រ៉ូបអាពាហ៍ពិពាហ៍របស់ម្ដាយខ្ញុំ
អេងជែលីកា ផ្លរេស អាលហ្កាបា ទីក្រុង ហ្គូរេតារូ ប្រទេស ម៉ិកស៊ីកូ
ខ្ញុំជាក្មេងស្រីម្នាក់ ពេលខ្ញុំបានឃើញរ៉ូបអាពាហ៍ពិពាហ៍របស់ម្ដាយខ្ញុំលើកដំបូង ។ វាត្រូវបានខ្ចប់ទុកនៅក្នុងប្រអប់យ៉ាងមានរបៀបរៀបរយ ហើយខ្ញុំចាំពេលម្ដាយខ្ញុំបើកវាដោយថ្មមៗ ដើម្បីខ្ញុំអាចឃើញវា ។ វាស្អាតខ្លាំងណាស់ ! ខ្ញុំចង់ស្លៀករ៉ូបនោះខ្លាំងណាស់ ពេលថ្ងៃអាពាហ៍ពិពាហ៍ខ្ញុំមកដល់ ។
ម្ដាយខ្ញុំបានដាក់ចូលទៅក្នុងប្រអប់វិញថ្នមៗ ហើយបានសន្យាថានឹងឲ្យខ្ញុំខ្ចីវានៅពេលខាងមុខ ។ គាត់បាននិយាយថា រ៉ូបនោះជាអំណោយដ៏ពិសេសពីឪពុកខ្ញុំ ។ គាត់មើលទៅស្អាត ហើយលង់ក្នុងសេចក្ដីស្នេហាខ្លាំងណាស់ នៅក្នុងរូបថតអាពាហ៍ពិពាហ៍របស់គាត់ ។ ឪពុកម្ដាយរបស់ខ្ញុំ ពុំមែនជាសមាជិកទេ តែជាមនុស្សល្អណាស់ ។
ខ្ញុំបានរៀនអំពីសាសនាចក្រ ពេលខ្ញុំបានជួបនឹងបុរសម្នាក់ដែលនឹងក្លាយជាស្វាមីខ្ញុំ ។ ការជួបរបស់យើងគឺមិនធម្មតាទេ គាត់ពុំមែនជាសមាជិកសកម្មទេ ដោយសារការជួបរបស់យើងបាននាំទៅកាន់រឿងនៃការនិមិត្តដំបូង ។ ខ្ញុំបានយល់ថា រឿងនោះអស្ចារ្យ ប៉ុន្តែខ្ញុំពុំទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទទួលវាទេ ។
បន្ទាប់ពីយើងបានណាត់ជួបជាគូបាន ១៦ ខែ សុបិនរបស់ខ្ញុំបានក្លាយទៅជាការពិត ពេលដែលខ្ញុំបានពាក់រ៉ូបអាពាហ៍ពិពាហ៍របស់ម្ដាយខ្ញុំ ដែលមានស្បៃយ៉ាងវែង ហើយបានដើរឆ្ពោះទៅគូដណ្ដឹងខ្ញុំ ។ ខ្ញុំក៏បានលង់ក្នុងសេចក្ដីស្នេហាដែរ ។ មនុស្សជាច្រើនបាននិយាយថា ខ្ញុំមើលទៅដូចជាម្ដាយខ្ញុំពេលគាត់រៀបការ ។
ជាច្រើនឆ្នាំបានកន្លងផុតទៅ ហើយពួកយើងបានមានកូនប្រុសពីរនាក់ ។ ពេលស្វាមីខ្ញុំបានព្យាយាមត្រឡប់ទៅព្រះវិហារវិញ ខ្ញុំបានរារាំងការព្យាយាមរបស់គាត់ ។ ថ្វីបើខ្ញុំពុំបានសកម្មក្នុងព្រះវិហារពេលខ្ញុំនៅជាយុវវ័យក្ដី ក៏ខ្ញុំពិបាកនឹងទទួលយកសាសនាផ្សេងទៀតដែរ ។
