ការលេចចេញមកនៃ ព្រះគម្ពីរមរមន
នេះគឺជាអត្ថបទទីពីរក្នុងអត្ថបទដែលមានពីរផ្នែក អំពីព្យាការី យ៉ូសែប ស្ម៊ីធ ។ អត្ថបទទីមួយ « ផ្លូវទៅកាន់ប៉ាលម៉ៃរ៉ា » មាននៅក្នុងច្បាប់ លីអាហូណា, ខែ មិថុនា ឆ្នាំ ២០១៥ ។
ដូចជា យ៉ូសែប ស៊្មីធ ដែរ អ្នកមិនចាំបាច់មានជីវិតដ៏ល្អឥតខ្ចោះ ដើម្បីធ្វើជាឧបករណ៍ដ៏ពោរពេញដោយចេស្ដានៅក្នុងព្រះហស្ដរបស់ព្រះឡើយ ។
ដូចជាផ្លូវទៅប៉ាលម៉ៃរ៉ារបស់ យ៉ូសែប ស្ម៊ីធ ដែលមាននូវការលំបាក និង សេចក្ដីសោកសៅ និង ការសាកល្បងជាច្រើន ការខិតខំប្រឹងប្រែងរបស់លោកក្នុងការនាំមកនូវព្រះគម្ពីរមរមនក៏ដូចគ្នាដែរ — ជាដំណើរការដែលនៅពេលមួយនោះ បានធ្វើឲ្យលោកធ្លាក់ក្នុងអន្លង់នៃក្ដីអស់សង្ឃឹមយ៉ាងជ្រៅបំផុត ។
នៅរាត្រីនៃថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ យ៉ូសែប សម្រាន្តមិនលក់សោះ ។ វាមានរយៈពេលបីឆ្នាំហើយ តាំងពីលោកបានមានការនិមិត្តដ៏ធំមហិមា គឺដែលបានឃើញព្រះជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ប្រទល់មុខ ក្នុងការឆ្លើយតបដល់ការអង្វរដ៏ស្មោះអស់ពីដួងចិត្តរបស់លោក ដើម្បីដឹងថាសាសនាចក្រមួយណាត្រឹមត្រូវ ។ តាំងពីថ្ងៃនោះ លោកបាន « តែងតែធ្លាក់ទៅក្នុងការខុសឆ្គងជាច្រើន ហើយសម្ដែងនូវការទន់ខ្សោយនៃយុវវ័យ និង ការឆ្កួតលីលានៃមនុស្សលោក » ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:២៨ ) ។
ដោយដឹងខ្លួនអំពីកំហុសទាំងនេះ យ៉ូសែប ដែលមានអាយុ ១៧ ឆ្នាំ បានអង្វរ « សូមក្ដីអភ័យទោស ចំពោះអស់ទាំងអំពើបាប និង អំពើឆ្កួតលីលា [ របស់លោក ] » ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:២៩ ) ។ ក្នុងការឆ្លើយតប ទេវតាមួយអង្គបានមកក្បែរគ្រែរបស់លោក យ៉ូសែបបានប្រាប់ថា « ហើយលោកបានមានប្រសាសន៍ថា ព្រះអម្ចាស់បានអត់ទោសដល់អំពើបាបរបស់ខ្ញុំ » ។១
ទេវតាដែលបានហៅខ្លួនទ្រង់ថា មរ៉ូណៃ បានប្រាប់យ៉ូសែបថា ព្រះគម្ពីរមួយ « ដែលមានសរសេរនៅលើផ្ទាំងមាស » និង មាននូវ « ភាពពោរពេញនៃដំណឹងល្អដ៍អស់កល្បជានិច្ច » ត្រូវបានកប់ទុកនៅកូនភ្នំជិតផ្ទះលោកនៅ ប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ។ រួមជាមួយនឹងគម្ពីរនោះគឺ « មានត្បូងពីរដុំនៅក្នុងស៊ុមប្រាក់ — ហើយត្បូងទាំងពីរនេះភ្ជាប់ជាមួយនឹងប្រដាប់បាំងទ្រូង ជារបស់ដែលហៅថា យូរីម និង ធូមីម » ដែល « ព្រះទ្រង់បានរៀបត្បូងនោះទុក … ជាប្រយោជន៍នៃការបកប្រែគម្ពីរនេះឯង » ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:៣៤, ៣៥ ) ។
