តន្ត្រី នៅក្នុងជីវិតខ្ញុំ
អ្នកនិពន្ធរស់នៅប្រទេស ប្រេស៊ីល ។
ខ្ញុំឈប់លេងព្យ៉ាណូ ព្រោះខ្ញុំភ័យខ្លាចការមានកំហុស ។ ឥឡូវនេះ ខ្ញុំមានឱកាសមួយដើម្បីយកឈ្នះការភ័យខ្លាចរបស់ខ្ញុំ ។
សុបិនរបស់ខ្ញុំតាំងពីកុមារភាព គឺដើម្បីចេះលែងព្យ៉ាណូ ។ កាលពីខ្ញុំអាយុ ១២ ឆ្នាំ សមាជិកសាសនាចក្រជាទីស្រឡាញ់ម្នាក់ បានបង្រៀនខ្ញុំឲ្យលេងព្យ៉ាណូ ។ ក្រោយមក ខ្ញុំបានទទួលព្យ៉ាណូមួយជាអំណោយពីប៉ាខ្ញុំ ។ ទោះជាយ៉ាងណា សេចក្ដីរីករាយក្នុងការលេងបានចាប់ផ្ដើមថមថយចុះ ព្រោះខ្ញុំភ័យពេលព្យាយាមលេងនៅក្នុងការប្រជុំសាក្រាម៉ង់ ។ ខ្ញុំបានធ្វើកំហុសជាច្រើន បានមានអារម្មណ៍ខ្មាស់អៀន ហើយមិនចង់លេងទៀតទេ ។ ខ្ញុំបានប្រាប់ខ្លួនឯងថា មានតែក្រោយពីខ្ញុំបានហាត់លេងយ៉ាងច្រើនប៉ុណ្ណោះ ទើបខ្ញុំអាចលេងស្ទើរតែល្អឥតខ្ចោះ ។ ប៉ុន្តែ ខ្ញុំបានក្លាយជាបាក់ទឹកចិត្ត ហើយទីបំផុតបានលក់ព្យ៉ាណូរបស់ខ្ញុំ ហើយបានលាក់ទុកទេពកោសល្យនេះ ។
ជាច្រើនឆ្នាំក្រោយមក នៅថ្ងៃអាទិត្យមួយ ពុំមានអ្នកលេងព្យ៉ាណូទេ ។ បងស្រីដែលបានលេងព្យ៉ាណូនៅក្នុងវួដបានប្ដូរទីលំនៅ ។ នៅពេលខ្ញុំបានឃើញសមាជិកច្រៀងដោយគ្មានព្យ៉ាណូ ឬ ព្យ៉ាណូខ្យល់អមកំដរពួកគេ នោះខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណជំរុញចិត្តខ្ញុំឲ្យទៅនិយាយជាមួយនឹងប៊ីស្សព ។ ខ្ញុំបាននិយាយថា « តើវាមិនថ្វីទេមែនទេ បើខ្ញុំលេង ? » គាត់បានយល់ព្រម ។
បន្ទាប់ពីអស់ជាច្រើនឆ្នាំនៃការចៀសវាងពីការលេងព្យ៉ាណូ ខ្ញុំបានយកឈ្នះការភ័យខ្លាចរបស់ខ្ញុំក្នុងការធ្វើកំហុសនានា ។ គួរឲ្យភ្ញាក់ផ្អើល ខ្ញុំបានចាប់ផ្ដើមលេងដូចជាខ្ញុំពុំបានឈប់លេងយូរហើយអញ្ចឹង ។ ខ្ញុំបានលេងខុសណោតខ្លះៗ ប៉ុន្តែមិនច្រើនទេ ។ បទពិសោធន៍នោះបានផ្ដល់កម្លាំងដល់ខ្ញុំ ឲ្យផ្ដល់យោបល់ដល់ប៊ីស្សពរបស់ខ្ញុំ ថាខ្ញុំនឹងប្ដេជ្ញាចិត្តលេងជារៀងរាល់ថ្ងៃអាទិត្យ ។
ខ្ញុំហាត់ជារៀងរាល់សប្ដាហ៍ ហើយខ្ញុំបានរៀនស្រឡាញ់ព្យ៉ាណូម្ដងទៀត ។ រាល់ពេលដែលខ្ញុំហាត់ ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណយ៉ាងខ្លាំងនៅក្នុងផ្ទះរបស់ខ្ញុំ ។ ពេលខ្លះ ពេលខ្ញុំលេង សមាជិកក្រុមគ្រួសារខ្ញុំដែលកំពុងធ្វើកិច្ចការផ្ទះ ចូលរួមច្រៀងជាមួយ ។ យើងក្លាយទៅជាមួយ ច្រៀងទំនុកតម្កើងតែមួយ ។
សមាជិកវួដជាច្រើនបានកត់សម្គាល់ពីការរីកចម្រើនរបស់ខ្ញុំ ហើយបានអបអរសាទរខ្ញុំ ។ ខ្ញុំមានអំណរគុណ ដែលបានរួមចំណែកដល់ស្ថានភាពខាងផ្លូវវិញ្ញាណនៃការប្រជុំក្នុងវួដខ្ញុំ ហើយមានអំណរគុណដែលខ្ញុំបានត្រឡប់ទៅកាន់ទេពកោសល្យមួយ ដែលខ្ញុំបានទុកចោល ។
ខ្ញុំបានរៀនដើម្បីពេញចិត្តនឹងតន្ត្រីព្យ៉ាណូ ភាពស្ងប់នៃសម្លេងតន្ត្រីដែលនាំមក គឺអស្ចារ្យណាស់ ។ ខ្ញុំសង្ឃឹមថា នៅស្ថានសួគ៌ យើងនឹងឮតន្ត្រីបែបនេះ ហើយនរណាទៅដឹង ខ្ញុំអាចនឹងនៅទីនោះ លេងនៅក្នុងក្រុមចម្រៀងសេឡេស្ទាល !