២០១៥
ស្រួល​ទាំងអស់
ខែ កក្កដា ឆ្នាំ ២០១៥


សារលិខិត​នៃគណៈ​ប្រធាន​ទី​មួយ

ស្រួល ទាំងអស់

One oil painting.  Depiction of the pioneer trek in a positive happy manner.  "The prairies covered with lush grass and (many varieties of wildflowers) offered vistas of dramatic beauty."  A woman dressed in pink dress with white waist apron holing a basket of multicolored flowers.  She stands in a  lush landscape, in the background a covered wagon is pulled by two oxen.  A figure dressed in blue rides in the wagon.

ពួក​អ្នក​ត្រួសត្រាយ ដោយ ដោយ រ៉ូប៊ឺត ធី បារែត ដោយ​បាន​ការអុនញ្ញាត្ត​ជា​ផ្លូវការ​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

ពេល​ដែល​ខ្ញុំ​គិត​អំពី​កេរដំណែល​នៃ​អ្នក​ត្រួសត្រាយ​របស់​យើង នោះ​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​រំជួល​ចិត្ត​បំផុត​ដែល​ផុស​ឡើង​ក្នុង​គំនិត គឺ​ទំនុក​តម្កើង « មក មក ពួក​បរិសុទ្ធ » ( ទំនុក​តម្កើង លេខ ១៨ ) ។ ពួក​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ​មក​កាន់​ជ្រលង សលថ៍ លេក ជា​ញឹកញាប់​តែង​បាន​ច្រៀង​ទំនុក​តម្កើង​នេះ​អំឡុង​ការធ្វើ​ដំណើរ​របស់​ពួកគេ ។

ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា អ្វីៗ​ទាំងអស់​គឺ​មិន​ស្រួល​ទេ​សម្រាប់​ពួក​បរិសុទ្ធ​ទាំង​នេះ ។ ពួកគេ​ត្រូវបាន​រាតត្បាត​ដោយ​ជំងឺ កម្ដៅ ការអស់​កម្លាំង ភាពរងា ការភ័យ​ខ្លាច ភាព​ស្រេកឃ្លាន ការឈឺចាប់ មន្ទិលសង្ស័យ និង ព្រមទាំងសេចក្តី​ស្លាប់ទៀត​ផង ។

ប៉ុន្តែ ថ្វីបើ​មាន​​មូលហេតុគ្រប់បែបយ៉ាង​ដើម្បី​នឹងស្រែក​ថា « មិន​ស្រួស​ទាំងអស់ » ក្តី ក៏​ពួកគេ​បាន​បណ្ដុះ​នូវ​ឥរិយាបថ​មួយ ដែល​យើង​ពុំ​អាច​ទប់​មិន​សរសើរ​មិន​បាន​នៅ​សព្វថ្ងៃ​នេះ ។ ពួកគេ​បានសម្លឹងមើល​ហួស​ពី​បញ្ហា​របស់​ពួកគេ ឆ្ពោះទៅ​កាន់​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច​វិញ ។ ពួកគេ​បាន​មាន​អំណរគុណ​នៅ​ក្នុង​កាលៈទេសៈ​របស់​ពួកគេ ។ ថ្វីបើ​មាន​ភស្ដុតាង​ជាច្រើន​បង្ហាញ​ពី​ភាព​ផ្ទុយ​ពី​នោះ ក៏​ពួកគេ​បាន​ច្រៀង​ដោយ​អស់​ពី​ជំនឿជឿជាក់ចេញ​ពី​​ព្រលឹង​របស់​គេ​ថា « ស្រួល​ទាំងអស់ ! »

ការ​សរសើរ​របស់​យើង​ចំពោះ​ពួក​អ្នក​ត្រួសត្រាយ​ទាំងនេះ ពិតជាគ្មាន​ខ្លឹមសារ​អ្វី​ទេ បើ​វា​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​ការឆ្លុះ​បញ្ចាំង​នៅ​ខាង​ក្នុង​ចិត្ត​​របស់​យើង​ទេ​នោះ ។ ខ្ញុំ​សូម​លើក​ឡើង​ពី​លក្ខណៈ​មួយ​ចំនួន​របស់​ពួកគេ ដែល​បំផុស​ចិត្ត​ខ្ញុំ ពេល​ដែល​ខ្ញុំ​សញ្ជឹង​គិត​ពី​ការលះបង់ និង ការប្ដេជ្ញា​ចិត្ត​របស់​ពួកគេ ។

