២០១៥
ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​នៃ​សេចក្ដី​សុខសាន្ត​មក​កាន់​ខ្ញុំ
ខែ កក្កដា ឆ្នាំ ២០១៥


ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​នៃ​សេចក្ដី​សុខសាន្ត​មក​កាន់​ខ្ញុំ

ត្រីស្សា ថមឃិនសិន រីកស៍ រដ្ឋ អារីហ្សូណា ស.រ.អា

illustration of girl in a hospital bed

កូន​ស្រី​របស់​យើង ខារលី បាន​ឈឺ​អស់​ពីរបី​ថ្ងៃ ហើយ​ខ្ញុំ​បាន​គិត​ថា នាង​គ្រាន់តែ​ផ្ដាសាយ​ប៉ុណ្ណោះ ។ ប៉ុន្តែ ពេល​រោគ​សញ្ញា​របស់​នាង​ចេះ​តែ​រីក​រាល​ដាលឡើង នោះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​គិត​ថា វា​ធ្ងន់ធ្ងរ ។

ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ​ត្រូវ​បាន​បញ្ជាក់ និង រឹត​តែ​ភ័យ​ខ្លាំង​ឡើង​ពេល​នៅ​ឯ​ការណាត់​ជួប​ជាមួយ​គ្រូពេទ្យ​របស់​នាង — ខារលី​ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​រោគ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ។ នាង​បាន​បាន​សន្លប់​ដោយ​សារ​រោគ​ទឹកនោម​ផ្អែម ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ​ជា​បន្ទាន់ ។ ខ្ញុំ​បាន​អធិស្ឋាន​នៅ​ក្នុង​ចិត្ត​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្ងប់​អារម្មណ៍ និង ថា​គ្រូពេទ្យ​អាច​ជួយ​នាង​បាន ។

ពេល​យើង​មក​ដល់​បន្ទប់​សង្គ្រោះ​បន្ទាន់ ពួក​គ្រូពេទ្យ និង គលានុបដ្ឋយិកា បាន​ប្រញាប់​ប្រញាល់​ធ្វើ​ការ​ដើម្បី​សង្គ្រោះ​នាង ។ ខ្ញុំ​បាន​ទូល​អង្វរ​ដល់​ព្រះវរបិតា​របស់​ខ្ញុំ ដើម្បី​បាន​ការលួងលោម និង សេចក្ដី​សុខសាន្ត ។

ក្នុង​ពេល​ស្ងាត់​មួយ​ភ្លែត ស្វាមី​ខ្ញុំ និង ឪពុក​គាត់​បាន​ផ្ដល់​ពរជ័យ​បព្វជិតភាព​ដល់​ខារលី ។ នៅក្នុង​ការប្រសិទ្ធិពរ​របស់​គាត់ ស្វាមី​ខ្ញុំ​បាន​អះអាង​ដល់​នាង​ថា វា​ជា​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌​របស់​នាង​ថា​នាង​នឹង​រស់នៅ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​អារម្មណ៍​នូវ​សេចក្ដី​សុខសាន្ត ។

បន្ទាប់​ពី​បួន​ប្រាំ​ម៉ោង​នៃ​ការ​មើល​គ្រូពេទ្យ​ចាក់ និង ពិនិត្យ​មើល​ការ​រីកចម្រើន​របស់​ខារលី នោះ​ខ្ញុំ​បាន​អស់​កម្លាំង​ជា​ខ្លាំង ។ បន្ទប់​របស់​នាង​មិន​សូវ​រវល់​ទេ​នៅ​ម៉ោង ១:០០ ព្រឹក ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​រំពឹង​អ្វី​នោះ​ទេ ខ្ញុំ​ពុំ​អាច​គេង​លក់ ហើយ​មាន​អារម្មណ៍​ឯកោ ។

