អ្វីដែលយើងជឿ
ការរៀបចំសាសនាចក្រគឺទេវភាព
ជាញឹកញាប់ សមាជិកថ្មីៗក្នុងសាសនាចក្រឮពាក្យទាំងឡាយដែលពួកគេពុំធ្លាប់បានឮពីមុនមក ៖ កូនសោបព្វជិតភាព ការញែកចេញ ការដាក់ដៃលើ បុណ្យជ្រមុជទឹកសម្រាប់អ្នកស្លាប់ ម៉្ញូតឆល សមាគមសង្គ្រោះ ។ ល ។ ហើយពួកគេក៏បានឮពាក្យដែលគេធ្លាប់ឮ តែត្រូវបានប្រើប្រាស់ក្នុងរបៀបដែលពួកគេមិនស្គាល់ ៖ ឌីកុន លោកអយ្យកោ ប៊ីស្សព ទីប្រឹក្សា សាក្រាម៉ង់ ការហៅបម្រើ ការដោះលែង ទីបន្ទាល់ ពិធីបរិសុទ្ធ និង ជាច្រើនទៀត ។
ប្រសិនបើអ្នកឃើញថាអ្នកស្ថិតនៅក្នុងស្ថានភាពនោះ សូមកុំបារម្ភឡើយ ។ កាលណាអ្នកមកព្រះវិហារញឹកញាប់ សិក្សាព្រះគម្ពីរ និង សម្ភារមេរៀនកាន់តែច្រើន និង ប្រាស្រ័យទាក់ទងនឹងសមាជិកសាសនាចក្រច្រើនប៉ុណ្ណា នោះអ្នកនឹងកាន់តែយល់ពីពាក្យទាំងនេះច្រើនប៉ុណ្ណោះដែរ ។ តែក្នុងចន្លោះពីពេលនេះទៅពេលនោះ នោះសូមកុំស្ទាក់ស្ទើរក្នុងការសួរសមាជិកវួដ ឬ សមាជិកសាខារបស់អ្នកឡើយ ពួកគេនឹងរីករាយពន្យល់អ្វីក៏ដោយដែលអ្នកមិនយល់ ។
ពាក្យដូចជាពាក្យទាំងនេះគឺសំខាន់ ព្រោះវាឆ្លុះបញ្ចាំងពីគោលលទ្ធិ គោលនយោបាយ ការអនុវត្តន៍ និង ការរៀបចំរបស់សាសនាចក្រ ដែលចេញមកពីព្រះគម្ពីរ និង ដោយវិវរណៈដែលមានដល់ពួកព្យាការីសម័យទំនើប ។ ព្រះអង្គសង្គ្រោះដឹកនាំសាសនាចក្ររបស់ទ្រង់នៅបច្ចុប្បន្ននេះ ដោយការបើកសម្ដែងព្រះឆន្ទៈរបស់ទ្រង់ទៅដល់គណៈប្រធានទីមួយ ( ប្រធាននៃសាសនាចក្រ និង ទីប្រឹក្សាទាំងពីររបស់លោក ) និង ដល់កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សាសនាចក្រត្រូវបានរៀបចំឡើងនៅសព្វថ្ងៃនេះ ជាចាំបាច់គឺដូចគ្នានឹងរបៀបដែលព្រះអម្ចាស់បានរៀបចំវា ពេលទ្រង់បាននៅលើផែនដីនេះដែរ ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:៦ ) ។ យើងមានពួកព្យាការី ពួកសាវក សមាជិកនៃពួកចិតសិបអ្នក ពួកអ្នកផ្សព្វផ្សាយសាសនាដែលចេញទៅមួយគូៗ និង ប៊ីស្សព និង អ្នកដឹកនាំក្នុងតំបន់ផ្សេងៗទៀត គឺដូចជានៅជំនាន់ព្រះគម្ពីរប៊ីបដែរ ។
អស់អ្នកទាំងឡាយដែលបម្រើនៅក្នុងសាសនាចក្រគឺជាអ្នកស្ម័គ្រចិត្ត ។ ពួកគេត្រូវបានហៅ ( ស្មើឲ្យបម្រើ ) ដោយការបំផុសគំនិតរបស់អ្នកដឹកនាំរបស់ពួកគេ ។ នៅថ្ងៃមួយ អ្នកនឹងត្រូវបានផ្ដល់ការហៅបម្រើមួយ — ដែលជាទំនួលខុសត្រូវមួយ ជាឱកាសមួយដើម្បីបម្រើ ។ នៅពេលអ្នកទទួលវាដោយស្ម័គ្រចិត្ត ហើយបំពេញវាឲ្យអស់ពីសមត្ថភាពរបស់អ្នក នោះព្រះអម្ចាស់នឹងប្រទានពរដល់ការខិតខំរបស់អ្នកក្នុងការបម្រើបុត្រាបុត្រីទ្រង់ ។ មិនថាអ្នកមានប្រវត្តិយ៉ាងណាទេ អ្នកអាចរួមចំណែកផ្ដល់អំណោយខាងវិញ្ញាណដ៏មានតម្លៃបាន ។ ក្នុងនាមជាសមាជិកម្នាក់របស់សាសនាចក្រ អ្នកជាផ្នែកនៃ « រូបកាយនៃព្រះគ្រីស្ទ » ( សូមមើល កូរិនថូស ទី១ ១២ ) ។ ការរួមចំណែករបស់អ្នកគឺសំខាន់ដល់ដំណើរការរបស់សាសនាចក្រ ។