២០១៥
ពោរពេញ​ដោយ​ភាព​រស់រវើក និង ថាមពល
ខែ កក្កដា ឆ្នាំ ២០១៥


ពោរពេញ​ដោយ ភាព​រស់រវើក និង ថាមពល

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ តិចសាស ស.រ.អា ។

តើ​ការអនុវត្ត​ណាមួយ ដែល​ប្រសិន​បើ​បាន​ធ្វើ​តាម​យ៉ាង​ខ្ជាប់ខ្ជួន ជាមួយ​នឹង​វិន័យម្មត់ចត់​ដែល​នឹង​ជួយ​អ្នក​ឲ្យ​មាន​សុខភាព ថាមពល និង ការបំផុស​កាន់តែ​ប្រសើរ ?

clock without numbers

រូបថត​នាឡិកា​ខាង​មុខ​ដោយ choness/iStock/Thinkstock

សូម​ស្រមៃ​មើល​មួយ​ភ្លែត​ថា មិត្តភក្ដិ​ម្នាក់​មក​រក​អ្នក​ដើម្បី​ស្វែង​រក​ដំបូន្មាន​លើ​របៀប​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ។ បើសិន​អ្នក​អាច​ផ្ដល់​គំនិត​តែ​មួយ តើ​វា​គឺ​ជា​អ្វី ?

ក្នុង​នាម​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ថ្មី​ម្នាក់ អែលឌើរ ម៉ារ៉ុន ជី រ៉មនី ( ឆ្នាំ ១៨៩៧–១៩៨៨ ) បាន​មាន​អារម្មណ៍​ថា​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ការហៅ​ដ៏​សំខាន់​របស់​លោក ដូច្នេះ លោក​បាន​ស្វែងរក​ដំបូន្មាន​ពី​មិត្តភក្ដិ​របស់​លោក គឺ អែលឌើរ ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ដំបូន្មាន​ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ថ្ងៃ​នោះ ​ដល់​អែលឌើរ រ៉មនី គួរឲ្យភ្ញាក់​ផ្អើល​ផង និង ជំរុញ​ទឹកចិត្ត​ផង ។ អែលឌើរ លី បាន​មាន​ប្រសាសន៍​ ៖ « បើ​អ្នក​ចង់​មាន​ជោគជ័យ​ក្នុង​នាម​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់ អ្នក​នឹង​ត្រូវតែ​មាន​ការ​បំផុស​គំនិត ។ អ្នក​នឹង​ត្រូវតែ​ទទួល​វិវរណៈ ។ ខ្ញុំ​នឹង​ផ្ដល់​ដំបូន្មាន​មួយ​ដល់​អ្នក ៖ ចូរ​ចូល​ដំណេក​ពី​ព្រលប់ ហើយ​ងើប​ពី​ព្រលឹម ។ ប្រសិន​បើ​អ្នក​ធ្វើ​ដូច្នោះ នោះ​រូបកាយ និង គំនិត​របស់​អ្នក​នឹង​បាន​សម្រាក ហើយ​នៅក្នុង​អំឡុងម៉ោងពេល​ព្រឹក​ព្រលឹម​ដ៏​ស្ងៀមស្ងាត់​ទាំងនោះ​ហើយ ដែល​អ្នក​នឹង​ទទួល​បានការបើកបង្ហាញបន្តិចម្តងនៃ​ការបំផុស​គំនិត និង ការ​យល់​ដឹង​ដ៏​ជ្រាលជ្រៅ​កាន់តែ​ច្រើន ជាង​ពេល​ណាណា​ទាំងអស់​នៅ​ក្នុង​មួយ​ថ្ងៃ » ។

ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ដោយ​រំឭក​ឡើង​វិញ​ពី​បទពិសោធន៍​នោះ ប្រធាន រ៉មនី នៅ​ពេល​នោះ បាន​មាន​ប្រសាសន៍​ ៖ « ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​បាន​យកដំបូន្មាន​នោះ​មកអនុវត្ត ហើយ​ខ្ញុំ​ដឹង​ថា​វា​ពិត​ជា​បាន​ជោគជ័យ​មែន ។ ពេល​ណា​ដែល​ខ្ញុំ​មាន​បញ្ហា​ធ្ងន់ធ្ងរ ឬ ការចាត់តាំង​មួយ​ចំនួន​អំពី​ធម្មជាតិ​នៃ​ការច្នៃ​ប្រឌិត ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ នោះ​ខ្ញុំ​តែងតែ​ទទួល​បាន​ជំនួយ​ជាច្រើនទៀត​នៅ​អំឡុងពេល​ព្រឹក​ព្រលឹម​ជាង​ពេល​ណាណា​ទាំងអស់​នៅ​ក្នុង​ថ្ងៃ​នោះ » ។

ពេល​ខ្ញុំ​បាន​អាន​ដំណើរ​រឿង​នេះ​ជា​លើក​ដំបូង ខ្ញុំ​ក៏​មាន​ការភ្ញាក់​ផ្អើល​ចំពោះ​ដំបូន្មាន​ដែល​អែលឌើរ លី បាន​ផ្ដល់​ឲ្យ​ផង​ដែរ ។ ខ្ញុំ​នឹង​មិន​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​នៃ​កាលវិភាគ​ព្រឹក​ព្រលឹម​ជាមួយ​នឹង​វិវរណៈ​នោះ​ឡើយ ។ យ៉ាង​ណាក្តី ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា មាន​ការជាប់​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​មួយ ។ ខ្ញុំ​ក៏​បាន​រៀន​ផងដែរ​ថា ជា​ទំនៀម​ទម្លាប់ ការប្រព្រឹត្ត​គឺ​ទាក់ទង​នឹង​ការទទួល​វិវរណៈ ដូច​ជា​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការតម​អាហារ ការចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ការបម្រើ​បាន​កើន​ឡើង​យ៉ាង​អស្ចារ្យ ពេល​ដែល​ខ្ញុំ​ចូល​ដំណេក​ពី​ព្រលប់ ហើយ​ងើប​ឡើង​ពី​ព្រលឹម ។

គំរូ​ខាង​វិញ្ញាណ

បុរស និង ស្ត្រី​ដែល​មាន​ការបំផុស​គំនិត នៅ​គ្រប់​អាយុ​ទាំងអស់ ធ្វើ​តាម​ដំបូន្មាន​ដ៏​ទេវភាព​នេះ ដែល​ទាក់ទង​នឹង​ការ​ចូល​ដំណេក ។ « អ័ប្រាហាំ គាត់ ក្រោក​ពី​ព្រលឹម​ឡើង នៅឯ​កន្លែង​ដែល​បាន​ឈរ​នៅ​ចំពោះ​ព្រះយេហូវ៉ា » ( លោកុប្បត្តិ ១៩:២៧ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។ « ម៉ូសេ លោក ក្រោក​ពី​ព្រលឹម ឡើង​ទៅ​លើ​ភ្នំ​ស៊ីណាយ តាម​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់ ព្រម​ទាំង​យក​បន្ទះ​ថ្ម​ទាំង​ពីរ​ផ្ទាំង​កាន់​នៅ​ដៃ​ទៅ​ជាមួយ​ផង » ( និក្ខមនំ ៣៤:៤ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។ « ឯ​យ៉ូស្វេ លោក ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​ក៏​នាំ​គ្នា​សែង​ហឹប​នៃ​ព្រះយេហូវ៉ា » ( យ៉ូស្វេ ៦:១២ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។

