ព្រះយេស៊ូវគ្រីស្ទ —ម្ចាស់នៃសេចក្ដីសុខសាន្តរបស់យើង
ចេញពីសុន្ទរកថានៃការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្មាស ឆ្នាំ ២០១៣ ។
សេចក្ដីសុខសាន្តមានដល់អស់អ្នកទាំងឡាយណា ដែលស្វែងរកម្ចាស់នៃសេចក្ដីសុខសាន្តដោយស្មោះអស់ពីចិត្ត ។
ការផ្ដោតទៅលើព្រះអម្ចាស់ និងជីវិតដ៏អស់កល្បជានិច្ច អាចជួយយើងឆ្លងកាត់ឧបសគ្គទាំងអស់នៃជីវិតរមែងស្លាប់ ។ មនុស្សដែលមិនឥតខ្ចោះចែកចាយភពផែនដី ជាមួយនឹងមនុស្សដែលមិនឥតខ្ចោះផ្សេងទៀត ។ ពិភពរបស់យើងគឺជាពិភពដែលធ្លាក់ ដែលត្រូវបានខូចខាតដោយបំណុលដ៏ហួសប្រមាណ សង្គ្រាម គ្រោះធម្មជាតិ ជំងឺ និង ការស្លាប់ ។
ឧបសគ្គផ្ទាល់ខ្លួនក៏កើតមាន ។ អ្វីក៏ដោយដែលអាចបណ្ដាលឲ្យមានការព្រួយបារម្ភ យើងម្នាក់ៗចង់បានខ្លាំងណាស់នូវសេចក្ដីសុខសាន្តដែលនៅក្នុងចិត្ត ។
សាររបស់ខ្ញុំមានទាក់ទងទៅនឹងប្រភពនៃសេចក្ដីសុខសាន្តដ៏ពិត និង ដ៏អស់កល្បតែមួយគត់ គឺព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទ — ម្ចាស់នៃសេចក្ដីសុខសាន្តរបស់យើង ។១
ព្រះយេស៊ូវបានមានព្រះបន្ទូលថា « ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា » ។២
ទ្រង់អាចនាំសេចក្ដីសុខសាន្តដល់អ្នកទាំងឡាយណាដែលជីវិតពួកគេត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម ។ ក្រុមគ្រួសារទាំងឡាយដែលត្រូវបានបំបែកដោយភារកិច្ចខាងយោធា ទ្រាំទ្រនឹងការចងចាំអំពីសង្គ្រាម ដែលគំនិតរបស់ខ្ញុំត្រូវបានដក់ជាប់ទៅនឹងអំឡុងសង្គ្រាមកូរ៉េ ។
សង្គ្រាមនៅជំនាន់បច្ចុប្បន្នរបស់យើងគឺកាន់តែជឿនលឿន ប៉ុន្តែនៅតែធ្វើឲ្យមានការឈឺចាប់ដល់ក្រុមគ្រួសារដូចគ្នា ។ ពួកអ្នកទាំងឡាយដែលរងទុក្ខយ៉ាងខ្លាំង អាចបែរមករកព្រះអម្ចាស់ ។ រីឯសាររបស់ទ្រង់គឺជាសារដ៏លួងលោមនៃសេចក្ដីសុខសាន្តនៅលើផែនដី ហើយសេចក្ដីល្អនឹងនៅកណ្ដាលមនុស្ស ។៣
សេចក្ដីសុខសាន្តអាចមានដល់អស់អ្នកទាំងឡាយណា ដែលពុំមានអារម្មណ៍ល្អ ។ រូបកាយខ្លះត្រូវរងរបួស ។ អ្នកផ្សេងទៀតត្រូវឈឺចាប់ខាងវិញ្ញាណ ដោយសារការបាត់បង់មនុស្សដែលជាទីស្រឡាញ់ ឬ រងរបួសខាងផ្លូវចិត្តផ្សេងៗទៀត ។ បងប្អូនប្រុសស្រី សេចក្ដីសុខសាន្តអាចមានដល់ព្រលឹងរបស់អ្នក ពេលអ្នកស្ថាបនាសេចក្ដីជំនឿទៅលើម្ចាស់នៃសេចក្ដីសុខសាន្ត ។