សេចក្តី​អាណិត​អាសូរ

ពួក​អ្នក​ត្រួសត្រាយ​ខ្វល់ខ្វាយ​ពី​គ្នា​ទៅវិញ​ទៅមក ដោយ​មិន​គិត​ដល់​ប្រវត្តិ​ខាង​សង្គម សេដ្ឋកិច្ច ឬ នយោបាយ​នោះ​ឡើយ ។ សូម្បី​តែ​ពេល​វា​បាន​ធ្វើ​ឲ្យ​ការរីក​ចម្រើន​របស់​ពួកគេ​ត្រូវ​យឺតយ៉ាវ បាន​បណ្ដាល​ឲ្យ​មាន​ភាព​មិន​ស្រណុក​ស្រួល ឬ តម្រូវ​ឲ្យ​មាន​ការលះបង់ និង កិច្ច​ខិតខំ​ផ្ទាល់​ខ្លួន​ក្ដី ក៏​ពួកគេ​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ។

នៅ​ក្នុង​ពិភពលោក​របស់​យើង​ដែល​ពោរពេញ​ដោយ​ការ​ជំរុញ​ឲ្យ​សម្រេច​គោលដៅ និង ការ​ប្រកាន់​បក្សពួក ទិសដៅ​របស់​បុគ្គល និង របស់​ក្រុម អាច​ទាញ​យក​អស់​នូវ​ការ​ខ្វល់​ខ្វាយ​ចំពោះ​អ្នក​ដទៃ ឬ ការ​ពង្រឹង​នគរ​របស់​ព្រះ ។ ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ការ​ឈោង​ចាប់​គោលដៅ​ខាង​មនោគម​វិជ្ជា​ជាក់លាក់​ទាំងឡាយ អាច​ក្លាយ​ជា​រង្វាស់​នៃ​តម្លៃ​របស់​យើង ។

ការ​ដាក់ និង សម្រេច​គោលដៅ​អាច​ជា​រឿង​ដ៏​ប្រពៃ​មួយ ។ ប៉ុន្តែ ពេល​ដែល​ភាព​ជោគជ័យ​នៃ​ការ​ឈោង​ចាប់​គោលដៅ ត្រូវ​សម្រេច​បាន​ដោយ​មក​ពី​ការមិន​ខ្វល់ខ្វាយ ការព្រងើយ​កន្ដើយ ឬ ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​ឈឺចាប់ នោះ​តម្លៃ​នៃ​ភាព​ជោគជ័យ​នោះ​អាច​មាន​តម្លៃ​ជ្រុល​ពេក​ហើយ ។

ពួក​អ្នក​ត្រួសត្រាយ​បាន​មើល​ថែទាំ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​របស់​គេ ប៉ុន្តែ​ពួកគេ​ក៏បាន​គិត​គូរ​ពី​ពួក​អ្នក​ដែល​បាន​មកតាម​ក្រោយ​ពួកគេ​ផងដែរ ដោយ​បាន​ដាំដំណាំ​សម្រាប់​ក្រុម​រទេះ​ដែល​បាន​មក​ពី​តាម​ក្រោយ ។

ពួកគេ​បាន​ស្គាល់​ពី​កម្លាំង​នៃ​ក្រុម​គ្រួសារ និង មិត្តភក្ដិ ។ ហើយ​ដោយ​សារ​តែ​ពួកគេ​បាន​ពឹង​ផ្អែក​លើ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ពួកគេ​បាន​ក្លាយ​ជា​រឹងមាំ ។ មិត្តភក្ដិ​បាន​ក្លាយ​ជា​ក្រុម​គ្រួសារ ។

ពួក​អ្នក​ត្រួសត្រាយ​គឺ​ជា​ការ​រំឭក​មួយ​ដ៏​ល្អ ពី​មូលហេតុ​ដែល​យើង​ត្រូវតែ​បែរចេញពី​ការល្បួង ដែល​បំបែក​យើង​ចេញ​តែ​ម្នាក់​ឯង តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង មាន​ចិត្ត​អាណិត​អាសូរ និង សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​វិញ ។

