២០១៥
ការធ្វើ​ដំណើរ​របស់​អាណា
ខែ កក្កដា ឆ្នាំ ២០១៥


ការធ្វើ​ដំណើរ​របស់​អាណា

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ អារីស្សូណា ស.រ.អា. ។

រឿង​នេះ​បាន​កើតឡើង​នៅក្នុង​ខែ ឧសភា ឆ្នាំ ១៨៨៩ ។

អាណា ម៉ាទីលដា អែនឌើរសិន បាន​ជ្រកផ្ដុំ​គ្នា​ជាមួយ​នឹង​ម្ដាយ​នាង និង បងស្រី​នាង​គឺ​អៃដា នៅក្រោម​ឆ័ត្រ​ពណ៌​ខ្មៅ ។ នាង​បាន​ឃើញ​រទេះ​ភ្លើង​តម្រង់​មក នៅ​នឹង​កន្ទុយ​ភ្នែក​នាង ។ នាង​ញ័រ​ចំប្រប់ ។ រទេះភ្លើង​នេះ​នឹង​យក​នាង​ពី​ប្រទេស​ស៊ុយអែត ហើយ​ចាប់​ផ្ដើម​ដំណើរ​របស់​នាង​ទៅកាន់ប្រទេស​អាមេរិក ។

ម្ដាយ​របស់​អាណា​បាន​ខ្សឹប​ជា​ភាសា​ស៊ុយអែត​ថា « ធ្វើ​ជា​ក្មេង​ល្អ ហើយ​ស្ដាប់​តាម​អែលឌើរ ខាលសុន » ។ គាត់​បាន​ឱប​កូន​ស្រី​ទាំងពីរ​យ៉ាង​ណែន ។ អែលឌើរ ខាលសុន ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​បម្រើ​ក្នុង​ប្រទេស ស៊ុយអែត រយៈ​ពេល​បី​ឆ្នាំ តាំង​ពី​អាណា​មាន​អាយុ​ប្រាំបី​ឆ្នាំ ។ ឥឡូវ​នេះ វា​ជា​ពេល​ដែល​គាត់​ត្រូវ​ត្រឡប់​ទៅ​ក្រុម​គ្រួសារ​គាត់​នៅ​រដ្ឋ អៃដាហូ នៅ​សហរដ្ឋ​វិញ ។

ពេល​ម្ដាយ​បាន​សម្រេច​ចិត្ត​បញ្ជូន​អាណា និង អៃដា ទៅ​អាមេរិក ដើម្បី​រត់គេច​ពី​ការបៀតបៀន​នៅ​ក្នុង​ប្រទេស ស៊ុយអែត នោះ​អែលឌើរ ខាលសុន បាន​សុំ​មើល​ថែ​ពួកគេ ។ ឥឡូវ​នេះ គាត់​ឈរ​នៅក្បែរ​រទេះភ្លើង ។ គាត់​បាន​ហៅ​ក្មេងស្រី​ទាំងពីរ​ឲ្យ​មក​ឯ​គាត់ ។ អៃដា​បាន​ឱប​ម្ដាយ​នាង​យ៉ាង​ណែន ហើយ​បាន​ឈាន​ទៅ​មុខ ប៉ុន្តែ អាណា​បាន​នៅ​ពី​ខាង​ក្រោយ ។

អាណា​បាន​និយាយ​ថា « កូន​ស្រឡាញ់​ម៉ាក់​ខ្លាំង​ណាស់ » ។ « កូន​ប្រាកដ​ជា​នឹក​ម៉ាក់ » ។

« ម៉ាក់​ក៏​ប្រាកដ​ជានឹក​កូន​ដែរ ។ ឥឡូវ ចូរ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ។ បើ​កូន​ទៅ​កន្លែង​មួយ​ដែល​កូន​មិន​យល់​ពី​អ្វី​ដែល​មនុស្ស​កំពុង​និយាយ ចូរ​កុំ​ភ្លេច​អធិស្ឋាន​ទៅ​ព្រះវរបិតា​របស់​កូន​ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ព្រោះ ទ្រង់ អាច​យល់​កូន​បាន » ។