ខ្ញុំ​បាន​ដក​ព្រះគម្ពីរ​មរមន​ចេញ​មក ដែល​ប្អូន​ស្រី​ខ្ញុំ​បាន​យក​មក​មន្ទីរ​ពេទ្យ ហើយ​បាន​អធិស្ឋាន​ថា ព្រះគម្ពីរ​នឹង​នាំ​មក​នូវ​ការអះអាង​ឡើង​វិញ​ដែល​ខ្ញុំ​ត្រូវការ ។ ព្រះគម្ពីរ​បាន​បើក​នៅ អាលម៉ា ៣៦:៣ ។ ពេល​ខ្ញុំ​អាន ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​កំពុង​មាន​បន្ទូល​មក​ខ្ញុំ​ ៖ « ឪពុក​ដឹង​ថា នរណា​ដែល​ដាក់​ទី​ទុកចិត្ត​របស់​ខ្លួន​ទៅលើ​ព្រះ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​គាំទ្រ​នៅក្នុង​ការពិសោធន៍​របស់​គេ និង វិបត្តិ​របស់​គេ និង ការទុក្ខ​វេទនា​របស់​គេ ហើយ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ » ។

ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត​ជា​លើក​ទីពីរ​នៅ​យប់​នោះ ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​ទ្រង់​ត្រាស់​ដឹង​ពី​យើង ។ ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​នៅ​ទី​នោះ ហើយ​ថា ខ្ញុំ​ត្រូវ​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។

កាល​ដែល​ខ្ញុំ​បាន​នឹក​ពី​ព្រឹត្តិការណ៍​នៅ​ក្នុង​ថ្ងៃ​នោះ ខ្ញុំ​បាន​គិត​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​យើង ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​ត្រូវ​យក​ខារលី​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ។ យើង​បាន​មក​ដល់​មន្ទីរ​ពេទ្យ​ដោយ​សុវត្ថិភាព ។ អ្នក​កាន់​អំណាច​បព្វជិតភាព​បាន​មក​ដល់​ភ្លាមៗ ហើយ​បាន​ធ្វើ​ការ​ប្រសិទ្ធពរ ។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក យើង​បាន​ទម្លាប់​ក្នុង​ការពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម​នាង ហើយ​បាន​រៀបចំ​ចំណី​ជា​ស្រេច ។ យើង​បាន​រៀន​ពី​របៀប​ដែល​ការគ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​អាច​មាន​ឥទ្ធិពល​ទៅ​លើ​រាង​កាយ ។ ជំងឺ​របស់​ខារលី​នៅ​តែ​ជា​ការលំបាក​មួយ ប៉ុន្តែ​យើង​បាន​រៀន​ដើម្បី​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌​ជា​រៀង​រាល់​ថ្ងៃ ។

ថ្ងៃ​នោះ​ដែល​នៅ​ក្នុង​មន្ទីរ​ពេទ្យ ពុំ​មែន​ជា​ថ្ងៃ​ដែល​ខ្ញុំ​ចង់​មាន​ម្ដង​ទៀត​ទេ ប៉ុន្តែ​វា​ជា​ថ្ងៃ​មួយ​ដែល​ខ្ញុំ​នឹង​មាន​អំណរគុណ​ចំពោះ​វា​ជានិច្ច ។ វា​ជា​ថ្ងៃ​មួយ​នៃ​ការ​រៀន ការអនុវត្ត​សេចក្ដី​ជំនឿ ការមាន​អារម្មណ៍​នៃ​ការដឹង​គុណ ។ ខ្ញុំ​បាន​រៀន​ថា ព្រះវរបិតាសួគ៌​ទ្រង់​ត្រាស់​ដឹង​អំពី​បុត្រា​បុត្រី​ទ្រង់​ម្នាក់ៗ ហើយ​ថា ទ្រង់​នឹង​ពិត​ជា​គាំទ្រ​យើង​នៅក្នុង​ការសាកល្បង​ទាំងឡាយ ។