ពួកអ្នកត្រួសត្រាយ ៖ ជាយុថ្កាមួយសម្រាប់សម័យបច្ចុប្បន្ន
ចេញពីសុន្ទរកថា « ពួកអ្នកត្រួសត្រាយ — ជាយុថ្កាសម្រាប់អនាគត » ដែលបានផ្តល់នៅក្នុងទីក្រុង សលថ៍ លេក នៅឯសេវាកម្មព្រះអាទិត្យរះ កូនប្រុសទាំងឡាយរបស់ពួកអ្នកត្រួសត្រាយយូថាហ៍ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៣ ។
សូមចងចាំពីពួកអ្នកត្រួសត្រាយ ពីរឿងរ៉ាវទាំងឡាយរបស់ពួកគេ និង ពីអំណាចនៃការគាំទ្រ ការសង្គ្រោះ ការដោះលែងរបស់ព្រះ ដែលបានមកដោយសារលទ្ធផលនៃសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹមរបស់ពួកគេ ។
នៅក្នុងឆ្នាំ ១៨៣២ វែលថា ប្រេដហ្វត ហាចឆ៍ — ជាបុព្វការីជនរបស់ សែលលី ជាប្រពន្ធខ្ញុំ — និង អ៊ីរ៉ា ជាស្វាមីគាត់ បានរស់នៅក្នុងក្រុងតូចមួយ គឺទីក្រុង ហ្វាមមើរវីល រដ្ឋ នូវ យ៉ោក ស.រ.អា នៅជិតទន្លេសេនេខា ។ ពេលពួកអ្នកផ្សព្វផ្សាយសាសនា អូលីវើរ ខៅឌើរី និង ប៉ាលី ភី ប្រាត្ត បានមកផ្ទះក្រុមគ្រួសារហាចឆ៍ នោះ វែលថា បានទិញព្រះគម្ពីរមរមន ហើយបានអានវាភ្លាមតែម្ដង ។ ដោយបានជឿជាក់លើភាពពិតដ៏ពេញលេញរបស់វា នោះគាត់បានសុំទទួលបុណ្យជ្រមុជទឹក ។
ទោះជាយ៉ាងណាក្តី ស្វាមីរបស់គាត់បានដាស់តឿនគាត់ឲ្យរង់ចាំសិន ដោយសារតែការបៀតបៀនដែលកំពុងពុះកញ្ជ្រោល ហើយជិតសម្រាលកូនទៀតនោះ ។ មិនយូរប៉ុន្មានបន្ទាប់ពីសម្រាលកូនហើយ វែលថា បានទទួលបុណ្យជ្រមុជទឹក — ប៉ុន្តែ មានតែចោះប្រហោងមួយទៅក្នុងទឹកកកដែលកកលើស្ទឹងប៉ុណ្ណោះ ទើបពិធីបរិសុទ្ធនេះត្រូវបានធ្វើឡើង !១
អ៊ីរ៉ាបានចាប់អារម្មណ៍យ៉ាងខ្លាំងនឹងសារលិខិតនៃដំណឹងល្អ ។ គាត់ចង់ដឹងបន្ថែមទៀត ហើយក៏មានចំណាប់អារម្មណ៍ថាត្រូវរួមចំណែកក្នុងការកសាងព្រះវិហារបរិសុទ្ធ ខឺតឡង់ ។ ដូច្នេះ គាត់ និង វែលថា បានធ្វើដំណើរដោយរទេះសេះតូចទៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ស.រ.អា ដើម្បីទៅជួយព្យាការី យ៉ូសែប ស្ម៊ីធ ។ នៅពេលទៅដល់ ពួកគាត់ត្រូវបានគេប្រាប់ថា ពួកគាត់អាចទៅរកព្យាការីនៅក្នុងចំណោមក្រុមបុរសដែលកំពុងកាត់ឈើនៅក្នុងព្រៃ ។
បន្ទាប់ពីទៅដល់ព្រៃហើយ បុរសម្នាក់បានដាក់ពូថៅគាត់ចុះនឹងដើមឈើ ដើរតម្រង់មកពួកគាត់ ហើយបាននិយាយថា « បងប្រុស ហាចឆ៍ ខ្ញុំបានរំពឹងចាំបងអស់បីថ្ងៃហើយ ប្រាក់ដែលបងយកមកនឹងត្រូវប្រើប្រាស់ដើម្បីជួយធ្វើវេទិកានិយាយនៅក្នុងព្រះវិហារបរិសុទ្ធ » ។
បុរសនេះគឺ យ៉ូសែប ស្ម៊ីធ ។ ដោយមិនចាំបាច់និយាយអ្វីទាំងអស់ អ៊ីរ៉ាបានទទួលបុណ្យជ្រមុជទឹក ហើយគាត់ និង វែលថា បានត្រឡប់ទៅផ្ទះវិញ ដោយបានប្រមូលរបស់របរទាំងអស់របស់ពួកគាត់ ហើយបានចូលរួមនឹងពួកបរិសុទ្ធនៅខឺតឡង់ ។២
