ស្វែងរករបៀបមួយដើម្បី អត់ទោស
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា ។
យើងទាំងអស់គ្នានឹងប្រឈមនឹងពេលវេលាមួយ ដែលនរណាម្នាក់ធ្វើអ្វីមួយដែលធ្វើឲ្យយើងឈឺចាប់ ។ ពេលខ្លះ វាមានអារម្មណ៍ថា វាហាក់បីដូចជាមិនអាចលះបង់ការឈឺចាប់នោះបានឡើយ ។ ប៉ុន្តែ សូម្បីតែនៅពេលដែលការអាក់អន់ចិត្តនោះធំធេងប៉ុណ្ណាក៏ដោយ ក៏ព្រះអង្គសង្គ្រោះបានបង្រៀនយើងឲ្យអត់ទោសដល់មនុស្សទាំងអស់គ្នា ។ ការអត់ទោសអាចជាការពិបាក ប៉ុន្តែដោយការធ្វើទង្វើទាំងឡាយដែលនាំយើងឲ្យខិតជិតព្រះគ្រីស្ទ នោះយើងអាចទទួលបានសេចក្ដីសុខសាន្តដែលបានមកពីការអត់ទោស ។ ខាងក្រោមនេះ យុវនារីពីរនាក់ចែកចាយបទពិសោធន៍របស់ពួកគេទាក់ទងនឹងការអត់ទោសឲ្យអ្នកដទៃ ។
ការអត់ទោសឲ្យមិត្តភក្ដិម្នាក់
ពេលរិននេ* បានប្ដូរទៅសាលាថ្មីមួយនៅប្រទេស ប៊ែលហ្ស៊ិក នាងរីករាយនឹងបង្កើតមិត្តភក្ដិថ្មីៗ ។ ពេលនោះ មិត្តម្នាក់បានធ្វើឲ្យមានការពិបាកមួយចំនួន ។ រិននេពន្យល់ថា ៖
« មិត្តរបស់ខ្ញុំ នរ៉ា បានបង្កើតគណនី Facebook មួយ ដោយប្រើឈ្មោះមិត្តម្នាក់ទៀត គឺ ឃេត ។ នាងបានចាប់ផ្ដើមរុកគួនដល់អ្នកផ្សេងទៀតដោយប្រើប្រាស់ឈ្មោះនោះ ហើយអ្នកគ្រប់គ្នាបានបន្ទោសឃេត ចំពោះការរករឿងគេនោះ ។ នរ៉ាក៏បានចំអកឲ្យខ្ញុំនៅឯសាលាផងដែរ ដោយបង្អាប់ដល់សាសនា និង បុគ្គលិកលក្ខណៈរបស់ខ្ញុំ ។ ខ្ញុំបានព្យាយាមចៀសវាងពីការវាយប្រហារទាំងនេះ ប៉ុន្តែ ខ្ញុំមិនអាចធ្វើបានទេ ដូច្នេះខ្ញុំបានចាប់ផ្ដើមរាប់អាននឹងមនុស្សផ្សេងទៀត ។
« ពេលនរ៉ាបានសារភាពពីគណនី Facebook ក្លែងក្លាយ អ្នកគ្រប់គ្នាបានខឹងនឹងនាង ។ នរ៉ាបានផ្ញើសំបុត្រសូមទោសខ្ញុំ ប៉ុន្តែ ខ្ញុំពុំបានគិតថា ខ្ញុំអាចអត់ទោសឲ្យនាងបានឡើយ ។ ខ្ញុំបានខឹងខ្លាំងណាស់ ។
« ថ្ងៃមួយខ្ញុំអានព្រះគម្ពីរ ហើយខ្ញុំបានជួបនឹង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៩–១០ ៖ ‹ ហេតុដូច្នោះហើយ យើងប្រាប់អ្នកថា អ្នកត្រូវអត់ទោសដល់គ្នាទៅវិញទៅមក ដ្បិតអ្នកណាដែលមិនអត់ទោសដល់បងប្អូនរបស់ខ្លួន ចំពោះការរំលងរបស់គេទេ នោះជាប់ទោសនៅចំពោះព្រះអម្ចាស់ ព្រោះនៅជាប់នឹងអ្នកនោះ គឺជាបាបដ៏ធំជាង ។ យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញគឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ › ។
