លុះត្រាជួបទៀត
អំពីកូនចៀម និង អ្នកគង្វាល
មិត្តដ៏តូចរបស់ខ្ញុំបានភ័យតក់ស្លុតនៅក្នុងព្យុះ ហើយខ្ញុំអាចឮសម្រែករបស់វា ។
ពេលខ្ញុំនៅជាក្មេងប្រុសតូចម្នាក់ ឪពុករបស់ខ្ញុំបានឃើញកូនចៀមមួយនៅតែឯងនៅក្នុងទីរហោស្ថាន ។ ហ្វូងចៀមដែលមេវានៅជាមួយនោះ បានដើរទៅ ហើយមិនដឹងយ៉ាងណា កូនចៀមនោះបានបែកចេញពីមេវា ហើយអ្នកគង្វាលប្រាកដជាមិនបានដឹងថាវាវង្វេងបាត់នោះទេ ។ ដោយសារវាមិនអាចនៅរស់តែឯងនៅក្នុងទីរហោស្ថានបាន នោះឪពុកខ្ញុំបានលើកត្រកងវាឡើង ហើយនាំវាមកផ្ទះ ។ បើទុកកូនចៀមនៅទីនោះ វាប្រាកដជាស្លាប់មិនខាន ដោយសារធ្លាក់ជាចំណីរបស់សត្វចចក ឬ ដោយការអត់អាហារ ព្រោះវានៅក្មេងខ្លាំងណាស់ វានៅតែត្រូវការទឹកដោះនៅឡើយ ។ ពួកអ្នកចិញ្ចឹមចៀមខ្លះហៅកូនចៀមទាំងនេះថា « កូនចៀមកំសត់ » ។ ឪពុករបស់ខ្ញុំបានឲ្យកូនចៀមនោះមកខ្ញុំ ហើយខ្ញុំបានក្លាយជាអ្នកគង្វាលរបស់វា ។
អស់បួនប្រាំសប្ដាហ៍ ខ្ញុំបានកម្ដៅទឹកដោះគោនៅក្នុងដបទឹកដោះគោរបស់កូនង៉ា ហើយបានបំបៅកូនចៀម ។ យើងបានក្លាយជាមិត្តនឹងគ្នាយ៉ាងឆាប់រហ័ស ។ ខ្ញុំបានហៅវាថា ណៃ — ខ្ញុំមិនដឹងហេតុអ្វីទេ ។ វាបានចាប់ផ្ដើមធំលូតលាស់ឡើង ។ កូនចៀមរបស់ខ្ញុំ និង ខ្ញុំលេងនៅលើវាលស្មៅជាមួយគ្នា ។ ជួនកាលយើងដេកលើស្មៅជាមួយគ្នា ហើយខ្ញុំកើយក្បាលខ្ញុំលើរោមដ៏ទន់នៅចំហៀងវា ហើយសម្លឹងមើលមេឃពណ៌ខៀវ និង ពពកដែលមានរលកធំៗពណ៌ស ។ ខ្ញុំពុំបានចាក់សោកូនចៀមឲ្យនៅក្នុងទេ នៅអំឡុងពេលថ្ងៃ ។ វានឹងមិនរត់ទៅណាទេ ។ មិនយូរប៉ុន្មានវាបានរៀនស៊ីស្មៅ ។ ខ្ញុំអាចហៅកូនចៀមខ្ញុំពីកន្លែងណាក៏បាននៅក្នុងទីធ្លា ដោយគ្រាន់តែធ្វើត្រាប់តាមសម្លេងរបស់ចៀមឲ្យបានល្អបំផុតតាមដែលខ្ញុំអាចធ្វើបានប៉ុណ្ណោះ ដោយស្រែក ៖ បា ។ បា ។