តើ​ព្រះអម្ចាស់​បាន​ចាប់​ផ្ដើម​ថ្ងៃ​របស់​ទ្រង់ នៅ​អំឡុង​ព្រះ​ជន្ម​រមែង​ស្លាប់​របស់​ទ្រង់​ដោយ​របៀប​ណា ? ម៉ាកុស កត់ត្រា​ថា « កាល​នៅ ងងឹត​មិន​ទាន់​ភ្លឺ​ស្រាង​នៅ​ឡើយ នោះ​ទ្រង់​តើន​ឡើង​យាង​ចេញ​ទៅ​ឯ​ទី​ស្ងាត់ ហើយ​អធិស្ឋាន​នៅ​ទី​នោះ » ( ម៉ាកុស ១:៣៥ ) ។ ម៉ារា ជា​សិស្ស​ដ៏​មាន​ភក្ដីភាព​ម្នាក់ បាន​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ហើយ​ក្នុង​ការធ្វើ​ដូច្នោះ បាន​បង្រៀន​នូវ​មេរៀន​ដ៏​មាន​ចេស្ដា​មួយ ៖ « នៅ​ថ្ងៃ​ទី​មួយ​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម កាល​កំពុង​នៅ​ងងឹត​នៅ​ឡើយ » ( យ៉ូហាន ២០:១ ) ។ នៅ​ព្រឹក​ព្រលឹម​នោះ នាង​បាន​ក្លាយ​ជា​មនុស្ស​រមែង​ស្លាប់​ទីមួយ ដែល​បាន​ឃើញ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

ពរជ័យ​នៃ​ការក្រោក​ពី​ព្រលឹម

អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​នៅ​ជំនាន់​របស់​យើង ក៏​ប្រើ​ពេល​វេលា​ព្រឹក​ព្រលឹម ដើម្បី​ទទួល​វិវរណៈ​ផងដែរ ។ មួយ​រយៈ​កន្លង​មក​ហើយ ខ្ញុំ​បាន​ឮ​សមាជិក​នៃ​កូរ៉ុម​ទី​មួយ​នៃ​ពួក​ចិតសិប​នាក់ លើក​ឡើង​និយាយ​នៅ​ក្នុង​សន្និសីទ​ស្តេក​ថា លោក​ជា​អ្នក​ក្រោក​ពី​ព្រលឹម ។ បន្ទាប់​ពី​ការប្រជុំ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​លោក​បន្តិច អំពី​ទម្លាប់​ពេល​ព្រលឹម​របស់​លោក ហើយ​បាន​សួរ​ថា​តើ​គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ប៉ុន្មាន​នាក់​ដែល​មាន​កាលវិភាគ​ស្រដៀង​គ្នា​នេះ ។ លោក​បាន​ឆ្លើយ​ថា « គឺ​ពួកលោក​ទាំងអស់ ! » វា​គឺ​ជា​គ្រា​មួយ​ដ៏​មាន​ព្រះ​ចេស្ដា ហើយ​ព្រះវិញ្ញាណ​បាន​ថ្លែង​ទីបន្ទាល់​មក​ខ្ញុំ​ថា ការ​ចូល​ដំណេក​ពី​ព្រលប់ និង ក្រោក​ពី​ព្រលឹម ពិត​ជា​អាច​ទាក់ទង​នឹង​ការទទួល​វិវរណៈ ។

ពរជ័យ​បន្ថែម​ទៀត​ត្រូវបាន​សន្យា​ដល់​ពួក​អ្នក​ដែល​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​ការ​ចូល​ដំណេក ។ សូម​ពិចារណា​ពី​ការសន្យា​ដ៏​អស្ចារ្យ​ទាំង​នេះ ៖ « ចូរ​ឈប់​ដេក​យូរ​ជាង​ដែល​ត្រូវការ ចូរ​ឆាប់​ចូល​ដំណេក ប្រយោជន៍​កុំ​ឲ្យ​អ្នករាល់គ្នា អស់​កម្លាំង ចូរ​ឆាប់​ក្រោក​ប្រយោជន៍​ឲ្យ​រូបកាយ​របស់​អ្នករាល់គ្នា និង គំនិត​របស់​អ្នក​រាល់គ្នា​អាច​មាន កម្លាំង​ក្លៀវក្លា » ( គ. និង ស. ៨៨:១២៤ ការសង្កត់​ន័យ​ត្រូវបាន​បន្ថែម ) ។ កម្លាំង​ក្លៀវក្លា មានន័យ​ថា « ពោរពេញ​ដោយ​ភាព​រស់រវើក និង ថាមពល » ។

