២០១៥
ខ្ញុំ​បាន​និយាយ​ទៅកាន់​ព្រះ​ដូចជា​មិត្តភក្ដិ​ម្នាក់
ខែ កក្កដា ឆ្នាំ ២០១៥


ខ្ញុំ​បាន​និយាយ​ទៅកាន់​ព្រះ​ដូចជា មិត្តភក្ដិ ម្នាក់

« ចូរ​អធិស្ឋាន នោះ​ទ្រង់​នឹង​ស្ដាប់​អ្នក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦ ) ។

កាលពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ ជា​មនុស្ស​អៀន​ខ្លាំង​ណាស់ ហើយ​វា​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​ការ​រាប់អាន​មិត្តភក្ដិ ។ ខ្ញុំ​បាន​អធិស្ឋាន​យ៉ាង​ច្រើន​ទៅ​ព្រះ អំពី​ការយក​ឈ្នះ​លើ​ភាព​ភ័យ​ខ្លាច និង ភាព​ខ្មាស់​អៀន​របស់​ខ្ញុំ ។ ខ្ញុំ​បាន​អធិស្ឋាន​ទៅកាន់​ព្រះ​ដូចជា មិត្តភក្ដិ ម្នាក់ ។ គ្មាន​នរណា​ម្នាក់​បាន​បង្រៀន​ខ្ញុំ​ពី​របៀប​ដើម្បី​ធ្វើ​បែប​នេះ​ទេ — ខ្ញុំ​គ្រាន់តែ​ត្រូវការ​និយាយ​ទៅកាន់​នរណា​ម្នាក់ ។ ខ្ញុំ​អត់​មាន​មិត្តភក្ដិ ដូច្នេះ ខ្ញុំ​បាន​រកឃើញ​មិត្ត​ម្នាក់ ដោយ​និយាយ​ទៅ​កាន់​ទ្រង់ ។

បន្ទាប់​មក ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​មក​ខ្ញុំ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​អាន​វា ។ ពេល​ខ្ញុំ​អាន នីហ្វៃទី៣ ១៧ ខ្ញុំ​ពិត​ជា​មាន​ការ​ស្ងើច​ចំពោះ​របៀប​ដែល​ព្រះយេស៊ូវ​បាន​យក​ក្មេង​តូចៗ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ ។ ខ្ញុំ​បាន​ដឹង​ថា នេះ​គឺ​ជា​របៀប​ដ៏​ត្រឹមត្រូវ​ដើម្បី​អធិស្ឋាន ។

ខ្ញុំ​បាន​សម្រេច​ចិត្ត​អាន​បទគម្ពីរ​ទាំងអស់​អំពី​ការអធិស្ឋាន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង លូកា ៣:២១ បន្ទាប់​ពី​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​ទ្រង់​ហើយ ព្រះយេស៊ូវ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌ ហើយ​ស្ថានសួគ៌​បាន​បើក​ចំហ ។ ពេល​ខ្ញុំ​អាន​វា ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ចង់​អធិស្ឋាន​នៅ​ក្នុង​របៀប​មួយ​ដែល​នឹង​បើក​ស្ថានសួគ៌​ដែរ ។

ពេលខ្លះ ខ្ញុំ​មាន​អារម្មណ៍​ហត់នឿយ ហើយ​ពុំ​ចង់​អធិស្ឋាន ។ ប៉ុន្តែ បន្ទាប់​មក​ខ្ញុំ​ចងចាំ​ពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​អធិស្ឋាន ។ ខ្ញុំ​ព្យាយាម​ស្មោះត្រង់​អស់​ពី​ដួងចិត្ត នៅក្នុង​ការអធិស្ឋាន​របស់​ខ្ញុំ ដើម្បី​ឲ្យ​ស្ថានសួគ៌​នឹង​បើក​ចំហ​សម្រាប់​ខ្ញុំ​ដែរ ។

ពេលខ្លះ ការ​អធិស្ឋាន​របស់​ខ្ញុំ​ខ្លី ព្រោះ​ខ្ញុំ​មិន​អាច​រក​ពាក្យ​ពេចន៍​ដើម្បី​បង្ហាញ​ពី​ខ្លួន​ខ្ញុំ​ឲ្យ​បាន​ល្អ ។ ខ្ញុំ​គ្រាន់តែ​មាន​អារម្មណ៍​មួយ​ចំនួន​នៅ​ក្នុង​ចិត្ត ហើយ​ខ្ញុំ​និយាយ​ថា « ទ្រង់​ត្រាស់​ដឹង​នូវ​អ្វី​ដែល​កូន​កំពុង​ព្យាយាម​ទូល​ទៅ​ទ្រង់ ។ សូម​ជួយ​កូន​ផង » ។