បុព្វការីជនម្នាក់របស់ខ្ញុំ គឺ អ៊ីសាក បាលលែត ណាស បានចូលរួមសាសនាចក្រនៅប្រទេស វេលស៍ ហើយបានឆ្លងកាត់មហាសមុទ្រអាតាឡង់ទិច និង ទីវាលទាំងឡាយមុនពេលចូលរួមនឹងពួកបរិសុទ្ធនៅទីក្រុង សលថ៍ លេក ។ បន្ទាប់ពីការមកដល់របស់គាត់ គាត់បានឮអែលឌើរអធិបតីម្នាក់របស់សាសនាចក្របានប្រកាសយ៉ាងឱឡារឹកប្រឆាំងនឹងការប្រើប្រាស់ថ្នាំជក់ ដោយបាននិយាយដូច្នេះ ៖ « មានពួកអែលឌើរនៅក្នុងអង្គប្រជុំនេះដែលមានថ្នាំជក់នៅក្នុងមាត់ពួកគេឥឡូវនេះ សូម្បីតែសត្វជ្រូកក៏មិនទំពាថ្នាំជក់ដ៏គួរឲ្យខ្ពើមនោះផង » ។ អ៊ីសាក ដែលកំពុងទំពាថ្នាំជក់ក្នុងមាត់គាត់ នោះបានស្ដោះវាចេញយ៉ាងស្ងាត់ ទម្លាក់វាទៅដី ហើយបាននិយាយទៅកាន់ថ្នាំជក់នោះថា « ឥឡូវ ឯងនៅទីនេះ ទាល់តែខ្ញុំមករកឯងវិញ » ។ គាត់មិនដែលត្រឡប់មករកវាវិញឡើយ ។៣
តើអ្វីទៅដែលនាំឲ្យវែលថា ស្វែងរកបុណ្យជ្រមុជទឹកនៅក្នុងស្ទឹងកក ជាជាងចាំរហូតដល់រដូវក្ដៅនោះ ? តើអ្វីទៅដែលបានជំរុញចិត្តអ៊ីរ៉ា ឲ្យធ្វើដំណើរពីរដ្ឋ នូវ យ៉ោក ទៅរដ្ឋ អូហៃអូ ហើយបរិច្ចាគប្រាក់កសាងព្រះវិហារបរិសុទ្ធដែលសាងសង់ដោយសាសនាចក្រមួយ ដែលគាត់មិនទាន់ជាសមាជិកផងនោះ ? តើអ្វីដែលធ្វើឲ្យអ៊ីសាកបោះបង់ស្រុកកំណើតរបស់គាត់ ហើយជិះកប៉ាល់កាត់មហាសមុទ្រអាតាឡង់ទិច កាត់ទីវាលទាំងឡាយ ហើយបន្ទាប់មកត្រូវបន្ថែមការទំពាថ្នាំជក់ទៅក្នុងបញ្ជីនៃអ្វីៗដែលគាត់ត្រូវលះបង់ចោលទៀត ?
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានកត់សម្គាល់ថា ៖ « អំណាចដែលជំរុញដល់ចិត្តដូនតាខាងដំណឹងល្អរបស់យើង គឺជាអំណាចនៃសេចក្ដីជំនឿលើព្រះ ។ វាគឺជាអំណាចដូចគ្នា ដែលធ្វើឲ្យកើតមាននូវការចាកចេញដំណើរទាំងមហាក្រុមគ្រួសារពីប្រទេសអេស៊ីព្ទ ធ្វើឲ្យមានផ្លូវដើម្បីឆ្លងកាត់សមុទ្រក្រហម ដំណើរដ៏វែងឆ្ងាយកាត់ទីវាលរហោស្ថាន និង ការស្ថាបនាជាតិសាសន៍អ៊ីស្រាអែលនៅក្នុងដែនដីសន្យា » ។៤
សេចក្ដីជំនឿគឺជាគោលការណ៍នៃសកម្មភាពផង និង នៃអំណាចផង ។៥ វា « ពុំមែនជាដំរិះដ៏ឥតខ្ចោះ » នោះទេ ( អាលម៉ា ៣២:២១ ) ។ ផ្ទុយទៅវិញ វាគឺជា « ការអះអាង » ពីព្រះវិញ្ញាណ ( សូមមើល ហេព្រើរ ១១:១ លេខយោង ខ ) ដែលបណ្ដាលឲ្យយើងប្រព្រឹត្ត ( សូមមើល យ៉ាកុប ២:១៧–២៦; នីហ្វៃទី២ ២៥:២៣; អាលម៉ា ៣៤:១៥–១៧ ) ធ្វើតាមព្រះអង្គសង្គ្រោះ និង រក្សាគ្រប់ទាំងព្រះបញ្ញត្តិរបស់ទ្រង់ សូម្បីតែពេលឆ្លងកាត់គ្រាដែលត្រូវលះបង់ និង ការសាកល្បងក៏ដោយ ( សូមមើល អេធើរ ១២:៤–៦ ) ។៦ គឺច្បាស់ដូចជាថ្ងៃរះនៅពេលព្រឹកព្រលឹមដែរ សេចក្ដីជំនឿបង្កើតជាសេចក្ដីសង្ឃឹម — គឺជាការរំពឹងថាអ្វីៗដែលល្អនឹងកើតឡើង ( សូមមើល មរ៉ូណៃ ៧:៤០–៤២ ) — ហើយនាំមកនូវអំណាចនៃព្រះអម្ចាស់ដើម្បីគាំទ្រយើង ។៧