ទីបំផុត ការណ៍នោះបានផ្លាស់ប្ដូរ បន្ទាប់ពីរៀបការបាន ១៩ ឆ្នាំ ។ ស្វាមីរបស់ខ្ញុំបានត្រឡប់ទៅព្រះវិហារវិញ ហើយពីរបីសប្ដាហ៍ក្រោយមក ខ្ញុំបានចាប់ផ្ដើមចូលរួមជាមួយគាត់ ។ ទីបន្ទាល់របស់ខ្ញុំបានលូតលាស់យ៉ាងឆាប់រហ័ស ហើយខ្ញុំបានទទួលបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ ។ ភ្លាមៗបន្ទាប់ពីនោះ ក្ដីប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំ គឺរៀបចំខ្លួនខ្ញុំដើម្បីបានផ្សារភ្ជាប់ជាមួយស្វាមីខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធ ។
ពេលដែលថ្ងៃដ៏រីករាយនៃពិធីផ្សារភ្ជាប់របស់យើងបានមកដល់ ខ្ញុំបានពាក់រ៉ូបពណ៌សរបស់ម្ដាយខ្ញុំម្ដងទៀត ។ មិត្តម្នាក់មកពីព្រះវិហារបានកែសម្រួលវា ដើម្បីឲ្យវាសមរម្យដើម្បីពាក់ក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំបានពាក់វានៅក្នុងព្រះវិហារបរិសុទ្ធតាំងពីពេលនោះមក ។
រហូតមកដល់ថ្ងៃដែលឪពុកខ្ញុំទទួលអនិច្ចកម្ម ហើយម្ដាយខ្ញុំបានឈានចូលដល់ពេលវេលាចុងក្រោយនៃជីវិតគាត់ហើយ ក៏គាត់នៅតែពុំទាន់រួចរាល់ដើម្បីទទួលយកសាសនាចក្រដែលបានស្ដារឡើងវិញដែរ ។ ប៉ុន្តែ ខ្ញុំបានប្រាប់គាត់នូវការណ៍អស្ចារ្យជាច្រើនអំពីការស្ដារឡើងវិញ ។ ខ្ញុំក៏បានប្រាប់គាត់ថា ពេលគាត់ឆ្លងកាត់វាំងននទៅម្ខាងទៀត នោះគាត់នឹងបានឮពីសារនៃដំណឹងល្អដ៏ពិត ។ ខ្ញុំបានសន្យានឹងគាត់ថា បន្ទាប់ពីមួយឆ្នាំ ខ្ញុំនឹងពាក់រ៉ូបរបស់យើង តំណាងឲ្យគាត់ ដើម្បីគាត់អាចទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និង ផ្សារភ្ជាប់នឹងឪពុកខ្ញុំ ។ ហើយខ្ញុំបានធ្វើដូច្នោះមែន ។
រ៉ូបរបស់ខ្ញុំចាស់ហើយឥឡូវនេះ ប៉ុន្តែខ្ញុំដឹងថា ថ្ងៃមួយខ្ញុំត្រូវតែឈប់ពាក់វា ។ រហូតដល់ថ្ងៃនោះមកដល់ ខ្ញុំនឹងបន្តពាក់វាដោយសេចក្ដីស្រឡាញ់ — សម្រាប់ស្វាមីខ្ញុំ ម្ដាយ និង ឪពុកខ្ញុំ សម្រាប់សមាជិកគ្រួសារដែលខ្ញុំបានបម្រើជួសនៅក្នុងព្រះវិហារបរិសុទ្ធ សម្រាប់ដំណឹងល្អដ៏ពិត សម្រាប់ពិធីបរិសុទ្ធដ៏ពិសិដ្ឋ និង សម្រាប់ព្រះវរបិតាសួគ៌របស់ខ្ញុំ និង ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។