ដោយ​នៅតែ​គិត​ពី​ពាក្យ​សម្ដី​របស់​ម្ដាយ​នាង អាណា​បាន​ឡើង​រទេះភ្លើង ហើយ​បាន​អង្គុយ​ចុះ​ក្បែរ​អៃដា និង អែលឌើរ ខាលសុន ។ នាង​បាន​រំភើប​អំពី​ការជិះ​រទេះភ្លើង​លើក​ដំបូង​របស់​នាង ប៉ុន្តែ​ឥឡូវ​នេះ នាង​គ្រាន់តែ​ចង់​ឃើញ​ម្ដាយ​នាង​មួយ​ភ្លែង​ចុងក្រោយ​ប៉ុណ្ណោះ ។ រទេះភ្លើង​ខ្ពស់​ពេក នាង​មើល​មិន​ឃើញ​មុខ​មនុស្ស​ទេ ប៉ុន្តែ នាង​បាន​ញញឹម ពេល​នាង​បាន​ឃើញ​ឆ័ត្រ​ពណ៌​ខ្មៅ​របស់​ម្ដាយ​នាង​ដែល​នៅ​ខ្ពស់​ផុត​ហ្វូង​មនុស្ស ។ វា​បាន​រំឭក​នាង​ថា ម្ដាយ​កំពុង​តែ​មើល​នាង ។

ជាមួយ​នឹង​ផ្សែង​មួយ​កំសួល​ធំ នោះ​រទេះភ្លើង​បាន​ចាប់​ផ្ដើម​រំកិល​ទៅ​មុខ ។ ពី​ដំបូង​វា​រំកិល​យឺតៗ ដែល​ម្ដាយ​អាច​រត់​តាម​ពី​ចំហៀង​រទេះភ្លើង​បាន ។ ឆ័ត្រ​ពណ៌​ខ្មៅ​គ្រវី​ទៅ​រកអាណា ។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ឆ័ត្រ​ពណ៌​ខ្មៅ​បាន​បាត់​ស្រមោល​ទៅ ។ អាណា​ផ្អែក​ទៅ​នឹង​កញ្ចក់​បង្អួច ហើយ​បាន​គិត​ថា អ្វី​នឹង​នៅ​រង់ចាំ​នាង​នៅ​ខាង​មុខ ។

បីបួន​សប្ដាហ៍​ក្រោយ​មក អាណា​បាន​ផ្អែក​ទៅនឹង​កញ្ចក់​បង្អួច​របស់​រទេះភ្លើង​មួយ​ទៀត ។ រទេះភ្លើង​មួយ​នេះ នាំ​នាង​ទៅ​កាន់​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ « អាមេរិក​មើលទៅ​ខុស​ពី​ស៊ុយអែត មិន​អញ្ចឹង ? » នាង​បាន​និយាយ​ទៅ​អៃដា ។

« មិន​អញ្ជឹង » អៃដា​បាន​ខ្សឹប​ត្រឡប់​ទៅ​វិញ​ជា​ភាសា​ស៊ុយអែត ។ « ប៉ុន្តែ អាមេរិក​គឺ​ជា​លំនៅដ្ឋានឥឡូវ​នេះ ហើយ​បើ​យើង​ខំ​ធ្វើការ​គ្រប់គ្រាន់ នោះ​យើង​អាច​នាំ​ម៉ាក់​មក​ទី​នេះ​បាន » ។

ពុំ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ម្ដាយ​ដើម្បី​ទិញ​សំបុត្រ​របស់​ខ្លួន​គាត់​ផ្ទាល់​នោះ​ទេ ។ ក្រុម​គ្រួសារ​មួយ​នៅ​ទីក្រុង អូហ្គឌិន រដ្ឋ យូថាហ៍ បាន​ចំណាយ​សម្រាប់​ការធ្វើ​ដំណើរ​របស់​អៃដា មក​អាមេរិក ។ អៃដា​នឹង​ត្រូវ​ស្នាក់នៅ​ជាមួយ​ពួកគេ​នៅ​ក្នុង​កសិដ្ឋាន ហើយ​ធ្វើ​ការ​ដើម្បី​ជា​សំណង​ទៅ​ពួកគេ​វិញ ។ ប៉ុន្តែ​អាណា​នឹង​ស្នាក់នៅ​ជាមួយ​មីង​នាង​នៅ​ទីក្រុង សលត៍ លេក ។ មីង​របស់​អាណា​បាន​មក​រដ្ឋ យូថាហ៍ បួនប្រាំ​ឆ្នាំ​មុន​នោះ ហើយ​ម្ដាយ​បាន​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គាត់​ថា អាណា​នឹង​មក ។