បើសេចក្ដីជំនឿគឺជាអំណាចដែលជំរុញដល់ចិត្តដូនតាអ្នកត្រួសត្រាយរបស់យើង នោះវាគឺជាសេចក្ដីសង្ឃឹមដែលបានមកពីសេចក្ដីជំនឿរបស់ពួកគេនោះឯង ដែលធ្វើឲ្យពួកគេចាក់គ្រឹះយ៉ាងរឹងមាំ ។ មរ៉ូណៃបានសរសេរ ៖
« ដោយសារសេចក្ដីជំនឿ នោះការណ៍ទាំងអស់ត្រូវបានបំពេញ —
« ហេតុដូច្នោះហើយ អស់អ្នកណាជឿដល់ព្រះ អាចសង្ឃឹមជាប្រាកដថា នឹងបានពិភពលោកមួយដ៏ប្រសើរលើសលែងទៅទៀត មែនហើយ គឺកន្លែងមួយដែលនៅខាងស្ដាំព្រះហស្ដនៃព្រះ ឯសេចក្ដីសង្ឃឹមនោះ មកពីសេចក្ដីជំនឿ ធ្វើជាយុថ្កាមួយដល់ព្រលឹងមនុស្ស ដែលនឹងធ្វើឲ្យពួកគេស្ថិតស្ថេរនៅនឹងធឹង ហើយខ្ជាប់ខ្ជួន គឺនៅក្នុងកិច្ចការល្អដ៏បរិបូរជាដរាប ដែលនាំឲ្យសរសើរតម្កើងដល់ព្រះ » ( អេធើរ ១២:៣–៤ ) ។
សេចក្ដីជំនឿដ៏រឹងមាំរបស់ពួកអ្នកត្រួសត្រាយទៅលើព្រះគ្រីស្ទ ជំរុញចិត្តពួកគេឲ្យប្រព្រឹត្តដោយសេចក្ដីសង្ឃឹម ដែលជាការរំពឹងថាអ្វីៗដែលល្អប្រសើរនឹងកើតឡើង — មិនត្រឹមតែសម្រាប់ពួកគេប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពូជពង្សរបស់ពួកគេផងដែរ ។ ដោយសារតែសេចក្ដីជំនឿនេះ ពួកគេមានភាពប្រាកដ និង ខ្ជាប់ខ្ជួន ដែលបានដឹកនាំពួកគេឆ្លងកាត់ការលំបាកគ្រប់យ៉ាងទៅកាន់ព្រះដ៏មានសិរីល្អ ។ សម្រាប់ពួកអ្នកទាំងឡាយណាដែលស្មោះត្រង់យ៉ាងខ្ជាប់ខ្ជួន នោះអំណាចនៃព្រះបានបើកសម្ដែងក្នុងរបៀបទាំងឡាយដ៏អស្ចារ្យក្រៃលែង ។
តើពួកអ្នកត្រួសត្រាយទាំងនោះអាចក្លាយជាយុថ្កាសម្រាប់យើងនៅសព្វថ្ងៃដោយរបៀបណា ? ខ្ញុំមានយោបល់ចំនួនបី ។
សូមចងចាំពួកអ្នកត្រួសត្រាយ
សូមចងចាំពីពួកអ្នកត្រួសត្រាយ ពីរឿងរ៉ាវទាំងឡាយរបស់ពួកគេ និង ពីអំណាចនៃការគាំទ្រ ការសង្គ្រោះ ការដោះលែងរបស់ព្រះ ដែលបានមកដោយសារលទ្ធផលនៃសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹមរបស់ពួកគេ ។ ដូនតាអ្នកត្រួសត្រាយរបស់យើង ជួយយើងឲ្យស្គាល់អត្តសញ្ញាណរបស់យើងក្នុងនាមជារាស្ត្រនៃសេចក្ដីសញ្ញា ហើយបញ្ជាក់ថា ព្រះរបស់យើង — ដែលយើងបានធ្វើសេចក្ដីសញ្ញាជាមួយទ្រង់ និង ជាអង្គដែល « ពុំផ្លាស់ប្ដូរឡើយ » ( មរមន ៩:១៩ ) — ទ្រង់នឹងប្រទានពរយើងនៅក្នុងគ្រាដ៏លំបាក និង សាកល្បង ដូចដែលទ្រង់បានធ្វើដល់ដូនតាអ្នកត្រួសត្រាយរបស់យើង ។