ធ្វើការ

« មក មក​ពួក​បរិសុទ្ធ កុំ​ខ្លាច​ឡើយណា » ។

ឃ្លា​នេះ​បាន​ក្លាយ​ជា​បទ​ប្រចាំ​ចិត្ត​ចំពោះ​ពួក​អ្នក​ធ្វើ​ដំណើរ​ដ៏​នឿយ​ហត់​ទាំង​នោះ ។ វា​ពិបាក​នឹង​ស្រមៃ​ថា ព្រលឹង​ដ៏​អស្ចារ្យ​ទាំងនេះ​ធ្វើ​ការ​ហត់​នឿយ​យ៉ាងណា ។ ការ​ដើរ​គឺ​ជា​ការណ៍​ដ៏​ស្រួល​បំផុត​មួយ​ដែល​ពួកគេ​បាន​ធ្វើ ។ ពួកគេ​ត្រូវតែ​រួបរួម​គ្នា​ដើម្បី​ផ្ដល់​អាហារ ជួសជុល​រទេះ មើល​ថែ​សត្វ បម្រើ​ដល់​ពួក​អ្នក​ឈឺ និង ទន់ខ្សោយ ស្វែងរក និង ប្រមូល​ទឹក​ទុក និង ការពារ​ខ្លួន​ពី​គ្រោះថ្នាក់​ធម្មជាតិ​ដែល​កើត​ឡើង​ភ្លាមៗ និង គ្រោះ​អន្តរាយ​ជាច្រើន​ទៀត​ដែល​មាន​នៅ​ទី​រហោស្ថាន ។

ពួកគេ​ភ្ញាក់​ឡើង​ជា​រៀង​រាល់​ព្រឹក​ដោយ​មាន​គោលបំណង និង គោលដៅ​ដ៏​ច្បាស់​លាស់ ដែល​គ្រប់​គ្នា​បាន​យល់​ថា ៖ គឺ​ដើម្បី​បម្រើ​ព្រះ និង បងប្អូន​របស់​គេ និង ដើម្បី​ទៅ​ដល់​ជ្រលង សលថ៍ លេក ។ ជា​រៀង​រាល់​ថ្ងៃ គោលបំណង និង គោលដៅ​ទាំង​នោះ គឺ​ច្បាស់​លាស់​សម្រាប់​ពួកគេ ពួកគេ​បាន​ដឹង​ពី​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ និង បាន​ដឹង​ថា ការរីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​សំខាន់​ក្រៃលែង ។

នៅ​ជំនាន់​របស់​យើង — ពេល​ដែល​អ្វី​ដែល​យើង​ប្រាថ្នា​ចង់​បាន​ភាគ​ច្រើន​ណាស់​គឺ​ងាយ​នឹង​ទទួល​បាន — នោះ​វា​ទាក់ទាញ​ឲ្យ​ងាក​ចេញ ឬ បោះបង់​ចោល ពេល​ណា​ដែល​ផ្លូវ​នៅ​ខាង​មុខ​នោះ​ហាក់​ដូច​ជា​មាន​រលាក់​បន្តិច ឬ ទី​ជម្រាល​ទំនង​ជា​ចោទ​ពេក​ពី​មុខ​យើង ។ នៅ​ក្នុង​គ្រា​ទាំងនោះ វា​អាច​បំផុស​ដល់​យើង​ឲ្យ​នឹក​ដល់​បុរស ស្ត្រី និង កុមារ​ទាំង​នោះ ដែល​ពុំ​បាន​បណ្ដោយ​ឲ្យ​ជំងឺ ការលំបាក ការឈឺចាប់ និង សូម្បី​តែ​សេចក្ដី​ស្លាប់ ធ្វើ​ឲ្យ​ពួកគេ​ងាក​ចេញ​ពី​ផ្លូវ​ដែល​ពួកគេ​បាន​ជ្រើសរើស​ឡើយ ។