ក្រៅពី​រទេះ​ភ្លើង ពួកគេ​បាន​ជិះ​ទូក​កាត់​សមុទ្រ​ខាង​ជើងទៅកាន់ដាណាម៉ាក ។ បន្ទាប់​មក​ពួកគេ​បាន​ជិះ​ទូក​ទៅ​ប្រទេស អង់គ្លេស និង អែរឡង់ មុន​នឹង​ឆ្លងកាត់​មហាសមុទ្រ​អាតាឡង់ទិច ហើយ​ចត​នៅ​ទីក្រុង នូវ យ៉ោក ។ អាណា​បាន​ពុល​កប៉ាល​ស្ទើរតែពេញក្នុង​ការធ្វើ​ដំណើរ ១៥ ថ្ងៃ​នោះ ។ នាង​បាន​ធូរ​ចិត្ត​ដែល​បាន​ជិះ​រទេះភ្លើង​ពី​រដ្ឋ នូវ យ៉ោក ទៅ រដ្ឋ យូថាហ៍ ។

នាយការ​រទេះភ្លើង​បាន​ប្រកាស​ថា « អូហ្គឌិន យូថាហ៍ ! » ។ អាណា​មិន​ទាន់​ចេះ​ភាសា​អង់គ្លេស​នៅ​ឡើយ ប៉ុន្តែ​នាង​ស្គាល់​ឈ្មោះ​ទីក្រុង ។ ដួងចិត្ត​នាង​បានធ្លាក់ស្រយុងចុះ ។ វា​បាន​ធ្លាក់ស្រយុងចុះកាន់​តែ​ជ្រៅ ពេល​អែលឌើរ ខាលសុន បាន​ឈរ​ឡើង ហើយ​យក​កាបូប​របស់​គាត់ និង របស់​អៃដា ។

នាង​បាន​សួរ​បងស្រី​នាង​ថា « តើ​បង​ត្រូវតែ​ទៅ​ឬ ? »

« ច៎ាស » អៃដា​បាន​ឆ្លើយ​ដោយ​ទន់ភ្លន់ ។ « កុំ​ព្រួយ​អី អ្នក​មីង​នឹង​នៅ​ទីនោះ ពេល​អូន​ទៅ​ដល់​ទីក្រុង សលត៍ លេក » ។

អាណា​បាន​សម្លឹង​មើល ពេល​អៃដា និង អែលឌើរ ខាលសុន ជួប​នឹង​ក្រុម​គ្រួសារ​គាត់​នៅ​ឯ​ស្ថានីយ៍ ។ ពួកគេ​ឲ្យ​អៃដា​ជិះ​ក្នុង​រទេះ​ដែល​មាន​តំបូល​នាំ​នាង​ទៅ​កាន់​ផ្ទះ​ថ្មី​របស់​នាង​នៅ​ឯ​កសិដ្ឋាន ហើយ​បន្ត​ធ្វើ​ដំណើរ​ទៅ​រដ្ឋ អៃដាហូ ។ ឥឡូវ​នេះ អាណា​ពិត​ជា​មាន​អារម្មណ៍​ឯកោ​ណាស់ ។

រទេះភ្លើង​លាន់​សូរ​សន្ធឹក​បរ​កាត់​រាត្រី​ងងឹត ទាល់តែ​វា​បាន​ឈប់​ដោយ​ញ័រ​នៅ​ឯ​ស្ថានីយ៍​ទីក្រុង​សលត៍ លេក ។ វា​ជិត​ពាក់​កណ្ដាល​អាធ្រាត​ទៅ​ហើយ ។ អាណា​បាន​ទាញ​កាបូប​របស់​នាង ហើយ​លោត​ចុះ​ទៅ​កន្លែង​ឈរ ។ ភ្នែក​ដ៏​ងងុយ​របស់​នាង​បាន​ព្យាយាម​រកមើល​មីង​នាង ។

ប៉ុន្តែ ពុំ​មាន​នរណា​ម្នាក់​រង់ចាំ​នាង​ឡើយ ។

អាណា​ចាប់​ផ្ដើម​ភ័យ​ខ្លាច ។ នាង​សម្លឹង​មើល​លើ​កន្លែង​ឈរ​ម្ដង​ទៀត ដោយ​សង្ឃឹម​ថា នាង​បាន​មើល​រំលងអ្វីមួយ ។ ភ្នែក​របស់​នាង​ខំសម្លឹងមើល​ទៅ​លើ​ស្រមោល​ទាំងឡាយ ។ នាង​បាន​ព្យាយាម​សម្គាល់​មើល​មុខ​មនុស្ស​ដែល​នៅ​ក្នុង​ពន្លឺ​ភ្លឹបភ្លែតៗ ។ ប៉ុន្តែ មីង​របស់​នាង​មិន​បាន​នៅ​ទី​នោះ​ទេ ។