អាលម៉ាបានបង្រៀនថា ព្រះ « នឹងបំពេញអស់ទាំងពាក្យសន្យារបស់ទ្រង់ ដែលទ្រង់នឹងធ្វើជាមួយនឹង [ យើង ] ដ្បិតទ្រង់បានបំពេញពាក្យសន្យាទាំងឡាយ ដែលទ្រង់បានធ្វើជាមួយនឹងពួកអយ្យកោរបស់យើងដែរ » ( អាលម៉ា ៣៧:១៧ ) ។ ដោយដឹងបែបនេះ នោះយើងនឹងត្រូវបានបំផុសគំនិតដោយពួកអ្នកត្រួសត្រាយ ដើម្បីប្រព្រឹត្តនៅក្នុងសេចក្ដីជំនឿដូចគ្នានោះដែរ ហើយត្រូវបានបោះយុថ្កាឲ្យរឹងមាំដោយសេចក្ដីសង្ឃឹម ។
នេះគឺជាយុថ្កាដែលយើងស្វែងរកក្នុងពិភពលោករបស់យើងដែលប្រកបដោយភាពជ្រួលច្របល់ខាងសីលធម៌ ខាងវិញ្ញាណ និង ខាងសាច់ឈាម ៖ គឺការរស់នៅតាមព្រះគ្រីស្ទ មានសេចក្ដីជំនឿលើព្រះគ្រីស្ទ និង ជាសេចក្ដីសង្ឃឹមដែលបោះយុថ្កាយើងនៅលើផ្លូវរបស់ទ្រង់ ។
រឿងរ៉ាវរបស់ក្រុមរទេះរុញវីល្លី និង ម៉ាទីន បានក្លាយជានិមិត្តរូបនៃសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹមរបស់ពួកអ្នកត្រួសត្រាយសម័យមុន ។ វាគឺជាអព្ភូតហេតុមួយ ដែលមានប្រហែលតែប្រមាណ ២០០ នាក់ ក្នុងចំណោមសមាជិកក្រុមប្រហែល ១០០០ នាក់ បានស្លាប់ ។៨ កិច្ចខិតខំប្រឹងប្រែងដែលពោរពេញដោយសេចក្ដីជំនឿ និង សេចក្ដីសង្ឃឹមរបស់ពួកអ្នកសង្គ្រោះគេ រួមជាមួយនឹងជំនួយដ៏ទេវភាពផងនោះ បានសង្គ្រោះក្រុមរទេះរុញរបស់គេ ។៩
បន្ទាប់ពីចាកចេញពីជ្រលងសលថ៍ លេក ពួកអ្នកសង្គ្រោះទាំងនោះបានជួបនឹងខ្យល់ព្យុះរដូវរងាដ៏សាហាវ ដ៏ឥតប្រណីដដែលនោះ ដែលបានលេបត្របាក់ក្រុមរទេះរុញនោះ ។ នៅក្នុងការប្រឈមនឹងគ្រោះធម្មជាតិដ៏សាហាវ នោះពួកអ្នកសង្គ្រោះមួយចំនួនបានស្ទាក់ស្ទើរក្នុងសេចក្ដីជំនឿរបស់ពួកគេ បានបាត់បង់សេចក្ដីសង្ឃឹម ហើយបានត្រឡប់បកក្រោយវិញ ។
ផ្ទុយទៅវិញ រែដឌីក អលរែដ បានប្រមូលកម្លាំងមនុស្សប្រុសបង្កើតស្ថានីយ៍សង្គ្រោះមួយយ៉ាងរឹងមាំ សម្រាប់រយៈពេលបីសប្ដាហ៍ក្រោមអាកាសធាតុដ៏គ្រោះថ្នាក់នារដូវរងានោះ ។ ពេលអ្នកសង្គ្រោះម្នាក់ទៀតបានព្យាយាមលួងលោមបងប្រុស អលរែដ ឲ្យត្រឡប់បកក្រោយជាមួយគាត់ នោះ រែដឌីក បានបដិសេធ ៖
« ខ្ញុំសូមបដិសេធនឹងសំណើរនេះ ហើយ … សូមទូន្មានឲ្យគាត់នៅទីនេះវិញ ដ្បិតជីវិតរបស់ក្រុមរទេះរុញនោះ គឺពឹងផ្អែកលើយើង » គាត់បានសរសេរក្នុងកំណត់ហេតុរបស់គាត់យ៉ាងដូច្នេះ ។ « បន្ទាប់មក គាត់ … បានស្នើថា ដោយសារខ្ញុំជាប្រធាននៃស្ថានីយ៍ នោះពួកគេបានដាក់សេចក្ដីជំនឿរបស់ពួកគេលើខ្ញុំ ថាខ្ញុំគួរតែទទួលព្រះបន្ទូលនៃព្រះដើម្បីដឹងពីអ្វីដែលយើងត្រូវធ្វើ ។ ខ្ញុំបានជំទាស់នឹងការណ៍នេះ ព្រោះ [ ព្រះអម្ចាស់ ] បានមានព្រះបន្ទូលរួចហើយពីអ្វីដែលទ្រង់ [ ឲ្យយើង ] ធ្វើ » ។១០