ទស្សនវិទូ​បុរាណ អារីស្ទូថល បាន​ផ្ដល់​យោបល់​ពី​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ចំពោះ​ពួក​អ្នក​ទាំងឡាយ​ដែល​រក្សា​កាលវិភាគ​ពេល​ព្រលឹម ៖ « វា​ជា​ការណ៍​ល្អ​ក្នុង​ការ​ក្រោក​ឡើង​ពី​មុន​ថ្ងៃ​រះ ដ្បិត​ទម្លាប់​បែប​នេះ​ចូល​រួម​ចំណែក​ដល់​សុខភាព ការ​មាន​បាន និង ប្រាជ្ញា » ។ រដ្ឋបុរស​សហរដ្ឋ​ពី​ជំនាន់​មុន លោក បេនយ៉ាមីន ហ្វ្រ៊ែងគ្លិន ក្រោយ​មក​បាន​ផ្ដល់​គំនិត​ទៅ​ក្នុង​សុភាសិត​ដល់​ល្បីល្បាញ​របស់​លោក ៖ « ឆាប់​ចូល​គេង ហើយ​ឆាប់​ភ្ញាក់ ទើប​មនុស្ស​ម្នាក់​មាន​សុខភាព​ល្អ មិន​ក្រី​ក្រ និង ឆ្លាត​វៃ » ។ មនុស្ស​ភាគ​ច្រើន​ដាក់​សុខភាព ទ្រព្យសម្បត្តិ និង ប្រាជ្ញា ទៅ​ខ្ពស់​ជាង​អ្វីៗ​ទាំង​អស់​ដែល​ពួកគេ​ប្រាថ្នា​ចង់​បាន​បំផុត​ក្នុង​ជីវិត ។

សុខភាព

អាយុ​ជា​មធ្យម​របស់​មន្ត្រី​នាយក​ប្រតិបត្តិ​ម្នាក់​នៅក្នុង​អាមេរិក គឺ ៥៥ ឆ្នាំ ។ តើ​វា​នឹង​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​ឬ ក្នុង​ការ​ឃើញ​មាន​មន្ត្រី​នាយក​ប្រតិបត្តិ​នៃ​អង្គការ​អន្តរជាតិ​ម្នាក់​ជា​បុរស​អាយុ ៩៧ ឆ្នាំ​នោះ ? ចុះ​បើ​អ្នក​បាន​រៀន​ផង​ដែរ​ថា លោក​នៅ​តែ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដើម្បី​ផ្ដល់​សុន្ទរកថា ហ្វឹកហ្វឺន​អ្នក​ដឹកនាំ ជួប​នឹង​មន្ត្រី​រដ្ឋាភិបាល និង ជួប​សម្ភាសន៍​ជាមួយ​នឹងប្រព័ន្ធផ្សព្វផ្សាយ​ធំៗ នៅ​ក្នុង​សម័យដ៏ជឿនលឿននេះ ? ចុះ​បើ​អគ្គនាយក​រង​របស់​លោក​ពីរនាក់​ជា​បរុស​អាយុ ៧៩ និង ៨៧ ឆ្នាំ ដ៏​សកម្ម​នោះ ? ហើយ​នោះ​គឺ​ជា​ស្ថានភាព​ជាក់ស្ដែង​នៅ​ចុង​បញ្ចប់​នៃ​ការបម្រើ​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ ។ វា​ទំនង​ថា កាលវិភាគ​ព្រឹក​ព្រលឹម ទោះ​វា​មិន​មែន​ជា​កត្តា​តែ​មួយ​គត់​ក្ដី ក៏​វា​គឺ​ស្ថិត​នៅ​ក្នុង​កត្តា​នានា​ដែល​នាំ​ទៅកាន់​ការ​មាន​អាយុ​យឺន​យូរ​របស់​អ្នក​ដឹកនាំ​សាសនាចក្រ​របស់​យើង ។