មនុស្ស​ដទៃ​ទាំងឡាយ​បាន​ដើរ​មក​រក​នាង ហើយ​សួរ​សំណួរ​នានា ។ អាណា​បាន​គិត​ថា ពួកគេ​ចង់​ជួយ ប៉ុន្តែ នាង​ពុំ​យល់​អ្វី​ដែល​ពួកគេ​កំពុង​និយាយ​ទេ ។

ខ្ញុំ​ពុំ​ធ្លាប់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​យ៉ាង​នេះ​ពី​មុន​មក​ឡើយ នៅ​ក្នុង​ជីវិត​នាង ។ មិន​មែន​នៅពេល​ដែល​មិត្ត​រួម​ថ្នាក់​របស់​នាង​នៅ​ប្រទេស ស៊ុយអែត ដែល​បាន​ចំអក​ឡកឡឺយឲ្យ​ជំនឿ​ថ្មី​របស់​នាង​នោះ​ទេ ។ មិន​មែន​ពេល​នាង​បាន​ឈឺ​នៅលើ​ទូក​មក​កាន់ នូវ យ៉ោក នោះ​ទេ ។ ហើយ​ក៏​មិន​មែន​នៅ​ពេល​ដែល​នាង​បាន​និយាយ​ពាក្យ​លា​ដល់​ម្ដាយ​នាង​ដែរ ។

អាណា​បាន​បិទ​ភ្នែក​នាង ហើយ​បាន​នឹក​គិត​ពី​ពាក្យ​របស់​ម្ដាយ​នាង ៖ « កុំ​ភ្លេច​អធិស្ឋាន​ទៅ​ព្រះវរបិតា​របស់​កូន​ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ព្រោះ ទ្រង់ អាច​យល់​កូន​បាន » ។

អាណា​បាន​លុត​ជង្គង់​ចុះ​នៅ​កន្លែង​ឈរ ក្បែរ​កាបូប​របស់​នាង ហើយ​បាន​អធិស្ឋាន​យ៉ាង​ខ្លាំង ជាង​ពេល​នានា​ទាំងអស់​ដែល​នាង​ធ្លាប់​អធិស្ឋាន​នៅក្នុង​ជីវិត​នាង ។ នាង​បាន​អធិស្ឋាន​ថា ព្រះវរបិតា​នឹង​បញ្ជូន​នរណា​ម្នាក់​ដែល​និយាយ​ភាសា​ស៊ុយអែត ហើយ​អាច​យល់​នាង​បាន ។

នៅ​ពេល​នាង​បញ្ចប់​ការអធិស្ឋាន នាង​បាន​សំឡឹង​ឡើង​លើ ។ នៅតែ​ពុំ​មាន​នរណា​ម្នាក់​រង់ចាំ​នាង​ឡើយ ។ ប៉ុន្តែ​នាង​បាន​ឃើញ​ក្រុម​គ្រួសារ​ជនជាតិ​អាល្លឺម៉ង់​មួយ ដែល​នាង​បាន​ស្គាល់​ពី​ពេល​ជិះ​រទេះ​ភ្លើង ។ ម្ដាយ​ជនជាតិ​អាល្លឺម៉ង់​នោះ​បាន​ប្រាប់​នាង​ឲ្យ​ទៅ​តាម​ពួកគេ ។ អាណា​បាន​ទាញ​កាបូប​នាង ហើយ​អូស​វា​ទៅ​តាម​ពួកគេ ទាំង​យំ​ផង ។

