ព្រះវរបិតាសួគ៌ ឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ
មានពេលជាច្រើនដង ដែលព្រះវរបិតាបានឮ និង ឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។ ការចងចាំដំបូងគេរបស់ខ្ញុំ អំពីរឿងនេះគឺពេលខ្ញុំអាយុបួនឆ្នាំ ។ ខ្ញុំបានបាត់ដុំសម្រាប់លេងទាំងឡាយដែលខ្ញុំចង់លេង ។ ដូច្នេះ ខ្ញុំបានចូលទៅបន្ទប់របស់ខ្ញុំ ហើយលុតជង្គង់ចុះអធិស្ឋាន ។ ខ្ញុំសុំព្រះវរបិតាសួគ៌ដើម្បីជួយខ្ញុំឲ្យរកឃើញប្រដាប់លេងរបស់ខ្ញុំ ។ ការអធិស្ឋានរបស់ខ្ញុំត្រូវបានឆ្លើយតបមួយរំពេច — ខ្ញុំបានរកឃើញដុំសម្រាប់លេងរបស់ខ្ញុំនៅបន្ទប់ក្បែរនោះ ។
ក្នុងពេលដ៏សំខាន់បំផុតមួយដែលការអធិស្ឋានរបស់ខ្ញុំត្រូវបានឆ្លើយតប គឺជាមួយក្រុមគ្រួសារខ្ញុំទាំងមូល ។ ពីរបីខែក្រោយពីបងជីដូនមួយរបស់ខ្ញុំ គឺគ្រីស្ទាន បានបញ្ចប់បេសកកម្មរបស់គាត់ គាត់បានបើកបរនៅពេលយប់ជ្រៅនៅលើផ្លូវភ្នំដែលមានជ្រោះជ្រៅ ។ ឡានគាត់ និង ឡានមួយទៀតបានបុកគ្នា ។ អ្នកបើកបរមួយទៀតមិនកើតអីទេ ប៉ុន្តែបងជីដូនមួយរបស់ខ្ញុំត្រូវបានយកទៅមន្ទីរពេទ្យដោយឧទ្ធម្ភគចក្រ ។
គ្រីស្ទានបានមានរបួសយ៉ាងធ្ងន់ធ្ងរនៅលើរាងកាយទាំងមូលរបស់គាត់ ។ គាត់បានធ្លាក់ចូលក្នុងដំណើរភ្លឹក ហើយពួកគ្រូពេទ្យពុំគិតថា គាត់នឹងភ្ញាក់ដឹងខ្លួនឡើយ ។ ក្រុមគ្រួសាររបស់យើងបានសម្រេចចិត្តថានឹងតមអាហារ ។ ឪពុកម្ដាយ បងប្អូនស្រី លោកតាលោកយាយ មីង ពូរបស់ខ្ញុំ និង បងប្អូនជីដូនមួយរបស់ខ្ញុំទាំងអស់ បានដាក់វេនគ្នាតមអាហារសម្រាប់គ្រីស្ទាន ។ ខ្ញុំបានតមអាហារនៅថ្ងៃរៀនមួយ ។ ខ្ញុំត្រូវតែពន្យល់ដល់គ្រូ និង មិត្តរួមថ្នាក់របស់ខ្ញុំពីមូលហេតុដែលខ្ញុំពុំញ៉ាំអាហារថ្ងៃត្រង់នៅថ្ងៃនោះ ។ ខ្ញុំមិនប្រកាន់ក្នុងការមិនញ៉ាំអាហារមួយថ្ងៃនោះទេ ព្រោះខ្ញុំបានតមអាហារសម្រាប់បងជីដូនមួយរបស់ខ្ញុំ ។
ព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់ពួកយើង ហើយនៅទីបំផុត គ្រីស្ទានបានភ្ញាក់ដឹងខ្លួនឡើងពីដំណើរភ្លឹករបស់គាត់ ។ គាត់នៅតែមិនទាន់មានសុខភាពពេញលេញឡើងវិញទេ ប៉ុន្តែគាត់បានរីកចម្រើនខ្លះៗ ។ ខ្ញុំដឹងថា គ្រីស្ទានត្រូវការពេលវេលាយូរដើម្បីបានជាសះស្បើយឡើងវិញ ។ យើងនៅតែអធិស្ឋានសម្រាប់គាត់ ។ អ្វីៗគ្រប់យ៉ាងអាចសម្រេចទៅបានជាមួយនឹងជំនួយរបស់ព្រះវរបិតាសួគ៌ ។