សេចក្ដីជំនឿដ៏ឥតងាករេបែបនោះនៅក្នុងគ្រានៃការសាកល្បងនានា បង្កើតឲ្យមាននូវបុរស និង ស្ត្រីដ៏រឹងមាំទាំងឡាយ ហើយផ្ដល់នូវការណែនាំដ៏ច្បាស់លាស់ នឹងន ពេលដែលខ្យល់ព្យុះដែលមិនដឹងមុនអាចនឹងបក់បោកយ៉ាងខ្លាំង ។ ផលផ្លែមួយដែលបានមកពីសេចក្ដីជំនឿបែបនោះ គឺថា អស់អ្នកណាដែលមានសេចក្ដីជំនឿបែបនោះ នឹងស្ថិតនៅក្នុងមុខតំណែងមួយដែលមើលថែទាំ សង្គ្រោះ និង ផ្ដល់ពរដល់អ្នកដទៃទៀត ។ សូមស្រមៃពីអារម្មណ៍ដ៏កក់ក្ដៅដែល រែដឌីក អលរែដ មាន កាលដែលគាត់បានឃើញក្រុមរទេះរុញមកដល់ស្ថានីយ៍របស់គាត់នោះ ។ សូមស្រមៃពីសេចក្ដីអំណរដែលក្រុមរទេះរុញមាន ពេលពួកគេបានឃើញគាត់ !
សូមចងចាំពីសាមគ្គីភាពរបស់ពួកគេ
សូមចងចាំថា ជាទូទៅ ពួកអ្នកត្រួសត្រាយគឺបានរួបរួមគ្នា ។ ពួកអ្នកប្រវត្តិសាស្ត្របានសង្កេតឃើញថា ការផ្លាស់ប្ដូរលំនៅទៅប៉ែកខាងលិចរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ខុសគ្នាពីការផ្លាស់ប្ដូរលំនៅទៅភូមិភាគអាមេរិកខាងលិចរបស់ពួកអាមរិកផ្សេងៗទៀត ។
« ពួកគេជាសហគមន៍ដែលនាំគ្នាដើរទៅជាមួយគ្នា ជាសហគមន៍ដែលមានភាពម៉ឺងម៉ាត់ សាមគ្គីភាព និង មានវិន័យ ដែលមិនធ្លាប់ដែលឮពីមុននៅក្នុងការធ្វើដំណើរទៅទិសខាងលិចនានាឡើយ ។ …
« មានតែពួកអ្នកផ្លាស់ប្ដូរទីលំនៅទៅរដ្ឋ កាលីហ្វូញ៉ា ឬ អ័រហ្គិន មួយចំនួនតូចប៉ុណ្ណោះ ដែលបានគិតគូរដល់ពួកអ្នកដែលធ្វើដំណើរពីក្រោយពួកគេ ។ … មិនដូចជាពួកមរមននោះទេ ។ គំនិតទីមួយរបស់ក្រុមអ្នកត្រួសត្រាយគឺកត់សម្គាល់កន្លែងបោះជំរុំ ឧសដុត ទឹក ស្មៅ ដើម្បីវាស់ប្រវែង និង បោះបង្គោលចម្លាយ ។ ពួកគេ និង ក្រុមដែលមកតាមក្រោយបានធ្វើការរួមគ្នាដើម្បីសង់ស្ពាន និង ជីកធ្វើផ្លូវចុះទៅស្ទឹង ។ ពួកគេបានធ្វើក្បូន និង សាឡាង ហើយទុកវានៅទីនោះដើម្បីក្រុមដែលមកតាមក្រោយអាចប្រើវា » ។១១
មូលហេតុសម្រាប់ភាពខុសគ្នានេះ គឺថាសមាជិកសាសនាចក្របានមកដើម្បីស្ថាបនាក្រុងស៊ីយ៉ូន ។ ក្នុងពាក្យសាមញ្ញ ស៊ីយ៉ូនគឺ « មនុស្សគ្រប់រូបគោរពបងប្អូនខ្លួនដូចជាខ្លួនឯងផ្ទាល់ ហើយប្រព្រឹត្តដោយគុណធម៌ និង ដោយបរិសុទ្ធភាពនៅចំពោះ [ ព្រះអម្ចាស់ ] » ( គ. និង ស. ៣៨:២៤ ) ។ ស៊ីយ៉ូន — គឺជាសង្គមមួយដែលមានមនុស្សមានចិត្តតែមួយ និង គំនិតតែមួយ រស់នៅក្នុងសេចក្ដីសុចរិត គ្មានមនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ ( សូមមើល ម៉ូសេ ៧:១៨ ) — បានជា ហើយគឺជាលទ្ធផលដែល « មនុស្សគ្រប់រូបស្វែងរកចំណូលចិត្តនៃអ្នកជិតខាងរបស់ខ្លួន ហើយប្រព្រឹត្តនូវគ្រប់ការណ៍ទាំងអស់ដោយមានភ្នែកស្មោះស្ម័គ្រទាំងស្រុងចំពោះសិរីល្អនៃព្រះ » ( គ. និង ស. ៨២:១៩ ) ។