នាង​បាន​ដើរ​តាម​ពួកគេ​រហូត​ដល់​ក្លោង​ទ្វារ​ខាង​ត្បូង​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ ។ នាង​បាន​ក្រឡេក​មើល​ទៅ​កន្លែង​ដែល​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ដ៏​ស្រស់​ស្អាត​ទើបតែ​ត្រូវបាន​សាងសង់ ។ រំពេច​នោះ អាណា​បាន​ឮ​ជំហាន​ដើរ​យ៉ាង​ញាប់​នៅ​ក្បែរ​នោះ ។ ស្ត្រី​ម្នាក់​បាន​ដើរ​យ៉ាង​ប្រញាប់​តម្រង់​មក​ពួកគេ ដោយ​សម្លឹង​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ជនឥន្តោប្រវេសន៍​ដែល​ទើប​មក​ដល់​ទាំងអស់ ។ ស្ត្រី​នោះ​សម្លឹង​ពុំ​ដាក់​ភ្នែក​ទៅ​លើ​ក្រុម​គ្រួសារ​ជនជាតិ​អាល្លឺម៉ង់​នោះ ។ បន្ទាប់​មក​គាត់​បាន​ឈប់​នៅ​ត្រឹម​អាណា ។ ពេល​អាណា​សម្លឹង​មើល​ទៅ​លើ ស្ត្រី​នោះ​បាន​ឈប់ ហើយ​សម្លឹង​មើល ។ អាណា​បាន​សម្លឹង​ទៅ​វិញ ហើយ​នាង​បាន​មាន​សេចក្ដី​សង្ឃឹម​ឡើង ។

អាណា​ស្គាល់​គាត់ ! គាត់​គឺ​ជា​គ្រូ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​របស់​នាង ដែល​បាន​មក​រដ្ឋ យូថាហ៍ ទើប​តែ​មួយ​ឆ្នាំ​មុន​នេះ​ប៉ុណ្ណោះ ! នាង​ស្គាល់​គាត់ !

អ្នកគ្រូ​បាន​ទាញ​អាណា​មក​ឱប​យ៉ាង​ណែន ។ គាត់​បាន​ជូត​ទឹក​ភ្នែក​អាណា​ចេញ ហើយ​បាន​ខ្សឹប​ជា​ភាសា​ស៊ុយអែត​ថា « ខ្ញុំ​បាន​ភ្ញាក់​ឡើង​ម្ដង​ហើយ ម្ដង​ទៀត ។ រូបភាព​នៃ​ជន​ឥន្តោប្រវេសន៍​ទាំងឡាយ​បាន​មាន​ពេញ​គំនិត​ខ្ញុំ ។ ខ្ញុំ​មិន​អាច​ដេក​លក់​វិញ​ទេ ។ ខ្ញុំ​ទទួល​ការ​បំផុស​ឲ្យ​មក​ព្រះវិហារ​បរិសុទ្ធ ដើម្បី​មើល​ថា​បើ​មាន​នរណា​ម្នាក់​ដែល​ខ្ញុំ​ស្គាល់​នៅ​ទី​នេះ » ។ គាត់​បាន​កាន់​ដៃ​អាណា ហើយ​នាំ​នាង​ដើរ​ទៅ​តាម​ផ្លូវ ។ « ឥឡូវ​នេះ មក​ជាមួយ​ខ្ញុំ » ។

ក្រោយ​មក អាណា​បាន​ដឹង​ថា មីង និង ពូ​របស់​នាង​បាន​ប្ដូរ​ចេញ​ពី​ទីក្រុង សលត៍ លេក ហើយ​ពុំ​បាន​ទទួល​សំបុត្រ​របស់​ម្ដាយ​នាង​ទេ ។ គ្រូ​របស់​នាង​បាន​ផ្ញើ​សារ​ទៅ​ពួកគាត់ ហើយ​ពួកគាត់​បាន​មក​យក​អាណា នៅ​បួន​ថ្ងៃ​ក្រោយ​មក ។ នៅ​ទី​បំផុត អៃដា និង អាណា បាន​មាន​លទ្ធភាព​យក​ម្ដាយ​មក​អាមេរិក​ដែរ ។

ប៉ុន្តែ សម្រាប់​ពេល​នេះ គ្មានអ្វីដែលហាក់ដូចជា​សំខាន់​ទេ ។ ពេល​អាណា​បាន​ដើរ​ទៅ​ផ្ទះ​គ្រូ​របស់​នាង នាង​បាន​គិត​ថា « ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប លើស ពី​ការអធិស្ឋាន​របស់​ខ្ញុំ​ទៅ​ទៀត ។ ខ្ញុំ​គ្រាន់តែ​បាន​សូម​ឲ្យ​មាន​នរណា​ម្នាក់​ដែល​អាច​យល់​ខ្ញុំ​និយាយ តែ​ទ្រង់​ថែម​ទាំង​បាន​បញ្ជូន​អ្នក​ដែល​ខ្ញុំ ស្គាល់ ទៀត​ផង ។

រចនា​រូបភាព ដោយ ស្សនណា ជេ ស៊ី ថែននី