« ខ្ញុំបានគិតអំពីនរ៉ាភ្លាម ។ ខ្ញុំបានដឹងថា វាមិនត្រឹមត្រូវទេដែលខ្ញុំមានអារម្មណ៍ខឹងខ្លាំងយ៉ាងនេះ ។ ខ្ញុំបានអធិស្ឋាន ហើយសុំដល់ព្រះវរបិតាសួគ៌ ដើម្បីជួយដល់ខ្ញុំឲ្យអត់ទោសដល់នាង ។ វាមិនស្រួលទេ ប៉ុន្តែខ្ញុំនៅតែអាចធ្វើវាបាន ។ ខ្ញុំបានចាប់ផ្ដើមដោយផ្ញើសារដល់នាង សួរសុខទុក្ខនាង ហើយយូរៗម្ដងយើងនិយាយគ្នានៅពេលបរិភោគអាហារថ្ងៃត្រង់ ។ ខ្ញុំបានរៀនថា ឪពុករបស់នរ៉ាបានស្លាប់បួនឆ្នាំមកហើយ ។ ជីវិតរបស់នាងលំបាក ហើយនាងបានគិតថា មនុស្សគ្រប់គ្នាមិនចូលចិត្តនាង ។ ខ្ញុំសប្បាយចិត្ត ដែលខ្ញុំមិននៅតែខឹងនឹងនាងទៀត ។ ឃេត និង អ្នកផ្សេងទៀតមួយចំនួន មិនបានយល់ទេថា ខ្ញុំអាចអត់ទោសដល់នរ៉ាដោយរបៀបណា ប៉ុន្តែខ្ញុំបានដឹងថា អ្វីដែលខ្ញុំបានធ្វើគឺត្រឹមត្រូវ ហើយខ្ញុំបានដឹងថា ព្រះវរបិតាសួគ៌មានមោទនភាពចំពោះខ្ញុំ » ។
រិននេបានរៀនថា ព្រះបញ្ជាយើងឲ្យអត់ទោសដល់មនុស្សទាំងអស់គ្នា ។ ដោយការធ្វើតាមព្រះបញ្ញត្តិនោះ នាងបានកើននូវចិត្តអាណិតអាសូរ និង ការយល់អំពីនរ៉ា ហើយបានមានលទ្ធភាពអត់ទោសឲ្យនាងទាំងស្រុង ។
ការស្វែងរកសេចក្ដីសុខសាន្តក្នុងការស្លាប់របស់បងប្រុសខ្ញុំ
ពេលបងប្រុសរបស់ចាណែត ត្រូវបានទទួលមរណភាពនៅក្នុងគ្រោះថ្នាក់រថយន្ត ដែលបណ្ដាលមកពីអ្នកបើកបរជាយុវវ័យដែលស្រវឹងម្នាក់ និង អ្នកជិះជាមួយគាត់ នោះនាងបានដឹងថា នាងត្រូវបំភ្លេចពីភាពល្វីងជូរចត់ដែលនាងបានទទួល ប៉ុន្តែនាងពុំដឹងថាត្រូវធ្វើយ៉ាងណាទេ ។
« វាពិបាកនឹងប្រាប់ថា អ្វីដែលធ្វើឲ្យឈឺចាប់បំផុតនោះ — កំហឹងរបស់ខ្ញុំចំពោះពួកយុវវ័យដែលគ្មានចិត្តទាំងនេះ ឬក៏ការចង់បានបងប្រុសរបស់ខ្ញុំមកវិញដោយស្មោះត្រង់យ៉ាងខ្លាំងនោះ ។ ខ្ញុំពុំអាចទ្រាំទ្របានទេ មានតែគិតអំពីភាពទទេដ៏ធំនៅក្នុងជីវិតខ្ញុំ ។ ខ្ញុំចាំបានពីការអធិស្ឋានដ៏ក្លៀវក្លា ដែលហាក់ដូចជារាប់ម៉ោង ។ អ្វីដែលខ្ញុំចង់បានគឺ បានណាថាន មកវិញ ។