នៅយប់នោះ មរ៉ូណៃបានយាងមកជួបនឹងយុវជនដែលពោរពេញដោយការភ្ញាក់ផ្អើលក្រៃលែងនោះពីរដងបន្ថែមទៀត ហើយបានមានប្រសាសន៍ជាថ្មីម្ដងទៀតដោយប្រុងប្រយ័ត្ននូវអ្វីដែលលោកបានមានបន្ទូលពីមុន ។ យ៉ូសែប បានមានប្រសាសន៍ថា រៀងរាល់ពេលទេវតាបានបន្ថែមនូវការដាស់តឿនមួយ « ដោយប្រាប់ខ្ញុំថា អារក្សសាតាំងនឹងព្យាយាមល្បួងខ្ញុំ ( ពីព្រោះមកពីសភាពក្រខ្សត់របស់គ្រួសារឪពុកខ្ញុំ ) ឲ្យទៅយកផ្ទាំងទាំងឡាយ ដើម្បីនឹងកសាងខ្លួនជាអ្នកមាន ។ រឿងនេះទ្រង់ឃាត់ខ្ញុំ ដោយមានបន្ទូលថា ខ្ញុំមិនត្រូវមានគោលបំណងផ្សេងទៀតក្នុងសេចក្ដីនឹកគិត ក្នុងការបានផ្ទាំងទាំងឡាយមក ក្រៅពីដើម្បីសរសើរតម្កើងព្រះ ហើយមិនត្រូវធ្លាក់ទៅក្នុងឥទ្ធិពលនៃមូលហេតុអ្វីផ្សេងទៀតឡើយ ក្រៅពីការកសាងនគរនៃព្រះប៉ុណ្ណោះ មិនដូច្នោះសោតទេ ខ្ញុំមិនអាចនឹងយកផ្ទាំងទាំងឡាយមកបានឡើយ » ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:៤៦ ) ។
នៅថ្ងៃបន្ទាប់នោះ យ៉ូសែបអស់កម្លាំងជាខ្លាំងដោយសារតែបទពិសោធន៍ដែលលោកបានទទួលនៅយប់នោះ ។ ឪពុករបស់លោកបានឲ្យលោកចេញពីការធ្វើការក្នុងចម្ការ ហើយពេលដែលយ៉ូសែប ដើរទៅផ្ទះដើម្បីសម្រាក នោះមរ៉ូណៃបានមកជួបលោកជាលើកទីបួន ។ ទេវតាបានណែនាំយ៉ូសែប ឲ្យត្រឡប់ទៅជួបឪពុកលោកវិញ ហើយប្រាប់ឪពុកអំពីការនិមិត្តនោះ ហើយយ៉ូសែបបានធ្វើដូច្នោះ ។ បន្ទាប់មក លោកបានទៅកូនភ្នំនៅក្បែរនោះ ( សូមមើល យ៉ូសែប ស៊្មីធ — ប្រវត្តិ ១:៤៩–៥០ ) ។
បន្ទាប់ពីមកដល់ភ្នំហើយ យ៉ូសែបបានគាស់បើកប្រអប់ថ្មដែលកប់នោះ ដែលមានផ្ទុកនូវផ្ទាំងទាំងឡាយ ហើយបានឈោងដៃទៅផ្ទាំងទាំងនោះ ។ ពេលលោកកំពុងតែឈោងដៃទៅ នោះមានកម្លាំងយ៉ាងខ្លាំងមួយទាញលោកទៅក្រោយ ហើយបានធ្វើឲ្យលោកអស់កម្លាំង ។ ពេលលោកបានបន្លឺសំឡេង ដោយសួរថាហេតុអ្វីលោកមិនអាចយកផ្ទាំងទាំងឡាយនោះចេញមក នោះមរ៉ូណៃបានប្រាប់លោកថា « ពីព្រោះឯងពុំបានរក្សាព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ » ។២
ថ្វីបើមានការព្រមានដ៏ច្បាស់លាស់ពីទេវតាក្ដី ក៏យ៉ូសែប បានគិតថា ផ្ទាំងទាំងនោះប្រហែលជាអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់គ្រួសារលោកបាន ។៣ ជាលទ្ធផល មរ៉ូណៃបានបង្កើតជាពេលវេលាសាកល្បងបួនឆ្នាំ ដើម្បីឲ្យយ៉ូសែបមានភាពចាស់ទុំ និង ដើម្បីរៀបចំដួងចិត្ត និង គំនិតរបស់លោក ដើម្បីទទួលយកការហៅរបស់លោក ដោយមានគោលបំណងដ៏បរិសុទ្ធដែលជាការតម្រូវឲ្យមានក្នុងការធ្វើកិច្ចការដ៏ពិសិដ្ឋបែបនោះ ។
ឧបសគ្គទាំងឡាយក្នុងការបកប្រែ
បួនឆ្នាំក្រោយមក យ៉ូសែបបានរៀបចំរួចរាល់នៅទីបំផុត ។ ទោះយ៉ាងណា ឧបសគ្គទាំងឡាយក្នុងការបកប្រែផ្ទាំងទាំងឡាយគឺធំក្រៃលែង ។ ទើបនឹងរៀបការថ្មីថ្មោង យ៉ូសែបត្រូវធ្វើការដើម្បីផ្គត់ផ្គង់ដល់អិមម៉ា និង រូបលោកផ្ទាល់ ក៏ដូចជាសមាជិកក្រុមគ្រួសារលោក ដែលនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើការរួមចំណែករបស់លោក ។ ប្រហែលអ្វីដែលកាន់តែពិបាកជាងនោះទៀត គឺ យ៉ូសែប បានប្រឈមនឹងការជំទាស់ និង ភាពកំណាញ់របស់សហគមន៍ដ៏ធំនោះ ដែលបានគំរាមកំហែងថានឹងធ្វើឲ្យគេដឹងឮ និង ធ្វើឲ្យបាត់បង់ផ្ទាំងទាំងឡាយនោះ ។