ពួក​អ្នក​ត្រួសត្រាយ​បាន​រៀន​ថា ការធ្វើ​កិច្ចការ​លំបាកៗ​ពង្រឹង​ដល់​រូបកាយ គំនិត និង វិញ្ញាណ​របស់​ពួកគេ ពង្រីក​ការយល់​ដឹង​របស់​ពួកគេ​អំពី​លក្ខណៈ​ដ៏​ទេវភាព​របស់​ពួកគេ និង បង្កើន​ការ​អាណិត​អាសូរ​របស់​ពួកគេ​ចំពោះ​អ្នក​ដទៃ​ទៀត ។ ទម្លាប់​នេះ​បាន​ពង្រឹង​ព្រលឹង​របស់​ពួកគេ ហើយ​បាន​ក្លាយ​ជា​ពរជ័យ​មួយ​ចំពោះ​ពួកគេ​យ៉ាង​យូរ​អង្វែង​ទៀត បន្ទាប់​ពី​ការធ្វើ​ដំណើរ​ឆ្លងកាត់​ទីវាល និង ភ្នំ​ទាំងឡាយ​បាន​បញ្ចប់​ទៅ​ក៏​ដោយ ។

សុទិដ្ឋិនិយម

ពេល​ពួក​អ្នក​ត្រួសត្រាយ​បាន​ច្រៀង ពួកគេ​បាន​បន្លឺ​សំឡេង​នូវ​មេរៀន​ទី​បី​មួយ​ថា ៖ « តែ​ខិតខំ​ដោយ​សាទរ » ។

វា​ជា​ការ​ចំអក​មួយ​ដ៏​ខ្លាំង​បំផុត​នៅ​ជំនាន់​របស់​យើង ដែល​យើង​ត្រូវបាន​ប្រទាន​ពរ​យ៉ាង​ច្រើន ហើយ​នៅ​តែ​មិន​សប្បាយ​ចិត្ត​ទៀត ។ ភាព​អស្ចារ្យ​នៃ​ភាព​ចម្រុង​ចម្រើន និង បច្ចេកវិជ្ជា សន្ធប់​មក​លើ​យើង ហើយជះ​ឥទ្ធិពល​មក​លើ​យើង​ជាមួយ​នឹង​សុវត្ថិភាព ការកំសាន្ត ការ​បំពេញ​ចិត្ត​ភ្លាមៗ និង ភាព​ងាយស្រួល ។ តែ​យើង​នៅតែ​ឃើញ​មាន​ភាព​មិន​សប្បាយ​ជាច្រើន​នៅ​ជុំ​វិញ​យើង ។

ពួក​អ្នក​ត្រួសត្រាយ ដែល​បាន​លះបង់​គ្រប់​បែប​យ៉ាង បាន​ធ្វើ​ដំណើរ​ដោយ​គ្មាន​អ្វី​ច្រើន​សោះ​ឡើយ ហើយ​ស្រេក​ឃ្លាន ពុំ​មាន​សូម្បី​តែ​របស់​របរ​ចាំបាច់​បំផុត​ដើម្បី​រស់ ។ ពួកគេ​បាន​យល់​ថា សុភមង្គល​ពុំ​មែន​បាន​មក​ដោយសារ​លទ្ធផល​នៃ​ការ​មាន​សំណាង ឬ ចៃដន្យ​នោះ​ឡើយ ។ វា​ប្រាកដ​បំផុត​ថា សុភមង្គល​មិន​មែន​បាន​មក​ពី​ការ​មាន​អ្វីៗ​ទាំងអស់​ដែល​យើង​ប្រាថ្នា​ចង់​បាន​នោះ​ទេ ។ សុភមង្គល​ពុំ​មែន​បាន​មក​ពី​កាលៈទេសៈ​ខាង​ក្រៅ​ឡើយ ។ វា​បាន​មក​ពី​ខាង​ក្នុង​វិញ — មិន​ថា​មាន​អ្វី​កំពុង​កើត​ឡើង​ជុំ​វិញ​យើង​ឡើយ ។

ពួក​អ្នក​ត្រួសត្រាយ​បាន​ដឹង ហើយ​ជាមួយ​នឹង​វិញ្ញាណ​នោះ​ថា ពួកគេ​រកឃើញ​សុភមង្គល​ក្នុង​គ្រប់​កាលៈទេសៈ និង ក្នុង​គ្រប់​ការសាកល្បង — សូម្បី​តែ​ក្នុង​ការសាកល្បង​ទាំងនោះ​ដែល​ប៉ះ​ទង្គិច និង ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ជម្រៅ​ដ៏​ជ្រៅ​បំផុត​នៅ​ក្នុង​ព្រលឹង​របស់​ពួកគេ​ក្ដី ។