ប្រធាន អ៊ើនេសថ៍ អិល វិលឃិនសិន ជា​អតីត​ប្រធាន​សកវិទ្យាល័យ​ព្រិកហាំ យ៉ង់ បាន​ផ្ដល់​យោបល់​ថា ការរក្សា​កាលវិភាគ​ព្រឹក​ព្រលឹម​មាន​ទាក់ទង​នឹង​អត្ថប្រយោជន៍​ខាង​សុខភាព ។ លោក​បាន​មាន​ប្រសាសន៍​សំដៅ​ដល់​ប្រធាន ដេវីឌ អូ មិកឃេ ( ឆ្នាំ ១៨៧៣–១៩៧០ ) ដែល​ជា​ប្រធាន​សាសនាចក្រ​នៅ​ពេល​នោះ​ ៖ « ខ្ញុំ​ប្រាកដ​ថា មូល​ហេតុ​ដ៏​ធំ​បំផុត​មួយ​ដែល​ប្រធាន មិកឃេ បាន​រស់​នៅ​ដល់​អាយុ​យ៉ាង​ច្រើន ហើយ​ស្វាហាប់ គឺ​ជា​ការពិត​ដែល​ថា ក្នុង​នាម​ជា​យុវជន​ម្នាក់ លោក​បាន​បង្កើត​ទម្លាប់​នៃ​ការ​ចូល​ដំណេក​ពី​ព្រលប់ ក្រោក​ពី​ព្រលឹម ជា​ទូទៅ​គឺ​មុន​ថ្ងៃ​រះ ជា​ពេល​ដែល​គំនិត​របស់​លោក​គឺ​ជ្រះស្អាត ហើយ​រូបកាយ​របស់​លោក​ស្វាហាប់ ដើម្បី​ធ្វើ​កិច្ចការ​ថ្ងៃ​នោះ » ។

ទំនាក់ទំនង​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ផងដែរ រវាង​ការរក្សា​កាលវិភាគ​ព្រឹក​ព្រលឹម និង សុខភាព​ផ្លូវ​ចិត្ត និង អារម្មណ៍ ។ អែលឌើរ រ័សុល អិម. ណិលសុន នៃកូរ៉ុម​នៃពួក​សាវក​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​មាន​អារម្មណ៍​ថា ត្រូវ​គេ​វាយ​ឲ្យ​ចាញ់ ឬ ត្រូវ​សង្កត់​សង្កិន សូម​ស្វែង​រក​ពេល​វេលា​ព្រឹក​ព្រលឹម​ដើម្បី​បាន​ការសង្គ្រោះ » ។

multiple clocks jumping and turning

ប្រាជ្ញា

ទំនាក់ទំនង​រវាង​ទម្លាប់នៃ​ការ​ចូល​ដំណេក និង ប្រាជ្ញា មិន​មែន​គ្រាន់តែ​ជា​ទ្រឹស្ដី​នោះ​ទេ ។ ការសិក្សា​មួយ​ដែល​ដឹកនាំ​ដោយ​ពួក​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ បាន​ថ្លែង​ ៖ « និស្សិត​ដែល​ទម្លាប់​ចូល​ដំណេក​យប់​ជ្រៅ ហើយ​គេង​យូរ​នៅ​ថ្ងៃ​បន្ទាប់ មាន​មធ្យមភាគ​ពិន្ទុ (GPAs) ទាប​ជាង​និស្សិត​ដែល​មាន​ទម្លាប់​ចូល​ដំណេក​ពី​ព្រលប់ ហើយ​ក្រោក​ពី​ព្រលឹម ។ សិស្ស​ដែល​ចូលដំណេក​យូរ​នៅ​ពេល​ព្រឹក​កាន់តែ​យូរ​ប៉ុណ្ណា នោះ​ពិន្ទុ​របស់​ពួកគេ​ក៏​ទំនង​ជា​កាន់តែ​ទាប​ទៅ​តាម​នោះ​ដែរ ។ ចេញ​ពី​កត្ដា​ទាំងអស់​ដែល​បាន​សិក្សា ពេលវេលា​ភ្ញាក់​ពី​ដំណេក​នៅ​ថ្ងៃ​រៀន និង ថ្ងៃ​ចុង​សប្ដាហ៍ មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​បំផុត​ជាមួយ​នឹង GPAs របស់​និស្សិត ។ ជា​មធ្យម​នៅ​រៀងរាល់​ម៉ោង​ដែល​និស្សិត​ដេក​បន្ត​នៅ​ថ្ងៃ​រៀន គឺ​ទាក់ទង​ទៅ​នឹង​ពិន្ទុ ០.១៣ ធ្លាក់​ចុះ​នៅក្នុង GPA ( ក្នុង​មាត្រា ០.០–០.៤ ) » ។