នៅយប់មួយមានព្យុះដ៏គួរឲ្យរន្ធត់មួយ ។ ខ្ញុំបានភ្លេចដាក់កូនចៀមខ្ញុំនៅខាងក្នុងក្រោលនៅយប់នោះ ដែលខ្ញុំគួរតែបានធ្វើដូចនោះ ។ ខ្ញុំបានចូលគេងទៅ ។ មិត្តដ៏តូចរបស់ខ្ញុំបានភ័យតក់ស្លុតនៅក្នុងព្យុះ ហើយខ្ញុំអាចឮសម្រែករបស់វា ។ ខ្ញុំបានដឹងថា ខ្ញុំគួរតែជួយសត្វចិញ្ចឹមរបស់ខ្ញុំ ប៉ុន្តែខ្ញុំចង់នៅទីដែលមានសុវត្ថិភាព កក់ក្ដៅ និង ស្ងួតនៅក្នុងគ្រែខ្ញុំ ។ ខ្ញុំពុំបានក្រោកឡើង ដូចដែលខ្ញុំគួរធ្វើនោះទេ ។ លុះព្រឹកស្អែក ខ្ញុំបានក្រោកឡើងឃើញកូនចៀមស្លាប់ ។ សត្វឆ្កែមួយក្បាលក៏បានឮសម្រែករបស់វាដែរ ហើយបានសម្លាប់វា ។ ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំ ។ ខ្ញុំពុំបានធ្វើជាអ្នកគង្វាលដ៏ល្អ ឬ ជាម្ចាស់ដ៏ល្អនៃអ្វីដែលឪពុកខ្ញុំបានផ្ទុកផ្ដាក់ដល់ខ្ញុំនោះទេ ។ ឪពុកខ្ញុំបាននិយាយថា « កូនប្រុស តើប៉ាមិនអាចទុកចិត្តកូនឲ្យគ្រាន់តែថែទាំកូនចៀមមួយបានទេឬអី ? » ពាក្យសម្ដីរបស់ឪពុកខ្ញុំបានធ្វើឲ្យខ្ញុំឈឺចាប់ជាងការបាត់បង់មិត្តដែលមានរោមរបស់ខ្ញុំទៅទៀត ។ នៅថ្ងៃនោះ ខ្ញុំបានតាំងចិត្ត ក្នុងនាមជាក្មេងប្រុសតូចម្នាក់ថា ខ្ញុំនឹងមិនព្រងើយកន្តើយនឹងភាពជាម្ចាស់របស់ខ្ញុំក្នុងនាមជាអ្នកគង្វាលម្នាក់ទៀតនោះទេ ប្រសិនបើខ្ញុំត្រូវបានដាក់ឲ្យនៅក្នុងតួនាទីនោះម្ដងទៀត ។ …
បន្ទាប់ពីជាងហុកសិបឆ្នាំកន្លងទៅ ខ្ញុំនៅតែអាចឮនៅក្នុងគំនិតខ្ញុំនូវសម្រែកនោះ សម្លេងយំតក់ស្លុតនៃកូនចៀមរបស់ខ្ញុំពេលខ្ញុំនៅជាក្មេងប្រុស ដែលខ្ញុំមិនបានឃ្វាលវា ដូចដែលខ្ញុំគួរតែធ្វើ ។ ខ្ញុំក៏នៅតែអាចចងចាំពីការស្ដីបន្ទោសដោយក្ដីស្រឡាញ់របស់ឪពុកខ្ញុំ ៖ « កូនប្រុស តើប៉ាមិនអាចទុកចិត្តកូនឲ្យគ្រាន់តែថែទាំកូនចៀមមួយបានទេឬអី ? » បើយើងមិនមែនជាអ្នកគង្វាលល្អ ខ្ញុំឆ្ងល់ថា យើងនឹងមានអារម្មណ៍បែបណានៅក្នុងភាពអស់កល្បជានិច្ច ។
ចេញពី ជែមស៍ អ៊ី ហ្វោស្ត “Responsibilities of Shepherds,” Ensign, ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៤៦, ៤៨ ។