២០១៥
ការ​ទទួល​អ្វីៗ​ទាំងអស់​ដែល​ឪពុក​មាន ៖ រឿង​ប្រៀបធៀប​សម័យ​ទំនើប
ខែ កក្កដា ឆ្នាំ ២០១៥


ការ​ទទួល​អ្វីៗ​ទាំងអស់​ដែល​ឪពុក​មាន ៖ រឿង​ប្រៀបធៀប​សម័យ​ទំនើប

ដកស្រង់​ពី អែលឌើរ ខារឡូស អ៊ី អេសេ ( ឆ្នាំ ១៩២៦–១៩៩៩ ) នៃ​ពួក​ចិតសិប​នាក់ “The Oath and Covenant of the Priesthood,” Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៤៥ ។

Illustration of a young man wearing a suit and tie.

ក្មេង​ប្រុស​ម្នាក់​កំពុង​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម ។ ឪពុក​ម្ដាយ​របស់​គាត់​បាន​យល់​ព្រម​បង់​ថ្លៃ​បេសកកម្ម​របស់​គាត់ ដរាប​ណា​គាត់​នឹង​រក្សា​ច្បាប់​បេសកកម្ម និង ខំ​ប្រឹង​ធ្វើការ ។ គាត់​បាន​យល់​ព្រម ។

បន្ទាប់​ពី​បាន​ចូល​ក្នុង​បេសកកម្ម គាត់​បាន​ឃើញ​ថា កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​ពិបាក​ខ្លាំង​ជាង​ដែល​គាត់​បាន​រំពឹង​គិត ។ ការរៀន​ភាសា​ថ្មី ការសម្រប​សម្រួល​ទៅ​នឹង​វប្បធម៌​ផ្សេង និង ការប្រឈម​នឹង​ការបដិសេធ បាន​ធ្វើ​ឲ្យ​គាត់​បាក់​ទឹកចិត្ត ។ ដៃគូ និង ប្រធាន​បេសកកម្ម​របស់​គាត់​បាន​ព្យាយាម​លើក​ទឹកចិត្ត​គាត់ ប៉ុន្តែ គាត់​នៅ​តែ​មាន​អារម្មណ៍​ថា​ដូច​ជា​ចង់​បោះបង់​ចោល ។

គាត់​បាន​ប្រាប់​ប្រធាន​បេសកកម្ម​គាត់​ថា គាត់​ចង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប្រធាន​បេសកកម្ម​របស់​គាត់​បាន​ទូរសព្ទ​ទៅ​ឪពុក​របស់​យុវជន​នោះ ហើយ​បាន​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​គាត់​ទូរសព្ទ​ទៅ​កូនប្រុស​គាត់ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​រូប​នោះ​បាន​ប្រាប់​ឪពុក​គាត់​អំពី​ការបាក់​ទឹកចិត្ត​របស់​គាត់ ។ ឪពុក​គាត់​បាន​និយាយ​ថា « អស់​ជា​ច្រើន​ឆ្នាំ ម៉ាក់​កូន និង ប៉ា បាន​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ដែល​ឯង​នឹង​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។ យើង​ដឹង​ថា វា​សំខាន់​យ៉ាងណា ក្នុង​ការបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ដល់​ពួក​អ្នក​ទាំងឡាយ​ដែល​ពុំ​មាន​វា » ។

កូនប្រុស​បាន​ឆ្លើយ​តប​ថា « ប៉ា ខ្ញុំ​ពុំ​បាន​ដឹង​ថា បេសកកម្ម​មានន័យ​យ៉ាង​នេះ​សម្រាប់​ប៉ា​ទេ » ។

ឪពុក​បាន​ប្រកាស​ថា « វា​មានន័យ​គ្រប់​បែប​យ៉ាង​ទាំងអស់​សម្រាប់​ប៉ា » ។ « អស់​មួយ​ជីវិត​ប៉ា ប៉ា​ខំ​ធ្វើការ កសាង​មុខ​ជំនួញ និង ខំ​សន្សំ​ប្រាក់​ដោយ​មាន​មនុស្ស​ម្នាក់​នៅ​ក្នុង​គំនិត ៖ គឺ​កូន ។ គោលដៅ​របស់​ប៉ា គឺ​ដើម្បី​ផ្ដល់​ដល់​កូន​នូវ​មរតក​ដ៏​បរិបូរ » ។

កូន​ប្រុស​បាន​ឆ្លើយ​កាត់​ថា « ប៉ុន្តែ ប៉ា ការណ៍​នោះ​មិន​បាន​ផ្លាស់​ប្ដូរ​ការពិត​ដែល​ថា ខ្ញុំ​មិន​រីករាយ … »

ឪពុក​បាន​កាត់​ថា « តើ​ប៉ា​អាច​ទុកដាក់​មុខ​ជំនួញ​របស់​ប៉ា​ទៅ​នឹង​កូន​បាន​យ៉ាង​ម៉េច​ទៅ បើ​កូន​ពុំ​អាច​បញ្ជាក់​ពី​ខ្លួន​កូន ដោយ​ការបម្រើ​ព្រះអម្ចាស់​តែ​ពីរ​ឆ្នាំ​យ៉ាង​ខ្លី​នេះ ? »

មាន​ភាព​ស្ងាត់​មួយ​សន្ទុះ កាល​ដែល​កូន​ប្រុស​បាន​សញ្ជឹង​គិត​ពី​សំណួរ​របស់​ឪពុក ។

បន្ទាប់​មក​ឪពុក​បាន​និយាយ​ថា « កូន​ប៉ា បើ​កូន​នឹង​មាន​ភាព​ស្មោះត្រង់​នៅ​ក្នុង​ការហៅ​បម្រើ​នេះ ហើយ​បញ្ជាក់​ខ្លួន​កូន​ថា​សក្ដិសម នោះ​អ្វីៗ​ទាំងអស់​ដែល​ជា​កម្មសិទ្ធិ​របស់​ប៉ា នឹង​ក្លាយ​ជា​របស់​កូន » ។

ដោយ​រំជួល​ចិត្ត​ដោយ​ការសន្យា​នេះ នោះ​កូន​ប្រុស​បាន​ប្រាប់​ឪពុក​ដោយ​ក្ដី​ក្លាហាន​ថា « កូន​នឹង​នៅ​បន្ត » ។

កូន​ប្រុស​ពិត​ជា​បាន​នៅ​បន្ត ហើយ​គាត់​បាន​បម្រើ​ដោយ​ស្មោះត្រង់ ។ គាត់​បាន​ធ្វើ​តាម​ច្បាប់​បេសកកម្ម និង បាន​ខិតខំ​ធ្វើការ ។ មែនហើយ ក្រោយ​ពី​បេសកកម្ម​របស់​គាត់ គាត់​បាន​ទទួល​ពី​ឪពុក​គាត់​នូវ​មរតក​ដែល​បាន​សន្យា គឺ​សូម្បី​តែ​អ្វីៗ​ទាំងអស់​ដែល​ឪពុក​គាត់​មាន​ដើម្បី​នឹង​ចែក​ឲ្យ ។