ពេលខ្លះ ពេល​ខ្ញុំ​អធិស្ឋាន​ប្រសិទ្ធិពរ​ដល់​ម្ហូប​អាហារ ខ្ញុំ​ចាំ​ថា សូម្បី​តែ​នៅក្នុង​ការអធិស្ឋាន​ដ៏​តូច​មួយ​ក្ដី ក៏​ស្ថានសួគ៌​អាច​បើក​ចំហ​បាន​ដែរ ។ ខ្ញុំ​ព្យាយាម​បំភ្លេច​អំពី​ពិភពលោក ហើយ​ព្យាយាម​ភ្ជាប់​ទៅ​នឹង​ព្រះវរបិតាសួគ៌ ។ ហើយ​នៅក្នុង​របៀប​ដ៏​រាបទាប​មួយ ខ្ញុំ​និយាយ​ការណ៍​ទាំងឡាយ​ដែល​ចេញ​ពី​ក្នុង​ដួងចិត្ត​ខ្ញុំ ។

ពេល​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត និង ការលួងលោម ខ្ញុំ​ដឹង​ថា ស្ថានសួគ៌​បាន​បើក​ចំហ​ដល់​ខ្ញុំ ។

បន្ទាប់​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ក្រុម​គ្រួសារ​របស់​ខ្ញុំ​អំពី​ដំណឹងល្អ​ហើយ ម្តាយខ្ញុំ ប្អូនស្រីខ្ញុំ ហើយនិង​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ប៉ុន្តែ ឪពុកខ្ញុំ ប្អូនប្រុស​ខ្ញុំ និង ប្អូន​ស្រី​ខ្ញុំ​ម្នាក់​ទៀត ពុំ​បាន​ចូល​រួម​នឹង​សាសនាចក្រ​ទេ ។ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ឪពុក​ខ្ញុំ​ក្លាយ​ជា​សមាជិក​សាសនាចក្រ​ណាស់ ។ ខ្ញុំ​បាន​តម​អាហារ ហើយ​រាល់​ថ្ងៃ ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ឲ្យ​ឪពុក​ខ្ញុំ​ទទួល​ដំណឹងល្អ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​អធិស្ឋាន​សម្រាប់​ឪពុក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ដឹង​ដែរ​ថា ខ្ញុំ​ត្រូវ​រង់ចាំ​ចម្លើយ​របស់​ព្រះ ។ ពេលខ្លះ ទ្រង់​មាន​ព្រះបន្ទូល​ថា « ទេ មិន​ទាន់​ទេ » ។ នៅ​ទីបំផុត ឪពុក​របស់​ខ្ញុំ​ពិត​ជា​បាន​ស្ដាប់ ហើយ​យល់ ហើយ​គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ប្រសិន​បើ ម្ដាយ ឬ ឪពុក​អ្នក​ពុំ​ទាន់​ជា​សមាជិក​សាសនាចក្រ​នៅ​ឡើយ សូម​និយាយ​ទៅ​កាន់​មិត្ត​របស់​អ្នក — គឺ​ព្រះវរបិតា​របស់​អ្នក​ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ។ សូម​ដល់​ទ្រង់​ឲ្យ​បន្ទន់​ចិត្ត​ម្ដាយ ឬ ឪពុក​របស់​អ្នក ។ សូម​និយាយ​ទៅកាន់​ទ្រង់​ដោយ​រាបទាប និង ដោយ​ស្មោះ​ត្រង់ នៅក្នុង​របៀប​មួយ​ដែល​ស្មោះ​អស់​ពី​ចិត្ត ។ ប៉ុន្តែ​ត្រូវ​បន្ធូរ​អារម្មណ៍ ។ ទ្រង់​ជា​អ្នក​គ្រប់គ្រង ។ ទ្រង់​ដឹង​ពី​របៀប​ដើម្បី​ធ្វើ​ការណ៍​ទាំងឡាយ ។ ទ្រង់​ស្គាល់​ឪពុក និង ម្ដាយ​របស់​អ្នក​ជាង​អ្នក​ស្គាល់​ពួកគាត់​ទៅទៀត ។ ទ្រង់​ស្គាល់​ពី​របៀប​ដើម្បី​ជួយ​ពួកគាត់ ។

សូម​កុំ​បារម្ភ​ឡើយ ។ អ្នក​មាន​មិត្តភក្ដិ​ម្នាក់ ។ សូម​អធិស្ឋាន​ចេញ​ពី​ដួងចិត្ត​របស់​អ្នក ហើយ​ព្រះវរបិតាសួគ៌​នឹង​ស្ដាប់​អ្នក ។ ស្ថានសួគ៌​នឹង​បើក​ចំហ ។ ទ្រង់​ស្គាល់​អ្នក ហើយ​ទ្រង់​នឹង​ប្រទាន​ពរ​អ្នក ។

រចនា​រូបភាព​ដោយ ឌីលីន ម៉ាស្ស