« តើនៅក្នុងចំណោមអ្នករាល់គ្នាមានអ្នកណាឈឺទេ ? ចូរនាំអ្នកទាំងនោះមកទីនេះចុះ ។ តើមាននរណាខ្វិន ឬ ខ្វាក់ ឬគ ឬ បាក់ដៃបាក់ជើង … ឬក៏ត្រូវរងទុក្ខដោយហេតុណាផ្សេងទៀត ? ចូរនាំពួកគេមកទីនេះចុះ ហើយយើងនឹងប្រោសឲ្យពួកគេបានជា » ។៤
« យើងឃើញថា សេចក្តីជំនឿរបស់អ្នករាល់គ្នាល្មមគ្រប់គ្រាន់ដើម្បីឲ្យយើងប្រោសអ្នកឲ្យបានជាហើយ » ។៥
សេចក្ដីសុខសាន្តអាចមានដល់មនុស្សម្នាក់ ដែលរងទុក្ខព្រួយ ។ មិនថាទុក្ខព្រួយនោះកើតមកពីកំហុស ឬ អំពើបាបមួយក៏ដោយ ក៏អ្វីទាំងអស់ដែលព្រះអម្ចាស់តម្រូវគឺការប្រែចិត្តដ៏ពិត ។ ព្រះគម្ពីរទទូចដល់យើងឲ្យ « រត់ចេញពីសេចក្ដីស្រើបស្រាលរបស់ក្មេង … [ ហើយ ] អំពាវនាវដល់ព្រះអម្ចាស់អំពីចិត្តដ៏បរិសុទ្ធវិញ » ។៦ បន្ទាប់មក « ប្រទាលមុខសេះនៅស្រុកកាឡាត » របស់ទ្រង់ដែលធ្វើឲ្យស្រាក អាចព្យាបាលសូម្បីតែព្រលឹងដែលឈឺដោយអំពើបាបបាន ។៧
សូមគិតអំពីការផ្លាស់ប្ដូររបស់ ចន នូវថុន ដែលបានកើតនៅទីក្រុង ឡុង ក្នុងឆ្នាំ ១៧២៥ ។ គាត់បានប្រែចិត្តពីជីវិតដ៏ពោរពេញដោយអំពើបាបរបស់គាត់ ដែលជាអ្នកជួញដូរទាសករ ដើម្បីក្លាយទៅជាអាចារ្យនៃសាសនាអង់គ្លីកង់ ។ ជាមួយនឹងការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងដួងចិត្ត ចនបានសរសេរទំនុកច្រៀងដល់ទំនុកតម្កើង « ព្រះគុណដ៏អស្ចារ្យ » ។
ព្រះគុណដ៏អស្ចារ្យ ! ឱ សម្លេងពិរោះអ្វីម្ល៉េះ
ដែល បាន សង្គ្រោះ ជន ទុច្ចរិត ដូចជា ខ្ញុំ ។
ខ្ញុំធ្លាប់វង្វេង តែឥឡូវរកឃើញ
ខ្ញុំធ្លាប់ខ្វាក់ តែឥឡូវខ្ញុំមើលឃើញ ។៨
« នៅឋានសួគ៌នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់បានប្រែចិត្តវិញ » ។៩
សេចក្ដីសុខសាន្តអាចមានដល់អស់អ្នកទាំងឡាយណា ដែលមានការងារធ្ងន់ ៖
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។
« ចូរទទួលនឹមខ្ញុំចុះ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង ។
« ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ។១០
សេចក្ដីសុខសាន្តអាចមានដល់អ្នកទាំងឡាយណាដែលទួញសោក ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីកំសាន្តចិត្ត » ។១១ ពេលដែលយើងទ្រាំទ្រនូវការស្លាប់របស់មនុស្សជាទីស្រឡាញ់ យើងអាចបានពោរពេញដោយសេចក្ដីសុខសាន្តរបស់ព្រះអម្ចាស់ តាមរយៈការខ្សឹបនៃព្រះវិញ្ញាណ ។
« អស់អ្នកណាដែលស្លាប់ក្នុងយើង នោះនឹងមិនត្រូវភ្លក់សេចក្ដីស្លាប់ឡើយ ដ្បិតសេចក្ដីស្លាប់នឹងបានទៅជាសេចក្ដីផ្អែមល្ហែមដល់ពួកគេវិញ » ។១២
« ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកិយឲ្យទេ ។ កុំឲ្យអ្នករាល់គ្នាថប់បារម្ភ ឬ ភ័យឡើយ » ។១៣
« ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយគង់តែនឹងរស់ឡើងវិញដែរ ៖
« ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ » ។១៤
សេចក្ដីសុខសាន្តមានដល់អស់អ្នកទាំងឡាយណា ដែលស្វែងរកម្ចាស់នៃសេចក្ដីសុខសាន្តដោយស្មោះអស់ពីចិត្ត ។ សាររបស់ទ្រង់គឺជាសារដ៏ផ្អែមល្អែម និង សង្គ្រោះ ដែលពួកអ្នកផ្សព្វផ្សាយសាសនានាំយកទៅទូទាំងពិភពលោក ។ ពួកគេផ្សព្វផ្សាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដូចដែលត្រូវបានស្តារឡើងវិញដោយទ្រង់ផ្ទាល់ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀននូវព្រះបន្ទូលដែលធ្វើឲ្យផ្លាស់ប្ដូរជីវិតរបស់ព្រះអម្ចាស់ « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ។១៥
សេចក្ដីសុខសាន្តមានដល់អស់អ្នកទាំងឡាយណា ដែលជ្រើសរើសដើរតាមផ្លូវរបស់លោកគ្រូ ។ ការអញ្ជើញរបស់ទ្រង់ត្រូវបានបង្ហាញនៅក្នុងព្រះបន្ទូលដ៏ពោរពេញដោយសេចក្ដីស្រឡាញ់បួនពាក្យ ៖ « ចូរ មកតាមខ្ញុំ » ។១៦
យើងនឹងច្រៀងសរសើរព្រះនាមទ្រង់១៧ ដ្បិតទ្រង់នឹងយាងមកម្ដងទៀត ។ បន្ទាប់មក « សិរីល្អនៃព្រះយេហូវ៉ានឹងសម្ដែងមក គ្រប់មនុស្សទាំងឡាយនឹងបានឃើញព្រមគ្នា » ។១៨ ក្នុងព្រះនាមជាព្រះម៉េស៊ីនៃសហស្សវត្ស ទ្រង់នឹងសោយរាជជាស្ដេចលើអស់ទាំងស្ដេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ។១៩
ពេលយើងធ្វើតាមព្រះយេស៊ូវគ្រីស្ទ នោះទ្រង់នឹងដឹកនាំយើងដើម្បីបានទៅរស់នៅជាមួយទ្រង់ និង ព្រះវរបិតាសួគ៌របស់យើង ជាមួយក្រុមគ្រួសាររបស់យើង ។ តាមរយៈឧបសគ្គជាច្រើនរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ ប្រសិនបើយើងបន្តនៅស្មោះត្រង់ដល់សេចក្ដីសញ្ញាដែលបានធ្វើ ប្រសិនបើយើងស៊ូទ្រាំដល់ទីបញ្ចប់ នោះយើងនឹងមានភាពសក្ដិសមដើម្បីទទួលបានអំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ។២០ នៅក្នុងវត្តមានដ៏បរិសុទ្ធរបស់ទ្រង់ ក្រុមគ្រួសាររបស់យើងអាចនៅជាមួយគ្នាជានិរន្តរ៍ ។
សូមព្រះប្រទានពរជ័យដល់អ្នក បងប្អូនប្រុសស្រីទំាងឡាយរបស់ខ្ញុំអើយ ។ សូមឲ្យអ្នក និង មនុស្សជាទីស្រឡាញ់របស់អ្នកបានរីករាយជារៀងរហូតជាមួយនឹងពរជ័យទាំងអស់របស់ព្រះអម្ចាស់យើង — ជាម្ចាស់នៃសេចក្ដីសុខសាន្តរបស់យើង ។