២០១៥
លក្ខណៈ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ប្រកប​ដោយ​ការអត់ទោស និង មេត្តា​ករុណា
ខែ កក្កដា ឆ្នាំ ២០១៥


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

លក្ខណៈ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ប្រកប​ដោយ​ការអត់ទោស និង មេត្តា​ករុណា

សូម​សិក្សា​ឯកសារ​នេះ​ប្រកប​ដោយ​ការ​អធិស្ឋាន ហើយ​ព្យាយាម​យល់​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការ​យល់​ដឹង​ពី​ជីវិត និង តួនាទី​របស់​ព្រះ​អង្គ​សង្គ្រោះ នឹង​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ទ្រង់ ហើយ​ផ្ដល់​ពរ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​អ្នក​មើល​ថែ តាមរយៈ​ការបង្រៀន​សួរ​សុខ​ទុក្ខ​បាន​ដោយ​របៀប​ណា ? សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ reliefsociety.lds.org ។

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

Depiction of Jesus and the woman taken in adultery.  They are both standing together.  The woman is wiping tears from her face.

ការ​យល់​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​ពោរពេញ​ដោយ​ការអត់ទោស និង មេត្តា​ករុណា​ដល់​យើង អាច​ជួយ​យើង​ឲ្យ​អត់ទោស និង ផ្ដល់​សេចក្ដី​មេត្តា​ករុណា​ដល់​អ្នក​ដទៃ​ទៀត​បាន ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​របស់​យើង » ។ « ជីវិត​របស់​ទ្រង់​គឺ​ជា​មរតក​នៃ​សេចក្ដី​ស្រឡាញ់ ។ ទ្រង់​បាន​ព្យាបាល​អ្នក​ឈឺ ទ្រង់​បាន​លើក​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន​ឡើង ទ្រង់​បាន​សង្គ្រោះ​អ្នក​មាន​បាប ។ នៅ​ទី​បំផុត ពួក​មនុស្ស​អាក្រក់​បាន​ផ្ដាច់​ព្រះជន្ម​ទ្រង់ ។ តែ​នៅ​លើ​ភ្នំ​គាល់កូថា បន្ទូល​ទាំងនេះ​ត្រូវ​បាន​បន្លឺ​ឡើង​ ៖ ‹ ឱ ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ › — នេះ​ជា​គំរូ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​រមែង​ស្លាប់ អំពី​សេចក្ដី​អាណិត​អាសូរ និង សេចក្ដី​ស្រឡាញ់ » ។

បើ​យើង​អត់ទោស​ដល់​កំហុស​ទាំងឡាយ​របស់​អ្នក​ដទៃ នោះ​ព្រះវរបិតាសួគ៌​របស់​យើង​ទ្រង់​ក៏​នឹង​អត់ទោស​ដល់​យើង​ផងដែរ ។ ព្រះយេស៊ូវ​ប្រាប់​យើង​ថា « ចូរ​អ្នក​រាល់​គ្នា​មាន​ចិត្ត​មេត្តា​ករុណា ដូច​ជា​ព្រះវរបិតា​នៃ​អ្នក ទ្រង់​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ដែរ » ( លូកា ៦:៣៦ ) ។ « ការអត់ទោស​ចំពោះ​អំពើ​បាប របស់​យើង បាន​មក​តាម​លក្ខខណ្ឌ​នេះ » ប្រសាសន៍​របស់​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ ។ « យើង​ត្រូវតែ​ប្រែចិត្ត ។ … នៅ​ពេល​នេះ ឬ ពេល​នោះ តើ​យើង​ទាំងអស់​គ្នា​មិន​បាន​ខិត​ចូល​ទៅ​ឯ​បល្ល័ង្ក​ដ៏​មេត្តា​ករុណា​ដោយ​រាបទាប ហើយ​អង្វរ​សុំ​ព្រះគុណ​ទេ​ឬ​អី ? តើ​យើង​មិន​បាន​ប្រាថ្នា​ដោយ​អស់​ពី​កម្លាំង​ពលំ​នៃ​ព្រលឹង​របស់​យើង​ដើម្បី​បាន​សេចក្ដី​មេត្តា​ករុណា — គឺ​ដើម្បី​ឲ្យ​បាន​ការ​អត់ទោស​ចំពោះ​កំហុស​ទាំងឡាយ ដែល​យើង​បាន​ធ្វើ និង អំពី​បាប​ដែល​យើង​បាន​ប្រព្រឹត្ត​ទេ​ឬ​អី ? … សូម​អនុញ្ញាត​ឲ្យ​ដង្វាយ​ធួន​របស់​ព្រះគ្រីស្ទ​ផ្លាស់​ប្ដូរ និង ព្យាបាល​ដួងចិត្ត​អ្នក​ចុះ ។ សូម​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក ។ សូម​អត់ទោស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ។