« ខ្ញុំមានអារម្មណ៍អាណិតដល់ពួកក្មេងប្រុសដែលទទួលខុសត្រូវចំពោះការស្លាប់របស់ណាថាន ព្រោះខ្ញុំបានដឹងថា ពួកគេបានមានអារម្មណ៍ថាខុសខ្លាំងក្រៃលែង ។ ប៉ុន្តែ ខ្ញុំក៏បានមានអារម្មណ៍ខឹង និង អន់ចិត្តផងដែរ ។ វាងាយនឹងបន្ទោសពួកគេណាស់ ។ ខ្ញុំបាននិយាយក្នុងគំនិតខ្ញុំថា ខ្ញុំអត់ទោសដល់យុវជនទាំងនេះ ប៉ុន្តែកំហឹងនៅតែផុសចេញមកក្នុងគំនិតរបស់ខ្ញុំ ពេលខ្ញុំគិតអំពីគ្រោះថ្នាក់នោះ ។ ខ្ញុំសួរខ្លួនឯងជាញឹកញាប់ថា ‹ តើខ្ញុំនឹងអត់ទោសយ៉ាងពិតប្រាកដដល់ពួកយុវជនទាំងនេះដោយរបៀបណាទៅ ហើយតើខ្ញុំអាចដឹងបានដោយរបៀបណា ពេលដែលខ្ញុំបានអត់ទោសនោះ ? ›
« វាមិនបានកើតឡើង រហូតទាល់តែបន្ទាប់ពីការអធិស្ឋានជាច្រើនឥតគណនា ការតមអាហារដោយស្មោះអស់ពីចិត្ត និង ការសិក្សា និង ការនឹកគិតជាច្រើន ដែលខ្ញុំបានមានអារម្មណ៍ថា ខ្ញុំពិតជាបានអត់ទោសដល់ពួកគេយ៉ាងពិតប្រាកដ នៅទីបំផុត ។ ខ្ញុំចាំបានពីការសញ្ជឹងគិតនៅថ្ងៃមួយ ។ ខ្ញុំបានគិតថា ‹ ខ្ញុំបានអត់ទោសដល់ពួកគេ ។ តើខ្ញុំមិនអាចយ៉ាងដូចម្ដេចទៅ ? គ្រប់គ្នាមានកំហុស ហើយតើខ្ញុំជានរណាដែលទៅវិនិច្ឆ័យនោះ ? ខ្ញុំនឹងមិនដោះស្រាយអ្វីបានឡើយ ដោយការប្រកាន់ចិត្តខឹងនោះ ដូច្នេះខ្ញុំបានបំភ្លេចវា › ។ អារម្មណ៍នោះអស្ចារ្យណាស់ ! ខ្ញុំតែងតែចង់ដឹងយ៉ាងខ្លាំងថា ខ្ញុំពិតជាបានអត់ទោសដល់ពួកយុវជនទាំងនោះ ហើយពេលវេលាបានមកដល់មែន ។ ខ្ញុំពុំអាចផ្លាស់ប្ដូរអ្វីដែលបានកើតឡើងដល់ណាថានទេ ប៉ុន្តែខ្ញុំអាចជ្រើសរើសដើម្បីប្រព្រឹត្តិដោយការអត់ទោស និង សេចក្ដីស្រឡាញ់ ជាជាងការមានកំហឹង » ។
ចាណែតបានរៀនថា ការអត់ទោសយ៉ាងពិតប្រាកដ អាចត្រូវការពេលវេលា និង ការខិតខំ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក » ( គ. និង ស. ៨៨:៦៣ ) ។ ចាណែតបានខិតទៅកាន់តែជិតព្រះអម្ចាស់ តាមរយៈការតមអាហារ ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និង ការខិតខំផ្សេងៗទៀត ។ ពេលយើងធ្វើដូចគ្នានេះ យើងអាចលះបង់នូវកំហឹង និង ការឈឺចាប់របស់យើង ហើយជំនួសវិញនូវអារម្មណ៍នៃសេចក្ដីសុខសាន្ត និង ការអត់ទោស ។
បំពេញដោយសេចក្ដីស្រឡាញ់
ដូចជាចាណែត និង រិននេ ដែរ ការអត់ទោសជួយយើងឲ្យមានអារម្មណ៍នៃការអាណិតអាសូរ ការយល់ចិត្ត និង ការអត់ធ្មត់ ។ ពេលយើងអត់ទោសដល់អ្នកដទៃ ព្រះអម្ចាស់នឹងបំពេញដល់យើងនូវសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ទ្រង់ ហើយយើងនឹងក្លាយកាន់តែដូចជាទ្រង់ ។