ពេលដែលក្រុមមនុស្សកំណាចនៅប៉ាម៉ៃរ៉ាមួយក្រុមសម្លុតឲ្យយ៉ូសែបបង្ហាញផ្ទាំងទាំងឡាយដល់ពួកគេ ឬក៏លោកនឹងត្រូវចាក់ជ័រកៅស៊ូ និង រោមសត្វលើ នោះលោកបានដឹងថា លោកត្រូវតែចាកចេញ ។៤ ដូច្នេះ នៅចុងឆ្នាំ ១៨២៧ យ៉ូសែប បានលាក់ទុកផ្ទាំងទាំងឡាយនៅក្នុងធុងសណ្ដែកមួយ បានវេចរបស់របរមួយចំនួន បានខ្ចីប្រាក់ ៥០ ដុល្លារ ពីមិត្តរបស់លោក និង ជាអ្នកជឿដំបូងគេ គឺ ម៉ាទិន ហារិស ហើយបាននាំភរិយារបស់លោកដែលកំពុងមានផ្ទៃពោះ ធ្វើដំណើរជាង ១៦១ គ.ម ទៅខាងត្បូងទៅភូមិ ហារម៉ូនី រដ្ឋ ផែនសិលវេញ៉ា ដើម្បីទៅរស់នៅជាមួយឪពុកម្ដាយរបស់អិមម៉ា ។ លោកបានសង្ឃឹមថា ការផ្លាស់ប្ដូរនឹងជួយសម្រាលដល់ការងារប្រចាំថ្ងៃរបស់ពួកលោក និង រំដោះពួកលោកពីប្រពលភាពនៃការលោភលន់ និង កំហឹងឃោរឃៅដែលមានពាសពេញប៉ាលម៉ៃរ៉ា ។
ស្ថានភាពបានប្រសើរឡើងគ្រប់គ្រាន់នៅរដូវរងានោះ ដែលនាំឲ្យយ៉ូសែបអាចបកប្រែព្រះគម្ពីរមរមនបានខ្លះៗ ។ នៅខែ មេសា ម៉ាទិន ហារិស បានផ្លាស់ទៅហារម៉ូនី ដើម្បីជួយយ៉ូសែប ក្នុងនាមជាស្មៀន ហើយកិច្ចការនៃការបកប្រែបានចាប់ផ្ដើមយ៉ាងហ្មត់ចត់ ។ មកដល់ពាក់កណ្តាលខែ មិថុនា — គឺប្រហែលជាប្រាំឆ្នាំ តាំងពីថ្ងៃដ៏សំខាន់បំផុតនោះ ដែលយ៉ូសែបត្រូវបានណែនាំជាលើកទីមួយឲ្យទៅឯភ្នំគូម៉ូរ៉ា ដើម្បីទៅទទួលផ្ទាំងទាំងឡាយ —ពួកលោកធ្វើបាន ១១៦ ទំព័រ នូវច្បាប់សរសេរដៃនៃការបកប្រែនោះ ។៥
មកដល់ត្រឹមនេះ ម៉ាទិនបានទទូចសុំការអនុញ្ញាតពីយ៉ូសែប ដើម្បីយកច្បាប់សរសេរដៃនោះទៅប៉ាលម៉ៃរ៉ាដើម្បីបង្ហាញដល់លូស៊ី ជាភរិយារបស់គាត់ ដែលយើងអាចយល់បានថា នាងចង់ឃើញភស្ដុតាងមួយចំនួននូវអ្វីដែលបានយកពេលវេលា និង ទ្រព្យសម្បត្តិជាច្រើនរបស់ស្វាមីនាង ។ ប៉ុន្តែ បន្ទាប់ពីបានសូមដល់ព្រះអម្ចាស់ យ៉ូសែបត្រូវបានប្រាប់ពីរដងថា កុំអនុញ្ញាតឲ្យម៉ាទិនយកច្បាប់សរសេរដៃនោះទៅ ។៦
ដើម្បីឲ្យស្ងប់ដល់ចិត្តភរិយាគាត់ដែលមានការសង្ស័យ និង តម្រូវឥតស្រាកស្រាន្ត នោះម៉ាទិនបានទៅដេញដោលសុំយ៉ូសែបម្ដងទៀត ។ ដោយការព្រួយចិត្ត នោះយ៉ូសែបបានទៅឯព្រះអម្ចាស់ជាលើកទីបី ។ ជាការឆ្លើយតបវិញ ព្រះអម្ចាស់បានប្រាប់យ៉ូសែបថា ម៉ាទិនអាចយកច្បាប់សរសេរដៃនោះ បើគាត់នឹងគ្រាន់តែបង្ហាញវាដល់មនុស្សដែលបានជ្រើសតែប្រាំនាក់ ហើយបន្ទាប់មកឲ្យវាត្រឡប់មកវិញភ្លាម ។ យ៉ូសែបបានឲ្យច្បាប់សរសេរដៃនោះទៅគាត់ដោយស្ទាក់ស្ទើរ ប៉ុន្តែម៉ាទិនត្រូវចុះហត្ថលេខាលើសេចក្ដីសញ្ញាជាលាយលក្ខណ៍អក្សរដើម្បីធ្វើដូចដែលព្រះអម្ចាស់បានណែនាំសិន ។៧