បទគម្ពីរ​បន្ថែម

ម៉ាថាយ ៦:១៤–១៥; លូកា ៦:៣៦–៣៧; អាលម៉ា ៣៤:១៤–១៦

ចេញ​ពី​ព្រះគម្ពីរ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « យើង​ត្រូវ​អត់ទោស​ដូច​ជា​យើង​ត្រូវ​បាន​អត់ទោស​ឲ្យ​ដែរ » ។ រឿង​អំពី​កូន​ប្រុស​ខ្ជះខ្ជាយ បង្ហាញ​យើង​ពី​ផ្នែក​ទាំង​សង​ខាង​នៃ​ការអត់ទោស ៖ កូន​ប្រុស​ម្នាក់​បាន​ទទួល​ការអត់ទោស ឯ​កូន​ម្នាក់​ទៀត​ពិបាក​នឹង​ផ្ដល់​ការអត់ទោស ។

កូន​ប្រុស​ប្អូន​បាន​យក​មរតក​របស់​គាត់ បាន​ចាយ​វាយ​អស់​យ៉ាង​ឆាប់​រហ័ស ហើយ​ពេល​មាន​អំណត់​អត់ នោះ​គាត់​បាន​ធ្វើ​ការ​ដោយ​ដាក់​ចំណី​ឲ្យ​ជ្រូក ។ ព្រះគម្ពីរ​ចែង​ថា « កាល​គាត់​ភ្ញាក់​ដឹង​ខ្លួន » នោះ​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​បាន​និយាយ​ទៅ​ឪពុក​គាត់​ថា គាត់​មិន​សម​ជា​កូន​ប្រុស​របស់​លោក​ទេ ។ ប៉ុន្តែ ឪពុក​គាត់​បាន​អត់ទោស​ដល់​គាត់ ហើយ​បាន​សម្លាប់​កូន​គោ​ធាត់​មួយ​ធ្វើ​ពិធី​ជប់លៀង​ឲ្យ​កូន ។ កូន​ប្រុស​ច្បង​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ឯ​វាល​វិញ ហើយ​បាន​ខឹង ។ គាត់​បាន​រំឭក​ឪពុក​គាត់​ថា គាត់​បាន​បម្រើ​ជា​ច្រើន​ឆ្នាំ ពុំ​ដែល​បាន​បំពាន​លើ​បង្គាប់​ណា​ឡើយ តែ « លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ​សូម្បី​តែ​មួយ ឲ្យ​ខ្ញុំ​បាន​អរ​សប្បាយ » ឡើយ ។ ឪពុក​បាន​តប​វិញ​ថា « កូន​អើយ ឯង​បាន​នៅ​ជាមួយ​នឹង​អញ​ជា​ដរាប ឯ​របស់​អញ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ឯង​ដែរ ។ គួរ​ឲ្យ​យើង​ស៊ី​លៀង​ដោយ​អរ​សប្បាយ​ទៅ ពី​ព្រោះ​ប្អូន​ឯង​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់បង់​តែ​បាន​ឃើញ​មក​វិញ​ហើយ » ( សូមមើល លូកា ១៥:១១–៣២ ) ។

កំណត់​ចំណាំ

  1. ថូម៉ាស អេស ម៉នសុន « Love, the Essence of the Gospel » លីអាហូណា, ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩១ ។

  2. ឌៀថើរ អេស្វ. អុជដូហ្វ “The Merciful Obtain Mercy” លីអាហូណា, ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧០, ៧៥, ៧៧ ការ​សង្កត់​ន័យ​នៅ​ក្នុង​ច្បាប់​ដើម ។

  3. ជែហ្វ្រី អ័រ ហូឡិន “The Peaceable Things of the Kingdom,” Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៨៣ ។