ស្មារតីនៃសហគមន៍ និង ទំនួលខុសត្រូវដែលត្រូវបានចែករំលែកគ្នាទៅវិញទៅមកនោះ បានបង្កើតជាកិច្ចប្រឹងប្រែងរួមមួយ ដើម្បីធ្វើតាមព្យាការីរបស់ព្រះ ។ នោះជាមូលហេតុចម្បងមួយដែលពួកអ្នកត្រួសត្រាយបានទទួលជោគជ័យដូចដែលពួកគេបានទទួល ហើយវាគឺជាផ្នែកដ៏សំខាន់នៃមរតកដែលពួកគេផ្ទេរឲ្យយើង ។ ពួកគេខ្សឹបថា យើងក៏នឹងចម្រុងចម្រើនតាមរយៈអំណាចនៃព្រះអម្ចាស់តែប៉ុណ្ណោះ គឺដល់កម្រិតដែលយើងនឹងប្រព្រឹត្តដូចជាមនុស្សតែមួយ ជាមួយនឹងស្មារតីនៃសហគមន៍ និង ទំនួលខុសត្រូវរួមនៅក្នុងការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ ។
សូមផ្ទេរបន្តវិញ្ញាណនៃអ្នកត្រួសត្រាយ
យើងមានទំនួលខុសត្រូវក្នុងការបណ្ដុះទៅក្នុងដួងចិត្តនៃកូនៗ និង ចៅៗរបស់យើង នូវវិញ្ញាណដូចគ្នានោះ ដែលបានជំរុញចិត្តពួកអ្នកត្រួសត្រាយ ។ មេរៀនសាមញ្ញមួយអំពីរបៀបដែលការណ៍នេះត្រូវបានធ្វើឡើង អាចឃើញនៅក្នុងក្រុមគ្រួសារ មូញ៉ូស នៃទីក្រុង អូតាវ៉ាឡូ ប្រទេស អេក្វាឌ័រ ។ ក្នុងខែ មិនា ឆ្នាំ ២០១៣ ខ្ញុំបានជួបនឹងបងប្រុស ហ្សូអាន ហ្សូស៊េ មូញ៉ូស ភរិយារបស់គាត់ ឡូរ៉ា និង កូនប្រុសម្នាក់របស់ពួកគាត់គឺ ហ្សូអាន អាម៉ាដូ ដើម្បីស្វែងយល់ពីពេលវេលារបស់ពួកគាត់នៅក្នុងសាសនាចក្រ ។ ខ្ញុំបានដឹងថា បងប្រុស មូញ៉ូស គឺជាអ្នកប្រែចិត្តជឿម្នាក់ក្នុងចំណោមអ្នកប្រែចិត្តជឿដំបូងបំផុតនៅក្នុងទីក្រុង អូតាវ៉ាឡូ ។
កាលពីនៅក្មេង បងប្រុស មូញ៉ូស បានទទួលព្រះគម្ពីរមរមនមួយក្បាលជាភាសាអេស្ប៉ាញ ។ គាត់មិនអាចអានវាបានទេ ប៉ុន្តែ គាត់បានទទួលអារម្មណ៍នៃអំណាច និង វិញ្ញាណដ៏ជ្រាលជ្រៅ ពេលគាត់បានកាន់វា ។ គាត់បានលាក់វានៅផ្ទះគាត់ ដ្បិតគាត់ដឹងថា បងប្អូនប្រុសរបស់គាត់នឹងបំផ្លាញវាចោល ។
ពីពេលមួយទៅពេលមួយ គាត់យកព្រះគម្ពីរចេញពីកន្លែងលាក់ទុក គ្រាន់តែដើម្បីកាន់វា និង ទទួលអារម្មណ៍ពីអំណាចរបស់វា ។ ដោយបានទ្រាំទ្រនូវការលំបាក និង ការជំទាស់យ៉ាងច្រើន នោះគាត់បានចូលរួមនឹងសាសនាចក្រ ហើយបានក្លាយជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ក្នុងចំណោមពួកអ្នកផ្សព្វផ្សាយសាសនាដំបូងបំផុតដែលត្រូវបានហៅឲ្យបម្រើនៅភូមិ អូតាវ៉ាឡូ ។ ក្រោយមក គាត់បានរៀបការនឹងអ្នកត្រឡប់ពីបេសកកម្មស្រីម្នាក់ ហើយបានចាប់ដៃគ្នាចញ្ចឹមបីបាច់ក្រុមគ្រួសារមួយដែលពោរពេញដោយភាពស្មោះត្រង់ ដែលផ្ដោតលើដំណឹងល្អ ។ គាត់បានបម្រើដោយស្មោះត្រង់ជាអ្នកដឹកនាំម្នាក់នៅក្នុងសាសនាចក្រ ហើយបានជួយបកប្រែព្រះគម្ពីរមរមន និង ពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធទៅជាភាសាកំណើតរបស់គាត់ គឺភាសាឃ្វីឆៅ ។