មិន​យូរ​ប៉ុន្មាន​កន្លង​មក​ហើយ ខ្ញុំ​បាន​ធ្វើ​ការ​ស្ទង់​មើល​ទៅ​លើ​និស្សិត​មហាវិទ្យាល័យ​ដែល​ជា​ពួក​បរិសុទ្ធ ២០៣ នាក់ អំពី​ទម្លាប់នៃ​ការ​ចូល​ដំណេក​របស់​ពួកគេ ។ ជា​មធ្យម និស្សិត​ទាំងនេះ​ក្រោក​ពី​ដេក​នៅ​ម៉ោង ៧:៣០ នាទី​ព្រឹក នៅ​ថ្ងៃ​រៀន និង ម៉ោង ៩:១៥ នាទី​ព្រឹក នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ។ ម៉ោង​ចូល​ដំណេក​ជា​មធ្យម​របស់​ពួកគេ​គឺ​នៅ​ពាក់​កណ្ដាល​អាធ្រាត​នៅ​ថ្ងៃ​រៀន និង ១:០០ នាទី​ព្រឹក នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ។ ពួក​និស្សិត​ទាំង​នេះ​កំពុង​តែ​ធ្វើ​ផ្ទុយ​ទាំង​ស្រុង​ពី​ការស្រាវជ្រាវ​ដែល​ទាក់ទង​នឹង​កាលវិភាគ​ព្រឹក​ព្រលឹម​ជាមួយ​នឹង​ការទទួល​បាន​ប្រាជ្ញា ។ ប្រហែល​ការរកឃើញ​ថា GPAs ខ្ពស់​គឺ​ជា​លទ្ធផល​នៃ​ការ​មាន​កាលវិភាគ​ព្រឹក​ព្រលឹម គឺ​សាមញ្ញ​ពេក​ដើម្បី​នឹង​ជឿ ។ តើ​យើង​បាន​ក្លាយ​ដូច​ជា​កូនចៅ​អ៊ីស្រាអែល​ហើយ​ឬ ដែល​បដិសេធ​នឹង​ធ្វើ​តាម​ការការពារ​របស់​ព្រះអម្ចាស់​ពី​ថ្នាំបន្សាបជាតិពុលមកពីពស់​ចឹក​នោះ « ដោយ​វិធី​នេះ​ងាយ​ពេក » ? ( នីហ្វៃទី១ ១៧:៤១; សូមមើល​ផងដែរ ហេលេមិន ៨:១៤–១៥ ) ។

