ​បាន​អរគុណ​នាង ហើយ​បាន​រត់​ទៅ​ការិយាល័យ​របស់​ទីប្រឹក្សា​ផ្នែក​ណែនាំ ដើម្បី​អរគុណ​ដល់​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ខាង​នោះ ។

បន្ទាប់​ពី​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មាន​អំណរគុណ និង រីករាយ​យ៉ាង​ណា នោះ​ទីប្រឹក្សា​នោះ​បាន​និយាយ​ថា « ប្អូន​មិន​ចាំ​បាច់​អរគុណ​ខ្ញុំ​ទេ » ។ « ខ្ញុំ​គ្រាន់តែ​ជា​ឧបករណ៍​មួយ​ប៉ុណ្ណោះ » ។

កាល​ដែល​ខ្ញុំ​បាន​ចាកចេញ នោះ​ខ្ញុំ​នឹក​ចាំ​ពី​បទគម្ពីរ​ដែល​ខ្ញុំ​តែងតែ​ចូលចិត្ត​ចែកចាយ ៖ « មាន​ពរ​ហើយ អ្នក​ណា​ដែល​ឃើញ​ថា​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​នាម​យើង នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ ដ្បិត​អ្នក​នោះ​នឹង​ត្រូវ​បាន​តម្កើង​ឡើង​ឲ្យ​រស់​នៅ​ក្នុង​នគរ​ដែល​រៀបចំ​ឡើង​សម្រាប់​អ្នក​នោះ ចាប់​តាំង​ពី​កំណើត​លោកិយ​មក ។ ហើយ​មើល​ចុះ គឺ​យើង [ ព្រះយេស៊ូវគ្រីស្ទ ] នេះ​ហើយ​ដែល​បាន​និយាយ » ( អេធើរ ៤:១៩ ) ។

ដោយ​ការ​ធ្វើ​អ្វី​ត្រឹមត្រូវ នោះ​ខ្ញុំ​បាន​បង្ហាញ​ភាពស្មោះត្រង់​របស់​ខ្ញុំ​នៅក្នុង​ការ​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះវរបិតាសួគ៌​របស់​យើង — សូម្បី​តែ​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ភាព​មិន​ស្មោះ​ត្រង់​គឺ​ជា​រឿង​ធម្មតា​ក៏​ដោយ ។ ខ្ញុំ​ដឹង​ថា ដោយ​ការឈរ​យ៉ាង​រឹងមាំ​នៅក្នុង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ នោះ​ទ្រង់​នឹង​មិន​ដែលចាកចេញ​ពី​ខ្ញុំ​ឡើយ ។

ខ្ញុំ​សប្បាយ​ចិត្ត ដែល​ឥឡូវ​នេះ ខ្ញុំ​អាច​សិក្សា​ដោយ​មិន​បាច់​បារម្ភ​ពី​ការ​ចំណាយ​ប្រាក់ ។ ខ្ញុំ​ក៏​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ផងដែរ មិន​មែន​ព្រោះ​តែ​រង្វាន់ និង ពរជ័យ​ដែល​ខ្ញុំ​អាច​ទទួល​បាន​ប៉ុណ្ណោះ​ទេ តែ​ដោយសារ​ខ្ញុំ​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​អង្គ​ដែល​បាន​ធ្វើ​ជា​គំរូ​ដល់​ខ្ញុំ ។