ហ្សូអាន អាអ៉ាដូ ជាអ្នកត្រឡប់មកពីបេសកកម្មម្នាក់ បានយំពេលយើងស្ដាប់បងប្រុស មូញ៉ូស រៀបរាប់ពីរឿងរ៉ាវនៃសេចក្ដីជំនឿរបស់គាត់ ។ ពេលឪពុករបស់គាត់បានបញ្ចប់ កូនប្រុសដ៏ល្អនេះបាននិយាយ ៖ « ខ្ញុំតែងតែមានអំណរគុណចំពោះពួកអ្នកត្រួសត្រាយពីជំនាន់មុន ដែលបានឆ្លងកាត់ទីវាលជាមួយនឹងរទេះរុញរបស់ពួកគេនៅអាមេរិកខាងជើង ។ សេចក្ដីជំនឿ និង ភក្ដីភាព និង ការលះបង់របស់ពួកគេបានបំផុសគំនិតខ្ញុំ ហើយបានធ្វើឲ្យរំជួលយ៉ាងជ្រៅទៅក្នុងដួងចិត្ត ពេញក្នុងជីវិតខ្ញុំ ។ ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ ខ្ញុំពុំបានដឹងថា មានអ្នកត្រួសត្រាយផ្សេងទៀតផងដែរនៅ អូតាវ៉ាឡូ នេះ ហើយពួកគាត់គឺជាឪពុកម្ដាយរបស់ខ្ញុំតែម្ដង ! ការណ៍នេះធ្វើឲ្យខ្ញុំពោរពេញដោយសេចក្ដីអំណរ » ។
បងប្រុស និង បងស្រី មូញ៉ូស បង្រៀនយើងថា យើងផ្ទេរបន្តនូវមរតកត្រួសត្រាយនៃសេចក្ដីជំនឿ ដោយ ធ្វើជា អ្នកត្រួសត្រាយម្នាក់ — ដោយការបើក បង្ហាញ និង រស់នៅតាមផ្លូវនៃដំណឹងល្អ ដើម្បីឲ្យអ្នកដទៃទៀតដើរតាម ។ នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់ដោយខ្ជាប់ខ្ជួន ហើយបោះយុថ្កានៃព្រលឹងយើងដោយសេចក្ដីសង្ឃឹមនៅក្នុងទ្រង់ នោះយើងនឹងក្លាយជា « ស្ថិតស្ថេរនៅនឹងធឹង ហើយខ្ជាប់ខ្ជួន គឺនៅក្នុងកិច្ចការល្អដ៏បរិសុទ្ធជាដរាប ដែលនាំឲ្យសរសើរតម្កើងដល់ព្រះ » ( អេធើរ ១២:៤ ) ។ ខណៈនោះ ដូចជា រែដឌីក អលរែដ ដែរ យើងនឹងបម្រើដល់ពួកអ្នកដែលបានវង្វេងលើផ្លូវនៃជីវិត ហើយពួកគេ — រួមទាំងជំនាន់នានាខាងមុខផង —នឹងរៀនពីយើងនូវអំណាច និង សេចក្ដីសុខសាន្តនៃជីវិតបែបនោះ ។
អែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសង្កេតឃើញ ៖
« ការវេចខ្ចប់របស់របរមួយចំនួនដាក់ក្នុងរទេះគោ ឬ រទេះរុញ ហើយដើរលើចម្ងាយផ្លូវ ២០៩០ គ.ម. ពុំមែនជាវិធីដែលយើងភាគច្រើននឹងត្រូវបានសុំឲ្យបង្ហាញពីសេចក្ដីជំនឿ និង សេចក្ដីក្លាហានរបស់យើងនោះឡើយ ។ សព្វថ្ងៃនេះយើងប្រឈមមុខនឹងឧបសគ្គផ្សេងៗគ្នា — ជាភ្នំខុសគ្នាដែលត្រូវឡើង ជាទន្លេខុសគ្នាដែលត្រូវឆ្លងកាត់ ជាជ្រលងភ្នំខុសគ្នាដែលត្រូវធ្វើឲ្យ « ផ្កាឡើងដូចជាកូលាប » ( អេសាយ ៣៥:១ ) ។ …