សូម​ពិចារណា​ពី​ដំបូន្មាន​របស់​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​លោក​បាន​ផ្ដល់​ឲ្យ​ទាក់ទង​នឹង​ការកើន​ប្រាជ្ញា ៖ « ខ្ញុំ​សូម​ទូន្មាន​ដល់​កូនៗ​របស់​យើង​ឲ្យ​ធ្វើ​ការសិក្សា​ដែល​សំខាន់​បំផុត​របស់​ពួកគេ​នៅ​ពេល​ព្រលឹម ពេល​ដែល​ពួកគេ​មាន​ភាព​ស្រស់ស្រាយ និង រវៀស​រវៃ ជាជាង​ការព្យាយាម​ប្រយុទ្ធ​នឹង​ការអស់​កម្លាំង​ខាង​រូបកាយ និង ការនឿយ​ហត់​ខាង​ផ្លូវ​ចិត្ត​នៅ​ពេល​យប់ ។ ខ្ញុំ​បាន​រៀន​ពី​អំណាច​នៃ​ពាក្យ​ទំនៀម​ដែល​ថា ‹ ចូល​ដំណេក​ពី​ព្រលប់ ក្រោក​ពី​ព្រលឹម › » ។ ប្រហែល​ជា​នេះ​ជា​មូលហេតុ​មួយ ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង អនុវត្តតាម​កាល​វិភាគ​ចូល​ដំណេក​ពី​ព្រលប់ ដោយក្រោក​ពី​ព្រលឹម ។

ពរជ័យ​ផ្សេងៗ​ទៀត

អែលឌើរ ចូ ជេ គ្រីស្ទិនសិន ជា​សមាជិក​កិត្តិយស​នៃ​ពួក​ចិតសិប​នាក់ សរសេរ​ជាមួយ​នឹង​បាបារ៉ា ជា​ភរិយា​លោក បាន​ផ្ដល់​យោបល់​ថា ពរជ័យ​កាន់តែ​ច្រើន​ថែម​ទៀត​នឹង​មាន​ដល់​ពួក​អ្នក​ទាំងឡាយ​ដែល​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​អំពី​ការដេក​ ៖ « ត្រូវតែ​មាន​មូលហេតុ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ការបង្គាប់​ឲ្យ​ចូល​ដំណេក​ពី​ព្រលប់ និង ក្រោក​ឡើង​ពី​ព្រលឹម [ សូមមើល គ. និង ស. ៨៨:១២៤ ] ។ … ពិភពលោក​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​ជាង នៅ​ពេល​ព្រឹក ។ ជីវិត​គឺ​ស្ងប់ស្ងាត់​ល្អ​ណាស់ ។ មាន​អ្វីៗ​ជា​ច្រើន​ដែល​អាច​សម្រេច​បាន​នៅ​ក្នុង​ពេល​វេលា​ដ៏​ខ្លី » ។ ក្នុង​អំឡុង​សុន្ទរកថា​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋានមួយ​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ អែលឌើរ គ្រីស្ទិនសិន បាន​ថ្លែង​បន្ថែម​ទៀត​ ៖ « អ្នក​រាល់​គ្នា​មួយ​ចំនួន​មិន​បាន​ទទួល​ការសម្រាក​ដែល​អ្នក​ត្រូវការ​នោះ​ទេ » ។ អ្នក​ខ្លះ​ទម្លាប់ខ្លួន​ចូល​ដំណេក​យប់​ជ្រៅ ហើយ​ដេក​យូរ​ជាង​ដែល​ប្រព័ន្ធ​កាយវិប្បកម្មរបស់​អ្នក​ត្រូវការ ហេតុ​ដូច្នោះ​ហើយ​ខកខាន​ក្នុង​ការទទួល​ការបំផុស​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដែល​អ្នក​អាច​ទទួល​បាន » ។១០

ប្រធាន ហ៊ិងគ្លី បាន​បន្ថែម​ការសន្យា​មួយ​ទៀត​ដល់​អ្នក​ដែល​គោរព​ប្រតិបត្តិ​ ៖ « បើ​អ្នក​ចូល​គេ​នៅ​ម៉ោង ១០:០០ ហើយ​ក្រោក​ឡើង​នៅ​ម៉ោង ៦:០០ ព្រឹក នោះ​អ្វីៗ​នឹង​បាន​ប្រសើរ​សម្រាប់​អ្នក » ។១១

ការធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​អំពី​ការ​គេង អាច​ហាក់​ដូច​ជា​កិច្ចការ​ដ៏​តូចតាច ប៉ុន្តែ « ដោយសារ​មធ្យោបាយ​ដ៏​តូចតាច នោះ​ព្រះអម្ចាស់​ទ្រង់​អាច​សម្រេច​ការណ៍​យ៉ាង​ធំ​បាន » ( នីហ្វៃទី១ ១៦:២៩ ) ។ ខ្ញុំ​មាន​ទីបន្ទាល់​មួយ​ថា ការធ្វើ​តាម​កាលវិភាគ​ព្រឹក​ព្រលឹម នាំ​មក​នូវ​ពរជ័យ​ជា​ច្រើន​ទៅ​ក្នុង​ជីវិត​អ្នក រួម​ទាំង​វិវរណៈ​ផងដែរ ។ វា​អស្ចារ្យ​ណាស់ ដែល​ខ្ញុំ​អាច​សម្រេច​បាន​ការងារ​ជា​ច្រើន​ក្នុង​មួយ​ថ្ងៃ ពេល​ខ្ញុំ​ចូល​ដំណេក​ពី​ព្រលប់ ហើយ​ក្រោក​ពី​ព្រលឹម ។ អត្ថប្រយោជន៍​នៃ​ការដាក់​វិន័យ​ផ្ទាល់​ខ្លួន​នេះ គឺ​ហួស​ឆ្ងាយ​ពី​ការ​ប្រឹងប្រែង​ដែល​តម្រូវ ។ ពេល​យើង​ឈ្នះ​ចម្បាំង​ទី​មួយ​នៃ​ថ្ងៃ​នោះ​ជំទាស់​នឹង​ការដេក​យូរ នោះ​យើង​ទំនង​ជា​នឹង​ឈ្នះ​ចម្បាំង​នានាឯទៀត​នៅ​អំឡុង​ថ្ងៃ​នោះ ។ យើង​ក៏​ទំនង​ជា​នឹង​ត្រូវបាន​បំពេញ​ដោយ​ដោយ​ភាព​រស់រវើក និង ថាមពល ។

កំណត់​ចំណាំ

  1. សូមមើល Joe J. Christensen, To Grow in Spirit: A Ten-Point Plan for Becoming More Spiritual ( ១៩៨៩ ) ទំព័រ ២៧–២៨ ។

  2. Aristotle, in Wit and Wisdom of Socrates, Plato, Aristotle, ed. N. B. Sen ( ឆ្នាំ ១៩៦៧ ) ទំព័រ ១០០ ។

  3. Selections from the Writings of Benjamin Franklin, ed. U. Waldo Cutler ( ឆ្នាំ ១៩០៥ ) ទំព័រ ១៦ ។

  4. សូមមើល ទស្សនាវដ្ដី Forbes, “Emerging Culture, Worldwide Success,” ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១២ ។

  5. Ernest L. Wilkinson, Lifting One’s Sights, Brigham Young University Speeches of the Year ( ថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៩៦៣) ទំព័រ ៤ ។

  6. រ័សុល អិម ណិលសុន “Joy Cometh in the Morning,” Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៧០ ។

  7. Journal of American College Health ៤៩ ( ឆ្នាំ ២០០០ ) : ១២៥–៣០ ។

  8. ប៊យដ៍ ឃេ ផាកកឺ, Teach Ye Diligently ( ឆ្នាំ ១៩៧៥ ) ទំព័រ ៣០៤ ។

  9. Joe J. and Barbara K. Christensen, Making Your Home a Missionary Training Center ( ឆ្នាំ ១៩៨៥ ) ទំព័រ ៣៣ ។

  10. Joe J. Christensen, “Resolutions” ( ការប្រជុំ​ពិសេស​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ៩ ខែ មករា ឆ្នាំ ១៩៩៤ ) ទំព័រ ៥ speeches.byu.edu ។

  11. ហ្គរដុន ប៊ី ហ៊ិងគ្លី នៅក្នុង Sheri L. Dew, Go Forward with Faith: The Biography of Gordon B. Hinckley ( ឆ្នាំ ១៩៩៦ ) ទំព័រ ១៦៦–៦៧ ។