ការណ៍នេះបានផ្ដើមនូវព្រឹត្តិការណ៍ទាំងឡាយ ដែលនាំឲ្យយ៉ូសែបក្រៀមក្រំចិត្តបំផុតជាងការណ៍ណាណាទាំងអស់ដែលធ្លាប់កើតឡើងចំពោះលោក ។ មិនយូរប៉ុន្មានបន្ទាប់ពីម៉ាទិនបានចាកចេញទៅ អិមម៉ាបានផ្ដល់កំណើតដល់កូនប្រុសម្នាក់ ។ នាង និង យ៉ូសែប បានដាក់ឈ្មោះកូនប្រុសដំបូងរបស់ពួកលោកថា អាលវិន ទុកជាការឧទ្ទិសដល់បងប្រុសជាទីស្រឡាញ់របស់យ៉ូសែបដែលបានលាចាកលោកកាលពីប្រាំឆ្នាំមុននោះ ។ វាជាសោកនាដកម្មមួយ ជាជាងឲ្យការបំពេញចន្លោះដ៏ធំមួយ នោះអាវិនដ៏តូចបែរជាពង្រីកចន្លោះនោះទៅវិញ ដោយបានស្លាប់ទៅវិញនៅថ្ងៃដែលគាត់បានកើតមកនោះ គឺនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៨២៨ ។
ការណ៍នេះស្ទើរតែមិនអាចទ្រាំទ្របានទៅហើយ រវាងការអស់កម្លាំងដែលមកពីការឈឺពោះដ៏យូរ និង ខ្លាំងក្លា និង អារម្មណ៍ទុក្ខព្រួយពីការបាត់បង់កូននាង នោះអិមម៉ាផ្ទាល់ក៏បានស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ជិតនឹងបាត់បង់ជីវិតទៀតផង ។ អស់រយៈពេលពីរសប្ដាហ៍ យ៉ូសែបបានព្រួយបារម្ភពីអិមម៉ា ថែទាំនាងឲ្យមានសុខភាពឡើងវិញ សូម្បីតែលោកបានធ្វើការទាំងហែលឆ្លងទុក្ខព្រួយរបស់លោកអំពីទារកអាលវិន ។ នៅទីបំផុត ពេលអិមម៉ាបានបង្ហាញសញ្ញានៃការមានសុខភាពរឹងប៉ឹងឡើងវិញ នោះគំនិតរបស់យ៉ូសែបបានបែរទៅម៉ាទិន និង ច្បាប់សរសេរដៃទាំងនោះ ។៨
ដោយជ្រាបដឹងពីកង្វល់របស់យ៉ូសែប នោះអិមម៉ាបានលើកទឹកចិត្តលោកឲ្យត្រឡប់ទៅប៉ាលម៉ៃរ៉ា ដើម្បីទៅពិនិត្យមើលម៉ាទិន និង ច្បាប់សរសេរដៃទាំងនោះ ។ ជាមួយនឹងភាពស្រងេះស្រងោចដែលអាចមើលឃើញលើផ្ទៃមុខលោកទឹកមុខយ៉ាងស្រពាប់ស្រពោន នោះលោកជិះរទេះសេះធ្វើដំណើរទៅទិសខាងជើង ។ ដោយមិនបានហូបចុក ឬ មិនបានទទួលទានដំណេកនៅតាមផ្លូវ នោះយ៉ូសែបបានទៅដល់ផ្ទះឪពុកម្ដាយលោក — ដោយដើរចម្ងាយ ៣២ គ.ម កាត់យប់ដ៏ងងឹត ពីកន្លែងដែលលោកអាចឈប់រទេះបាន — ដោយបានជំនួយពីអ្នកធ្វើដំណើរជាមួយគ្នា ( ជា « អ្នកដទៃ » មា្នក់ ) ដែលបានអាណិតដល់លោក ។៩
បន្ទាប់ពីយ៉ូសែបបានមកដល់ និង បានទទួលការថែទាំបន្តិចហើយ នោះម៉ាទិនត្រូវបានហៅឲ្យមកជួប ។ គាត់ត្រូវមកចូលរួមនឹងក្រុមគ្រួសារស្ម៊ីធ សម្រាប់អាហារពេលព្រឹក ប៉ុន្តែពុំបានមករហូតដល់ថ្ងៃត្រង់ ។ ដោយដើរយឺតៗ នោះគាត់បានឈប់នៅឯក្លោងទ្វារផ្ទះ ផ្លោះរបង ហើយបានទាញមួកមកគ្របភ្នែកគាត់ ហើយបានអង្គុយនៅទីនោះ ។១០
« អ្វីៗទាំងអស់បាត់អស់ហើយ ! »
ទីបំផុត ម៉ាទិនបានចូលមកក្នុងផ្ទះ ។ ដោយមិនបានស្រដីមួយម៉ាត់សោះ នោះគាត់បានយកសមស្លាបព្រារបស់គាត់ដើម្បីបរិភោគ ។ ប៉ុន្តែ មុននឹងដាក់ចូលទៅក្នុងមាត់ គាត់បានយំទាំងបន្លឺថា « ឱ ខ្ញុំបានបាត់បង់ព្រលឹងខ្ញុំហើយ ! »១១
ជាមួយនឹងឃ្លានេះ យ៉ូសែបក្រោកឈរឡើង ហើយទ្រហោយំជាសំឡេងខ្លាំងៗ ៖ « ម៉ាទិន តើលោកបានធ្វើឲ្យបាត់ច្បាប់សរសេរដៃទាំងនោះមែនទេ ? » តើលោកបានបំពានសម្បថរបស់លោក ហើយនាំមកនូវការផន្ទាទោសមកលើក្បាលខ្ញុំ ក៏ដូចជាក្បាលរបស់លោកផ្ទាល់ឬ ? »