« ឧបសគ្គរបស់យើងគឺត្រូវបានរកឃើញនៅក្នុងការរស់នៅក្នុងពិភពលោកមួយដែលពោរពេញដោយអំពើបាប និង ការមិនអើពើពីរឿងខាងវិញ្ញាណ ជាទីកន្លែងដែលការផ្គាប់ចិត្តខ្លួនឯង សេចក្ដីទុច្ចរិត និងសេចក្ដីលោភលន់មាននៅគ្រប់ទីកន្លែង ។ ទីរហោស្ថានសព្វថ្ងៃនេះគឺជាសារដែលភ័ន្តច្រឡំ និង ខ្វែងមតិមួយ » ។
អែលឌើរ បាឡឺដ បានបន្ថែមថា យើងមិនត្រូវធ្វើធម្មតានឹងព្រះបញ្ញត្តិទាំងឡាយរបស់ព្រះឡើយ ។ « ការចៀសវាងពីការល្បួង និង អំពើអាក្រក់ក្នុងពិភពលោកនេះ តម្រូវឲ្យមានសេចក្ដីជំនឿ និង ចិត្តរឹងប៉ឹងនៃអ្នកត្រួសត្រាយពិតនាសម័យទំនើប » ។១២
សូមឲ្យយើងគ្រប់គ្នាតាំងចិត្តដូចគ្នានោះដែរ ដើម្បីធ្វើជាអ្នកត្រួសត្រាយម្នាក់ និង ដើម្បីឈានទៅមុខ ហើយបើកផ្លូវសម្រាប់អ្នកដទៃណាដែលត្រូវបានប៉ះទង្គិចដោយពិភពមួយដែលពោរពេញដោយអំពើបាប ការភ័ន្តច្រឡំ និង ការសង្ស័យ ។ សូមយើងចងចាំពួកអ្នកត្រួសត្រាយ និង ដំណើររឿងរបស់ពួកគេ ចងចាំថា ពួកគេបានមកដើម្បីកសាងក្រុងស៊ីយ៉ូន ដោយកិច្ចប្រឹងប្រែងរួមមួយ ហើយទទួលយកទំនួលខុសត្រូវក្នុងការបណ្ដុះសេចក្ដីជំនឿដូចគ្នានោះទៅក្នុងអស់អ្នកណាដែលយើងជួប — ជាពិសេសនៅក្នុងជំនាន់ដែលកំពុងធំលូតលាស់ឡើង — ហើយធ្វើដូច្នោះដោយការផ្ដល់ « យញ្ញបូជារស់ » ( រ៉ូម ១២:១ ) របស់យើងផ្ទាល់ នូវជីវិតមួយដែលត្រូវបានជំរុញដោយសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និង បោះយុថ្ការបស់យើងដោយសេចក្ដីសង្ឃឹមដែលថា អ្វីៗដែលល្អនឹងកើតឡើងតាមរយៈទ្រង់ ។
ដើម្បីធ្វើជាអ្នកត្រួសត្រាយម្នាក់ មានន័យថា យើង « កុំណាយចិត្តនឹងធ្វើការល្អឡើយ » ( គ. និង ស. ៦៤:៣៣ ) ។ វែលថា ហាចឆ៍ ពុំបានសង្ស័យពីភាពសំខាន់ដ៏ពិសេសក្នុងការទទួលបុណ្យជ្រមុជទឹកក្នុងទន្លេកកនោះឡើយ ។ ហើយ អ៊ីសាក ណាស ក៏ពុំបានគិតថា វាអស្ចារ្យណាស់ណាទេ ដែលត្រូវខ្ជាក់ចោលថ្នាំជក់ដែលគាត់ទំពាទៅលើដីនោះ ។ ហើយចំពោះ រែដឌីក អលរែដ វិញ គាត់គ្រាន់តែបានធ្វើអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថាគាត់គប្បីធ្វើប៉ុណ្ណោះ ។
ចេញពីកិច្ចការតូចតាច និង ងាយទាំងនេះហើយ ទើបនាំឲ្យកើតកិច្ចការធំៗបាន ! ដូច្នេះ ចូរយើងចងចាំថា ពុំមានកិច្ចការតូចតាចឡើយ នៅក្នុងការប្រឹងប្រែងដ៏អស្ចារ្យនោះ ។ កាលដែលយើងរស់នៅតាមដំណឹងល្អ ធ្វើតាមព្យាការី ជ្រើសរើសសេចក្ដីជំនឿជាជាងសេចក្ដីសង្ស័យ ហើយធ្វើកិច្ចការតូចៗដែលនឹងពង្រីកសេចក្ដីជំនឿ និង បង្កើតសេចក្ដីសង្ឃឹមដែលជាយុថ្កានៃព្រលឹង នោះយើងម្នាក់ៗនឹងក្លាយជាអ្នកត្រួសត្រាយផ្លូវម្នាក់ ដែលរៀបចំផ្លូវសម្រាប់អ្នកដទៃទៀតដើរតាម ។