ការសាកល្បង

ពេល​ខ្លះ យើង​ក្រឡេក​មើល​ទៅ​អ្វី​ដែល​ពួក​អ្នក​ត្រួសត្រាយ​បាន​ទ្រាំទ្រ ហើយ​និយាយ​ដោយ​ការ​រសាយ​ចិត្ត​ថា « អរព្រះគុណ ដែល​ខ្ញុំ​ពុំ​បាន​រស់នៅ​ក្នុង​ពេល​នោះ » ។ ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ថា​បើ​ពួក​អ្នក​ត្រួសត្រាយ​ដ៏​ក្លាហាន​ទាំងនោះ អាច​នឹង​បន្លឺ​វាចា​ដូច​គ្នា​ដែរ បើ​ពួកគេ​បាន​ឃើញ​ពួក​យើង​នៅ​ជំនាន់​នេះ​នោះ ។

ថ្វីបើ​ពេល​វេលា និង កាលៈទេសៈ​បាន​ផ្លាស់​ប្ដូរ​ក្ដី ក៏​គោលការណ៍​នៃ​ការ​ប្រឈម​នឹង​ការសាកល្បង និង រស់នៅ​ដោយ​ជោគជ័យ​ជាមួយ​គ្នា ក្នុង​នាម​ជា​សហគមន៍​មួយ​ដែល​ពោរពេញ​ដោយ​ការ​ខ្វល់ខ្វាយ និង ការ​ចម្រុង​ចម្រើន​ក្រោម​ព្រះ​នោះ មិន​បាន​ផ្លាស់​ប្ដូរ​ឡើយ ។

យើង​អាច​រៀន​ពី​ពួក​អ្នក​ត្រួសត្រាយ ដើម្បី​មាន​សេចក្ដី​ជំនឿ និង ការទុក​ចិត្ត​លើ​ព្រះ ។ យើង​អាច​រៀន​ដើម្បី​មាន​ចិត្តអាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ​ទៀត ។ យើង​អាច​រៀន​ថា ការងារ និង ការឧស្សាហ៍​ព្យាយាម​មិន​ត្រឹម​តែ​ផ្ដល់​ពរ​ដល់​យើង​ខាង​សាច់ឈាម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ខាង​វិញ្ញាណ​ទៀត​ផង ។ យើង​អាច​រៀនថា សុភមង្គល​គឺ​មាន​សម្រាប់​យើង មិន​ថា​យើង​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​ទេ ។

របៀប​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​គោរព និង បង្ហាញ​ការដឹង​គុណ​ដល់​ពួក​អ្នក​ត្រួសត្រាយ គឺ​ដោយ​ការ​លើក​ដាក់​វា​ទៅក្នុង​ជីវិត​យើង​ផ្ទាល់​នូវ​ភាព​ស្មោះត្រង់​ពេញលេញ​ចំពោះ​ព្រះបញ្ញត្តិ​របស់​ព្រះ ការអាណិត​អាសូរ និង សេចក្ដី​ស្រឡាញ់​ដល់​បងប្អូន​ជុំ​វិញ​យើង និង ការឧស្សាហ៍​ព្យាយាម សុទិដ្ឋិនិយម និង សេចក្ដី​អំណរ ដែល​ពួក​អ្នក​ត្រួសត្រាយ​បាន​បង្ហាញ​យ៉ាង​ល្អ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។

ពេល​យើង​ធ្វើ​ដូច្នោះ យើង​អាច​ឈោង​កាត់​ទៅ​ជា​ច្រើន​ទសវត្សរ៍​នៃ​តំណរ​នានា ឈោង​ចាប់​ដៃ​របស់​ពួក​អ្នក​ត្រួសត្រាយ​ដ៏​ថ្លៃ​ថ្នូរ​ទាំងនោះ ហើយ​បន្លឺ​សំឡេង​របស់​យើង​បន្ថែម​ទៅ​នឹង​សំឡេង​របស់​ពួកគេ កាល​ដែល​យើង​ច្រៀង​ជាមួយ​ពួកគេ​ថា ៖ « ស្រួល​ទាំងអស់ ! ស្រួស​ទាំងអស់ ! »

ពួក​អ្នក​ត្រួសត្រាយ ដោយ ដោយ រ៉ូប៊ឺត ធី បារែត ដោយ​បាន​ការអុនញ្ញាត្ត​ជា​ផ្លូវការ​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