ម៉ាទិនបានឆ្លើយតបដោយស្រងូតស្រងាត់ថា « មែនហើយ វាបាត់អស់ហើយ ហើយខ្ញុំមិនដឹងថាវាបាត់ទៅណាទេ » ។១២ ( ម៉ាទិនបានបង្ហាញច្បាប់សរសេរដៃទៅមនុស្សផ្សេងទៀត ក្រៅពីមនុស្សប្រាំនាក់ យ៉ូសែបបានរៀបរាប់ក្រោយមកទៀតថា « ហើយដោយកលល្បិច នោះច្បាប់សរសេរដៃទាំងនោះត្រូវបានគេយកពីគាត់ទៅ » ។១៣ )
យ៉ូសែបបានយំស្រែកយ៉ាងខ្លាំង ទាំងស្រែក ៖ « បាត់អស់ហើយ ! បាត់អស់ហើយ ! តើខ្ញុំធ្វើដូចម្ដេចទៅ ? ខ្ញុំបានធ្វើអំពើបាប — វាគឺជាខ្ញុំ ដែលអន្ទងយកសេចក្ដីក្រោធនៃព្រះ » ។ ដោយទាំង « យំខ្សឹកខ្សួល ទាំងស្រែកថ្ងូរផង ហើយសេចក្ដីសោកសៅដ៏ជូរចត់បំផុត ដែលបានបំពេញពេញទាំងក្នុងផ្ទះ » នោះយ៉ូសែប បង្ហាញនូវទុក្ខព្រួយដ៏ធំធេងបំផុត ។១៤
កិច្ចការបកប្រែបានឈប់មួយរដូវកាល ហើយផ្ទាំងទាំងឡាយ និង ប្រដាប់បកប្រែត្រូវបានយកចេញពីយ៉ូសែប រហូតដល់ថ្ងៃទី ២២ ខែ កញ្ញា — គឺជាការរំឭកដែលធ្វើឲ្យឈឺចាប់ក្រៃលែងនៃគ្រាសាកល្បងពីមុនរបស់លោក ។ លោកក៏បានរងនូវការស្ដីបន្ទោសដ៏តឹងតែងពីព្រះអម្ចាស់ផងដែរ ៖
« ហើយមើលចុះ អ្នកតែងតែរំលងព្រះបញ្ញត្តិ និង ក្រិត្យវិន័យទាំងឡាយនៃព្រះ ហើយបានទៅតាមការបញ្ចុះបញ្ចូលទាំងឡាយនៃមនុស្សលោក ។
« ដ្បិតមើលចុះ អ្នកមិនត្រូវខ្លាចមនុស្សជាងព្រះឡើយ ។ ទោះជាមនុស្សលោកចាត់ដំបូន្មានទាំងឡាយនៃព្រះទុកជាគ្មានតម្លៃ ហើយមើលងាយព្រះបន្ទូលទាំងឡាយនៃទ្រង់ក៏ដោយ —
« ប៉ុន្តែអ្នកគួរតែមានចិត្តស្មោះត្រង់ នោះទ្រង់ក៏នឹងសន្ធឹងព្រះពាហុរបស់ទ្រង់ ហើយទ្រទ្រង់អ្នកពីអស់ទាំងព្រួញភ្លើងរបស់មារសត្រូវ ហើយទ្រង់ក៏នឹងគង់នៅជាមួយអ្នកគ្រប់ពេលវេលាមានការខ្វល់ខ្វាយដែរ » ( គ. និង ស. ៣:៦–៨ ) ។
សូមស្រមៃមើលពីការលំបាកក្នុងការទទួលវិវរណៈមួយបែបនេះ ។ យ៉ូសែបទើបតែបានបាត់បង់កូនប្រុសដំបូងរបស់លោក ។ លោកស្ទើរតែនឹងបាត់បង់ទាំងភរិយាលោកទៀត ។ ហើយការសម្រេចចិត្តរបស់លោកក្នុងការប្រគល់ច្បាប់សរសេរដៃទាំងនោះដល់ម៉ាទិន គឺត្រូវបានធ្វើឡើងដោយបំណងប្រាថ្នាដ៏ស្មោះអស់ពីចិត្តដើម្បីជួយដល់មិត្តម្នាក់ ដែលបានជួយលោកក្នុងកិច្ចការដ៏ពិសិដ្ឋមួយ ។ មែនហើយ ទោះជាយ៉ូសែបមានទុក្ខព្រួយយ៉ាងណា ហើយទោះជាលោកបានគិតថា លោកបានពឹងផ្អែកទៅលើ ម៉ាទិន ហារិស យ៉ាងណា ក៏លោកបានខកខានរឿងមួយដែលព្រះរំពឹងចង់បានទាំងស្រុងពីពួកសិស្សរបស់ទ្រង់ ៖ តែងតែទុកចិត្តនៅក្នុងព្រះពាហុរបស់ព្រះអម្ចាស់ជានិច្ច ហើយពុំមែននៅក្នុងដៃខាងសាច់ឈាមនោះទេ ។ ចំពោះកិត្តិយសដ៏និរន្តរ៍របស់យ៉ូសែប លោកបានរៀនពីមេរៀននេះក្នុងរបៀបយ៉ាងជ្រាលជ្រៅមួយ ដែលលោកពុំដែលបានធ្វើកំហុសដដែលនោះម្ដងទៀតឡើយ ហើយមិនយូរប៉ុន្មានក៏បានទទួលផ្ទាំងទាំងឡាយ និង ប្រដាប់បកប្រែមកវិញ ហើយលោកក៏បានចាប់ផ្ដើមជំហាននៃការបរិច្ចាគចំពោះសាសនា គឺដូចជាពិភពលោកមិនបានឃើញសោះ តាំងពីការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទផ្ទាល់ ។ ដោយចាប់ផ្ដើមនៅក្នុងនិទាឃរដូវក្នុងឆ្នាំ ១៨២៩ ឥឡូវនេះដោយមាន អូលីវើរ ខៅឌើរី នៅក្បែរលោក នោះគួរឲ្យភ្ញាក់ផ្អើល យ៉ូសែបបានបកប្រែ ៥៥៨ ទំព័រ នៃព្រះគម្ពីរមរមន យ៉ាងច្រើនបំផុតត្រឹម ៦៥ ថ្ងៃនៃថ្ងៃធ្វើការ ។១៥ នេះគឺពិតជាល្បឿនដ៏លឿនក្រៃលែង បើប្រៀបធៀបទៅនឹងកិច្ចប្រឹងប្រែងពីមុនរបស់លោក ។ វាក៏ជាព័ត៌មានដ៏មានប្រយោជន៍ផងដែរក្នុងការកត់សម្គាល់ថា ការបកប្រែនៃព្រះគម្ពីរប៊ីបរបស់ស្ដេចយេម្ស ត្រូវការអ្នកប្រាជ្ញ ៤៧ នាក់ ធ្វើការជាមួយនឹងភាសាដែលពួកគេបានស្គាល់ហើយ ក៏ត្រូវចំណាយពេលប្រាំពីរឆ្នាំទើបបកប្រែចប់ ។១៦
ជាងនោះទៅទៀត អំឡុងពេលនៃការផលិតដ៏ធំសម្បើមនេះ យ៉ូសែប និង អូលីវើរ ក៏បានផ្សាយទេសនកថា បានទទួល និង កត់ត្រាវិវរណៈទាំងឡាយផងដែរ ក៏បានចូលរួមក្នុងការស្ដារឡើងវិញនូវបព្វជិតភាពអើរ៉ុន និង បព្វជិតភាពមិលគីស្សាដែក ទទួលបុណ្យជ្រមុជទឹក យកចិត្តទុកដាក់លើភារកិច្ចនៅក្នុងផ្ទះ និង បានប្ដូរទៅភូមិហ្វាយែត រដ្ឋ នូវ យ៉ោក ដើម្បីយកច្បាប់សរសេរដៃទៅបោះពុម្ព ។ ប៉ុន្តែ អព្ភូហេតុដ៏ធំបំផុតក្នុងការណ៍ទាំងអស់នេះ គឺមិនមែននៅក្នុងរបៀបដែលកិច្ចការទាំងឡាយត្រូវបានសម្រេចយ៉ាងលឿនយ៉ាងណានោះទេ ប៉ុន្តែ នៅក្នុងភាពស្មុកស្មាញនៃអ្វីដែលត្រូវធ្វើបានក្នុងរយៈពេលដែលត្រូវការការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ។
ព្រះគម្ពីរដ៏អស្ចារ្យ ស្មុកស្មាញមួយ
យោងតាមការសរុបសេចក្ដីដោយអ្នកមានវិជ្ជាជ្រៅជ្រះមួយថ្មីៗនេះ នេះគឺជាអ្វីដែលយ៉ូសែបបានធ្វើបានយ៉ាងមានប្រសិទ្ធិភាពក្នុងរយៈពេល ៦៥ ថ្ងៃនៃថ្ងៃធ្វើការនៃការបកប្រែនោះ ៖ « មិនត្រឹមតែមានប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំ [ នៅក្នុងព្រះគម្ពីរមរមន ] ដែលរួមមានឈ្មោះបុគ្គលជាងពីររយឈ្មោះ និង ទីកន្លែងច្បាស់លាស់ជិតមួយរយកន្លែងប៉ុណ្ណោះទេ ប៉ុន្តែ និទានកថាទៀតសោត ត្រូវបានផ្ដល់ដោយកិច្ចការរបស់អ្នកកែសម្រួល/អ្នកប្រវត្តិសាស្ត្របីនាក់ — នីហ្វៃ មរមន និង មរ៉ូណៃ ។ តួលេខទាំងនេះក៏ត្រូវបានអះអាងផងដែរថា ផ្អែកដំណើររឿងរបស់ពួកគេទៅលើបញ្ជីទាំងឡាយដែលមានពីមុនមកជាច្រើន ។ លទ្ធផលគឺជាសមាសភាពដ៏ស្មុកស្មាញមួយ ដែលរួមបញ្ចូលនូវប្រភេទជាច្រើន រាប់ចាប់តាំងពីនិទានកថាដោយត្រង់ៗ ទៅទេសនកថា និង សំបុត្រដែលត្រូវបានដាក់បញ្ចូល ទៅពាក្យអត្ថាធិប្បាយ និង ពាក្យកំណាព្យខាងវិញ្ញាណ ។ វាតម្រូវឲ្យមានការអត់ធ្មត់យ៉ាងច្រើន ដើម្បីធ្វើចេញនូវសេចក្ដីពិស្ដារទាំងអស់នៃកាលប្រវត្តិ ភូមិសាស្ត្រ ពង្សាវលី និង បញ្ជីដែលជាប្រភពទាំងឡាយ ប៉ុន្តែ ព្រះគម្ពីរមរមនគឺមានភាពខ្ជាប់ខ្ជួនដ៏គួរឲ្យកត់សម្គាល់យ៉ាងអស្ចារ្យទៅលើការណ៍ទាំងអស់នេះ ។ កាលប្រវត្តិត្រូវបានបកស្រាយជាក់ស្ដែងឥតចន្លោះ ថ្វីបើមានការស្រមៃត្រឡប់ទៅក្រោយវិញ និង និទានកថាជាន់គ្នាមួយចំនួនក្ដី … ហើយអ្នកនិទានរក្សាឲ្យនៅត្រង់ៗទាំងលំដាប់លំដោយ និង ទំនាក់ទំនងក្រុមគ្រួសារក្នុងចំណោមអ្នកថែរក្សាបញ្ជីសាសន៍នីហ្វៃទាំងម្ភៃប្រាំមួយនាក់ និង ស្ដេចសាសន៍យ៉ារេឌសែសិបមួយអង្គ ( រួមទាំងខ្សែស្រឡាយទាំងអស់ ) ។ ភាពស្មុកស្មាញគឺវាច្រើនបែបនោះ ទើបមនុស្សម្នាក់នឹងស្មានថា អ្នកនិពន្ធបានធ្វើការដោយប្រើតារាង និង ផែនទី សូម្បីតែភរិយារបស់ យ៉ូសែប ស្ម៊ីធ … បានប្រកែកយ៉ាងច្បាស់ថា លោកពុំបានសរសេរអ្វីមួយមុននឹងការបកប្រែ ដែលលោកបានទន្ទេញ ឬក៏អានតាម ពេលលោកបកប្រែនោះទេ ហើយពិតណាស់ នាងបានអះអាងថា យ៉ូសែបបានចាប់ផ្ដើមសូត្រដោយពុំមើលច្បាប់សរសេរដៃ ឬ ដោយពុំបាច់មានគេអានត្រឡប់ទៅលោកវិញនូវការសរសេរចុងក្រោយនោះទេ » ។១៧
នេះមិនទាំងនិយាយអំពីរចនាសម្ព័ន្ធនៃអក្សរសាស្ត្រដ៏ឈ្លាសវៃ និង ការប្រៀបធៀបដ៏គួរឲ្យចាប់អារម្មណ៍ដែលមាននូវទំនៀមទម្លាប់ និង ទម្រង់នៃការទំនាក់ទំនងពីបុរាណ ក្នុងចំណោមការណ៍ផ្សេងៗទៀត ដែលទាក់ទងនឹងព្រះគម្ពីរ និង ការបកប្រែរបស់គម្ពីរនេះផង ។១៨
ក្នុងការប្រទល់គ្នាអំពីរឿងនេះ មនុស្សម្នាក់ប្រាកដជាត្រូវសួរថា តើបុរសម្នាក់ — ជាពិសេសបុរសម្នាក់ដែលតាមពិតទៅពុំមានការអប់រំជាផ្លូវការអ្វីនោះ — បានសម្រេចនូវសមិទ្ធិផលដ៏អស្ចារ្យបែបនេះយ៉ាងណាទៅ ? ចំពោះខ្ញុំ យ៉ាងហោចណាស់ យ៉ូសែប ស្ម៊ីធ ពុំបានប្រឌិតព្រះគម្ពីរមរមនឡើងឡើយ ព្រោះលោកពុំអាចប្រឌិតវាបានឡើយ ។ ប៉ុន្តែ ខ្លាំងដូចជាវាទំនង នោះហេតុផលទាំងនេះពុំមែនជាតឹកតាងសំខាន់បំផុតចុងក្រោយនៃភាពត្រឹមត្រូវរបស់ព្រះគម្ពីរនេះទេ ហើយវាក៏មិនបានឈរជាមូលដ្ឋានគ្រឹះនៃទីបន្ទាល់របស់ខ្ញុំដែរ ។ អ្វីដែលព្រះគម្ពីរពិតជាបានធ្វើ គឺវាផ្ដល់ទម្ងន់បន្ថែមដល់អ្វីដែលព្រះវិញ្ញាណបានបង្រៀនដល់ខ្ញុំ មិនយូរប៉ុន្មានកន្លងទៅ កាលពីខ្ញុំជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងមួយរូប ។ នៅក្នុងអគារប្រជុំដ៏សក្ដិសិទ្ធិក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនអ្នកផ្សព្វផ្សាយសាសនានៅទីក្រុង ប្រូវ៉ូ និង នៅក្នុងនៅលើទួល និង ជ្រលងដ៏ខៀវស្រងាត់នៃប្រទេសស្កត ខ្ញុំបានទទួលសាក្សីខាងវិញ្ញាណ ក្រោយពីសាក្សីខាងវិញ្ញាណដែលថា យ៉ូសែប ស្ម៊ីធ ត្រូវបានហៅពីព្រះ ថាលោកជាឧបករណ៍របស់ទ្រង់នៅថ្ងៃចុងក្រោយនេះ ហើយថា លោកបាននាំចេញមកនូវព្រះគម្ពីរមួយ ដែលមានតាំងពីយូរមុនដែលលោកបានកើតមកទៅទៀត ជាព្រះគម្ពីរមួយដែលពិត និង គ្មានអ្វីប្រៀបផ្ទឹមបាន — ជាសិលាគន្លឹះនៃជីវិតនៃសុភមង្គលដែលមិនអាចប្រៀបផ្ទឹមបាន ។
ខ្ញុំក៏សូមប្រកាសផងដែរថា ជីវិតរបស់យ៉ូសែប គឺជាទីបន្ទាល់ដ៏សន្ធោរសន្ធៅនៃអ្វីដែលអាចជាសារលិខិតបង្រួបបង្រួមនៃព្រះគម្ពីរផ្ទាល់ ។ គ្រាន់តែបើកព្រះគម្ពីរមរមនភ្លាម យើងឃើញនីហ្វៃប្រកាសថា « មើលចុះ ខ្ញុំ នីហ្វៃ នឹងបង្ហាញដល់អ្នករាល់គ្នាថា សេចក្ដីមេត្តាករុណា ដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ មានមកលើជនទាំងអស់ណាដែលព្រះទ្រង់បានរើស ដោយសារសេចក្ដីជំនឿរបស់គេ » ( នីហ្វៃទី១ ១:២០ ការសង្កត់ន័យត្រូវបានបន្ថែម ) ។ នៅចុងបញ្ចប់នៃព្រះគម្ពីរមរមន មរ៉ូណៃអង្វរថា « មើលចុះ ខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាថា កាលណាអ្នករាល់គ្នាបានអានការណ៍ទាំងនេះ … នោះសូមឲ្យអ្នករាល់គ្នានឹកឃើញថា តើព្រះអម្ចាស់ទ្រង់មាន សេចក្តីមេត្តាករុណា យ៉ាងណាដល់កូនចៅមនុស្ស ចាប់តាំងពីកំណើតលោកអ័ដាមមករហូតមកដល់ពេលដែលអ្នករាល់គ្នាបានទទួលការណ៍ទាំងនេះ ហើយសូមរំពឹងគិតនៅក្នុងចិត្តអ្នកចុះ » ( មរ៉ូណៃ ១០:៣ ការសង្កត់ន័យត្រូវបានបន្ថែម ) ។១៩
តាំងពីដើមរហូតដល់ចប់ ទីបន្ទាល់ និង ប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរមរមន បង្ហាញថា ព្រះទ្រង់សព្វព្រះទ័យយ៉ាងខ្លាំងក្នុងការធ្វើការជាមួយ ការព្យាបាល និង ការប្រទានពរដល់ពួកអ្នកទាំងឡាយ — ទោះមានអំពើបាប និង ភាពមិនឥតខ្ចោះក្ដី — ដែលបែរមករកទ្រង់ដោយការភ្ញាក់ដឹងខ្លួន និង សេចក្ដីជំនឿដ៏ពិតប្រាកដ ។
ដាក់ការទុកចិត្តរបស់អ្នកទៅលើព្រះ
ដូចជា យ៉ូសែប ស៊្មីធ ដែរ អ្នកមិនចាំបាច់មានជីវិតដ៏ល្អឥតខ្ចោះ ដើម្បីធ្វើជាឧបករណ៍ដ៏ពោរពេញដោយចេស្ដានៅក្នុងព្រះហស្ដរបស់ព្រះឡើយ ។ កំហុស ការបរាជ័យ និង ការភ័ន្តច្រឡំ ជាផ្នែកនៃជីវិត និង ជាបេសកកម្មរបស់យ៉ូសែប ហើយវាក៏ជាផ្នែកនៃជីវិតរបស់អ្នកផងដែរ ។ ប៉ុន្តែ ចូរកុំអស់សង្ឃឹមឡើយ ។ សូមកុំអន្ទងគិតថា « អ្វីៗទាំងអស់បាត់អស់ហើយ » ឡើយ ។ អ្វីៗទាំងអស់មិនបាត់អស់ទេ ហើយនឹងមិនដែលបាត់បង់ទៅឡើយសម្រាប់ពួកអ្នកទាំងឡាយដែលសម្លឹងទៅកាន់ព្រះនៃសេចក្ដីមេត្តាករុណា និង ប្រព្រឹត្តតាម ។
អ្នកមានបងប្រុសមួយអង្គ ដែលមើលថែទាំអ្នក ទ្រង់ត្រៀមរួចជាស្រេចដើម្បីសង្គ្រោះអ្នក និង តម្លើងការបម្រើរបស់អ្នកជាមួយនឹងព្រះហស្តដែលរឹងមាំជាងដៃរបស់អ្នក — តាមពិតទៅ គឺរឹងមាំជាងដៃទាំងអស់នៃសាច់ឈាមប្រមូលផ្ដុំគ្នាទៅទៀត ។ ព្រះហស្តទាំងនោះគឺនៅទីនោះ ដើម្បីគាំទ្រ និង ប្រទានពរអ្នក « គ្រប់ពេលវេលាមានការខ្វល់ខ្វាយ » ( គ. និង ស. ៣:៨ ) មិនថាអ្នកមានអារម្មណ៍ឯកោ និង បាក់ទឹកចិត្តយ៉ាងណាឡើយ ។ ហេតុដូច្នោះហើយ ពេលអ្នកឈានឆ្ពោះទៅមុខក្នុងជីវិតអ្នក សូមទុកចិត្តលើព្រះហស្តទាំងនោះ ហើយ « ចូរមានកម្លាំង ហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬ មានសេចក្ដីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ » ( ចោទិយកថា ៣១:៦ ) ។
យ៉ូសែប បានរកឃើញការណ៍នេះ ហើយបានផ្លាស់ប្ដូរពិភពលោក ។ អ្នកក៏អាចធ្វើបានដែរ ។